ន័រវែស សាងសង់នាវាអ៊ីដ្រូសែនធំជាងគេលើពិភពលោក
នាវាគំរូប្រវែង 117 ម៉ែត្រ អាចផ្ទុកកៅអីចំនួន 120 ដោយប្រើប្រាស់ថាមពលអ៊ីដ្រូសែនបៃតងយ៉ាងតិច 85% នៃការធ្វើដំណើរនៅប៉ូលខាងជើង។ ក្រុមហ៊ុនដឹកជញ្ជូន Torghatten Nord បានចុះកិច្ចព្រមព្រៀងជាមួយនឹងរោងចក្រសាងសង់កប៉ាល់ Myklebust នៅប្រទេសន័រវែស ដើម្បីសាងសង់នាវាដែលដំណើរការដោយអ៊ីដ្រូសែនធំជាងគេលើពិភពលោក។ នាវាដែលអាចដឹកមនុស្សបាន 120 នាក់ ធ្វើសកម្មភាពលើផ្លូវទឹកដែលវែងជាងគេបំផុតនៅប្រទេសន័រវែស ស្ថិតក្នុងតំបន់ឈូងសមុទ្រ Vestfjordstrekninga ដែលស្ថិតក្នុងតំបន់ប៉ូលខាងជើង។ តាមផែនការ នាវាប្រវែង 117 ម៉ែត្រនេះ នឹងត្រូវបានរោងចក្រ Myklebust សាងសង់រួចរាល់ និងប្រគល់ជូនក្រុមហ៊ុន Torghatten Nord នៅក្នុងឆ្នាំ 2026។ នាវានេះនឹងប្រើប្រាស់អ៊ីដ្រូសែនយ៉ាងតិចបំផុត 85% នៅក្នុងការធ្វើដំណើររបស់ខ្លួន ហើយអាចធ្វើដំណើរក្នុងល្បឿនជាមធ្យម 31.5 គីឡូម៉ែត្រក្នុងមួយម៉ោង។ ការប្រើប្រាស់អ៊ីដ្រូសែនរបស់នាវាខាងលើ នឹងជួយកាត់បន្ថយឧស្ម័នកាបូនប្រហែលជាង 26,000 តោនជារៀងរាល់ឆ្នាំ។