Tag: ដំបូង

  • ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

    ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ប្រេស៊ីល​ប្រកាស​ថា កំពុង​អភិវឌ្ឍ​វិធីសាស្ត្រថ្មី​ដែល​ទំនើប​ ដើម្បី​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន និង​ម៉ាទឹក​កក​ ដោយ​យោង​ទៅ​តាមបច្ចេក​វិទ្យា​វ៉ាក់សាំង​។

    យោង​តាម​ AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 តុលា 2023​ វ៉ាក់សាំង​ឈ្មោះ Calixcoca ដែល​កំពុង​ត្រូវ​បាន​ពិសោធ​នេះ ​អាច​ដាស់​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ឱ្យទប់​ស្កាត់​សារធាតុ​កូកាអ៊ីន និងម៉ា​ទឹក​កក​ដែល​នឹង​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់បំផ្លាញ​វដ្ដ​នៃ​អាការ​ញៀន​។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​លែង​មាន​អារម្មណ៍​ត្រេក​ត្រអាល​នៅ​ពេល​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

    អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យរដ្ឋ Minas Gerais បាន​ឱ្យ​ដឹង​ថា បើ​សិន​វិធី​សាស្ត្រ​ព្យាបាល​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់​សាំង​ដំបូង​គេ​ដែល​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន​។

    បច្ចុប្បន្ន​ វ៉ាក់សាំង​នេះ​ជិត​ចូល​ដល់​ដំណាក់​កាល​ពិសោធ​ចុង​ក្រោយ​នៅ​លើមនុស្ស​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា វ៉ាក់សាំង Calixcoca អាច​កំណត់​ឡើង​វិញ​នូវ​ការ​ព្យាបាល​អាការ​ញៀន​នឹង​គ្រឿង​ញៀន​។

    គម្រោង​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ទទួល​បាន​ពាន​រង្វាន់​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាម៉េរិក​ពី Euro Health Innovation ដែល​ឧបត្ថម្ភដោយ​ក្រុម​ហ៊ុន​ផលិត​ឱសថ Eurofarma៕

  • ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

    ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

    Dragonfly ដែល​ជា​ដ្រូន​គំរូ​ដើម​ខ្នាត​ធំ​ ប៉ុនកូន​​រថយន្ត​ ហើយ​គ្រោង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​ចន្ទ​ធំបំផុត​របស់​ភព​សៅរ៍​ ទើបតែ​​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​បន្ទប់​ខ្យល់​។

    កន្លង​មក​ ណាសា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ហួស​ពី​គោលដៅ​នៃ​បេសក​កម្ម​ដំបូង​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ Ingenuity ហោះ​ហើរ​បាន​ 63 លើក​នៅ​លើ​ភព​អង្គារ​។ ណាសា​យល់​ដឹង​បាន​ច្រើន​ពី​ឧទ្ធម្ភាគ​ចក្រ​ដំបូង​នេះ​ និង​ត្រៀម​អនុវត្ត​ចំពោះ​យាន​ធំ​ជាង​នេះ​នៅ​លើ​ទីតាន (Titan) ដែល​ជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​របស់​ភព​សៅរ៍​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 24 តុលា 2023​។

    ដ្រូន Dragonfly ប្រើ​ប្រាស់​ស្លាប​កង្ហារ​ចំនួន 8 និង​មាន​ទំហំ​ប៉ុន​កូន​ឡាន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Johns Hopkins រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក បាន​ធ្វើ​តេស្ត​ទៅ​លើ​ដ្រូន​គំរូ​ដើម​ដែល​មាន​ទំហំ​ស្មើ​នឹង​ពាក់​កណ្ដាល​ទំហំ​ផ្លូវ​ការ​ និង​បាន​ចែក​រំលែក​លើ​អ៊ីនធើណិត​។

    Dragonfly នឹង​ជា​បេសកកម្ម​ដំបូង​របស់​ណាសា​ ដែល​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​របស់​ «ពិភព​មហា​សមុទ្រ​» មួយ​ផ្សេង​ទៀត ក្រៅ​ពី​ផែនដី​។ ដូច​ទៅ​នឹង​ផែនដី ព្រះ​ចន្ទ​ទីតាន​មាន​ប្រព័ន្ធ​អាកាស​ធាតុ​ ទន្លេ និង​សមុទ្រ​នៅ​លើ​ផ្ទៃ​ ប៉ុន្តែ​ខុស​ត្រង់​ថា ធាតុ​រាវ​ដែល​ហូរ​នៅ​លើ​ទីតាន​មាន​ផ្ទុក​មេតាន​រាវ មិន​មែន​ទឹក​ឡើយ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿ​ថា ព្រះ​ចន្ទ​មួយ​នេះ​អាច​មាន​លាក់​ភាវៈ​រស់​។

    ដ្រូន​ថ្មី​នេះ​នឹង​ស្រាវ​ជ្រាវ​ផ្ទៃ​ខាងលើ​របស់​ព្រះចន្ទ​ទីតាន​ ជា​ទី​ដែល​មនុស្ស​ទើប​បាន​ដឹង​តិច​តួច​បំផុត​នៅ​ឡើយ​។

    តាម​គម្រោង​ Dragonfly នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​កាន់​ទីអវកាស​នៅ​ឆ្នាំ 2027​។ បើ​សិន​អ្វី​ៗ​ដំណើរ​ការ​រលូន វា​នឹង​ទៅដល់​ព្រះចន្ទ​ទីតាន​នៅ​ឆ្នាំ ​2034​។

  • ជា​លើកដំបូង ភេសជ្ជៈ​ធ្វើ​ពី​ទឹក​ផ្កា​ដូងស្រស់របស់​ខ្មែរ​ក្រោម ត្រូវ​បាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាម៉េរិក

    ជា​លើកដំបូង ភេសជ្ជៈ​ធ្វើ​ពី​ទឹក​ផ្កា​ដូងស្រស់របស់​ខ្មែរ​ក្រោម ត្រូវ​បាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាម៉េរិក

    (វៀតណាម) – កាល​ពី​ថ្ងៃទី 25 តុលា ភេសជ្ជៈ​ទឹក​ផ្កាដូង​ស្រស់​ចំនួន 20,000 ដប ដែល​ជា​ផលិតផល​ពិសេស​របស់​ខេត្ត​ត្រាវិញ (ព្រះត្រពាំង) ត្រូវ​បាន​នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។

    ទឹក​ផ្កាដូង​ស្រស់​គឺជា​មួយក្នុង​ចំណោម​ផលិត​ផល​ចំនួន 19 មុខ​ ដែល​ស្ថិត​ក្នុង​ក្រុម​ផលិត​ផល​​ដែល​ជាប់​ចំណាប់​ថ្នាក់​ OCOP ផ្កាយ​ 5 ដែល​​វៀតណាម​ ទទួល​ស្គាល់​ក្នុង​​ឆ្នាំ 2023​។

    តាម​ផែនការ ក្រោយ​ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​លក់​ដំបូង ជាមធ្យម​ក្នុង​មួយ​ខែ​ ភេសជ្ជៈ​ទឹក​ផ្កាដូង​ស្រស់​ពី 20,000 ដល់ 40,000 ដប​ នឹង​ត្រូវ​បាន​នាំ​ចេញ​ពី​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។

    ក្នុងចំណោម​ផលិត​ផល​ចំនួន 19 មុខ​ ដែល​ស្ថិត​ក្នុង​ក្រុម​ផលិតផលផ្កាយ​ 5 ​ដែល​ទទួល​ស្គាល់​ដោយ OCOP ក្នុង​ឆ្នាំ​ 2023 ខេត្ត​ព្រះ​ត្រពាំង នៅ​ដែន​ដី​កម្ពុជា​ក្រោម​ (វៀតណាម​) ​រួម​ចំណែក​រហូត​ដល់ 3 មុខ​ ហើយ​ 3 មុខ​នេះ​ ក៏សុទ្ធ​តែ​ជា​ផលិត​ផល​ដែល​ធ្វើ​ពី​ដូង​ រួម​មាន ភេសជ្ជៈ​ធ្វើ​ពី​ទឹក​ផ្កាដូង​ស្រស់ ស្ករ​ផ្កាដូង​ របស់​ក្រុម​ហ៊ុន SOKFARM CO., LTD ដែល​ជា​​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម អ្នក​ស្រី ថាច់ ធី​ចន្ធី និង​ក្រមួន​ដួង​របស់​ក្រុម​ហ៊ុន VICOSAP។

  • រថយន្ត​អគ្គិសនី Concept LF-Z របស់ Lexus ធ្វើ​ដំណើរ​បាន​ 1,000 គីឡូម៉ែត្រ

    រថយន្ត​អគ្គិសនី Concept LF-Z របស់ Lexus ធ្វើ​ដំណើរ​បាន​ 1,000 គីឡូម៉ែត្រ

    ក្រុម​ហ៊ុន Toyota បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept Lexus ដែល​អាច​បរ​បាន​រហូត​ដល់ 1,000 គីឡូម៉ែត្រ នា​ថ្ងៃ​នេះ ក្នុង​បំណង​វាយ​លុក​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2026​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុម​ហ៊ុន​នេះ​ ក្នុង​ការ​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្ម​ផ្ទុក​ថាមពល​ទំនើប​។

    គំរូ​រថយន្ត Lexus LF-ZC ដែលបង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ពិព័រណ៍​ចល័ត​ជប៉ុន ប្រើ​ប្រាស់​ថ្ម​ផ្ទុក​ថាមពល​រាង​ប្រអប់​ មាន​ថាម​ពល​ខ្ពស់​ ជួយ​ឱ្យ​ធ្វើ​ដំណើរ​បានចម្ងាយ​ប្រហែល 1,000 គីឡូម៉ែត្រ ​ឆ្ងាយ​ជាង​ទ្វេដង​បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ធម្មតា​។

    Lexus LF-ZC មាន​កន្លែង​អង្គុយ​ទាប កន្លែង​បើក​បរ​ធំទូលាយ​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត (AI) ទំនើប​ ដែល​ Toyota ហៅ​ថា Butler។

    ក្រុម​ហ៊ុន Toyota បាន​សន្យា​ថា នឹងលក់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ 100% នៅ​ទូទាំង​សកល​លោក​ សម្រាប់​យីហោ​ Lexus ចាប់​ពី​ឆ្នាំ 2035​៕

  • ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

    ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

    បើ​ទោះ​ជា​មាន​មនុស្ស​មិន​តិច​ដែល​រិះគន់​ថា​អាក្រក់ និង​ត្រូវ​បាន​ទំព័រ Time ដាក់​ចូល​ទៅក្នុង​ «របក​គំហើញ​ដែល​អន់» ព្រោះ​តែ​គ្មាន​ប្រយោជន៍​ ប៉ុន្តែ Crocs នៅ​តែ​អាច​រក​ប្រាក់បាន​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។

    ក្នុង​រយៈ​ពេល​ជាង​ 20 ឆ្នាំ ស្បែក​ជើង​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង​ឈីស​នេះ ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ចូល​ចិត្តខ្លាំង និង​អ្នក​ស្អប់​ខ្លាំង​មិន​តិច​ឡើយ​។ ប៉ុន្តែ Crocs នៅ​តែ​ជា​បាតុភូមិ​មួយ​របស់​វិស័យ​ម៉ូដែល​ទំនើប​ និង​រក​ប្រាក់​ចំណូល​បាន​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កាលពី​ឆ្នាំ​កន្លង​។

    ស្បែក​ជើង​នេះ​ធ្វើ​ពី croslite ដែល​ជា​ជ័រ​ប្រភេទ​ទន់ ស្រាល និង​មិន​រក្សា​ក្លិន​។ ដំបូង​ឡើយ​ វា​ត្រូវ​បាន​វាយ​តម្លៃ​ថា​អាក្រក់​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​លក់ ព្រោះ​តែ​ងាយស្រួល​ពាក់​ ទាំង​នៅ​លើដីគោក ទាំង​នៅ​ក្នុង​ទឹក​។

    កាល​ពី​ឆ្នាំ 2010 ទស្សនាវដ្ដី Time បាន​ដាក់​បញ្ចូល Crocs ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​អំពី​របក​គំហើញ​ដែល​អន់​បំផុត​ទាំង​ 50 របស់​ពិភពលោក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ បុគ្គល​​ល្បី​ឈ្មោះ​​ជា​ច្រើនរូប​​​កំពុង​ប្រើប្រាស់​ស្បែក​ជើង​យីហោ​នេះ​។

    យោង​តាម Lucy Thornley ដែល​ជា​អនុប្រធាន​ផ្នែក​និន្នាការ អតិថិជន រចនា និង​ផលិត​ផល​របស់ Crocs ឱ្យ​ដឹង​ថា មាន​មូលហេតុពីរ​យ៉ាង​ដែល​នាំ​ឱ្យ​ Crocs ទទួល​បាន​ជោគ​ជ័យ​ រួម​មាន​ អ្នក​ប្រើ​ប្រាស់​វ័យ​ក្មេង​ចូល​ចិត្ត​ប្រើប្រាស់​ស្បែក​ជើង​នេះ​ និង​រចនា​រូប​រាងរបស់​វា​​ត្រូវ​បាន​បន្ទាន់​សម័យ​៕

  • អង់គ្លេស​ពិសោធ​ការ​ផលិត​ខ្លាញ់​សិប្បនិម្មិតបណ្ដុះ​ពី​កោសិកា​ជ្រូក​

    អង់គ្លេស​ពិសោធ​ការ​ផលិត​ខ្លាញ់​សិប្បនិម្មិតបណ្ដុះ​ពី​កោសិកា​ជ្រូក​

    សាច់​សិប្បនិម្មិត​ មក​ដល់​ពេលនេះ​​នឹង​ត្រូវ​តែ​មាន​ទាំង​សាច់​​ ទាំង​ខ្លាញ់ លាយ​ឡំ​គ្នា ដើម្បី​ឱ្យ​មាន​ឱជារស​​​ជាង​មុន​។ នេះ​គឺជា​គោល​ដៅ​នៃ​ការ​ពិសោធ​ដែល​កំពុង​ត្រូវ​បាន​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ជីវសាស្ត្រ​មួយ​នៅ​ប្រទេស​អង់គ្លេស​​ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​។

    បន្ទប់​ពិសោធន៍​ Hoxton Farms កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផលិត​ខ្លាញ់សិប្បនិម្មិត​ដែល​មាន​រចនា​សម្ព័ន្ធ​ និង​សមាសធាតុ​ដូច​ទៅ​នឹង​ខ្លាញ់សត្វ​។

    កន្លង​មក​នេះ សាច់​សិប្បនិម្មិតដែល​​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​បន្ទប់​ពិសោធន៍ មាន​ដូច​ជាសាច់​មាន់ និង​សាច់​គោ​ជា​ដើម​ ​គឺ​សុទ្ធ​តែ​ជា​សាច់សុទ្ធ​។ ចំណែក​លើក​នេះ បន្ទប់​ពិសោធន៍​ Hoxton Farms កំពុង​បណ្ដុះ​កោសិកា​ខ្លាញ់​ពី​សត្វ​ជ្រូក​។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​កំពុង​រក​វិធី​ដើម្បី​បញ្ចុះ​តម្លៃ​របស់​ផលិត​ផល​សាច់​សិប្បនិម្មិត​ផងដែរ​។ នំ​ប៉័ង​ហែម​បឺរហ្គើរ​កៀប​​សាច់​គោ​សិប្បនិម្មិត​​ដំបូង​គេ​លើ​ពិភពលោក​កាល​ពី​ដប់​ឆ្នាំ​មុន​ មាន​តម្លៃ​ប្រហែល 330 ដុល្លារ​អាម៉េរិក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​នំ​ប៉័ង​សាំងវិច​សាច់​មាន់​សិប្បនិម្មិត​​ដែល​កំពុង​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​សិង្ហបុរី​ មាន​តម្លៃប្រហែល​តែ 13 ដុល្លារ​ប៉ុណ្ណោះ​៕

  • ក្រុម​ហ៊ុន​ Changan សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ​

    ក្រុម​ហ៊ុន​ Changan សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ​

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន Changan Automobile បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជំរុញ​ផែនការ​សាងសង់​រោង​ចក្រ​មួយ​នៅក្នុង​​ប្រទេស​អាស៊ី​អាគ្នេយ៍មួយ​នេះ​។

    Changan សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​គណៈកម្មការ​វិនិយោគ​ថៃ (BOI) នៅ​ក្នុង​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​លើក​ទី​បី​ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី 17 តុលា 2023។ នេះ​បើ​តាម​ប្រកាស​មួយ​កាល​ពី​ថ្ងៃទី 19 តុលា របស់​ Changan។

    ក្រុម​ហ៊ុន​ចិន​ខាងលើ​មាន​ផែនការ​វិនិយោគ​ 240 លាន​ដុល្លារ​អាម៉េរិក​នៅ​ប្រទេស​ថៃ ដើម្បី​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​មួយ​ដែល​អាច​ផលិត​បាន 100,000 គ្រឿង​ក្នុង​ដំណាក់​កាល​ដំបូង​។

    អគ្គលេខាធិការ​របស់ BOI ថៃ Narit Therdsteerasukdi ក៏​បាន​ប្រគល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគសម្រាប់គម្រោង​ទីតាំង​ផលិត​រថយន្ត​នៅ​ប្រទេស​ថៃ ​ជូន​ដល់​ប្រធាន​ក្រុម​ហ៊ុន Changan លោក Zhu Huarong។

    Changan បាន​បង្កើត​ក្រុម​ហ៊ុន​តំណាង​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី 23 សីហា 2023។ ថ្ងៃទី 24 សីហា ក្រុម​ហ៊ុន​នេះ​ក៏​បាន​ប្រកាស​គម្រោង​វិនិយោគ 8.8 ពាន់​លាន​បាត ដើម្បី​សាងសង់​រោង​ចក្រ​ផលិតរថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    កាល​ពី​ខែ​សីហា Changan ឱ្យ​ដឹង​ថា ដំណាក់​កាល​ដំបូង​របស់​រោង​ចក្រ​នេះ​នឹង​អាច​ផលិត​រថយន្ត​បាន​ 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ចំណែក​ដំណាក់​កាល​ទីពីរ​នឹង​អាច​ផលិត​បាន​ 200,000 គ្រឿង​/ឆ្នាំ​។

    រថយន្ត​អគ្គិសនី​របស់​ Changan នៅ​ប្រទេស​ថៃ នឹង​ត្រូវ​បាន​លក់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អូស្ត្រាលី នូវែលសេឡង់ អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​។

    ថៃ​គឺ​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ធំជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជា​ទីផ្សារ​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​មួយ​ផងដែរ។ អាជ្ញាធរ​ថៃ​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​របស់​តំបន់​អាស៊ាន​ ដោយ​បានដាក់​ចេញ​នូវ​គោល​នយោបាយ​ទាក់​ទាញ​ជា​ច្រើន មាន​ជា​អាទិ៍​ ការ​បន្ថយ​អត្រាពន្ធ ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រើ​ប្រាស់ និង​ជំនួយ​គាំទ្រ​ដល់​ការ​វិនិយោគ​ជា​ដើម​៕

  • ឥណ្ឌា​ធ្វើ​តេស្ត​យាន​អវកាស​ដឹក​មនុស្ស​ជា​លើក​ដំបូង

    ឥណ្ឌា​ធ្វើ​តេស្ត​យាន​អវកាស​ដឹក​មនុស្ស​ជា​លើក​ដំបូង

    កាល​ពី​ថ្ងៃទី 21 តុលា ឥណ្ឌា​បាន​សាកល្បង​បាញ់បង្ហោះ​ដោយ​ជោគ​ជ័យ​ជា​លើក​ដំបូង​ចំពោះ​​យាន​អវកាស​ Gaganyaan ដែល​អភិវឌ្ឍឡើង​ដើម្បី​ដឹក​អ្នក​អវកាស​បី​រូប​។

    ការ​បាញ់​បង្ហោះ​សាកល្បង​កាល​ពី​ម្សិលមិញ ធ្វើឡើង​ក្នុង​បំណង​វាយ​តម្លៃ​ប្រព័ន្ធ​រំដោះ​គ្រោះ​បន្ទាន់​របស់​ម៉ូឌុលដឹក​មនុស្ស​។ ម៉ូឌុល​នេះ​បាន​ផ្ដាច់​ខ្លួន​ពី​ម៉ាស៊ីន​រុញ​ច្រាន​ និង​ចុះ​ចត​ថ្នម​ៗ​នៅ​លើ​សមុទ្រ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​ប្រហែល​ 10 នាទី​។

    តាម​ផែនការ អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ (ISRO)​ នឹង​ធ្វើ​តេស្តធំៗ​​ប្រមាណ​ម្ភៃ​ដង​ទៀត​ មុន​នឹង​អនុញ្ញាត​ឱ្យ​យាន Gaganyaan ​នាំ​យក​អវកាសចរ​បី​រូប ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​នៅ​ឆ្នាំ 2025​។

  • អតិផរណា​របស់​ជប៉ុន​ថយ​ចុះ ​ដោយ​សារ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន

    អតិផរណា​របស់​ជប៉ុន​ថយ​ចុះ ​ដោយ​សារ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន

    យោង​តាម​ស្ថិតិថ្មីបំផុត សន្ទស្សន៍​អតិផរណា​របស់​ប្រទេស​ជប៉ុន​ បាន​ថយ​ចុះ​ក្រោម​កម្រិត​ 3% ជា​លើក​ដំបូង រាប់​ចាប់​ពី​ខែ​សីហា​ ឆ្នាំ 2022​។

    វិធានការ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន​ត្រូវ​បាន​គេ​ជឿ​ថា​ជា​មូលហេតុ​ចម្បង​ដែល​ជួយ​ឱ្យ​អតិផរណា​នៅ​ប្រទេស​ជប៉ុន​ថយ​ចុះ​។ ក៏ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​នៅ​តែ​រង​សម្ពាធ​ធ្ងន់​ គ្រា​ដែល​សន្ទស្សន៍​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​ អាច​នឹង​កើន​ឡើង​ជា​ថ្មី​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។

    ​ស្ថិតិ​របស់ក្រសួង​មហាផ្ទៃ​ និង​ទូរគមនាគមន៍​ជប៉ុន ​បាន​បង្ហាញ​ថា ក្នុង​ខែកញ្ញាកន្លង​ទៅ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់ (Customer Price Index – CPI) មិន​រាប់​បញ្ចូល​ទាំង​អាហារ​ស្រស់​របស់​ប្រទេស​នេះ​ បាន​កើន​ 2.8% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​រង្វង់ 13 ខែ ដែល​សន្ទស្សន៍​ CPI បាន​ថយ​ចុះ​មក​ក្រោម​ 3%​។

    សន្ទស្សន៍​សម្រាប់​វាស់​ស្ទង់​អតិផរណា​របស់​ប្រទេស​ជប៉ុន​ដែល​បាន​ថយ​ចុះនេះ​ ភាគ​ច្រើន​គឺ​ដោយ​សារ​ការ​ចំណាយ​សម្រាប់​ថ្លៃ​អគ្គិសនី និង​ឧស្ម័ន​របស់​អ្នក​ប្រើ​ប្រាស់​ថយ​ចុះ​​ នៅ​ពេល​មាន​ជំនួយ​ពី​រដ្ឋាភិបាល​។ បើ​ពុំ​មាន​ជំនួយ​នេះ​ទេ សន្ទស្សន៍​នេះ​នៅក្នុង​ខែ​កញ្ញារបស់​ជប៉ុន​ នឹង​ឡើង​ដល់​​ 3.8%​។

    ថ្វីបើ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​របស់ជប៉ុន​នៅ​ខ្ពស់​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​គោលដៅ​ដែល​បាន​កំណត់​ ប៉ុន្តែ​ យោង​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​ជំនាញ ដោយ​មាន​ការ​ប្រឹង​ប្រែង​ស្ដារ​បរិស្ថាន​ពាណិជ្ជកម្ម និង​ជំរុញ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់​រដ្ឋាភិបាល សេដ្ឋកិច្ច​របស់​ជប៉ុន​នឹង​បន្ត​ងើប​ឡើង​ ទាំង​ក្នុង​វិស័យ​ផលិត និង​វិស័យ​មិន​មែន​ផលិត​៕

  • ចាប់​បាន​រលក​វិទ្យុ​​ជះ​​ពី​ 8 ពាន់​លាន​ឆ្នាំមុន និង​មាន​​ចង្វាក់​​ដូច​សំឡេង​បេះដូង

    ចាប់​បាន​រលក​វិទ្យុ​​ជះ​​ពី​ 8 ពាន់​លាន​ឆ្នាំមុន និង​មាន​​ចង្វាក់​​ដូច​សំឡេង​បេះដូង

    រលក​វិទ្យុ​ «ផ្ទុះ» ភ្លឹប​ភ្លែត​ដែល​ទើប​តែត្រូវ​បាន​រកឃើញ ​មាន​ប្រភព​ពី​ទី​ដ៏គួរ​ឱ្យ​ព្រឺ​ព្រួច​​ ជា​ពេល​ដែល​ចក្រវាល​ទើប​តែ​កកើត​ដំបូង​ៗ​។

    រលកសញ្ញា​ដ៏​​អាថ៌កំបាំង​ មាន​ឈ្មោះ​ថា FRB 20220610A ដែល​កើត​ឡើង​តាំង​ពី​ 8 ពាន់​លាន​ឆ្នាំ​មុន គឺជា​ «រលកវិទ្យុមួយចង្វាក់»។ រលកវិទ្យុ​មួយ​ចង្វាក់​គឺជា​រលក​សញ្ញា​វិទ្យុល្បឿន​លឿន​​មួយ​ប្រភេទ​ដែល​ខ្លាំងក្លា អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហ​អន្តរ​កាឡាក់ស៊ី។ អ្នក​ខ្លះ​ថា វា​កើត​ឡើង​ដោយ​សារ​ការ​ប៉ះ​គ្នា​រវាង​ប្រហោង​ខ្មៅ (Black Hole) ផ្កាយ​នឺរ​ត្រុង ឬ​ពី​មនុស្ស​​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​។

    យោង​តាម Live Science រលកវិទ្យុ​នេះ​មាន​វ័យ​ចំណាស់ និង​ឆ្ងាយ​ជាង 1.5 ដង បើ​ធៀប​នឹង​រលក​វិទ្យុ​ដែល​កាន់​កាប់​កំណត់​ត្រា​មុន​នោះ​។

    នៅ​ក្នុង​ជ្រុង​មួយ​នៃ​តេឡេស្កុប​វិទ្យុ ពន្លឺ​ជះ​ចេញ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ មាន​ល្បឿនលឿន ភ្លឹប​ភ្លែត​ទៅតាម​វដ្ដ​មួយ​ដូច​ចង្វាក់​បេះដូង​។

    លើក​នេះ​ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿ​ថា ពួក​គេ​បានដឹង​អំពី​ប្រភព​របស់​វា​ នោះ​គឺ​ ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កាឡាក់ស៊ី​បុរាណ​ចំនួន​បី​។