Tag: ញញឹម

  • ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត អ្នកណាៗក៏ចង់ដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមថែទាំកូនបានល្អទៀតផង…ជឿឬមិនជឿ សាកល្បងអានអត្ថបទខាងក្រោមនេះសិន។

    ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន

    តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុងពីរបីខែដំបូងដែលប្រសូតចេញមក រឿងទាំងអស់នោះនឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។

    អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗពីរបានសហការគ្នាដើម្បីសិក្សាពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ 3ខែ ដែលលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មីច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើងនៅពេលដែលគេមានអាយុបាន 2ឆ្នាំ។

    ហេតុម្ដេចបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង?

    អ្នកសិក្សាស្រាវជ្រាវបានធ្វើការសាកល្បងដោយសង្កេតមើលទង្វើរបស់ក្មេងតូចក្នុងអំឡុងពេលដែលពួកគេបានមើលសៀវភៅ និងប្រើលក្ខណៈវិនិច្ឆ័យរឿងការស្គាល់ពណ៌ និងរូបរាងបានល្អប៉ុនណា មកប្រើក្នុងការវាស់ និងប៉ាន់ស្មានវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។

    តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Infant Mental Health Journal បានបង្ហាញថា លទ្ធផលដែលទទួលបានមានផលវិជ្ជមានចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូចក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។

    រឿង 5យ៉ាងដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន

    1. ពកូនដើម្បីឱ្យភើ ៈ ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើងដើម្បីឱ្យកូនបានភើ តែតួនាទីជាស្វាមីអាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចីបាន ដោយវិធីដ៏ងាយៗ គឺគ្រាន់តែចេះព ឬបីកូនក៏គ្រប់គ្រាន់ហើយ។
    2. លេងជាមួយកូន ៈ វិធីលេងជាមួយកូនមានច្រើនណាស់ ស្រេចតែលើលោកឪពុកជ្រើសរើសលេង ទាំងយករបស់លេងដែលមានសំឡេងក្រឺងៗមកគ្រវី និទានរឿង លេងផ្លុំក្បាលពោះកូន ឬនាំកូនលេងហោះក៏បាន។ តែប៉ុណ្ណឹងកូនតូចក៏មានសេចក្ដីសុខខ្លាំងទៅហើយ តែសូមជឿចុះថា អ្នកដែលមានសេចក្ដីមិនចាញ់កូនប៉ុន្មាននោះ គឺលោកប៉ាខ្លួនឯងហ្នឹងតែម្ដង។
    3. ងូតទឹកឱ្យកូន ៈ ឪពុកជាច្រើននាក់មានការភ័យខ្លាចពេលដែលត្រូវងូតទឹកឱ្យកូនតូច ខ្លាចរបូតដៃធ្លាក់កូន ធ្វើឱ្យបង្ហាញអាការឆ្គងៗ ភ័យៗ ខ្លាចៗ តែកុំទៅកង្វល់អីច្រើនពេក គ្រាន់តែលោកប៉ាទៅជួយម៉ាក់ៗក៏គ្រប់គ្រាន់ណាស់ទៅហើយ។ ពេលចាប់ផ្ដើមធ្លាប់ និងថ្នឹកហើយ សឹមចាត់ការនាំកូនទៅងូតទឹកតែម្នាក់ឯង។
    4. ប្ដូរក្រណាត់កន្ទប ឬខោទឹកនោម ៈ ក្នុងមួយថ្ងៃៗ កូនតូចអ៊ឹសៗ និងស៊ូចៗញឹកញាប់ណាស់ ធ្វើឱ្យចាំបាច់ត្រូវផ្លាស់ក្រណាត់កន្ទបជាញឹកញាប់ដែរ។ សម្រាប់លោកប៉ាមួយចំនួនគ្រាន់តែដឹងថាកូនអ៊ឹសៗ ក៏ស្រែកចាចបាត់ទៅហើយ ឬបើដឹងថាកូនខ្លួនឯងជាស្រីផងនោះ ក៏លែងហ៊ានផ្លាស់កន្ទបឱ្យតែម្ដង។ អ្នកគ្រូ ឆវីចង់ប្រាប់លោកប៉ាថា លើកដំបូងវារាងពិបាកធ្វើចិត្តបន្តិចហើយ តែយូរទៅវានឹងស៊ាំហើយ(ហេស)។
    5. បញ្ចុកទឹកដោះកូន ៈ មកដល់អំឡុងពេលមួយដែលកូនតូចត្រូវហាត់ញ៉ាំទឹកដោះពីដប ពេលហ្នឹងឯងដែលស្វាមីអាចជួយភរិយាបាន គ្រាន់តែយកទឹកដោះដែលភរិយាច្របាច់ទុករួចស្រេចហើយនោះមកកម្ដៅ រួចដាក់ចូលដបទឹកដោះឱ្យកូនរូចបានមឹម ហើយបំពេកូនឱ្យគេងជំនួសម៉ាក់ៗផង។ ហ្អ!…ហើយកុំភ្លេចពកូនឱ្យភើផងណា ពេលកូនមឹមឆ្អែតហើយ។

    5 រឿងនេះ លោកប៉ាអាចជួយម៉ាក់ៗចិញ្ចឹមមើលថែកូនបានហើយ អាចនឹងមិនបានទាំងអស់មែន តែក៏ហាត់ៗបណ្ដើរៗទៅ ធានាថាលោកប៉ាច្បាស់ជាធ្វើបានល្អក្នុងគ្រប់រឿងមិនខាន និងរង្វាន់ដែលប៉ាៗបានទទួល ក៏មិនមែនអ្វីផ្សេងដែរ គឺសម្ព័ន្ធភាពដ៏ល្អរវាងឪពុក និងកូន ស្នាមញញឹម សំឡេងសើច និងជួនកាលកូនអាចនឹងតាមប៉ាៗខ្លាំងជាងម៉ាក់ៗក៏ថាបានដែរ អ្នកណាទៅដឹងណោះ?!។

    អ្នកគ្រូ ឆវី នៅចាំជួយលើកទឹកចិត្តលោកប៉ាថ្មោងថ្មីគ្រប់រូបណាចា៎ស…

  • កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ ដែលអ្នកម្ដាយត្រូវតាមដានក្នុង 1,000ថ្ងៃដំបូងរបស់ជីវិត

    កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ ដែលអ្នកម្ដាយត្រូវតាមដានក្នុង 1,000ថ្ងៃដំបូងរបស់ជីវិត

    មូលដ្ឋានគ្រឹះខាងអារម្មណ៍របស់ទារកមានភាពខុសប្លែកគ្នារវាងក្មេងម្នាក់ៗ គឺជាលទ្ធផលមកពីពូជអម្បូរ និងសភាពជុំវិញខ្លួនខណៈស្ថិតនៅក្នុងគភ៌ម្ដាយ ហុចផលធ្វើឱ្យទារកកើតដំបូងសម្ដែងទង្វើដែលខុសប្លែកពីគ្នា។ នៅក្នុងវិវឌ្ឍនាការខាងអារម្មណ៍របស់ក្មេង អារម្មណ៍ខឹង ជាអារម្មណ៍ដែលជួបប្រទះញឹកញាប់បំផុត ដោយសារតែក្មេងច្រើនតែប្រើប្រាស់ជាចំណុចទាមទារដើម្បីឱ្យបាននូវអ្វីដែលត្រូវការ និងថែមទាំងនៅមិនទាន់អាចទំនាក់ទំនងដើម្បីប្រាប់ពីតម្រូវការរបស់ខ្លួនឯងបានមិនសូវជាល្អប៉ុន្មានឡើយ ទើបមានទង្វើស្រែកយំរករឿងឡើងនៅលើក្មេងវ័យនេះ រួមទាំងបង្ហាញពីទង្វើច្រងេងច្រងាង ដូចជាខាំ ទាត់ និងវាយតប់ឪពុកម្ដាយ បងប្អូន ឬក្មេងដទៃ និងច្រើនបង្ហាញអារម្មណ៍ច្រណែន និងភាពជាម្ចាស់េបស់ទៀតផង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ទារក

    វ័យទារកនឹងមានអារម្មណ៍រំភើបតែម្យ៉ាង បន្ទាប់ពីនោះនឹងមានវិវឌ្ឍនាការខាងអារម្មណ៍ដូចតទៅ ៈ

    អារម្មណ៍ពេញចិត្ត ស្រស់ស្រាយ សប្បាយចិត្ត ៈ នឹងកើតមាននៅពេលដែលទារកត្រូវបានប៉ះពាល់ខ្លួនប្រាណថ្នមៗ ឬនៅពេលបានទទួលភាពកក់ក្ដៅដោយការឱបពីម្ដាយ ជាដើម។

    អារម្មណ៍មិនពេញចិត្ត ៈ នឹងកើតឡើងនៅពេលទារកត្រូវបានចាប់ជាប់មិនឱ្យធ្វើចលនា ត្រូវផ្លាស់ប្ដូរឥរិយាបថយ៉ាងឆាប់រហ័ស ឬពេលមានជំងឺឈឺថ្កាត់។

    អារម្មណ៍ទាំងពីរលក្ខណៈរបស់ទារកនឹងកើតឡើងឆ្លាស់គ្នា អាស្រ័យលើបទពិសោធការចិញ្ចឹមមើលថែដែលបានទទួល។ បើបានទទួលការចិញ្ចឹមមើលថែដែលត្រឹមត្រូវស័ក្តិសម នឹងជួយឱ្យទារកមានអារម្មណ៍ជឿជាក់ក្នុងចិត្ត កក់ក្ដៅ មានអារម្មណ៍ស្រស់ថ្លា និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាននៅពេលធំឡើង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ក្មេងអាយុ 1 – 3ឆ្នាំ

    អារម្មណ៍របស់ក្មេងវ័យនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអារម្មណ៍ នឹងមានការអភិវឌ្ឍអារម្មណ៍ច្រើនឡើងតាមលំដាប់របស់ការដឹងក្ដី និងបទពិសោធការរៀនយល់ដឹងដែលបានទទួលពីការចិញ្ចឹមមើលថែទាំ។ លក្ខណៈអារម្មណ៍ដែលអភិវឌ្ឍន៍ឡើងក្នុងរយៈពេលនេះ មានដូចតទៅ ៈ

    អារម្មណ៍ក្រោធខឹង ៈ កើតចេញពីការដែលមិនបានទទួលការតបស្នង ឬត្រូវរារាំងតម្រូវការ ច្រើនតែបង្ហាញចេញដោយការបញ្ចេញសម្រែកយ៉ាងមិនពេញចិត្ត ស្រែកខ្លាំងៗ គេងទធាក់ជើង។ អារម្មណ៍ក្រោធខឹងអាចកើតចេញពីការធ្វើត្រាប់តាមឪពុកម្ដាយ បើអារម្មណ៍ក្រោធខឹងកើតឡើងជាប់ជានិច្ចនោះ នឹងអភិវឌ្ឍទៅជាបុគ្គលដែលមានបុគ្គលិកលក្ខណៈច្រងេងច្រងាង និងហិង្សា។

    អារម្មណ៍ភ័យខ្លាច ៈ ក្មេងតែងតែខ្លាចមនុស្សប្លែកមុខ(មិនដែលស្គាល់) ខ្លាចទីកន្លែងប្លែកថ្មី ខ្លាចវត្ថុដែលមានលាន់ឮសំឡេងខ្លាំងៗ​ ខ្លាចភាពងងឹត ជាដើម។ ច្រើនតែបង្ហាញចេញដោយការរត់គេច ស្រែកយំ ឬពួននៅក្រោយខ្នងមនុស្សធំ។ ក្នុងពេលខ្លះការភ័យខ្លាចនេះអាចជារឿងជំរុញឱ្យក្មេងកើតក្ដីចង់ដឹង ចង់ឃើញបាន។

    អារម្មណ៍ច្រណែន ៈ កើតចេញពីការរួមបញ្ចូលអារម្មណ៍ក្រោធខឹង និងភ័យខ្លាចជាមួយគ្នា។ ច្រើនតែកើតឡើងយ៉ាងងាយ នៅពេលដែលមានប្អូន ហើយឪពុកម្ដាយយកចិត្តទុកដាក់តែលើប្អូនជាពិសេសពេក ធ្វើឱ្យខ្លួនខ្វះភាពសំខាន់។ ឪពុកម្ដាយគួរអធិប្បាយឱ្យកូនយល់ពីការពិត និងគួរមើលថែទាំយកចិត្តទុកដាក់ មិនធ្វើឱ្យកូនមានអារម្មណ៍ហាក់ដូចខ្វះភាពកក់ក្ដៅ ឬគិតថា ប៉ាម៉ាក់លែងស្រឡាញ់រូបគេហើយ។

    អារម្មណ៍ចង់ដឹងចង់ឃើញ ៈ នៅពេលក្មេងបានទទួលការជំរុញដែលខ្លាំងក្លាក៏នឹងមានអារម្មណ៍ថាចាប់អារម្មណ៍ឡើងភ្លាម ច្រើនតែចង់ឃើញអ្វីប្លែកៗ ថ្មីៗ។ ក្ដីភ័យខ្លាចក៏ជាលក្ខណៈមួយដែលជួយឱ្យក្មេងកើតក្ដីចង់ដឹងចង់ឃើញបានដែរ។

    អារម្មណ៍ត្រេកអរ ៈ ជាអារម្មណ៍នៃក្ដីសោមនស្ស មានសេចក្ដីសុខ ច្រើនកើតឡើងចំពោះក្មេងដែលមានសុខភាពល្អ នឹងចេះញញឹមដាក់អ្នកដទៃ ឬរួមសើចក្អាកក្អាយជាមួយអ្នកដទៃពេលមានអារម្មណ៍ពេញចិត្ត។

    អារម្មណ៍ស្រឡាញ់ ៈ ក្មេងនឹងត្រូវការឥស្សរៈភាព ដូច្នេះនៅពេលអ្នកមើលថែទាំបណ្ដោយតាមចិត្ត ឬតបស្នងតម្រូវការរបស់ក្មេង ក្មេងនឹងស្រឡាញ់ និងទុកចិត្តជាពិសេស នៅពេលក្មេងមានអារម្មណ៍ស្រឡាញ់។

    ក្មេងម្នាក់ៗមានលក្ខណៈពិសេសដោយឡែក និងតម្រូវការខុសប្លែកពីគ្នា ក្មេងនឹងអាចសម្របខ្លួនបានល្អប៉ុនណា អាស្រ័យលើការចិញ្ចឹមមើលថែរបស់ឪពុកម្ដាយ និងមូលដ្ឋានគ្រឹះខាងផ្នែកអារម្មណ៍របស់ក្មេង ដូច្នេះឪពុកម្ដាយគួរយល់ដឹងពីធម្មជាតិរបស់កូន ការសម្របខ្លួនឱ្យចូលជាមួយកូន នឹងជួយអភិវឌ្ឍផ្នែកអារម្មណ៍របស់ក្មេង ធ្វើឱ្យការចិញ្ចឹមមើលថែកាន់តែមានភាពរលូនល្អខ្លាំងឡើង៕

  • នៅពេលកូនតូចឈានចូលខែទី 11

    នៅពេលកូនតូចឈានចូលខែទី 11

    ខែទី 11

    លក្ខណៈរបស់កូនតូច

    – ធ្មេញរបស់កូនតូច

    ក្មេងខ្លះដែលធ្មេញដុះឡើងខាងមុខ 2គ្រាប់លើ និង 2គ្រាប់ក្រោមហើយ រយៈពេលនេះនឹងមានធ្មេញដុះឡើងខាងៗ 2គ្រាប់លើទៀត ក្លាយជាធ្មេញលើ 4គ្រាប់ តែក្មេងខ្លះធ្មេញលើ 2គ្រាប់កណ្ដាលនៅមិនទាន់ដុះឡើង ធ្វើឱ្យមានប្រឡោះនៅកណ្ដាល។ តែយ៉ាងណាក៏ដោយ នៅទីបំផុតធ្មេញ 2គ្រាប់កណ្ដាលក៏នឹងដុះឡើង ហើយក្មេងនឹងមានធ្មេញលើ ធ្មេញក្រោមមួយយ៉ាងៗ 4គ្រាប់។

    – ពេលវេលាគេងរបស់កូន

    ពេលវេលាគេងរបស់ក្មេងម្នាក់ៗខុសពីគ្នា។ វ័យនេះមានក្មេងចំនួនដ៏ច្រើនដែលធ្លាប់គេងពេលថ្ងៃ 2ដង ហើយនឹងបន្ថយបន្តិចម្ដងៗមកនៅសល់ត្រឹមតែមួយដង។ ក្មេងខ្លះគេងម្ដងៗកន្លះម៉ោង តែគេងញឹកញាប់មួយថ្ងៃ 3 – 4ដងក៏មាន។ ពេលភ្ញាក់ព្រឹកឡើងក៏ខុសគ្នាដែរ ក្មេងខ្លះបើកភ្នែកឡើងពេលម៉ោង 6ព្រឹក លុះបានមឹមៗហើយក៏លក់បន្តដល់ម៉ោង 8 – 9ព្រឹក។ ក្មេងខ្លះគេងរហូតតាំងពីម៉ោង 10យប់ដល់ម៉ោង 8ព្រឹក។ ក្មេងអាចភ្ញាក់មកនោម ហើយលក់បន្តពេលបានបៅទឹកដោះហើយ តែក្មេងខ្លះគេងលក់ស្រួល ទោះខោ ឬកន្ទបសើម រហូតផ្លាស់ឱ្យក៏មិនភ្ញាក់ដែរ។

    – ដល់ពេលញ៉ាំអាហារបន្ថែម

    អាហារក្នុងវ័យនេះ ខុសគ្នាទៅតាមស្ថានភាពជុំវិញខ្លួន និងតម្រូវការរបស់ក្មេង គ្មានការកំណត់ច្បាស់ៗថា ក្មេងក្នុងវ័យនេះត្រូវតែញ៉ាំបាយប៉ុន្មានកូនចាន ទឹកដោះគោប៉ុន្មានដបនោះទេ តារាងបញ្ជីអាហារបន្ថែមគ្រាន់តែជាការណែនាំសម្រាប់អ្នកម្ដាយប៉ុណ្ណោះ ។ បើកូនមិនញ៉ាំអាហារដូចដែលបានណែនាំ តែកូននៅរឹងប៉ឹងមាំមួនល្អ ទម្ងន់ខ្លួនកើនឡើងជាមធ្យមក្នុងមួយថ្ងៃពី 5 – 10ក្រាម អ្នកម្ដាយក៏មិនចាំបាច់កង្វល់ឡើយ។

    កូនក្នុងវ័យនេះមានទាំងញ៉ាំអាហារបន្ថែម 2ពេល និងម្ហូបគួរសង្កត់ធ្ងន់លើស៊ុត សាច់ត្រី ឬសាច់សត្វកិនម៉ដ្ឋ ដើម្បីកុំឱ្យខ្វះប្រូតេអ៊ីនពីសត្វ។ កូនវ័យនេះនៅឱ្យបៅទឹកដោះក្នុងមួយថ្ងៃមិនតិចជាង 500 cc(កន្លះលិត្រ) អ្វីដែលសំខាន់បំផុតក្នុងការឱ្យញ៉ាំអាហារគឺ “កុំបង្ខំ” គួរឱ្យកូនញ៉ាំយ៉ាងមានសេចក្ដីសុខ និងបន្ថែមបរិមាណសន្សឹមៗតាមតម្រូវការរបស់កូន មិនមែនថា អាយុកើនឡើង ត្រូវតែបន្ថែមអាហារឱ្យប៉ុននេះប៉ុននោះតាមក្នុងតារាងបញ្ជីឡើយ។

    – រឿងដែលត្រូវហាម

    ឪពុកម្ដាយគួរបន្ទោសកូនពេលកូនធ្វើអ្វីដែលមិនល្អ ដូចជា កូនគប់នំប៉័ងដែលកាន់នៅក្នុងដៃទៅដី ឪពុកម្ដាយគួរធ្វើឱ្យកូនដឹងថា ធ្វើបែបហ្នឹងមិនល្អទេ។ លើកដំបូងគួរបន្ទោសដោយទឹកមុខ និងពាក្យសម្ដីថា “ធ្វើអ៊ីចឹងអត់បានទេ” បើកូនធ្វើហាក់ដូចជាចង់ធ្វើទៀត ត្រូវស្រែកដាស់តឧនជាមុនថា “អត់បានទេណា៎”។ ដល់ពេលកូនយល់ពីអ្វីដែលម្ដាយហាម ហើយឈប់គប់នំប៉័ងលេង ម្ដាយត្រូវសរសើរថា “ល្អណាស់”។ សម្រាប់កូនតូចៗ អ្វីល្អ ឬមិនល្អមើលតាមរយៈទឹកមុខម្ដាយថា តើញញឹម ឬធ្វើមុខមាំ។ អ្នកម្ដាយខ្លះមិនបន្ទោស ព្រោះគិតថាទោះជាបន្ទោសទៅ ក៏កូនមិនដឹងរឿងអីដែរ។ ទោះជាកូននៅមិនទាន់ដឹងថា អ្វីល្អ មិនល្អក៏ដោយ តែក៏កូនមានភាពឆាប់ដឹងពីអារម្មណ៍របស់ម្ដាយដែរ តែការធ្វើមុខមាំបន្ទោស សំឡេងបន្ទោសដើម្បីហាមកូនត្រូវយូរៗធ្វើម្ដងទើបបានផលល្អ និងជ្រើសរើសបន្ទោសតែក្នុងរឿងដែលគ្រោះថ្នាក់ប៉ុណ្ណោះ និងមិនគួរប្រើវិធីវាយទះតប់ ឬធ្វើឱ្យកូនឈឺសាច់ពេលធ្វើខុសនោះឡើយ។

    – ពេលកូនមានរបួស

    បើកូនរអិលដួល ធ្លាក់ពីទីខ្ពស់ បោកក្បាលមានរបួស ចូរយកបង់រុំរបួសមកសង្កត់ពីលើស្នាមរបួស ហើយនាំទៅរកពេទ្យ។ បើមានរបួសរលាត់ដាច់ ឬមានឈាមហូរចេញមកសើមៗ ចូរលាងមុខរបួសនឹងសាប៊ូ ប្រើអាល់កុលជូតជុំវិញ ហើយប្រើថ្នាំក្រហមលាបលើមុខរបួស មិនបាច់បិទដោយបង់បិទរបួសទេ។

    – ធាត់លើសកម្រិត

    មានទ្រឹស្ដីមួយនិយាយថា ចំនួនកោសិកាខ្លាញ់ក្រោមស្បែកនឹងត្រូវសាងឡើងក្នុងរយៈពេលមួយឆ្នាំដំបូង បើក្មេងណាធាត់ជ្រុលពេកមុនអាយុ 1ឆ្នាំ ច្រើនតែនឹងក្លាយជាក្មេងងាយធាត់រហូតមួយជីវិត។ គួរថ្លឹងទម្ងន់កូនរៀងរាល់ 10ថ្ងៃម្ដង ទម្ងន់ខ្លួនកើនឡើងជាង 200ក្រាម បានន័យថា ធាត់លឿនពេកហើយ ត្រូវគ្រប់គ្រងអាហារ ដូចជាបន្ថយអាហារពពួកម្សៅ ដូចជាបាយ នំប៉័ង តែម្ហូបអាចនៅឱ្យញ៉ាំប៉ុនពីមុនបាន។

    – នៅពេលកូនថ្នឹកប្រើដៃឆ្វេង

    អ្នកម្ដាយអាចសង្កេតឃើញថា នៅពេលកូនលេងរបស់លេង ហុចដៃមកទទួលនំដែលគេឱ្យ ពេលកាន់ស្លាបព្រា កូនតែងលើកដៃឆ្វេងឡើងមុនជានិច្ច ដែលនេះគឺជារឿងប្រក្រតីរបស់ក្មេង មិនមែនដោយសារតែប្រើដៃឆ្វេងច្រើន ទើបធ្វើឱ្យថ្នឹកដៃឆ្វេងនោះទេ។ អ្នកម្ដាយមិនគួរព្យាយាមឱ្យកូនឈប់ប្រើដៃឆ្វេង ហើយប្រើដៃស្ដាំម្ដងវិញឡើយ ព្រោះការថ្នឹកប្រើដៃឆ្វេង ឬស្ដាំវាជាលក្ខណៈដោយឡែករបស់ក្មេង មិនមែនជារឿងអាក្រក់នោះទេ។ មិនគួរស្ដីបន្ទោសកូន តែគួរបណ្ដោយឱ្យកូនប្រើដៃខាងដែលថ្នឹកនោះទៅ បើចង់ឱ្យហាត់សរសេរអក្សរដោយដៃស្ដាំ ចាំឱ្យហាត់ពេលកូនចូលសាលារៀនហើយក៏បាន។ ដូច្នេះមិនថាកូននឹងប្រើដៃខាងណាក៏ដោយ អ្នកម្ដាយគួរឱ្យកូនបានប្រើយ៉ាងពេញលេញ ទើបជាការគាំទ្រឱ្យកូនកើតមានភាពចង់ធ្វើអ្វីៗក៏ធ្វើដោយខ្លួនបានល្អតទៅទៀត។

    – វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    – ប្រើដៃរុញខ្លួនឱ្យក្រោកឡើងមក និងឱនខ្លួនចុះពេលកំពុងឈរបាន។

    – អង្គុយចោងហោងបានកាន់តែថ្នឹកខ្លាំងឡើង។

    – ចាប់ខ្មៅដៃគូសវាសទៅមកបាន។

    – ក្មេងខ្លះអាចទាញស្រោមជើងចេញជើងបានដោយខ្លួនឯង។

    – ចេះប្រើដៃទាំងពីរធ្វើអ្វីៗមិនដូចគ្នាបានហើយ ដូចជា ដៃម្ខាងកាន់របស់លេងមួយ ដៃម្ខាងទៀតលេងរបស់លេង ឬគប់របស់លេងមួយទៀតបាន។

    – សង្គមជុំវិញខ្លួន

    . ស្គាល់អត្ថន័យរបស់ពាក្យថា “ទេ”។

    . កាន់តែពូកែបដិសេធអ្វីដែលខ្លួនឯងមិនត្រូវការខ្លាំងឡើង។

    . ចេះធ្វើត្រាប់សំឡេងបានកាន់តែពូកែឡើង ដូចជានិយាយពាក្យថា “ម៉ាក់ៗ” ឬ “តស់ៗ” ជាដើម។

    – ចេះស្ដាប់ពាក្យបញ្ជាច្រើនឡើង និងចេះបញ្ឈប់ទង្វើរបស់ខ្លួនឯងបាន។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . កូនវ័យនេះចេះប្រើដៃបានថ្នឹកហើយ គួរលេងបោះបាល់ហើយឱ្យកូនរត់តាមទៅយកបាល់មកវិញ ឬរកខ្មៅដៃពណ៌ឱ្យកាន់ និងសាកល្បងចាប់ដៃកូនគូសអូស ផាត់ពណ៌លើក្រដាស។

    . កូនច្រើនតែចូលចិត្តលេងជាមួយរបស់របរប្រើប្រាស់ក្នុងផ្ទះខ្លាំងជាងរបស់លេងដែលទិញមកឱ្យ ក្មេងខ្លះចូលចិត្តមើលរូបភាព ជាពិសេសសៀវភៅដែលមានរូបភាពធំៗស្រួលមើល។

    . បើកូនចាប់ផ្ដើមហាត់ដើរ ចូររកពេលនាំកូនទៅដើរនៅក្នុងបរិវេណសួនច្បារសាធារណៈផង៕

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1 . ធ្វើអ្វីថ្នមៗខ្លះផង

    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ… អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហ្នឹងណា៎។

    2 . ត្រូវរកជំនួយការដែលទុកចិត្តបាន

    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះ ចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេ ដើម្បីអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាតូចដែលកំពុងគេងនៅក្នុងផ្ទៃហ្នឹងឯង។

    3 . យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួនឯងយ៉ាងម៉ឺងម៉ាត់

    ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរណ៍មាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4 . គេងលក់ និងសម្រាក

    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយ ដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5 . មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា

    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេស បើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើ និងថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6 . ផ្លូវចិត្តរីករាយស្រឡះ

    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    វាក់អ៊ើ! គឺជាការលេងដ៏សែនមហាងាយ នរណាៗក៏លេងបាន មានពេលតិចតួចក៏លេងបាន ថែមទាំងលេងបានមិនកំណត់ទីកន្លែង និងពេលវេលាទៀតផង។ គ្រាន់តែមានឧបករណ៍តម្លៃ 0 រៀល តែមានគុណតម្លៃខាងផ្លូវចិត្តខ្ពស់បំផុត នោះគឺ មនុស្សជាឪពុកម្ដាយហ្នឹងឯង។ លទ្ធផលដែលបានពីការលេង វាក់អ៊ើ មិនមែនត្រឹមតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែនៅហុចផលល្អដល់វិវឌ្ឍនាការរបស់កូនយ៉ាងច្រើនទៀតផង។

    – វាក់អ៊ើ! បង្ហាត់ពីរឿងការមានស្ថិតស្ថេរនៃរបស់វត្ថុផ្សេងៗ

    អ្នកសិក្សាស្រាវជ្រាវផ្នែកខួរក្បាល និងវិវឌ្ឍនាការបានឱ្យដឹងថា ការលេងយកដៃបិទមុខ ហើយបើកវិញមក វាក់-អ៊ើ! នេះនឹងជួយឱ្យក្មេងក្នុងវ័យ 2 ខួបដំបូងបានរៀនយល់ដឹងពីការមានស្ថិតស្ថេរនៃរបស់ និងវត្ថុផ្សេងៗ(Object permanence) ដូចជា នៅពេលអ្នកម្ដាយយកដៃបិទមុខ ឬទៅលបពួន ហើយមួយភ្លែតក្រោយមកក៏បើកមុខឡើង ឬបង្ហាញខ្លួនមកវាក់អ៊ើជាមួយកូនជាដើម។ រូបបែបនៃការលេងបែបនេះនឹងធ្វើឱ្យកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ម៉ាក់នឹងបាត់ចេញពីខ្សែភ្នែកត្រឹមតែមួយភ្លែតប៉ុណ្ណោះទេ រួចហើយបន្តិចទៀតម៉ាក់នឹងត្រឡប់មកវិញមិនខាន។

    – វាក់អ៊ើ! បង្ហាត់ឱ្យចេះទន្ទឹងរង់ចាំ

    នៅពេលដែលកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ប៉ាម៉ាក់គឺពិតជាមានប្រាកដមែន ប៉ាម៉ាក់អាចបាត់ពីខ្សែភ្នែកខ្លះហើយ តែបន្តិចទៀតនឹងត្រឡប់មកវិញមិនខាន។ កូននឹងចាប់ផ្ដើមមានភាពជឿជាក់លើមនុស្សជាឪពុកម្ដាយ ខណៈពេលជាមួយគ្នាក៏ចាប់ផ្ដើមរៀនយល់ដឹងពីការរស់នៅដោយខ្លួនឯង(Independence)។ ដូច្នេះហើយទើបការលេងវាក់អ៊ើជាការជំរុញឱ្យកូនតូចចេះអត់ទ្រាំរង់ចាំ ចាប់ផ្ដើមពីម្ដាយលើកដៃបិទមុខ ឬពួននៅពីផ្ទាំងក្រណាត់ កូនក៏ត្រូវរង់ចាំថា តើពេលណាម៉ាក់នឹងបើកមុខ ឬចេញមកវិញ ដែលរឿងនេះវានឹងអភិវឌ្ឍឆ្ពោះទៅរកការអត់ទ្រាំរង់ចាំក្នុងរឿងផ្សេងៗដែលមានភាពលំបាក និងស្មុគស្មាញជាងនៅពេលក្រោយ ដូចជា ម៉ាក់ទៅចូលបន្ទប់ទឹក ទៅធ្វើម្ហូប ឬចេញទៅធ្វើការក្រៅផ្ទះ ជាដើមហ្នឹងឯង។

    – វាក់អ៊ើ! បង្ហាត់ពីការចងចាំ

    ខួរក្បាលរបស់ក្មេងតូចៗត្រៀមជាស្រេចក្នុងការរៀនយល់ដឹង និងធំធាត់គ្រប់ពេលវេលា ហើយនឹងរឹតតែអភិវឌ្ឍបានល្អឡើងតាមរយៈការលេងគ្រប់អំឡុងពេលដែលឪពុកម្ដាយលេងវាក់អ៊ើជាមួយកូន ដែលនឹងបង្ហាត់ខួរក្បាលរបស់កូនផ្នែកការចងចាំ។ សេចក្ដីសប្បាយនឹងកើតចេញពីការចងចាំថា ប៉ា និងម៉ាក់ធ្លាប់អើតមុខមកវិញនៅខាងណា? ពេលណា? ហើយនឹកស្មានទុកជាមុនថា លើកក្រោយប៉ា និងម៉ាក់នឹងបង្ហាញមុខចេញមកនៅខាងដដែលឬក៏អត់ហ្ន៎? ជាដើម។

    – វាក់អ៊ើ! ជួយអភិវឌ្ឍផ្នែកការទំនាក់ទំនង

    គ្រប់ស្នាមញញឹម និងសំឡេងសើចរបស់កូន មិនមែនជារឿងចៃដន្យដែលកើតឡើងមួយភ្លែតៗ និងកន្លងផុតទៅដោយគ្មានអត្ថន័យនោះទេ តែវាបង្ហាញអំពីវិវឌ្ឍនាការផ្នែកការទំនាក់ទំនងរបស់កូន។ សម្រាប់ក្មេងតូចក្នុងអំឡុងវ័យ 1 – 2 ឆ្នាំដំបូង ការទំនាក់ទំនងជាមួយពិភពខាងក្រៅនឹងត្រូវបញ្ជូនចេញមកតាមរយៈការញញឹម សើច យំ សម្លឹងមុខ ឬសូម្បីតែការកម្រើកដៃជើង ដូចគ្នានឹងបដិសម្ព័ន្ធដែលកើតឡើងខណៈដែលកូនលេងវាក់អ៊ើជាមួយឪពុកម្ដាយដែរ។ ស្នាមញញឹម និងសំឡេងសើចដែលកើតឡើងបង្ហាញឱ្យឃើញថា ការទំនាក់ទំនងរវាងគ្នានឹងគ្នាទទួលបានភាពជោគជ័យហើយណា៎។ ដូច្នេះហើយទើបការលេងវាក់អ៊ើ គឺជាការជំរុញវិវឌ្ឍនាការខាងការទំនាក់ទំនងរបស់កូនបានយ៉ាងល្អ។

    – វាក់អ៊ើ! សាងសម្ព័ន្ធភាព

    ការលេងវ៉ាក់អ៊ើ គឺជាអំឡុងពេលដែលមានកូនជាចំណុចកណ្ដាល ជាការលេងដែលសាងស្នាមញញឹម និងសំឡេងសើចដល់ក្រុមគ្រួសារតាមរយៈការមើលមុខ ធ្វើសំឡេងទាបខ្ពស់ឱ្យរំភើបចិត្ត។ ជាអំឡុងពេលនែសេចក្ដីសុខដែលជួយគ្នាត្បាញថ្ពក់ខ្សែសម្ព័ន្ធភាពរវាងក្រុមគ្រួសារឱ្យរឹងមាំ ហើយនឹងផ្ដិតចេញជាសម្ព័ន្ធភាពដ៏ស៊ីជម្រៅដែលដក់ជាប់នៅក្នុងបេះដូងរបស់កូនយូរអង្វែងតទៅទៀត។

    ឥឡូវជឿហើយឬនៅថា វាក់អ៊ើ នេះពិតជាល្អចំពោះវិវឌ្ឍនាការរបស់កូនតូចខ្លាំងណាស់ និងជាគំរូនៃការសាងពេលវេលាគុណភាពក្នុងគ្រួសារដែលបានពិសោធរួចហើយថា មិនមែនជារឿងលំបាក មិនអស់លុយកាក់ និងពេលវេលានោះឡើយ។ ជារឿងតូចមួយដែលអ្នកគ្រូឆវីគិតថា លោកឪពុកអ្នកម្ដាយគ្រប់រូបអាចធ្វើបានទាំងអស់គ្នា៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ច្រើនដងណាស់ដែលយើងតែងបានឮថា ទារក ឬកូនតូចៗញញឹមពេលគេងលក់មានន័យថា កូនកំពុងតែយល់សប្តិល្អ ឬកូនញញឹមពេលគេងលក់មានន័យថា កូនកំពុងតែលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិន ដែលជំនឿទាំងនោះអាចនឹងធ្វើឱ្យអ្នកម្តាយជាច្រើននាក់មានកង្វល់ចិត្ត តែការពិតវិញយ៉ាងណានោះ យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា។

    កូនតូចញញឹមពេលគេងលក់ព្រោះអ្វី?
    ទារកក្នុងអំឡុង 0 – 1ខែដំបូងក្រោយពេលប្រសូត ការញញឹមមិនបានកើតចេញពីការយល់សប្តិនោះទេ តែកើតចេញពីការបង្រួញខ្លួនរបស់សាច់ដុំផ្ទៃមុខ ព្រោះទារកនៅមិនទាន់អាចញែកអារម្មណ៍ល្អ ឬអាក្រក់បាននៅឡើយទេ។

    ទារកក្នុងអំឡុង 2 – 5ខែ ខណៈពេលគេងលក់ទារកនឹងមានអាការខាងទឹកមុខច្រើនយ៉ាង ដូចជា ទឹកមុខមាំ
    ចងចិញ្ចើម ធ្វើមាត់ជីបអូចៗ និងញញឹម អាការទាំងនេះមិនបានបណ្តាលមកពីការកំពុងយល់សប្តិ ឬកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិននោះទេ តែគឺជាវិវឌ្ឍនាការសាច់ដុំផ្ទៃមុខរបស់ទារកទៅវិញទេ។

    ទារកក្នុងអំឡុង 6 ខែឡើងទៅ នឹងចាប់ផ្តើមចេះយល់សប្តិហើយ ដោយសារតែទារកក្នុងវ័យនេះមើលឃើញបានពេញទំហឹងហើយ ទើបកើតមានការចងចាំទុកយកទៅយល់សប្តិ ដោយការយល់សប្តិរបស់ទារកវ័យ 6 ខែនេះនៅមិនទាន់ពេញជារឿងជារ៉ាវដូចមនុស្សធំទេ តែជារូបភាពស្លៃដ៍បែបមិនជាប់លាប់ និងទារកនៅមិនទាន់យល់ដឹងថា នេះគឺជាសុបិនឡើយ។

    កូនតូចចូលចិត្តញញឹមពេលគេងលក់ មិនមែនព្រោះកូនកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិនតាមជំនឿដែលយើងធ្លាប់បានឮនោះទេ តែកើតចេញពីវិវឌ្ឍនាការរបស់សាច់ដុំផ្ទៃមុខដូចដែលបានរឿបរាប់ពីខាងលើរួចហើយប៉ុណ្ណោះឯង ដូច្នេះលោកឪពុកអ្នកម្តាយមិនចាំបាច់ព្រួយកង្វល់ឡើយ ព្រោះវិវឌ្ឍនាការផ្សេងៗនឹងហុចផលល្អឱ្យកូនក្លាយជាក្មេងឆ្លាតនាពេលអនាគត៕