Tag: ទិញយក

  • ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

    ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

    លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។

    យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។

    ក្រុម​ហ៊ុន​ Zip2

    ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។

    ក្រុម​ហ៊ុន PayPal

    ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 លោក Elon Musk ក៏​បាន​ចំណាយ​ 12 លាន​ដុល្លារ​ដើម្បី​បង្កើត​ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​អនឡាញ X.com។ ឆ្នាំ 2000 លោក​ក៏​យល់​ព្រម​ច្របាច់​បញ្ចូល​គ្នា​រវាង​ X.com និង​គូ​ប្រជែង Confinity ហើយ​ប្ដូរ​ឈ្មោះ​ទៅ​ជា PayPal។ ប៉ុន្តែ​ ក្រោយ​មក លោក​ក៏​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​កៅអី​ប្រធាន​។

    PayPal ត្រូវ​បាន​ eBay ទិញ​ក្នុង​តម្លៃ 1.5 ពាន់​លាន​ដុល្លារ​កាល​ពិ​ឆ្នាំ 2002។​ លោក Elon Musk គឺជា​ភាគហ៊ុនិក​ធំជាង​គេ​ និង​ទទួលបានពី 160 ទៅ 180 លាន​ដុល្លារ​។ លោក​ក៏​ប្រើ​ប្រាស់​ប្រាក់​នេះ​វិនិយោគ​ទៅ​លើ SpaceX និង Tesla ដែល​ក្រុម​ហ៊ុន​នាំ​ឱ្យ​លោក​ក្លាយ​ជា​មហា​សេដ្ឋី​។

    SpaceX

    SpaceX គឺជា​ក្រុម​ហ៊ុន​អវកាស​ដែល​លោក Musk និង Tom Mueller បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2002​។ គោលដៅ​របស់​ពួក​គេ​គឺ​ការ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ដឹក​ជញ្ជូន​មនុស្ស​ និ​ងទំនិញ​ឡើងទៅ​កាន់​ទីអវកាស​។ បច្ចុប្បន្ន SpaceX ត្រូវ​បាន​កំណត់​តម្លៃ​ឡើង​ដល់​ប្រហែល 150 ពាន់​លាន​ដុល្លារ​។

    ក្រុម​ហ៊ុន Tesla

    Tesla ត្រូវ​បាន​បង្កើត​ឡើងកាល​ពី​ឆ្នាំ 2003​។ បច្ចុប្បន្ន Tesla គឺជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើពិភពលោក។

    SolarCity

    ឆ្នាំ 2006 ដោយ​យោង​ទៅ​តាម​គំនិត​របស់​លោក Musk បងប្អូន​ជីដូន​មួយ​របស់​លោក​ គឺ Peter និង Lyndon Rive បាន​បង្កើត SolarCity ដែល​ផលិត​ផ្ទាំង​សូឡា​។ ក្រោយ​មក លោក​ Musk ក៏​ធ្វើ​ជា​ប្រធាន និង​ជា​ភាគហ៊ុនិក​ធំជាង​គេ​ក្នុង​ក្រុម​ហ៊ុន​នេះ​។

    ឆ្នាំ 2016 Tesla ទិញយក​ SolarCity ក្នុង​តម្លៃ 2.6 ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​សកម្ម​ភាព​របស់​ Tesla Energy ក្នុងវិស័យ​រក្សា​ថាមពល​ព្រះ​អាទិត្យ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ស្ថានីយ​បញ្ចូល​អគ្គិសនី​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​។

    OpenAI

    ឆ្នាំ 2015 លោក Musk ចូល​រួម​បង្កើតក្រុម​ហ៊ុន​មិន​ស្វែង​រក​ប្រាក់​កម្រៃ​ OpenAI ដែល​សិក្សា​ស្រាវ​ជ្រាវ​អំពី​បញ្ញា​សិប្បនិម្មិត។ ប៉ុន្តែ លោក Musk បាន​ចាកចេញ​ពី​ក្រុម​ហ៊ុន​នេះ​កាល​ពី​ឆ្នាំ 2018។

    ឆ្នាំ 2019 OpenAI ទទួល​បាន​ប្រាក់​វិនិយោគ​មួយ​ពាន់​លាន​ដុល្លារ​ពី Microsoft។ បច្ចុប្បន្ន​ OpenAI បាន​ងាក​ទៅ​ស្វែង​រក​ប្រាក់កម្រៃ​ដោយ​មាន​ផលិត​ផល​សំខាន់​គឺ ChatGPT។

    Neuralink

    នេះគឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ដែល​លោក Musk បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2016​។ គោលដៅ​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ការ​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ដែល​ទាក់​ទង​នឹង​ខួរក្បាល និង​តភ្ជាប់​ខួរ​ក្បាល​មនុស្ស​ជាមួយ​នឹង​កុំព្យូទ័រ​តាម​រយៈ​ឧបករណ៍​តូច​ដែល​ភ្ជាប់​ក្នុង​ក្បាល​មនុស្ស​។

    The Boring Company

    ឆ្នាំ 2017 លោក Musk បង្កើត​ក្រុម​ហ៊ុននេះដើម្បី​ជួយ​ផ្លាស់​ប្ដូរ​បណ្ដាញ​គមនាគមន៍​នៅ​សហរដ្ឋ​អាម៉េរិក​។ ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​សាងសង់​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​រថយន្ត​ល្បឿន​លឿន​បើកបរ​ដោយ​ស្វ័យ​ប្រវត្ត​។

    ក្រុម​ហ៊ុន X

    X ដើម​ឡើយ​គឺជា​បណ្ដាញសង្គម​ Twitter ប៉ុន្តែ​ត្រូវ​លោក Musk ទិញ​កាល​ពី​ខែ​តុលា 2022 ក្នុង​តម្លៃ​ 44 ពាន់​លាន​ដុល្លារ​។ ខែ​កក្កដា 2023 លោក​ក៏​បាន​ប្ដូរ​ឈ្មោះ និង​ឡូហ្គោ​ Twitter ទៅ​ជា X។

    ក្រុម​ហ៊ុន xAI

    ខែ​កក្កដា 2023 xAI ត្រូវ​បាន​លោក Musk បង្កើត​ឡើង​ដើម្បី​ស្វែង​យល់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះ​ស្រាយ​ដើម្បី​ជំនួស​ ChatGPT៕

  • David Beckham កំពុង​ត្រៀម​បង្កើត​ក្រុម​កីឡាករ​ជើង​ខ្លាំង​មកពី​ក្លឹប PSG និង Barca

    David Beckham កំពុង​ត្រៀម​បង្កើត​ក្រុម​កីឡាករ​ជើង​ខ្លាំង​មកពី​ក្លឹប PSG និង Barca

    ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami របស់ David Beckham អូសទាញ Lionel Messi បានសម្រេច ប៉ុន្តែ​ក្លឹប​លេង​នៅ MLS នេះ នឹងមិន​ឈប់​ត្រឹម​នេះឡើយ គ្រា​ដែល​ពួកគេ​កំពុង​ទាក់ទាញ​កំពូល​កីឡាករ​បី​រូប​ផ្សេងទៀត​ដែល​សុទ្ធតែជា​អតីត «អ្នកលេង» របស់​ក្លឹប Barcelona។

    រាប់​ចាប់តាំងពី​បាន​ទិញ Inter Miami កាលពី​ឆ្នាំ 2018 អតីត​កំពូល​តារាបាល់ទាត់​អង់គ្លេស David Beckham បាន​ចិញ្ចឹមចិត្ត​នាំយក​កំពូល​កីឡាករ​ពិតប្រាកដ​មក​ចូលរួម​ជាមួយ​ក្លឹប​នេះ និង​ប្រកួត​នៅ​ពានរង្វាន់​អាម៉េរិក MLS។

    ថ្មីៗនេះ Beckham បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចុះបញ្ចូល Lionel Messi។ ប្រការនេះ​ប្រាកដជា​ធ្វើឱ្យ Inter Miami កាន់តែ​ល្បីឈ្មោះ និង​អាច​បន្ត​ទាក់ទាញ​តារាបាល់ទាត់​ដទៃ​ទៀត​។ ក្រោយពី​សម្រេច​បាន​​កិច្ចព្រមព្រៀង​ជាមួយ M10 ក្លឹប Miami ក៏​កំពុង​សំដៅ​ទៅរក​ក្រុម​កីឡាករ​ដទៃ​ដើម្បី​ដើរ​ជាមួយ Messi ក្នុងនោះ​មាន​ជាអាទិ៍ Busquets, Suarez និង Alba ជាដើម។ ចំណែក Messi ក៏បាន​ស្នើឱ្យ​ក្លឹប​ថ្មី​របស់ខ្លួន​ទិញយក Angel Di Maria ដែលជា​មិត្ត​ជិតស្និទ្ធ​បំផុត​មួយរូប​របស់ M10 ហើយ Beckham ក៏​កំពុង​ពិចារណា​លើ​រឿង​នេះ។

    ក្រុមកីឡាករជើងខ្លាំងដែល Inter Miami ប៉ងប្រាថ្នា

    នៅពេល​មាន​កីឡាករ​ទាំងឡាយ​ខាងលើ ក្លឹប Inter Miami នឹងមាន​ក្រុម​ជើង​ខ្លាំង​ដ៏​គួរឱ្យ​ញញើត។ បច្ចុប្បន្ន ថ្វីបើ​ក្លឹប​នេះ​ឈរ​បាត​តារាង​នៅ MLS ប៉ុន្តែ ពួកគេ​នៅសល់​ពាក់កណ្ដាល​រដូវ​កាល​ទៀត ហើយ​ឱកាស​ហក់​ឡើង​នៅមាន​ច្រើន ពិសេស​គឺ​នៅពេល​មាន Messi៕

  • ដើម្បី​ជំនួស Messi ក្លឹប PSG ត្រៀម​ទិញយក​កីឡាករ​ឆ្នើម​របស់ Arsenal ?

    ដើម្បី​ជំនួស Messi ក្លឹប PSG ត្រៀម​ទិញយក​កីឡាករ​ឆ្នើម​របស់ Arsenal ?

    Paris Saint-Germain ត្រូវបាន​គេ​ជឿថា បាន​បញ្ចូល​ឈ្មោះ​ប្រធាន​ក្រុម​របស់ Arsenal ទៅក្នុង​បញ្ជី​សម្រាំង​ចុង​ក្រោយ​របស់ខ្លួន​ដើម្បី​ជំនួស Lionel Messi។

    យោងតាម​ការចុះផ្សាយរ​បស់​ទំព័រ Mirror Football តារាបាល់ទាត់​អា​ហ្ស​ង់​ទីន លោក Messi ត្រូវគេ​ជឿថា នឹង​ចាក​ចេញពី PSG នៅពេល​កិច្ចព្រមព្រៀង​បាន​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ។ បើទោះជា Barcelona នៅតែ​ចង់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Messi ប៉ុន្តែ «ផ្ទះ​ថ្មី» របស់​តារាបាល់ទាត់អាហ្សង់ទីន​រូប​​នេះ ក៏​នៅ​មិនទាន់​​ច្បាស់​លាស់​។

    PSG កំពុងធ្វើការ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ​ម្នាក់​ក្នុង​បំណង​ជំនួស Messi នៅ​រដូវក្ដៅ​ឆ្នាំនេះ។ ព័ត៌មាន​ចចាមអារ៉ាម​នាពេលថ្មីៗនេះ​ យល់ថា Bernardo Silva របស់ Manchester City កំពុង​ក្លាយជា​គោលដៅ​របស់​ក្លឹប​នៅ​ប៉ារីស តែ​មិនទាន់​សម្រេចចិត្ត​ចុងក្រោយ។

    ចំណែក​ទំព័រ El Nacional វិញ យល់ថា PSG បានដាក់​គោលដៅ​លើ​កីឡាករ​ន័​រ​វែ​ស Martin Odegaard ដែលជា​ប្រធាន​ក្រុម​របស់ Arsenal។ Martin Odegaard បាន​ក្លាយជា​កីឡាករ​ឆ្នើម​បំផុត​នៅ Premier League កាលពី​ខែមីនា​កន្លងទៅ។

    ទោះជា​យ៉ាងនេះ​ក៏ដោយ គ្រូបង្វឹក Mikel Arteta របស់ Arsenal បាន​ច្រានចោល​ព័ត៌មាន​ខាងលើ និង​បាន​ធានាថា កិច្ចព្រមព្រៀង​ជាមួយ Martin Odegaard ដែល​នៅសល់​ពីរ​ឆ្នាំ​ទៀត នឹង​នៅតែ​រឹងមាំ៕

  • Juventus ទិញយក Cuadrado ពីក្លិប Chelsea ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍

    Juventus ទិញយក Cuadrado ពីក្លិប Chelsea ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍

    ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិកូឡុំប៊ី Juan Cuadrado ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ពីក្លិប Chelsea។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះកាលពីថ្ងៃចន្ទ។

    Juventus ដែលនឹងត្រូវប្រកួតជាមួយនឹងក្រុម Real Madrid ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះបានឲ្យដឹងថា៖ «ក្រោយពីកិច្ចប្រជុំទៅលើលក្ខខណ្ឌផ្សេងៗដែលត្រូវបានផ្តល់ឲ្យក្នុងកិច្ចសន្យានេះ កាតព្វកិច្ចរបស់ក្លិបដែលតម្រូវឲ្យមានការនាំយក Juan Cuadrado ពីក្លិប Chelsea ត្រូវបានបំពេញ»។ ការផ្ទេរជាអចិន្ត្រៃយ៍នេះ មានតម្លៃខ្លួន២០លានអឺរ៉ូ (ស្មើនឹង២២,៥លានដុល្លារអាមេរិក) ដែលនឹងត្រូវបង់ជាប្រចាំឆ្នាំរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមពីរដូវកាលឆ្នាំ២០១៧-២០១៨នេះតទៅ។

    គួររំឭកដែរថា Cuadrado បានផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League (ក្នុងក្លិប Chelsea) ក្រោយពីបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ខណៈដែលក្រុមជម្រើសជាតិកូឡុំប៊ីរបស់គេ បានឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ មុននឹងចាញ់ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ។

    ខ្សែបម្រើប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ ដែលការផ្ទេរកាលពីលើកមុនក្នុងតម្លៃខ្លួនដ៏ខ្ពស់របស់គេទៅកាន់ Chelsea ចេញពីក្លិប Fiorentina នាដើមឆ្នាំ២០១៥ ដែលមិនបានផ្តល់សមិទ្ធផលតាមសេចក្តីត្រូវការនោះ បានចូលរួមជាមួយនឹងក្លិប Juventus ក្នុងលក្ខខណ្ឌខ្ចីជើងម្តងរួចហើយ កាលពីខែកញ្ញានៅឆ្នាំដដែលនោះ តែឥឡូវនេះរូបគេបានចុះហត្ថលេខាលើកុងត្រាមួយដែលនឹងធ្វើឲ្យរូបគេស្ថិតនៅជាមួយនឹង Juventus រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕

    ប្រភពពី៖ Reuters