Tag: ធនាគារជាតិនៃកម្ពុជា

  • ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។

    តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។

    ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។

    លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏​បាន​អំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង។ លោកជំទាវថ្លែងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។

  • ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

    ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

    ធនាគារជាតិនៃកម្ពុជា​ ឬ NBC​ បានឱ្យ​ដឹង​ថា​ ខ្លួន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ដោយសារតែ​វិស័យ​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ទាក់ទង​នឹង​កំណើន​ឥណទាន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បិទ​សន្និបាត​ និង​កំណត់​គោលដៅ​របស់​ធនាគារ​កាលពី​ថ្ងៃទី17​ ខែមករា​ ឆ្នាំ2020​ ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ប៉ុន្តែ​វា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ដែរ​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“ដូច្នេះ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ទាមទារ​ឱ្យ​មានការ​វាស់វែង​ និង​គិតគូរ​យ៉ាង​ប្រុងប្រយ័ត្ន​ និង​វាយតម្លៃ​យ៉ាង​ស៊ីជម្រៅ​ដោយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ដូចជា​ពន្ធ​លើ​ការទិញ​អចលនទ្រព្យ​ ការ​ជ្រើសរើស​គម្រោង​សាងសង់​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ និង​ការកំណត់​ប្រាក់កម្ចី​”។

    កំណើន​ក្នុង​វិស័យ​សំណង់​ គឺជា​រឿង​ល្អ​សម្រាប់​ប្រជាជន​យើង​ ជាពិសេស​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ព្រោះ​វា​មានន័យថា​ ប្រជាជន​របស់​យើង​អាច​មានផ្ទះសំបែង​រស់នៅ​សមរម្យ​។ វា​ជា​បញ្ហា​ថ្មី​សម្រាប់​យើង​ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​។ យើង​ត្រូវតែ​ពិនិត្យ​ និង​តាមដាន​កំណើន​នា​ពេល​អនាគត​របស់​វិស័យ​នេះ​ ហើយ​ធានា​ថា​ នឹង​មិន​មាន​បញ្ហា​អវិជ្ជមាន​ទេ​។ ដូច្នេះ​ធនាគារ​កណ្តាល​ត្រូវតែ​ប្រយ័ត្ន​ប្រយែង​ ព្រោះ​វា​ជា​កិច្ចការ​សំខាន់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​។

    ការិយាល័យ​ឥណទាន​កម្ពុជា​(CBC​) បាន​រាយការណ៍​ថា​ ប្រាក់កម្ចី​របស់​អតិថិជន​ គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ2019​ មាន​ចំនួន​សរុប​ 7.65ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ មាន​ចំនួន​ 48.36​%កាត​ឥណទាន​ 0.61​% និង​ឥណទាន​បុគ្គល​មានត្រឹមតែ​ជាង​ 51​%ប៉ុណ្ណោះ​។

    ការិយាល័យ​ឥណទាន​កម្ពុជា​ បានឱ្យ​ដឹង​ថា​ បំណុល​បញ្ចាំ​ដែល​មិនបាន​បង់​ក្នុងរយៈពេល​ 30ថ្ងៃ​ ឬច្រើនជាង​នេះ​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ2019​ មានតែ​ 0.57​%នៃ​ចំនួន​សរុប​ ខណៈ​ប្រាក់កម្ចី​ផ្ទាល់ខ្លួន​ ឬអតិថិជន​មាន​ចំនួន​ 1.75​% និង​បណ្ណ​ឥណទាន​មាន​ចំនួន​ 2.65​%។ ទាំងអស់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រាក់កម្ចី​មិន​ដំណើរការ​ (NPLs​) ដោយ​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។ទោះ​យ៉ាងណាក្ដី​ ធនាគារ​កណ្តាល​បាន​ព្រមាន​ថា​ ប្រសិនបើ​អតិថិជន​មិន​ចំណាយ​ប្រាក់កម្ចី​សម្រាប់​គោលបំណង​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​នោះ​ ការ​កើនឡើង​នៃ​ឥណទាន​ អាច​ក្លាយជា​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច​។

    NBC​ បាន​បង្ហាញ​នៅក្នុង​របាយការណ៍​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ធនាគារ​ឆ្នាំ2019​ និង​ទស្សនវិស័យ​សម្រាប់​ឆ្នាំ2020​ ថា​ កំណើន​ឥណទាន​នៅក្នុង​វិស័យ​ធនាគារ​បាន​ងើបឡើង​វិញ​ បន្ទាប់ពី​វា​បាន​ធ្លាក់ចុះ​ក្នុងរយៈពេល​ 3ឆ្នាំ​កន្លងមក​។ ការ​កើនឡើង​នេះ​ បណ្តាល​មក​ពី​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​ ការ​កើនឡើង​នូវ​តម្រូវការ​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេវាកម្ម​ក្នុងចំណោម​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​។

    NBC​ បាន​បន្ថែម​ទៀត​ថា​ ការ​ងើបឡើង​វិញ​នៃ​កំណើន​ឥណទាន​ ត្រូវ​បាន​គាំទ្រ​ជាចម្បង​ដោយ​កំណើន​ប្រាក់កម្ចី​សម្រាប់​ការទិញ​អចលនទ្រព្យ​ សំណង់​ ការប្រើ​ប្រាស់​ និង​ពាណិជ្ជកម្ម​។ កំណើន​ឥណទាន​ក្នុង​ឆ្នាំ2019​ ភាគច្រើន​ពឹងផ្អែក​លើ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ និង​អ្នក​ផលិត​ផលិតផល​ប្រើប្រាស់​។

    ឯកឧត្តម​ទេសាភិបាល​ បាន​មានប្រសាសន៍​ថា​៖“សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​នៅ​ឆ្នាំនេះ​ ដោយសារតែ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​និង​ការ​ឡើងថ្លៃ​ប្រេងឆៅ​ ដោយសារតែ​នយោបាយ​ភូមិសាស្ត្រ​បច្ចុប្បន្ន​ និង​ការបាត់បង់​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ “អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​” ដែល​អាច​នឹង​កើតឡើង​ដោយ​ផ្ទាល់​ និង​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​។ ដូចគ្នា​នេះ​ផង​ដែរ​ មាន​ហានិភ័យ​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅក្នុង​វិស័យ​សំណង់​ ដែល​អាច​នាំ​ឱ្យ​ផ្ទះ​មានតម្លៃ​លក់​ទាប​ជាង​ការ​ចំណាយ​សម្រាប់​ពួកគេ​ បណ្តាល​ឱ្យ​មាន​បញ្ហា​ឥណទាន​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ ទោះជាយ៉ាងណា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ នឹង​នៅតែ​ មាន​អត្រា​7% ដដែល​ ដោយមាន​ការចូលរួម​ចំណែក​ពី​ការនាំចេញ​ ការ​វិនិយោគ​បរទេស​ និង​វិស័យ​ទេសចរណ៍​។

    លោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ ខ្មែរ​រៀល​ អុីស្ទេ​ត និង​ជា​ប្រធាន​ KW​ Cambodia​ ត្រូវ​បាន​ស្រង់​សម្តី​ថា​ កំណើន​ឥណទាន​លើ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ជាមួយ​ធនាគារ​ និង​វិស័យ​ហិរញ្ញវត្ថុ​ កាន់តែ​ទូលំទូលាយ​នឹង​ល្អ​ឡើង​ ព្រោះ​ពួកគេ​អាច​កត់ត្រា​ប្រតិបត្តិ​ការប្រាក់​កម្ចី​លំនាំដើម​ ផ្គត់ផ្គង់​ និង​តម្រូវការ​។

    លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា​៖“ដូច្នេះ​អតិថិជន​របស់​ពួកគេ​ ត្រូវ​បាន​ចាត់ទុកថា​ អាច​មាន​ហានិភ័យ​ខ្ពស់​។ ខ្ញុំ​សូម​ជំរុញ​អតិថិជន​ កុំ​បង់ប្រាក់​កម្ចី​ទិញ​ផ្ទះ​ទៅ​អ្នក​អភិវឌ្ឍន៍​ដោយ​ផ្ទាល់​ ហើយ​អ្នក​អភិវឌ្ឍន៍​ក៏​គួរតែ​ណែនាំ​អតិថិជន​ផង​ដែរ​ ឱ្យធ្វើ​ការ​ជាមួយ​ធនាគារ​”។

    លោក​ឧកញ៉ា​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ថា​៖“នៅពេល​អតិថិជន​ប្រើ​ធនាគារ​សម្រាប់​ប្រាក់កម្ចី​ទិញ​ផ្ទះ​ ពួកគេ​នឹង​មិន​ចាំបាច់​មានការ​ទទួលខុសត្រូវ​ទេ​។ នៅពេល​ដែល​ពួកគេ​បង់ប្រាក់​ តាមរយៈ​ការ​បង់​រំលស់​ទៅ​ឱ្យ​អ្នក​អភិវឌ្ឍន៍​បុរី​នោះ​ ប្រាក់កម្ចី​មានកម្រិត​ខ្ពស់​ ពីព្រោះ​អ្នក​អភិវឌ្ឍន៍​មិនបាន​ធ្វើការវិភាគ​ឱ្យ​បាន​ដិតដល់​ថា​ តើ​អ្នកទិញ​អាច​មានលទ្ធភាព​សង​ប្រាក់កម្ចី​ដែរ​ឬទេ​ឡើយ​”កាលពី​ត្រីមាស​ទី3​ ឆ្នាំ2019​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ឬ ADB​ ក៏បាន​ចាត់ទុក​កំណើន​ឥណទាន​ដែល​ប្រមូល​ផ្តុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នៅ​កម្ពុជា​ គឺជា​ហានិភ័យ​មួយ​ដែល​អាច​បង្អាក់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។ យោង​តាម​របាយការណ៍​ ស្តី​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់ ADB​ បាន​លើកឡើង​ពី​ការ​ពូន​គរ​កំណើន​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​អាច​ជា​ហានិភ័យ​ក្នុង​ស្រុក​។

    អ្នកជំនាញ​សេដ្ឋកិច្ច​លោក​ ង៉ែត​ ជូ​ បាន​មាន​ទស្សនៈ​ថា​៖“អតិថិជន​ខ្លះ​រំពឹង​ថា​ នៅពេល​ពួកគេ​ទិញ​ផ្ទះ​ ពួកគេ​អាច​លក់​វា​បាន​ប្រាក់ចំណេញ​ ឬរកលុយ​បាន​ពី​ការជួល​វា​។ ប៉ុន្តែ​ប្រសិនបើ​ការ​រំពឹង​ទុក​នោះ​មិន​ត្រូវ​បាន​ឆ្លើយតប​ អតិថិជន​អាច​នឹង​មាន​បញ្ហា​ជាមួយនឹង​លំហូរ​ហិរញ្ញវត្ថុ​។ បន្ទាប់មក​គាត់​អាច​នឹង​ដាក់​ទ្រព្យ​នោះ​សម្រាប់​ការ​ដេញថ្លៃ​ ដែល​មានផល​ប៉ះពាល់​ដល់ទី​ផ្សារ​ទាំងមូល​”។

    លោក​បាន​បញ្ជាក់​ថា​៖“វិធី​ល្អ​បំផុត​ គឺ​អតិថិជន​មិន​គួរ​ប្រើ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ពី​អ្នក​អភិវឌ្ឍន៍​ទេ​ ព្រោះ​ពួកគេ​មិនបាន​សិក្សា​ច្បាស់លាស់​ពី​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទេ​។ តែ​ទោះ​យ៉ាងណាក្ដី​ ធនាគារ​នឹង​សិក្សា​ពី​ចំណូល​ហិរញ្ញវត្ថុ​របស់​អតិថិជន​ និង​ធ្វើការ​វិនិច្ឆ័យ​លើ​ហានិភ័យ​ប្រាក់កម្ចី​ ក៏ដូចជា​ការ​ផ្តល់​អត្រា​ការប្រាក់​ទាប​ជាង​មុន​ជាដើម​”។

    ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ខ្លះ​ មិនមែន​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ ពួកគេ​ជា​អ្នកសាង​សង់​ ដូច្នេះ​ពួកគេ​គ្មាន​សិទ្ធិ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទេ​។ ការដំឡើង​ការប្រាក់​របស់​អ្នក​អភិវឌ្ឍន៍​បាន​បង្ហាញ​នូវ​ហានិភ័យ​ខ្ពស់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ ពីព្រោះ​បច្ចុប្បន្ន​មិន​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​ប្រតិបត្តិ​ការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ទេ​។

    ប្រសិនបើ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ទេ​ ហានិភ័យ​នឹង​កើនឡើង​។ វា​មិនមែន​ជា​បញ្ហា​តូច​ទេ​ពីព្រោះ​មាន​អ្នក​អភិវឌ្ឍន៍​បុរី​ និង​សាងសង់​លំនៅឋាន​ជាច្រើន​ ដូច្នេះ​ប្រសិនបើ​មាន​វិបត្តិ​ វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំងមូល​”៕

  • ធនាគារជាតិនៃកម្ពុជា​ និង​ស្ថាប័ន​សំ​ខាន់​ៗកំពុង​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​

    ធនាគារជាតិនៃកម្ពុជា​ និង​ស្ថាប័ន​សំ​ខាន់​ៗកំពុង​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​

    ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​បំណិន​ជីវិត​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ខណៈ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ប្រឹងប្រែង​បណ្តុះបណ្តាល​ចំណេះដឹង​ស្តី​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ចាប់តាំងពី​វ័យ​កុមារ​រហូតដល់​ធំ​ ដើម្បី​ឱ្យ​ពួកគេ​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​របស់​សង្គម​មានការ​រីកចម្រើន​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​ថា​ ការអប់រំ​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​ ជាពិសេស​កុមារ​ និង​ស្ត្រី​។ ចំពោះ​កុមារ​យើង​នឹង​ធ្វើការ​បណ្តុះបណ្តាល​ពួកគាត់​ឱ្យ​គាត់​មាន​ទម្លាប់​សន្សំ​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ពីក្មេង​ឱ្យ​ហើយ​ នៅពេល​ពួកគាត់​ធំឡើង​ គាត់​នឹងអាច​ក្លាយជា​មនុស្ស​ដែល​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​អាច​ចៀស​ផុត​ពី​បញ្ហា​បំណុល​ ឬបញ្ហា​ជាច្រើន​ចំពោះ​ជីវភាព​។ ការអប់រំ​កុមារ​ចាប់ពី​វ័យក្មេង​ មានប្រសិទ្ធភាព​ និង​ពេលវេលា​យូរ​ជាង​មនុស្ស​នៅ​វ័យ​ផ្សេង​ៗទៀត​។ ចំណែក​ឯស្ត្រី​វិញ​ រឹតតែ​សំខាន់​ទៅទៀត​ចំពោះ​ការសិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ព្រោះ​តាមរយៈ​ការសិក្សា​ជាច្រើន​បញ្ជាក់​ថា​ ស្ត្រីជា​អ្នក​ត្រូវការ​ចំណាយ​ច្រើន​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​ ហេតុនេះ​ប្រសិនបើ​ស្ត្រី​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ គាត់​នឹងអាច​ជួយ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​របស់​គា​ត់​ឪ្យ​រឹងមាំ​បាន​ ដោយសារ​គាត់​អាច​បែងចែក​ចំណាយ​ និង​ចំណូល​បាន​ល្អ​។

    លោកជំទាវ​ ជា​ សិរី​ មានប្រសាសន៍​ថា​៖ “នៅ​ពេលនេះ​យើង​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ចាប់ពី​ថ្នាក់​ទី1​ រហូតដល់​ថ្នាក់​ទី12​ ហើយ​យើង​ក៏​សហការ​ជាមួយ​ក្រសួងកិច្ចការនារី​ផង​ដែរ​ ដោយសារ​យើង​គិតថា​បច្ចុប្បន្ន​នេះ​សហគ្រិន​ជា​ស្រ្តី​អាច​មាន​ឧបសគ្គ​មួយចំនួន​ក្នុង​ការ​ទទួល​បាន​សេ​វា​ហិញ្ញវត្ថុ​”។

    គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ 23​ ខែមេសា​ ឆ្នាំ​ 2019​ ធនាគារជាតិនៃកម្ពុជា​ បាន​ប្រារព្ធ​កម្មវិធី​ចុះហត្ថលេខា​លើ​អនុ​ស្ស​ណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​ យុវជន​និងកីឡា​ និង​ក្រសួងកិច្ចការនារី​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ឱ្យ​ដឹង​ថាតាម​ រយៈ​កិច្ច​ព្រមព្រៀង​នេះ​ក្រសួង​អប់រំ​ នឹង​រៀបចំផែនការ​ដាក់បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា​ គេហ​សេដ្ឋកិច្ច​វិទ្យា​ បំណិន​ជីវិត​តាម​មូលដ្ឋាន​ និង​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា​ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បង្កើត​ទម្លាប់​សន្សំ​ឱ្យ​បាន​ល្អ​ដល់​សិស្សានុសិស្ស​។

    ឯកឧត្តម​ អុឹម​ កុច​ បាន​មានប្រសាសន៍​ថា​៖ “ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​សិស្សានុសិស្ស​ យើង​នឹង​រៀបចំ​ឱ្យ​មាន​លំហាត់​ ចំណោទ​ពី​ការ​គិតលុយ​ ឬនិយាយ​ពី​លុយ​នៅក្នុង​នោះ​។ក្រៅពី​នេះ​នៅក្នុង​អត្ថបទ​អំណាន​ក៏​យើង​នឹង​បង្ហាញ​ឱ្យ​សិស្ស​យល់​ពី​មេរៀន​ និង​ផល​ប៉ះពាល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​លុយ​ ឬខ្ចី​លុយ​គេ​មិន​មាន​ផែនការ​ដែល​នាំ​ឱ្យ​មាន​វិបត្តិ​បំណុល​វណ្ឌ​កផង​ដែរ​។ ជា​រួម​យើង​នឹង​ធ្វើការ​រៀបចំ​កម្មវិធី​អប់រំ​ ដោយ​បង្កប់​អត្ថន័យ​អប់រំ​នៅក្នុង​នោះ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ចេះ​រៀបចំផែនការ​ហិរញ្ញវត្ថុ​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​”។

    ឯកឧត្តម​ អុឹម​ កុច​ បាន​លើកឡើង​ផង​ដែរ​ថា​ក្រសួង​អប់រំ​នឹង​រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បណ្តុះបណ្តាល​ពី​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​ច្នៃប្រឌិត​សម្រាប់​កុមា​រតូចៗ​ឱ្យ​ចូលចិត្ត​រៀន​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ ម្យ៉ាងវិញទៀត​ នៅពេល​ពួកគេ​ធំឡើង​ គេ​ក៏អាច​នឹង​បង្កើត​ទម្លាប់​ល្អ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មនុស្សជា​ច្រើន​ និង​បន្ត​បន្តា​ប់​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​។ នៅពេល​ប្រជាជន​ម្នា​ក់ៗ​មាន​ជីវភាព​ប្រសើរ​ឡើង​ នោះ​សេដ្ឋកិច្ច​សង្គម​ ក៏​នឹង​ល្អ​ទៅតាម​នោះ​ដែរ​។

    លោកជំទាវ​ ច័ន្ទ​ សូ​រីយ៍​ រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី​បាន​លើកឡើង​ថា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​ ព្រោះ​បើ​ទោះបី​វា​មិនមែន​ជា​មធ្យោបាយ​តែមួយគត់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​ និង​ជីវភាពរស់នៅ​របស់​ស្ត្រី​ក៏ដោយ​ តែ​ជា​ចំណែក​សំខាន់​ ឬជា​ចំណុច​ចម្បង​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ទាំង​ផ្នែក​អាជីវកម្ម​ និង​ការរស់នៅ​ប្រចាំថ្ងៃ​។

    លោកជំទាវ​ ច័ន្ទ​ សូ​រីយ៍​ បាន​មានប្រសាសន៍​ថា​៖ “ការ​ដាក់បញ្ចូល​កម្មវិធី​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ និង​សហគ្រិន​ស្ត្រី​នេះ​ នឹងអាច​ធ្វើ​ឱ្យ​ស្ត្រី​នៅ​តាម​សហគមន៍​ និង​បណ្តាញ​ស្ត្រី​របស់ក្រ​សួង​កិច្ចការ​នារី​មានការ​យល់ដឹង​កាន់តែ​ច្រើន​ ដែល​អាច​ធ្វើ​ឱ្យ​គាត់​មាន​មធ្យោបាយ​ល្អ​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការប្រើ​ប្រាស់​ឥណទាន​ត្រឹមត្រូវ​”។

    លោកជំទាវ​រដ្ឋលេខាធិការ​បាន​លើកឡើង​ផង​ដែរ​ថា​ តាមរយៈ​គម្រោង​នេះ​ស្ត្រី​កម្ពុជា​នឹង​ទទួល​បានការ​ផ្តល់​តម្លៃ​កាន់តែ​ខ្លាំង​ព្រោះ​នៅពេល​ដែល​ស្ត្រី​មាន​លទ្ធភាព​ និង​សមត្ថភាព​កាន់​ខ្លាំង​ គាត់​នឹង​កាន់តែ​មាន​ភាព​សកម្ម​ក្នុង​តួនាទី​រក​ប្រាក់ចំណូល​ដែល​នាំ​ឱ្យ​មាន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ ដែល​នាំ​ឱ្យ​គាត់​មាន​ឥទ្ធិពល​កាន់តែ​ច្រើន​ក្នុង​ការចូលរួម​ចំណែក​ឱ្យ​សុខុមាលភាព​របស់​ពួកគេ​ និង​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​៕

  • NBC ចុះកិច្ចព្រមព្រៀងជាមួយធនាគារកណ្តាលកូរ៉េ

    NBC ចុះកិច្ចព្រមព្រៀងជាមួយធនាគារកណ្តាលកូរ៉េ

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េ (BOK-KPP) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តជាផ្លូវការនូវកម្មវិធី “ភាពជាដៃគូផ្តល់ចំណេះដឹង” ឆ្នាំ2017 សម្រាប់ការស្រាវជ្រាវរួមគ្នាលើប្រធានបទស្តីពី “ទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា”។

    ការស្រាវជ្រាវរួមគ្នានេះទទួលបានការគាំទ្រ និងឧបត្ថម្ភដោយកម្មវិធីភាពជាដៃគូផ្តល់ចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េ (BOK-KPP) ដែលនឹងផ្តល់ឱកាសឱ្យមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាបានសហការជាមួយអ្នកស្រាវជ្រាវនៃធនាគារកណ្តាលកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល (GMRI) របស់ប្រទេសកូរ៉េ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅពីទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា។

    ដើម្បីចាប់ផ្តើមគម្រោងនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការស្រាវជ្រាវរួមគ្នានៅឱកាសនោះផងដែរ។ ការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់ និងផ្សព្វផ្សាយលទ្ធផលនៅខែធ្នូ ឆ្នាំ2017 ខាងមុខ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក Soon Won Chung ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារកណ្តាលកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល។
    ការស្រាវជ្រាវនេះនឹងបង្កើនឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលនៅមានកម្រិតនៅឡើយ ជាពិសេសទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាស្ថិរភាពតម្លៃ។

    លទ្ធផលនៃការស្រាវជ្រាវនឹងក្លាយជាធាតុចំណូលយ៉ាងសំខាន់សម្រាប់ការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ លើសពីនេះការស្រាវជ្រាវនេះនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្រ្តីធនាគារជាតិនៃកម្ពុជាលើការវិភាគ និងការប្រើប្រាស់ម៉ូដែលសម្រាប់វាយតម្លៃ និងតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង៕

  • ធនាគារជាតិ ប្រកាសឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ការពារផលប្រយោជន៍អតិថិជន

    ធនាគារជាតិ ប្រកាសឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ការពារផលប្រយោជន៍អតិថិជន

    ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសថ្មីមួយស្តីពីការគ្រប់គ្រងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យ ការផ្តល់សេវាទូទាត់សងប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពក្នុងការការពារផលប្រយោជន៍អតិថិជន។

    សេចក្តីប្រកាសនេះ មានគោលបំណងផងដែរដើម្បីធានាភាពរឹងមាំនៃសេវាទូទាត់សងប្រាក់ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញការប្រកួតប្រជែងលើកកម្ពស់គំនិតច្នៃប្រឌិត និងផ្តល់ជំនឿទុកចិត្តដល់សាធារណជនដែលប្រើប្រាស់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

    ទោះជាយ៉ាងនេះក្តីសេចក្តីប្រកាសថ្មីនេះ មិនមានវិសាលភាពគ្រប់ដណ្តប់ទៅលើចំណុចមួយចំនួននោះទេដែលក្នុងនោះរួមមាន ៖
    1. ការផ្តល់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទ្រទ្រង់សេវាកម្ម ទូទាត់សងប្រាក់ ដោយមិនពាក់ព័ន្ធក្នុងការរក្សាទុកមូលនិធិ ការរក្សាទុក និងដំណើរការទិន្នន័យ បរធនបាលកិច្ច និងការរក្សាការសម្ងាត់ ការបញ្ជាក់អត្តសញ្ញាណ និងទិន្នន័យ ប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍ ការថែរក្សាទីតាំង និងឧបករណ៍សម្រាប់សេវាទូទាត់សងប្រាក់។
    ចំពោះប្រតិបត្តិការទូទាត់សងប្រាក់ដែលប្រើទីតាំងគ្រឹះស្ថានធនាគារស្រាប់ តែប្រតិបត្តិការផ្ទេរប្រាក់ និងទទួលបញ្ជាផ្ទេរប្រាក់ត្រូវស្ថិតក្រោមវិសាលភាពប្រកាសស្តីពី «អ្នកដំណើរការតតិយភាគី»។

    2. សេវាផ្អែកលើឧបករណ៍ទូទាត់ជាក់លាក់ ដែលអាចប្រើប្រាស់បាននៅក្នុងកម្រិតកំណត់ណាមួយ និងឧបករណ៍ដែលអាចទូទាត់ទំនិញ ឬសេវាកម្មតែនៅក្នុងទីតាំងរបស់គ្រឹះស្ថាន ចេញផ្សាយ ឬនៅក្នុងតែបណ្តាញទីតាំងរបស់គ្រឹះស្ថានដែលចេញ។

    សូមបញ្ជាក់ថា អ្នកប្រើប្រាស់សេវាទូទាត់សងប្រាក់ សំដៅទៅលើរួបវន្តបុគ្គល ឬនីតិបុគ្គល ដែលប្រើប្រាស់សេវាទូទាត់សងប្រាក់ ដូចជាអ្នកសងប្រាក់ និងអ្នកទទួលប្រាក់ ឬអ្នកទាំងពីរ៕

  • ស្ថាប័នចំនួន 2 រួមគ្នាប្រឆាំងការលាងប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

    ស្ថាប័នចំនួន 2 រួមគ្នាប្រឆាំងការលាងប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

    ភ្នំពេញៈ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានយល់ព្រមធ្វើកិច្ចសហការជាមួយគ្នា ក្នុងការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

    អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នរដ្ឋទាំង2នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមស៊ូ សុជាតិ ប្រធានគណៈកម្មការមូលបត្រកម្ពុជា ជាមួយលោកជំទាវសាយ សំអាតអគ្គលេខាធិការអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី13 មិថុនាកន្លងមកនេះ។

    យោងតាមសេចក្តីប្រកាសព័ត៌មានរវាងស្ថាប័នទាំងពីរបានឲ្យដឹងថា គោលដៅនៃកិច្ចសហការរវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជានេះមានគោលបំណងដើម្បីរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងស្វែងរក និងទប់ស្កាត់ ព្រមទាំងលុបបំបាត់ និងស៊ើបអង្កេតលើករណីលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដោយអនុវត្តស្របតាម តួនាទី និងភារកិច្ចរបស់អាជ្ញាធរទាំង2 ស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

    អនុស្សរណៈនៃការយោគយល់នេះ គឺជាយន្តការដ៏មានសារៈសំខាន់ និងបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ស្តីពីការផ្លាស់ប្តូរព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានរបស់បុគ្គល ឬអង្គភាព និងស្ថាប័នពាក់ព័ន្ធនឹងសកម្មភាពលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម៕