Tag: ដំណើរកម្សាន្ត

  • រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

    រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

    កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។

    នៅវេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច គឺមានការបើកបរសាកល្បងសម្រាប់រថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ដែលមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត រួមទាំងធ្វើការបង្ហាញនូវសមត្ថភាពជើងក្រោម និង កម្លាំងនៃម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ដែលផ្តល់នូវផាសុកភាព​ក្នុងការបើកបរ និងបច្ចេក វិទ្យាទំនើបផ្សេងៗទៀតរបស់រថយន្ត Ford Ranger ស៊េរីឆ្នាំ2024។ ជាពិសេស អតិថិជនដែលបានចូលរួមក៏មានការលេងល្បែងកម្សាន្ត និងទទួលបានកាដូវត្ថុអនុសាវរីន៏ជាច្រើនទៀតពីក្រុមហ៊ុន ហ្វដ។ មិនតែប៉ុណ្ណោះ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ2024 និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ2024 ក៏មានបំពាក់នូវឈ្នាន់ជាន់ជើងផ្នែកចំហៀង​ខាងក្រោយ ដែល​បង្កភាព​ងាយស្រួលក្នុងការឡើងចុះរថយន្ត ដោយពុំចាំបាច់ឡើងតាមកង់រថយន្ត​នោះ​ទេ។​

    ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ ថា៖ “ក្រុមហ៊ុន អ​ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនមួយ​ដែលឈានមុខគេក្នុង​ទីផ្សារ​រថយន្ត​ថ្មី ហើយភាពពេញនិយម និងភាពល្បីល្បាញនេះ ដោយសារតែទទួលបានការគាំទ្រ ពី​សំណាក់​​បងប្អូនប្រជាពលរដ្ឋកម្ពុជាមកលើរថយន្ត Ford Ranger និងភាពជឿជាក់ទៅលើគុណភាព និង​សេវាកម្ម​ផ្តល់ជូនអតិថិជន។”

    លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “រថយន្ត Ford Ranger គឺជាដៃគូដ៏មានទំនុក ចិត្តសម្រាប់អតិថិជនដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ ការងារ ប្រកបអាជីវកម្ម​ និងជាពិសេស សម្រាប់​អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។ ការលក់របស់​រថយន្ត​ Ford Ranger ត្រូវ​​​​​បានគ្របដណ្តប់លើទីផ្សារជាង ១៨០ ប្រទេសជុំវិញពិភពលោក ហើយសម្រាប់​រថយន្ត Ford Ranger ស៊េរីថ្មី​នេះ គឺនៅតែបន្តផ្តល់នូវភាពរឹងមាំ បច្ចេក​វិទ្យាទំនើប និងប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់លើស​គេ ដែល​បង្កភាព​ងាយ​ស្រួល​ដល់អតិថិជនទាំងអស់ ក្នុងការបំពេញកិច្ចការងារផ្សេងៗ​របស់​ខ្លួន​។ ខ្ញុំសូមថ្លែង​អំណរគុណ​ចំពោះអតិថិជន ហ្វដ ទាំង​អស់​ដែលបន្តគាំទ្រ និងជឿជាក់ទៅលើគុណភាព ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារបស់រថយន្ត ហ្វដ។”

    Ford Ranger ស៊េរីឆ្នាំ 2024 ត្រូវបានរចនាឡើងដោយកំណត់យកបទដ្ឋាន «Built Ford Tough» ដែលផ្តោតសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព ដែលជាគំនិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើន​ពីសំណាក់អតិថិជន។ លើសពីនេះទៅទៀត រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុង​ទ័រ​ឌីជីថល 8អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗ រួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o​ រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនៅពេលឈប់ស្តុប (Auto Hold) ។ល។

    ពិសេសជាងនេះទៅទៀត រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក៏នៅតែផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និង​បែង​ចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយ​ពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅ​ពេល​ថយក្រោយ និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

    រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌លឿងទុំ ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដូចគ្នា សម្រាប់ជាជម្រើសដល់អតិថិជន រួមមានពណ៌ខៀវ ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស ។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2024 គឺ $55,900 និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ 2024 គឺ $46,900។ សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។

  • រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

    រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

    រាជធានីភ្នំពេញ ៖ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ចកន្លងមក ។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ។

    រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ ។ ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត ។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ។

    មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតជាច្រើនដូចជា ប្រព័ន្ធការពារសុវត្ថិភាពពីចោរកម្ម ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងដោយស្វ័យប្រវត្ត EBD ប្រព័ន្ធជំនួយក្នុងការឡើងចំណោត ប្រព័ន្ធទប់លំនឹងនិងស្ថេរភាពនៃរថយន្តសម្រាប់ផ្លូវកោង ឬផ្លូវរអិល ប្រព័ន្ធទប់លំនឹងរថយន្តក្នុងការបើកបរ និងប្រព័ន្ធសេនស័រជំនួយក្នុងការចូលចតចំនួន ៨គ្រាប់ រួមទាំងប្រព័ន្ធកាមេរ៉ាមើលក្រោយចំនួន ១ ផងដែរ ។

    លើសពីនេះទៅទៀត រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ មិនមែនត្រឹមតែជារថយន្តដឹកដំណើរនោះទេ ប៉ុន្តែរថយន្តនេះ ក៏អាចត្រូវបានកែឆ្នៃពិសេសដែលតម្រូវទៅតាមវិស័យផ្សេងៗដូចជារថយន្តសង្គ្រោះបន្ទាន់ បម្រើដល់វិស័យសុខាភិបាល រថយន្តមន្ទីរពិសោធន៍ចល័ត រថយន្តបំពាក់នូវទូដែក សម្រាប់វិស័យធនាគារ និងអាចកែឆ្នៃជាហាងកាហ្វេចល័ត ផ្ទះចល័ត ផងដែរ ។​

    សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង ទទួលព័ត៌មានផ្សេងៗអំពីរថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 088 6777 200 / 087 777 200 ៕

  • រថយន្ត​អគ្គិសនី​បង្កើត​បាន​កំណត់​ត្រា​ថ្មី៖​ «បរ​​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​»

    រថយន្ត​អគ្គិសនី​បង្កើត​បាន​កំណត់​ត្រា​ថ្មី៖​ «បរ​​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​»

    (ប្រទេស​ស៊ីលី) – រថយន្ត​អគ្គិសនី​ Terren ដែល​ប្រើ​ប្រាស់​ថាមពល​ព្រះអាទិត្យ​ បង្កើត​បាន​ប្រវត្តិសាស្ត្រ​ថ្មី នៅ​ពេល​បរ​ឡើង​ខ្នង​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​​។

    ក្រុម​ Peak Evolution ដែល​មាន​គ្នា 3 នាក់ ​ធ្វើ​ការ​នៅ​ប្រទេស​ស្វ៊ីស បើកបរ​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ Terren ឡើង​ខ្នង​ភ្នំ​ភ្លើង​ Ojos del Salado នៅ​ប្រទេស​ស៊ីលី​ ដែល​ជា​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​។ នេះ​គឺជា​លើក​ដំបូងដែល​​រថយន្ត​អគ្គិសនី​អាច​បរ​ឡើងដល់​កម្ពស់ 6,500 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹក​សមុទ្រ​។ យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 27 ធ្នូ នេះ​គឺ​ជា​ជំហាន​ថ្មី​របស់​បច្ចេកវិទ្យា​បៃតង។

    រថយន្ត Terren សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ គឺជា​រថយន្ត​ដឹក​ទំនិញ​ដែល​ត្រូវ​បាន​កែ​ច្នៃ​ពី​រថយន្តម៉ូដែល Aebi VT450 Transporter របស់​ក្រុម​ហ៊ុន​ស្វ៊ីស Aebi Schmidt​។ សមាជិក​របស់​ក្រុម​ Peak Evolution បាន​អភិវឌ្ឍ​ Terren ឱ្យ​ទៅ​ជា​រថយន្ត​អគ្គិសនី​ពហុមុខ​ងារ​។

    Terren បំពាក់​ប្រព័ន្ធ​បើកបរ​កង់​ក្រោយ​ដើម្បី​បង្កើន​ភាព​បត់បែន​ និង​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី 90kWh ដែល​អាច​ធ្វើដំណើរ​បាន 200 គីឡូម៉ែត្រ​ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​មួយ​ពេញ​។ ប្រព័ន្ធ​ថាមពល​បម្រុងដែល​​រួម​មាន ថ្ម​ផ្ទុក​អគ្គិសនី​ 3 គ្រាប់​ ​ជួយ​ឱ្យ​រថយន្ត​នេះ​ដំណើរ​ការ​ដោយ​រលូន​។

    កាលពី​ចុង​ខែ​វិច្ឆិកា 2023 ក្រុម​ Peak Evolution សម្រេច​បាន​ជំហាន​សំខាន់​ នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ដល់​កម្ពស់​​ជាង 6,000 ម៉ែត្រ​ ដែល​បំបែក​កំណត់ត្រា​របស់​រថយន្ត​អគ្គិសនី​។ ប្រហែលមួយ​សប្ដាហ៍​ក្រោយ ពួក​គេ​បន្ត​បង្កើត​បាន​កំណត់​ត្រា​ថ្មី ដោយ​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​។ បន្ទាប់​ពី​បង្កើត​បាន​កំណត់​ត្រា​ថ្មី ក្រុម​​នេះ​មាន​គម្រោង​បន្ត​ការ​សាកល្បង និងអភិវឌ្ឍ​​រថយន្ត​អគ្គិសនី​នេះ មុន​នឹង​ដាក់​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​៕

    រថយន្ត​នេះ​ប្រើ​ប្រាស់​ផ្ទាំងសូឡាលើ​ដំបូល និង​លើ​ដី​ដើម្បី​បញ្ចូល​ថាមពល​
  • វិស័យ​ទេសចរណ៍​កម្ពុជា​ងើប​ឡើង​វិញ​ គ្រា​ដែល​ភ្ញៀវ​បរទេស​វិល​មក​ជា​បណ្ដើរ​ៗ

    វិស័យ​ទេសចរណ៍​កម្ពុជា​ងើប​ឡើង​វិញ​ គ្រា​ដែល​ភ្ញៀវ​បរទេស​វិល​មក​ជា​បណ្ដើរ​ៗ

    កម្ពុជា​រំពឹង​ខ្ពស់​ទៅ​លើ​កំណើន​ទេសចរ​អន្តរជាតិ​​នៅ​ក្នុង​រដូវ​បុណ្យនា​​ចុង​ឆ្នាំ​នេះ​ និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ដែល​មក​ទស្សនា​តំបន់​ទេសចរណ៍​ល្បីៗ​ ពិសេស​គឺ​អង្គរវត្ត​។

    លោក ហុង​ ប៉ូលីន ដែល​មាន​បទ​ពិសោធន៍​ជា​មគ្គុទេសក៍​​ទេសចរណ៍​ជាង​មួយ​ទសវត្សរ៍​ ហើយ​បច្ចុប្បន្ន​ជា​ម​គ្គុ​ទេស​ក៍​ទេសចរណ៍នៅ​តំបន់​អង្គរ​ បាន​សម្ដែង​ការ​សប្បាយ​រីក​រាយ​នៅ​ពេល​ឃើញ​ទេសចរ​បរទេស​ជា​ច្រើន​វិល​ត្រលប់​មក​វិញ។ យោង​តាម​ម​គ្គុ​ទេស​ក៍​ទេសចរណ៍​រូប​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​តែ​បង្ហាញ​សញ្ញាវិជ្ជមាន​ច្រើន​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ-19។

    លោក ប៉ូលីន និយាយ​ថា «ក្រោយ​ពី​កូវីដ-19​ ត្រូវ​បាន​គ្រប់គ្រង ទេសចរ​ក៏​ចាប់​ផ្ដើម​វិល​ត្រលប់​មក​កាន់​អង្គរវត្ត​ក្នុង​ចំនួន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។ ពិសេស​គឺ​នៅ​ខែ​តុលា និង​ខែវិច្ឆិកា ខ្ញុំ​ឃើញ​ថា ចំនួន​ភ្ញៀវ​​បរទេស​ដែល​វិល​ត្រលប់មក​កម្ពុជា​ ពិត​ជា​ច្រើន​»។

    លោក ហុង ប៉ូលីន បច្ចុប្បន្នជាមគ្គុទេសក៍ទេសចរណ៍នៅតំបន់អង្គរ

    លោក ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា​ បាន​ឱ្យ​ដឹង​ថា ក្នុងសប្ដាហ៍​កន្លង​ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ដល់ព្រលាន​យន្តហោះ​សៀម​រាប បាន​​កើនជាមធ្យម​ប្រហែល 2,700 នាក់​/ថ្ងៃ​។ ភាគ​ច្រើន​ពួក​គេ​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ (75%) និង​អឺរ៉ុប (25%)។ តួលេខ​នេះ​បាន​បង្ហាញ​អំពី​ការ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្លា​របស់វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។

    ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទាក់​ទាញ​ទេសចរ​បរទេស​បាន​ 3.92 លាន​នាក់​ កើន​ 211% បើធៀប​នឹង​ដំណាក់​កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022​។ ភ្ញៀវ​​ថៃឈរ​លំដាប់​លេខមួយ​​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ដែល​បាន​មក​ទស្សនា​កម្ពុជា​ ខណៈ​ដែល​វៀតណាម និង​ចិន​ឈរ​លំដាប់​លេខ​ពីរ​ និង​លេខ​បី​។

    អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា អះអាង​ថា ​ចាប់​ពីចុង​ខែ​តុលា​ឆ្នាំ 2023 ដល់​ខែ​មីនា​ឆ្នាំ 2024 ចំនួន​ជើង​ហោះហើរ​មក​កាន់​ព្រលាន​យន្តហោះ​សៀម​រាប​នឹង​កើន​ឡើង​ដល់ 40 ជើង​ជា​រៀង​រាល់​សប្ដាហ៍​ ខណៈ​ចំនួន​ក្រុម​ហ៊ុន​អាកាសចរណ៍​នឹង​កើន​​ពី​ 9 ឡើង​ដល់ 10 ក្រុម​ហ៊ុន​។ យោងតាម​លោក ស៊ិន ច័ន្ទសិរីវុត្ថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់ និង​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ត្រៀម​សម្រាប់​ការ​វិល​ត្រលប់​របស់​ភ្ញៀវ​អន្តរជាតិ​។

    កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 ក្រសួង​ទេសចរណ៍​កម្ពុជា ក៏​បាន​ចេញ​សេចក្តីជូនដំណឹងស្តីពី «កម្ពុជាជាគោលដៅទេសចរណ៍ឈានមុខគេលើពិភពលោក ផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្តរបស់យុវជន ឆ្នាំ 2023»​ បន្ទាប់​ពី​មាន​កម្មវិធី​​បោះ​ឆ្នោត​ជ្រើស​រើស​​​តាម​អ៊ីនធើរណិត​ ដោយ​ក្រុម​អ្នក​ជំនាញ និងសាធារណជន​ពី​ជុំវិញ​ពិភពលោក​ ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ World Travel Awards នៅ​ចក្រភព​អង់គ្លេស។

    នៅ​ព្រឹក​ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023 កម្ពុជា​ក៏​បាន​ទទួល​ភ្ញៀវបរទេស​ចូលមកកម្សាន្តនៅខេត្តព្រះសីហនុ តាមនាវាទេសចរណ៍មួយ​គ្រឿង ឈ្មោះ VIKING ORION របស់ប្រទេសន័រវែស​ ដែល​ដឹក​មនុស្ស​សរុប​ 1,337 នាក់​ ផងដែរ​៕

  • Bill Gates ថា «AI អាច​ជំនួស Google Search»

    Bill Gates ថា «AI អាច​ជំនួស Google Search»

    សហ​ស្ថាបនិក​របស់ Microsoft យល់ថា បញ្ញា​សិប្បនិម្មិត (AI) អាចបង្កើត​ជំនួយការ​និម្មិត និង​អាច​ផ្លាស់ប្ដូរ​ទម្លាប់របស់​​អ្នកប្រើប្រាស់​ឧបករណ៍​រុករក ដូចជា Google Search ជាដើម។

    «ជំហាន​ថ្មី​បន្ទាប់​នឹង​ជា​ជំនួយការ AI។ បច្ចេកវិទ្យា​នេះ​អាច​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​អាច​នឹង​លែង​ត្រូវការ​ដល់​បណ្ដា​ទំព័រ​ស្វែងរក មានដូចជា Google Search ឬ​ចូលទៅ​មើល​ហាង​ទំនិញ​អន​ឡាញ​ដូចជា Amazon» មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ថ្លែង​ដូច្នេះ នៅក្នុង​ព្រឹត្តិការណ៍​ស្ដីពី AI កាលពី​ថ្ងៃទី 22 ឧសភា។

    យោងតាម​លោក Gates ជំនួយការ AI អាចយ​ល់ពី​តម្រូវការ និង​ទម្លាប់​របស់​អ្នកប្រើប្រាស់ ជួយ​ធ្វើ​ការឱ្យ​ពួកគេ​នៅក្នុង «ការ​ចូល​ប្រើ​​អ៊ី​ន​ធើ​ណិ​ត និង​អានអ្វីៗដែល​កន្លងមក​ធ្លាប់​​ត្រូវការ​ពេល​ច្រើន»។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ក្រុមហ៊ុនថ្មីៗ មានឱកាស​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ​ប្រភេទ AI អនាគត​នេះ។

    លោក Gates អះអាងថា នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អាច​នាំយក​ជំនួយការ AI មកប្រើប្រាស់​ទូលំទូលាយ ខណៈដែល​បណ្ដា​ក្រុមហ៊ុន​បន្ត​បំពាក់ Generative AI មានដូចជា ChatGPT ជាដើម ទៅក្នុង​ផលិតផល​របស់ខ្លួន។ នេះ​បើតាម​សារព័ត៌មាន CNBC។

    ទោះជា​យ៉ាងនេះ​ក៏ដោយ នៅក្នុង​ព្រឹត្តិការណ៍ Google I/O 2023 កាលពី​ថ្ងៃទី 10 ឧសភា Google ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ដែល Google Search នឹង​ផ្លាស់ប្ដូរ​នៅពេល​បំពាក់ «កំពូល​បញ្ញា​សិប្បនិម្មិត»។ ដោយមាន​មុខងារ Converse ជំនួស​ឱ្យ​ការបង្ហាញ​លទ្ធផល​ជា​តំណ​ភ្ជាប់ (link) ជាច្រើន​ដូច Google Search បច្ចុប្បន្ន chatbot រុករក​បែប​ថ្មី​របស់ Google នឹង​ប្រមូលផ្ដុំ​ព័ត៌មាន ឧទាហរណ៍​ដូច​ជា​ ការវាយតម្លៃ​ចំពោះ​រថយន្ត​ថ្មី គម្រោង​ដំណើរ​កម្សាន្ត ការថែទាំ​សត្វ​ចិញ្ចឹម​ជាដើម តាមរយៈ​កម្មវិធី​ជជែក​គ្នា​ជាមួយ AI៕

  • គន្លឹះ​ថែទាំ​ស្បែក​ពេលធ្វើ​ដំណើរ​កម្សាន្ត

    គន្លឹះ​ថែទាំ​ស្បែក​ពេលធ្វើ​ដំណើរ​កម្សាន្ត

    ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ខាងក្រៅ​ ស្បែក​របស់​អ្នក​ពិតជា​គេច​មិន​ផុត​ពី​ត្រូវ​ប្រឈម​នឹង​ការ​បំផ្លាញ​ពី​អាកាសធាតុ​ដែល​ក្តៅ​ផង​ មាន​ខ្យល់​ធ្លាក់​ផង​ បន្ថែម​ដោយ​កាំរស្មី​ពី​ពន្លឺថ្ងៃ​ផង​នោះ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹង​ពីរ​បៀ​បនៃ​ការ​ថែរក្សា​ស្បែក​ឱ្យ​បាន​ល្អ​វិញ​នោះ​ មិនថា​អ្នក​ទៅ​ប៉ះ​នឹង​ទឹកសមុទ្រ​ ប៉ះ​ខ្យល់​ ឬប៉ះ​នឹង​កម្តៅថ្ងៃ​នៅ​លើ​ភ្នំ​ ឬកន្លែងណា​នោះ​ទេ​ គឺ​អ្នក​ពិតជា​មិន​ចាំបាច់​ត្រូវ​គិត​ខ្វាយខ្វល់​ច្រើន​ឡើយ​។ តាមរយៈ​គន្លឹះ​ងាយ​ៗមួយចំនួន​ខាងក្រោម​នេះ​ គឺ​ពិត​ជា​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ជឿជាក់​ជាង​មុន​ជាមិនខាន​នៅក្នុង​ដំណើរ​កម្សាន្ត​នៅ​ចុងឆ្នាំ​នេះ​។

    ប្រើ​ឡេ​ថែរក្សា​ស្បែក​រាល់ថ្ងៃ​ ជាពិសេស​បន្ទាប់​ពី​ងូតទឹក​រួច​។ ក្នុងករណី​ដែល​អ្នក​ទៅលេង​ទឹកសមុទ្រ​អ្នក​គួរតែ​លាប​ឡេ​ថែរក្សា​ស្បែក​ ដើម្បី​បន្ថែម​សំណើម​ និង​ការពារ​ស្បែក​ពី​ខ្យល់​ និង​ទឹកសមុទ្រ​។
    ស្បែក​ដៃ​មាន​សភាព​ស្តើង​ជាង​កន្លែង​ផ្សេង​ៗដូច្នេះ​អ្នក​ត្រូវ​លាប​ក្រែម​ផ្តល់​សំណើម​ឱ្យ​ស្បែក​ដៃ​មុន​ពេល​ចូលគេង​ ហើយក៏​ត្រូវ​ពាក់​ស្រោមដៃ​ផង​ដែរ​ នៅពេល​ដែល​អ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​។
    ការ​ងូតទឹក​ក្តៅ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ល្អ​នៅពេល​អាកាសធាតុ​រងា​ ប៉ុន្តែ​វា​ក៏​ជា​មូលហេតុ​នៃ​ការបំផ្លាញ​ស្បែក​ដែរ​។ ដើម្បី​ចៀស​ឱ្យ​ផុត​ពី​បញ្ហា​ស្បែក​ស្ងួត​អ្នក​គួរ​ងូតទឹក​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ជូត​ខ្លួន​ឱ្យ​ស្ងួត​ដោយ​កន្សែងពោះគោ​ទន់​។
    អ្នក​ពិតជា​មិន​ចង់ឱ្យ​អ្នកទេសចរ​ដូចគ្នា​បាន​ឃើញ​បបូរមាត់​របស់​អ្នក​ប្រេះ​បែក​ក្រហែង​ទេ​មែន​ទេ​? បើដូច្នេះ​អ្នក​គួរ​កុំ​លិ​តប​បូរ​មាត់​ ហើយ​ប្រើ​ក្រែមលាបមាត់​ជាមួយនឹង​ SPF​ 15​ ព្រោះ​វា​អាច​ជួយ​កែ​បញ្ហា​ប្រេះ​បែក​នៃ​បបូរមាត់​បាន​ ព្រមទាំង​អាច​ការពារ​បបូរមាត់​របស់​អ្នក​ពី​ការបំផ្លាញ​នៃ​កម្តៅថ្ងៃ​។
    ដើរលេង​ក្រោម​កម្តៅថ្ងៃ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ វា​ពិតជា​សប្បាយ​ណាស់​ ប៉ុន្តែ​វា​ក៏​បង្កប់​ទៅ​ដោយ​ការបំផ្លាញ​ដល់​ស្បែក​ផង​ដែរ​។ អ្នក​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា​ មុន​ពេល​ចេញដំណើរ15នាទី​ អ្នក​ត្រូវ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យ​បាន​ល្អ​។
    មុន​ពេល​កក់សក់​មួយ​ម៉ោង​ ឬមួយ​យប់​ អ្នក​គួរ​ម៉ាស្សា​ស្បែក​ក្បាល​ ដើម្បី​ជួយ​ជំរុញ​ដល់​ចលនា​ឈាម​រត់​។ ប្រើ​ប្រេង​ជំនួយ​សក់​ក្រោយពេល​ងូតទឹក​រួច​ ដើម្បី​ការពារ​ និង​កាត់បន្ថយ​សភាព​សក់​ដែល​បែក​ចុង​។
    ចាប់ផ្តើម​ចេញដំណើរ​កម្សាន្ត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ភ្លាម​ ត្រូវការ​ពារ​សក់​ឱ្យ​បាន​ល្អ​ ដោយ​ការ​ពាក់មួក​ (តែ​មិន​ត្រូវ​ប្រើ​មួក​ចង្អៀត​ពេក​នោះ​ទេ​)ព្រោះ​វា​អាច​ជួយការ​ពារ​សក់​មិន​ឱ្យ​សំពោង​ ដោយ​សារ​ខ្យល់​ស្ងួត​ និង​កម្តៅថ្ងៃ​៕

  • ហេតុអ្វីត្រូវមានដំណើរកម្សាន្តក្រេបចន្ទទឺកឃ្មុំ បន្ទាប់ពីរៀបការរួច?

    ហេតុអ្វីត្រូវមានដំណើរកម្សាន្តក្រេបចន្ទទឺកឃ្មុំ បន្ទាប់ពីរៀបការរួច?

    ជាទូទៅបន្ទាប់ពីរៀបការរួច គូស្វាមីភរិយាថ្មីតែងតែមាននូវដំណើរកម្សាន្តបែបក្រេបចន្ទទឹកឃ្មុំ។ ការរៀបចំឱ្យមានដំណើរក្រេបចន្ទទឹកឃ្មុំនេះឡើងគឺត្រូវបានគេនិយមធ្វើឡើងតៗគ្នា ដោយភាគច្រើននៃគូស្វាមីភរិយាថ្មោងថ្មី មិនបានយល់ច្បាស់អំពីអត្ថន័យ និងខ្លឹមសារដ៏ពិតប្រាកដនៃការដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនេះទេ គឺពេលគេឃើញអ្នកដទៃធ្វើដូច្នេះ ពួកគេក៏ធ្វើដូច្នេះដែរ ដោយពួកគេគិតត្រឹមថា ការធ្វើដំណើរបន្ទាប់
    ពីរៀបការរួចនេះធ្វើឱ្យពួកគេរីករាយ និងមានពេលសម្រាកជាមួយនឹងស្វាមីភរិយាថ្មោងថ្មីរបស់ពួកគេបានល្អ។

    ប៉ុន្តែជាក់ស្តែង ដំណើរនៃការក្រេបចន្ទទឹកឃ្មុំនេះមានប្រវត្តិ និងអត្ថន័យដ៏ជ្រាលជ្រៅរបស់វា តាំងពីយូរលង់ណាស់មកហើយ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើននៅលើសកលលោក​ ចាប់ផ្តើមនិយមជាមួយនឹងដំណើរក្រេបចន្ទទឹកឃ្មុំនេះ បន្ទាប់ពីពួកគេរៀបការហើយថ្មីៗ។ ប្រវត្តិនៃដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះមានប្រវត្តិមកពីបស្ចិមប្រទេស ដែលផ្តើមពីគូសង្សារមួយគូ ដែលមានចិត្តប្រតិព័ទ្ធគ្នាជាខ្លាំង តែមានការរារាំងពីឪពុកម្តាយខាងស្រី បង្ខំឱ្យពួគគេទាំងពីរត្រូវពង្រត់គ្នាទៅឆ្ងាយពីផ្ទះមួយរយៈ លុះឪពុកម្តាយខាងស្រីលែងដេញដោលហើយ ទើបពួកគេទាំងពីរត្រលប់មកផ្ទះវិញ ដើម្បីសុំទោសឪពុកម្តាយទាំងសងខាង ហើយក៏រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាពេញច្បាប់។

    ដោយសារតែរឿងនៃការពង្រត់គ្នារបស់អ្នកទាំងពីរនេះ ប្រជាជនដែលរស់នៅក្នុងភូមិនោះ បានឱ្យនិយមន័យនៃពាក្យ ”ដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះថា ការលបពួន ឬការទៅឱ្យឆ្ងាយដាច់ពីគេឯង”។ តែបើមើលតាមអត្ថន័យនៃពាក្យ ដ៉ំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon “វិញប្រែថា ទ៉ឹកឃ្មុំ” ពាក្យនេះមានការពាក់ព័ន្ធជាមួយនឹងទំនៀមទំលាប់រៀបអាពាហ៍ពិពាហ៍ដ៏ចាស់បុរាណរបស់ប្រជាជននៅប្រទេស អឺរ៉ុបខាងជើង ដែលនៅក្នុងទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ពួកគេ កូនកំលោះ និងកូនក្រមុំត្រូវផឹកស្រាទឹកឃ្មុំមួយថ្ងៃមួយកែវ​ នៅក្នុងអំឡុងពេលមួយខែដំបូង បន្ទាប់ពីពួកគេរៀបការរួច។ នេះគឺជាប្រវត្តិនៃពាក្យថា ដ៉ំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon ដែលពាក្យនេះមានប្រភពដើមមកពីបស្ចិមប្រទេស ហើយក្រោយៗមកគូស្វាមីភរិយាថ្មោងថ្មីតែងនិយមធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoonបន្ទាប់ពីពួកគេ បានបញ្ចប់ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងនៃអាពាហ៍ពិពាហ៍របស់ពួកគេរួចរាល់ហើយមួយថ្ងៃ ឬពីរថ្ងៃ។

    អត្ថន័យនៃពាក្យថា ”ដំណើរ ក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon មានន័យថា ជាការសម្រាកក្រោយពីការនឿយហត់ជាច្រើនថ្ងៃ ក្នុងការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ និងជាពេលវេលាដ៏ល្អសម្រាប់គូស្វាមីភរិយាថ្មោងថ្មីស្វែងយល់ពីចិត្តគំនិតគ្នាទៅវិញទៅមក ឱ្យកាន់តែច្បាស់ឡើង ព្រមទាំងជាឱកាសក្នុងការកសាងនូវទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម និងយូរអង្វែង ក្រោមការយល់ចិត្តគ្នា និងដើម្បីទុកជាអនុស្សាវរីយ៍នៃសេចក្តីស្នេហាដ៏ល្អូកល្អិននៅក្នុងដំណើរក្រេបចន្ទទឹកឃ្មុំនេះ។

    អត្ថន័យរបស់ពាក្យ ”ដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon”នេះពិតជាមានអត្ថន័យបញ្ជាក់ពីសេចក្តីស្នេហា និងការកសាងស្ពាននៃចំណងមេត្រីភាពរវាងគូស្វាមីភរិយាថ្មោងថ្មីជាខ្លាំង ដែលជាមូលហេតុធ្វើឱ្យការនិយមនៃការធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoon នេះបានរីកសុះសាយទូទាំងប្រទេសនៅលើពិភពលោក។

    ក្រោយមកការនិយមនេះក៏បានចម្លងមកដល់ប្រទេសនៅក្នុងទ្វីបអាស៊ីទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយសារតែមើលឃើញពីគុណប្រយោជន៍ និងអត្ថន័យដ៏ជ្រាលជ្រៅនៃដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះទើបប្រជាជនខ្មែរយើងចាប់ផ្តើមនិយមជាមួយនឹងការសម្រាកកាយ និងការដើរកម្សាន្តក្រោយពីពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានបញ្ចប់ទៅក្រោមភាពសប្បាយរីករាយ និងពោរពេញដោយសុភមង្គលក្រៃលែង។

    ដូច្នេះគូស្វាមីភរិយាដែលទើបតែរៀបការហើយថ្មោងថ្មី តែងតែនិយមធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoon ដើម្បីកសាងនូវចំណងស្នេហារបស់ពួកគេឱ្យកាន់តែប្រសើរឡើង និងដើម្បីសន្សំនូវអនុស្សាវរីយ៍នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេឱ្យកាន់តែល្អ ព្រមទាំងផ្តល់នូវការចងចាំដ៏ល្អចំពោះគ្នាទៅវិញទៅមកថែមទៀតផង៕