Tag: ទំនិញ

  • យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

    យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

    យាន​អវកាស​ Progress MS-25 របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 01 ខែ​ធ្នូ និង​នាំ​យក​ទំនិញ​ពិសេស​ៗ​មួយចំនួន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) បាន​ហោះ​ដល់​គោល​ដៅ​​កាល​ពី​ថ្ងៃទី 03 ធ្នូ​ 2023​។

    ទំនិញ​ដែល​យាន​អវកាស​នេះ​នាំ​យក​ទៅ​កាន់​ ISS រួម​មាន​ដូច​ជា ក្រូច​ពោធិ៍​សាត់ ក្រូច​ឃ្វិច និងអាហារ​សម្រាប់​ឆ្នាំ​ថ្មី និង​ស្បៀង​អាហារ​ដទៃ​ទៀត​ រួម​នឹង​ ស៊ុត​សត្វ​ក្រួច​ជប៉ុន 48 គ្រាប់សម្រាប់​ការ​ពិសោធ​នៅ​ទីអវកាស​ផងដែរ​។

    យាន​អវកាស​នេះ​ក៏​ដឹក​ជញ្ជូន​ទំនិញ​រាប់​តោន​ផ្សេង​ទៀត​ រួម​មាន ​ឥន្ធនៈ ទឹក ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្លៀក​បំពាក់ជា​ដើម​​។ យាន​ Progress MS-25 របស់​រុស្ស៊ី នឹង​ស្ថិត​នៅ​ ISS ចំនួន 179 ថ្ងៃ​។

  • ទីក្រុង​ចំនួន​ដប់​ដែល​ «ថ្លៃ» ជាង​គេ​លើ​ពិភពលោក

    ទីក្រុង​ចំនួន​ដប់​ដែល​ «ថ្លៃ» ជាង​គេ​លើ​ពិភពលោក

    ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់​នៃ​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ 2023 ទីក្រុង​សិង្ហបុរី និង​ហ្សូរិច​កំពុង​នាំមុខ​គេ​។

    ទីក្រុង​សិង្ហបុរី (Singapore) ធ្លាប់​បាន​នាំ​មុខ​គេ 9 លើក​ ​ក្នុង​រយៈ​ពេល 11 ឆ្នាំ​ នៅ​​ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់ប្រចាំ​ឆ្នាំ​ ស្ដីពី​​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក ខណៈ​ដែល​ទីក្រុង​ហ្សូរិច​ បាន​លោត​ពី​ចំណាត់​ថ្នាក់​ទី​ 6 ឡើង​មក​កាន់​លេខ​ 1 ជាមួយ​នឹង​សិង្ហបុរី​។ ការ​ចំណាយ​ខ្ពស់​នៅ​ទីក្រុង​សិង្ហបុរី​ កើត​មាន​ដោយ​សារ​ថ្លៃ​ដឹក​ជញ្ជូន ថ្លៃ​សម្លៀក​បំពាក់ ស្បៀង​អាហារ​ និង​ភេសជ្ជៈ​ជា​ដើម​​។ ចំណែក​ទីក្រុង​ហ្សូរិច​របស់​ប្រទេស​ស្វ៊ីស កើន​ចំណាត់​ថ្នាក់​ដោយ​សារ​តែ​ឥទ្ធិពល​របស់​រូបិយប័ណ្ណ​ហ្វ្រង់ស្វ៊ីស និង​ការ​ឡើង​ថ្លៃ​របស់​ទំនិញ​ និង​សេវាកម្ម​កម្សាន្ត​។

    បណ្ដា​ទីក្រុង​ដូច​ជា ហ្សឺណែវ (Geneva) របស់​ប្រទេស​ស្វ៊ីស, ញូវយ៉ក (New York) របស់​សហរដ្ឋ​អាម៉េរិក, ហុងកុង (Hong Kong) របស់​ប្រទេសចិន, ឡូសអាន់ជឺឡេស (Los Angeles) របស់​សហរដ្ឋ​អាម៉េរិក, ប៉ារីស (Paris) របស់​ប្រទេស​បារាំង, កូប៉ិនហាក (Copenhagen) របស់​ដាណឺម៉ាក, តេលអាវីវ (Tel Aviv) របស់​អ៊ីស្រាអែល និងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់​សហរដ្ឋ​អាម៉េរិក ក៏​ស្ថិត​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ​។

    ទ្វីប​អាស៊ីមាន​កំណើន​អតិផរណា​​ទាប​ជាង​ បើ​ធៀប​នឹង​តំបន់​ដទៃ​។ ការ​​​ប្រៀប​ធៀប​តម្លៃ​ទំនិញ និង​សេវាកម្ម 200 មុខ​ ត្រូវ​បាន​ធ្វើ​ឡើង​លើ​ទីក្រុង​ចំនួន 173 ក្នុង​​ពិភពលោក​។ ​ដាម៉ាស (Damascus) របស់​ប្រទេស​ស៊ីរី និង​ ​តេហេរ៉ង់ របស់ប្រទេស​អ៊ីរ៉ង់​ គឺជា​ទីក្រុង​ដែល​មាន​ថ្លៃ​ទំនិញ​ និង​សេវាកម្ម​ទាប​​ជាង​គេ​លើ​ពិភពលោក​។ នេះ​បើ​តាម​បញ្ជី​ចំណាត់ថ្នាក់​របស់ The Economist​៕

  • កំណើន​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍នៅ​ឆ្នាំ​ 2024 ​ត្រូវ​បាន​ព្យាករ​ថា នឹង​ប្រសើរ​ឡើង​

    កំណើន​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍នៅ​ឆ្នាំ​ 2024 ​ត្រូវ​បាន​ព្យាករ​ថា នឹង​ប្រសើរ​ឡើង​

    វាយ​តម្លៃ​អំពី​សក្ដានុពល​នៃ​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​អាគ្នេយ៍​ ក្រុម​អ្នកវិភាគ​អន្តរ​ជាតិ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​តំបន់​នេះ​ នឹង​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ម៉ាក្រូ​សេដ្ឋកិច្ច​​មិន​ល្អ​នឹង​បង្ក​ផល​​ប៉ះពាល់​ផ្សេង​ទៀត​ដល់​បណ្ដា​ប្រទេស​។

    ឆ្នាំ 2024 សេដ្ឋកិច្ច​អាម៉េរិក និង​អឺរ៉ុប​ ត្រូវ​បាន​ព្យាករ​ថា អាច​នឹង​នៅ​ទ្រឹង ស្រប​ពេល​ដែលកំណើន​​សេដ្ឋកិច្ច​ចិន​អាច​នឹង​បន្ថយ​ល្បឿន​ ដោយ​សារ​តែ​ឱនភាព​នៃ​វិស័យ​អចលនទ្រព្យ និង​តម្រូវ​ការ​ប្រើ​ប្រាស់​លក្ខណៈ​បុគ្គល។

    អង្គការ​ស្រាវជ្រាវ AMRO បាន​ព្យាករ​ថា អតិផរណា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ អាច​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ 2024 ប៉ុន្តែ​បាន​ព្រមាន​ថា តម្លៃ​ស្បៀង​អាហារ​ និង​ថាមពល​កើន​ឡើង​ អាច​បង្ក​ហានិភ័យ​​អតិផរណា​ដែល​ឃើញ​ច្បាស់​ជាង​មុន។ ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ផលិត​សកល ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ទីផ្សារ​ចិន​។

    ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ជា​អាទិ៍ សិង្ហបុរី ថៃ និង​ឥណ្ឌូណេស៊ី​ បាន​ និង​កំពុង​ទទួល​បទពិសោធន៍​ពី​កំណើន​សេដ្ឋកិច្ច​យឺត ដោយ​សារ​តែ​តម្រូវ​ការ​ពី​ខាង​ក្រៅ​ធ្លាក់​ចុះ​។ ក៏ប៉ុន្តែ ម៉ាឡេស៊ី ហ្វ៊ីលីពីន និង​វៀតណាម​ មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ជាង​ការ​រំពឹង​ទុក​ ព្រោះ​តែ​ការ​នាំ​ចេញ​ទំនិញមាន​ការ​កើន​ឡើង​ ខណៈ​វដ្ដ​នៃ​ពាណិជ្ជកម្ម​សកល​ក៏​កំពុង​ងើប​ឡើង​បណ្ដើរ​ៗ។

  • «ឈើនាំចូលពីកម្ពុជា» នឹងត្រូវ «វៀតណាមហាមឃាត់» ចាប់ពីឆ្នាំក្រោយ

    «ឈើនាំចូលពីកម្ពុជា» នឹងត្រូវ «វៀតណាមហាមឃាត់» ចាប់ពីឆ្នាំក្រោយ

    ក្រសួង​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​វៀតណាម ទើប​តែ​បាន​ចេញ​សារាចរ​មួយ​ដែល​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ជំនួញ​ទាក់​ទង​នឹង​ការ​នាំ​ចូល នាំ​ចេញ​ឈើ​មូល​ និង​ឈើ​បន្ទះ​បណ្ដោះ​អាសន្ន​ ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​។

    យោង​តាម​សារាចរ​ណែនាំនេះ ចាប់​ពី​ថ្ងៃទី 01 មករា 2024 វៀតណាម​ នឹង​បញ្ឈប់​សកម្មភាព​នាំ​ចូល​បណ្ដោះ​អាសន្ន​ពីឡាវ​ និង​កម្ពុជា​ ដែល​ធ្វើ​ឡើង​ក្នុង​បំណង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទីបី​ ចំពោះ​ឈើ​មូល និង​ឈប់​បន្ទះ​ពី​ព្រៃ​ធម្មជាតិ​ ដែល​ស្ថិត​ក្នុង​ក្រុម​ HS 44.03 និង 44.07 ទៅ​តាម​មុខ​ទំនិញ​នាំចេញ​ នាំ​ចូល​ ដែល​វៀតណាម​បាន​កំណត់​ អម​នឹង​សារាចរ​លេខ 31/2022 របស់​ក្រសួង​ហិរញ្ញវត្ថុ​។

    សារាចរ​នេះ​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ជំនួញ​ដែល​ធ្វើ​សកម្មភាព​នាំ​ចូល​​ នាំ​ចេញ​ឈើ​មូល និង​ឈើ​បន្ទះ​បណ្ដោះ​អាសន្ន ដែល​ទិញ​ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​ រួម​នឹង​បុគ្គល​ ឬ​ស្ថាប័ន​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​​នឹង​សកម្មភាព​នាំ​ចូល​ នាំចេញ​បណ្ដោះ​អាសន្ន​ ចំពោះ​ឈើ​មូល និង​ឈើ​បន្ទះ​ ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​។

    សារាចរណែនាំ​​នេះ​នឹង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី 31 ខែ​ធ្នូ ឆ្នាំ 2027​ ដោយ​គិត​ចាប់​ពី​ថ្ងៃទី 01 មករា ឆ្នាំ​ 2024​៕

  • ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

    ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

    (ភ្នំពេញ) ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី 16 កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និ​បាតកោះពេជ្រ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023។

    យោងតាមសេចក្តីប្រកាសពត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួង​​ក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដែល​មាន​ដូចជា កម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាព​ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។

    ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវា ឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះ​បើ​តាមប្រកាស​របស់​ ​ក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃ​ទី 05 ខែ​ឧសភា ឆ្នាំ 2023​៕

  • តម្លៃ​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​​ឡាវ​ ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ សម្រេច​បាន​ជិត 6 ពាន់​លាន​ដុល្លារ

    តម្លៃ​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​​ឡាវ​ ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ សម្រេច​បាន​ជិត 6 ពាន់​លាន​ដុល្លារ

    (ឡាវ) – 9 ខែ​ដំបូង​នៃ​ឆ្នាំនេះ តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់ប្រទេស​ឡាវ សម្រេច​បាន​ជិត 6 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើ​នឹង 72.94% ធៀប​នឹង​ផែនការ​សម្រាប់​ឆ្នាំ 2023​ ហើយ​គ្រោង​នឹង​សម្រេច​បាន​ជាង 8 ពាន់​លាន​ដុល្លារ នៅ​​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​នេះ​ ដែល​ស្មើ​នឹង​ 97.71% នៃ​ផែនការ​។

    ចំណែក​តម្លៃ​នៃ​ការ​នាំ​ចូល​ទំនិញ​វិញ ក្នុង 9 ខែ​នេះ ឡាវ​សម្រេច​បាន​ជាង 5​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹងជាង 70% នៃ​ផែនការប្រចាំ​ឆ្នាំ ហើយ​គ្រោង​នឹង​សម្រេច​បាន​ជិត 7 ពាន់​លាន​ដុល្លារនៅ​​ត្រឹម​ដំណាច់​ឆ្នាំ ដែល​ស្មើ​នឹង 97.71% បើ​ធៀប​នឹង​ផែនការ​សម្រាប់​ឆ្នាំ​ 2023​។

    លោក Khamchen Vongphosy រដ្ឋមន្ត្រី​ក្រសួង​ផែនការ​និង​វិនិយោគ​ឡាវ បាន​ឱ្យ​ដឹងថា 9 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 សេដ្ឋកិច្ច​ឡាវ​បន្ត​មាន​កំណើន​ ពិសេស​គឺ​វិស័យ​កសិកម្ម-ព្រៃឈើ ដែល​អាច​មាន​កំណើន​ 3.4% និង​រួម​ចំណែក​ 17.3% ទៅ​ក្នុង​ GDP (ផលិតផល​ក្នុង​ស្រុក​សរុប) ហើយ​អាច​កើន​ដល់ 21.4% នៃ​ GDP នៅ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​។

    ទន្ទឹម​នឹង​នេះ វិស័យ​ឧស្សាហកម្ម​របស់​ឡាវ​ ក៏មាន​កំណើន​ 3.5% ស្មើ​នឹង​ 34.5% នៃ​ GDP ខណៈ​វិស័យ​ទេសចរណ៍​មាន​កំណើន​ 5.6% ស្មើ​នឹង 37.2% នៃ​ GDP នៅ​ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ៕

  • កម្ពុជា​លើកលែងការ​បង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោមមួយ​ពាន់​ដុល្លារ

    កម្ពុជា​លើកលែងការ​បង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោមមួយ​ពាន់​ដុល្លារ

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានប្រកាសលើកលែងការបង់ប្រាក់​សម្រាប់​​ការ​បំពេញ​បែបបទគយ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម 1,000 ដុល្លារ​អាម៉េរិក​ រួម​នឹង​ការ​កាត់​បន្ថយ​កម្រៃ​ប្រតិវេទន៍​គយ​ផងដែរ​។

    ការប្រកាសដូច​ខាង​លើ​ដែល​ត្រូវ​បានធ្វើឡើងកាល​ពី​ថ្ងៃ​ទី 13 ខែវិច្ឆិកា ឆ្នាំ 2023 នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី 19 គឺ​ក្នុង​បំណង​​សម្រួលដល់ការធ្វើពាណិជ្ជកម្ម ដើម្បីលើកកម្ពស់សមត្ថភាព​​ប្រកួតប្រជែងរបស់កម្ពុជា នៅ​ក្នុង​ទីផ្សារ​ពិភពលោក​។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏​បានប្រកាសកាត់បន្ថយកម្រៃប្រតិវេទន៍គយពី 15,000 រៀល មកនៅ​ត្រឹម​ 8,000 រៀល ក្នុងមួយប្រតិវេទន៍ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម 1,000 ដុល្លារអាម៉េរិក​ រួម​នឹង​ការលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន​ផងដែរ​។

    ទន្ទឹម​នឹង​នេះ ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2024 កម្ពុជា​ ក៏​នឹងដាក់ឱ្យអនុវត្តនូវការ​ងារ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

    • វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិច
    • វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍ បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន
    • ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS)
    • ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិនូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ ការបញ្ជាក់តម្លៃគិតពន្ធគយ និង ការផ្ដល់អត្រាពន្ធអនុគ្រោះ ពីប្រព័ន្ធ CVDS ទៅប្រព័ន្ធ ASYCUDA, និង
    • ការបោះពុម្ពលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់សំអាងដើមកំណើតទំនិញទម្រង់ក្រដាស អាចធ្វើឡើងក្នុងករណីមានការស្នើសុំរបស់ម្ចាស់ទំនិញ ឬ តំណាង។

    យោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសសំខាន់ៗចំនួន 20 ក្នុងរយៈពេល 10 ខែដំបូង​នៃឆ្នាំ 2023 សម្រេចបានប្រមាណជាង 18.5 ពាន់លានដុល្លារ​អាម៉េរិក។

     

  • ថៃ​អញ្ជើញ​អាម៉េរិក​មក​វិនិយោគ​លើ​ «មហា​ស្ពានគោក» តម្លៃជិត 30 ពាន់​លាន​ដុល្លារ​

    ថៃ​អញ្ជើញ​អាម៉េរិក​មក​វិនិយោគ​លើ​ «មហា​ស្ពានគោក» តម្លៃជិត 30 ពាន់​លាន​ដុល្លារ​

    គម្រោង​ស្ពានគោក​ Landbridge របស់​ប្រទេស​ថៃ នឹង​រួម​មាន​​កំពង់​ផែ​ទឹក​ជ្រៅ​ចំនួន​ពីរ​ និង​បណ្ដាញ​ផ្លូវ​ល្បឿន​លឿន​ ក៏​ដូច​ជា​ផ្លូវ​ដែក​ដែល​មាន​ប្រវែង​សរុប 100 គីឡូម៉ែត្រ​ តភ្ជាប់​កំពង់​ផែ​ទាំង​ពីរ​នេះ​។

    ទំព័រ Bloomberg បាន​ផ្សាយ​ថា ប្រទេស​ថៃ​កំពុង​ហៅ​រក​ទុន​វិនិយោគ​ដែល​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​គ្រោង​នឹង​ផ្ដល់​ជម្រើស​មួយ​ដែល​ជំនួស​​ឈូង​សមុទ្រ​ Malacca ដែល​ជា​មួយ​ក្នុង​ចំណោម​ផ្លូវ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដែល​មមា​ញឹក​បំផុត​លើពិភពលោក​។

    កាល​ពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ប្រាប់​ក្រុម​អ្នក​វិនិយោគ​អាម៉េរិក​នៅ San Francisco អំពី​ព័ត៌មាន​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​គម្រោង​ដែល​មាន​ឈ្មោះ​ថា Landbridge។ គម្រោង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើដំណើរ​រវាង​មហា​សមុទ្រ​ឥណ្ឌា និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ បាន​ជា​មធ្យម​បួន​ថ្ងៃ និង​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ 15%​។

    គម្រោង​ Landbridge គ្រោង​នឹង​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ប្រហែល​មួយ​ទ្រីលាន​បាត (ប្រហែល​នឹង 28 ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​រួម​មាន​ទាំង​កំពង់ផែ​សមុទ្រ​ដែល​នឹង​ត្រូវ​បាន​សាងសង់​នៅ​លើឧបទ្វីប​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​។ កំពង់​ផែ​ទឹក​ជ្រៅ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បាន​តភ្ជាប់​ជាមួយ​គ្នា​ដោយ​បណ្ដាញ​ផ្លូវ​ល្បឿន​លឿន​ និង​ផ្លូវ​ដែក​ប្រវែង 100 គីឡូម៉ែត្រ​។

    ស្ថិត​នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី ច្រកសមុទ្រ​ម៉ាឡាកា បច្ចុប្បន្ន​គឺជា​ផ្លូវ​សមុទ្រ​រយៈ​ចម្ងាយ​ខ្លី​បំផុត​ដែល​តភ្ជាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយ​នឹង​ប្រទេស​ឥណ្ឌា និង​មជ្ឈឹមបូព៌ា​។ ទំនិញ​ប្រហែល​ជា ¼ របស់​ពិភពលោក​ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​នេះ​។

    នាយករដ្ឋមន្ត្រី​ថៃ​និយាយ​ថា «មហា​គម្រោង Landbridge នេះ​ ប្រាកដ​ជា​នឹង​ក្លាយ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដែល​ចំណាយ​ទាប​ជាង លឿន​ជាង និង​សុវត្ថិភាព​ជាង​»។

    ប្រទេស​ថៃ​បាន​កំណត់​គោលដៅ​ថា ដល់​ឆ្នាំ 2030 មហា​គម្រោង​នេះ​នឹង​សម្រេច​បាន​ជា​ស្ថាពរ​។ អ្នក​វិនិយោគ​បរទេស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កាន់កាប់​ភាគ​ហ៊ុន​ជាង 50% នៅក្នុង​បណ្ដា​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​របស់​ក្រុម​ហ៊ុន​បរទេស​ និង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ដើម្បី​ស្ថាបនា​កំពង់​ផែ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទាក់​ទង​។ កំពង់​ផែ​ទឹក​ជ្រៅ​នៅ Ranong (ទល់​មុខ​នឹង​សមុទ្រ Andaman) និង​នៅ Chumphon (ទល់​មុខ​នឹង​ឈូង​សមុទ្រ​ថៃ) អាច​ត្រូវ​ចំណាយ​ទុន​ 630 ពាន់​លាន​បាត​៕

  • មុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ នឹង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​ឆាប់​ៗ​ខាងមុខ

    មុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ នឹង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​ឆាប់​ៗ​ខាងមុខ

    កាល​ពី​ព្រឹក​ថ្ងៃទី 07 វិច្ឆិកា ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធីបតី ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យដំណើរការសាកល្បងមុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ ដែលប្រារព្ធឡើងក្រោមអធីបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) រួម​នឹងវត្តមាន លោក Till Ahnert ប្រធានគម្រោង DGMT នៃ Arise Plus Cambodia ក៏​ដូច​ជា​មន្ត្រី និង​បុគ្គលិក​ពាក់ព័ន្ធ។

    សិក្ខាសាលានេះធ្វើ​ឡើង​ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក្នុង​បំណង​កាត់បន្ថយពេលវេលានៃការបញ្ចេញទំនិញ និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។

    អ.គ.រ សហការជាមួយនឹង GIZ/Arise+ Cambodia បាននិងកំពុងរៀបចំនីតិវិធី និងមុខងារប្រព័ន្ធសម្រាប់អនុវត្តការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនាពេលដ៏ខ្លីខាងមុខនេះ។

  • យានហោះ​អវកាស​របស់ Sierra Space បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជើង​​ហោះ​ហើរ​ដំបូង

    យានហោះ​អវកាស​របស់ Sierra Space បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជើង​​ហោះ​ហើរ​ដំបូង

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ Dream Chaser ដែល​មាន​ជំនាញ​ខាង​ដឹក​ទំនិញ​ឡើង​ទៅ​កាន់​ ISS នឹង​បំពាក់ម៉ាស៊ីន​រ៉ុក្កែតតូច​ៗ​ជា​ច្រើន​​​​គ្រឿង អាច​ដឹក​ទំនិញ​បាន​ 5,550 គីឡូក្រាម​ក្នុង​មួយ​ជើង​។

    Dream Chaser ដែល​ជា​យន្ត​ហោះ​អវកាស​ពាណិជ្ជកម្ម​ផលិត​ដោយ​ក្រុម​ហ៊ុន Sierra Space នៅ​សហរដ្ឋ​អាម៉េរិក កំពុង​ឆ្ពោះទៅ​​ជិត​ដល់​ថ្ងៃ​បាញ់​បង្ហោះ​។ Dream Chaser ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​បំពេញ​ភារកិច្ច​បាន​ 15 ជើង នឹង​ដឹក​ជញ្ជូន​ទំនិញ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ហើយ​អាច​ដើរ​តួនាទី​សំខាន់​ចំពោះ​បណ្ដា​ស្ថានីយ​អវកាស​​នាពេល​អនាគត។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023​។

    យន្តហោះ​អវកាស​នេះ​មានដង​ខ្លួន​ប្រវែង 9 ម៉ែត្រ និង​ស្លាប​ប្រវែង 7 ម៉ែត្រ។ ស្លាប​របស់​វា​អាច​បត់​បាន​ អនុញ្ញាត​ឱ្យ​គេ​ប្រើប្រាស់​វា​ដូច​ទៅ​នឹង​ទំនិញ​ដែល​ដាក់​លើ​​រ៉ុក្កែត​។ Dream Chaser ត្រូវ​បាន​ណាសា​ជ្រើស​រើស​ជា​យាន​ដឹក​ទំនិញ​ទីបី​សម្រាប់​ឆ្នាំ 2026​។ វា​ក៏​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​សំរាម​ពី​ ISS មក​បញ្ឆេះ​ចោល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​ផងដែរ​។

    យានហោះអវកាសរបស់ Sierra Space បានត្រៀមរួចហើយសម្រាប់ជើងហោះហើរដំបូង

    តាម​ផែនការ ជើង​ហោះ​ហើរ​ដំបូង​របស់ Dream Chaser នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ 2019 ប៉ុន្តែ​ត្រូវ​អាក់​ខាន​ច្រើន​លើក​ដោយ​សារ​បញ្ហា​កូវីដ-19។ វា​នឹង​ត្រូវ​បាន​ដឹក​ទៅ​កាន់​មជ្ឈមណ្ឌល​សាកល្បង Neil Armstrong របស់​ណាសា​ នៅ Ohio ដើម្បី​ធ្វើ​តេស្ត​ពី​មួយ​ទៅបី​ខែ មុន​ពេល​វិល​ត្រលប់​ទៅកាន់​មជ្ឈមណ្ឌល​អវកាស​ Kennedy នៅ Florida ដើម្បី​ធ្វើ​ការ​ហោះ​ហើរ​ជើង​ដំបូង​ដែល​គ្រោង​នឹង​ធ្វើ​​ឡើង​​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ​ តាម​រយៈ​រ៉ុក្កែត Vulcan របស់​ក្រុម​ហ៊ុន United Launch Alliance៕