Tag: ឈ្នះ

  • កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    “ម៉ាក់អ៊ើយ អាបងចូលមកក្នុងបន្ទប់កូនទៀតហើយ!”

    “ម៉ាក់!! អាអូនមិនព្រមឱ្យកូនលេងរបស់លេងដែរទេ”

    “ឱ្យប្អូនលេងសិនទៅ”

    “អត់ទេ! កូនលេងមុន!”

    “ដណ្ដើមហ្អេ៎? នេះនែ!!(ផាច់ៗ…វាយគ្នា)”

    ស្ថានការណ៍បែបហ្នឹង ធ្លាប់ជួបទេ? បើសិនជាផ្ទះរបស់អ្នកមានអាល្អិតយ៉ាងតិច 2នាក់រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់ថា ហេតុការណ៍ស្រដៀងៗដែលអ្នកគ្រូ ឆវី លើកជាឧទាហរណ៍ខាងលើនេះ ប្រហែលជាធ្លាប់កើតឡើងចំពោះអ្នកខ្លះមិនខាន។ ការឈ្លោះទាស់ទែងគ្នារវាងបង-ប្អូន គឺជារឿងប្រក្រតីដែលកើតឡើងគ្រប់ផ្ទះ ហើយបើសិនជាលោកឪពុកអ្នកម្ដាយចេះទប់ទល់យ៉ាងត្រូវវិធី វានឹងជួយកាត់បន្ថយបញ្ហាដែលអាចនឹងកើតឡើងក្នុងរយៈពេលវែងបាន។ ខាងក្រោមនេះគឺ វិធី និងគន្លឹះល្អៗដើម្បីឱ្យឪពុកម្ដាយអាចដោះស្រាយបញ្ហាកូនៗឈ្លោះគ្នាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ…។

    • បំបែកជើងខ្លាំងទាំងពីរចេញពីគ្នា ទុករហូតទាល់តែស្ងប់អារម្មណ៍ ៈ ក្នុងករណីខ្លះអាចត្រឹមតែឱ្យកូនទាំងពីរឈប់និយាយ និងឈប់ធ្វើអ្វីគ្រប់យ៉ាងសិន មុននឹងលោកអ្នកចូលទៅកែបញ្ហាជម្លោះទាស់ទែងនោះ តែបើលោកអ្នកត្រូវការឱ្យរឿងហ្នឹងក្លាយជាបទពិសោធដែលកូនៗនឹងបានរៀនយល់ដឹង គួរតែរង់ចាំរហូតទាល់តែអារម្មណ៍របស់ពួកគេស្ងប់ទៅវិញសិន សឹមអប់រំពួកគេ។
    • កុំដាក់សម្ពាធ ឬព្យាយាមរកអ្នកខុស ៈ នៅពេលកូនទាំង 2នាក់ឈ្លោះគ្នា រឿងដែលកើតឡើងក្មេងទាំងពីរត្រូវតែទទួលខុសត្រូវរួមគ្នា។
    • ព្យាយាមសាងស្ថានការណ៍ដែលគ្រប់គ្នាទទួលបានប្រយោជន៍ ៈ ដូចជាហៅថា ស្ថានការណ៍ឈ្នះ-ឈ្នះ(win-win situation)ដើម្បីឱ្យគ្រប់គ្នាបានរៀនយល់ដឹងពីអ្វីម្យ៉ាង ដូចជា នៅពេលដែលកូន 2នាក់ត្រូវការលេងរបស់លេងតែមួយដូចគ្នា អ្នកអាចនឹងប្ដូរទៅជាឱ្យកូនៗបានលេងហ្គេមណាដែលអាចលេងដំណាលគ្នាបានទាំងពីរនាក់ជំនួសវិញ ជាដើម។

    កែសម្រួលនិស្ស័យ បង-ប្អូនត្រូវតែមិនឈ្លោះគ្នា

    តទៅនេះ គឺជារឿងងាយៗដែលលោកអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកាត់បន្ថយជម្លោះរវាងបង-ប្អូន។

    • ដាក់ច្បាប់ ជាពិសេសក្នុងរឿងទង្វើ ៈ ប្រាប់កូនៗថា ក្មេងៗមិនគួរនិយាយពាក្យអាក្រក់ស្ដាប់ ស្រែកគំហកដាក់មុខគ្នា ឬធ្វើមុខមាំកាចដាក់គ្នាទេ និងអធិប្បាយឱ្យស្ដាប់ថា នឹងមានអ្វីកើតឡើងបើសិនជាកូនល្មើសច្បាប់ដោយការបញ្ចេញទង្វើដែលមិនគួរឱ្យប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យក្មេងៗបានដឹងថា គេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់គេ។
    • កុំបណ្ដោយឱ្យកូនៗធ្វើឱ្យអ្នកគិតថា អ្នកត្រូវតែបង្ហាញពីភាពយុត្តិធម៌គ្រប់ពេលឱ្យសោះ ព្រោះក្នុងករណីខ្លះ អាល្អិតម្នាក់ក៏នឹងចាំបាច់ត្រូវទទួលខុសត្រូវលើទង្វើរបស់ខ្លួនច្រើនជាងអាល្អិតម្នាក់ទៀតដែរ។
    • ផ្ដល់នូវការចាប់អារម្មណ៍ចំពោះកូនៗយ៉ាងស្មើភាពគ្នាជាប់ជានិច្ច ជាពិសេសក្រោយការឈ្លោះទាស់ទែងគ្នា។ បើកូនបងចង់ចេញទៅដើរលេង ក៏គួរតែនាំគេទៅ តែពេលត្រឡប់មកវិញ បើកូនប្អូនត្រូវការឱ្យអ្នកនិយាយរឿងនិទានឱ្យស្ដាប់ អ្នកក៏ត្រូវតែធ្វើដែរ។
    • ប្រាកដក្នុងចិត្តថា កូនម្នាក់ៗមានទីកន្លែងផ្ទាល់ខ្លួន និងមានពេលវេលាផ្ទាល់ខ្លួនដែលគេអាចនឹងបានលេងដូចដែលគេត្រូវការដោយមិនចាំបាច់មានបង ឬប្អូនតាមជាប់ទៅជាមួយផង។
    • សម្ដែងឱ្យកូនឃើញ និងអធិប្បាយឱ្យកូនយល់ថា សម្រាប់រូបអ្នក សេចក្ដីស្រឡាញ់ជារឿងដែលត្រូវមានព្រំដែន។
    • ធ្វើឱ្យកូនដឹងថា ពួកគេមានភាពសំខាន់ និងនឹងបានទទួលការមើលថែទាំឱ្យមានសុវត្ថិភាព រួមទាំងតម្រូវការទាំងឡាយដែលស្ថិតលើហេតុផលរបស់កូនដែលនឹងបានទទួលការតបស្នង។
    • ធ្វើកិច្ចការងាររួមគ្នាទាំងគ្រួសារ ព្រោះវានឹងជួយកាត់បន្ថយភាពតានតឹងរវាងបងប្អូនដែលឈ្លោះគ្នាបាន ព្រោះក្នុងកិច្ចការងារទាំងនោះ គ្រប់គ្នានឹងបានទទួលការយកចិត្តទុកដាក់យ៉ាងស្មើៗគ្នា។
    • បើកូនឈ្លោះគ្នាដដែលៗ ក្នុងរឿងដដែលៗ ដូចជាដណ្ដើមគ្នាប្រើកុំព្យូទ័រ ជាដើម អាណាព្យាបាលគួរតែធ្វើតារាងកាលវិភាគការប្រើការរឿងអ្វីមួយនោះសម្រាប់កូនម្នាក់ៗ តែបើនៅតែឈ្លោះគ្នាទៀត ពួកគេទាំងពីរនឹងលែងទទួលបានឱកាសនោះទៀត។
    • បើកូនៗនៅតែឈ្លោះគ្នាញឹកញាប់ លោកអ្នកគួរណាត់ថ្ងៃនិយាយគ្នាក្នុងក្រុមគ្រួសារ ដើម្បីរំឭកអំពីច្បាប់ដែលប្រើក្នុងគ្រួសារ និងរំឭកឡើងវិញនូវភាពជោគជ័យក្នុងការកែបញ្ហាឈ្លោះទាស់ទែងដែលទាំងអស់គ្នាអាចធ្វើបានកាលពីពេលកន្លងៗមក។ លោកអ្នកអាចសាកល្បងប្រើវិធីឱ្យរង្វាន់នៅពេលកូនអាចលេង ឬធ្វើការអ្វីមួយរួមគ្នាបានដោយមិនមានជម្លោះ ដូចជាបើកូនមិនមានឈ្លោះគ្នាសោះក្នុងមួយថ្ងៃ កូនៗនឹងបានជ្រើសទិញនំដែលខ្លួនឯងចូលចិត្តញ៉ាំ ឬមិនមានឈ្លោះគ្នាមួយសប្ដាហ៍ ប៉ាម៉ាក់នឹងនាំទៅដើរលេង ជាដើម។
    • កុំភ្លេចថា ក្មេងៗម្នាក់ៗត្រូវការពេលវេលានៅឆ្ងាយពីបងប្អូន និងក្រុមគ្រួសារខ្លះដែរ ដូច្នេះលោកអ្នកអាចនឹងរៀបចំឱ្យកូនៗបានទៅលេងផ្ទះមិត្តភក្តិជិតដិត ឬឱ្យកូនម្នាក់ៗទៅដើរលេងតែម្នាក់ឯងជាមួយអ្នកក៏បាន។

    *** ខណៈដែលកូនៗរៀនយល់ដឹងក្នុងការចេះរម្ងាប់អារម្មណ៍ គេក៏ថែមទាំងបានរៀនយល់ដឹងពីជំនាញសំខាន់ដែលនឹងប្រើប្រាស់ក្នុងការរស់នៅ ដូចជារឿងការទទួលយកគំនិតយោបល់របស់អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និងការគ្រប់គ្រងទង្វើច្រងេងច្រងាងរបស់ខ្លួនឯង ជាដើម។

    ប៉ាម៉ាក់មិននៅ កូនៗមិនឈ្លោះគ្នា

    កុំភ្លេចណា៎ថា ការដែលអាល្អិតៗរបស់លោកអ្នកឈ្លោះគ្នា ពេលខ្លះក៏ដើម្បីទាមទារការចាប់អារម្មណ៍អំពីលោកឪពុកអ្នកម្ដាយដែរ ដូច្នេះ នៅពេលដែលវាអ៊ីចឹង លោកអ្នកក៏គួរតែរកមើលពេលវេលាទំនេរខ្លះដើម្បីឱ្យខ្លួនឯងបានធ្វើអ្វីម្យ៉ាងដែលជាការងារផ្ទាល់ខ្លួនដោយគ្មានកូនៗនៅក្បែរខ្លះផង ព្រោះ…ជឿអ្នកគ្រូ ឆវី ចុះថា នៅពេលដែលលោកអ្នកមិននៅ កូនៗនឹងរស់នៅជាមួយគ្នាបានយ៉ាងល្អប្រសើរ៕

  • កម្ពុជា ផ្តួលអាហ្វហ្គានីស្ថាន ដើម្បីជួយឱ្យលោក Vitorino ស្គាល់រសជាតិឈ្នះជាលើកទី1

    កម្ពុជា ផ្តួលអាហ្វហ្គានីស្ថាន ដើម្បីជួយឱ្យលោក Vitorino ស្គាល់រសជាតិឈ្នះជាលើកទី1

    អ្នកចាំទី ស៊ូ យ៉ាទី បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត ខណៈខ្សែបម្រើ ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់ឈ្នះដើម្បីជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្កើតការភ្ញាក់ផ្អើលផ្សេងៗ តាមរយៈការយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងលទ្ធផល 1-០ ក្នុងការប្រកួតជម្រុះពូល C សម្រាប់ព្រឹត្តិការណ៍ AFC Asian Cup នាពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។

    ក្រោយពីបានរងបរាជ័យ3ប្រកួតជាប់ៗគ្នា លោក Leonardo Vitorino បានដឹកនាំក្រុមកម្ពុជាចូលធ្វើការប្រកួតកាលពីថ្ងៃម្សិលមិញទាំងមានសម្ពាធដ៏ច្រើន ប៉ុន្តែក្រុមម្ចាស់ផ្ទះហាក់បានចាប់ផ្តើមយ៉ាងល្អក្នុងការប្រកួតនេះ ដោយពួកគេមានឱកាសល្អជាច្រើនដងក្នុងតង់ទី1 តែធ្វើមិនបានសម្រេច។

    ក្រោយពីបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំក្នុងតំបន់ការពារ ពិសេសការបំពេញតួនាទីយ៉ាងល្អរបស់ ស៊ូ យ៉ាទី ការប្រកួតនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងតង់ទីមួយ ប៉ុន្តែនៅតង់ទី2 នៅនាទីទី60 ក្នុងពេលដែលកំពុងតែប្រទាញប្រទង់នៅពីមុខទី អ្នកចាំទីរបស់អាហ្វហ្គានីស្ថាន បានទាត់បាល់ចេញមិនបានល្អ ធ្វើឲ្យបាល់នោះខ្ទាតទៅចំនឹងជើងរបស់ ប្រាក់ មុន្នីឧត្តម របស់ក្លិបស្វាយរៀង ចូលទីតែម្តង។ គ្រាប់បាល់នេះ បានបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងក្លា ទាំងគ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រនៅកីឡដ្ឋានផ្ទាល់ដែលមានចំនួនជិត5០០០០ម៉ឺននាក់។ ជ័យជម្នះនេះ អាចនឹងលុបចោលនូវការរិះគន់ផ្សេងៗ ក៏ដូចជាកាត់បន្ថយសម្ពាធទៅលើលោកគ្រូបង្វឹក Vitorino សញ្ជាតិប្រេស៊ីលនោះដែរ ក្រោយពីក្រុមកម្ពុជា មិនស្គាល់ឈ្នះសោះក្រោមការដឹកនាំ3ប្រកួតដំបូងរបស់លោក។

    ក្រោយពីការទទួលជ័យជម្នះដ៏រីករាយនេះ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ដោយមាន 3ពិន្ទុ ក្រោយពីក្រុមកំពុងនាំមុខក្នុងពូល គឺហ្ស៊កដានី ដែលបានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ លើក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ3 វៀតណាម ក្នុងការប្រកួតនាថ្ងៃដដែលនោះដែរ។

    ជ័យជម្នះនេះដែរក៏នឹងផ្តល់នូវការជឿជាក់មួយដល់ក្រុមកម្ពុជា មុននឹងក្រុមដែលមានរហស្សនាមថា គោព្រៃមួយនេះ ត្រូវធ្វើដំណើរទៅជួបជើងខ្លាំងវៀតណាម នាថ្ងៃទី5 ខែកញ្ញា ឆ្នាំ2017 សម្រាប់ការប្រកួតបន្ទាប់៕

    https://www.youtube.com/watch?v=hqh9rVsFXxY

  • Huddersfield ឈ្នះកៅអីទៅ Premier League ក្រោយពីផ្តួល Reading ដោយប៉េណាល់ទី

    Huddersfield ឈ្នះកៅអីទៅ Premier League ក្រោយពីផ្តួល Reading ដោយប៉េណាល់ទី

    ក្រុម Huddersfield Town បានឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Premier League ក្នុងរដូវកាលដ៏រំភើបមួយ ខណៈដែលគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Christopher Schindler បានជួយឲ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-៣ លើក្រុម Reading ក្នុងការប្រកួតក្របខ័ណ្ឌ Championship វគ្គ Playoff ផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទ។

    ក្រុមរបស់លោក David Wagner នឹងត្រូវឡើងទៅលេងក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកទី១ក្នុងរយៈពេល៤៥ឆ្នាំ ក្រោយពីធ្វើបានយ៉ាងល្អក្នុងពេលស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Wembley។ ការឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Premier League របស់ក្រុម Huddersfield នឹងធ្វើឲ្យពួកគេទទួលបានចំណូលយ៉ាងហោចណាស់១៧០លានផោន (ស្មើនឹង២១៨លានដុល្លារអាមេរិក) ហើយតួលេខនេះអាចនឹងកើនឡើងរហូតដល់ទៅ២៩០លានផោន ប្រសិនបើក្លិបនេះគេចផុតពីការធ្លាក់ចេញនៅរដូវកាលបន្ទាប់។ លោក Wagner បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ និងពិតជាមានមោទនភាពចំពោះកីឡាកររបស់ខ្ញុំ ក៏ដូចជាគ្រប់គ្នាក្នុងក្លិបនេះខ្លាំងណាស់។ កីឡាកររបស់យើងបានធ្វើយ៉ាងល្អឥតខ្ចោះ អំឡុងពេលនៃការប្រកួតវគ្គ Playoff នេះ»។

    លោក Wagner ដែលបានដឹកនាំឲ្យក្រុម Huddersfield បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ មានអារម្មណ៍ថា ការឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់ក្លិបនេះ អាចជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់ក្រុមរបស់ខ្លួន៕

    ប្រភពពី៖ Reuters