Tesla នឹងផលិតរថយន្តតម្លៃទាប នៅពេលសហការជាមួយ CATL
Tesla កំពុងសហការជាមួយ CATL ដែលជាក្រុមហ៊ុនផលិតថ្មផ្ទុកថាមពលធំបំផុតនៅប្រទេសចិន ដើម្បីអភិវឌ្ឍថ្មសម្រាប់រថយន្តអគ្គិសនីតម្លៃទាបដែលជិតនឹងបង្ហាញវត្តមាន។ ជំនួសឱ្យការនាំចូលថ្មផ្ទុកអគ្គិសនីពី CATL ក្រុមហ៊ុនអាម៉េរិក Tesla នឹងជួល ក៏ដូចជាសហការជាមួយក្រុមហ៊ុនចិននេះ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាថ្មប្រភេទថ្មី។ កិច្ចសហការនេះនឹងនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងសងខាង។ ក្នុងនោះ Tesla អាចផលិតថ្មផ្ទុកថាមពលទំនើបក្នុងតម្លៃទាប។ ក្រៅពីនេះ Tesla ក៏នឹងអាចបំពេញលក្ខខណ្ឌគ្រប់គ្រងដើម្បីទទួលបានការគាំទ្រផ្នែកពន្ធដាររបស់សហរដ្ឋអាម៉េរិកផងដែរ។ ចំណែកផលប្រយោជន៍ដែលក្រុមហ៊ុនចិន CATL នឹងទទួលបានវិញ រួមមាន៖ ពង្រីកទីផ្សារទៅកាន់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ហើយអាចរក្សាតំណែងនាំមុខគេក្នុងទីផ្សារថ្មសម្រាប់រថយន្តអគ្គិសនី។ ទំនាក់ទំនងរវាង Tesla និង CATL បាននាំឱ្យ Tesla ប្រកាសថា ខ្លួនកំពុងត្រៀមផលិតរថយន្តអគ្គិសនីដែលមានតម្លៃ 25,000 ដុល្លារអាម៉េរិក។