Tag: ទីក្រុង

  • អាម៉េរិក​អាច​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

    អាម៉េរិក​អាច​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

    រដ្ឋាភិបាល​អាម៉េរិក អាច​យក​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ពី​ឃ្លាំង ដើម្បី​ជញ្ជូន​ទៅឱ្យ​កោះ​តៃវ៉ាន់​ភ្លាម​ៗ​ ក្នុងពេល​ភាព​តានតឹង​ក្នុង​តំបន់​បន្ត​កើតឡើង។

    ប្រភពព័ត៌មាន​នានា កាលពី​ថ្ងៃទី 05 ឧសភា បានឱ្យដឹងថា កញ្ចប់​ជំនួយ​សម្រាប់​កោះ​តៃវ៉ាន់ នឹង​ទាក់ទិន​នឹង​ការដក​អាវុធ ឬ​សម្ភារៈ​ជំនួយ​នៅក្នុង​ឃ្លាំង​អាវុធ​របស់​សហរដ្ឋ​អាម៉េរិក ទៅតាមច្បាប់​ «​សិទ្ធិ​បែងចែក​ប្រភពធនធានរបស់​​ប្រធានាធិបតី (PDA)» ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​ប្រភេទ​អាវុធ ក៏ដូចជា​ពេលវេលា​នៃ​ការប្រគល់​អាវុធ​។

    អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ ក្រោយមក​ក៏បាន​បដិសេធ​ការអធិប្បាយ​អំពី​បញ្ហា​ដែលថា តើ​សហរដ្ឋ​អាម៉េរិក​បាន​ព​ន្លឿ​ន​ការ​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ទៅឱ្យ​កោះ​តៃវ៉ាន់ ឬ​អត់។ «វិធី​ដែល​យើង​ធ្វើ​គឺ​នៅតែ​សមស្រប​ជាមួយនឹង​គោលនយោបាយ​យូរអង្វែង​របស់​សហរ​ដ្ឋ​អាម៉េរិក។ យើង​កំពុង​ប្រឹងប្រែង​អនុវត្ត​កាតព្វកិច្ច​ទៅតាម​ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ហើយនឹង​បន្តធ្វើ​ដូច្នេះ» នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ​។

    អាជ្ញាធរ​ចិននៅ​ទីក្រុង​ប៉េកាំង​ មិនទាន់​បញ្ចេញ​ប្រតិកម្ម​តបត​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន និង​ការលើកឡើង​ខាងលើ។

    សភា​អាម៉េរិក មុន​នោះបាន​ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់ ទៅតាម​ច្បាប់​ PDA ក្នុងករណី​ចាំបាច់ ដោយ​មិនត្រូវ​រង់​ចាំ​​ការយល់ព្រម​ពីស​ភា។ សហរដ្ឋ​អាម៉េរិក​ធ្លាប់បាន​ប្រើប្រាស់​យន្តការ​បែប​នេះ​ជាង 30 លើក​ ដើម្បី​ជញ្ជូន​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន។

    ព័ត៌មាន​ស្ដីពី​ការផ្ដល់​ជំនួយ​ជា​អាវុធ​ខាងលើ បាន​លេចឡើង​នៅពេល​ស្ថានការណ៍​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ត​កើនឡើង។

    ប្រទេស​ចិន​តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំងបាយ​យកមក​កាន់កាប់ ​បើសិន​ចាំបាច់។ ចំណែក​សហរដ្ឋ​អាម៉េរិក​វិញ បាន​សន្យា​គោរព​គោលការណ៍ «ចិន​តែមួយ» ប៉ុន្តែ​បន្ត​រក្សា​ទំនាក់ទំនង ការពារ និង​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់។

    ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ត្រូវបាន​អតីត​ប្រធានាធិបតី​អាម៉េរិក Jimmy Carter ចុះហត្ថលេខា​ក្រោយពី​សហរដ្ឋ​អាម៉េរិក បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន​ កាលពី​ឆ្នាំ 1979។ ច្បាប់​នេះ​តម្រូវឱ្យ​សហរដ្ឋ​អាម៉េរិក ជួយ​គាំទ្រ​ដល់​សមត្ថភាព​ការពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់៕

  • ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ជា​ផ្លូវការ​នេះ នឹងត្រូវ​ធ្វើឡើង​នា​វេលា​ម៉ោង 19 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ។

    មកដល់​បច្ចុប្បន្ន ម្ចាស់ផ្ទះ​កម្ពុជា​នៅតែ​មិន​បញ្ចេញ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី និង​ការសំដែង​នានា​នៅក្នុង​ពិធី​​សម្ពោធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ក្រៅតែពី​ពេលវេលា ទីតាំង និង​បណ្ដា​មន្ត្រីជាន់ខ្ពស់​ដែល​អញ្ជើញ​ចូលរួម។ ក្រុម​អ្នកយកព័ត៌មាន​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ការហាត់​សម ព្រោះ​គណៈកម្មការ​ស៊ី​ហ្គេម​ចង់​បង្កើត​កម្មវិធី​ដ៏​ទាក់ទាញ​មួយ​ទៅតាម​ស្ដង់ដា​អូឡាំពិក។

    ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈ​កម្មាធិការ​​ជាតិ CAMSOC កាលពី​ថ្ងៃទី 24 មេសា បានឱ្យដឹងថា កម្ពុជា​ត្រូវតែ​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកប​ដោយ​ការទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ទៅតាម​ស្ដង់ដា​អូឡាំពិក ពុំមែន​លំដាប់​តំបន់​ដូច​​ប្រទេស​ដទៃ។ គ្រប់គ្នា​នឹង​បានឃើញ​ចំណុច​ដ៏​អស្ចារ្យ​របស់​ពិធី​នេះ។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តោ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ពិធី​សម្ពោធ​នេះ​ផងដែរ។ សម្ដេច​មាន​ប្រសា​សន៍​ថា មនុស្ស​ជាង​កន្លះ​លាន​នាក់​ចង់​ចូល​ទស្សនា ប៉ុន្តែ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អាចដាក់​មនុស្ស​បានតែ​ពី 60,000 ទៅ 70,000 នាក់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការដំឡើង​ឆាក​បញ្ចាំង​ស្លាយ​ផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដា​ខេត្ត-ក្រុង​។

    ទីលាន​បាល់ទាត់​មរតក​តេ​ជោ ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​សង្កាត់​ព្រែ​កតាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា 2017 ហើយ​បួន​ឆ្នាំ​ក្រោយមក​ក៏បាន​សម្រេច​ជា​ស្ថាពរ។ ការចំណាយ​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ​គឺ​ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក ជា​ជំនួយ​របស់​ប្រទេស​ចិន។

    យោងតាម​គេហទំព័រ​ស៊ី​ហ្គេម​លើក​ទី 32 ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា មាន​សមាជិក​ចូលរួម​ប្រហែល 12,000 នាក់ មកពី 11 ប្រតិភូ ដោយ​មិនទាន់​រាប់បញ្ចូល​ក្រុម​អាជ្ញាកណ្ដាល។ អ្នកយកព័ត៌មាន​ជាង 2,000 នាក់​ក៏បាន​ទទួល​កាត​ចុះឈ្មោះ​ចូល​យក​ព័ត៌មាន ក្នុងនោះ​មាន 907 នាក់​មកពី​បរទេស។

    ស៊ី​ហ្គេម​លើក​ទី 32 ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​បួន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ដោយមាន​កីឡា 36 ប្រភេទ ចែកជា 584 វិញ្ញាសា។ កាលពី​ថ្ងៃទី 04 ឧសភា គណៈកម្មការ​ស៊ី​ហ្គេម​បានប្រគល់​មេដាយ​ចំនួន 9 គ្រឿង​ដំបូង​ជូន​អត្តពលិក​ ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុជា​នាំមុខគេ​ដោយ​ដណ្ដើមបាន​មេដាយមាស​ប្រាំ​គ្រឿង។ ហ្វ៊ី​លី​ពី​ន​ដណ្ដើមបាន​មេដាយមាស​ពីរ​គ្រឿង ខណៈ​ថៃ និង​ឡាវ​ទទួលបាន​មួយគ្រឿង ពី​ប្រភេទ​កីឡា​គុន ជូ​ជិត​ស៊ូ (Jujutsu) និង​ល្បុក្កតោ។

    នៅក្នុង​ថ្ងៃទី 05 ឧសភា​នេះ ស៊ី​ហ្គេម​លើក​ទី 32 នឹងមិនមាន​ការប្រកួត​កីឡា​ណាមួយ​ឡើយ ដោយ​ផ្ដោតទៅលើ​តែ​ពិធី​សម្ពោធ​ជា​ផ្លូវការ។

    បទ​ចម្រៀង​ផ​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​នេះ​គឺ​បទ Cambodian Pride ដែល​បច្ចុប្បន្ន​​ចំនួន​​​អ្នក​ចូល​មើល​​បាន​កើន​ឡើង​ដល់​ជាង 65 លាន​លើក​នៅលើ YouTube ក្រោយពី​បង្ហោះ​បាន​ជាង​បី​សប្ដាហ៍។ រូបតំណាង​ស៊ី​ហ្គេម​លើក​ទី 32 គឺ​កូន​ទន្សាយ​ពីរ​ក្បាល មួយ​ឈ្មោះ រំដួល និង​មួយ​ឈ្មោះ បុរី។

    ចំណែក​ពិធី​បិទ​ស៊ី​ហ្គេម​លើក​ទី 32 វិញ នឹងត្រូវ​ធ្វើឡើង​ក្នុង​​ថ្ងៃទី 17 ឧសភា នៅឯ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ៕

  • រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រូបចម្លាក់​ព្រះពុទ្ធ​សក្យមុនី​ដែលមាន​សំណាក​ឆព្វណ្ណរង្សី​​នៅ​ពីក្រោយ ​អាច​ត្រូវបាន​ជនជាតិ​ឥណ្ឌា​ដែល​រស់នៅក្នុង​ទីក្រុង Berenike ឆ្លាក់​ឡើង​កាលពី​សតវត្សរ៍​ទីមួយ។

    រូបចម្លាក់​ដែលមាន​អាយុកាល 1,900 ឆ្នាំ និង​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ផែ​របស់​អេ​ហ្ស៊ី​ប​បុរាណ Berenike ក្បែរ​សមុទ្រ​ក្រហម​នេះ អាច​​ជា​កម្មសិទ្ធិ​របស់​ជ​ន​ចំណាកស្រុក​ម្នាក់​មកពី​អាស៊ី​ខាងត្បូង។ នេះ​បើតាម Live Science ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 02 ឧសភា។ រូបចម្លាក់​ព្រះពុទ្ធ​នេះ​បរិយាយ​អំពី​ព្រះពុទ្ធ​សក្យមុនី​ដែល​គង់​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​កាលពី 2,550 ឆ្នាំមុន។ ព្រះពុទ្ធ​ដើមឡើយ​គឺជា​រាជបុត្រា​មួយអង្គ ប៉ុន្តែ​ក្រោយមក​បាន​បោះបង់​គ្រប់យ៉ាង​ដើម្បី​សាង​ព្រះ​ផ្នួស។

    យោងតាម Steven Sidebotham សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ Delaware និង​ជា​សហប្រធាន​របស់​គម្រោង Berenike រូបចម្លាក់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ចន្លោះ​ពី​ឆ្នាំ 90 ដល់​ឆ្នាំ 140 ក្នុងសម័យ​ចក្រភព​រ៉ូម​ដែល​គ្រប់គ្រង​ប្រទេស​អេ​ហ្ស៊ី​ប។ អេ​ហ្ស៊ី​ប និង​ឥណ្ឌា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ក្នុងសម័យ​នោះ។

    ក្រៅពី​រូបចម្លាក់​នេះ ក្រុម​បុរាណ​វិទូ​ក៏បាន​រកឃើញ​ចម្លាក់​ជា​អក្សរ​សំស្ក្រឹត​នៅ Berenike ផងដែរ។ បើ​ទោះ​អក្សរ​ចម្លាក់​នេះ​ត្រូវបាន​បំផ្លាញ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ដឹងថា វា​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កាលដែល​ត្រួតត្រា​ដោយ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង Marcus Julius Philippus ដែល​គ្រង​រាជ​ពី​ឆ្នាំ 244 ដល់​ឆ្នាំ 249។ សាស្ត្រាចារ្យ Sidebotham និង​សហការី​កំពុង​រៀប​ចំ​ ត្រៀម​សម្រាប់​ការប្រកាស​អំពី​​របកគំហើញ​នេះ​នៅលើ​ទស្សនាវដ្ដី។

    យោងតាម​អ្នកស្រាវជ្រាវ អក្សរ​ចម្លាក់​ជា​ភាសាសំស្ក្រឹត​បង្ហាញថា មាន​សហគមន៍​អ្នកជំនួញ​អេ​ហ្ស៊ី​ប​មួយ​រស់នៅក្នុង​ដែនដី​អេ​ហ្ស៊ី​ប​បុរាណ ពោលគឺ​ពួកគេ​មិនមែន​គ្រាន់​តែ​​ឆ្លងកាត់​ទីនោះ​ដើម្បី​ធ្វើ​ជំនួញ​ឡើយ។ ការកត់ត្រា​​ក្នុង​ប្រវត្តិសាស្ត្រ​ក៏បាន​បង្ហាញថា មាន​ជនជាតិ​ឥណ្ឌា​រស់នៅក្នុង​តំបន់ Alexandria ផងដែរ៕

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។

    គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។

    កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។

    ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

  • ទីក្រុង​​​បណ្ដោយត្រង់​ប្រវែង​​ ១៧០ គីឡូម៉ែត្រ និង​កម្ពស់​ ២០០ ម៉ែត្រ របស់ អារ៉ាប៊ីសាអូឌីត កំពុង​ត្រូវ​បាន​សាងសង់

    ទីក្រុង​​​បណ្ដោយត្រង់​ប្រវែង​​ ១៧០ គីឡូម៉ែត្រ និង​កម្ពស់​ ២០០ ម៉ែត្រ របស់ អារ៉ាប៊ីសាអូឌីត កំពុង​ត្រូវ​បាន​សាងសង់

    វីដេអូ​ថត​ពី​ទីខ្ពស់​បង្ហាញ​អំពី​ភាព​ស្មុគ​ស្មាញ​របស់ The Line ដែល​ជា​មហា​គម្រោង​ទីក្រុង​បណ្ដោយ​ត្រង់​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​របស់ ប្រទេស​អារ៉ាប៊ីសាអូឌីត​។

    វីដេអូ​ថ្មី​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ក្រុម​ហ៊ុន​ផលិត​យន្តហោះ​​ដ្រោន OT Sky បង្ហាញ​ថា ​មហា​ទីក្រុង​ The Line របស់ អារ៉ាប៊ីសាអូឌីត កំពុង​ត្រូវ​បាន​សាងសង់ នេះ​បើ​តាម Arabian Business ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ២១ តុលា​កន្លងទៅ។ ក្នុង​វីដេអូ​នេះ គេ​ឃើញ​មាន​គ្រឿង​ចក្រ​ជា​ច្រើន​កំពុង​ធ្វើ​ការ​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​។ គ្រឿង​ចក្រ​ទាំង​នេះ​កំពុង​បង្កើត​ចង្អូរ​ខ្នាត​ធំមួយ​ ជា​ទី​ដែល​គ្រោង​នឹង​ចាក់​គ្រឹះ​របស់​មហា​គម្រោង​ទីក្រុង​បណ្ដោយ​ត្រង់ The Line​។

    The Line ស្ថិត​ក្នុង​គម្រោង​ធំ​ដែល​មានឈ្មោះ​ថា NEOM តម្លៃ​ ៥០០ ពាន់​លាន​ដុល្លារ​អាម៉េរិក​។ នៅ​ពេល​សាងសង់​រួច​រាល់​ ទីក្រុង​នេះ​នឹង​មាន​ទទឹង ២០០ ម៉ែត្រ និង​បណ្ដោយ​ ១៧០ គីឡូម៉ែត្រ​។ អ្នក​នៅ​ក្នុង​ទីក្រុង​ The Line អាច​ផ្លាស់​ទី​ពី​ក្បាល​​ម្ខាង​របស់​ទីក្រុង​ ទៅ​កាន់​ក្បាល​ម្ខាង​ទៀត​ដោយ​ចំណាយ​ពេល​តែ​ ២០ នាទី ក្នុង​ការ​​ជិះ​​រថភ្លើង​ល្បឿន​​លឿន​។ ជញ្ជាំង​ខាង​ក្រៅ​របស់ The Line ធ្វើ​អំពី​កញ្ចក់​ កម្ពស់​ប្រហែល ៥០០ ម៉ែត្រ ខ្ពស់​ជាងអគារ Empire State (៤៥០ ម៉ែត្រ) និង​តួ Eiffel (៣៣០ ម៉ែត្រ) ទៅ​ទៀត​។

    The Line ដែល​សាងសង់​លើ​ផ្ទៃ​ដីប្រមាណ​ ៣៤ គីឡូម៉ែទ្រ​ក្រឡា នឹង​ក្លាយ​ជា​ទីស្នាក់​នៅ​របស់​មនុស្ស​ចំនួន ៩ លាន​នាក់​។ ទីក្រុង​នេះ​នឹង​មាន​អ្វី​ៗ​គ្រប់​យ៉ាង មាន​ដូច​ជា សួន​សាធារណៈ​ តំបន់​សម្រាប់​អ្នក​ថ្មើរជើង សាលា​រៀន និង​កន្លែង​ធ្វើ​ការ​ជា​ដើម​។ ពលរដ្ឋ​នៅ​ទី​នេះ​អាចទៅ​ប្រើ​ប្រាស់​​គ្រប់​សេវាកម្ម​​ដោយ​ចំណាយ​ពេល​ដើរ​​​តែ​ ៥ នាទី​ប៉ុណ្ណោះ​។ The Line នឹង​មិន​មាន​ផ្លូវសាធារណៈ​សម្រាប់​រថយន្ត​ ហើយ​វា​ក៏​នឹង​មិន​បញ្ចេញ​ឧស្ម័ន​ពុល ដោយ​សារ​ថា នឹង​ដំណើរ​ការ ១០០% ដោយ​ថាមពល​កកើត​ឡើងវិញ​។

    រាជទាយាទ Mohammed bin Salman របស់​ អារ៉ាប៊ីសាអូឌីត បាន​ប្រកាស​​ផែន​ការ​សាងសង់​ The Line ជា​លើក​ដំបូង​​កាល​ពី​ខែ​មករា ២០២១​។ គម្រោង​នេះ​នឹង​ជួយ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​ អារ៉ាប៊ីសាអូឌីត​ ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​រ៉ែ​ប្រេង​។

    The Line ស្ថិត​នៅ​ក្នុង​ខេត្ត Tabuk ភាគ​ពាយព្យ​នៃ​ ប្រទេស​អារ៉ាប៊ីសាអូឌីត​។ ពី​ទី​នេះ​ អ្នក​ដំណើរ​អាច​ទៅ​កាន់​ ៤០% នៃ​ទីតាំង​ទាំង​ឡាយ​នៅ​លើ​ពិភពលោក​ដោយ​ប្រើ​ពេល​តែ​ ៦ ម៉ោង​ក្នុង​ការ​ជិះ​យន្តហោះ​។ អាកាស​ធាតុ​ក្នុង​ទី​ក្រុង​នេះ នឹង​ត្រូវ​បាន​រក្សា​ឱ្យ​នៅ​ត្រជាក់​ល្មម​ពេញ​មួយ​ឆ្នាំ​។ ទន្ទឹម​នឹង​នេះ​ ទី​តាំង​លំហ និង​បៃតង​​ទាំង​ឡាយ​នៅក្នុង​ទីក្រុង​នេះ​ នឹង​ជួយ​បង្កើន​ផាសុកភាព​សម្រាប់​អ្នក​រស់​នៅ​ អ្នក​ធ្វើ​ការ​ និង​​អ្នក​មក​លេងផងដែរ​៕

  • ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

    ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

    សង្គមទីក្រុងនាពេលបច្ចុប្បន្នមានការផ្លាស់ប្ដូរខុសកាលពីអតីតកាលច្រើនណាស់ ទាំងសភាវការរស់នៅ និងការទទួលទានអាហារ ដែលការផ្លាស់ប្ដូរ និងប្រែប្រួលនេះមិនមែនកើតឡើងតែជាមួយមនុស្សធំនោះទេ តែនៅកើតមានចំពោះកុមារផងដែរ។ ដោយសារតែសភាវជុំវិញខ្លួនក្នុងពេលសព្វថ្ងៃនេះត្រូវប្រញាប់ប្រញាល់ និងប្រណាំងជាមួយពេលវេលា អាណាព្យាបាល ឬឪពុកម្ដាយអាចគ្មានពេលវេលាត្រៀមរៀបចំម្ហូបអាហារដែលមានគុណតម្លៃខាងភោជនាហារគ្រប់គ្រាន់សម្រាប់កូនៗ ទើបធ្វើឱ្យត្រូវសម្លឹងមើលអាហារសម្រេច ឬអាហារឆ្អិនស្រាប់កាន់តែច្រើនឡើង ដែលអាចធ្វើឱ្យក្មេងបានទទួលសារជាតិអាហារប្រភេទខ្លះច្រើនជ្រុលពេក ហុចផលឱ្យក្មេងកើតរោគធាត់បាន។

    គ្រូពេទ្យជំនាញខាងជំងឺកុមារបានរៀបរាប់ថា បច្ចុប្បន្នមានសញ្ញាក្នុងការរកឃើញថា មានសភាវធាត់កើតនៅលើកុមារកើនឡើង ដោយសារបច្ច័យខាងផ្នែកពូជអំបូរ អ័រម៉ូន ទង្វើក្នុងការរស់នៅ ការញ៉ាំអាហារដែលមិនត្រឹមត្រូវ និងខ្វះការហាត់ប្រាណ ដែលអាណាព្យាបាលអាចសង្កេតបានថា កូនៗមានសភាវធាត់ឬទេតាមរយៈការសាកល្បងប្រៀបធៀបជាមួយក្មេងក្នុងវ័យដូចគ្នា។

    បើរកឃើញថា កូនស្ថិតក្នុងសភាវប្រថុយនឹងការកើតរោគធាត់ យើងណែនាំឱ្យកូននាំទៅជួបគ្រូពេទ្យដើម្បីពិនិត្យវាយតម្លៃថា តើមានសភាវជ្រៀតជ្រែកពីរោគធាត់ហើយឬនៅ? ដូចជា វាស់សម្ពាធឈាម ពិនិត្យឈាមដើម្បីមើលកម្រិតជាតិខ្លាញ់ក្នុងឈាម ឬវាយតម្លៃថា មានអាការគេងស្រមុក និងឈប់ដកដង្ហើមខណៈគេងលក់ដែរឬទេ?។

    ផលអាក្រក់ពីការធាត់តាំងពីវ័យក្មេងខាងផ្នែករាងកាយ គឺការបង្កឱ្យកើតរោគ ដូចជារោគលើសឈាម រោគបេះដូង រោគឆ្អឹង និងសន្លាក់ និងផលអាក្រក់មួយផ្នែកទៀតគឺ បាត់បង់ភាពស្អាតសង្ហា និងការត្រូវសើចចំអកពីសំណាក់មិត្តភក្តិ អាចធ្វើឱ្យក្មេងមានអារម្មណ៍ថាជាចំណុចអាក្រក់របស់ខ្លួន។ ទាំងអស់នេះ បើនៅមិនទាន់រកឃើញសភាវជ្រៀតជ្រែកពីរោគផ្សេងៗទេនោះ រោគធាត់អាចការពារបានដោយការសាងទម្លាប់និស្ស័យស្រឡាញ់សុខភាពក្នុងការញ៉ាំដែលល្អតាំងពីតូចៗ។ ឪពុកម្ដាយអាចជួយសម្រកទម្ងន់ដល់កូនបាន ដោយការលើកទឹកចិត្តកូន កែសម្រួលទង្វើការញ៉ាំអាហារ មិនញ៉ាំអាហារផ្អែមខ្លាំង ប្រៃខ្លាំង ឬអាហារដែលមានខ្លាញ់ច្រើនជ្រុលជាដើម។

    ក្រៅពីនេះនៅអាចរួមគ្នាធ្វើកិច្ចការងារក្នុងក្រុមគ្រួសារដើម្បីឱ្យកូនបានហាត់ប្រាណ ដូចជាការបោសជូតសម្អាតផ្ទះ ការលេងកីឡា ជាដើម។ ទាំងអស់នេះ បើមនុស្សនៅក្នុងគ្រួសាររួមចិត្តរួមកាយគ្នាកែសម្រួលទង្វើក្នុងរឿងនៃការញ៉ាំអាហារ និងហាត់ប្រាណយ៉ាងជាប់លាប់ លើកទឹកចិត្តគ្នាទៅវិញទៅមក នោះកូនៗដែលអ្នកស្រឡាញ់នឹងឃ្លាតឆ្ងាយពីរោគធាត់ មានសុខភាពល្អ និងរឹងប៉ឹងបានជារៀងរហូត៕