Tag: បងប្រុស

  • ប្អូនស្រីរបស់​លោក Elon Musk ថា «ជាបងប្អូន​នឹង​អ្នក​មាន​ជាង​គេ​លើ​លោក ​គឺ​ជា​កាំបិត​មុខពីរ»

    ប្អូនស្រីរបស់​លោក Elon Musk ថា «ជាបងប្អូន​នឹង​អ្នក​មាន​ជាង​គេ​លើ​លោក ​គឺ​ជា​កាំបិត​មុខពីរ»

    Tosca ដែលជា​ប្អូនស្រី​របស់លោក Elon Musk និយាយថា ត្រូវ​ចំណាយ​លើ​ថ្លៃ​ជួល​ខ្ពស់​ជាងគេ​នៅពេល​ម្ចាស់​ទីតាំង​ថតកុន​ដឹងថា អ្នកស្រី​មានត្រកូល​ដូច​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក។

    Tosca Musk ដែលជា​ផលិតការិនី​​ភាពយន្ត បានឱ្យដឹងថា នាម​ជា​ប្អូន​របស់​មហាសេដ្ឋី​អាម៉េរិក ​គឺជា «សំណាងល្អ ប៉ុន្តែ​ក៏​ជា​រឿង​អាក្រក់»។ ប្រការនេះ​បាន​លេចឡើង​នៅពេល​អ្នកស្រី​ជួល​ទីតាំង​ថតកុន​មួយកន្លែង​។

    «តំបន់​នោះ​មានតម្លៃ 5,000 ដុល្លារ/ថ្ងៃ។ ប៉ុន្តែ​ពេលឮ​ឈ្មោះ​ខ្ញុំ ម្ចាស់​ទីតាំង​នោះ​ក៏​ប្រាប់ថា តម្លៃ 25,000 ដុល្លារ» អ្នកស្រី Tosca រៀបរាប់​ដូច្នេះ និង​បន្ថែមថា «គ្រប់គ្នា​គិតថា បងប្រុស​របស់ខ្ញុំ​ចេញថ្លៃ​គ្រប់យ៉ាង​ឱ្យ​ខ្ញុំ ប៉ុន្តែ​តាមពិត មិន​ដូច្នោះ​ទេ»។

    អ្នកស្រី Tosca ឱ្យដឹងថា ជា​សាច់ញាតិ​របស់លោក Elon Musk ក៏​ជា «កាំ​បិតមុខ​ពីរ» ព្រោះថា ក្រៅ​ពី​​ជួយ​ដល់​ការកសាង​ទំនាក់ទំនង​ក្នុង​ការងារ ប្រការ​នេះ​​ក៏​ធ្វើឱ្យ​អ្នកស្រី​រង​សម្ពាធ​ច្រើន​ផងដែរ។ យ៉ាងណាក៏ដោយ អ្នកស្រី​និយាយថា ការ​មានត្រកូល Musk គឺជា​ភ័ព្វសំណាង ហើយ​អ្នកស្រី​មិន​ចង់​ប្ដូរផ្លាស់​ឡើយ។

    អ្នកស្រី Tosca កើន​ឆ្នាំ 1974 បន្ទាប់ពី​លោក Elon Musk និង​បងប្រុស​ម្នាក់ទៀត​គឺ Kimbal Musk។ យោងតាម​ទំព័រ IMDb អ្នកស្រី Tosca បានចាប់ផ្ដើម​មុខរបរ​ផលិត​ភាពយន្ត​តាំងពី​ឆ្នាំ 2001 ហើយ​មកដល់ពេលនេះ អ្នកស្រី​ផលិត​បាន​ជាង 50 រឿង។ អ្នកស្រី​ក៏​ជា​ស្ថាបនិក និង​ជា CEO របស់ Passionflix ដែលជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​សេវាកម្ម​ផ្សាយ​ផ្ទាល់ ​ដែល​ជំនាញ​ខាង​មាតិកា​មនោសញ្ចេតនា។

    អ្នក​ស្រី Tosca Musk និង​លោក Elon Musk

    ទំព័រ Bloomberg ឱ្យដឹងថា លោក Elon Musk ដណ្ដើមបាន​តំណែង​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​​លើ​ពិភព លោក​ ពី​មហាសេដ្ឋី​បារាំង Bernard Arnault កាលពីដើម​ខែមិថុនា 2023 ដោយលោក Elon Musk មាន​ទ្រព្យ​សរុប 233 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • មហាជនចោទថា សិរីមន្ត ខំយោងបងប្រុស ឱ្យទៅកើបលុយនៅអូស្រ្តាលីដែរ

    មហាជនចោទថា សិរីមន្ត ខំយោងបងប្រុស ឱ្យទៅកើបលុយនៅអូស្រ្តាលីដែរ

    ភ្នំពេញៈ តាមរយៈអង្គការ SCCFA នៅឯក្រៅប្រទេសដែលបានរៀបចំកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ឆ្នាំ២០១៧ រៃអង្គាសប្រាក់ដើម្បីជួយដល់ជនក្រីក្រីនៅកម្ពុជា ទើបធ្វើឱ្យតារាចម្រៀងប្រុសស្រីចំនួន ៤ដួងនឹងត្រូវចេញដំណើរពីកម្ពុជាឆ្ពោះទៅប្រទេសអូស្រ្តាលីនាដើមខែមិថុនានេះ គឺមានអ្នកនាង អឿន ស្រមុំ កញ្ញា ង៉ែត រង្សី លោកខេមរៈ សិរីមន្ត និងលោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់លោក ខេមរៈ សរិរីមន្ត និងជាអ្នកនិពន្ធទំនុកច្រៀងផលិតកម្មសាន់ដេផងដែរ។

    ឮដំណឹងថា មានវត្តមានលោក ខេមរៈ ភារុណ ជាតារាកិត្តិយសទៅចូលរួមក្នុងកម្មវិធីនេះដែរនោះ ក៏ស្រាប់តែលេចឮព័ត៌មានខ្សិបខ្សៀវលើកឡើងថា ម៉េចចម្លែកម៉្លេះ? ឬដោយសារមានខ្នងប្អូនប្រុសទេដឹងបានលោក ខេមរៈ ភារុណ ត្រូវបានគេសណ្តោងយកទៅដែរ?។

    ជាឱកាសដំបូងដែលបានទៅកាន់ប្រទេសអូស្រ្តាលី លោក ខេមរៈ ភារុណ បានបកស្រាយយ៉ាងទំនងថា៖ «ពិតជាបងប្អូនយើងមានការងឿងឆ្ងល់ហើយ ព្រោះតាមទម្លាប់គេអញ្ជើញតែតារាចម្រៀង ឬតារាសម្តែងទៅចូលរួមកម្មវិធីនៅក្រៅប្រទេសប៉ុណ្ណោះ ខណៈដែលខ្ញុំគ្រាន់តែជាអ្នកនិពន្ធទំនុកច្រៀងសោះ ម៉េចក៏ត្រូវបានគេអញ្ជើញទៅដែរអ៊ីចឹង?។ តាមពិតខ្ញុំក៏មិនដឹងដែរ តែបើតាមអង្គការ SCCFA បានអញ្ជើញខ្ញុំឲ្យចូលរួមដែរ ដោយសារថាមានសំណូមពរពីបងប្អូនយើងមួយចំនួនចង់ជួប និងឃើញមុខមាត់ពិតរបស់អ្នកនិពន្ធបទចម្រៀងឱ្យ សិរីមន្ត ច្រៀង គឺរូបខ្ញុំនេះឯងឲ្យបានរួមដំណើរទៅក្នុងកម្មវិធីនោះផងដែរ»។

    ចំណែកប្រភពព័ត៌មានខាងក្រៅនិយាយថា ប្រហែលជាខាងស្ពនស័រទទួលយកលក្ខខណ្ឌពីលោក ខេមរៈ សិរីមន្តហើយ ទើបអាចសណ្តោងយកបងប្រុសលោកទៅជាមួយបាន ព្រោះពេលកន្លងមកតារាចម្រៀងម្នាក់នេះក៏ធ្លាប់បានសណ្តោងប្អូនស្រី ខេមរៈ ស្រីពៅ ទៅជាមួយដែរម្តងហើយ។

    លោក ខេមរៈ ភារុណ ក៏បានអួតពីលក្ខណៈសម្បត្តិបន្ថែមក្រៅពីចេះនិពន្ធទំនុកច្រៀងផងដែរថា៖ «ជាការពិតវិញ ខ្ញុំក៏អាចច្រៀងបានដែរ និងចេះកាន់ឧបករណ៍វាយស្គរទៀតផង។ មិនហ៊ានអួតថាចេះច្រៀងពូកែទេ គ្រាន់តែអាចច្រៀងឲ្យគេរាំបានក្នុងកម្មវិធីមួយនេះនៅអូស្រ្តាលី ហើយបើអ្នកវាយស្គរត្រូវការជំនួយ ក៏ខ្ញុំអាចជួយគាត់បានដែរ»។

    ការប្រគំតន្រ្តីសប្បុរសធម៌ឆ្នាំ២០១៧ ដែលរៀបចំដោយអង្គការ SCCFA នឹងប្រព្រឹត្តទៅរយៈពេលមួយខែ។ ចំពោះការសម្តែងមាននៅក្នុងទីក្រុង៤ ក្នុងប្រទេសអូស្រ្តាលី គឺថ្ងៃទី១០ ខែមិថុនា សម្តែងនៅក្រុងមែលប៊ន ថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងអាដែលឡេដ ថ្ងៃទី២៤ ខែមិថុនា សម្តែងនៅក្រុងស៊ីដនី និងនៅថ្ងៃទី១ ខែក្កដា សម្តែងនៅទីក្រុង ខេនប៊ើរី៕