Tag: ដើមទ្រូង

  • ការបញ្ចុះកម្ដៅ ពេលកូនក្តៅខ្លួន

    ការបញ្ចុះកម្ដៅ ពេលកូនក្តៅខ្លួន

    នៅពេលកូនតូចគ្រុនក្តៅខ្លួន រឿងដែលសំខាន់បំផុតនោះគឺ ត្រូវប្រញាប់បញ្ចុះកម្ដៅឱ្យកូនជាបន្ទាន់ ព្រោះក្មេងអាច​នឹង​​​ត្រូវប្រកាច់​ដោយសារតែ​កម្ដៅខ្លួនឡើងខ្លាំង ជាពិសេសចំពោះក្មេងដែលធ្លាប់មានប្រវត្តិប្រកាច់ពីមុនមក។

    ការបញ្ចុះកម្ដៅខ្លួនកូន អាចធ្វើបានដូចតទៅ៖

    1-ឱ្យលេបថ្នាំបញ្ចុះកម្ដៅ តាមចំនួនដែលគ្រូពេទ្យកំណត់ និងឱ្យលេបថែមទៀតបាន ក្នុងរយៈពេលពី 4-6ម៉ោងបន្ទាប់ បើសិនជានៅតែក្តៅ​ខ្លួន។

    2-ជូតខ្លួនឱ្យកូន ដើម្បីបញ្ចុះកម្ដៅ តាមវិធីដែលត្រឹមត្រូវដូចខាងក្រោមនេះ៖

    • បិទកង្ហារ និងម៉ាស៊ីនត្រជាក់ឱ្យអស់ មុននឹងធ្វើការជូតខ្លួនឱ្យក្មេង។
    • យកកន្សែងពោះគោតូចៗ2-3 ទុកប្រើឆ្លាស់គ្នា ដោយជ្រលក់ទឹកស្អាតធម្មតា ហើយពូតទឹកចេញតិចៗ យកមកជូតផ្ទៃមុខ ​ផ្នែកខាងលើ​ជាមុន​សិន រួចសឹមជូតតាមដងខ្លួន ផ្នែកខាងមុខ និងខ្នង បន្ទាប់មកដៃទាំងសងខាង រួចចុះទៅដល់ជើងទាំង 2ខាង រួចជូតត្រឡប់មករកដើមទ្រូង ដើម្បីឱ្យ​ឈាមហូរវិលត្រឡប់មករកបេះដូងវិញបានល្អ។ ជូតបញ្ច្រាស់ប្រហោងរន្ធរោម ដើម្បីជាការបើកចំហរន្ធរោម ឱ្យជួយបំភាយកម្ដៅចេញពីរាងកាយបានល្អ ដោយ​ឱ្យទឹក ជាអ្នកដឹកនាំកម្ដៅចេញពីរាងកាយ។ គួរជូតឱ្យបានញឹកញាប់នៅត្រង់បំពង់ក ក្លៀក គន្លាក់កែងដៃ បាត​ដៃ ​បាតជើង និងជូតចុះឡើងដដែលៗ 2-3ដង ចំណាយពេលវេលាប្រមាណ 10-15នាទី រហូតទាល់តែកម្ដៅ​​ថយចុះ។

    តែ បើក្មេងនៅតែមានកម្ដៅខ្លាំងដដែល ចូរប្រញាប់នាំទៅមន្ទីពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលយ៉ាងត្រឹមត្រូវ ជាបន្ទាន់៕

  • របស់មិនល្អ ពេលមានផ្ទៃពោះរបស់ស្រ្តី

    របស់មិនល្អ ពេលមានផ្ទៃពោះរបស់ស្រ្តី

    ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង(1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំងជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ។ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលនេះជាការសម្របសម្រួលខ្លួន ដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងប្លែកចម្លែកមួយដែរ។

    ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតមានសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ។ ប្រព័ន្ធរំលាយអាហារ ក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏នឹងធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបានបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាកជាទឹកច្រើនៗដង និងញ៉ាំថ្នាំសម្លាប់មេរោគ។ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតដល់រាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចនឹងកាត់បន្ថយបន្ទុកការធ្វើការងារ ដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតមានការរលូតតាមមកហ្នឹងឯង។

    ដូច្នេះហើយទើបអ្នកម្តាយដែលកំពុងមានគភ៌ គួរចៀសវាងអាហារទាំងនេះ ទោះជាក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួល​ទាន​បានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសប្លែកពីគ្នា។ គួរចៀសវាងអាហារឆៅ ដូចជា សាច់ត្រីឆៅផ្សេងៗ តែបើចង់ទទួល​ទានខ្លាំងមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។

    ចំណែក ទឹកតែ កាហ្វេ បើឈប់ញ៉ាំក្នុងខណៈពេលតាំងគភ៌បាន គឺជារឿងល្អខ្លាំងណាស់ ព្រោះទោះជាកាហ្វេអ៊ីននៅក្នុងទឹកតែ និងកាហ្វេគ្មានចំណែកធ្វើឱ្យកើតភាពពិការចំពោះកូននៅក្នុងផ្ទៃក៏ដោយ តែវាមានចំណែកជំរុញការធ្វើការងាររបស់បេះដូងស្ត្រីគភ៌ឱ្យធ្វើការកាន់តែខ្លាំងឡើង ព្រោះជាប្រក្រតី បេះដូងរបស់ស្រ្តីនឹងធ្វើការកើនឡើង 10 – 15ភាគរយស្រាប់ហើយក្នុងអំឡុងពេលមានគភ៌។ ការបន្ថែមបរិមាណកាហ្វេអ៊ីនចូលទៅទៀត អាចនឹងធ្វើឱ្យស្ត្រីមានគភ៌មានអារម្មណ៍ញ័រដើមទ្រូង ឆាប់ហត់ និងថាមពល​ផ្សេងៗដែលគួរបានបញ្ជូនទៅឱ្យកូនក្នុងផ្ទៃ អាចត្រូវបាននាំទៅប្រើក្នុងការធ្វើការងាររបស់ម្តាយវិញ ធ្វើឱ្យកូនក្នុងផ្ទៃបានទទួលសារជាតិអាហារផ្សេងៗថយចុះ ហើយបើស្ថិតក្នុងអាការបែបនេះក្នុងរយៈពេលវែង អាចនឹងហុចផលឱ្យកូនក្នុងគភ៌មានខ្លួនតូច ចម្រើនធំធាត់យឺត និងមានទម្ងន់ខ្លួនតិចនៅពេលកើតដំបូង។

    ចំពោះស្រ្តីមានគភ៌ដែលញៀនកាហ្វេខ្លាំង ឬអ្នកខ្លះបើមិនបានញ៉ាំហើយ នឹងមានអាការឈឺក្បាលនោះ សូមណែនាំថា អាចញ៉ាំបានក្នុង 1ថ្ងៃ 1កែវ ដែលនេះជាបរិមាណដែលអាចទទួលយកបាន ឬជ្រើសរើសញ៉ាំកាហ្វេប្រភេទដែលចម្រាញ់យកជាតិកាហ្វេអ៊ីន​ចេញ គឺជាការល្អបំផុត៕

  • ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។

    ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    1. ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។
    2. កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។
    3. គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។
    4. គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។
    5. ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ ក៏នឹងថយចុះដែរ។
    6. ភ្ជាប់ចំណងសម្ព័ន្ធរវាងម្ដាយ និងកូន ការឱ្យកូនបានបៅទឹកដោះពីទ្រូងម្ដាយ ជាអារម្មណ៍ដែលពិបាកនឹងបរិយាយណាស់ មានតែម្ដាយដែលធ្លាប់ឱ្យកូនបៅទឹកដោះពីទ្រូងខ្លួនឯងប៉ុណ្ណោះទើបអធិប្បាយពីអារម្មណ៍ និងសេចក្ដីសុខក្នុងចិត្តដែលកើតឡើងក្នុងខ្លួនរបស់ម្ដាយម្នាក់នោះបានដោយខ្លួនឯង។ ក្រៅពីនោះ គ្រប់ពេលដែលកូនបៅទឹកដោះម្ដាយ ពីទ្រូងម្ដាយ កូននឹងសម្លឹងមើលមុខម្ដាយរបស់ខ្លួន ដែលអំឡុងពេលបំបៅដោះកូននោះ គឺជាអំឡុងពេលដ៏មានគុណតម្លៃបំផុត ព្រោះម្ដាយ-កូននឹងបានមើលមុខគ្នា បាននិយាយគ្នា បានសម្ដែងសេចក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យកូនតូចអាចដឹងបានថា ម្ដាយរបស់គេស្រឡាញ់គេខ្លាំងប៉នណា។ ក្រៅពីនោះ ការដែលកូនបៅទឹកដោះចេញពីទ្រូងរបស់ម្ដាយញឹកញាប់ នឹងធ្វើឱ្យកូនចងចាំក្លិន សំឡេង មុខមាត់ និងការប៉ះពាល់ផ្សេងៗរបស់ម្ដាយបានលឿនជាងក្មេងដែលបៅទឹកដោះពីដបទឹកដោះ។
    7. រាងកាយរបស់ម្ដាយនឹងឆាប់ស្គមឡើងវិញ ក្រោយពីឆ្លងទន្លេរួច រាងកាយរបស់អ្នកម្ដាយ ទោះជាទម្ងន់ខ្លួនស្រកចុះខ្លះមែន តែប្រព័ន្ធខាងក្នុង រួមទាំងស្បូនផងអាចនឹងមិនទាន់ស្រួលបួលឡើងវិញនៅឡើយ ការចិញ្ចឹមកូនដោយឱ្យកូនបៅទឹកដោះចេញពីទ្រូងម្ដាយ នឹងជួយជំរុញរាងកាយរបស់ម្ដាយឱ្យបញ្ចេញអ័រម៉ូន 1ប្រភេទ(ដែលនឹងចេញមកចំពោះតែពេលដែលឱ្យកូនបៅដោះប៉ុណ្ណោះ)ដោយអ័ម៉ូនប្រភេទនេះ នឹងជួយឱ្យស្បូនបង្រួញខ្លួនស្រួលបួលវិញបានយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ ការដែលរាងកាយអ្នកម្ដាយត្រូវផលិតទឹកដោះ វានឹងជួយដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗនៅតាមក្បាលពោះចេញអស់ផងដែរ ធ្វើឱ្យរូបរាងរបស់អ្នកម្ដាយទើបប្រសូតបុត្ររួច ត្រឡប់មកស្គមស្វែលបានឆាប់រហ័សជាងអ្នកម្ដាយដែលចិញ្ចឹមកូនដោយទឹកដោះគោ។ ជាមធ្យមទៅ ការដែលចិញ្ចឹមកូនដោយខ្លួនឯង ឱ្យកូនបៅទឹកដោះពីទ្រូងម្ដាយ ទម្ងន់ខ្លួនរបស់ម្ដាយនឹងថយចុះជាមធ្យម 1ខែពី 1-2គីឡូក្រាម ដូច្នេះបើយើងឱ្យកូនបៅទឹកដោះម្ដាយពេញមួយរយៈពេល 6ខែដំបូងក្រោយពេលប្រសូត ទម្ងន់ខ្លួន និងរូបរាងរបស់អ្នកម្ដាយ នឹងល្អឡើងវិញ និងសឹងតែជិតដូចប្រក្រតីវិញ។
    8. ជាអាហារដែលងាយស្រួលបំផុតសម្រាប់កូនពេញ 24ម៉ោង ទឹកដោះម្ដាយ ជាប្រភពបង្កើនថាមពលរបស់កូនតូចរបស់យើងដែលអាចឱ្យកូនបៅបានពេញ 24ម៉ោង។ ពេលណាកូនឃ្លាន យើងក៏អាចឱ្យកូនបៅទឹកដោះពីដើមទ្រូងរបស់យើងបានភ្លាមតែម្ដង មិនចាំបាច់ដាក់ដបទឹកដោះគោតាមខ្លួន មិនបាច់មានទឹកក្ដៅ ឬម្សៅទឹកដោះគោ-ល-នាំឱ្យពិបាកឡើយ ងាយស្រួល និងឆាប់រហ័សទាន់ចិត្តកូនជាទីបំផុត។
    9. ជាទឹកដោះក្ដៅឧណ្ហៗ អាចបៅបានភ្លាមជាប់ជានិច្ចពីទ្រូងម្ដាយ គុណសម្បត្តិពិសេសដែលរកទឹកដោះណាផ្សេងទៀតក្នុងពិភពលោកនេះមកធៀបមិនបាននោះគឺ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយហ្នឹងឯង។ ម្ដាយមិនចាំបាច់កង្វល់ថា ទឹកដោះខ្លួនឯងហ្នឹងនឹងក្ដៅខ្លាំងពេក ឬត្រជាក់ជ្រុលពេកសម្រាប់កូនឡើយ ព្រោះទឹកដោះម្ដាយដែលចេញមកពីដើមទ្រូងម្ដាយនេះ នឹងមានសីតុណ្ហភាពដែលល្មមសមរម្យចំពោះកូនរបស់យើងភ្លាមតែម្ដង តែបើចិញ្ចឹមកូនដោយទឹកដោះគោ យើងត្រូវពិនិត្យមើលជាមុនសិនជានិច្ចថា ទឹកដោះដែលលាយហើយនោះ វានឹងក្ដៅ ឬត្រជាក់ជ្រុលពេកទេដឹង?។
    10. មិនចាំបាច់អស់លុយថ្លៃទឹកដោះថ្លៃៗ រួមទាំងឧបករណ៍ផ្សេងៗទៀត តម្លៃទឹកដោះម្សៅប្រភេទផ្សេងៗនោះ បច្ចុប្បន្ន តម្លៃបានហក់ឡើងខ្ពស់ខ្លាំងណាស់ ណាថ្លៃដបទឹកដោះគោ ណាថ្លៃទឹកសាប៊ូលាងដបទឹកដោះគោ ថ្លៃឧបករណ៍ដុសសម្អាតដបទឹកដោះគោ-ល- ថ្លៃចាយវាយទាំងអស់នេះ នឹងមិនកើតមានឡើយ បើយើងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង។

    ទឹកដោះម្ដាយនឹងមានច្រើន ឬតិច នឹងមានប្រព័ន្ធប្រឆាំងជំងឺច្រើន ឬតិច អាស្រ័យលើចំណីអាហារ ការគេងសម្រាក និងអារម្មណ៍របស់ម្ដាយជាចម្បង។ បើអ្នកម្ដាយមើលថែទាំរាងកាយយ៉ាងល្អ ញ៉ាំអាហារដែលមានប្រយោជន៍ គេងលក់បានគ្រប់គ្រាន់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងល្អជាប់ជានិច្ចនោះ ក៏នឹងមានទឹកដោះច្រើនគ្រប់គ្រាន់ឱ្យកូនរបស់យើងបានបៅយ៉ាងពិតប្រាកដ ដែលបច្ចុប្បន្ននេះ ឡារ៉ែនសូមណែនាំឱ្យកូនបានបៅទឹកដោះម្ដាយយ៉ាងតិចបំផុតរយៈពេល 1ឆ្នាំដំបូង៕

  • អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។

    ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត?

    ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។

    វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ

    1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។

    2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ ក៏អាចចាប់ផ្ដើមដោយការហាត់ប្រាណតិចៗ ស្រាលៗសិនបាន ដូចជា ធ្វើការងារផ្ទះ ការដើរហាត់ប្រាណ និងហ្វឹកយ៉ូហ្កា ជាដើម។

    3 . ចៀសវាងអាហារដែលមានខ្លាញ់ និងអាហារដែលគ្មានប្រយោជន៍ ៈ អ្នកម្ដាយមួយចំនួន នៅពេលប្រសូតបុត្រហើយ ក៏ប្រញាប់ទទួលទានអាហារច្រើនៗប្រភេទដែលខ្លួនចង់ញ៉ាំដោយមិនបានចាប់អារម្មណ៍ពីបរិមាណជាតិខ្លាញ់ និងកាឡូរីដែលខ្លួនបានទទួលឡើយ ទើបមិនមែនជារឿងប្លែកឡើយដែលទម្ងន់ខ្លួនមិនព្រមស្រកចុះនោះ។

    អ្នកម្ដាយថ្មោងថ្មីដែលកំពុងស្វែងរកវិធីបញ្ចុះទម្ងន់ខ្លួនក្រោយពេលប្រសូតបុត្ររួច ក៏អាចនាំយកវិធីផ្សេងៗដែលឡារ៉ែនបានណែនាំខាងលើទៅប្រើបានភ្លាមតែម្ដង។ ហាមទិញថ្នាំបញ្ចុះទម្ងន់(ភាពធាត់)មកទទួលទានដោយខ្លួនឯងជាដាច់ខាត ព្រោះអាចហុចផលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកម្ដាយខ្លួនឯង និងកូនតូចបាន៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • ទម្លាប់មិនល្អ 5យ៉ាងធ្វើឱ្យដើមទ្រូងយារធ្លាក់ មិនស្រស់ស្អាត

    ទម្លាប់មិនល្អ 5យ៉ាងធ្វើឱ្យដើមទ្រូងយារធ្លាក់ មិនស្រស់ស្អាត

    ដើមទ្រូង​ គឺជា​អវយវៈ​ដ៏​សំខាន់​របស់​នា​រីៗ​យើង​ ឯកា​រយ​កចិត្ត​ទុកដាក់​មើលថែ​ទាំ​វិញ​នោះ​ មិន​ពិបាកធ្វើ​ឡើយ​ ដូច្នេះ​បើ​មិន​ចង់ឱ្យ​ដើមទ្រូង​យារ​ធ្លាក់​មុន​អាយុ​ទេ​នោះ​ អ្នក​គួរ​បញ្ឈប់​ទម្លាប់5យ៉ាងដូច​ខាងក្រោម​នេះ​។

    1. ពាក់អាវ​ទ្រនាប់​ខុសខ្នាត​ ឬមិន​ចូលចិត្ត​ពាក់​តែម្តង​
    អាវទ្រនាប់​គឺជា​គ្រឿង​តុបតែង​កាយ​ដែល​សំខាន់​បំផុត​របស់​នា​រីៗ​ក៏អាច​ថា​បាន​ដែរ​ ទោះជា​គ្មាន​អ្នក​ណា​មើលឃើញ​មែន​ តែបើ​សិន​យើង​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​សមល្មមនឹង​ខ្នាត​នោះ​ ក្រៅពី​ពាក់​ហើយ​សប្បាយខ្លួន​ មិន​ទើសទែង​ធុញថប់​ហើយ​ នៅ​ជួយ​ឱ្យ​ដើមទ្រូង​របស់​យើង​នៅ​ចំកន្លែង​ និង​មិនឆាប់​យារ​ទៀតផង​។ នា​រីៗ​ជាច្រើន​ចូលចិត្ត​ជ្រើសរើស​ពាក់អាវ​ទ្រនាប់​ដែល​មាន​ទំហំ​តូចជាង​បន្តិច​ ព្រោះ​គិតថា​ នឹង​ជួយ​រុញ​ឱ្យ​ដើមទ្រូង​មើលទៅ​ឃើញ​ណែន​ និង​ជិត​គ្នា​ឡើង​ តែ​ហ្នឹង​គឺជា​ការធ្វើបាប​ដើមទ្រូង​ខ្លួនឯង​ទៅវិញ​ទេ​។ អាវទ្រនាប់​មាន​ច្រើនបែប​ច្រើន​ម៉ូដ​ឱ្យ​ជ្រើសរើស​ ដូច្នេះ​ចូរ​ជ្រើសរើស​ឱ្យ​បាន​ស័ក្តិសម​ក្នុង​ការប្រើ​ប្រាស់​ និង​ខ្នាត​ដែល​ត្រឹមត្រូវ​ជាមួយ​ខ្លួន​អ្នក​ប្រសើរ​ជាង​។

    2. ទទួលទានទឹក​តិច​
    ការ​ទទួលទានទឹក​ល្អ​ចំពោះ​សុខភាព​ និង​គួរ​ជា​ទឹក​ធម្មតា​ប៉ុណ្ណោះ​ ទឹកជា​អង្គ​ប្រកប​សំខាន់​ក្នុង​រាងកាយ​ និង​សំខាន់​ចំពោះ​ស្បែក​របស់​យើង​ បើ​ទទួលទានទឹក​តិច​នឹង​ហុច​ផល​ធ្វើ​ឱ្យ​ដើមទ្រូង​មិន​ណែន​មូល​ក្បំ​ ស្បែក​ឆាប់​ជ្រួញ​យារ​ និង​មានស្នាម​មុន​អាយុ​។

    3. មិន​លាប​គ្រី​មកា​រពារ​ពន្លឺថ្ងៃ​លើ​ដើមទ្រូង​
    រដូវ​ក្តៅ​បែបនេះ​ ជួនកាល​ក៏​ពាក់អាវ​វាល​កធំ​ អាវ​អត់​ស្មា​ ឬសូម្បីតែ​ឈុត​ហែល​ទឹ​កផ្សេង​ៗក៏ដោយ​ នៅពេល​ពន្លឺថ្ងៃ​ចាំង​មក​ប៉ះ​ស្បែក​យើង​ដោយ​ត្រង់​នោះ​ វា​ប្រៀប​ដូចជា​យើង​បណ្តោយ​ឱ្យ​ពន្លឺថ្ងៃ​ចូល​មក​បំផ្លាញ​ស្បែក​បរិវេណ​នោះ​ផង​ដែរ​ ហើយ​ដើមទ្រូង​ក៏​ដូចគ្នា​ដែរ​ វា​នឹង​បង្ក​ឱ្យ​កើត​បញ្ហា​ជ្រីវជ្រួញ​មុន​អាយុ​ និង​កាន់តែ​ឆាប់​យារ​ធ្លាក់​ទៀតផង​។

    4. ជក់បារី​
    ការ​ជក់បារី​ហុច​ផល​ជា​រួម​ដល់​រាងកាយ​ ហើយ​រាងកាយ​គ្រប់​ផ្នែក​នឹង​យារ​ធ្លាក់​ទាំងអស់​ មិន​លើកលែង​សូម្បីតែ​ដើមទ្រូង​ក៏ដោយ​ ព្រោះ​បារី​ធ្វើ​ឱ្យ​អុី​ឡា​ស្ទី​នរ​បស់​ស្បែក​ថយ​ចុះ​ ភាព​ក្មេង​វ័យ​ក៏​នឹង​រលាយ​បាត់​អស់​ដែរ​។

    5. ទម្ងន់​ខ្លួន​ឡើង​ចុះ​ៗញឹកញាប់​
    ការ​សម្រក​ទម្ងន់​ធ្វើ​ឱ្យ​កើតមាន​ផល​ប៉ះពាល់​ដូចជា​ ក្នុង​ខណៈ​ដែល​ទម្ងន់​ខ្លួន​របស់​អ្នក​ស្រក​ចុះ​ហើយ​នោះ​ រឿង​ដំបូង​គេ​ដែល​ស្រក​ចុះទៅ​ដែរ​នោះ​ គឺ​ទំហំ​របស់​ដើមទ្រូង​ ដែល​ពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ហ្នឹងឯង​ ដូច្នេះហើយ​ទើប​ការ​ថែរក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ទៀងទាត់​ជា​ការ​ប្រសើរ​បំផុត​៕

  • Takkatan Chollada ពីតារាចម្រៀងស្រគត់ស្រគំ ប្ដូរស្ទាយ៍សិចស៊ីបញ្ចេញដើមទ្រូង

    Takkatan Chollada ពីតារាចម្រៀងស្រគត់ស្រគំ ប្ដូរស្ទាយ៍សិចស៊ីបញ្ចេញដើមទ្រូង

    កំពូលតារាចម្រៀង Takkatan Chollada ដែលប្រជាជនថៃឲ្យរហ័សនាមថា រាជនីសំឡេងមាស បន្ទាប់ពីនាងទទួលបានការគាំទ្រ ចំពោះបទចម្រៀងមនោសញ្ចេតនាបែបស្រុកស្រែ លំដាប់ទីមួយក្នុងប្រទេសថៃ ដែលលក់ស៊ីឌីចម្រៀងដំបូងរបស់ខ្លួនបានដល់ ១លានឌីសចម្រៀង ដែលគ្មានតារាចម្រៀងស្រីណាធ្លាប់មានពីមុនមក ។

    ម្ចាស់បទ “មិនមែនសង្សារ ប្រាថ្នាថែបងមិនបាន” ពីមុនមកគ្រាន់តែជាតារាចម្រៀងបែបស្ទីលស្រុកស្រែ និយមស្ទាយ៍រៀបចំខ្លួនបែបស្រគត់ស្រគំ ក៏ប៉ុន្ដែមកទល់ពេលថ្មីនេះៗ តារាស្រីរូបនេះបានបន់បែនតាមសង្គមថៃ ហើយប្ដូរស្ទាយ៍រៀបចំខ្លួនសិចស៊ីជាងមុន នឹងកាន់តែមានបញ្ចេញមន្ដស្នេហ៍បន្ថែមទៀត ។ នាងបានបង្ហោះរូបនាងនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ផ្ទាល់ខ្លួន បញ្ចេញនូវដើមទ្រូងមូលក្លំយ៉ាងសិចស៊ី ដែលពីមុនមកនាងមិនធ្លាប់បង្ហាញបែបដូច្នេះឡើយ ។

    ចង់ដឹងកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖