Tag: ថ្ម

  • កែនិស្ស័យកូនចូលចិត្តប្រកែក…

    កែនិស្ស័យកូនចូលចិត្តប្រកែក…

    ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖

    ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ…

    «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិនល្អនេះទៅប្រើនៅឯសាលារៀន។

    សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្តភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ?

    ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ»

    ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស តែក៏មិនមែនជារឿងប្លែកអ្វីដែរ ដែលក្មេងប្រុសខ្លះមាននិស្ស័យប៉ឹនសម្ដីបែបនោះ ព្រោះមួយចំណែកនៃការក្លាយ​ជាក្មេងប៉ឹនសម្ដីនោះ គឺកើតចេញពីស្ថានភាពជុំវិញខ្លួន និងបុគ្គលដែលនៅជុំវិញខ្លួនកុមារនោះ។

    អាយុ 3-4ឆ្នាំ គឺជាវ័យដែលចាប់ផ្តើមចេះមានការគិត និងមានហេតុផលរបស់ខ្លួនឯងហើយ ក្មេងៗច្រើនតែនិយាយ និងធ្វើផ្ទុយពីអ្វីដែលមនុស្សធំប្រាប់។ ចាប់ផ្តើមដោយពាក្យបដិសេធខាងដើមថា “ទេ” “កូនមិនធ្វើទេ” “កូនអត់ងូតទឹកទេ” ឬ “កូនមិនចង់ញ៉ាំទេ” ជាដើម។ល។ បន្ទាប់ពីពាក្យថា “ទេ” ភាសារបស់កុមារនឹងវិវឌ្ឍ ហើយចាប់ផ្តើមរៀនយល់ដឹងកាន់តែច្រើនឡើង បូកជាមួយនឹងហេតុផលដែលខ្លួនមានច្រើនឡើងផងដែរនោះ ទើបកុមារចេះបញ្ចេញគំនិត តម្រូវការ និងអារម្មណ៍មកជាភាសានិយាយ។ មកដល់ពេលនេះការប៉ឹននិយាយមាន 2រូបបែប គឺការនិយាយបែបមានមន្តស្នេហ៍ និងការនិយាយដែលមនុស្សធំហៅថា “ប្រកែក”។ កូនអ្នកស្រីមិនមែនជាក្មេងរឹងឌឺទេ តែអ្នកជំនាញយល់ថា កូនកំពុងតែមានការចេះគិត មានហេតុផល ដូច្នេះអ្នកម្តាយត្រូវធ្វើចិត្តត្រជាក់ៗ បើកូនប្រកែកពេលអ្នកម្តាយប្រាប់ឱ្យធ្វើអ្វីមួយនោះ ចូរកុំបន្ទោស ឬដាក់ទោសកូនដោយការវាយឱ្យ​សោះ ព្រោះកូននៅមិនទាន់យល់ដឹងថា ការនិយាយតមាត់ ការនិយាយប្រកែកនឹងម្តាយនេះ ហេតុអីបានជាគេមិនអាចធ្វើបាន? ផ្ទុយទៅវិញ បើកូនប្រកែកហើយ អ្នកម្តាយសើច​ ហើយនិយាយប្រកែកទៅវិញនោះ កូនអាចនឹងគិតថា គេអាចធ្វើបែបនេះជាមួយម្តាយបាន ដូច្នេះការកែសម្រួល ឬកែនិស្ស័យបែបនេះ អ្នកជំនាញខាងចិត្តវិទ្យារបស់កុមារសូមណែនាំដូចតទៅ ៖

    -កូនជាក្មេងប៉ឹនសម្ដី អ្នកម្តាយគួរបង្កើន និងរិះរកកិច្ចការណាដែលពាក់ព័ន្ធនឹងការនិយាយឱ្យកូនបានធ្វើញឹកញាប់ ដូចជាឱ្យកូនបាននិយាយរៀបរាប់រឿងរ៉ាវផ្សេងៗ ឬនិយាយរឿងនិទានឱ្យអ្នកដែលនៅជាមួយជិតដិតបានស្តាប់ ដើម្បីឱ្យកូនមានឱកាសបានស្គាល់ពាក្យស័ព្ទថ្មីៗដែលគេចង់ប្រើ ព្រមទាំងឆ្លៀតឱកាសបង្រៀនកូនអំពីសុជីវធម៌ក្នុងការនិយាយ និងប្រាប់ឱ្យកូនបាន​ដឹង​​ថា សម្ដីណាខ្លះដែលមិនគួរប្រើជាមួយមនុស្សចាស់ ការប្រើសំឡេងនិយាយជាមួយអ្នកដទៃយ៉ាងណា ទើបគួរឱ្យចង់ស្តាប់ជាដើម។ល។

    ពេលដែលកូនប្រកែក អ្នកម្តាយគួរឈប់ ដើម្បីស្តាប់សិន ដោយធ្វើទឹកមុខ និងអាកប្បកិរិយាធម្មតា កុំត​មាត់ ទាំងអស់នេះ គឺដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេកំពុងធ្វើនេះមិនសមគួរទេ។ នៅពេលកូនឈប់ប្រកែក សឹមអ្នកម្ដាយប្រាប់ពីវិធីថា កូនគួរតែនិយាយយ៉ាងម៉េចវិញ ទើបជាការប្រសើរជាង។

    នៅពេលណាដែលគំនិតរបស់អ្នកម្តាយ និងកូនមិនត្រូវគ្នា យើងគួរប្រើវិធីនិយាយជជែកពិភាក្សាគ្នា ដើម្បីឱ្យកូនបានបង្ហាញពីអារម្មណ៍ និងគំនិតរបស់គេចេញមកយ៉ាងសេរី ហើយអ្នកម្តាយក៏គួរនិយាយប្រាប់កូនអំពីគំនិត និងអារម្មណ៍របស់ខ្លួនឱ្យកូនបានដឹងដែរ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីវិធីកែបញ្ហាដែលត្រឹមត្រូវ៕

  • តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូអាចកំពុងតែនឹកស្រមៃដល់ផែនការការធ្ចើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ ផែនការទិញផ្ទះ កែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែមកដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយា​​ខ្លះ​ស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណាជាមួយនឹង​ការជិត​មាន​សមាជិក​ថ្មីម្នាក់​នៅក្នុងផ្ទះ។

    ថ្ងៃនេះឡា រ៉ែនមានដំបូន្មានល្អៗអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម៖

    តាំងស្មារតី

    អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្តដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុត​គឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ 1ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុង​ផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈ​​ការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាលការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុន និងពិភាក្សាគ្នាដើម្បីកែសម្រួលផែនការជីវិតជាថ្មីប៉ុណ្ណោះ ដូច្នេះចូរនាំគ្នាគិតម្តង 1ចំណុចៗ ជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។

    ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត

    កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្ស​ក្នុងគ្រួសារ ក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បានបុត្រនោះ ចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នកហ្នឹងឯង។ បើការមានគភ៌ គឺជាដំណឹងល្អរបស់អ្នក ចូរព្យា​យាមរកពេលវេលាល្អៗប្រាប់ទៅអ្នកដទៃ និងជឿថា គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន បើខ្លួនអ្នកមានសេចក្តីសុខ រួចហើយ​ចូរកុំភ្លេចសុំពាក្យណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ដែលធ្លាប់មានបទពិសោធពីមុនផង។

    ទៅពិនិត្យរាងកាយភ្លាម

    នេះគឺជារឿងទី1 ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្តថាតើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះឬទេ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវពាក្យណែនាំដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។

    ទៅពិនិត្យគភ៌ក្នុងអំឡុង 2 – 3 ខែ

    ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ​ តែនៅបានដឹងពីពាក្យណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌រហូតដល់ពេលប្រសូត្រ។ ការកែបញ្ហាសភាវជ្រៀតជ្រែកផ្សេង​​​ៗ និងបានទទួល​ការ​ពិនិត្យ​គភ៌ជាដំណាក់​កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ ក៏នឹង​អាចជួយកែ​បញ្ហា​បានទាន់ពេលវេលា។

    រៀបចំតារាងពេលវេលារង់ចាំទទួលកូនសម្លាញ់

    កត់ជាកំណត់ហេតុទុកនូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ 9ខែខាងមុខទៀត ដើម្បីរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីផ្តល់ពេលវេលាមួយរយៈសម្រាប់ការត្រៀមខ្លួនជាស្រេច។ ឡារ៉ែនជឿថា ទំរាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕

  • តិចនិកមើលថែទាំខ្លួន សម្រាប់អ្នកមានគភ៌ក្នុងខែដំបូង

    តិចនិកមើលថែទាំខ្លួន សម្រាប់អ្នកមានគភ៌ក្នុងខែដំបូង

    គឺជាអំឡុងពេលសំខាន់នៅក្នុងជីវិតរបស់មនុស្សស្រីដែលកំពុងជិតក្លាយខ្លួនជាម្តាយ ទាំងការមើលថែទាំ ត្រៀមខ្លួន និងការ​ស្វា​​គមន៍សមាជិកថ្មីម្នាក់ក្នុងគ្រួសារដែលកំពុងតែជិតចាប់កំណើតឡើងក្នុងរយ:ពេលប៉ុន្មានខែខាងមុខ។ រយ:ដំបូងៗនៃការតាំងគភ៌​នេះ ភាគច្រើនស្ត្រីយើងតែងមានកង្វល់ក្នុងរឿងផ្សេងៗជាច្រើន ទាំងរឿងរូបរាង សុខភាព អារម្មណ៍ដែលប្រែប្រួល ដែលអាការទាំង​អស់​នេះអាចមានផលប៉ះពាល់ដោយត្រង់ទៅដល់កូននៅក្នុងផ្ទៃបាន ដូច្នេះឡា រ៉ែន សុំនាំយកគន្លឹះល្អៗពាក់ព័ន្ធនឹងការមើលថែទាំខ្លួន​ឯងក្នុងរយ:ដំបូងនៃការមានគភ៌នេះ មកជម្រាបជូនអនាគតអ្នកម្តាយថ្មោងថ្មីថា តើមានអ្វីខ្លះ? សូមតាមដានដូចតទៅ ៖

    1 . ទទួលទានអាហារដែលមានប្រយោជន៍

    គួរជ្រើសរើសទទួលទានអាហារឲ្យគ្រប់ទាំង 5 ក្រុម ដែលហុចផលល្អដល់សុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃ ដោយសង្កត់ធ្ងន់លើសារធាតុ ពពួកប្រូតេអុីន កាល់ស្យូម អាស៊ីតហ្វូលិក ដើម្បីជួយអភិវឌ្ឍខួរក្បាល និងសាច់ដុំរបស់ទារកឱ្យធំធាត់បានតាមប្រក្រតី មានជាអាទិ៍ ញ៉ាំទឹកដោះគោឱ្យបានច្រើន ញ៉ាំអាហារសមុទ្រ និងបន្លែស្លឹកពណ៌បៃតងគ្មានសារធាតុគីមី ជាដើម ។ ក្នុងអំឡុងពេលមាន​គភ៌ ស្ត្រីទាំងឡាយគួរតម ឬកាត់បន្ថយការញ៉ាំទឹកតែ កាហ្វេ និងភេស្ជជៈដែលមានជាតិអាល់កុល ឬឈប់ដាច់តែម្តងក៏ជាការ​ប្រសើរដែរ។

    2 . ថែទាំសុខភាពផ្លូវចិត្តឱ្យស្រស់ស្រាយជាប់ជានិច្ច

    ដូចដែលបានដឹងហើយថា បើអ្នកម្តាយមានភាពតានតឹងក្នុងអារម្មណ៍នោះ គឺពិតជាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃមិនខាន ដូច្នេះហើយគួរលះបង់ភាពកង្វល់ខ្វល់ខ្វាយ ភាពតានតឹងក្នុងអារម្មណ៍ទាំងរឿងការងារ និងរឿងផ្សេងៗទៀតចោលឱ្យអស់ ឬ​អាចកែបញ្ហាទាំងនេះបានតាមរយ: ការរកកិច្ចការធ្វើដើម្បីបន្ធូរអារម្មណ៍ ដូចជា ស្តាប់ចម្រៀងពីរោះៗ អានសៀវភៅ ធ្វើការងារច្នៃប្រឌិតផ្សេងៗ ជាដើម។

    3 . សម្រាកក្នុង 1ថ្ងៃៗឱ្យបានគ្រប់គ្រាន់

    ដោយសារតែក្នុងអំឡុងពេលនេះ អ្នកមានគភ៌នឹងចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងល្វើយ និងឆាប់ហត់នោះ ដូច្នេះគួរគេងសម្រាកឱ្យបានច្រើន ឬបន្ថែមការសម្រាកដោយការគេងឱ្យលក់ក្នុងពេលថ្ងៃ​ប្រមាណជា 1-2ម៉ោងក៏បាន។

    4 . ធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីបង្កើនភាពរឹងប៉ឹង

    ជ្រើសរើសហាត់ប្រាណដោយឥរិយាបថស្រាលៗ ដូចជា យ៉ូហ្គា ដើរលេងជុំវិញសួនច្បារ ឬធ្វើការងារផ្ទះបែបស្រាលៗដើម្បីជួយជំរុញប្រព័ន្ធផ្សេងៗក្នុងរាងកាយឱ្យធ្វើការបានល្អ ថែមទាំងជួយឱ្យប្រសូតបានកាន់តែងាយស្រួលឡើងទៀតផង។ គួរចៀសវាងលំ​ហាត់ប្រាណណាដែលប្រើកម្លាំងច្រើន និងមានការងាក ឬបែរខ្លួនខ្លាំងៗ។

    5 . ឧស្សាហ៍ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យគភ៌ និងរកមើលអាការខុសប្រក្រតី

    ជាធម្មតាអ្នកមានគភ៌ខ្លះ ដែលទើបតែមានគភ៌ជាលើកដំបូងអាចនឹងមានកង្វល់ក្នុងរឿងគ្រោះថ្នាក់ អាការខុសប្រក្រតីដែលអាចហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃ ដូច្នេះបើមានអាការខុសប្រក្រតី ឬអាការប្លែកៗណាមួយ ដូចជា ចុកឆ្អល់ញឹកញាប់ ឬចាញ់កូនខ្លាំងក៏គួរតែទៅជួបគ្រូពេទ្យ ឬទៅត្រួតពិនិត្យគភ៌តាមការណាត់របស់ពេទ្យឱ្យបានជាប់ជានិច្ច។

    សរុបមកវិញ ឡា រ៉ែន ចង់ជម្រាបស្រ្តីមានគភ៌ទាំងឡាយថា ចូរធ្វើចិត្តឱ្យសប្បាយៗ កុំតានតឹងអារម្មណ៍ និងកង្វល់ចិត្តខ្លាំងពេកអី គួរបណ្តោយអារម្មណ៍ឱ្យសប្បាយៗ ត្រៀមខ្លួនស្វាគមន៍កូនតូចសម្លាញ់នៅថ្ងៃខាងមុខដោយអារម្មណ៍ស្រស់ស្រាយវិញប្រសើរជាង

  • តើអ្នកឆ្លងទន្លេអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ…

    តើអ្នកឆ្លងទន្លេអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ…

    នៅតែជាចំណុចមួយដែលមានការជជែកតវ៉ាគ្នាបានជានិច្ច សម្រាប់ករណី “តុបតែងមុខចូលបន្ទប់ប្រសូត” ដូច្នេះនៅថ្ងៃនេះ ឡារ៉ែននឹងមកបកស្រាយចម្ងល់ដែលថា ការពិតទៅ តើស្រ្តីមានផ្ទៃពោះដែលត្រូវប្រសូតបុត្រអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើបែបណាអាចធ្វើបាន ដោយមិនទៅទើសទែង ឬរំខានការប្រតិបត្តិភារកិច្ចរបស់គ្រូពេទ្យរហូតមានគ្រោះថ្នាក់ដល់កូន ជូនស្រ្តីមានផ្ទៃពោះដែលកំពុងត្រៀមខ្លួនប្រសូតបុត្រទាំងអស់ឱ្យបាត់ងឿងឆ្ងល់ដូចខាងក្រោម…។

    ការតុបតែងមុខមាត់ចូលបន្ទប់ប្រសូតនេះ ជារឿងមួយដែលស្រ្តីមានគភ៌ជាច្រើនប្រហែលជាធ្លាប់នឹកឆ្ងល់ខ្លះមកហើយមិនខានថា តើការពិតទៅ “អាចបានទេ?” “ហេតុអីត្រូវហាម?” និង”ហេតុអីអ្នកខ្លះធ្វើបាន ហើយអ្នកខ្លះទៀតធ្វើមិនបាន?” ព្រោះអំឡុងពេលដែលបានឃើញមុខកូនជាលើកដំបូង គឺជាអំឡុងពេលសំខាន់បំផុតក្នុងជីវិតដែលនរណាៗក៏ចង់រក្សារូបភាពនោះទុកជាអនុស្សាវរីយ៍ ដែលមនុស្សជាម្ដាយខ្លួនឯងក៏ចង់ថតរូបលើកដំបូងជាមួយកូនក្នុងបែបដែល “មើលទៅមិនស្លេកស្លាំង ឬទ្រុឌទ្រោម” ដែរ។ ដូច្នេះ ការបានដឹងពីការកំណត់ និងច្បាប់ទម្លាប់ផ្សេងៗ នឹងធ្វើឱ្យស្រ្តីមានផ្ទៃពោះអាចប្រតិបត្តិខ្លួនបានយ៉ាងត្រឹមត្រូវ និងសមរម្យឡើងផងដែរ។

    តើស្រ្តីមានផ្ទៃពោះអាចតុបតែងមុខចូលបន្ទប់ប្រសូតបានទេ?

    ភាគច្រើន “បន្ទប់វះកាត់ ឬបន្ទប់ប្រសូត” តែងមានច្បាប់វិន័យក្នុងការប្រតិបត្តិយ៉ាងតឹងរ៉ឹងដើម្បីភាពស្អាតមានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺ ដូច្នេះហើយទើបមន្ទីរពេទ្យភាគច្រើនមិនអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះតុបតែងមុខមាត់ លាបក្រចកដៃ-ជើងចូលបន្ទប់ប្រសូតក្នុងគ្រប់ករណីទាំងអស់ លើកលែងតែគ្រូពេទ្យអនុញ្ញាត។ តែមន្ទីរពេទ្យឯកជនខ្លះអាចអនុលោមឱ្យស្រ្តីមានផ្ទៃពោះអាចតុបតែងមុខមាត់ពេលប្រសូតបុត្របាន ​ តែទាំងអស់នេះ ស្រ្តីមានផ្ទៃពោះគួរតែសួរនាំគ្រូពេទ្យជាមុនថា តើអាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបានដែរឬទេ? ព្រោះមិនដូច្នោះទេ ស្ត្រីមានគភ៌អាចនឹងត្រូវគ្រូពេទ្យបញ្ជាឱ្យទៅលាងមុខចេញមិនខាន។

    ហេតុផលក្នុងការហាមតុបតែងមុខមាត់ លាបក្រចករបស់អ្នកមានផ្ទៃពោះខណៈចូលបន្ទប់ប្រសូត

    • ហាមតុបតែងមុខមាត់ ៈ ព្រោះខណៈពេលធ្វើការប្រសូត រាងកាយរបស់ស្ត្រីមានគភ៌នឹងមានការប្រែប្រួលស្ថិតក្នុងសភាវផ្សេងៗ ដូច្នេះការមិនតុបតែងលាបមុខលាបមាត់ គឺដើម្បីឱ្យគ្រូពេទ្យ ឬអ្នកជំនួយការគ្រូពេទ្យអាចសង្កេតមើលទឹកមុខ ពណ៌បបូរមាត់របស់ស្រ្តីមានគភ៌ថា តើមានពណ៌បៃតង ស្វាយ ស្លេកស្លាំងពីការបាត់បង់ឈាម ខ្វះខ្យល់អុកស៊ីហ្ស៊ែន ឬកើតសភាវពិបាកដកដង្ហើម ឬអត់ហ្នឹងឯង។
    • ហាមលាបក្រចកដៃ ៈ ព្រោះពេលខ្លះគ្រូពេទ្យនឹងសង្កេតមើលលើក្រចកដៃរបស់ស្រ្តីមានគភ៌ថា តើមានការបាត់បង់ឈាម បាត់បង់ជាតិទឹកអស់ច្រើនដែរឬទេ? មើល Capillary refill (ចុចលើក្រចក ដើម្បីសង្កេតមើលភាពខុសប្រក្រតី មើលថា តើពេលចុចហើយ ក្រចកនឹងត្រឡប់មកជាពណ៌ផ្កាឈូកវិញឬទេ?)។
    • បន្ទប់វះកាត់ ឬបន្ទប់ប្រសូត គឺជាទីកន្លែងគ្មានមេរោគ ៈ ការនាំយកវត្ថុប្លែកចម្លែកពីខាងក្រៅចូលទៅ ភាពប្រថុយក្នុងការឆ្លងមេរោគក៏នឹងមានច្រើនឡើងដែរ ព្រោះសូម្បីតែគ្រូពេទ្យ ឬឆ្មបក៏នៅប្ដូរសម្លៀកបំពាក់ថ្មី ប្ដូរស្បែកជើងថ្មីគ្រប់ពេលដែលចូលធ្វើការក្នុងបន្ទប់នេះ។ ការដែលបន្ទប់វះកាត់ ឬបន្ទប់ប្រសូតមានច្បាប់វិន័យក្នុងការប្រតិបត្តិដែលតឹងរ៉ឹងច្រើនបែបនេះ គឺដើម្បីភាពស្អាត មានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺទាំងអស់។

    ចង់ស្រស់ស្អាតពេលចូលបន្ទប់ប្រសូតបែបមិនខុសរបៀបវិន័យ ត្រូវធ្វើយ៉ាងណា?

    ក្នុងករណីដែលគ្រូពេទ្យអនុញ្ញាត ស្ត្រីមានគភ៌អាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបាន តែគួរជាការតុបតែងមុខមាត់បែបស្រាលៗ ថ្លាៗ មិនតុបតែងបែបពោរពេញហូរហៀរ ដិតខ្លាំង លាបម្សៅទ្រនាប់បែបក្រាស់ឃ្មឹកនោះទេ ព្រោះដូចដែលបានរៀបរាប់ប្រាប់ពីខាងដើមរួចមកហើយថា អាចនឹងធ្វើឱ្យពិបាកដល់ការសង្កេតមើលអាការផ្សេងៗ តែបើសិនជាគ្រូពេទ្យមិនអនុញ្ញាតទេ ស្រ្តីមានគភ៌អាចនឹងគូសចិញ្ចើម តរោមភ្នែកតាំងពីមុនដល់ថ្ងៃប្រសូត និងប្រើ Application តុបតែងរូបភាព ជួយឱ្យរូបភាពចេញមកស្រស់ស្អាតជាងស្ថានភាពពិតនៅពេលនោះបាន…អាហ្នឹងមិនបានខុសនឹងបម្រាមទេ៕

  • វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែលឡា រ៉ែនជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់យ៉ាងម៉េចខ្លះ? ដូច្នេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជំរាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់គ្នាដូចខាងក្រោម ៖

    . ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សំរាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសំរួលខ្លួនជាមុនសឹន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សំរាប់ការផ្ងូតទឹកសំអាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសំអាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់អាចម៍ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសំអាត​ខ្លួនកូនតូចក៏បានដែរ ។

    . ជូតសំអាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសំអាតម្តុំភ្ជឹត និងអវយវ:ភេទដែលច្រើនកើតមានភាព​សើមអាប់ ដូច្នេះគួរធ្វើការជូតសំអាតដោយអាល់កុល 70% រៀងរាល់លើក ក្រោយពេលផ្ងូតទឹករួច រហូតទាល់គល់ភ្ជឹតជ្រុះ និងភ្ជឹតឡើងស្ងួត ។ ហាមប្រើម្សៅ​រោយ​​​ពីលើ​ភ្ជឹតទារកជាដាច់ខាត ព្រោះអាចធ្វើឲ្យកើតការឆ្លងមេរោគបាន ចំណែកអវយវ:ភេទ និងគូទក៏មិនគួរមើលរំលងដែរ នៅពេល​កូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសំអាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមបស្សាវ: និងឧច្ចារ:ដែល​ប្រឡាក់លើខ្លួនកូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតប្តឹតឲ្យស្ងួតល្អ បន្ទាប់​​​​​​​​​​​​​​​​​​​​ពីនោះមកទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឲ្យ ។

    ខោអាវរបស់កូនតូច : គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស់ សាច់ទន់ខ្យល់ចេញចូលបាន មិនហប់អាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយ ។ ចំណែកខោវិញគួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែដើម្បីឲ្យងាយស្រួលស្លៀក និងដោះចេញ ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច ។

    . ហាត់សង្កេត សម្លេងយំ និងអាការរបស់កូនតូច : ការបញ្ចេញសម្លេងផ្សេងៗ ទាំងការស្រែកបែបប្រឹងស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ ថានៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ មិនសប្បាយខ្លួនដោយសារឈឺថ្កាត់ ជាដើម ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចាំសង្កេតមើលកូនតូចជាប់ជាប្រចាំ ថាអាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឲ្យយើងដឹង ។

    . ទឹកដោះម្តាយសំខាន់បំផុត : ដូចបានដឹងច្បាស់គ្រប់គ្នាហើយថា ទឹកដោះម្តាយគឺជាប្រភពនៃសា​រជាតិ​អាហារចំបងៗរបស់​​ទារកពេញរយ:ពេល 1 ឆ្នាំតំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះគឺជាវត្ថុចាំបាច់ ជា​ភោជ​​​​​នាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍន៍របស់កូនតូចខ្លាំងណាស់ ជា​ពិសេសទារក​ដែលអាយុបាន 6 សប្តាហ៍ នឹងចាប់ផ្តើមរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយគួរឲ្យកូនសម្លាញ់បានមឺមដោះឲ្យបានច្រើនជាងមុនដែរ ។

    . ភ្ជាប់សម្ព័ន្ធនៃក្តីស្រឡាញ់ឲ្យជិតស្នឹទ្ធ : ព្រោះតែការធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ព័ន្ធរវាងម្តាយ និងកូនឲ្យកាន់តែកើនច្រើនឡើង មិនថាតែការកំរើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឲ្យស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេរកូន គឺសុទ្ធតែជាការភ្ជាប់សម្ព័ន្ធឲ្យកូនញញឹម និងមានសេចក្តីសុខ ។

    ទោះនៅក្នុងរយ:តំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសំរបសំរួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀម​ខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំងជាពិសេស រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសំរាកគ្រប់គ្រាន់ក៏​ដោយ តែការប្រែប្រួលរបស់កូនដែលរីកចំរើនធំធាត់ជាបណ្តើររៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមតូចៗដែលបង្ហាញឡើងនៅ

    លើផ្ទៃមុខរបស់កូនសម្លាញ់ សូមជឿចុះថា វានឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ និងបន្ថែមនូវសេចក្តីសុខដល់​ក្រុមគ្រួសាររបស់លោកអ្នកមិនខាន ៕

  • នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។

    ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។

    …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ

    ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ

    ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។

    ពិនិត្យមើលទីកន្លែង

    ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? និងត្រូវពិនិត្យមើលឧបករណ៍គ្រឿងលេងទាំងនោះផងថា តើមានភាពរឹងមាំ ឬមានចំណុចណាមួយស្រួច មុត ដែរឬទេ?។

    រៀនជាមួយនឹងធម្មជាតិ

    ក្មេងៗមានភាពចង់ដឹង ចង់ឃើញនូវអ្វីៗជុំវិញខ្លួនគេស្រាប់ទៅហើយ រឹតតែពេលបានមកនៅកណ្តាលធម្មជាតិដែលមាន​ទាំងវាលស្មៅ ដើមឈើ ផ្ទៃមេឃ សត្វបក្សីបក្សា និងសត្វល្អិតផ្សេងៗក្នុងពេលដែលអ្នកម្តាយដឹកដៃគេដើរលេងផងនោះ គេអាចនឹងមានសំនួរជាច្រើនសួរឡើង ដែលអ្នកម្តាយអាចនឹងសៀតស៊កនូវចំណេះដឹង និងបង្ហាត់បង្ហាញពីការចេះសង្កេតដល់កូនបាន។

    វិវឌ្ឍនាការសក្តិសមនឹងវ័យដោយធម្មជាតិ

    ការបណ្តោយឱ្យកុមារបានរត់លេងនៅក្នុងទីធ្លាដែលស្រឡះ កណ្តាលវាលនោះ នឹងជួយឱ្យកុមារមានទីធ្លាសម្រាប់ការរៀន​យល់​ដឹងមួយដែលមានភាពខុសប្លែកពីក្នុងបន្ទប់រៀន ឬក្នុងផ្ទះ។ កុមារនឹងបានរៀនយល់ដឹងកាន់តែច្រើនបែបច្រើនយ៉ាងឡើង តាមរយៈស្ថានភាពជុំវិញខ្លួនដែលប្លែកថ្មីជានិច្ច ដូចជាដើមឈើ ស្លឹកឈើ ផ្កាដែលមានពណ៌ល្អៗ និងចំនួនវត្ថុដែលខុសពីគ្នាទៅតាមរដូវកាល និងថែមទាំងបានសប្បាយរីករាយតាមរយៈការលេង ដែលនឹងធ្វើឱ្យកុមារមានអារម្មណ៍ល្អ នាំទៅរកការវិវឌ្ឍខាងអារម្មណ៍ ឬ EQ ដ៏ល្អទៀតផង។ ក្រៅពីនោះ ការធ្វើចលនារបស់រាងកាយរបស់កូនយ៉ាងពេញទំហឹងតាមរយៈការរត់លេង មិនថាតែការរត់ លោត ហក់តោង ឬឡើងនោះក្ដី វាប្រៀបដូចជាការហាត់ប្រាណដែលនឹងធ្វើឱ្យកូនមានសុខភាពល្អ សាច់ដុំមាំមួនទៀតផង។

    . ចំណុចគួរប្រយ័ត្នក្នុងការនាំកូនចេញទៅលេងខាងក្រៅផ្ទះ

    ទោះជាការលេងនៅខាងក្រៅផ្ទះនេះមានចំណុចល្អច្រើនមែនក៏ដោយ តែក៏មានចំណុចគួរប្រយ័ត្នប្រយែងដែរ ជាពិសេស គឺការវង្វេងបាត់តែម្តង ដូច្នេះដើម្បីចៀសវាងនូវការសោកស្តាយនៅពេលក្រោយ ឬការកើតមានឡើងនូវបញ្ហាជាយថា​ហេតុណាមួយនោះ លោកឪពុក ឬអ្នកម្តាយគួរប្រុងប្រយ័ត្នដូចតទៅ ៈ

    1. កុំនាំកូនទៅលេងនៅកន្លែងណាដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ពេក(ព្រោះអាចនឹងវង្វេងគ្នាដោយសារហ្វូងមនុស្ស)។
    2. កុំបណ្តោយកូនឱ្យរត់លេងតែឯងដោយមិនបានរវីរវល់មើលឱ្យសោះ ទោះជាកន្លែងដែលទៅលេងនោះនៅជិតផ្ទះក៏ដោយ។
    3. មិនផ្ញើកូនជាមួយនឹងមនុស្សចាស់ជរា ដែលមិនអាចមើលក្មេងដែលស្ថិតក្នុងវ័យរពឹសបាន។
    4. ព្យាយាមនៅក្បែរកូនជានិច្ច ឬកុំបណ្តោយឱ្យកូនបាត់ពីខ្សែភ្នែកឱ្យសោះ។

    នៅពេលដែលកូនលេងជក់រហូតភ្លេចហត់

    រឿងចុងក្រោយដែលឡារ៉ែនចង់ផ្តាំលោកឪពុកអ្នកម្តាយទាំងអស់ សម្រាប់ការនាំកូនៗចេញទៅលេងនៅខាងក្រៅផ្ទះនោះគឺ ក្នុងអំឡុងពេល​ដែលកូនៗបានលេងនោះ ពួកគេអាចនឹងសប្បាយយ៉ាងភ្លេចខ្លួន រហូតលែងមានអារម្មណ៍ហត់ គ្មានអារម្មណ៍ថា ហេវ ដូច្នេះលោកឪពុក​អ្នកម្តាយត្រូវចាំសង្កេតមើលថា បើឃើញកូនចាប់ផ្តើមហត់ ឬនៅមិនទាន់បានញ៉ាំអី និងមិនបានញ៉ាំទឹកយូរហើយនោះ គួរតែប្រាប់ឱ្យកូនឈប់សម្រាកបន្តិច ដើម្បីបន្ថែមថាមពលសិន សឹមទៅលេងសប្បាយបន្តទៀត៕

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកឪពុកអ្នកម្ដាយទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 7ផ្នែកដែលក្មេងៗគួរតែមានដើម្បីឱ្យពួកគេចេះសម្របខ្លួនរស់នៅក្នុងពិភពលោកដែលកាន់តែពិបាករស់នៅនេះបានយ៉ាងមានសេចក្ដីសុខ និងមានជោគជ័យក្នុងជីវិត។

    IQ ៈ ភាពឆ្លាតវៃខាងសតិបញ្ញា

    IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។

    វិធីជំរុញ IQ ដល់កូនសម្លាញ់

    • អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។
    • ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។
    • បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។
    • ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។

    EQ ៈ ភាពឆ្លាតវាងវៃខាងអារម្មណ៍

    បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ ល្អ តែ EQ មិនល្អ ក៏អាចនឹងធ្វើឱ្យគេបរាជ័យក្នុងជីវិតបានដែរ ដូចជា អាចក្លាយជាក្មេងរៀនពូកែដែលមិនអាចទប់ទល់នឹងបញ្ហា ឬភាពអស់សង្ឃឹមបានរហូតឈានឆ្ពោះទៅរកការបំផ្លាញខ្លួនឯងដូច្នោះដែរ។ ឪពុកម្ដាយអាចអភិវឌ្ឍ EQ ឱ្យកូនបានតាមវិធីដូចតទៅនេះ ៈ

    វិធីជំរុញ EQ ដល់កូនសម្លាញ់

    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅដល់កូនតាំងពីកូននៅតេះតះ ដើម្បីសាងអារម្មណ៍ជឿទុកចិត្ត សម្ព័ន្ធភាពជិតស្និទ្ធ។
    • បង្រៀនក្មេងតូចៗឱ្យស្គាល់ពីអារម្មណ៍របស់ខ្លួនឯង បង្រៀនឱ្យកូនស្គាល់ឈ្មោះរបស់អារម្មណ៍ផ្សេងៗដែលកំពុងកើតឡើងចំពោះគេ។
    • បង្ហាត់ក្មេងៗឱ្យចេះចាត់ការជាមួយអារម្មណ៍ផ្សេងៗយ៉ាងស័ក្តិសម រួមទាំងឪពុកម្ដាយខ្លួនឯងក៏ត្រូវយល់ និងដឹងពីវិធីចាត់ការអារម្មណ៍របស់កូនដែរ។
    • បង្ហាត់ឱ្យក្មេងៗចេះកែបញ្ហាដោយខ្លួនឯង ដោយឪពុកម្ដាយនឹងលូកដៃចូលជួយនៅពេលដែលហួសពីកម្លាំងរបស់កូនប៉ុណ្ណោះ។

    CQ ៈ ភាពឆ្លាតវៃក្នុងការចាប់ផ្ដើមច្នៃបង្កើត

    CQ (Creativity Quotient) ជាភាពឆ្លាតវៃក្នុងការគិត ចាប់ផ្ដើមច្នៃបង្កើតអ្វីថ្មីៗ ដែលនេះជារឿងសំខាន់ខ្លាំងណាស់សម្រាប់កុមារក្នុងយុគសម័យដែលពោរពេញទៅដោយតម្រូវការអៃឌៀប្លែកថ្មី និងការកែសម្រួលខ្លួន។ ឪពុកម្ដាយអាចជួយឱ្យកូនអភិវឌ្ឍ CQ របស់គេបានតាមវិធីផ្សេងៗ ដូចខាងក្រោមនេះ ៈ

    វិធីជំរុញ CQ ឱ្យកូនជាទីស្រឡាញ់

    • បង្កើតការនឹកស្រមៃដល់ក្មេងៗ ដូចជា និទានរឿងឱ្យស្ដាប់ បបួលគូររូប ស្ដាប់បទភ្លេង ឬកិច្ចការងារផ្សេងៗតាមដែលក្មេងៗចូលចិត្ត។
    • ជំរុញឱ្យកូនគិតជាបន្តបន្ទាប់ ជាក្មេងប៉ឹនសួរ ប៉ឹនសង្កេត និងប៉ឹនឆ្ងល់។
    • ឱ្យកូនបានធ្វើអ្វីផ្សេងៗដោយខ្លួនឯង មិនយករង្វង់គំនិតរបស់ឪពុកម្ដាយមកគ្របសង្កត់ពីលើកូន ព្រមទាំងកោតសរសើរលើភាពឧស្សាហ៍ព្យាយាមរបស់ក្មេងៗពេលគេតាំងចិត្តធ្វើអ្វីផ្សេងៗ។
    • នាំក្មេងៗចេញទៅរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលមានប្រយោជន៍ ដូចជានាំទៅសារមន្ទី ឬទស្សនាការសម្ដែងសម្រាប់កុមារ។

    (នៅមានត)

  • គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

    គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

    ការផ្លាស់ប្តូរប្រែប្រួលរបស់ស្រ្តីមានគភ៌ថ្មោងថ្មីដែលមើលឃើញច្បាស់នោះគឺ រូបរាងរបស់ដែលចេះតែរីកធំឡើងជារៀង​រាល់ខែ អាចធ្វើឱ្យអ្នកដែលទើបតែតាំងគភ៌ជាលើកដំបូងលែងមានភាពជឿជាក់លើខ្លួនឯង រួមទាំងផ្ទៃមុខ សាច់ស្បែករបស់ខ្លួនក៏​​អាចនឹងប្រែប្រួលទៅតាមនោះដែរ តែអ្វីដែលសំខាន់នោះគឺ អ្នកមានគភ៌លើកដំបូងអាចមិនសូវមានទំនុកចិត្តលើផលិតផលគ្រឿង​សម្អាង​ដែលកំពុងប្រើនោះថា តើវាមានសុវត្ថិភាពចំពោះកូនសម្លាញ់ដែលនៅក្នុងផ្ទៃ ឬក៏អត់? ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា តើផលិតផលថែរក្សាសម្ផស្សណាខ្លះដែលត្រូវហាមឃាត់ក្នុងខណៈមានគភ៌។

    1.គ្រីមថែបំប៉នស្បែក

    មិនគួរប្រើគ្រឿងសម្អាងដែលស្ថិតក្នុងក្រុម Whitening និងផលិតផលបំបាត់មុន ស្នាមអុច ស្នាមជាំខ្មៅផ្សេងៗ និងដែល​មានគ្រោះថ្នាក់បំផុតនោះគឺ Retinol ឬ​អាស៊ីតវីតាមីន A ដោយសារតែវាអាចជ្រាបចូលទៅក្នុងក្រសែឈាម និងអាចបណ្តាលឱ្យទារកនៅក្នុងគភ៌រលូត ឬពិការបាន តែពពួកគ្រីមការពារកំដៅថ្ងៃអាចនៅប្រើបាន។

    2 . ថ្នាំព្យាបាលមុន

    ព្រោះការព្យាបាលមុននឹងមានសារធាតុ Roaccutane ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលខ្ពស់ ទើបចាំបាច់ត្រូវស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ពេទ្យយ៉ាងតឹងរ៉ឹង និងហាមប្រើប្រាស់នៅលើស្ត្រីមានគភ៌ ដោយសារតែថ្នាំមួយនេះអាចបង្កឱ្យមានគ្រោះ​ថ្នាក់ដល់ទារកក្នុងគភ៌ និងត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទនេះប្រមាណជា 1 – 2 ខែជាមុនសិន ទើបអាចមានគភ៌បាន។

    3 . ការជ្រលក់ពណ៌សក់ លាបពណ៌សក់ ពន្យឺតសក់ ឬអ៊ុតសក់

    អ្វីទាំងអស់នេះ មានសារធាតុម្យ៉ាងដែលអាចនឹងធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់បាន ដូចជាថា បើយើងកើតប្រតិកម្ម​ចាញ់ និងមានស្នាមរបួស ឬដំបៅនៅលើស្បែកក្បាល វាអាចនឹងធ្វើឱ្យកើតការឆ្លងមេរោគរាលដាលកាន់តែលឿនឡើង ស្រួលមិន​ស្រួលអាចនឹងហុចផលអាក្រក់ដល់កូននៅក្នុងគភ៌ទៀតផង ដូច្នេះទើបយើងមិនណែនាំឱ្យស្រ្តីមានគភ៌ទៅធ្វើពណ៌សក់ក្នុងអំឡុងពេល​នោះឡើយ។

    4 . ខាត់ស្បែកមុខ និងស្បែកដងខ្លួន

    ជាពិសេសការខាត់ស្បែកដោយសារធាតុគីមី អាចធ្វើឱ្យកើតប្រតិកម្មចាញ់ និងឡើងកន្ទួល ឬជួនកាលអាចនឹងឆ្លង​មេរោគ​បានដោយងាយ​បើស្ត្រីមានគភ៌មានរបួស ឬដំបៅនៅតាមរាងកាយផងនោះ។ ដូច្នេះយើងសូមណែនាំថា បើអ្នកមានគភ៌ចង់ខាត់ ឬធ្វើម៉ាស្សាដង​ខ្លួននោះ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន ព្រោះសារធាតុមួយចំនួននៅក្នុងផលិតផលទាំងនោះអាចនឹងធ្វើឱ្យ​រលាក​ក្រហាយ និងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។

    5 . ធ្វើម៉ាស្សាមុខដោយឧបករណ៍

    ដែលមានទាំង អាល់ត្រាសូនិក បេប៊ីហ្វេស ភ្លើងពណ៌ផ្សេងៗ ព្រោះតារាងដែកឆក់អគ្គិសនី នឹងហុចផលធ្វើឱ្យគភ៌រលូតបាន។ ទាំងអស់នេះរួមទាំងគ្រឿងប្រើប្រាស់អគ្គិសនីផ្សេងៗទៀតផង ដូចជា ប្រដាប់ផ្លុំសក់ ប្រដាប់បឺតធូលីដី ឆ្នាំងម៉ៃក្រូវេហ្វ និងអ្វីក៏ដោយ​ដែលមានម៉ូទ័រ ឬឌីណាម៉ូភ្លើង អ្នកគភ៌គួរតែនៅឱ្យឆ្ងាយៗពីរបស់ទាំងអស់នោះ។

    6 . លាបពណ៌ក្រចក

    សារធាតុគីមីនៅក្នុងថ្នាំលាបក្រចកនឹងមានផលប៉ះពាល់ដល់វិវឌ្ឍនាការរបស់ទារកនៅក្នុងផ្ទៃ និងសូម្បីតែកូនង៉ាដែលទើប​នឹងកើត​ក៏ដោយ។

    7 . ចាក់ Botox

    ការចាក់សារធាតុនេះចូលទៅក្នុងស្បែក នឹងធ្វើឱ្យសាច់ដុំពិការ លែងធ្វើការ ជារឿងដែលត្រូវបានហាមជាដាច់ខាត សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ។

    8 . ស្ពង់ចំហាយទឹក និងសាវណា

    ធ្វើឱ្យរាងកាយរបស់អ្នកមានផ្ទៃពោះបាត់បង់ជាតិទឹកក្នុងអំឡុងពេលនោះ ទើបមិនគួរធ្វើសាវណាក្នុងអំឡុងពេលមាន​គភ៌ឡើយ ព្រោះអាចនឹងធ្វើឱ្យកើតខ្យល់គ វឹលមុខបានយ៉ាងងាយបំផុត។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវមួយទៀតបានប្រាប់ថា ក្រោយពីចំហុយសាវណាបានប្រមាណជា 1 – 2 ម៉ោងមក នឹងធ្វើឱ្យ IQ របស់យើងធ្លាក់ចុះទៀតផង ដោយសារតែការបាត់បង់ជាតិ​ទឹកក្នុងរាងកាយហ្នឹងឯង។

    មូលហេតុផ្សេងៗទាំងអស់នេះអាចធ្វើឱ្យអ្នកមានផ្ទៃពោះមើលថែទាំកូននៅក្នុងផ្ទៃបានយ៉ាងមានសុវត្ថិភាព តែយ៉ាងណាក៏ដោយ ក៏ស្រ្តីមានគភ៌ត្រូវតែស៊ូទ្រាំដែរ ដើម្បីឱ្យជីវិតដ៏តូចមួយដែលនៅក្នុងខ្លួនរបស់អ្នកមានសុខភាពល្អ នៅពេលបើកភ្នែកមើលពិភពលោកនេះ៕

  • ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

    ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

    នៅសល់ពេល 1ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្រ្តីមានគភ៌គ្រប់រូប ដែលមានទាំងការរំភើបចិត្តផង ទាំងត្រេកអរផង ព្រោះជិតបានឃើញមុខកូនសម្លាញ់ តែខណៈពេលជាមួយគ្នាក៏មានអារម្មណ៍នឹកភ័យខ្លាចនឹង​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត។ តែអ្វីទាំងអស់នេះ គ្រូពេទ្យជំនាញខាងសម្ភពនឹងមកជម្រាបអនាគតអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនពេលប្រសូតដូចខាងក្រោមនេះ៖

    ឈានចូលដល់ខែទី 9

    ក្នុងអំឡុងពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចរបស់ស្រ្តីមានគភ៌ និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្រ្តីមានគភ៌​នឹងមានអាការឈឺពោះរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើមឡើង មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោកប្តីឱ្យជួយរឺតជើងឱ្យទៀតផង។

    ត្រៀមខ្លួនជាស្រេច មុនពេលប្រសូត

    ការត្រៀមរួចជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្រ្តីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល ដូច្នេះ តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត…ៈ

    1 .មន្ទីរពេទ្យ

    • ប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងគភ៌របស់ខ្លួន។
    • អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាងគេ ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតឱ្យរួចជាស្រេច។

    2 .ត្រៀមរាងកាយ

    • រឿងអាហារការហុបចុក គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន ​ តែកាត់បន្ថយអាហារណាដែលមាន​រស​​ជាតិខ្លាំងៗ ដូចជា ប្រៃខ្លាំង ជូរខ្លាំង ជាពិសេស ហឹរ ព្រោះវានឹងធ្វើឱ្យស្រ្តីមានគភ៌ហើម។ គួរទទួលបន្លែផ្លែឈើរួមជាមួយ​ផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
    • គួរញ៉ាំថ្នាំបំប៉នតាមដែលគ្រូពេទ្យឱ្យមកឱ្យគ្រប់ ដូចជា ថ្នាំបំប៉នលោហិត វីតាមីនរួម និងកាល់​ស្យូម ជាដើម ព្រោះក្នុងអំឡុងពេលប្រសូត អ្នកម្តាយត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយឆាប់​ស្រួលខ្លួនឡើងវិញផង។
    • រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់ម្តាយ និងរបស់កូនតូចទុកជាស្រេ​ច ព្រោះក្រោយពេលប្រសូតរួច ម្តាយមិនអាចមានពេលទៅដើររកទិញបានទេ។

    3 .ត្រៀមខ្លួនប្រសូត

    • ក្នុងករណីដែលស្ត្រីមានគភ៌មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ ស្ត្រីមានគភ៌គួរតែប្រសូតតាមវិធីធម្មជាតិ។
    • កំណត់ផែនការក្រោយពេលប្រសូតទុកជាមុនថា តើត្រូវពន្យារកំណើត ឬលែងយកបុត្រទៀត ឬយ៉ាងណា? បើត្រូវពន្យារកំណើត(លែងយកបុត្រទៀត) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ ក្នុងការបំពេញតម្រូវការរបស់អ្នកប្រសូត។

    4 .ត្រៀមចិត្ត ត្រៀមថ្លើមទុកជាស្រេច

    • ស្រ្តីមានគភ៌(ពេលគ្រប់ខែ)ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្តដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា អាចនឹងយំខ្សឹកខ្សួលពេញមួយថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូច​កាលពីពេលមុន ជាដើម-ល និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យដើម្បីទុកប្រតិបត្តិតាមផង។

    អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូតដែលស្រ្តីមានគភ៌ត្រូវតែដឹង…

    1. ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទីម្ដង និងឈឺម្តងៗប្រហែលជា 40វិនាទី។
    2. មានឈាមចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។
    3. មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរ​ពេទ្យដែរ) ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគទៅដល់ទារកបាន។

    សភាវជ្រៀតជ្រែកមិនល្អដែលអាចកើតឡើង នៅពេលគ្រប់ខែ(មុនជិតដល់ពេលប្រសូត)…

    1. មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកឹលមកតោងនៅម្តុំមាត់​ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
    2. សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យអ្នកម្តាយហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចបណ្ដាលឱ្យស្រ្តីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាល។
    3. ទារកក្នុងគភ៌លែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុករុំ-កទារក ដែលជាសភាវគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់ ពេលជួបអាការដែលរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួបគ្រូ​​ពេទ្យ​​ភ្លាមជាបន្ទាន់ ។

    នៅពេលត្រៀមរាងកាយរួចរាល់ ត្រៀមចិត្តរួចរាល់ហើយ…ពេលនេះអនាគតអ្នកម្ដាយថ្មោងថ្មីអាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូន​សម្លាញ់ ហើយវានឹងក្លាយជាក្តីរំភើបសោមនស្សពេញក្នុងចិត្តវិញមិនខាន(អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្ត) និងខាងក្រោមនេះគឺ ការត្រៀមសម្ភារសម្រាប់ចូលមន្ទីសម្ភព…ៈ

    .សម្រាប់អនាគអ្នកម្តាយ

    1. ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
    2. សំឡីអនាម័យ និង អាវក្នុងសំពាក់បំបៅកូន
    3. សម្លៀកបំពាក់ម្តាយសម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
    4. អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
    5. កូនកាបូបតូចមួយសម្រាប់ដាក់គ្រឿងសម្អាង
    6. កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
    7. កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអនុញ្ញាតឱ្យថតរូបបាន។

    .សម្រាប់ទារក

    1. ក្រណាត់កន្ទប
    2. ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
    3. ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
    4. កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
    5. ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនសម្លាញ់ពេលត្រឡប់ទៅផ្ទះវិញ៕
  • បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    ក្តីស្រឡាញ់ និងសម្ព័ន្ធទាក់ទងរវាងម្តាយ និងកូន…ចាប់ផ្តើមឡើងតាំងពីអ្នកម្តាយមានគភ៌ថ្មីៗ ភ្លាមៗម៉្លេះ អ្វីៗ​​​​គ្រប់​យ៉ាងដែលពាក់ព័ន្ធជាមួយអ្នកម្តាយសុទ្ធតែហុចផលទៅដល់កូនតូចក្នុងគភ៌ជានិច្ច ទាំងខាងរូបកាយ អារម្មណ៍ និងផ្លូវចិត្ត។ បើសិនជាស្ត្រីមានគភ៌មានសុខភាពផ្លូវចិត្តល្អ កូនតូចដែលនៅក្នុងគភ៌ក៏មានការវិវឌ្ឍល្អដែរ តែផ្ទុយទៅវិញ…បើស្ត្រីមានគភ៌ស្ថិតក្នុងសភាវផ្លូវចិត្តដែលមានភាពតឹងតែងធុញថប់ ឆាប់ខឹង ឬឆាប់ភ័យបារម្ភជាប់ជាប្រចាំ ​ដែលមួយចំណែកបណ្តាលមកពីកម្រិតអ័រម៉ូននៅក្នុងរាងកាយមានការប្រែប្រួល និងមួយចំណែកទៀតមកពីអារម្មណ៍ដែលចេះតែគិតថា ខ្លួនឯងនឹងចុះអន់ថយទាំងខាងរូបរាងកាយ មុខមាត់ និងការចងចាំនៅពេលតាំងគភ៌នោះ កូនតូចនៅក្នុងគភ៌ក៏នឹងបានទទួលផលប៉ះពាល់មិនល្អ រហូតដល់មានការវិវឌ្ឍយឺតយ៉ាវទៅតាមនោះដែរ។

    ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្តាយដ៏ល្អ គឺជារឿងមួយសំខាន់បំផុត និងអាចធ្វើបានយ៉ាងងាយៗដូចខាងក្រោមនេះ៖

    .ធ្វើចលនារាងកាយ…

    ជួយអភិវឌ្ឍខួរក្បាលកូន…ការធ្វើចលនានៅទីនេះមានន័យថា ធ្វើចលនារាងកាយយ៉ាងសមល្មមដែលនឹងហុច​ផលល្អដល់ទឹកភ្លោះនៅក្នុងស្បូន និងសភាពជុំវិញខ្លួនកូនតូចនៅក្នុងគភ៌ ធ្វើឲ្យកូនតូចមានអារម្មណ៍ដូចបានទទួលការប៉ះពាល់​ដោយដៃរបស់អ្នកម្តាយផ្ទាល់ ជួយអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទទទួលដឹង និងអារម្មណ៍ ហើយថែមទាំងមានការពត់ពេនខ្លួន​ប្រាណ​​​​​​​​ទៅតាមចង្វាក់ការធ្វើចលនារបស់ម្តាយទៀតផង។ តែចំណុចគួរប្រយ័ត្ន គឺកុំធ្វើចលនាខ្លាំងៗ និងច្រើន ឬយូរជ្រុល​ពេក ព្រោះនឹងធ្វើឱ្យកូនតូចមិនបានសម្រាក និងហត់តាមម្ដាយដែរ ហើយទារកនៅក្នុងគភ៌អាចនឹងបញ្ចេញអាការធាក់ ឬរើយ៉ាងធុញថប់ជាដើម។

    .សំឡេង…

    ជួយអភិវឌ្ឍអារម្មណ៍របស់កូន…ដោយសារប្រព័ន្ធសរសៃប្រសាទខាងការស្តាប់របស់កូនតូចក្នុងគភ៌ចាប់ផ្តើមធ្វើការពេលអាយុបាន 18សប្តាហ៍ និងការបានឮនឹងវិវឌ្ឍបន្តទៅទៀតជារឿយៗតាមលំដាប់នោះ រលកសំឡេងដែលមានគ្រោងសាងដ៏សក្តិសមល្អនឹងជួយជំរុញបណ្តាញសរសៃប្រសាទដែលពាក់ព័ន្ធជាមួយការបានឮឱ្យអភិវឌ្ឍប្រព័ន្ធការងារបានកាន់តែលឿនឡើង។ នៅពេលកូនតូចប្រសូតចេញមកហើយនឹងធ្វើឱ្យសមត្ថភាពក្នុងការរៀងលំដាប់ការគិតនៅក្នុងខួរក្បាល មានអារម្មណ៍ធូរស្រាល និងអាចចងចាំរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ។

    ទារកនឹងមានការអភិវឌ្ឍសមត្ថភាពក្នុងការទទួលដឹងពាក់ព័ន្ធនឹងចង្វាក់របស់សំឡេងតាំងពីនៅក្នុងគភ៌ម្ដាយ អាចឆ្លើយតបនឹងសំឡេងដែលមានចង្វាក់លឿន និងយឺតបាន។ ចេះបែងចែកសំឡេងដែលធ្លាប់ស្គាល់តាំងពីនៅក្នុងគភ៌ម្ដាយ ដូចជាសំឡេង​ម៉ាក់ សំឡេងប៉ា ដែលបើសិនជាសំឡេងដែលល្អៗផងនោះ ទារកនឹងកើតក្តីសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ ការដែលស្ត្រីមានគភ៌ឧស្សាហ៍និយាយជាមួយកូនតូចក្នុងផ្ទៃ រួមទាំងការបើកបទភ្លេងបំពេរផងនោះនឹងជួយសាងសម្ព័ន្ធភាពដ៏ល្អរវាងម្តាយ និងទារកបាន។

    .អាហារ…

    ជួយបង្កើនការអភិវឌ្ឍរបស់កូន…អាហារដែលអ្នកម្តាយទទួលទានចូលទៅ នៅមិនទាន់បញ្ជូនទៅដល់​ទារកភ្លាមៗទេ តែសារជាតិអាហារផ្សេងៗទាំងនោះនឹងស្ថិតនៅក្នុងខ្លួនអ្នកម្តាយ ព្រោះលំហូរវឹលនៃឈាមរបស់អ្នកម្តាយ និងកូននៅផ្សេងពីគ្នា តែមានចំណុចតភ្ជាប់គ្នាតាមរយ:ទងសុក ហើយសារធាតុអាហារដែលល្អៗនឹងត្រូវបឺតជញ្ជក់ទៅឱ្យកូនតាមរយ:ទងសុកនេះឯង។ ដូច្នេះបើអ្នកម្តាយចង់ឱ្យកូនបានទទួលសារធាតុអាហារដែលល្អ មានផលល្អដល់ការវិវឌ្ឍរបស់ទារកនោះ គួរតែទទួលទានអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បី​ឱ្យកូនតូចអាចទាញយកទៅប្រើប្រាស់ក្នុងបរិមាណដែលគ្រប់គ្រាន់ ។

    ការដែលទារកអាចបឺតជញ្ជក់យកសារធាតុអាហារបានល្អ ឬមិនល្អនោះ វាអាស្រ័យនៅលើ​​​​​ទងសុកដែរ បើទងសុកមានទំហំ​តូច ការបឺតជញ្ជក់អាហារនឹងបានតិចជាងទងសុកដែលមានទំហំធំ តែវិធីដែលល្អបំផុតនោះគឺ អ្នកម្តាយត្រូវទទួលទានអា​ហារ​​ដែលមានប្រយោជន៍ឱ្យបានច្រើនបំផុត ដើម្បីមានផលល្អដល់ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌ ។

    ទារកនៅក្នុងគភ៌…គឺជាវ័យនៃការពឹងពាក់លើអ្នកម្តាយ មិនទាន់អាចជួយ ឬឆ្លើយតបនឹងតម្រូវការរបស់ខ្លួន​ឯង​បាន​​ទេ ដូច្នេះបើអ្នកម្តាយចិញ្ចឹម និងថែទាំយ៉ាងត្រឹមត្រូវនោះ វានឹងហុចផលឱ្យកូនតូចកើតមានអារម្មណ៍កក់ក្តៅ ជឿជាក់លើសុវត្ថិភាព រហូតដល់មានការវិវឌ្ឍដ៏ល្អឡើងតាមលំដាប់ជាមិនខាន៕