Tag: ធនាគារជាតិ

  • ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។

    តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។

    ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។

    លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏​បាន​អំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង។ លោកជំទាវថ្លែងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។

  • ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla លោក Elon Musk ​រក​បាន​ 96.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ម្ចាស់​ក្រុមហ៊ុន Meta លោក Mark Zuckerberg រកបាន 59 ពាន់​លាន​ដុល្លារ។

    នៅក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2023 មនុស្ស​ចំនួន 500 នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក រកបាន​ប្រាក់​សរុប 852 ពាន់​លាន​ដុល្លារ។ បើ​គិត​ជា​មធ្យមភាគ មនុស្ស​ម្នាក់​រកបាន 14 លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។ នេះ​គឺជា​កំណើន​​ពាក់​កណ្ដាល​​ឆ្នាំ​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់ពី​ចុងឆ្នាំ 2020 ជា​ពេលដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ងើប​ឡើងវិញ​ក្រោយ​សម័យ​កូ​វីដ។ នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg Billionaires Index។

    បណ្ដា​មហាសេដ្ឋីប្រាំ​រូប​​ដែលមាន​ទ្រព្យ​កើនឡើង​រហ័ស​ជាងគេ​លើ​ពិភពលោកនៅ​ 6 ខែ​ដើម​ឆ្នាំ​នេះ​ រួមមាន Elon Musk (96.6 ពាន់​លាន​ដុល្លារ), Mark Zuckerberg (58.9 ពាន់​លាន​ដុល្លារ), Jeff Bezos (47.4 ពាន់​លាន​ដុល្លារ), Larry Ellison (40.8 ពាន់​លាន​ដុល្លារ) និង Bernard Arnault (38.2 ពាន់​លាន​ដុល្លារ)។

    មូលហេតុ​ចម្បង​ដែល​បាន​ជួយ​ឱ្យ​ក្រុម​មហាសេដ្ឋី​ខាងលើ​រកបាន​ប្រាក់​ច្រើន និង​រហ័ស​ជាងគេ គឺ​មកពីផ្សារ​ហ៊ុន​ងើបឡើងវិញ នៅពេល​អ្នកវិនិយោគ​លែង​ខ្វល់​អំពី​ផលប៉ះពាល់​ពី​ការដំឡើង​ការប្រាក់​របស់​បណ្ដា​ធនាគារជាតិ ក៏ដូចជា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​ធនាគារ​នៅ​សហរដ្ឋ​អាម៉េរិក៕

  • ធនាគារជាតិនៃកម្ពុជា​ សាកល្បង​កម្មវិធី​បង់ប្រាក់​ចល័ត​ថ្មី​

    ធនាគារជាតិនៃកម្ពុជា​ សាកល្បង​កម្មវិធី​បង់ប្រាក់​ចល័ត​ថ្មី​

    ធនាគារជាតិនៃកម្ពុជា​បាន​ប្រកាស​ថា​ កំពុង​ធ្វើ​តេ​ស្ត​ប្រព័ន្ធ​កម្មវិធី​បង់ប្រាក់​ចល័ត​ដែលគេ​ឱ្យឈ្មោះ​ថា​“ប្រព័ន្ធ​បាគង​” (Bakong​) ដោយ​យោង​តាម​ធនាគារ​កណ្តាល​ ប្រព័ន្ធ​ថ្មីនេះ​នឹង​ជួយ​សម្រួល​ដល់​ការផ្ទេរ​ប្រាក់​ និង​ការ​បង់ប្រាក់​(នៅ​ទូទាំង​ប្រទេស​) ស្រប​ពេល​ដែល​មានការ​បង្កើន​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​។

    ធនាគារជាតិនៃកម្ពុជា​បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖“គម្រោង​នេះ​មាន​គោលបំណង​ផ្តល់​សេវា​ធនាគារ​ទៅដល់​តំបន់​ដែល​មិន​មាន​ធនាគារ​ ជាពិសេស​នៅ​តំបន់ជនបទ​”។ ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ទៀត​ថា​៖ “ប្រព័ន្ធ​នេះ​មាន​សុវត្ថិភាព​ងាយស្រួល​ ឆាប់រហ័ស​ និង​មិន​គិតថ្លៃ​ ដោយ​បាន​កត់សម្គាល់​ថា​ ប្រព័ន្ធ​នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិនៃកម្ពុជា​ផ្ទាល់​។ ”ប្រព័ន្ធ​ Bakong​» គឺជា​សេវា​ផ្ទេរ​ប្រាក់​តាម​ម៉ាស៊ីន​ដែល​មានស្រាប់​ និង​អាច​រកបាន​សម្រាប់​អតិថិជន​លក់រាយ​របស់​ធនាគារ​ដែល​ចូលរួម​នៅក្នុង​ប្រទេស​កម្ពុជា​”។

    “ប្រព័ន្ធ​បាគង​”ជា​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ Download​ យក​ពី​ក្នុង​ទូរស័ព្ទ​ Smart​ Phone​ មក​ប្រើប្រាស់​ដោយ​បំពេញ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​កម្មវិធី​។ បន្ទាប់ពី​បង្កើត​រួចរាល់​យើង​ទៅ​រក​ធនាគារ​ដែល​ជា​ដៃគូ​ជាមួយនឹង​ប្រព័ន្ធ​បាគង​នេះ​ ដោយ​ប្រាប់​ភ្នាក់ងារ​ធនាគារ​ថា​ ចង់​ដាក់បញ្ចូល​លុយ​ក្នុង​ប្រព័ន្ធ​បាគង​ នោះ​ខាង​ធនាគារ​ជា​ដៃគូ​នឹង​ដាក់​បញ្ចូល​ប្រាក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បាគង​ ដោយ​ប្រើប្រាស់​បាន​ទៅតាម​ប្រព័ន្ធ​ QR​ Code​ ទៅតាម​ទីកន្លែង​ណា​ដែល​បញ្ជាក់​ថា​ មាន​ប្រើប្រាស់​ប្រព័ន្ធ​បាគង​។

    សូមជម្រាប​ថា​ លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​ប្រជុំ​ជាមួយ​គណៈកម្មការ​ទូទាត់​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​តំណាង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ ដើម្បី​ពិភាក្សា​អំពី​គម្រោង​បាគង​ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ធនាគារជាតិនៃកម្ពុជា​ពាក់ព័ន្ធ​នឹង​ករណី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​សម្រាប់​ប្រតិបត្តិ​ការ​ទូទាត់​អន្តរ​ធនាគារ​។ជាក់ស្តែង​ ការ​លេចចេញ​ជារូបរាង​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​កម្មវិធី​“ប្រព័ន្ធ​បាគង​” NBC​ បាន​សហការ​ជាមួយ​ធនាគារ​ជា​ដៃគូ​ចំនួន​ 4ដំបូង​គេ​រួមមាន​ធនាគារ​អេ​ស៊ី​លីដា​ ធនាគារ​ FTB​ ធនាគារ​វឌ្ឍន​: និង​ធនាគារ​ឯក​ទេ​សវីង​។

    នៅក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ “ប្រព័ន្ធ​បាគង​” ត្រូវ​បាន​គូសបញ្ជាក់​ថា​ គឺជា​ដំណើរ​វឌ្ឍនភាព​ក្នុង​យុគសម័យ​ថ្មី​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ធនាគារជាតិនៃកម្ពុជា​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ការ​ដាក់​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ Blockchain​ ដ៏​ទំនើប​ចុងក្រោយ​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការ​ធ្វើ​ និង​ជំ​រុ​ញប​រិយា​ប័ន្នហិរញ្ញវត្ថុ​សំដៅ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។

    ធនាគារជាតិនៃកម្ពុជា​បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឱ្យ​ផ្ទេរ​ប្រាក់​រៀល​ ឬដុល្លារ​អាមេរិក​“អ្នកប្រើ​លែង​ត្រូវការ​ស្គាល់​តួលេខ​ច្រើន​នៃ​គណនី​ធនាគារ​របស់​អ្នកទទួល​ទៀតហើយ​ ដោយ​ឥឡូវនេះ​ពួកគេ​អាច​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​ទៅ​លេខទូរស័ព្ទ​របស់​ពួកគេ​ ឬស្គែ​នកូដ​ QR​ តាមរយៈ​កម្មវិធី​ ប្រព័ន្ធ​បាគង​ ឬតាម​រយៈ​សេវាកម្ម​ធនាគារ​ផ្សេងទៀត​ ដែល​ផ្តល់​ដោយ​ធនាគារ​សមាជិក​។ វា​ឥតគិតថ្លៃ​ និង​អាច​ប្រើ​បាន​ 24​/7ក្នុងរយៈពេល​ 365​ ថ្ងៃ​”។

    លោកស្រី​ សូ​ផន​ ណា​រី​ នាយិកា​រង​ប្រតិបត្តិ​របស់​ធនាគារ​អេ​ស៊ី​លីដា​ បាន​ប្រាប់​ថា​ ប្រព័ន្ធ​ថ្មីនេះ​ស្រដៀង​ទៅ​នឹង​កាបូប​ឌីជីថល​របស់​ធនាគារ​អេ​ស៊ី​លីដា​។លោកស្រី​បាន​និយាយ​ថា​ កម្មវិធី​ Toan​ Chet​ របស់​អេ​ស៊ី​លីដា​មាន​ឈ្មួញ​ប្រហែល​ 20​%ដោយមាន​អតិថិជន​ជាង​ 980.000​ នាក់​ ទទួលយក​ការ​ទូទាត់​តាម​រយៈ​កម្មវិធី​។ ពោល​ជាមធ្យម​មាន​ 69,671ប្រតិបត្តិ​ការ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​កម្មវិធី​រៀងរាល់ថ្ងៃ​ជាមធ្យម​ 17,740,211ដុល្លារ​ក្នុង​ 1ថ្ងៃ​។

    លោកស្រី​បាន​មានប្រសាសន៍​ថា​៖“យើង​នឹង​ភ្ជាប់​ប្រព័ន្ធ​របស់​យើង​ គឺ​អេ​ស៊ី​លីដា​ទាន់ចិត្ត​ Toan​ Chet​ ទៅ​នឹង​ ”ប្រព័ន្ធ​បាគង​” ដែល​កម្មវិធី​នេះ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​យើង​ផ្ទេរ​ប្រាក់​តាមរយៈ​ប្រព័ន្ធ​បាគង​។ វា​មិនមែន​ជា​កម្មវិធី​នៃ​ការប្រកួត​ប្រជែង​នោះ​ទេ​ គឺ​បាគង​បាន​នាំ​ធនាគារ​ទាំងអស់​មក​ជាមួយគ្នា​ ដោយ​និយាយ​អំពី​ការ​តភ្ជាប់​គ្នា​ និង​ធ្វើការ​ជាមួយគ្នា​”។

    កាលពី​ខែកុម្ភៈ​ ធនាគារ​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ និង​ថៃ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ (MOU​) ដើម្បី​បង្កើត​ប្រព័ន្ធ​ទូទាត់​ដែល​មាន​មូលដ្ឋាន​លើ​កូដ​ QR​ ។ យោង​តាម​ តំណាង​ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ទូទាត់​នា​ពេល​ខាងមុខ​មានបំណង​សម្រួលការ​ផ្លាស់​ប្តូរ​ឆ្លងកាត់​ព្រំដែន​ក្នុង​រូបិយប័ណ្ណ​ក្នុង​ស្រុក​។

    កាលពី​ខែមិថុនា​ ធនាគារជាតិនៃកម្ពុជា​បាន​ប្រកាស​ថា​ ធនាគារ​ក្នុង​ស្រុក​ចំនួន2​ និង​ធនាគារ​ ថៃ​មួយ​បាន​ចូលរួម​ជាមួយ​ប្រព័ន្ធ​ទូទាត់ប្រាក់​តាម​ QR​ ដែល​ធនាគារ​កណ្តាល​កំពុង​អភិវឌ្ឍ​ជាមួយ​ ប្រទេស​ថៃ​។ ធនាគារ​នេះ​បានឱ្យ​ដឹង​ថា​ ធនាគារ​ FTB​ ធនាគារ​អេ​ស៊ី​លីដា​ និង​ធនាគារពាណិជ្ជ​ Siam​ Com​ mercial​ Bank​(SCB​) នឹង​ក្លាយជា​ធនាគារ​ឧបត្ថម្ភ​ក្នុង​គម្រោង​នេះ​៕

  • NBC ព្រមានដកអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលមិនគោរពតាមការណែនាំ

    NBC ព្រមានដកអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលមិនគោរពតាមការណែនាំ

    ធនាគារជាតិនៃកម្ពុជា(NBC) បានចេញសេចក្តីជូនដំណឹងចុងក្រោយមួយ ដោយព្រមានទៅលើម្ចាស់ស្ថានប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយណាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ខ្លួន។

    សេចក្តីជូនដំណឹងដែលគេហទំព័រព័ត៌មាន កាសែត ឡារ៉ែន ទទួលបាននៅថ្ងៃទី24 ខែឧសភា ឆ្នាំ2017នេះបានឱ្យដឹងថា កន្លងមកធនាគារជាតិនៃកម្ពុជាធ្លាប់បានជូនដំណឹងអំពីការហាមឃាត់ទទួលបញ្ចាំអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការផ្តល់ឥណទានរួចមកហើយ ប៉ុន្តែធនាគារជាតិនៃកម្ពុជានៅតែសង្កេតឃើញថា គ្រឹះស្ថានធនាគារ និងប្រតិបត្តិករឥណទានជនបទមួយចំនួននៅតែអនុវត្តមិនទាន់បានពេញលេញតាមសេចក្តីជូនដំណឹងខាងលើនេះឡើយ។

    ហេតុនេះធនាគារជាតិនៃកម្ពុជាសូមធ្វើការក្រើនរំឭកទៅដល់គ្រឹះស្ថានទាំងអស់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាលេខធ៧.០១៦.២១០សជណ ចុះថ្ងៃទី11 ខែមីនា ឆ្នាំ2016 ឱ្យបានពេញលេញនឹងម៉ឺងម៉ាត់។ ក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទណានៅតែបន្តសកម្មភាពនិងមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្តីជូនដំណឹងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងនោះនឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅរកការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតចុះបញ្ជី ឬបញ្ឈប់សកម្មភាពអាជីវកម្ម ស្របតាមមាត្រា 52 និង56 នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាធរមាន៕