អេនជី រន្ធត់ចិត្តចង់ជួយទារិកាម្តាយដាក់ក្នុងធុងអាំងពងមាន់
ភ្នំពេញៈ ក៏ព្រោះតែទឹកចិត្តអាណិតអាសូរកូន ក្នុងនាមភាពជាម្តាយមួយរូប ខណៈដែលខ្លួនទើបសម្រាលកូនប្រុសវ័យ ៥ ខែ ធ្វើឲ្យពិធីការិនីសម្តីផ្អែមស្រាលប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ និងភីអិនអិន អ្នកនាង លី ច័ន្ទដាលីស ហៅកញ្ញា អេនជី រំជួលចិត្តយ៉ាងខ្លាំងក៏ប្រកាសជជីកសួររកលេខទូរសព្ទដៃស្ត្រីជាម្តាយ របស់ទារិកា ដែលដាក់កូនក្នុងរទេះធុងក្បែរចង្អើរអាំងពងមាន់គួរឲ្យ សង្វេកនោះភ្លែតហ្មង! កើតចេញពីរូបភាពកូនង៉ែតមួយសន្លឹក ដែលបានបង្ហោះក្នុងបណ្តាញហ្វេសប៊ុកជាមួយនឹងសារមួយឃ្លាថា៖ «ទោះទុក្ខម៉ែធ្ងន់ដូចភ្នំសង្កត់ក៏ម៉ែមិនចោលកូនដែរ» ធ្វើឲ្យអ្នកនាង អេនជី ក្តុកក្តួលក្នុងចិត្តកើតនូវក្តីអាណិតអាសូរដល់ទារិកាក៏សួរថា៖ «មាននរណាស្គាល់លេខទូរសព្ទគាត់ទេ?»។ អ្នកនាង លី ច័ន្ទដាលីស បង្ហើបថា៖ «គ្រាន់តែបានឃើញរូបគេបង្ហោះ ក៏មានចិត្តអាណិតអាសូរដល់ក្មេងនោះភ្លាម ព្រោះខ្ញុំយល់ពីអារម្មណ៍ដែលកំពុងតែមានកូនតូចដែរ។ ហើយខ្ញុំក៏គិតថា ហេតុអ្វីក្មេងៗមានជីវិតរស់លើផែនដីតែមួយ ចុះម៉េចក៏មានវាសនាខុសគ្នាអ៊ីចឹងវិញហ្ន?»។ ពិធីការិនីរូបស្រស់សោភាដែលទើបវិលចូលបម្រើការងារសិល្បៈវិញ ក្រោយពីសម្រាលកូនប្រុសជូនស្វាមីជាអាណិកជនខ្មែរអាមេរិកឈ្មោះលោក ភីធើរ សុធារ៉ាហេង តាំងពីពេលកូនប្រុសមានវ័យត្រឹមមួយខែនោះបន្តថា៖ «មើលទៅក៏ដឹងដែរថា មានសភាពក្តៅខ្លាំងណាស់ ដែលម្តាយដាក់កូននៅក្នុងធុងដែកក្បែរចង្អើរអាំងពងមាន់នោះ។ នេះក៏ដោយសារទឹកចិត្តម្តាយមិនចង់ឲ្យកូនឃ្លាតឆ្ងាយពីខ្លួន។ ការដែលនាងខ្ញុំសួររកលេខទូរស័ព្ទគាត់ជាម្តាយ មិនមែននាងខ្ញុំជាអ្នកមានធនធានស្តុកស្តម្ភអ្វីនោះឡើយ គឺគ្រាន់តែចង់ជួយចែករំលែកការលំបាករបស់គាត់ខ្លះតាមរយៈរូបនាង ខ្ញុំ និងក្រុមមិត្តភក្តិ ឬប្រសិនបើមានបងប្អូនផ្សេងទៀតចង់ចូលរួមជួយសម្រួលនូវទុក្ខលំបាកនេះ ក៏បានគឺយើងជួយខ្មែរដូចគ្នាទៅតាមលទ្ធភាពអាចជួយបានរៀងៗខ្លួន។ តែពេលនេះនាងខ្ញុំ ក៏មិនទាន់បានស្គាល់លេខគាត់ [ម្តាយទារិកាកម្សត់ដាក់ក្នុងធុងពងមាន់អាំង] នៅឡើយទេ។ … Read more