Tag: ថៃ

  • សូម​ប្រយ័ត្ន​រឿង​ញ៉ាំ​គ្រឿងស្រវឹង​ ពេល​ទៅដើរ​លេង​នៅ​ប្រទេស​ទាំងនេះ​…

    សូម​ប្រយ័ត្ន​រឿង​ញ៉ាំ​គ្រឿងស្រវឹង​ ពេល​ទៅដើរ​លេង​នៅ​ប្រទេស​ទាំងនេះ​…

    នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​សិង្ហបុរី​ ប៊្រុយ​ណេ​ អារ៉ាប់រួម​ (United​ Arab​ Emirates​) ឬប៉ាគីស្ថាន​ ជាដើម​ ជា​ប្រទេស​ដែល​មានច្បាប់​តឹងរ៉ឹង​បំផុត​លើ​ការប្រើ​ប្រាស់​ជាតិ​ស្រវឹង​នៅ​ទី​សាធារណៈ​ ដោយ​អនុវត្ត​ទៅលើ​ទាំង​ពលរដ្ឋ​ក្នុង​ស្រុង​ ទាំង​ភ្ញៀវ​ទេសចរ​បរទេស​។
            -នៅ​ប្រទេស​សិង្ហបុរី​ (Singapore​) ប្រជាជន​ត្រូវ​បាន​ហាម​មិន​ឱ្យ​ផឹកស្រា​បៀរ​នៅកន្លែង​សាធារណៈ​ ចាប់ពី​ម៉ោង​22​:30​នាទី​ ដល់ម៉ោង​ 7ព្រឹក​ ជា​រៀងរាល់ថ្ងៃ​។ ហាង​លក់រាយ​ទាំងឡាយ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ស្រា​បៀរ​ឱ្យ​ភ្ញៀវ​ដែល​ចង់​ទិញ​យក​ទៅក្រៅ​ ក្នុង​អំឡុង​ម៉ោង​នេះ​ដែរ​។ បើសិន​រំលោភ​លើ​ការ​ហាមប្រាម​នេះ​ អ្នកលក់​នឹង​ត្រូវ​រដ្ឋ​ពិន័យ​ឱ្យ​បង់ប្រាក់​1,000​ដុល្លារ​សិង្ហបុរី​ (ប្រហែល​742​ដុល្លារ​អាមេរិក​)។ ចំពោះ​អ្នក​ដែល​ល្មើស​បំពានច្បាប់​នេះ​ជា​លើក​ទី​2 នឹង​ត្រូវ​ជាប់ពន្ធ​នា​គារ​ 3ខែ​ និង​ពិន័យ​ជា​ប្រាក់​ 2,000​ដុល្លារ​សិង្ហបុរី​ (ប្រហែល​ 1480​ដុល្លារ​អាមេរិក​)។

            -ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ​ មាន​រដ្ឋ​មួយចំនួន​ ក៏​មានច្បាប់​តឹងតែង​ផង​ដែរ​ទាក់ទិន​នឹង​ការ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងស្រវឹង​នេះ​។ នៅ​តំបន់​ Gujarat​ អ្នកទេសចរ​ដែល​ចង់​ផឹកស្រា​ឱ្យ​ស្របតាម​ច្បាប់​ ដាច់ខាត​គឺ​ត្រូវ​ទិញ​អាជ្ញាប័ណ្ណ​ (លិខិតអនុញ្ញាត​) ដែល​មាន​អាយុកាល​ 30​ថ្ងៃ​។ អាជ្ញាប័ណ្ណ​នេះ​ មាន​លក់​នៅ​តាម​សណ្ឋាគារ​ ឬព្រលា​នយន្តហោះ​។ នៅ​ឯរដ្ឋ​ Manipur​ និង​រដ្ឋ​ Nagaland​ ក្នុង​ប្រជុំកោះ​ Lakshadweep​ (លើកលែងតែ​តំបន់​លម្ហែ​កាយ​លើ​កោះ​ Bangaram​) ស្រាបៀ​រទាំង​ឡាយ​ត្រូវ​បាន​ហាម​ជួញដូរ​ទាំងស្រុង​។

            -ជា​ប្រទេស​កាន់​សាស​នា​មូស្លីម​ ប៊្រុយ​ណេ​ក៏​មានការ​ហាម​មិន​ឱ្យ​ផឹក​គ្រឿងស្រវឹង​នៅ​ទី​សាធារណៈ​ដែរ​។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ស្រា​ខ្លាំង​ 2ដង​ និង​ស្រា​បៀរ​ 12​កំប៉ុង​តាម​ខ្លួន​ ហើយ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​រៀងរាល់​ 48​ម៉ោង​ ប៉ុន្តែ​ការ​ផឹកស៊ី​ គឺ​ត្រូវតែ​ធ្វើឡើង​នៅ​ទី​កំបាំង​។

            -នៅ​ប្រទេស​អារ៉ាប់រួម​ ឬអារ៉ាប់​ អេ​មី​រ៉េ​ត បើ​ទោះជា​គេ​ឃើញ​មាន​ស្រា​បៀរ​ច្រើន​នៅក្នុង​សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​ផ្សារ​ទំនើប​មែន​ ប៉ុន្តែ​ការ​ផឹក​គ្រឿងស្រវឹង​ទាំងនោះ​នៅក្នុង​ទី​សាធារណៈ​ ក៏​នៅតែ​ជា​រឿង​ខុសច្បាប់​ដែរ​។ នៅក្នុង​រាជាណាចក្រ​ Sharjah​ (រាជាណាចក្រ​មួយ​ក្នុងទឹក​ដី​អារ៉ាប់រួម​) គ្រឿងស្រវឹង​ត្រូវ​បាន​ហាម​លក់ដូរ​ និង​ផឹក​ទាំងស្រុង​។

            -ឯប្រជុំកោះ​ Maldives​ ដែល​ល្បីឈ្មោះ​ថា​ មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ រួម​ទាំង​មាន​ភ្ញៀវ​ទេសចរ​លំដាប់​អ្នកមាន​ទៅ​កម្សាន្ត​ច្រើន​នោះ​ ក៏​ហាម​អ្នកស្រុក​ប្រើប្រាស់​គ្រឿងស្រវឹង​ដែរ​។ ទេសចរ​បរទេស​ដែល​ទៅកាន់​ទីនោះ​ អាច​ប្រើប្រាស់​គ្រឿងស្រវឹង​បានតែ​នៅក្នុង​សណ្ឋាគារ​ និង​រមណីយដ្ឋាន​ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើជំនួញ​ស្របច្បាប់​តែប៉ុណ្ណោះ​។

            -ចាប់តាំងពី​អតីត​នាយក​រដ្ឋមន្ត្រី​ Zulfikar​ Ali​ Bhutto​ ចូលកាន់​អំណាច​ ការប្រើ​ប្រាស់​ស្រា​បៀរ​ ត្រូវ​បាន​ហាម​ទាំងស្រុង​នៅ​ប្រទេស​ប៉ា​គិ​ស្ថាន​។ សូម្បីតែ​ក្រោយ​ព្រឹត្តិ​ការណ៍​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​1977​ ច្បាប់​នេះ​ក៏​នៅតែ​មាន​សុពលភាព​ដដែល​។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មិន​កាន់​សាស​នា​មូស្លីម​ អាច​ទិញ​ស្រា​បៀរ​នៅ​ឯសណ្ឋាគារ​ផ្កាយ​4 ឬផ្កាយ​5បាន​។

            -នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ ហ្វីលីពីន​ ឬវ៉េ​ណេហ្ស៊ូ​អេ​ឡា​ ជាដើម​ ការ​ហាមប្រាម​ប្រើ​គ្រឿងស្រវឹង​ មាន​សភាព​ធូរស្រាល​បន្តិច​ ប៉ុន្តែ​ក្នុងអំឡុងពេល​បោះឆ្នោត​ ឬព្រឹត្តិ​ការណ៍​សំ​ខាន់​ៗមួយចំនួន​ ការ​ផឹក​គ្រឿងស្រវឹង​ត្រូវ​បាន​រឹតត្បិត​។ រី​ឯប្រទេស​ហ្វីលីពីន​វិញ​ ការ​ជួញដូរ​គ្រឿងស្រវឹង​ត្រូវ​បាន​ហាម​ក្នុងរយៈពេល​ 2ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​។ វេ​ណេហ្ស៊ូ​អេ​ឡា​ ហាម​លក់​គ្រឿងស្រវឹង​ក្នុង​អំឡុង​ 21​ម៉ោង​មុន​បោះឆ្នោត​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • ថៃ​សុំ​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​

    ថៃ​សុំ​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​

    ​តាមរយៈ​ទំ​ព័រ​ផេ​ចក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បានឱ្យ​ដឹង​ថា​ ​អ្នកជំនាញ​ថៃ​ ​ដែល​កំពុង​បម្រើការ​ងារ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ ​សុំ​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​ពី​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​ ​បុរាណ​ខ្មែរ​។​

    ​តប​តាម​ការ​អញ្ជើញ​របស់​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​ថៃ​កាលពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩កន្លងមក​ ​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​ ​បុរាណ​ខ្មែរ​ចំនួន​បី​រូប​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ ​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តី​ពី​ ​“​ការ​ស្វែងយល់​អំពី​បច្ចេកទេស​បុរាណ​និង​ការប្រើ​សម្ភារៈ​បុរាណ​ ​ដើម្បី​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​តំបន់​អង្គរ​”​នៅ​ខេត្ត​ស្រះ​កែវ​ ​។​

    ​ក្នុង​សិក្ខាសាលា​នេះ​ ​អ្នកជំនាញ​ខ្មែរ​ទាំង​បី​រូប​មាន​៖​ ​លោក​ ​លី​ ​វណ្ណា​ ​បុរាណ​វិទូ​និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ ​លោក​ ​តាន់​ ​សុផល​ ​អ្នក​អភិរក្ស​ឥដ្ឋ​ ​និង​លោក​ ​ហួន​ ​សុខ​ជាតិ​ ​វិស្វករ​ ​បាន​ចែករំលែក​បទពិសោធន៍​ ​ចំណេះដឹង​អំពី​បច្ចេកទេស​បុរាណ​ ​និង​ការប្រើ​សម្ភារៈ​បុរាណ​ដើម្បី​ជួសជុល​ប្រាសាទបុរាណ​សាង​អំពី​ឥដ្ឋ​ដល់​អ្នកជំនាញ​ថៃ​ជាង៣០នាក់​ ​ដែល​កំពុង​បម្រើការ​ងារ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ ​មក​ពី​ការិយាល័យ​ប្រចាំ​តំបន់​ទូទាំង​ប្រទេស​នៃ​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​។​

    ​លោក​ ​លី​ ​វណ្ណា​ ​បានឱ្យ​ដឹង​ថា​ ​សិក្ខាសាលា​នេះ​គឺ​ផ្តើម​ចេញពី​ការយល់ឃើញ​ថា​ ​ដើម្បី​អភិរក្ស​និង​ជួសជុល​ប្រាសាទ​មួយ​ឱ្យ​រក្សា​បាន​នូវ​តម្លៃ​ដើម​ ​យើង​ត្រូវ​ប្រើ​បច្ចេកទេស​បុរាណ​និង​សម្ភារៈ​បុរាណ​គួបផ្សំ​ជាមួយនឹង​តម្រូវការ​ក្នុង​ពេល​ចាំបាច់​នៃ​ការប្រើ​បច្ចេកទេស​និង​សម្ភារៈ​ទំនើប​ដែល​មិន​ប៉ះពាល់​ដល់​លក្ខណៈ​សម្បត្តិ​បុរាណ​របស់​ប្រាសាទ​។​ ​នេះ​ក៏ដោយ​សារ​កន្លងមក​ ​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ប្រទេស​ថៃ​ប្រើ​បាយ​អរ​ដែល​ជា​ល្បាយ​បាន​មក​ពី​ការ​លាយ​បញ្ចូល​គ្នា​នៃ​ខ្សាច់​ ​កំបោរ​ ​និង​ស៊ី​ម៉ង់​តិ៍​ផត​ឡែ​នដ៍​ពណ៌ស​ដើម្បី​បិទ​ ​បៀក​ ​និង​ភ្ជាប់​ឥដ្ឋ​។​ ​ការប្រើ​ប្រភេទ​ល្បាយ​ស៊ី​ម៉ង់​តិ៍​ដូចនេះ​ ​មិន​ត្រូវគ្នា​ជាមួយ​ឥដ្ឋ​បុរាណ​ឡើយ​ ​ដោយសារ​សម្ភារៈសំណង់​ទាំងពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​រឹងមាំ​ខុសគ្នា​ខ្លាំង​ ​ម៉្យាងទៀត​ស៊ី​ម៉ង់​តិ៍​អាច​នាំមក​នូវ​ការ​កកើត​អំបិល​បំផ្លាញ​ដល់​ឥដ្ឋ​បុរាណ​នៃ​ប្រាសាទ​។​

    ​លោក​បុរាណ​វិទូ​រូប​នេះ​បន្ត​ថា​ ​កត្តា​នេះ​ហើយដែល​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នៃ​ការប្រើ​ស៊ី​ម៉ង់​តិ៍​ ​ហើយក៏​ងាក​មក​គិត​អំពី​ការ​រិះរក​មធ្យោបាយ​ប្រើ​បច្ចេកទេស​ជួសជុល​ប្រាសាទ​ឥដ្ឋ​តាម​បែប​បុរាណ​និង​ប្រើ​បាយ​អរ​បុរាណ​។​ល​។​ ​ទើប​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​ផ្តួចផ្តើម​គំនិត​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ ​ដើម្បី​យក​បច្ចេក​បុរាណ​នេះ​ទៅ​អនុវត្ត​នៅក្នុង​គម្រោង​ជួសជុល​ប្រាសាទ​ខាវ​លួ​នដែល​ជា​ប្រាសាទ​ឥដ្ឋ​មួយ​មិនទាន់​ដឹង​កាលបរិច្ឆេទ​ច្បាស់លាស់​ស្ថិតនៅ​ក្នុង​ស្រុក​តា​ប្រា​យ៉ា​នៃ​ខេត្ត​សា​កែវ​ ​។​

    ​សូម​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី១ដែល​អ្នកជំនាញ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​បាន​បំពេញបេសកកម្ម​ជា​ប្រវត្តិ​សាស្រ្ត​លើកដំបូង​និង​ជាទី​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ ​ដែល​មាន​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​នូវ​ចំណេះដឹង​ ​បទពិសោធន៍​អំពី​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​ក្នុង​តំបន់​អង្គរ​ទៅកាន់​អន្តរជាតិ​៕​

  • ថៃ​ផ្តល់​សេវា​អប់រំ​ដល់​កូន​ពលករ​ខ្មែរ​ ឱ្យ​សិក្សា​រហូតដល់​អាយុ15ឆ្នាំ​ដោយ​ឥតគិតថ្លៃ​…

    ថៃ​ផ្តល់​សេវា​អប់រំ​ដល់​កូន​ពលករ​ខ្មែរ​ ឱ្យ​សិក្សា​រហូតដល់​អាយុ15ឆ្នាំ​ដោយ​ឥតគិតថ្លៃ​…

    ស្រប​ពេល​សង្គម​កំពុង​ត្រូវការ​ការ​អភិវឌ្ឍ​ និង​ប្រកួតប្រជែង​ផ្នែក​ទីផ្សារ​ការងារ​ ការអប់រំ​ជាផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​ តែ​កន្លងមក​កុមារ​កម្ពុជា​ជាច្រើន​ដែល​ជា​កូន​របស់​ពលករ​ទៅ​ធ្វើការងារ​នៅ​បរទេស​ បាន​ប្រឈម​នឹង​បញ្ហា​ការសិក្សា​រៀនសូត្រ​ ប្រសិនបើ​ពួកគេ​ទៅតាម​ម្តាយ​ឪពុក​ដែល​ធ្វើ​ចំណាកស្រុក​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ ភាគី​កម្ពុជា​ និង​ថៃ​ បាន​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​កម្ពុជា​ ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ដែល​ជា​ពលករ​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​ទទួល​បាន​សេវា​អប់រំ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​កសាង​អនាគត​ឱ្យ​បាន​ល្អ​ប្រសើរ​។

    លោកជំទាវ​ ជូ​ ប៊ុ​នអេង​ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​លើកឡើង​ថា​ រដ្ឋាភិបាល​ថៃ​ នឹង​ផ្តល់​ការសិក្សា​ដល់​កុមារ​កម្ពុជា​រយៈពេល​ 15ឆ្នាំ​ពេញ​ ដើម្បី​សិក្សា​នៅ​ប្រទេស​ថៃ​ដោយ​ឥតគិតថ្លៃ​។ ជា​លក្ខខណ្ឌ​ កុមារ​ដែល​អាច​ទទួល​បាន​សេវា​អប់រំ​នេះ​ ចាំបាច់​ត្រូវតែ​ជា​កុមារ​ដែល​មាន​អាណាព្យាបាល​ជាទេ​សន្ត​រប្រ​វេស​ន៍​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ ចំពោះ​អ្នក​ចំណាកស្រុក​ខុសច្បាប់​មិន​អាច​ទទួល​បានការ​ឧបត្ថម្ភ​នេះ​ទេ​។

    លោកជំទាវ ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

    លោកជំទាវ​ ជូ​ ប៊ុ​នអេង​ មានប្រសាសន៍​ថា​៖ “បច្ចុប្បន្ន​នេះ​ពលករ​ខ្មែរ​ប្រមាណ​ 1លាន​នាក់​កំពុង​ស្នាក់នៅ​ជាទេ​សន្ត​រប្រ​វេស​ន៍​នៅ​ប្រទេស​ថៃ​ ដោយ​ក្នុង​នោះ​កុមារ​ដែល​កើត​ និង​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី​ 6% ទៅ10​% នៅ​ប្រទេស​ថ”។

    លោកជំទាវ​បាន​បន្ថែម​ទៀត​ថា​ កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ទាំងអស់​នោះ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​បច្ចុប្បន្ន​ និង​អនាគត​របស់​គេ​។ កុមារ​ទាំងអស់​នោះ​ភាគច្រើន​មិន​ចេះអក្សរ​ ហើយ​ថែមទាំង​មិន​ចេះនិយាយ​ភាសា​កំណើត​ទៀតផង​ ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​បញ្ហា​ប្រឈម​មួយ​បន្ថែម​ទៀត​ គឺ​មិន​មាន​សញ្ជាតិ​ច្បាស់លាស់​។ លោកជំទាវ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ស្ថានភាព​ពលករ​កម្ពុជា​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ​ បច្ចុប្បន្ន​មាន​ទាំង​ស្របច្បាប់​ និង​មិន​ស្របច្បាប់​ ហើយ​ចំពោះ​ការ​ឆ្លងដែន​មិន​ស្របច្បាប់​ គឺ​កាន់តែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ព្រោះ​ពួកគេ​មាន​ជីវភាព​ខ្វះខាត​ ហើយ​ធ្វើការងារ​ឆ្លង​ដែន​ផ្សងព្រេង​ទាំង​ប្រថុយ​គ្រោះថ្នាក់​ដើម្បី​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​។ ប្រជាជន​ចំណាកស្រុក​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​គិត​ត្រឹម​ឆ្នាំ​ 2014កន្លងទៅ​ មាន​ចំនួន​1,830,000នាក់​ ហើយ​ចាប់ពី​ឆ្នាំ​ 2017​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ មាន​កំណើន​ប្រមាណ​ជាង​ 1លាន​នាក់​ ដោយ​ក្នុង​នោះ​អ្នក​ចូល​ទៅ​ធ្វើការងារ​មិន​ស្របច្បាប់​ក៏​មាន​ចំនួន​ច្រើន​ដែរ​។

    ស្ថាបនិក​ និង​នាយក​មូលនិធិ​បណ្តាញ​ជំរុញ​សិទ្ធិ​ការងារ​របស់​ប្រទេស​ថៃ​ លោក​ Sopong​ Sravaen​បាន​លើកឡើង​ថា​ ការ​ផ្តល់​ឱកាស​ដល់​កុមារ​កម្ពុជា​ឱ្យ​ទទួល​បានការ​សិក្សា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោយពេល​រដ្ឋាភិបាល​ថៃ​មើលឃើញ​ថា​ កុមារ​កម្ពុជា​ជាច្រើន​មិន​ទាន់​ទទួល​បានការ​សិក្សា​ ហើយ​មិន​ចេះ​ទាំង​ភាសា​កំណើត​របស់​ខ្លួន​ទៅទៀត​ ដែល​កត្តា​ទាំងនេះ​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​ធំឡើង​ក្នុង​ស្ថានភាព​គ្មាន​ជំនាញ​។ ក្រៅ​ពីនេះ​ពួកគេ​ក៏អាច​ប្រឈម​ច្រើន​ផង​ដែរ​ពី​ការ​ចាញ់​បោក​ក្រុម​ជួញដូរ​មនុស្ស​ទៀតផង​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ភាគី​កម្ពុជា​ និង​ភាគី​ថៃ​ កំពុង​ព្យាយាម​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​លើ​ការទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​ការ​គាំពារ​សិទ្ធិ​អ្នក​ចំណាកស្រុក​ដោយធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ពួកគេ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​ និង​ផ្តល់​ការអប់រំ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​វិជ្ជាជីវៈ​សម្រាប់​យក​ធ្វើជា​អាជីព​ដើម្បី​ចិញ្ចឹមជីវិត​នៅ​ថ្ងៃ​ខាងមុខ​។\

    កិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ កម្ពុជា ថៃ ដើម្បីពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

    សម្រាប់​កម្មវិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ស្តី​ពី​គម្រោង​ផ្តល់​ការអប់រំ​រយៈពេល​ 15ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ ភាគី​ទាំង2​ បាន​រៀបចំ​គម្រោង​រួចរាល់​ហើយ​ តែ​មិនទាន់​បាន​កំណត់​ថ្ងៃ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាក់លាក់​នៅឡើយ​ទេ​៕

  • សិស្សស្រីតែងខ្លួនឈុតបុរាណចូលប្រលង បង្កឱ្យភ្ញាក់ផ្អើលអស់ទាំងគ្រូនិងមិត្តរួមថ្នាក់

    សិស្សស្រីតែងខ្លួនឈុតបុរាណចូលប្រលង បង្កឱ្យភ្ញាក់ផ្អើលអស់ទាំងគ្រូនិងមិត្តរួមថ្នាក់

    ពិតជាមានរឿងប្លែកៗកើតនៅក្នុងសង្គម ដែលនៅថ្ងៃទី 9 ខែមករា​ ឆ្នាំ 2019 នេះសារព័ត៌មានថៃ kapook បានចេញផ្សាយឱ្យដឹងថា សិស្សស្រីម្នាក់តែងខ្លួនក្នុងឈុតបុរាណថៃ ចូលប្រលងនៅក្នុងថ្នាក់បង្កឱ្យមានភាពភ្ញាក់ផ្អើលអស់មណ្ឌុលប្រលង។

    តាមការបង្ហោះរបស់ហ្វេសប៊ុកមានឈ្មោះ Keem Phanthong បានឱ្យដឹងថា ខណៈដែលមិត្តភ័ក្តនៅក្នុងសាលារៀនស្លៀកសម្លៀកបំពាក់របស់សាលាតាមធម្មតាមកប្រលង ភ្លាមៗស្រាប់តែគ្រប់គ្នាភ្ញាក់ព្រឺត នៅពេលបានឃើញនាងមកប្រលងក្នុងសម្លៀកបំពាក់ឈុតបុរាណថៃ ព្រមទាំងមានបួងសក់ និងពាក់មកុដ ហាក់បីដូចជា គ្រូកំពុងចូលរូប។ សិស្សស្រីរូបនេះ ត្រូវបានមិត្តរួមថ្នាក់ថតរូបឱ្យបង្ហោះឱ្យដឹងថា « ទីនេះសាលារៀន Prakhonchai Pittayakhon តែងខ្លូនមកប្រលងមធម្យៗ តែសប្ដាហ៍ក្រោយគឺមិនធានាទេ»។

    សិស្សស្រីដែលបានរៀបរាប់ខាងលើ ត្រូវបានអ្នកសារព័ត៌មានទម្លាយអត្តសញ្ញាណឱ្យដឹងថា នាងមានឈ្មោះ ពិយៈធិតា ម៉ាលីគុន ឬហៅក្រៅ នាង ហ្វីមល៍ រៀនថ្នាក់ទី 10 នៃសាលារៀន Prakhonchai Pittayakhon ហើយនាងគឺជាអ្នករបាំ និងជាអ្នកចម្រៀងប្រចាំសាលា។ នាងថា នាងមិនបានប្ដូរឈុតដោយសារតែ នាងត្រូវប្រលងផ្នែកមុខវិជ្ជាតម្រង់ទិស និង ផ្នែករបាំក្នុងថ្ងៃតែមួយ៕

  • កម្ពុជា-ថៃ​គ្រោង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ 15ប៊ី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2020

    កម្ពុជា-ថៃ​គ្រោង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ 15ប៊ី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2020

    ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​សន្យា​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​យ៉ាងហោច​ឱ្យបាន​ត្រឹម 15ប៊ី​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ2020។

    ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2 ជាពិសេស​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី3 នៃ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កាលពី​ខែកញ្ញា ឆ្នាំ2017កន្លងទៅ​ដែល​ដឹកនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2 ក្នុងនោះ​កិច្ចប្រជុំ​បានដាក់​ចេញ​នូវ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ដល់ 15ប៊ី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2020 និង​កិច្ចប្រជុំ​លើក​ទី6 នៃ​គណៈកម្មាធិការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម កាលពី​ខែកុម្ភៈ ឆ្នាំ2018 ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2 សម្រាប់​ជាយន្តការ​ទ្វេភាគី​ដើម្បី​តាមដាន និង​អនុវត្ត​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ។

    ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម

    ឯកឧត្តម​បញ្ជាក់ថា ដើម្បី​សម្រេច​គោលដៅ​នេះ កន្លងមក​ភាគី​កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា​កាលពី​ថ្ងៃទី7 ខែកញ្ញា ឆ្នាំ2017 ដែល​កិច្ចការ​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​វិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិនតម្រូវឱ្យ​បង់ពន្ធ​នៅ​ប្រទេស​ថៃ​ទៀត​ទេ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភា្ជ​ប់​តាម​ព្រំដែន ដំឡើង​ថ្នាក់​ព្រំដែន ដូចជា​ចុះហត្ថលេខា​លើ MoU ជាច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន។

    ក្នុងជំនួប​ជាមួយ​ប្រតិភូ​សភាពាណិជ្ជកម្ម​ថៃ​កាល​ពីស​ប្ហា​ហ៍​មុន ឯកឧត្តម​បានស្នើ​សភាពាណិជ្ជកម្ម​ថៃ​ឱ្យជួយ​ជំរុញ​រាជរដ្ឋាភិបាល​ថៃ​លើ​បញ្ហា​មួយចំនួន​ដូចជា 1.ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ទំនិញ​ឆ្លងកាត់​ព្រំដែន។ 2.អនុញ្ញាត​ជំរុញ​ឱ្យ​ចុះហត្ថលេខា​លើ MoU ដើម្បីឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​គ្រប់​ច្រក​ដែល​កន្លងមក​ទើបបាន​អនុញ្ញាត​ត្រឹមតែ​តាម​ច្រក​ប៉ោយប៉ែត-អារញ្ញ​ប្រាថេត​តែមួយ​ប៉ុណ្ណោះ និង​បន្ថែម​កូតា​អនុញ្ញាតឱ្យ​រថយន្ត​ឆ្លងកាត់​ពី150 ទៅ300 និង​ទៅ500គ្រឿង​ជា​ដំណាក់កាល និង3.សម្របសម្រួល​នីតិវិធី​ក្នុងការ​នាំចូល​ទំនិញ​កសិកម្ម​ពី​កម្ពុជា​ទៅ​ថៃ ចៀសវាង​ការដាក់ចេញ​នូវ​ឧបសគ្គ​នានា​ដែល​ធ្វើឱ្យ​កម្ពុជា-ថៃ​ពុំ​អាច​សម្រេច​គោលដៅ​ពាណិជ្ជ​កម្មបាន 15ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ2020។ ក្នុង​គោលនយោបាយ​លើកទឹកចិត្ត​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​គោលនយោបាយ​បើកចំហ គ្មាន​ការរើសអើង​ចំពោះ​អ្នកវិនិយោគ​បរទេស ហើយ​វិនិយោគិន​បរទេស​អាច​កាន់កាប់​ភាគហ៊ុន100% គ្មាន​ការកំណត់​តម្លៃ​លើ​ទំនិញ និង​សេវា និង​គ្មាន​ការតម្រូវ​ក្នុង​ការប្តូរ​សាច់ប្រាក់ ឬ​យកប្រាក់​ចេញ-ចូល​ក្រៅប្រទេស​ឡើយ។

    ក្នុង​ដំណើរ​ទស្សនកិច្ច​ដឹកនាំ​ក្រុម​អ្នកវិនិយោគ​មក​សិក្សា​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន លោកស្រី Doungjai Chanthon ប្រធាន​អនុគណៈកម្មការ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន និង​ឆ្លង​ព្រំដែន​សម្រាប់​ប្រទេស​កម្ពុជា និង​វៀតណាម​នៃ​សភាពាណិជ្ជកម្ម​ថៃ បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ឱកាស​វិនិយោគ​នៅ​កម្ពុជា វិនិយោគិន​ថៃ​ចំនួន 20ក្រុមហ៊ុន​គ្រោង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​នៅពេល​ខាងមុខ។ ប្រតិភូ​ធុរជន​ថៃ​ទាំង​​ 20ក្រុមហ៊ុន​នោះ​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​របស់ខ្លួន​លើ​វិស័យ​អេឡិចត្រូនិក ភេសជ្ជៈ បរិក្ខារ​ពេទ្យ សម្ភារ​ប្រើប្រាស់ ផលិតផល​ថែរក្សា​សម្ផស្ស ចំណីអាហារ ផលិតផល​កសិកម្ម និង​គ្រឿងសំណង់​ជាដើម។ល។

    លោកស្រី Doungjai Chanthon ប្រធាន​អនុគណៈកម្មការ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន

    លោកស្រី​អះអាងថា កម្ពុជា និង​ថៃ​មាន​វប្បធម៌​ប្រពៃណី រួមទាំង​ការបណ្តាក់ទុន​រកស៊ី​ស្រដៀង​គ្នាហើយ​កម្ពុជា​នៅមាន​ឱកាស​ច្រើន​សម្រាប់ធ្វើ​ការវិនិយោគ ទៅតាម​វិស័យផ្សេងៗជាច្រើន ដូចជា​ឧស្សាហកម្ម​ចំណីអាហារ និង​ភេសជ្ជៈ សុខាភិបាល សំណង់ វិស័យ​អគ្គិសនី អេឡិចត្រូនិក និង​កសិកម្ម​ជាដើម ទើប​លោកស្រី​ដឹកនាំ​អ្នកវិនិយោគ​ទាំងនេះ​មក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា ដើម្បី​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​បរិ​យ​កាសធ្វើ​ពាណិជ្ជកម្ម មុននឹង​សម្រេចចិត្ត​បោះទុន​វិនិយោគ​ជា​ផ្លូវការ។ ហើយ​លោកស្រី​បាន​សន្យា​ពាំនាំ​នូវ​សំណើ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ទៅជូន​បណ្តា​ក្រសួង​ស្ថាប័ន​ធុរកិច្ច​ពាក់ព័ន្ធ​របស់​ថៃ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឈានដល់​គោលដៅ ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2។

    គួររំឭកផងដែរថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ​កាលពី​ឆ្នាំ2017កន្លងមក មាន​រហូតដល់​ជាង 6ពាន់​លាន​ដុល្លារ កើនឡើង 10ភាគរយ បើ​ធៀប​ឆ្នាំ2016 ដែលមាន​ចំនួន​ជាង 5ពាន់​លាន​ដុល្លារ៕

  • អ្នកគាំទ្រលាន់មាត់ ប៉ូប និង ទែវ សមគ្នាខ្លាំងណាស់នៅពេលសម្ដែងរឿងថ្មីក្នុងឈុតបុរាណ

    អ្នកគាំទ្រលាន់មាត់ ប៉ូប និង ទែវ សមគ្នាខ្លាំងណាស់នៅពេលសម្ដែងរឿងថ្មីក្នុងឈុតបុរាណ

    តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងពីរឿងភាគបុរាណថៃ «បុព្វេសន្និវាស» ខណៈនេះ តារាសម្ដែងប្រុស ប៉ូប ថនៈវ៉ាន់ បានត្រៀមបង្ហាញខ្លួនក្នុងរឿងភាគថ្មីម្ដងទៀតហើយ ដែលនឹងសម្ដែងជាតួឯកប្រុសជាមួយតារាស្រី ទែវ ណថៈផន ដែលធ្លាប់ទទួលបានភាពជោគជ័យជាតារាស្រីឆ្នើមប្រចាំឆ្នាំ2016 ដូចគ្នា នៅក្នុងរឿងភាគ «ណាឃី» ដ៏ល្បីល្បាញ។

    ក្នុងឱកាសបង្ហាញឈុតបុរាណថៃនោះ អ្នកទាំងពីរត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរថា អ្នកទាំងពីរពិតជាស័ក្ដិសមគ្នាខ្លាំងមែនទែន បើសិនជាបានសម្ដែងរឿងភាគបុរាណជាមួយគ្នាបែបនេះមែននោះ។ គួរបញ្ជាក់ផងដែរថា រឿងភាគថ្មីមួយនេះ មានចំណងជើងថា «កែវរ៉ាហ៊ូ» ដែលដកស្រង់ចេញពីប្រលោមលោកបែបបុរាណល្បីបំផុតរបស់ប្រទេសថៃ និងគ្រោងដាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ។ តារាសម្ដែងប្រុស ប៉ូប នៅតែមានក្ដីរំពឹងទុកថា រឿងភាគថ្មីរបស់ខ្លួននឹងទទួលបានការគាំទ្រខ្លាំងជាងមុនទៅទៀត ព្រោះថា ទាំងសាច់រឿង និងអ្នកដឹកនាំរឿងមានភាពសម្រិតសម្រាំងខ្លាំងជាងរឿងមុនៗ។

    សូមជម្រាបដែរថា ខណៈនេះ ប៉ូប ថនៈវ៉ាន់ បានផ្អាកការងារសម្ដែងរឿងសម័យមួយរយៈសិនហើយ ដោយងាកមកសម្រុកថតរឿងភាគបុរាណជាបន្ដបន្ទាប់មិនសម្រាកដៃឡើយ ដោយរឿងភាគមួយទៀតបន្ទាប់ពីរឿង «បុព្វេសន្និវាស» គឺរឿង «ព្រហ្មលិខិត» ដែលមានអ្នកដឹកនាំសម្ដែងរឿងតែម្នាក់៕

  • អ្នកដឹកនាំរឿង « សសរកន្លោង » ចេញមុខពន្លាស់អ្នកបំផ្លើសព័ត៌មានបាត់ខ្លួនសមាជិកកីឡាករក្មេងៗទាំង 12 នាក់នៅប្រទេសថៃ

    អ្នកដឹកនាំរឿង « សសរកន្លោង » ចេញមុខពន្លាស់អ្នកបំផ្លើសព័ត៌មានបាត់ខ្លួនសមាជិកកីឡាករក្មេងៗទាំង 12 នាក់នៅប្រទេសថៃ

    ពិតជារឿងមួយដ៏ហួសចិត្ត​ដែលអ្នកលេងបណ្ដាញសង្គមខ្មែរមួយចំនួន ចង់បានចំនួនអ្នក Like Page ​ឱ្យមានកំនើនឡើងខ្លាំង បានសរសេរព័ត៌មានប្រឌិតរឿង ដោយអះអាងថា ម៉ោង 4 ទាបភ្លឺនេះ ក្រុមអ្នកជំនាញរបស់អង់គ្លេស បានរកឃើញសាកសពក្មេងទាំង 12 នាក់ ក្នុងចំនោម 13 ហើយ។ ការសន្និដ្ឋានរបស់ក្រុមអ្នកសង្គ្រោះ បានប្រាប់មានសង្ឃឹមរស់តិចតួចណាស។ ដែលព័ត៌មានមិនពិតនេះ បានធ្វើឱ្យមហាជនខ្មែរជាច្រើននាក់ មានទឹកចិត្តអាណិតអាសូរ និងកំពុងតាមដានសកម្មភាពជួយសង្គ្រោះនេះ មានក្ដីខឹងយ៉ាងសម្បាទៅកាន់ Page ព័ត៌មានមួយនេះ។

    នៅក្នុងនោះដែរ លោក រ៉ូណាន អ្នកដឹកនាំរឿង « សសរកន្លោង » ចេញមុខពន្លាស់ដែរថា « ពួកអ្នកឆក់ឳកាស ដោយមិនគិតពិចារណា ដើម្បីតែប្រយោជន៍ខ្លួន បង្កើត Page បោកប្រាស់ ឱ្យបងប្អូនមានការចុច Like កាលណាបានច្រើន K ហើយ វានិងប្រកាសលក់ Page ឬស្វែងរកលុយតាមរយៈ Page នេះពេលល្បី។ ដូចនេះ សូមបងប្អូនជួយ ចុច Report Page នេះ ម្នាក់មួយៗ ឱ្យបានគ្រប់ៗគ្នា ដើម្បី Page បាត់ស្រមោលលេងដំណើរការណ៍។ កែប្រែ មនុស្សអាក្រក់ក្នុងសង្គមខ្មែរ យើងត្រូវចាប់ផ្តើមពីខ្លួនយើងទៅ »។ មិននឹកស្មានថា ហ៊ានបំភ្លីព័ត៌មានដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះឡើយ។

    គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធជាមួយករណីតាមជួយសង្គ្រោះក្មេងៗទាំង 12 នាក់ មកដល់ខ្ទង់ម៉ោង 10 យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈភ្លៀងធ្លាក់យ៉ាងសន្ធប់បានកើតមានឡើងនាំឲ្យទឹកចាប់ផ្តើមជោរជន់មកវិញរឹងតែខ្លាំង នៅតំបន់រូងភ្នំ ថាំហ្លួង ក្នុងខេត្តឈៀងរ៉ៃ ដែលក្មេង១២នាក់ និងគ្រូបង្វឹកម្នាក់កំពុងជាប់ខ្លួននោះ ។ នេះបើតាមការចេញផ្សាយដោយ Bangkok Post ៕

  • រឿង  “វិកលចរិត” នឹងដកចំណូលពីការលក់សំបុត្រទាំង 3 ប្រទេសទៅជួយកុមារកំព្រា

    រឿង  “វិកលចរិត” នឹងដកចំណូលពីការលក់សំបុត្រទាំង 3 ប្រទេសទៅជួយកុមារកំព្រា

    ដើម្បីអបអរការដាក់បញ្ចាំងរឿង “វិកលចរិត” ក្នុង 3 ប្រទេសដំណាលគ្នា រួមមាន កម្ពុជា ថៃ ឡាវ នៅថ្ងៃទី3 ខែសីហា ឆ្នាំ 2017 ខាងមុខនេះ រាល់ការទិញសំបុត្រទស្សនារឿងនេះ និងត្រូវបរិច្ចាគជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជាចំនួន 1 ដុល្លារសហរដ្ឋអាមេរិកក្នុងមួយសន្លឹក ដែលទង្វើសប្បុរសធម៌នេះនឹងក្លាយជាកម្លាំងជំរុញចិត្តដល់កុមារនៅកម្ពុជាផងដែរ។

    ក្នុងនាមជាកូនខ្មែរដែលស្នេហាជាតិ និងគោរពដូនតាប្រទេសកំណើតរបស់ខ្លួន លោក ហ៊ុយ យ៉ាឡេង ឬឈ្មោះហៅក្រៅថា មាតុចក្រ ដែលជាអ្នកដឹកនាំរឿង និងជាតួសម្ដែងនៅក្នុងរឿងខាងលើនេះបានចេញសារមួយនៅលើទំព័រ Facebook Page ថា “ដើម្បីតបស្នងសងគុណដល់ប្រជាជាតិខ្ញុំ! ដើម្បីអបអរសាទររឿង “វិកលចរិត” ដែលបាន​ចាក់បញ្ចាំងក្នុង​៣ប្រទេសព្រមគ្នា ខ្មែរ ថៃ ឡាវនោះ រាល់តម្លៃសំបុត្រ១សន្លឹកទូទាំងបីប្រទេសនោះនឹងត្រូវដកចំនួន១ដុល្លារដើម្បីជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់ស​តិបញ្ញានៅកម្ពុជា”។ ទន្ទឹមនឹងនោះលោកក៏បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា ” រឿង វិកលចរិត គ្រោងធ្វើការសម្ពោធជាថ្មីម្ដងទៀតនៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នេះ”។

    គួររំឭកផងដែរថា ដោយសារតែអ្នកដឹកនាំរឿងរូបនេះសង្កេតឃើញថា នៅមានកូនខ្មែរជាអ្នកស្រឡាញ់ និងគាំទ្រវិស័យភាពយន្ដខ្មែរជាច្រើននាក់ទៀតមិនទាន់បានទស្សនារឿង “វិកលចរិត” នេះ និងដើម្បីបានទស្សនាជាថ្មីម្ដងទៀតនោះ លោកសង្ឃឹមថា កូនខ្មែរគ្រប់រូបនឹងមិនខកខានក្នុងការទស្សនារឿងដ៏ល្អមើលមួយនេះឡើយ ដូចគ្នានោះដែរ ទស្សនិកក៏នឹងបានចូលរួមចំណែកក្នុងការចូលរួមបរិច្ចាគថវិកាជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជាផងដែរ។ ដូច្នោះហើយ ប្រសិនបើជាជនរួមជាតិណាមិនទាន់បានទស្សនារឿងនោះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្តទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

  • ក្លិប​យក្ស​ជប៉ុន FC Tokyo ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​ពីក្លិប Bangkok United របស់​ថៃ

    ក្លិប​យក្ស​ជប៉ុន FC Tokyo ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​ពីក្លិប Bangkok United របស់​ថៃ

    ក្លិប​យក្ស​​របស់​ជប៉ុន FC Tokyo បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​​ដ៏ឆ្នើម​អន្តរ​ជាតិ​​ថៃ Jakkit Wachpirom ពី​ក្លិប Bangkok United ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើងរហូត​ដល់​បញ្ចប់​​រដូវ​កាលនេះ​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្លិប​​ស្ថិតក្នុងក្រប​ខ័ណ្ឌ​​កំពូល J-League មួយនេះ កាលពីថ្ងៃពុធ​។ Jakkit វ័យ​20​ឆ្នាំ បាន​លេង​​​ឲ្យក្រុម​ជម្រើស​ជាតិ​ថៃ​អាយុក្រោម​23​ឆ្នាំ និង​បាន​ស្ថិត​ជា​សមា​ជិក​របស់​ក្រុម​​ជម្រើស​ជាតិ​ថៃដែល​បានបញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​2​ក្នុង​ព្រឹត្តិការណ៍ Asian Under-19 Championship កាលពីឆ្នាំមុន​។ Jakkit គឺ​ជាកីឡាករ​ថៃ​ទី​2​​ដែល​បាន​ចូល​រួម​ជាមួយនឹង​​ក្រប​ខ័ណ្ឌកំពូល​ជប៉ុន J-League ក្រោយ​ពី​ខ្សែ​បម្រើ​ដ៏ឆ្នើម Chanathip Songkrasin បានផ្ទេរ​ទៅ​កាន់ក្លិប Consadole Sapporo​។ កីឡាករ Jakkit បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​​រីក​រាយណាស់ក្នុងការមាន​ឱកាស​ទៅលេង​នៅ​ក្រៅ​ប្រទេស​នៅ​ឯ​ក្លិប​ល្បីដូច​ជា FC Tokyo​ នេះ។ ខ្ញុំនឹង​ខិត​ខំព្យាយាម​ឲ្យ​អស់ពីសមត្ថភាព​តាម​ដែលខ្ញុំ​អាច​ធ្វើ​បាន និង​ព្យាយាមដណ្តើម​​លទ្ធផល​​ឲ្យបានល្អ​បំផុត​​»​។ ស្រប​ពេល​ជាមួយគ្នា​នេះ ក្លិប FC Tokyo ក៏​បានបញ្ជាក់​ផងដែរ​ថា ពួក​គេ​បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​បម្រើ Lipe Veloso ដែល​ជា​អតីតកីឡាករ​របស់​ក្លិបប្រេស៊ីល Palmeiras និង​ខ្សែ​ការ​ពារ​អន្តរ​ជាតិកូរ៉េ​ខាងត្បូង Jang Hyun-soo ពីក្លិប Guangzhou R&F​។ Jang ធ្លាប់​បាន​លេង​ឲ្យក្លិប FC Tokyo ពីរ​រដូវកាលមុន​ពេលផ្ទេរ​ទៅកាន់ក្លិប Guangzhou កាលពីឆ្នាំ​2014​​៕

    ប្រភពពី៖ Bangkok Post

  • ឯកឧត្តម ម៉ៅ អាយុទ្ធ ៖ “ទៅសុំពឹងថៃថត ពិបាកជាងទៅសុំភ្លើងយក្ស…”

    ឯកឧត្តម ម៉ៅ អាយុទ្ធ ៖ “ទៅសុំពឹងថៃថត ពិបាកជាងទៅសុំភ្លើងយក្ស…”

    កាលពីរសៀលថ្ងៃម្សិលមិញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តបរទេសនៅកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីសិក្ខាសាលាមួយស្ដីអំពីការតាក់តែងនិពន្ធសិល្បៈ និងអារម្មណ៍របស់ភាពយន្ដនៅវិទ្យាស្ថានបារាំងក្នុងសាលាភាពយន្ដដែលវគ្គបណ្ដុះបណ្ដាលលើកទី2នេះ មានយុវវ័យជាផលិតករវ័យក្មេងដែលមានចំណាប់អារម្មណ៍និង ស្រឡាញ់វិស័យផលិតខ្សែភាពយន្ដចូលរួមយ៉ាងច្រើនកុះករ។

    នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ៅ អាយុទ្ធ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកថតខ្សែភាពយន្ដខ្នាតធំរបស់ប្រទេសកម្ពុជា ជារឿងប្រវត្តិសាស្ត្រ គឺរឿង “ហ្លួងព្រះស្ដេចកន” នោះបានផ្ដល់កិត្តិយសធ្វើជាវាគ្មិនពិសេសក្នុងការចែករំលែកបទពិសោធនៃការសរសេរសេណារីយ៉ូ និងអារម្មណ៍នៃការតាក់តែងនិពន្ធអត្ថបទភាពយន្ដ។ លោកបានថ្លែងថា “កុនមានរយៈពេលជាង 2ម៉ោង ដូច្នេះយើងត្រូវគិតថា ក្នុងរយៈពេល1 ទៅ 2 នាទី និងរាល់នាទីទាំងអស់ដែលយើងបានបែងចែកនោះ តើយើងមានអ្វីឱ្យគេទស្សនានេះជាអ្វីដែលយើងត្រូវគិតមុនពេលធ្វើកុន”។

    ជុំវិញបទពិសោធក្នុងការសរសេរកុន លោកបានបញ្ជាក់ទៀតថា “ការសរសរអត្ថបទភាពយន្ដត្រូវបានបែកចែកជា 6 ចំណុចធំៗគឺ អក្សរសិល្ប៍ ទិដ្ឋភាព នាដកម្មភ្លេងប្រកប និងចម្រៀងទើបសម្រេចបានចំណុចទី7 គឺជាភាពយន្ដហ្នឹងហើយ​”។ មិនតែប៉ុណ្ណោះលោកបានរៀបរាប់ពីបទពិសោធជាច្រើនទៀតក្នុងការផលិតភាពយន្តខ្នាតធំរឿង “ហ្លួងព្រះស្ដេចកន” ដែលបានឆ្លងកាត់បទពិសោធលំបាកៗជាច្រើន ជាពិសេសការគ្រប់គ្រងសត្វ និងបញ្ជាសត្វសេះ​ ដែលលោកហៅថា​ សេះសម្លព្រោះត្រូវការបង្វឹកឱ្យសត្វទាំងនេះស៊ាំជាមួយតារាសម្ដែង អាវុធ និងសម្លៀកបំពាក់គឺប្រើប្រាស់រយៈពេលយូរ ។

    ពាក់ព័ន្ធជាមួយបញ្ហាដែលបានចោទសួរថាមានការសហការថតរឿងប្រវត្តិសាស្ដ្រនេះជាមួយប្រទេសថៃឬទេនោះ លោកបានថ្លែងថា “ធ្លាប់បានពិភាក្សា និងពឹងថៃឱ្យជួយថតដែរ តែវាពិបាកជាងទៅសុំភ្លើងយក្សទៅទៀតទើបមិនចង់ពឹងថៃសោះ ព្រោះសមត្ថភាពយើងមានដែរ ខ្លាចអ្វីនឹងធ្វើ”។ ជាចុងក្រោយឯកឧត្តមបានបញ្ជាក់ទៀតថា លោកជាអ្នកស្រឡាញ់ការផលិតភាពយន្ដសូម្បីគ្រប់ទង្វើ និងកាយវិការដែលលោកធ្វើ គឺគិតពីប្លង់របស់ភាពយន្ដគ្រប់ពេលហើយលោកបានសិក្សាជំនាញនេះ មុនពេលសម័យខ្មែរក្រហមចូលមកទៅទៀតព្រមទាំងបានសរសេរនិក្ខេបបទពីភាពយន្ដ​ឱ្យ​សាស្ត្រាចារ្យ​បារាំងទៀតផង៕