Tag: ទ្រព្យ

  • Cristiano Ronaldo ចង់​មាន​ក្លឹប​បាល់ទាត់​មួយ​នឹង​គេ នៅពេល​ចូល​និ​វត្តន៍​

    Cristiano Ronaldo ចង់​មាន​ក្លឹប​បាល់ទាត់​មួយ​នឹង​គេ នៅពេល​ចូល​និ​វត្តន៍​

    កំពូល​តារាបាល់ទាត់ជន​ជាតិ​​ព័រទុយហ្កាល់ Ronaldo និយាយថា នឹង​លេង​យ៉ាងយូរ​បី​រដូវ​កាល​ទៀត មុនពេល​ចូលនិវត្តន៍ និង​ទិញ​ក្លឹប​បាល់ទាត់​មួយ​នឹង​គេ។

    «តាំងពី​ច្រើន​ឆ្នាំ​មកហើយ​ដែល​ខ្ញុំ​ចង់​មាន​កីឡាករ​បាល់ទាត់​មួយក្រុម។ ខ្ញុំ​កំពុង​តែមាន​ជំនឿ​ចិត្ត​លើ​រឿងនេះ។ ខ្ញុំ​នឹងត្រូវ​មើល​ឱ្យដឹង​ច្បាស់​ថា តើ​ពានរង្វាន់ និង​ក្រុមបាល់ទាត់​នឹង​ប្រែប្រួល​យ៉ាងណា មុននឹង​សម្រេចចិត្ត​វិនិយោគ» Ronaldo និយាយ​ដូច្នេះ​នៅក្នុង​ពិធី​សម្ពោធ​យីហោ​ភេសជ្ជៈ​មួយ​កាលពី​ព្រលប់​ថ្ងៃទី 07 មិថុនា។

    CR7 បន្ថែមថា អាជីព​កីឡាករ​បាល់ទាត់​របស់​គាត់​នឹងត្រូវ​បញ្ចប់​ក្រោយ​រយៈពេល​ពីរ ឬ​បី​ឆ្នាំ​ទៀត និង​បន្ត​ថា «…ដូច្នេះហើយ​ទើប​ខ្ញុំ​ចាប់ផ្ដើម​គិតដល់​អនាគត និង​ការវិនិយោគ»។

    យោងតាម​ទំព័រ Goal ទ្រព្យសម្បត្តិ​របស់ Ronaldo គិត​ត្រឹម​ខែមករា 2023 គឺ​ប្រហែល 500 លាន​ដុល្លារ​អាម៉េរិក។ តួលេខ​នេះ​អាច​កើនឡើង​ច្រើន​បន្ថែមទៀត ដោយសារ​កីឡាករ​រូបនេះ​កំពុង​ទទួលបាន​បៀវត្សរ៍​ជាង 200 លាន​ដុល្លារ/ឆ្នាំ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។ ថ្មីៗនេះ CR7 ក៏បាន​វិនិយោគ​ទៅ​​លើ​យីហោ​ទំនិញ​ជាច្រើន​ផងដែរ។

    មកដល់​បច្ចុប្បន្ន អតីត​កីឡាករ​បាន​ក្លាយជា​ម្ចាស់​ក្លឹប​បាល់ទាត់​គឺជា​រឿង​លែង​ចម្លែក​ទៀតហើយ។ David Beckham ពេលនេះ​គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ Inter Miami ជា​ក្លឹប​ដែល​ទើបតែ​ទាក់ទាញ​​​បាន Messi។ ក្រៅពីនេះ​ក៏​នៅមាន​អតីត​កីឡាករ​ជាច្រើន​ផ្សេងទៀត បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លឹប​មួយចំនួន មានដូចជា Ronaldo Nazario (ក្លឹប Real Valladolid), Paolo Maldini (ក្លឹប Miami FC) និង Didier Drogba (ក្លឹប Phoenix Rising)។

    ទន្ទឹម​នឹង​នេះ ​អតីត​កីឡាករ​របស់ Man Utd ដែល​រួមមាន Ryan Giggs, Paul Scholes, Gary Neville, Phil Neville និង Nicky Butt ក៏​បាន​ក្លាយ​ជា​ម្ចាស់​ក្លឹប Salford City ដែល​លេង​នៅឯ​ពានរង្វាន់​លំដាប់​លេខ​បួន EFL League Two របស់​អង់គ្លេស៕

  • វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    តំណាង​​រាស្ត្រ​ច្រើន​រូប​នៅ​សភា​បូលីវី វាយតប់ បោចសក់​គ្នា​នៅក្នុង​សភា​នៅ​ពេល​តំណាង​រដ្ឋាភិបាល​វាយ​ការណ៍​អំពី​ការ​ដាក់​ពន្ធនាគារ​ចំពោះ​អតីត​អភិបាល​​មួយ​រូប​។

    រដ្ឋមន្ត្រី​ Eduardo del Castillo កាល​ពី​ថ្ងៃទី 23 ឧសភា ត្រូវ​បាន​សភា​បូលីវី​កោះហៅ​ឱ្យ​ចូល​មក​រាយការណ៍​អំពី​ករណីលោក​​ Luis Fernando Camacho អតីត​អភិបាល​​តំបន់ Santa Cruz និង​ជា​អ្នក​នយោបាយ​ដ៏ល្បី​ឈ្មោះ​របស់​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ 12 ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​។

    លោក Castillo ការ​ពារ​សេចក្ដីសម្រេច​ចំពោះ​ការ​កាត់​ទោស​អតីត​អភិបាល​ Camacho ព្រម​ទាំង​បាន​រិះ​គន់​ថា​ ក្រុម​តំណាង​រាស្ត្រ​បក្ស​របស់​លោក Camacho ជា​ «ក្រុម​ជ្រុល​និយម លួច​ប្លន់ ហិង្សា ចូល​ចិត្ត​រឹប​អូប​ទ្រព្យ​​របស់​ប្រជាជន​បូលីវី»។

    ​ពេល​លោក Castillo កំពុងនិយាយ​ តំណាង​រាស្ត្រ​មួយ​ក្រុម​របស់​បក្ស​ប្រឆាំង​ នាំ​គ្នា​លើក​បដា​​ប្រឆាំង​នឹង​ការ​ដាក់​ទោស​លើ​លោក Camacho អម​នឹង​អក្សរមួយ​ឃ្លា «រដ្ឋមន្ត្រី​ភេរវកម្ម»។ ក្នុង​ពេល​តំណាង​រាស្ត្រ​មួយ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ព្យាយាម​ដណ្ដើម​យក​បដា ភ្លាម​នោះ​ តំណាង​រាស្ត្រ​ប្រហែល​ 20 នាក់​ ភាគ​ច្រើន​ជា​ស្ត្រី ក៏​​ចូល​ទៅ​វាយ​តប់​ និង​បោច​សក់​គ្នា​ក្នុង​សភា។

    ប៉ុន្មាន​នាទី​ក្រោយ​មក ហេតុ​ការណ៍​វាយ​តប់​គ្នា​ក៏បាន​បញ្ចប់​នៅ​ពេល​ក្រុម​តំណាង​រាស្ត្រ​ជា​បុរស​ចូល​ធ្វើ​អន្តរាគមន៍​។ ក្នុង​ហេតុ​ការណ៍​នេះ​ពុំ​មាន​អ្នក​រង​របួសធ្ងន់​ធ្ងរ​​នោះ​ទេ​។

    នេះ​គឺជា​ហេតុការណ៍​ថ្មី​បំផុត​ដែល​បង្ហាញ​អំពី​ស្ថានការណ៍​ប្រកាន់​បក្ស​ពួក​ក្នុងរឿង​នយោបាយ​នៅ​ ​បូលីវី​ ជា​ប្រទេស​ដែល​បក្ស​ប្រឆាំង​ប្រកាស​ថា សកម្មជន​បក្ស​ប្រឆាំង​ប្រហែល 180 នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​។

    រដ្ឋាភិបាល​របស់​ប្រធានាធិបតី Luis Arce បាន​ចោទ​ប្រកាន់​សកម្មជន​ទាំង​នោះ​ថា បាន​គាំទ្រ​រដ្ឋប្រហារ​ប្រឆាំង​អតីត​ប្រធានាធិបតី​​ Evo Morales កាល​ពី​ឆ្នាំ 2019 និង​ជួយ​ឱ្យលោក​ស្រី Jeanine Anez អ្នក​នយោបាយ​ស្ដាំនិយម​ឡើង​កាន់​អំណាច​។

    យោង​តាម AFP លោក Arce ធ្លាប់​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​សម័យ​ប្រធានាធិបតី Morales និង​ត្រូវ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ម៉ិកស៊ិក នៅ​ពេល​លោក Morales ត្រូវ​បាន​ផ្ដួល​រំលំ​។ ក្រោយ​មក លោក Arce ក៏​បាន​ត្រលប់​មក​ប្រទេស​ និង​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​បូលីវី​កាល​ពី​ឆ្នាំ 2020​ គ្រា​ដែល​លោក​ស្រី Anez ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៕

  • ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ឬប្រៀបធៀបកូនជាមួយបងប្អូនឯង និងសាច់ញាតិ រឿងទាំងអស់នេះជារឿងដែលមនុស្សជាច្រើនត្រូវប្រឈម ជឿថា រូបលោកអ្នកខ្លួនឯងក៏ធ្លាប់ឆ្លងកាត់ហេតុការណ៍បែបនេះមកដូចគ្នា តែក៏នៅតែអត់មិនបានដែលចង់តែប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ ដូចជា កូនផ្ទះនោះ មិនឃើញគេឌឺរឹងសោះ ឬកូនផ្ទះនោះ ហេតុអីបានគេរៀនពូកែម្ល៉េះ? ជាដើម។ ភាគច្រើនទៅ ការប្រៀបធៀបកូនរបស់ឪពុកម្ដាយ ច្រើនតែកើតពីការនឹករំពឹងលើរូបកូនខ្លាំងពេក រហូតក្លាយជាការដាក់សម្ពាធទៅលើកូន ធ្វើឱ្យកូនកើតក្ដីតានតឹងធុញថប់ និងចុងក្រោយក្លាយជាក្មេងមានបញ្ហា…។ តើឪពុកម្ដាយដឹងទេថា ការប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃនេះ មានចំណុចមិនល្អយ៉ាងណាខ្លះ?

    1 . បន្ថែមការប្រកួតប្រជែងដល់បងប្អូនឯង ៈ បើឪពុកម្ដាយប្រៀបធៀបកូនជាមួយបងប្អូនឯង វានឹងក្លាយជាការជំរុញឱ្យក្មេងកើតការប្រកួតប្រជែងគ្នា កើតការចំអកឡកឡាយ រួមទាំងការប្រព្រឹត្តខ្លួនច្រងេងច្រងាង ឬអួតអាងដាក់គ្នាទៀតផង។

    2 . កើតបញ្ហានាពេលអនាគត ៈ នៅពេលក្មេងត្រូវបានប្រៀបធៀប មិនថាតែជាមួយបងប្អូនឯង ឬរវាងសាច់ញាតិនោះទេ វានឹងធ្វើឱ្យក្មេងមានអារម្មណ៍មិនជឿជាក់ក្នុងចិត្ត កើតការព្រងើយកន្តើយនឹងគ្នា និងអាចនាំទៅរកបញ្ហាខាងផ្នែកទង្វើ រួមទាំងវិវឌ្ឍនាការនាពេលអនាគតទៀតផង។

    3 . បង្អាក់សមត្ថភាពរបស់ក្មេង ៈ ឪពុកម្ដាយខ្លះអាចគិតថា បើយើងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចជាការជួយឱ្យកូនមានភាពក្លៀវក្លាស្វាហាប់ និងឧស្សាហ៍ព្យាយាមខ្លាំងឡើង តែការពិតវិញ អាចហុចផលផ្ទុយគ្នា គឺនៅពេលក្មេងបង្ហាញសមត្ថភាពចេញមក តែឪពុកម្ដាយបែរជាមើលរំលងសមត្ថភាពដែលកូនមាន និងគិតតែពីប្រៀបធៀបឥតឈប់ ទីបំផុត កូននឹងលែងមានភាពជឿជាក់ក្នុងចិត្ត និងលែងចង់បង្ហាញសមត្ថភាពដែលខ្លួនឯងមាន ដែលអាចនឹងធ្វើឱ្យកូនបាត់បង់សក្ដានុពលដែលមាននោះបាន។

    ឪពុកម្ដាយត្រូវយល់ដឹងជាមុនសិន មុននឹងចង់ប្រៀបធៀបកូនជាមួយអ្នកដទៃ

    1 . ក្មេងម្នាក់ៗមានគំនិត និងសមត្ថភាពផ្សេងៗពីគ្នា ៈ ឪពុកម្ដាយត្រូវព្យាយាមស្ដាប់កូនខ្លះ ត្រូវយល់ពីគំនិត ចំណូលចិត្ត និងឯកលក្ខណៈរបស់កូនម្នាក់ៗ។ ឪពុកម្ដាយត្រូវទុកឱកាសឱ្យកូនបានសម្រេចចិត្តដោយខ្លួនឯង ដោយយើងគ្រាន់តែធ្វើជាអ្នកនៅចាំណែនាំ និងផ្ដល់ការប្រឹក្សាប៉ុណ្ណោះ។

    2 . កូនមិនមែនជាគ្រឿងតុបតែងលម្អរបស់ឪពុកម្ដាយទេ ៈ ឪពុកម្ដាយខ្លះអាចគិតថា កូនគឺជាទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ ឪពុកម្ដាយចង់ធ្វើអ្វីជាមួយកូនក៏បាន និងគិតថាកូន គឺជាមុខមាត់កិត្តិយសរបស់ឪពុកម្ដាយនៅក្នុងបរិស្ថានសង្គម ក្នុងសាច់ញាតិ ឬសូម្បីតែក្នុងចំណោមមិត្តភក្តិទៀតផង។ គំនិតទាំងនេះប្រៀបដូចជាការយកប្រៀបលើកូនរបស់លោកអ្នកដូច្នោះដែរ ព្រោះគំនិតបែបនេះអាចបំផ្លាញជីវិតកូនក៏អាចថាបានដែរ។

    3 . ការសិក្សាជារឿងដែលល្អ តែគួរមានរឿងផ្សេងៗផង ៈ ការរៀនសូត្រលើរឿងដែលល្អបំផុតដែលឪពុកម្ដាយអាចផ្ដល់ឱ្យកូនបាន ធ្វើឱ្យឪពុកម្ដាយជាច្រើនសុខចិត្តអស់លុយអស់កាក់លើថ្លៃរៀនសូត្រដ៏ថ្លៃរបស់កូន ដើម្បីឱ្យកូនទទួលបាននូវអ្វីដែលល្អបំផុត

    តែឪពុកម្ដាយក៏កុំភ្លេចបង្ហាត់បង្រៀនកូនឱ្យស្គាល់ និងចេះទទួលខុសត្រូវ រួមទាំងការពឹងលើខ្លួនឯងផង ដែលគុណសម្បត្តិទាំងនេះនឹងជួយឱ្យកូនអាចធ្វើការងារបានយ៉ាងរលូនល្អនាពេលអនាគត។

    តើឪពុកម្ដាយគួរជំរុញកូនយ៉ាងណាឱ្យធ្វើតាមក្ដីនឹករំពឹង?

    1 . គាំទ្រកូនចំពោះអ្វីដែលកូនកំពុងធ្វើ ៈ បើឪពុកម្ដាយមើលឃើញថា កូនចាប់អារម្មណ៍លើអ្វីមួយនោះ ឪពុកម្ដាយអាចក្នុងការជួយជំរុញឱ្យកូនទៅតាមផ្លូវដែលកូនចូលចិត្តបាន ដោយផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ដែលមានទាំងអស់ដល់កូន ព្រោះរឹតតែក្មេងអាចស្វែងរកខ្លួនឯងឃើញបានកាន់តែឆាប់ប៉ុនណា រឹតតែធ្វើឱ្យក្មេងមានឱកាសក្នុងការទទួលជោគជ័យខ្លាំងជាងអ្នកដទៃប៉ុននោះដែរ។

    2 . យល់ពីកូនឱ្យបានច្រើន ៈ ឪពុកម្ដាយកុំតាំងសេចក្ដីសង្ឃឹមខ្ពស់ហួសការពិតខ្លាំងពេក ត្រូវព្យាយាមស្វែងយល់អំពីកូនថា តើពេលនេះកូនរបស់លោកអ្នកមានសក្ដានុពល និងសមត្ថភាពប៉ុនណា? និងត្រូវព្យាយាមរុញច្រានក្នុងរឿងដែលគេចាប់អារម្មណ៍នោះឱ្យខ្លាំងទើបជាការប្រសើរ។

    3 . កោតសរសើរកូនក្នុងរឿងដែលគេពូកែ ៈ ពេលកូនបានធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត ឬមានជំនាញ(ដែលម្នាក់ៗប្រាកដជាថ្នឹក ឬជំនាញមិនដូចគ្នាស្រាប់ទៅហើយ) ឪពុកម្ដាយគួរតែកោតសរសើរកូនយ៉ាងពេញទំហឹង ព្រោះនឹងធ្វើឱ្យកូនកើតមានភាពជឿជាក់លើខ្លួនឯង និងចង់ធ្វើវាឱ្យរឹតតែល្អខ្លាំងឡើងទៀតផង។

    4 . បង្រៀនកូនឱ្យខំប្រឹងយកឈ្នះលើអ្វីដែលគេមិនសូវពូកែ ៈ មនុស្សគ្រប់រូបមានទាំងរឿងដែលខ្លួនឯងពូកែ និងមិនពូកែ ហើយមនុស្សជាច្រើនតែងតែជ្រើសរើសបោះបង់ចោលនូវអ្វីដែលខ្លួនមិនពូកែ ដោយសារតែគិតថា ធ្វើតទៅទៀតក៏មិនបានល្អដែរ…ដូច្នេះបើឪពុកម្ដាយដឹងថា កូនមានចំណុចខ្សោយត្រង់ណា ឬរឿងណាដែលមិនពូកែ ឪពុកម្ដាយគួរព្យាយាមបង្រៀនឱ្យកូនយកឈ្នះលើរឿងនោះឱ្យបាន ទោះជាលំបាកប៉ុនណាក៏ដោយ ព្រោះវាមិនប្រាកដដែរ ផ្ដើមពីចំណុចខ្សោយដែលកូនមានអារម្មណ៍ថាអន់នោះ វាអាចក្លាយជារឿងដែលកូនចូលចិត្តនាពេលអនាគត ក៏អាចថាបានដែរ៕

  • Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​

    កំពូល​តារាបាល់​ទាត់​ Cristiano Ronaldo រក​បាន​ប្រាក់​ពី​បណ្ដាញ​សង្គម​ Instagram ច្រើន​ជាង​ពី​ក្លិប​បាល់​ទាត់​ Juventus ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ​2019​។

    សារ​ព័ត៌មាន​ Business Insider បាន​ចេញ​ផ្សាយ​ថា Ronaldo រក​បាន​47.8​លាន​ដុល្លារ​ពី​អត្ថបទ​ផ្សាយ​ពាណិជ្ជ​កម្ម​នៅលើ​បណ្ដាញ​សង្គម​ Instagram។ កីឡាករ​បាល់​ទាត់​រូប​នេះ​ បាន​ក្លាយជា​អ្នក​មាន​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ក្នុង​ឆ្នាំ​2019​។ អត្ថបទ​ផ្សាយ​ពាណិជ្ជ​កម្ម​1អត្ថបទរបស់​ Ronaldo ​ដែល​បង្ហោះ​នៅ​លើ​ Instagram មាន​តម្លៃ​ជា​មធ្យម 975,000ដុល្លារ​អាមេរិក​។

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​ក្លិប​ Juventus ក៏​ត្រូវ​ចំណាយ​65​លាន​ដុល្លារ​ដែល​ជា​ប្រាក់​រង្វាន់​(មិន​ទាន់​គិត​ពន្ធ​) ទៅ​ឱ្យ​ Ronaldo ​ផងដែរ​។ ប៉ុន្តែ តារា​បាល់​ទាត់​រូប​នេះ​ ទទួល​បាន​ត្រឹម​តែ​34​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយ​សារ​ត្រូវ​បង់​ពន្ធ​43​% នៅ​អ៊ីតាលី​ ខណៈ​ដែល​ប្រាក់​ដែល​ត្រូវ​បង់​ពន្ធ​លើ​សកម្ម​ភាព​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ Ronaldo មិន​ដល់​120,000​លាននោះទេ។

    កំពូល​តារា​បាល់​ទាត់​ Ronaldo គឺជា​តួអង្គ​ដែល​ត្រូវ​បាន​គេ​តាម​ដាន​(follow)​ច្រើន​បំផុត​នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​មានអ្នក​តាម​ដាន​ចំនួន​​212​លាន​នាក់​។ គាត់​គឺជា​មនុស្ស​ដំបូង​បង្អស់ និង​តែ​មួយ​គត់​ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​200​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។​ កំពូល​កីឡាករ​បាល់​ទាត់​​ល្បី​ឈ្មោះ​ជាង​គេ​1រូប​ទៀត នោះ​គឺ​ Lionel Messi។ កីឡាករ​បាល់​ទាត់​​របស់​ក្លិប​Barcelona រូប​នេះ ក៏​មាន​អ្នក​តាម​ដាន​ចំនួន​147​នាក់​ផងដែរ​ នៅ​លើ​ Instagram​។ ប្រាក់​ចំណូល​របស់​ Messi ដែល​បាន​មក​ពី​បណ្ដាញ​សង្គម​នេះ គឺ​ប្រមាណជា​23.3​លាន​ដុល្លារ​ (ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​​ Ronaldo)។

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​ប្រាក់​ចំណូល​សរុប​​របស់​ Ronaldo ក្នុង​ឆ្នាំ​2019​​ មាន​ចំនួន​109​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ទ្រព្យ​សរុប​របស់​កីឡាករ​រូប​នេះ ឡើង​ដល់​500​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ celebritynetworth។ Ronaldo នឹង​ក្លាយ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​រាប់​ពាន់​លាន​ដុល្លារ​ នា​ពេល​ដ៏ខ្លី​ខាង​មុខ​មិន​ខាន៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ប្រធានាធិបតី​អាមេរិក​ត្រូវ​ខាត​​​បង់​ប្រាក់​​1​ពាន់​លាន​ដុល្លារ​ដោយ​សារ​ COVID-19 ខណៈ​ក្រុម​ហ៊ុន​ជា​ច្រើន​របស់​លោក​ កំពុងជួបបញ្ហា

    ប្រធានាធិបតី​អាមេរិក​ត្រូវ​ខាត​​​បង់​ប្រាក់​​1​ពាន់​លាន​ដុល្លារ​ដោយ​សារ​ COVID-19 ខណៈ​ក្រុម​ហ៊ុន​ជា​ច្រើន​របស់​លោក​ កំពុងជួបបញ្ហា

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មាន​ទ្រព្យ​2.1​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​1​ពាន់​លាន​ដុល្លារ​បើធៀប​ជាមួយ​នឹង​1ខែ​មុន​ ហើយ​ពេល​នេះ លោក​ Trump ក៏​បាន​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ Top 1.000 នៃ​អ្នក​មាន​បំផុត​ក្នុង​ពិភព លោក​របស់​ទស្សនាវដ្ដី​ Forbes ផងដែរ។

    នៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​មហាសេដ្ឋី​ពិភពលោក​ដែល​ទើប​ត្រូវ​បាន​​ចេញ​ផ្សាយ​ ទស្សនាវដ្ដី Forbes បាន​ពិនិត្យ​ទៅ​លើ​ការ​ប្រែប្រួល​នៃ​តម្លៃ​ភាគ​ហ៊ុន​ទៅ​តាម​វិស័យ​ជំនួញ​នីមួយ​ៗ​​របស់​លោក​ Trump ដើម្បី​គន់គូរ​អំពី​កម្រិត​នៃ​ផល​ប៉ះពាល់​ពី​​វីរុស​COVID-19 ដល់​ទ្រព្យ​សម្បត្តិ​​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​។

    ក្នុង​នោះ​ អចលន​ទ្រព្យ​ប្រភេទ​ពាណិជ្ជ​កម្ម​ បាន​ថយ​ចុះ​ដែល​គេ​អាច​ដឹង​យ៉ាង​ច្បាស់​។ មូលបត្រ​​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ ក្នុង​នោះ​មាន​ Boston Properties និង Vornado Realty Trust ក៏​បាន​ថយ​ចុះ​ជា​មធ្យម​37% ចាប់​ពី​ថ្ងៃទី​1មីនា ដល់ថ្ងៃ​ដែល​ Forbes ត្រូវ​គន់​គូរ​អំពី​ទ្រព្យ​របស់​មហាសេដ្ឋី​នានា​នៅ​ក្នុង​បញ្ជី​ឈ្មោះ​។ តម្លៃ​មូល​បត្រ​របស់​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​វិស័យ​សណ្ឋាគារ ខុនដូ និង​អាជីវ​កម្ម​ទីលាន​វាយ​កូនគោល (golf) ក៏ធ្លាក់​ចុះ​ច្រើន​។

    ទ្រព្យ​សម្បត្តិ​របស់​ប្រធានាធិបតី​អាមេរិក កាល​ពី​ខែ​មីនា គឺ​មាន​3.1​ពាន់​លាន​ដុល្លារ។ បន្ទាប់​ពី​បាន​ពិនិត្យ​ និង​វាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ ទស្សនាវដ្ដី Forbes បាន​រកឃើញ​ថា ទ្រព្យ​សរុប​របស់​លោក​ Trump បាន​បាត់បង់​1​ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​វីរុស​COVID-19 ដូច្នេះ ទ្រព្យ​របស់​លោក​ Trump នៅ​សល់​តែ​2.1​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

    តម្លៃ​នៃ​អចលន​ទ្រព្យ​ប្រភេទ​ផ្ទះ​សម្រាប់​រស់​នៅ​របស់​លោក​ Trump ក៏បាន​ថយចុះ​87​លាន​ដុល្លារ​ នៅ​សល់​ត្រឹម​148​លាន​ដុល្លារ​។ បច្ចុប្បន្ន ប្រធានាធិបតី​អាមេរិក​ មាន​ផ្ទះ​ប្រមាណ​ជា​500​ខ្នង​ នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក​។

    ក្នុង​ដំណាក់​កាល​នៃ​វិបត្តិ​សុខ​ភាព​នេះ ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ Trump Organization បាន​ព្យាយាម​លក់​សណ្ឋា​គារ​មួយ​នៅ​ Washington ប៉ុន្តែ គម្រោង​ការ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​។ សារ​ព័ត៌មាន​ Wall Street Journal បាន​ចុះផ្សាយ​ថា បណ្ដា​ក្រុម​ហ៊ុន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ បាន​បញ្ឈប់​បុគ្គលិក​ជាង​550​នាក់​។ បើ​ធៀប​នឹង​អំឡុង​ពេល​មុន​វិបត្តិ​សុខ​ភាព​COVID-19 ​សណ្ឋាគារ​របស់​លោក Trump ពេល​នេះ​​បាន​បាត់​បង់​តម្លៃ​ជិត​70​លាន​ដុល្លារ​ នៅ​សល់​ត្រឹម​38​លាន​ដុល្លារ​ប៉ុណ្ណោះ​។

    យីហោ Hotel Management & Licensing របស់​លោក​ Trump ក៏បាន​បាត់​បង់​តម្លៃ​32​លាន​ដុល្លារ​ផងដែរ​។ ចាប់​ពី​ដើម​ខែ​មីនា តម្លៃ​របស់​ទីលាន​វាយ​កូន​គោល​របស់​ប្រធានាធិបតី​អាមេរិក​ ក៏បាន​ធ្លាក់​ចុះ​20​% នៅ​សល់​ត្រឹម​217​លាន​ដុល្លារ​។

    ក្រៅ​ពី​ទ្រព្យ​សម្បត្តិ​ខាង​លើ លោក​ Trump ក៏​មាន​សាច់​ប្រាក់​សុទ្ធ​សរុប​160​លាន​ដុល្លារ​​ និង​មូល​បត្រ​តម្លៃ​295​លាន​ដុល្លារ រួម​នឹង​ទ្រព្យ​ប្រភេទ​ផ្សេង​ៗជា​ច្រើន​ទៀត​ផងដែរ​។ ឆ្នាំ​នេះ ប្រធានាធិបតី​អាមេរិក ឈរ​លំដាប់​លេខ​រៀង​ទី​1,001​ នៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​អ្នក​មាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ពិភពលោក​របស់​ទស្សនាវដ្ដី​ Forbes ដោយ​បាន​ធ្លាក់​ចុះ​ជិត​300​ថ្នាក់ បើ​ធៀង​នឹង​ឆ្នាំ​2019​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស