Tag: ឌីជីថល

  • សហរដ្ឋអាមេរិក ចាប់ផ្ដើម​ពិនិត្យ​លើ​ការបង្កើត “​ប្រាក់​ដុល្លារ​អេឡិចត្រូនិក”

    សហរដ្ឋអាមេរិក ចាប់ផ្ដើម​ពិនិត្យ​លើ​ការបង្កើត “​ប្រាក់​ដុល្លារ​អេឡិចត្រូនិក”

    សហរដ្ឋអាមេរិក ចាប់ផ្ដើម​ការពិនិត្យ និង​ពិភាក្សា​ថ្នាក់ជាតិ ស្ដីពី​លទ្ធភាព​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិច​ត្រូនិក ឬ​ហៅថា រូបិយវត្ថុ​ឌីជីថល (CBDC) របស់​ធនាគារជាតិ នៃ​ប្រទេស​នេះ។

    គណៈកម្មការ​ធនាគារ នៃ​សភាព​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី9 ខែមិថុនា បានធ្វើ​សវនកម្ម​មួយ ស្ដីពី​ប្រធានបទ​ខាងលើនេះ ក្រោម​ការចាត់ចែង​រប​ស់ Elizabeth Warren ដែលជា​តំណាងរាស្ត្រ​មកពី​បក្ស​ប្រជាធិបតេយ្យ។ នាពេលខាងមុខ ធនាគារកណ្ដាល​របស់ សហរដ្ឋអាមេរិក (FED) ក៏​នឹង​ប្រកាស​របាយការណ៍​មួយ ដែល​​លើកឡើង​អំពី​វិធី​គ្រប់គ្រង​របស់ FED ទៅលើ​ការដាក់​ឱ្យប្រើ​ប្រាក់​ដុល្លារ​អេឡិចត្រូនិក​នេះ​ផងដែរ។

    ឥរិយាបថ​ខាងលើ បានកើត​មាននៅ​ក្នុង​គ្រា​ដែល​ការប្រកួតប្រជែង​លើ​ទីផ្សារ​នៃ​ប្រាក់​អេឡិចត្រូនិក របស់​ធនាគារកណ្ដាល​នានា (Central Bank Digital Currency / CBDC) កំពុង​កើតឡើង​យ៉ាង​ពុះកញ្ជ្រោល ដោយមាន​ធនាគារកណ្ដាល​ប្រមាណ 60 បាន និង​កំពុង​សម្ដែង​ការចាប់អារម្មណ៍ ឬ​មាន​គម្រោង​ដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ ខណៈដែល​ប្រទេស​មួយចំនួន បានដាក់​ឱ្យប្រើ​កំណែ​ដំបូង​របស់ CBDC សម្រាប់​ប្រទេស​ពួកគេ។

    កន្លងមក ប្រទេស​ចិន បានដាក់​ឱ្យ​ដំណើរការ​ប្រាក់​យុន​អេឡិចត្រូនិក​របស់ខ្លួន នៅក្នុង​ទីក្រុងធំៗមួយចំនួន រួមមាន ប៉េកាំង, សិន​ជិន និង​សៀង​ហៃ​ជាដើម ក្រោមរូបភាព​ឆ្នោត ដែលមាន​រង្វាន់​ជា​កាបូប​អេឡិចត្រូនិក អម​ជាមួយនឹង​ប្រាក់​ខ្ទង់រយ​យុន។ «ស្រោមសំបុត្រ​ក្រហម» នឹងត្រូវ​បាន​ចែកជូន​ពលរដ្ឋ និង​អ្នកឈ្នះ ហើយ​ពួកគេ​ត្រូវ​ទាញយក​កម្មវិធី​ក្នុង​ទូរស័ព្ទ ដើម្បី​ទិញ​ទំនិញ​នៅតាម​ទីតាំង​ដែល​អាជ្ញាធរ​បានកំណត់។

    ធនាគារកណ្ដាល​របស់​ចិន បានកំណត់​គោលដៅ ក្លាយជា​ធនាគារជាតិ​ធំ​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​ដាក់ឱ្យ​ប្រើប្រាស់ CBDC។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ក្នុងការ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​លើ​ប្រាក់​យុន ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រព័ន្ធ​ធនាគារ ការទូទាត់​ជាស​កល ដែល​ប្រាក់​ដុល្លារ​អាមេរិក កំពុងមាន​ប្រៀប​ជាងគេ។

    មិន​ដូច​ទៅនឹង​ប្រាក់​អេឡិចត្រូនិកផ្សេងៗដូចជា Bitcoin ជាដើម​នោះទេ ប្រាក់ CBDC ត្រូវបាន​ធានា​ដោយ​ច្បាប់ ហើយ​តម្លៃ​របស់​វា នឹងមាន​ស្ថិរភាព​ដូច​រូបិយវត្ថុ​ប្រភេទ​ក្រដាស ដែល​គេ​ប្រើ​សព្វថ្ងៃ ព្រមទាំង​មិន​លាក់បាំង​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់។ សម្រាប់ សហរដ្ឋអាមេរិក ប្រាក់ CBDC នេះ នឹង​ជា​កំណែ​មួយ​របស់​ប្រាក់​ដុល្លារ តែ​ជា​ទម្រង់​ឌីជីថល ខណៈដែល​តម្លៃ​របស់​វា ស្មើនឹង​តម្លៃ​នៃ​ក្រដាសប្រាក់​ដុល្លារ និង​ប្រាក់​កាក់ ព្រោះថា វា​សុទ្ធតែជា​ប្រាក់​ដុល្លារ​អាមេរិក។

    យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​សវនកម្ម PwC ធនាគារកណ្ដាល​របស់​សហរដ្ឋ​​អាមេរិក (FED) បានចាប់ផ្ដើម​សិក្សា​អំពី​រូបិយវត្ថុ​ដុល្លារ​ទម្រង់​ឌីជីថល តាំងពី​ឆ្នាំ2018 ប៉ុន្តែ​ការសិក្សា​នេះ ដំណើរការ​យឺត​ជាង បើ​ធៀប​នឹង​ធនាគារជាតិ​មួយចំនួន នៅលើ​ពិភពលោក៕

    ប្រភព៖ Axios, VOA
    ប្រែ​សម្រួល៖ បុត្រា

  • Bitcoin បង្កើតបាន​សេដ្ឋី​ដុល្លារ​ចំនួន 100,000នាក់ ក្នុង​រយៈពេល 3ខែ

    Bitcoin បង្កើតបាន​សេដ្ឋី​ដុល្លារ​ចំនួន 100,000នាក់ ក្នុង​រយៈពេល 3ខែ

    តម្លៃ​របស់ Bitcoin បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ នាំឱ្យ​គណនី​ប្រាក់​អេឡិចត្រូនិក​តម្លៃ​ចាប់ពី​លាន​ដុល្លារ​ឡើងទៅ កើនឡើង​ខ្ពស់ជាង​មុន​ទៅដល់ 4 ដង ដោយ​ចំណាយពេល​តែ 3 ខែ​ប៉ុណ្ណោះ។

    សារព័ត៌មាន CBS ដកស្រង់​ទិន្នន័យ​ពី​ទីភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ BitInfoCharts បានឱ្យដឹងថា ពិភពលោក​នាពេល​បច្ចុប្បន្ន មាន​គណនី Bitcoin ប្រមាណ 100,000 ដែលមាន​តម្លៃ​ចាប់ពី 1 លាន​ដុល្លារ​ឡើងទៅ ក្នុងនោះ​មាន​គណនី​ជាង 8,000 ដែលមាន​តម្លៃ​ចាប់ពី 10 លាន​ដុល្លារ។ តួលេខ​សេដ្ឋី​ជាង 100,000 នាក់​នេះ ច្រើនជាង​ឆ្ងាយ បើ​ធៀប​នឹង 25,000 នាក់ កាលពី 3 ខែ​មុន និង 15,000 នាក់ កាល​ពីមួយ​ឆ្នាំមុន។

    តម្លៃ​របស់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin កាលពីដើម​ខែកុម្ភៈ​នេះ បាន​ហក់​ឡើងដល់ 50,000 ដុល្លារ​ក្នុង 1 Bitcoin។ កាលពី​ចុង​សប្ដាហ៍​មុន តម្លៃ​របស់​វា ពេលខ្លះ​បាន​លោត​ឡើងដល់ 58,000ដុល្លារ​អ​មេ​រិ​ក។ កំណើន​នៃ​តម្លៃ​នេះ បាន​ជួយ​ឱ្យ​ក្រុម​សេដ្ឋី Bitcoin កើន​ឡើងដល់​ខ្ទង់សែន​នាក់​នៅក្នុង​សប្ដាហ៍​កន្លងទៅ នេះ​បើតាម​របាយការណ៍​រប​ស់ BitInfoCharts។

    មូលហេតុ​ធំ​បំផុត​ដែលនាំឱ្យ​តម្លៃ​របស់ Bitcoin បន្ត​ឡើងថ្លៃ ហើយ​ជួយ​ឱ្យ​ចំនួន​សេដ្ឋី​ដែល​កំពុង​វិនិយោគ​ទៅលើ Bitcoin កើនឡើង​ខ្ពស់​បែបនេះ ក៏​ព្រោះតែ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាមេរិក Tesla របស់​មហាសេដ្ឋី Elon Musk បានប្រកាសថា បាន​ទិញ Bitcoin ចំនួន 1.5 ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រការនេះ​ក៏​បង្ហាញថា ក្រុមហ៊ុនផ្សេងៗក៏​អាច​វិនិយោគ​ទៅលើ​ប្រាក់​ឌីជីថល Bitcoin នេះដែរ។

    ក៏ប៉ុន្តែ តួលេខ​ពិតប្រាកដ​នៃ​ចំនួន​សេដ្ឋី Bitcoin ពិតជា​ពិបាក​ស្មាន។ ព្រោះថា អត្តសញ្ញាណ​របស់​អ្នក​នៅ​ពីក្រោយ​គណនី Bitcoin នីមួយៗ មិន​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ ពោលគឺ​មានតែ​ចំនួន​គណនី និង​តម្លៃ​របស់​វា​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​ផ្សាយ​ជា​សាធារណៈ។ មនុស្ស​ម្នាក់​អាចមាន​គណនី Bitcoin លើសពី​មួយ ហើយ​គណនី bitcoin មួយ ក៏​អាច​គ្រប់គ្រង​ដោយ​មនុស្ស​ច្រើន​នាក់​ផងដែរ។

    យ៉ាងនេះ​ក្ដី គណនី Bitcoin ភាគច្រើន​គឺមាន​តម្លៃ​ទាប​ខ្លាំង។ យោងតាម BitInfoCharts បច្ចុប្បន្ន មាន​គណនី​ជាង 55 លាន កំពុងដំណើរការ​នៅលើ​បណ្ដាញ Bitcoin ប៉ុន្តែ ក្នុងចំណោម​នោះ មាន​គណនី​ជិត 45 លាន មានតម្លៃ​ក្រោម 100 ដុល្លារ។

    ឆ្នាំនេះ បើទោះជា​មានពេលខ្លះ​ត្រូវ​ធ្លាក់​ថ្ងៃ ប៉ុន្តែ តម្លៃ Bitcoin នៅតែ​ខ្ពស់ជាង​ជិត 70% បើ​ធៀប​នឹង​តម្លៃ​កាលពីដើមឆ្នាំ។ ចំណែក​មាស ដែលជា​គូប្រជែង​ផ្ទាល់​របស់ Bicoin បែរជា​ធ្លាក់​ថ្លៃ 5% ទៅវិញ ខណៈ​ស​ន្ទ​ស្សន៍ DJIA, S&P 500 និង Nasdaq Composite នៅក្នុង​ផ្សារ​ហ៊ុន​អាមេរិក កើនឡើង 5%៕

    ប្រភព៖ Market Watch, CBS
    ប្រែ​សម្រួល៖ បុត្រា

  • សន្និសីទ​ធនាគារ​អាស៊ាន​ ផ្តោត​លើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​

    សន្និសីទ​ធនាគារ​អាស៊ាន​ ផ្តោត​លើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​

    មន្ត្រី​កំ​ពូល​ៗ ជា​អ្នកជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​ មក​ពី​ទូទាំង​តំបន់​ក្នុង​សហគមន៍​អាស៊ាន​បាន​មក​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ សន្និសីទ​ប្រចាំ​តំបន់​ដ៏​សំខាន់​មួយ​ដែល​សន្និសីទ​ នោះ​រៀបចំឡើង​ក្រោម​ទស្សនទាន​“ការ​ផ្សារភ្ជាប់​អាស៊ាន​ឆ្នាំ2025​-ពិភពលោក​ដ៏​ក្លៀវក្លា​ថ្មី​មួយ​នៃ​នវានុ​វត្ត​ភាព​ ប្រព័ន្ធ​ឌីជីថល​សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​តែមួយ​ (ASEAN​ Connectivity​2025​-abravenew​ world​ of​ digital​ innovation​ for​ one​ ASEAN​ banking​ sector​)” ដោយ​ផ្តោត​ទៅលើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ថ្លែង​ស្វាគមន៍​ដល់​ប្រតិភូ​ក្នុង​សន្និសីទ​ទាំងមូល​ថា​៖ “ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ ដែល​បានឃើញ​ដំណើរ​វិវឌ្ឍន៍​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​ ពិសេស​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។ ការ​ធ្វើ​ទំនើបកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ថ្មី​ៗ បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ ទៅកាន់​ប្រជាពលរដ្ឋ​អាស៊ាន​ ច្រើនជាង​ 600លាន​នាក់​ ប្រកបដោយ​សុវត្ថិភាព​ និង​បរិ​យា​ប័ន្ន”។

    ឯកឧត្តម​ បាន​បន្ត​ថា​ សន្និសីទ​នេះ​គឺជា​ឱកាស​ដ៏​ល្អឥតខ្ចោះ​ ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ និង​ព័ត៌មាន​ ជាមួយ​អ្នកជំនាញ​ មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​ និង​លើកទឹកចិត្ត​ធនាគារ​ឱ្យ​ទទួលយក​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​មាននៅ​ក្នុង​វិស័យ​នេះ​។

    ឯកឧត្តម​ ទេសាភិបាល​ បានឱ្យ​ដឹង​ថា​៖ “ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា​កំពុង​អភិវឌ្ឍ​យ៉ាង​រហ័ស​ក្នុងរយៈពេល​ 2-3 ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារតែ​ស្ថិរ​-ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ និង​ការ​បើកចំហ​គោលនយោបាយ​វិនិយោគ​របស់​រដ្ឋាភិបាល​។ ឆ្នាំនេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​នឹង​រក្សា​បាន​កំណើន​ក្នុង​អត្រា​ស្រដៀងគ្នា​នឹង​ឆ្នាំទៅ​ ដែល​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​លំហូរ​ចូល​ជា​បន្ត​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ កំណើន​ការនាំចេញ​ខ្ពស់​ និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​រឹងមាំ​”។

    កាលពី​ចុងខែ​កក្កដា​ ធនាគារជាតិនៃកម្ពុជា​ NBC​បាន​ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រក្សា​ក្នុង​កម្រិតមធ្យម​ 7.1​%នៅ​ឆ្នាំនេះ​ ដែល​ជំរុញ​ពី​កំណើន​ការនាំចេញ​ វិស័យ​សំណង់​ អចលនទ្រព្យ​ និង​ទេសចរណ៍​ ខណៈ​វិស័យ​កសិកម្ម​នឹង​មាន​កំណើន​យឺត​។ គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ​ 2019​ ទ្រព្យសកម្ម​ ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ដល់​ 114​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​)។

    ឯកឧត្តម​ ជា​ ចាន់​តូ​ មានប្រសាសន៍​បន្ត​ថា​៖“ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​បាន​ចូលរួម​ចំណែក​ យ៉ាង​សំខាន់​ក្នុង​ការពង្រីក​ និង​ពង្រឹង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​។ បណ្តាញ​ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​បាន​បង្កើន​ការប្រើ​ប្រាស់​ បច្ចេកវិទ្យា​ និង​បង្កើត​ផលិតផល​ និង​សេវាកម្ម​ហិរញ្ញ​-វត្ថុ​ថ្មី​ៗ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម​ និង​ពេលវេលា​។ ការបង្កើត​ថ្មី​ទាំងនេះ​ គាំទ្រ​ដល់​ការ​រីកចម្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​ ក៏ដូចជា​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​”។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​សមាគម​ធនាគារ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ ​“ព្រឹត្តិ​ការណ៍​នេះ​អនុញ្ញាត​ឱ្យ​ធនាគារ​កម្ពុជា​អាច​រៀនសូត្រ​ពី​សម​ភាគី​របស់​ខ្លួន​នៅ​ទូទាំង​អាស៊ាន​។ ចំណេះដឹង​នេះ​នឹង​បង្កើត​ឱកាស​បន្ថែម​ទៀត​ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​ និង​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន​កម្ពុជា​។ ដូច​សមាគម​ធនាគារ​ ដទៃទៀត​នៅក្នុង​តំបន់​តួនាទី​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ គឺ​ត្រូវ​សហការ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ក្នុង​ការជំរុញ​ការ​ច្នៃប្រឌិត​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ដើម្បី​សម្រួល​ដល់​កំណើន​ សេដ្ឋកិច្ច​ និង​សមាហរណកម្ម​តំបន់​”។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​ថ្លែង​ថា​៖ “យើង​មិន​ត្រឹមតែ​បានឃើញ​ពី​ការ​រីកចម្រើន​ របស់​ ក្រុម​ហ៊ុន​ធំៗ​ក្នុង​តំបន់​ដូចជា​ Grab​ នៅ​សិង្ហបុរី​ ឬក៏​ក្រុមហ៊ុន​ Go​Jek​ នៅ​ឥណ្ឌូ​នេ​ស៊ី​ ដែល​កំពុងតែ​ឈានមុខ​ គេ​ក្នុង​វិស័យ​នេះ​ ក្នុង​ការ​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា​ថ្មី​ៗ មាន​ភាព​ងាយស្រួល​។ យើង​បាន​សិក្សា​រៀនសូត្រ​ពី​ក្រុមហ៊ុន​ទាំងនោះ​ ហើយ​យើង​កំពុងតែ​អភិវឌ្ឍ​ក្រុម​អ្នកច្នៃប្រឌិត​ផ្ទាល់ខ្លួន​របស់​យើង​ ដូចជា​ក្រុមហ៊ុន​ PassApp​ ឬ Joonaak​ ដែល​កំពុង​នាំ​យកចំណេះ​ដឹង​ក្នុង​តំបន់​របស់​ពួកគេ​នៅ​ទីនេះ​ ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​ពល​ដ្ឋ​របស់​យើង​”។

    បណ្ឌិត​ អុិន​ ចាន់​នី​ បាន​ថ្លែង​បន្ត​ថា​៖ “ពិត​ណាស់​ យើង​បាន​ទទួលស្វាគមន៍​ក្រុមហ៊ុន​ Grab​ និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​ ដើម្បី​ប្រតិបត្តិ​នៅ​ទីនេះ​ ប៉ុន្តែ​យើង​មាន​មោទនភាព​ណាស់​ ដែល​យើង​មាន​ទេពកោសល្យ​ និង​មហិច្ឆតា​ក្នុង​ការបង្កើត​ និង​បង្កើន​ការប្រកួត​ប្រជែង​ក្នុង​ស្រុក​ជាមួយនឹង​ក្រុម​ហ៊ុន​ធំៗ​ប្រចាំ​តំបន់​ទាំងនេះ​”។

    ប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​នាក់​ផ្សេងទៀត​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ផ្តល់​អនុសាសន៍​របស់​ខ្លួន​ទៅលើ​ ប្រធានបទ​ ដូចគ្នា​នេះ​ នៅក្នុង​អំឡុង​ពេល​កិច្ចពិភាក្សា​ជា​ក្រុម​ អំពី​ប្រព័ន្ធ​ឌីជីថល​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​(Fintech​) សន្តិសុខ​លើ​ការ​លួច​ចម្លង​ទិន្នន័យ​ (cyber​security​) បញ្ជី​កំណត់ត្រា​ប្លុក​ឆេន​ (Blockchain​) និង​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​។

    លោក​ ភួ​ខុង​ ចន្ថា​ចក​ Phoukhong​-Chanthachack​ ប្រធាន​សមាគម​ធនាគារិក​អាស៊ាន​ក៏បាន​លើកឡើង​ពីសា​រៈសំ​ខាន់​នៃ​ការ​ច្នៃប្រឌិត​ឌីជីថល​ផង​ដែរ​។ “ការ​ច្នៃប្រឌិត​ឌីជីថល​គឺជា​ផ្នែក​សំខាន់​មួយ​ នៃ​សសរ​ស្តម្ភ​ទាំង​ 5 នៅក្នុង​ផែនការមេ​អាស៊ាន​តភ្ជាប់​ឆ្នាំ​ 2025​។ ចក្ខុវិស័យ​របស់​យើង​ គឺ​ដើម្បី​សម្រេច​បាន​នូវ​អាស៊ាន​ ដែល​មាន​ទំនាក់ទំនង​ និង​សមាហរណកម្ម​យ៉ាង​រលូន​ និង​ទូលំទូលាយ​។

    បច្ចុប្បន្ន​សមាគម​ធនាគារ​នៅ​កម្ពុជា​មាន​សមាជិក​ 65​ រួមមាន​៖ធនាគារពាណិជ្ជ​កម្ម​ ចំនួន44​ ធនាគារ​ឯកទេស​ចំនួន17និង​ការិយាល័យ​តំណាង​ចំនួន4​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​មួយ​។ នេះ​ជា​លើក​ទី1​ ហើយដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ធនាគារ​អាស៊ាន​ ដែល​ ដែល​តម្រូវ​ឱ្យ​ត្រូវ​ដាក់វេនគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ រៀងរាល់​រយៈពេល2​ ឆ្នាំ​ម្តង​រាល់​ប្រទេស​ ជាស​មា​ជិ​ក សហគមន៍​អាស៊ាន​ទាំងអស់​។

    សូម​បញ្ជាក់​ថា​ ឥណទាន​ក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ប្រហែល​ 22.4​%ដល់​ 27,7​ពាន់​លាន​ដុល្លារ​កាលពី​ចុង​ត្រីមាស​ទី​ 2 ឆ្នាំ2019​។ កម្ចី​សរុប​នៅក្នុង​វិស័យ​ធនាគារ​មាន​ចំនួន21,5​ ពាន់​លាន​ដុល្លារ​ ខណៈ​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ 6,2​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទី2​ ឆ្នាំ​ 2019​។

    ទ្រព្យសកម្ម​សរុប​នៅក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង12.2​%កើនឡើង​ដល់​44,8​ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​ 2 ឆ្នាំ​ 2019​។ ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ (ការិយាល័យ​កណ្ដាល​ និង​សាខា​) បាន​កើនឡើង​ដល់​ 2,367​ ដោយ​មាន​ម៉ាស៊ីន​ ATM​ 2,228​ កន្លែង​ទូទាំង​ប្រទេស​។

    គិត​ត្រឹម​ត្រីមាស​ទី2​ ឆ្នាំ2019​ មាន​ធនាគារពាណិជ្ជ​45​ ធនាគារ​ឯកទេស​ 15​ គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​ទទួល​ប្រាក់កម្ចី​ 7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ 74​ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ 254​ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់16​។ នេះ​បើ​តាម​របាយការណ៍​ទិន្នន័យ​ធនាគារជាតិនៃកម្ពុជា​៕

  • បច្ចេកវិទ្យា​ឌីជីថល​ត្រូវបាន​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​ទីផ្សារ

    បច្ចេកវិទ្យា​ឌីជីថល​ត្រូវបាន​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​ទីផ្សារ

    បច្ចេកវិទ្យា​ឌីជីថល​បាន​ជំរុញ​ឱ្យអ្វីៗនៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការផ្លាស់ប្ដូរ។ បច្ចុប្បន្ន​យើង​ឃើញ​មាន​ដំណើរការ​កម្មវិធី​អន​ឡាញ​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាច្រើន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ការប្រើប្រាស់​បច្ចេកវិទ្យា​តាមរយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​លើ​អាជីវកម្ម​ទូទាត់​ប្រាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទៀតសោត ក៏​កំពុង​តែមាន​ប្រជាប្រិយភាព​ផងដែរ ព្រោះ​វា​ជួយ​សម្រួល​ដល់​ការទិញ​ទំនិញ ការ​វេរ​លុយ និង​ការបង់ថ្លៃ​សេវាកម្មផ្សេងៗជាដើម។ល។

    ក្រៅពីនេះទៀត​យើង​ឃើញ​មាន​ធនាគារធំៗ ដូចជា​ធនាគារ​ABA ធនាគារ​អេស៊ីលីដា​ជាដើម ក៏មាន​កម្មវិធីផ្សេងៗប្រើ​នៅលើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​នដែល​អតិថិជន​របស់​ធ​នាគារ​អាច​ចូល​មើល​គណនី​របស់ខ្លួន​បាន និង​អាច​ទូទាត់​សេវាកម្ម ដូចជា​បង់ថ្លៃ​ទឹកភ្លើង ថ្លៃ​ត​បណ្ដាញ​អុីន​ធើ​ណិ​ត ទិញ​ទំនិញ បង់ថ្លៃ​សាលា បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទដៃ និង​ផ្ទេរប្រាក់ ជាដើម​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

    ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​ស្មា​ត​ហ្វូ​ន​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​វា​មាន​ភាពបត់បែន រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព ដែល​វា​បានបង្ហាញ​ពី​សេដ្ឋកិច្ចកម្ពុជាក្នុង​ជំហាន​មួយ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​ដែលមាន​ការផ្លាស់ប្ដូរ ការ​ជឿនលឿន ច្នៃប្រឌិត និង​ប្រកបដោយ​បច្ចេកវិទ្យា​ថ្មី។

    កម្មវិធី Pi Pay ក៏ដូចជា Aeon Wallet Cambodia គឺជា​វេទិកា​ទូទាត់​ប្រាក់​ប្រកប​ដោយភាព​ច្នៃប្រឌិត និង​មិនចាំបាច់​ដាក់​សាច់ប្រាក់​តាម​ខ្លួន​នៅពេល​ប្រតិបត្តិ​ការទូទាត់​នោះទេ។ វា​ជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម Mobile App ដែល​អតិថិជន​អាច Download ដាក់​ក្នុង​ទូរស័ព្ទដៃ​ដោយ​គ្រាន់តែ​បញ្ចូល​ប្រាក់​នៅតាម​បញ្ជរ Pi Pay ឫ​បញ្ជរ Aeon Wallet Cambodia ហើយ​បន្ទាប់មក​ក៏​អាចធ្វើ​ប្រតិបត្តិ​ការទិញ​ទំនិញ និង​ទូទាត់​ប្រាក់​ដោយ​មិនចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​ដែល​ធ្វើឱ្យ​អ្នកមាន​ទំនុកចិត្ត និង​សុវត្ថិភាព។

    ផ្នែក​ធ្វើដំណើរ​វិញ យើង​អាចធ្វើ​ការហៅ​រ៉ឺម៉ក ឬ​តាក់ស៊ី​ជិះ​តាមរយៈ​កម្មវិធី​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ដូចជា PassApp, Grab Cambodia, Taxi Cambodia, We Go Taxi ជាដើម។ តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ អតិថិជន​មានការ​ពេញចិត្ត​ជាមួយ​នឹង​តម្លៃថោក​គួរសម​នៃ​សេវា​កម្មនេះ​ព្រោះ​គេ​អាច​កំណត់​គោលដៅ​ធ្វើដំណើរ និង​មើលឃើញ​ពី​ចម្ងាយ​ដែល​ពួកគេ​កំពុង​ជិះ​បាន​យ៉ាង​ងាយស្រួល​ផងដែរ។

    អ្នកជំនាញ​ទីផ្សារ​បាន​ហៅ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​របស់​ក្រុមហ៊ុន​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​ថា ជា​យុទ្ធសាស្ត្រ​ទីផ្សារ ពីព្រោះថា ការផ្តល់​សេវាកម្ម​ឱ្យ​ដល់ដៃ​អតិថិជន​តាមរយៈ​បច្ចេកវិទ្យា​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​នោះ ដោយសារ​នៅលើ​ពិភពលោក​បច្ចុប្បន្ន​គេ​ផ្តោតទៅលើ​បច្ចេកវិទ្យា​ច្រើន ហើយ​កម្ពុជា​យើង​ក៏​គេសង្កេតឃើញថា​មាន​កំណើន​ច្រើន​គួរសម​ក្នុង​ការប្រើ​យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា ឌីជីថល​នេះ។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេបាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ “ទីផ្សារ​ប្រសិនបើ​គេ​យក​មនុស្ស​ម្នាក់​ទាក់ទង​អតិថិជន​ក្នុង1ថ្ងៃ បាន​អតិថិជន​តែ3-5នាក់​ប៉ុណ្ណោះ តែបើ​គេ​ប្រើ​បច្ចេកវិទ្យា វិញ​អាចបាន​ដល់​ទៅ​មនុស្ស​រាប់ម៉ឺន រាប់សែន​នាក់ នេះ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​មួយ ដែល​យុទ្ធសាស្ត្រ​មួយ​នេះ​ធ្វើឱ្យ​តម្លៃ​ដើម​ធ្លា​ក់ទាប”។ លោក​បន្តថា យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​កំពុងតែ​មានកំ​ណើ​ន ព្រោះថា​ប្រជាជន​កម្ពុជា​មិន​ថា​ចាស់ ឬ​ក្មេង​នោះទេ នរណាៗក៏មាន​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​នទំនើបៗប្រើ​ដែរ សូម្បីតែ​ពលរដ្ឋ​នៅ​ទីជនបទ ព្រោះ​វា​មាន​ភាពងាយស្រួល​ខ្លាំង​ក្នុងការ​ប្រើប្រាស់់ និង​ទាន់សម័យ លើកលែងតែ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ធម្មតា​ដែល​មិនមែនជា Smart Phone តែប៉ុណ្ណោះ។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន ​ហ្វ័​រ​តេ

    ទាក់ទង​នឹង​ការប្រើប្រាស់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​វិញ ការប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​នៅ​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ពេញនិយម​យ៉ាងខ្លាំង ដូច្នេះហើយ​ទើប​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​អាច​ប្រើប្រាស់​បណ្ដាញ​នេះ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ទំនិញ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​គេ​បាន ដូច​ជាការផ្តល់ព័ត៌មាន​ទៅកាន់​អតិថិជន កម្មវិធី​ប្រូ​ម៉ូ​សិន ដំណោះស្រាយ​បញ្ហា​របស់​អតិថិជន ការលើកទឹកចិត្ត​ដល់​អតិថិជន ការណែនាំ​ក្នុងការ​ប្រើប្រាស់​ផលិតផល និង​សេវាកម្មផ្សេងៗទៀត​ដែលមាន​ប្រយោជន៍​ដល់​ពួកគេ និង​ការធ្វើឱ្យ​អតិថិជន​ចុច​គាំទ្រ ឬ​បញ្ចេញ​មតិយោបល់ ហើយ​និង​អនុញ្ញាតឱ្យ​អតិថិជន​អាច​ទាញយក​កម្មវិធី​​ចូល​មើល ឬ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​បាន​កាន់តែ​ងាយស្រួល​ទៀតផង។

    លោក យក់ ចំរើន​ឫទ្ធិ បាន​បញ្ជាក់ថា ចំពោះ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ គេ​អាច​ប្រើប្រាស់​ក្នុង​យុទ្ធសាស្ត្រ​បាន​ច្រើន​មុខ ដូចជា​ម៉ា​កេ​ធី​ង​គឺ គេ​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​ស្គាល់​អំពី​ក្រុមហ៊ុន​របស់គេ ឯ​ក្រុម​ sales វិញ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​លក់​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន។ ដូច្នេះ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កវា​មាន​ប្រយោជន៍​ត្រង់​ថា​វា​ជា​ social media។ លោក​បាន​បន្តទៀតថា ឱ្យតែ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន គេ​អាច​ទំនាក់ទំនង​ព័ត៌មាន អាចផ្តល់ព័ត៌មានព្រោះ​វា​មានតម្លៃ​ថោក មិន​ចំណាយ​ពេលវេលា​ច្រើនដូច្នេះ​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ងាយស្រួល​បំផុត។ ក្នុង​អត្ថប្រយោជន៍ផ្សេងៗច្រើនយ៉ាង​ទៀតការបង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រៅពី​សម្រាប់​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​ពួកគេ និង​បង្កើន​អតិថិជន​ហើយ គេ​អាច​ពង្រឹង​អាជីវកម្ម​ឱ្យ​ក្រុមហ៊ុន​របស់គេ​កាន់តែ​រីកចម្រើន​ទៅមុខ​បាន​ទៀតផង។

    ជាក់ស្តែង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ធនាគារ​មួយចំនួនធំ​ដូចជា កម្មវិធី សេវាកម្ម​ដែល​បាន​បង្កើតថ្មីៗ ធនាគារ​ទាំងនោះ​បានធ្វើ​ការទាក់ទាញ​ដល់​អតិថិជន​ខ្លួន​ឱ្យ​ងាក​មក​សាកល្បង​ប្រើប្រាស់​នូវ​អ្វី​ដែលជា​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន។

    ក្នុងពេល​ប​ច្ចុ​ប្ប​នេះ​ថ្វីដ្បិតតែ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​មិនទាន់មាន​សេវា​គ្របដណ្ដប់​នៅ​ទូទាំងប្រទេស​ពេញលេញ​នៅឡើយ​ជាពិសេស​នៅតាម​ទីជនបទ ប៉ុន្តែ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​នឹង​កំពុង​បំពេញ​នូវ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ឱ្យបាន​សព្វគ្រប់​នៅ​ឆ្នាំ2020។ នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

    ចំពោះ​ប្រព័ន្ធ​សេវា​អុីន​ធើ​ណិ​ត 3Gវិញ នៅតាម​ទីក្រុង-ខេត្ត​នៅ​ទូទាំងប្រទេស សេវា​អុីន​ធើ​ណិ​ត​មាន​ល្បឿន​តែ60% ហើយ​សម្រាប់​សេវា​អុីន​ណិ​ត​4G ដែល​ប្រើ​នៅតាម​បណ្ដា​ជនបទ​មាន​សេវា​ល្បឿន​លឿន​បំផុត​ត្រឹមតែ 17%ប៉ុណ្ណោះ ចំណែក​នៅ​ទី​ក្រុងមាន​ដល់57% ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវ​អន្ដរាគមន៍​ និង​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​សេវា​អុីន​ធើ​ណិ​ត​នេះ​ឱ្យមាន​ភាពល្អប្រសើ​ជាង​នេះ ដោយសារ​ការប្រើប្រាស់​ប្រព័ន្ធ​សេវា​អុីន​ធើ​ណិ​ត​តាម​ទូរស័ព្ទ​វា​អាចជួយ​ដល់​ចំណូល​ថវិកាជាតិ​ផងដែរ។ តាម​ការដាក់​ស​ន្ទ​ស្សន៍​នៅ​ឆ្នាំ2020 ប្រព័ន្ធ​អុីន​ធើ​ណិ​ត​នឹងមាន​ល្បឿន​លឿន​នៅតាម​ទីក្រុង​ដល់100% ចំណែក​នៅតាម​ជនបទ​នឹងមាន​ល្បឿន​លឿន​ប្រមាណ 80% ហើយ​នឹងមាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​គ្រប់ 100%នៅ​ទូទាំងប្រទេស៕