Tag: ទម្លាប់

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • នៅពេលកូនតូចឈានចូលខែទី 9

    នៅពេលកូនតូចឈានចូលខែទី 9

    ខែទី 9

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។

    ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។

    ល្មមឱ្យឈប់បៀបបាយបានហើយ

    កាលពីអាយុមិនលើស 8ខែ កូននឹងចាប់ផ្ដើមលែងចូលចិត្តអាហារម៉ដ្ឋៗខ្ទេចៗហើយ ច្រើនតែចូលចិត្តញ៉ាំរបស់ដែលត្រូវទំពាដូចជា ផ្លែឈើត្រូវហាន់ចែកជាបំណែកតូចៗ ដូចជា ផ្លែត្របែក ជម្ពូ ប៉ោម ស្វាយ និងឱ្យកាន់ខាំញ៉ាំខ្លួនឯង។ វ័យនេះមិនសូវនៅស្ងៀមទេ បើឱ្យអង្គុយនៅលើកម្រាលឥដ្ឋ ប្រហែលជាត្រូវរត់ដេញតាមបញ្ចុកអាហារហើយ ដូច្នេះគួរឱ្យអង្គុយនៅក្នុងតុបាយសម្រាប់កុមារ ឬក្នុងកៅអីហាត់ដើរ ចំណែកការបញ្ចុកឱ្យញ៉ាំបាយវិញ អាស្រ័យលើទម្លាប់ និងនិស្ស័យរបស់ក្មេង ក្មេងខ្លះចូលចិត្តញ៉ាំយឺតៗ ក្មេងខ្លះញ៉ាំលឿន តែបើសិនជាញ៉ាំយឺតជ្រុលពេក ដូចជាទម្រាំតែញ៉ាំអស់បបរមួយកូនចាន ត្រូវខាតពេលបញ្ចុកដល់ទៅជិតមួយម៉ោងនោះ បញ្ជាក់ថា កូនតូចមិនចូលចិត្តអាហារនោះទេ នឹងបៀមក្នុងមាត់មិនព្រមលេប ព្រោះតែមានអារម្មណ៍ថាមិនឆ្ងាញ់ ដូច្នេះអ្នកម្ដាយមិនចាំបាច់ខាតពេលបញ្ចុកទៀតទេ គួរឱ្យកូនញ៉ាំអ្វីផ្សេងវិញប្រសើរជាង។

    ជាក្មេងដែលរើសច្រើន

    កូនក្នុងវ័យនេះ អ្នកម្ដាយនឹងមើលឃើញបានកាន់តែច្បាស់ឡើងហើយថា កូនចូលចិត្តញ៉ាំអ្វី? ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ អ្នកម្ដាយក៏គួរឱ្យញ៉ាំរួមជាមួយរបស់ដទៃទៀត ដូចជា ចិញ្ច្រាំបន្លែដាក់លាយនៅក្នុងបបរ ដាក់លាយនៅក្នុងស៊ុតក្រឡុកចៀន ជាដើម ឬបើមិនចូលចិត្តញ៉ាំបន្លែប្រភេទណាមួយ ក៏ប្ដូរទៅញ៉ាំបន្លែប្រភេទផ្សេងទៀត។ បើមិនចូលចិត្តញ៉ាំបន្លែសោះ ក៏ឱ្យញ៉ាំផ្លែឈើជំនួសវិញក៏បាន បើកូនតូចនៅតែញ៉ាំបបរ នំប៉័ង ឬទឹកដោះគោបានដដែលនោះ។ ទោះជាមិនសូវញ៉ាំ និងរើសច្រើនក្ដី ក៏មិនធ្វើឱ្យកូនខ្វះសារធាតុអាហារដែរ បើកូនមិនចូលចិត្តញ៉ាំស៊ុត ក៏ឱ្យញ៉ាំសាច់មាន់ជំនួសវិញ បើមិនចូលចិត្តញ៉ាំទាំងស៊ុត និងសាច់មាន់ ក៏ឱ្យញ៉ាំសាច់ត្រីជំនួសវិញ។ កូនដែលរើសអាហារ ច្រើនតែឆាប់ដឹងរសជាតិ បើប្រាកដក្នុងចិត្តថា កូនមិនបានញ៉ាំបានតិចរហូតដល់ថ្នាក់ខ្វះសារធាតុអាហារទេនោះ ក៏មិនគួរបង្ខំខ្លាំងពេកដែរ។

    អាការដែលអាចកើតឡើង

    – ប្រយ័ត្នហើមសួត

    នៅពេលកូនមានអាការគ្រុនក្ដៅខ្លាំង នឹងពិបាកដកដង្ហើម ពេលក្អកច្រើនតែឈឺចាប់ តែបច្ចុប្បន្នកុមារលែងមានគ្រោះថ្នាក់ដោយសារជំងឺនេះហើយ បើបណ្ដាលមកពីមេរោគវីរុសនឹងច្រើនតែជាទៅវិញដោយឯកឯង ហើយគ្រូពេទ្យនឹងឱ្យញ៉ាំថ្នាំបដិបក្ខប្រាណ(Antibiotic)។ បើកូននៅញ៉ាំអាហារបាន ក៏ឱ្យញ៉ាំអាហារបន្ថែមតទៅទៀត ញ៉ាំទឹកផ្លែឈើស្រស់ឱ្យបានច្រើន បើក្អក ចូរលើកពឱ្យទ្រោបលើស្មា ហើយទះអង្អែលខ្នងថ្នមៗ នឹងជួយឱ្យស្លេស្មធ្លាក់ចេញមកស្រួលជាងដាក់ឱ្យគេងរាមនៅលើគ្រែ។ តែបើសិនជាកើតអាការគ្រុនក្ដៅខ្លាំងយូរថ្ងៃ និងហើមសួតដែលបណ្ដាលមកពីឆ្លងមេរោគផ្ដាសាយពីមនុស្សធំ ត្រូវតែនាំទៅមន្ទីរពេទ្យ។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    . ក្មេងខ្លះអាចវារឡើងកាំជណ្ដើរបានហើយ។

    . ពេលវារ ដៃម្ខាងអាចកាន់របស់លេងបានទៀតផង។

    . ក្មេងខ្លះអាចអង្គុយចុះពីឥរិយាបថឈរដោយខ្លួនឯងបានហើយ។

    . ចេះអង្គុយមួយកន្លែងបានយូរហើយ។

    . ចូលចិត្តទះដៃ យករបស់លេងគោះគ្នា និងបោះរបស់លេងទៅលើឥដ្ឋជាដើម។

    . ចូលចិត្តយកម្រាមដៃលូកចូលរន្ធផ្សេងៗ(ចំណុចនេះ ឪពុកម្ដាយត្រូវប្រយ័ត្ន ព្រោះកូនតូចអាចលូកចូលរន្ធព្រីភ្លើង)។

    សង្គមជុំវិញខ្លួន

    . ក្មេងខ្លះចេះនិយាយពាក្យដែលមានអត្ថន័យបានហើយ ដូចជា ម៉ស់ ញ៉ាំៗ និងចូលចិត្តនិយាយដដែល។

    . ចេះធ្វើតាមបញ្ជាស្រួលៗបានហើយ ដូចជា ឱ្យទៅយករបស់លេង ជាដើម។

    . ខ្លាចមនុស្សដែលមិនធ្លាប់ស្គាល់មុខ និងពេលឃើញក្មេងដទៃយំ អាចនឹងយំតាម។

    . ចេះរើសរបស់លេងដែលខ្លួនឯងចូលចិត្តបានហើយ។

    . ចំណាំហ្គេមដែលខ្លួនឯងធ្លាប់លេងបានហើយ។

    ឧស្សាហ៍លេងជាមួយកូនផង

    . បង្ហាត់ឱ្យកូនឈរ ៈ ការបង្ហាត់ឱ្យចេះឈរ ឬឈានជើងដើរនេះ កូនអាចយកដៃចាប់ដៃម្ដាយ ឬម្ដាយជួយចាប់លើកឱ្យកូនឈានជើងដើរទៅខាងមុខ ក្នុងមួយថ្ងៃឱ្យបានមួយដង ឬ2ដង ម្ដងៗមិនគួរមិនលើស 5 នាទី។ ពេលបង្ហាត់គួរបង្ហាត់នៅខាងក្រៅផ្ទះក្នុងអំឡុងពេលដែលធាតុអាកាសល្អត្រជាក់ស្រួល។ ឪពុកម្ដាយគួរតែសប្បាយរីករាយជាមួយនឹងការបង្ហាត់នេះ បើកូនល្មមអាចឈរដោយខ្លួនឯងបាន ចូរស្រែកលើកទឹកចិត្តកូនថា “ឈានជើងដើរកូន! ឈានជើងដើរកូន!” កូននឹងបានសប្បាយ មានកម្លាំងចិត្ត ដែលទោះជាដួល ក៏នឹងព្យាយាមក្រោកឡើងវិញបានដែរ៕

  • ទម្លាប់ល្អ ១០ យ៉ាង ដែលមហាសេដ្ឋីតែងតែធ្វើជាប្រចាំ

    ទម្លាប់ល្អ ១០ យ៉ាង ដែលមហាសេដ្ឋីតែងតែធ្វើជាប្រចាំ

    ដូចពាក្យមួយគេនិយាយថា បើសិនជាយើងចង់ក្លាយជាវិស្វករ យើងត្រូវរៀនជំនាញវិស្វករ បើសិនជាយើងចង់ក្លាយជាគ្រូពេទ្យ យើងត្រូវរៀនជំនាញពេទ្យ។ យ៉ាងណាមិញបើសិនជាយើងចង់ក្លាយជាអ្នកមាន យើងត្រូវរៀនពីអ្នកមាន ដើម្បីក្លាយជាអ្នកមាន។

    ខាងក្រោមនេះគឺជាទម្លាប់ជាទូទៅដែលក្រុមមហាសេដ្ឋីតែងតែធ្វើ និងធ្វើជាប្រចាំថ្ងៃ៖

    1) បន្តការសិក្សា
    ពួកសេដ្ឋីដែលចាប់ផ្ដើមដោយខ្លួនឯង តែងតែបន្តការសិក្យារៀនសូត្រជាប់ជានិច្ច ដូចជា ការចូលរួមសិក្ខាសិលា អានសៀវភៅ និងមានគ្រូបង្វឹក។ល។ ព្រោះការសិក្សាគ្មានដែនកំណត់ ហើយវាក៏ជាមូលដ្ឋានសម្រាប់យកទៅអនុវត្តន៍ដើម្បីជួយឱ្យពួកគេទទួលបានជោគជ័យ។

    2) ធ្វើលំហាត់ប្រាណ 30នាទីជារៀងរាល់ថ្ងៃ
    នៅពេលដែលពួកគេធ្វើលំហាត់ប្រាណ 30នាទីជារៀងរាល់ថ្ងៃ នឹងជួយឱ្យពួកគេមានសុខភាពល្អ និងពោរពេញទៅដោយថាមពលក្នុងការបំពេញកិច្ចការរបស់ពួកគេផងដែរ។

    3) បង្កើតទំនាក់ទំនងល្អជាមួយនឹងមនុស្សដែលជោគជ័យ
    នៅពេលដែលពួកគេមានទំនាក់ទំនងល្អជាមួយនឹងបុគ្គលដែលជោគជ័យ ពួកគេនឹងទទួលបានគំនិតល្អៗពីបុគ្គលទាំងនោះ ហើយពួកគេនឹងអាចធ្វើឱ្យគោលដៅរបស់ពួកគេឆាប់ទទួលបានជោគជ័យ។

    4) តែងតែគិតអំពីគោលដៅ
    ពួកគេតែងតែគិតអំពីគោលដៅរបស់ពួកគេជាប់ជានិច្ច មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈណានោះទេ។ ពួកគេតែងតែនិយាយ និងនឹកទៅដល់គោលដៅ ជាពិសេសគឺស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រល្អដើម្បីឱ្យសម្រេចបានគោលដៅ។

    5) ស្រមៃអំពីគោលដៅ បន្ទាប់មករៀបចំផែនការសម្រាប់ធ្វើវា
    មានមនុស្សជាច្រើនដែលមានក្ដីស្រមៃដ៏អស្ចារ្យ ប៉ុន្តែពួកគេមិនដែលបានរៀបចំផែនការសម្រាប់ធ្វើគោលដៅទាំងនោះឱ្យទទួលបានជោគជ័យនោះទេ។ ប៉ុន្តែសម្រាប់ពួកសេដ្ឋី តែងតែគិតរកមធ្យោបាយធ្វើយ៉ាងណាឱ្យគោលដៅរបស់ពួកគេជោគជ័យ។

    6) ស្វែងរកគ្រូបង្វឹក និងបុគ្គលដែលជោគជ័យមកធ្វើជាគ្រូ
    គ្រូបង្វឹកមានន័យថា គឺជាមនុស្សដែលដឹកនាំអ្នកឱ្យធ្វើអ្វីមួយ ព្រមទាំងផ្ដល់យុទ្ធសាស្ត្រនានាដល់អ្នកក្នុងការសម្រេចគោលដៅដែលអ្នកចង់បាន។

    7) កុំចំណាយពេលជាមនុស្សដែលបំផ្លាញពេលវេលារបស់អ្នក
    មនុស្សជាច្រើនតែងតែនិយាយថា ពួកសេដ្ឋី រាប់អានតែពួកសេដ្ឋីដូចគ្នា។ ហេតុផលនោះគឺងាយទេ ដោយសារតែពួកគេដឹងថា ពួកសេដ្ឋីគឺទុកពេលវេលាជាមាស ជាប្រាក់។ ដូច្នេះហើយបើសិនជាចង់ក្លាយជាសេដ្ឋី កុំចំណាយពេលវេលារបស់យើងជាមួយនឹងមនុស្សដែលមិនបានការ ជាពិសេសគឺមនុស្សដែលបំពេញពេលវេលារបស់យើង។

    8) ក្រោកពីគេងឱ្យបានឆាប់
    ពួកមហាសេដ្ឋីតែងតែភ្ញាក់ពីគេងនៅពីព្រលឹម ដើម្បីជួយធ្វើឱ្យពួកគេមានពេលវេលាច្រើនក្នុងការបំពេញការងារ ជាពិសេសការឆាប់ភ្ញាក់ពីគេងគឺធ្វើឱ្យមានអារម្មណ៍ល្អ និងបង្កើតជាទម្លាប់ល្អ។

    9) មានប្រភពប្រាក់ចំណូលឱ្យបានច្រើន
    ពួកមហាសេដ្ឋីតែងតែមានប្រភពប្រាក់ចំណូលច្រើនជាងមួយ ដែលប្រភពប្រាក់ចំណូលទាំងអស់នោះ បានមកពីការធ្វើការងារ ការធ្វើជំនួញ ការវិនិយោគ ឬក៏អចលនទ្រព្យជាដើម។

    10) ផ្ដល់អនុភាពដោយផ្ដល់ការងារទៅឱ្យអ្នកដទៃធ្វើជំនួស
    ពួកមហាសេដ្ឋីតែងតែមិនព្យាយាមធ្វើការងារគ្រប់បែបយ៉ាងដោយខ្លួនឯងនោះទេ ពួកគេនឹងប្រើប្រាស់អនុភាព ដោយផ្ដល់ការងារទៅឱ្យអ្នកដទៃធ្វើជំនួសវិញ រួចហើយពួកគេអង្គុយមើលពីលើបន្ត ម្យ៉ាងទៀតការធ្វើបែបនេះ គឺពួកគេសល់ពេលទៅធ្វើការងារផ្សេងទៀតបាន៕

  • ទម្លាប់ចំនួន 3 ដែលពួកមហាសេដ្ឋីតែងតែធ្វើ ដើម្បីបង្កើនទ្រព្យ

    ទម្លាប់ចំនួន 3 ដែលពួកមហាសេដ្ឋីតែងតែធ្វើ ដើម្បីបង្កើនទ្រព្យ

    ភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រគឺវាមានភាពជាក់ស្ដែង ជាមួយនឹងទម្លាប់មួយចំនួន។ ខាងក្រោមនេះគឺជាទម្លាប់ដ៏សំខាន់បំផុតដែលអ្នកអាចយកទៅអនុវត្តឱ្យឈានទៅដល់គោលដៅសេរីភាពផ្នែកហិរញ្ញវត្ថុរបស់អ្នក។

    ១) អ្នកមាន គេរស់នៅក្នុងរង្វង់ប្រាក់ចំណូលរបស់គេ
    អ្នកមានតែងតែជៀសវាងការចំណាយដែលមិនចាំបាច់ និងឥតបានការ។ ពួកគេតែងតែសន្សំទុក ២០ភាពរយនៃប្រាក់ចំណូលរបស់ពួកគេ ហើយនឹងចំណាយ ៨០ភាពរយទៅលើការរស់នៅរបស់ពួកគេជាប្រចាំថ្ងៃ។

    ២) កុំលេងល្បែងស៊ីសង
    ចូរនិយាយអំពីមនុស្ស ៧៧ភាពរយ ដែលជួបការលំបាក់ខាងផ្នែកហិរញ្ញវត្ថុ ដោយសារតែការលេងឆ្នោតផ្សងសំណាង ឬលេងល្បែងស៊ីសង។ មនុស្សដែលមានទ្រព្យសម្បត្តិពិតប្រាកដគេមិនដែលមានដោយសារតែការលេងល្បែងស៊ីសងនោះទេ ហើយអ្នកមានពិតប្រាកដមិនដែលពឹងទៅលើសំណាងនោះដែរ។ ពួកគេបង្កើតសំណាងដោយខ្លួនឯងផ្ទាល់ ហើយប្រសិនបើអ្នកចង់មានទ្រព្យសម្បត្តិច្រើន ចូរខិតខំប្រឹងប្រែងធ្វើវា កុំដេកចាំតែសំណាង។

    ៣) ចូរអានរាល់ថ្ងៃ
    មហាសេដ្ឋីនៅលើពិភពលោកស្ទើរតែទាំងស្រុង គឺចូលចិត្តអានសៀវភៅ ព្រោះវាបានបង្កើតនូវចំណេះដឹង ហើយចំណេះដឹងទាំងនោះ គឺបានជួយគាត់ឱ្យដឹកនាំក្រុមហ៊ុនបានល្អ និងរីកចម្រើន រហូតមានមហាសេដ្ឋីមួយចំនួនបានឆ្លើយទៅកាន់អ្នកសារព័ត៌មានវិញថា «ខ្ញុំជោគជ័យ និងមានបានដោយសារតែសៀវភៅមួយគំនរនេះឯង»។ ក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ៨៨ភាពរយ បានអានសៀវភៅ ៣០នាទី ឬក៏ច្រើនជាងនេះជារៀងរាល់ថ្ងៃ ដើម្បីបង្កើនចំណេះដឹងទៅលើអាជីវកម្ម ឬក៏អាជីបមុខរបរបស់ពួកគេ៕