Tag: នាំចេញ

  • កម្ពុជា​លើកលែងការ​បង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោមមួយ​ពាន់​ដុល្លារ

    កម្ពុជា​លើកលែងការ​បង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោមមួយ​ពាន់​ដុល្លារ

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានប្រកាសលើកលែងការបង់ប្រាក់​សម្រាប់​​ការ​បំពេញ​បែបបទគយ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម 1,000 ដុល្លារ​អាម៉េរិក​ រួម​នឹង​ការ​កាត់​បន្ថយ​កម្រៃ​ប្រតិវេទន៍​គយ​ផងដែរ​។

    ការប្រកាសដូច​ខាង​លើ​ដែល​ត្រូវ​បានធ្វើឡើងកាល​ពី​ថ្ងៃ​ទី 13 ខែវិច្ឆិកា ឆ្នាំ 2023 នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី 19 គឺ​ក្នុង​បំណង​​សម្រួលដល់ការធ្វើពាណិជ្ជកម្ម ដើម្បីលើកកម្ពស់សមត្ថភាព​​ប្រកួតប្រជែងរបស់កម្ពុជា នៅ​ក្នុង​ទីផ្សារ​ពិភពលោក​។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏​បានប្រកាសកាត់បន្ថយកម្រៃប្រតិវេទន៍គយពី 15,000 រៀល មកនៅ​ត្រឹម​ 8,000 រៀល ក្នុងមួយប្រតិវេទន៍ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម 1,000 ដុល្លារអាម៉េរិក​ រួម​នឹង​ការលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន​ផងដែរ​។

    ទន្ទឹម​នឹង​នេះ ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2024 កម្ពុជា​ ក៏​នឹងដាក់ឱ្យអនុវត្តនូវការ​ងារ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

    • វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិច
    • វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍ បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន
    • ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS)
    • ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិនូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ ការបញ្ជាក់តម្លៃគិតពន្ធគយ និង ការផ្ដល់អត្រាពន្ធអនុគ្រោះ ពីប្រព័ន្ធ CVDS ទៅប្រព័ន្ធ ASYCUDA, និង
    • ការបោះពុម្ពលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់សំអាងដើមកំណើតទំនិញទម្រង់ក្រដាស អាចធ្វើឡើងក្នុងករណីមានការស្នើសុំរបស់ម្ចាស់ទំនិញ ឬ តំណាង។

    យោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសសំខាន់ៗចំនួន 20 ក្នុងរយៈពេល 10 ខែដំបូង​នៃឆ្នាំ 2023 សម្រេចបានប្រមាណជាង 18.5 ពាន់លានដុល្លារ​អាម៉េរិក។

     

  • វៀតណាម​មាន​ទំនិញនាំចេញ​ 6 មុខ​ ដែល​​មួយ​មុខ​ៗមាន​ចំណូល​​លើស​ពី​ «ដប់​ពាន់​លាន​ដុល្លារ​»

    វៀតណាម​មាន​ទំនិញនាំចេញ​ 6 មុខ​ ដែល​​មួយ​មុខ​ៗមាន​ចំណូល​​លើស​ពី​ «ដប់​ពាន់​លាន​ដុល្លារ​»

    ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​មាន​ទំនិញនាំចេញ​ 31 មុខ​ដែល​សម្រេច​បាន​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង 92.2% បើ​ធៀប​នឹង​តម្លៃ​នៃ​ការ​នាំចេញ​សរុប​​របស់​ប្រទេស​នេះ។

    យោង​តាម​អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម ចំណូល​ពី​ការ​នាំ​ចេញ​-នាំចូល​សរុប​ក្នុង​ខែ​កញ្ញា 2023 របស់​វៀតណាម សម្រេច​បាន​ប្រមាណ​ 60.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ថយ​ចុះ 2.5% ធៀប​នឹង​ខែ​មុន និង​កើន 3.6% ធៀប​នឹង​ខែ​កញ្ញា 2022​។ ក្នុង​នោះ ការ​នាំ​ចេញ​សម្រេច​បាន 31.4 ពាន់​លាន​ដុល្លារ​ កើន​ 4.6% និង​ការ​នាំ​ចូល​​សម្រេច​បាន 29.1 ពាន់​លាន​ដុល្លារ​ កើន​ 2.6%​ ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ក្នុង​ត្រីមាស​ទីបី ការ​នាំ​ចេញ​-នាំចូល​សរុប​សម្រេច​បាន​ 180 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 10% ធៀប​នឹង​ត្រី​មាស​ទី​ពីរ​។ គិត​ជា​រួម ក្នុង​ 9 ខែដំបូង​នៃ​ឆ្នាំ​នេះ​ តម្លៃ​សរុបនៃការ​នាំ​ចេញ​-​នាំ​ចូល​របស់វៀតណាម​ សម្រេច​បាន​ 497.66 ពាន់​លាន​ដុល្លារ​ ថយ​ចុះ​ 11% ធៀប​នឹង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ក្នុង​នោះ ការ​នាំ​ចេញ​ថយ​ចុះ 8.2% និង​ការ​នាំ​ចូល​ថយ​ចុះ 13.8%​។

    ដូច្នេះ តុល្យភាព​ពាណិជ្ជកម្ម​ក្រោយ​រយៈ​ពេល 9 ខែ​ មាន​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ 21.68 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ខ្ពស់​ជាង​ 3.3 ដងធៀប​នឹង​​អតិរេកពាណិជ្ជកម្ម​ក្នុង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ (6.52 ពាន់​លាន​ដុល្លារ​)​។

    យោង​តាម អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម នៅ​ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​មាន​ទំនិញនាំ​ចេញ​ 31 មុខ​ដែល​រក​ចំណូល​បាន​លើស​ពី​ «ពាន់​លាន​ដុល្លារ​អាម៉េរិក»​។ ក្នុង​នោះ​ក៏​មាន​ទំនិញ​នាំ​ចេញ​ 6 មុខ​ដែល​​រក​បាន​ចំណូល​បាន​លើស​ពី 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ទំនិញ​នាំ​ចេញ​ទាំង​ 6 មុន ដែលមួយ​មុខ​ៗ​​រក​ចំណូល​បាន​លើស​ពី 10 ពាន់​លាន​ដុល្លារ​អាម៉េរិក រួម​មាន៖

    1-កុំព្យូទ័រ និង​គ្រឿង​បន្លាស់​, គ្រឿង​អេឡិចត្រូនិច
    2-ទូរស័ព្ទ និង​គ្រឿង​បន្លាស់
    3-ឧបករណ៍​ ម៉ាស៊ីន​ និង​គ្រឿង​បន្លាស់​ដទៃ​
    4-វាយនភ័ណ្ឌ​ កាត់ដេរ
    5-ស្បែកជើង
    6-មធ្យោបាយ​ដឹក​ជញ្ជូន​ និង​គ្រឿង​បន្លាស់

  • កម្ពុជា​ទិញ​ទំនិញ​នេះ​ជិត​កន្លះ​លាន​តោន​ពី​វៀត​ណាម​ ក្នុង​​ 8 ​ខែ​​ដំបូង​​នៃ​​ឆ្នាំ​ 2023

    កម្ពុជា​ទិញ​ទំនិញ​នេះ​ជិត​កន្លះ​លាន​តោន​ពី​វៀត​ណាម​ ក្នុង​​ 8 ​ខែ​​ដំបូង​​នៃ​​ឆ្នាំ​ 2023

    កម្ពុជាគឺជាទីផ្សារនាំចេញជីកសិកម្មធំជាងគេរបស់វៀតណាម ដោយមានចំណែកជាង 36.5% ក្នុងចំណោមបរិមាណសរុប និង 37.3% នៃប្រាក់ចំណូលរបស់វៀតណាមដែលបានពីការលក់ជីកសិកម្ម។
    យោងតាមសារព័ត៌មានវៀតណាមដែលដកស្រង់ទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុង 8 ខែដំបូងនៃឆ្នាំ 2023 វៀតណាមបាននាំចេញជីកសិកម្ម 1.1 លានតោន ដែលមានតម្លៃប្រហែល 449.95 លានដុល្លារអាម៉េរិក ក្នុងនោះតម្លៃមធ្យមគឺ 408.8 ដុល្លារ/តោន ដោយបរិមាណបានថយចុះ 10.3%, តម្លៃទំនិញថយចុះ 36.7% និងចំណូលសរុបបានថយចុះ 43.2% បើធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំ 2022។
    ដោយឡែក ក្នុងខែសីហា 2023 វៀតណាមនាំចេញជីកសិកម្មបាន 158,088 តោន ស្មើនឹង 58.89 លានដុល្លារអាម៉េរិក ដោយលក់ក្នុងតម្លៃមធ្យម 372.5 ដុល្លារ/តោន ក្នុងនោះ បរិមាណបានកើន 12%, តម្លៃថយចុះ 37.7% និងចំណូលធ្លាក់ចុះ 16.5%។
    គិតពីដើមឆ្នាំដល់ដាច់ខែសីហា កម្ពុជាគឺជាទីផ្សារនាំចេញជីកសិកម្មធំជាងគេរបស់វៀតណាម ដោយមានចំណែកជាង 36.5% ក្នុងចំណោមបរិមាណជីសរុបដែលបាននាំចេញ និង 37.3% នៃចំណូលសរុបដែលបានពីការលក់ជីរបស់វៀតណាម។ 8 ខែកន្លងទៅនេះ កម្ពុជាបានទិញជីកសិកម្ម 401,941 តោនពីវៀតណាម ដែលស្មើនឹង 167.74 លានដុល្លារអាម៉េរិក និងក្នុងតម្លៃមធ្យម 417.3 ដុល្លារ/តោន។ បរិមាណជីកសិកម្មដែលវៀតណាមបានលក់ឱ្យកម្ពុជាបានកើន 19.6% ប៉ុន្តែចំណូលបានថយចុះ 6.8% និងតម្លៃក៏ធ្លាក់ 22.1% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។
    ក្នុងខែសីហា 2023 កម្ពុជាបានទិញជីកសិកម្មពីវៀតណាម 60,723 តោន ស្មើនឹង 25.15 លានដុល្លារអាម៉េរិក ដោយទិញក្នុងតម្លៃមធ្យម 4141.2 ដុល្លារ/តោន ក្នុងនោះបរិមាណថយចុះ 22%, តម្លៃធ្លាក់ចុះ 4.6% និងចំណាយសរុបកើន 27.7% បើធៀបនឹងខែកក្កដា 2023។
    ទីផ្សារនាំចេញជីកសិកម្មធំទីពីររបស់វៀតណាមគឺ ម៉ាឡេស៊ី ដោយនាំចេញបាន 67,711 តោន ស្មើនឹង 22.5 លានដុល្លារ។ ចំណែកកូរ៉េខាងត្បូងវិញ បាននាំចូលជីកសិកម្មពីវៀតណាមចំនួន 49,025 តោន ស្មើនឹង 18.18 លានដុល្លារ៕
  • ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

    ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

    ការ​នាំ​​ចេញ​ផលិតផល​​របស់​ប្រទេសថៃ​ក្នុង​ខែ​សីហា 2023 បាន​កើន​​ឡើង​ជា​លើក​ដំបូង​​ ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី 26 កញ្ញា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Kirati Ratchano បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ក្នុង​ខែ​សីហា 2023 បាន​កើន​ 2.6% បើ​ធៀប​នឹង​ខែ​សីហា 2022 ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​។

    លោក Kirati បញ្ជាក់​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ក្នុង​ខែ​សីហា 2023 សម្រេច​បាន​ប្រហែល​ 8.25 ពាន់​លាន​បាត (242,796 លាន​ដុល្លារ​អាម៉េរិក)​។ ការ​នាំ​ចូល​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ​ថយ​ចុះ 12.8% មក​នៅ​ត្រឹម​ 8.23 ពាន់​លាន​បាត​។

    គិត​ជារួម​ ក្នុង​រយៈ​ពេល​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​នៃ​ការ​នាំចេញ​របស់ប្រទេស​ថៃ​សម្រេច​បាន​ជាង 6.3 ទ្រីលាន​បាត​ (187.6 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ថយ​ចុះ​ 4.5% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​របស់​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​ចូល​ថយ​ចុះ​ 5.7% មក​នៅ​​ប្រហែល​ 6.7 ទ្រីលាន​បាត​ នាំ​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រហែល​ជាង​ 300 ពាន់​លាន​បាត​។

    លោក Kirati ឱ្យ​ដឹង​ថា ការ​នាំចេញ​របស់​ប្រទេស​ថៃ​ងើប​ឡើងវិញ​ដោយ​សារ​ការ​នាំ​ចេញ​កសិផល​កើន 4.2% ដែល​ជា​ការ​កើន​ឡើង​ដំបូង​ក្រោយ​រយៈ​ពេល​ 4​ ខែ​។ ​ការ​នាំ​ចេញ​ផ្លែ​ឈើ​បង្កក​ និង​ក្រៀម​កើន 99.8%​, ការនាំចេញ​អង្ករ​កើន 10%, បន្លែ​ប្រអប់​ និង​កែច្នៃ​កើន​ 26.5%, ទឹក​ដោះ និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​កើន​ 13.2%, បន្លែ​បង្កក​ និង​ក្រៀម​កើន 22.8%​។

    ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​ក្នុង​ខែសីហា​កើន 2.5% ក្នុង​នោះ​ ​រថយន្ត​ និង​គ្រឿង​បន្លាស់​កើន​ 5.2%​។

    ក្នុង​ខែ​សីហា 2023 ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ទៅ​កាន់​ទីផ្សារ​ធំៗ​កើន​ 2.3% ក្នុង​នោះ​ ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​កើន​ 21.7%, ជប៉ុន​កើន​ 15.7% និង​ប្រទេស​ចិន​កើន​ 1.9%​។

    ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ព្យាករ​ថា ការ​នាំ​ចេញ​ក្នុង​ខែ​កញ្ញា និង​ត្រីមាស​ចុង​ក្រោយ​របស់​ឆ្នាំ​នេះ​នឹង​ងើប​ឡើង​វិញ​៕

  • តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​ចុះ​ បើ​ទោះ​រុស្ស៊ី​ហាម​ឃាត់​ការ​នាំចេញ​ឥន្ធនៈ

    តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​ចុះ​ បើ​ទោះ​រុស្ស៊ី​ហាម​ឃាត់​ការ​នាំចេញ​ឥន្ធនៈ

    ចប់​ការ​ជួញដូរក្នុង​​ថ្ងៃ​ទី 21 កញ្ញា ​ប្រេង​ Brent ប្រគល់​ក្នុង​ខែ​វិច្ឆិកា 2023 បាន​ធ្លាក់​ថ្លៃ​​ 23 សេន​អាម៉េរិក ​មក​នៅ​ត្រឹម​ 93.30 ដុល្លារ​/ធុង​បារ៉ែល ស្រប​ពេល​ដែល​ប្រេង​ឆៅ WTI របស់​អាម៉េរិក ថយ​ចុះ 3 សេន​អាម៉េរិក មក​នៅ​ត្រឹម​ 89.63​ ដុល្លារ​/ធុង​។

    ប្រេងឆៅ​​ពិភពលោក​កាលពី​ថ្ងៃទី 21 កញ្ញា​ ​ត្រូវ​បាន​ជួញដូរ​​ក្នុង​កម្រិត​ទាប​ ក្រោយ​ពី​ឡើង​ថ្លៃ​មួយ​ដុល្លារ​អាម៉េរិក ដោយ​សារ​តែ​បទបញ្ជា​ហាម​នាំ​ចេញ​ឥន្ធនៈ​របស់​រុស្ស៊ី​។ ក៏ប៉ុន្តែ ការ​សម្រេច​ចិត្ត​នានា​ស្ដី​ពី​ការ​ប្រាក់​បាន​ធ្វើ​ឱ្យ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​មួយ​ដុល្លារ​។

    ចប់​ការ​ជួញដូរ​ក្នុង​ថ្ងៃ​ទី 21 កញ្ញា តម្លៃ​ប្រេង​ Brent ប្រគល់​នៅ​ក្នុង​ខែ​វិច្ឆិកា 2023 ថយចុះ​ 23 សេន​អាម៉េរិក មក​នៅ​ត្រឹម 93.30 ដុល្លារ​/ធុង​បារ៉ែល​ ស្រប​ពេល​ដែល​ប្រេង​ឆៅ​​អាម៉េរិក WTI ធ្លាក់​ថ្លៃ​ 3 សេន​ មក​នៅ​ត្រឹម​ 89.63 ដុល្លារ​/ធុង​។ កិច្ច​សន្យា​ជួញដូរ​ប្រេង​ទាំង​ពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​មាន​តម្លៃ​ឡើង​ចុះ​ប្រហែល​មួយ​ដុល្លារ​មុន​នោះ​ ក្នុង​ថ្ងៃទី 21 កញ្ញា​។

    តម្លៃ​ប្រេង​នៅ​តែ​ទទួល​បាន​ការ​ «គាំទ្រ» ពី​ការ​ព្រួយ​បារម្ភ​ទាក់​ទង​នឹង​ប្រភព​ផ្គត់​ផ្គង់​ដែល​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ទូទាំង​សកល​លោក​ នៅ​ពេលឈាន​ចូល​ដល់​ត្រីមាស​ទី​បួន​ ឆ្នាំ 2023​។ បរិមាណ​ប្រេង​ឆៅ​ក្នុង​ឃ្លាំង​នៅ Cushing ដែល​ជា​មជ្ឈមណ្ឌល​ចែក​ចាយ​ប្រេង WTI កំពុង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​រាប់​ចាប់​ពី​ខែ​កក្កដា 2022 នៅ​ពេល​ដែល​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ (OPEC) និង​ដៃគូ​សហការ OPEC+ សម្រេច​ចិត្ត​រក្សា​ការ​កាត់​បន្ថយ​​ការ​ផលិត៕

  • ​បរិមាណ​​​អង្ករ​នាំ​ចេញ​​ក្នុង​ 8 ខែ​ដំបូង​របស់​វៀតណាម ច្រើន​ជាង​ 14 ដង​ ធៀប​នឹង​កម្ពុជា

    ​បរិមាណ​​​អង្ករ​នាំ​ចេញ​​ក្នុង​ 8 ខែ​ដំបូង​របស់​វៀតណាម ច្រើន​ជាង​ 14 ដង​ ធៀប​នឹង​កម្ពុជា

    8 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​នាំ​ចេញ​អង្ករ​សរុប​ជាង 5.81 លាន​តោន​ ប្រហែល​ជាង 3.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ បរិមាណ​អង្ករ​កើន​ 21,4% និង​ចំណូល​សរុប​កើន​ 35.7% ធៀប​នឹង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​។

    យោង​តាម​ស្ថិតិ​បឋម​របស់​អគ្គនាយកដ្ឋាន​គយវៀតណាម ក្នុង​ខែ​សីហា 2023 វៀតណាម​នាំ​ចេញ​អង្ករ​បាន 921,443 តោន​ ដែល​ប្រហាក់​ប្រហែល​នឹង 546.41 លាន​ដុល្លារ​អាម៉េរិក ដោយ​គិត​ក្នុង​តម្លៃ​មធ្យម​ 593 ដុល្លារ​/តោន​។ តួលេខ​នេះ​កើន​ 39.5% បើ​គិត​អំពី​បរិមាណ,​ 50.7% បើ​គិត​អំពី​ប្រាក់​ចំណូល និង​តម្លៃ​កើន​ 8% បើ​ធៀប​នឹង​ខែកក្កដា 2023​។ ធៀប​នឹង​ខែ​សីហា 2022 បរិមាណ​អង្ករ​នាំ​ចេញ​របស់​វៀតណាម​​ក្នុង​ខែ​នេះ​ក៏​កើន​ 28.8%​, ប្រាក់​ចំណូល​សរុបក៏​កើន 61.7% និង​តម្លៃ​ក៏​កើន​ 25.5% ផងដែរ​។

    ជា​រួម ក្នុង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ 2023 បរិមាណ​អង្ករ​នាំ​ចេញ​សរុប​របស់​វៀតណាម​ សម្រេច​បាន​ជាង 5.81 លាន​តោន​ រក​ចំណូល​បាន​ជាង 3.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ បរិមាណ​កើន​ 21.4%, ចំណូល​កើន​ 35.7% ធៀប​នឹង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​ ខណៈ​តម្លៃ​មធ្យម​ស្មើ​នឹង 543.9 ដុល្លារ​អាម៉េរិក​/តោន​ ដោយ​កើន​ 11.8%​។

    ទីផ្សារ​អង្ករ​ធំជាង​គេ​ទាំង​បី​​របស់​ប្រទេស​​វៀតណាម រួម​មាន​ ប្រទេស​ហ្វ៊ីលីពីន ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌូណេស៊ី​។

    ទាក់​ទង​នឹង​ការ​នាំ​ចេញ​អង្ករ​នេះដែរ សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CR​F​) ​បាន​រាយការណ៍​ថា​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន 401,699 ​តោន​ទៅកាន់​ប្រទេស​ និង​ដែនដី​ចំនួន​ 56 ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​សីហា​ឆ្នាំនេះ​។ ​ចំនួន​នេះ​ស្មើនឹង​ 58% ​នៃ​ផែន​ការនាំចេញ​ប្រចាំ​ឆ្នាំ​ 2023។ បរិមាណ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ក្នុង​អំឡុង​ 8 ខែ​ដំបូង​នៃឆ្នាំ​នេះ ទាប​ជាងលើស​ពី 14 ដង ​បើ​ធៀប​នឹង ​​5.81 លាន​តោន​របស់​វៀតណាម​៕

  • ការ​នាំ​ចេញ​នៃ​វិស័យ​វាយនភ័ណ្ឌ​វៀតណាម​ក្នុង​ 8 ខែ​ដើម​ឆ្នាំ​ សម្រេច​បាន​ជាង 26 ពាន់​លាន​ដុល្លារ​

    ការ​នាំ​ចេញ​នៃ​វិស័យ​វាយនភ័ណ្ឌ​វៀតណាម​ក្នុង​ 8 ខែ​ដើម​ឆ្នាំ​ សម្រេច​បាន​ជាង 26 ពាន់​លាន​ដុល្លារ​

    (វៀតណាម) – ក្នុង​ 8​ ខែ​ដើម​ឆ្នាំ​ 2023 ការ​នាំ​ចេញ​ផលិត​ផល​ក្នុង​​វិស័យ​វាយនភ័ណ្ឌ​សម្រេច​បាន​ 26.1 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 16% បើ​ធៀប​នឹង​ដំណាក់​​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ និង​សម្រេចបាន​ 65% នៃ​​ផែនការ​នាំ​ចេញ​ តម្លៃ​ 40 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2023​។

    ទិន្នន័យ​របស់​សមាគម​វាយនភ័ណ្ឌ​វៀតណាម​បង្ហាញ​ថា ក្នុង​ខែសីហា 2023 ការ​នាំ​ចេញ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​សម្រេច​បាន​ជិត​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ថយ​ចុះ 6% បើធៀប​នឹង​ខែ​កក្កដា 2023 និង​ថយ​ចុះ​ 21.៥% បើ​ធៀប​នឹង​ខែ​សីហា 2022​។

    ក្នុង​ 8​ ខែ​ដើម​ឆ្នាំ​ 2023 ការ​នៃ​ចេញ​របស់​វិស័យ​វាយនភ័ណ្ឌ​សម្រេច​បាន​ 26.1 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 16% បើ​ធៀប​នឹង​ដំណាក់​​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022។ យោង​ទៅ​តាម​លទ្ធផល​នេះ វិស័យវាយនភ័ណ្ឌ​​វៀតណាម​សម្រេចបាន​ 65% នៃ​​ផែនការ​នាំ​ចេញតម្លៃ​​ 40 ពាន់​លាន​ដុល្លារ​ដែល​បាន​កំណត់​ជាគោល​ដៅ​សម្រាប់​​ឆ្នាំ 2023​។

    ស្ថិតិបង្ហាញ​ថា រាល់​មុខ​ទំនិញ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​សុទ្ធ​តែ​មាន​ការ​ថយ​ចុះ​បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ ក្នុង​នោះ​ ការ​នាំចេញ​សម្លៀក​បំពាក់​សម្រេច​បាន​ 20.5 ពាន់​លាន​ដុល្លារ ថយ​ចុះ​ 16%​ និង​មាន​ចំណែក​ 78.5% ក្នុង​ចំណោម​ផលិត​ផលវាយនភ័ណ្ឌ​ដែល​ត្រូវ​បាន​​នាំ​ចេញ​​ក្នុង​ 8 ខែ​ដើម​ឆ្នាំ​ 2023 នេះ។

    វៀតណាម​រំពឹង​ថា ការ​នាំ​ចេញ​នៃវិស័យ​វាយនភ័ណ្ឌ​របស់​ប្រទេសនេះ​​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក ​ក្នុង​ 6 ខែ​ចុង​ឆ្នាំ​ 2023 ​នឹង​កើន​ 10% បើ​ធៀប​នឹង​ 6 ខែ​ដើម​ឆ្នាំ​។ ចំណែក​​ឯ​​​ទីផ្សារ​ជប៉ុន​វិញ ក៏​ត្រូវ​បានវៀតណាម​​រំពឹង​ថា នឹង​កើន​ឡើង​បន្ត​ពី​ 6 ខែ​ដើម​ឆ្នាំ 2023​​៕

  • ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ក្នុង​ 6 ខែ​ដើម​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ជាង 2.3 លាន​គ្រឿង​ ច្រើន​ជាង​ជប៉ុន និង​ក្លាយ​ជា​ប្រទេស​​​ដែល​នាំ​ចេញ​រថយន្ត​​ច្រើន​ជាង​គេ​បង្អស់​លើពិភពលោក​។

    ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​នាំ​ចេញ​រថយន្ត​ សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​នៅ​ប្រទេស​ចិន​ បាន​ដក​ស្រង់​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​របស់​​ប្រទេស​នេះ​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល 6 ខែ​ដើម​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ចំនួន 2.34 លាន​គ្រឿង​ កើន​ 76.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ដោយ​ឡែក យោង​តាម​ទិន្នន័យ​ដែល​បាន​ប្រកាស​ដោយ​សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​ជប៉ុន​ តួលេខ​រថយន្ត​ដែល​បាន​នាំ​ចេញ​​របស់​ប្រទេស​នេះ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ 2023 មាន​ 2.02 លាន​គ្រឿង​ កើន​ 17% បើ​ធៀប​នឹង​ឆមាស​ទី​មួយ​ឆ្នាំ​ 2022​។

    នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​​តួលេខ​នៃការ​នាំ​ចេញ​រថយន្ត​ក្នុង 6 ខែ​ដើម​ឆ្នាំ 2023 របស់​ប្រទេស​ចិន​ មាន​ចំនួន​ច្រើន​ជាង​ជប៉ុន និង​ឈរ​លំដាប់​ទី​មួយ​លើ​ពិភពលោក​។

    ទិន្នន័យ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា មាន​មូលហេតុ​សំខាន់​ពីរ​ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​រថយន្ត​របស់​ប្រទេស​ចិន​កើន​ឡើងខ្ពស់​ខ្លាំង​ក្នុង​ឆ្នាំ​នេះ នោះគឺ​ចំនួន​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេសរុស្ស៊ី​បាន​កើន​ឡើង​គួរឱ្យ​ចាប់អារម្មណ៍​។ ទន្ទឹម​នឹង​នេះ រថយន្ត​អគ្គិសនី​ក៏​ត្រូវ​បាន​នាំ​ចេញ​​​​ទៅ​កាន់​​​​ទីផ្សារ​អឺរ៉ុប​ និង​ទី​ផ្សារ​អាស៊ី​អាគ្នេយ៍​ កាន់​តែ​ច្រើន​៕

  • ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    កាលពី​ថ្ងៃទី 18 ឧសភា (17 ឧសភា​នៅ​កាណាដា) ក្រុមហ៊ុន VinFast Canada បានប្រកាស​ថា កប៉ាល់​ដឹក​រថយន្ត​អគ្គិសនី VinFast VF8 ចំនួន 781 គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ Nanaimo ក្នុង​តំបន់ British Columbia។

    រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF8 របស់ VinFast ត្រូវបាន EPA ទទួលស្គាល់ថា អាច​រត់​បាន​ចម្ងាយ 425 គីឡូម៉ែត្រ​សម្រាប់​កំណែ Eco, 391 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 300 kW និង 354 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 260 kW បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​​មួយ​ពេញ។

    នៅ​កាណាដា កំណែ VF8 Eco មានតម្លៃ​ចាប់ពី 39,680 ដុល្លារ​អាម៉េរិក គ្រា​ដែល​កំណែ VF8 Plus 260 kW មានតម្លៃ​ចាប់ពី 43,820 ដុល្លារ​អាម៉េរិក។

    រថយន្ត​អគ្គិសនី 781 គ្រឿង​ខាងលើនេះ​គឺជា​ការនាំចេញ​លើក​ទី​ពីរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន VinFast ដែល​បានចេញ​ដំណើរ​ពី​វៀតណាម​កាលពី​ថ្ងៃទី 16 មេសា ឆ្នាំ 2023។ មុន​នោះ VinFast VF8 ចំនួន 1,098 គ្រឿង​ក៏បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 12 ឧសភា។

    VinFast VF8 ត្រូវបាន​បំពាក់​មុខងារ​បច្ចេកវិទ្យាទំនើបៗ ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ជំនួយការ​បើកបរ​ (ADAS) ព្រមទាំង​ត្រូវបាន​ធានា 10 ឆ្នាំ ឬ 200,000 គីឡូម៉ែត្រ​សម្រាប់​រថយន្ត និង 10 ឆ្នាំ ឬ​មិន​កំណត់​ចំនួន​គីឡូម៉ែត្រ​សម្រាប់​ថ្ម​ផ្ទុក​ថាមពល។ សេវា​ជួសជុល​ចល័ត និង​សង្គ្រោះ 24/7 ក៏​ស្ថិត​នៅក្នុង​ការធានា​នេះ៕

  • កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

    កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

    ឡារ៉ែន ជឿថានៅរៀងរាល់ពេលបញ្ចុកថ្នាំក្នុងពេលដែលកូនតូចមានអាការឈឺថ្កាត់ម្តងៗនោះ គឺពិតជារឿងមួយដែលធ្វើឱ្យឪពុក-ម្តាយឈឺក្បាលវិលមុខមិនស្ទើរឡើយ ព្រោះណាមួយកូនមិនព្រមញ៉ាំ ឬលេបថ្នាំនោះសោះ និងមួយទៀត គឺលេបចូល​ទៅហើយ តែក្អួតចេញមកវិញអស់ ធ្វើឱ្យឪពុក-ម្តាយកើតមានការស្ទាក់ស្ទើរក្នុងចិត្តថា តើគួរបញ្ចុកម្តងទៀតឬយ៉ាងណា?

    ដូច្នេះ ខាងក្រោមនេះ គឺជាចម្លើយចំពោះចម្ងល់នេះ។

    មូលហេតុកូនក្អួតក្រោយពេលបញ្ចុកថ្នាំរួច

    អាការក្អួតរបស់កូនក្រោយពេលត្រូវប៉ាម៉ាក់បញ្ចុកថ្នាំរួច ជាបញ្ហាដែលជួបញឹកញាប់ និងកើតឡើងដដែលៗ។ កូនក្អួតក្រោយការបញ្ចុកថ្នាំ ច្រើនតែបណ្តាលមកពីការស្រែកយំយ៉ាងខ្លាំងក្លា ព្រោះតែមិនចូលចិត្តរសជាតិរបស់ថ្នាំ មិនចូលចិត្តក្លិនរបស់ថ្នាំ និងកូនត្រូវការបដិសេធ ទើបព្យាយាមធ្វើឱ្យកើតអាការក្អួត ឬកើតពីតិចនិកក្នុងការបញ្ចុកថ្នាំមិនល្អ ធ្វើឱ្យរសជាតិថ្នាំទៅប៉ះនឹងបរិវេណគល់អណ្តាតនាំឱ្យកើតប្រតិកម្មការខ្ជាក់ចេញមកវិញដោយស្វ័យប្រវត្តិ ដែលខាងវេជ្ជសាស្រ្តហៅថា gag reflex ធ្វើឱ្យក្មេងក្អួតចេញមក។

    កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកថ្នាំម្តងទៀតឬទេ?

    1. ត្រូវបញ្ចុកឡើងវិញម្តងទៀត ៈ ក្នុងករណីបញ្ចុកហើយក្អួតភ្លាម(មិនមែនក្អែចេញមកបន្តិចបន្តួចទេ) ចូរអ្នកម្តាយបញ្ចុកថ្នាំក្នុងបរិមាណដដែលឡើងវិញម្តងទៀត ក្រោយពីកូនឈប់ក្អួតហើយ។
    2. មិនបាច់បញ្ចុកម្តងទៀតទេ ៈ ក្នុងករណីដែលកូនក្អួត បន្ទាប់ពីការបញ្ចុកថ្នាំកន្លងផុតទៅអស់រយៈពេលយូរក្រែលហើយ ឬចាប់ពីកន្លះម៉ោងឡើងទៅនោះ មិនចាំបាច់បញ្ចុកឡើងវិញម្តងទៀតទេ ព្រោះថ្នាំមួយចំនួនអាចត្រូវបានបឺតជ្រាបចូលទៅក្នុងរាងកាយកូនខ្លះហើយ តែត្រូវបញ្ចុកតាមពេលវេលាដែលពេទ្យកំណត់នៅលើកក្រោយៗទៀត។

    តិចនិកការបញ្ចុកថ្នាំ ឱ្យកូនបានទទួលថ្នាំគ្រប់ចំនួនតាមវេជ្ជបញ្ជា

    1. បញ្ចុកថ្នាំសម្រេចគ្រប់ពេល ត្រូវមានអារម្មណ៍ល្អតាំងពីលើកដំបូង។ លើកដំបូងរបស់ការបញ្ចុកថ្នាំ ត្រូវបបួលកូនតូចលេង ឱ្យមើលនេះមើលនោះ ចាប់ កាន់ ឧបករណ៍ផ្សេងៗ។ បើស្ថិតក្នុងវ័យយល់ដឹងខ្លះហើយ ត្រូវអធិប្បាយ ទុកពេលវេលា និងកុំបង្ហាញអាការធុញថប់តានតឹងឱ្យកូនឃើញឱ្យសោះ។
    2. ឧបករណ៍សម្រាប់បញ្ចុកក៏សំខាន់ដែរ ត្រូវជ្រើសរើសឱ្យស័ក្តិសម ដូចជាថ្នាំដែលមានរសជាតិល្វីង ឡារ៉ែនសូមណែនាំឱ្យប្រើបំពង់(សេរ៉ាំង)ចាក់ថ្នាំ បាញ់ទឹកថ្នាំបញ្ចូលមាត់កូនតែម្តង រួចឱ្យញ៉ាំទឹកតាមក្រោយ។ ចំណែកថ្នាំដែលមានរសជាតិផ្អែមអាចប្រើស្លាបព្រាបញ្ចុកបាន។
    3. ឥរិយាបថរបស់កូនក្នុងពេលបញ្ចុក ក៏សំខាន់ដូចគ្នាដែរ។ កុំបញ្ចុុកដោយឱ្យកូនគេងរាបស្មើ ព្រោះកូននឹងលេបមិនទាន់ ធ្វើឱ្យក្អួតព្រួសចេញមកវិញ ឬអាចនឹងឈ្លក់ថ្នាំបាន គួរបញ្ចុកថ្នាំកូនក្នុងឥរិយាបថដែលក្បាលនៅខ្ពស់ជាងខ្លួន។
    4. ត្រូវត្រៀមទឹកទុកជាមុនបន្តិចបន្តួច បន្ទាប់ពីបញ្ចុកថ្នាំហើយ ចូរឱ្យទឹកញ៉ាំបន្តិច ព្រោះថ្នាំប្រភេទទឹកស៊ីរ៉ូ នឹងធ្វើឱ្យស្អិតក្នុងបំពង់ក អាចធ្វើឱ្យកូនក្អក ហើយការឱ្យញ៉ាំទឹកបន្តិច អាចការពារអាការក្អកបាន។
    5. ប្តូររសជាតិរបស់ថ្នាំ ពីល្វីងឱ្យទៅជាផ្អែម តែត្រូវសួរនាំលោកគ្រូពេទ្យជាមុនសិន ព្រោះថ្នាំខ្លះ អាចកើតប្រតិកម្មខាងគីមីជាមួយទឹកស៊ីរ៉ូ អាចមានផលប៉ះពាល់ដល់ការបឺតជ្រាបរបស់រាងកាយបាន។

    បានដឹង និងស្គាល់ពីតិចនិកល្អៗពាក់ព័ន្ធនឹងវិធីបញ្ចុកថ្នាំកូនហើយ ឡារ៉ែនសង្ឃឹមថា ក្មេងតូចៗទាំងឡាយនឹងលែងសូវក្អួត ឬព្រួសថ្នាំចេញទៀតហើយ តែអាការក្អួតនេះក៏អាចបណ្តាលមកពីការកើតប្រតិកម្មចាញ់ថ្នាំដែលញ៉ាំនោះបានដែរ ដូច្នេះអ្នកម្តាយគួរសង្កេតមើលអាការរួមផ្សេងទៀតផង ដូចជាកូនមានឡើងកន្ទួលរមាស់ ភ្នែកហើម មាត់ហើម ពិបាកដកដង្ហើមជាដើម បើឃើញកូនតូចកើតមានអាការទាំងនេះ ក្រោយពេលបញ្ចុកថ្នាំរួច អ្នកម្តាយគួរប្រញាប់នាំកូនទៅមន្ទីពេទ្យជាបន្ទាន់កុំបង្អង់យូរ៕