Tag: ជំងឺរាតត្បាត

  • តើជំងឺបណ្ដាលមកពីវីរុស COVID-19 និងជំងឺគ្រុនផ្ដាសាយធម្មតា ខុសគ្នាយ៉ាងម៉េច?

    តើជំងឺបណ្ដាលមកពីវីរុស COVID-19 និងជំងឺគ្រុនផ្ដាសាយធម្មតា ខុសគ្នាយ៉ាងម៉េច?

    មេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 ឬ COVID-19 ជាមេរោគវីរុសដែលទើបរកឃើញ មានអាការឈឺថ្កាត់ហាក់ដូចជាស្រដៀងនឹងជំងឺគ្រុនផ្ដាសាយធម្មតា ឬគ្រុនផ្ដាសាយទូទៅដែរ។ មនុស្សជាច្រើនដែលមានអាការឈឺថ្កាត់ ដូចជាមានគ្រុនក្ដៅខ្លួន ក្អក និងឈឺ-ក ក្នុងអំឡុងពេលនេះ តែងតែមានក្ដីបារម្ភកង្វល់ ច្រឡំវិលវល់ និងមិនដឹងថា តើគ្រុនផ្ដាសាយធម្មតា និងវីរុស COVID-19 ខុសគ្នាយ៉ាងម៉េច?

    ភាពខុសប្លែករបស់គ្រុនផ្ដាសាយធម្មតា និងវីរុស COVID-19 (វីរុសកូរ៉ូណា)

    គ្រុនផ្ដាសាយធម្មតា និងកូរ៉ូណាវីរុសប្រភេទថ្មី2019(COVID-19) កើតចេញពីមេរោគវីរុសកូរ៉ូណាដូចគ្នា ដោយគ្រុនផ្ដាសាយទូទៅ ច្រើនតែបណ្ដាលមកពី រ៉ៃណូវីរុស(Rhinovirus) ដល់ 30-80% បន្ទាប់ចុះមកគឺ វីរុសកូវីដ-19(កូរ៉ូណាវីរុស)10-15% និងកម្រិតភាពធ្ងន់ធ្ងររបស់ជំងឺ ខុសប្លែកគ្នា ដោយកូរ៉ូណាវីរុស នឹងមានកម្រិតភាពធ្ងន់ធ្ងរខ្លាំងជាងគ្រុនផ្ដាសាយធម្មតាច្រើន។

    គ្រុនផ្ដាសាយធម្មតា៖ ច្រើនកើតពីមេរោគ រ៉ៃណូវីរុស(Rhinovirus) 30-80% ជាវីរុសដែលធ្វើឱ្យកើតជំងឺជាមួយច្រមុះ គឺផ្ដាសាយធម្មតា ប្រទះឃើញញឹកញាប់នៅលើកុមារ និងវីរុស 1ប្រភេទទៀតដែលជាមូលហេតុរបស់រោគគ្រុនផ្ដាសាយដែរនោះគឺ កូរ៉ូណាវីរុស មាន10-15% ជាវីរុសកូរ៉ូណាដែលបានរកឃើញ និងមានមកយូរហើយ និងមានការរកឃើញមេរោគវីរុសមួយនេះឆ្លងមកមនុស្សរួចហើយ 6ប្រភេទ។

    វីរុសកូរ៉ូណាប្រភេទថ្មី2019 ឬ COVID-19 ធ្វើឱ្យមានអាការរលាកសួតធ្ងន់ធ្ងរ ជាមេរោគវីរុសដែលទើបរកឃើញ​ថ្មី ជាប្រភេទទី7 របស់មេរោគវីរុសកូរ៉ូណាដែលឆ្លងនៅលើមនុស្ស ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី3 មករា ឆ្នាំ2020 ថា ជាជំងឺរលាកសួតដែលឆ្លងរាលដាលនៅទីក្រុងវូហាន ប្រទេសចិន។

    អាការរបស់រោគគ្រុនផ្ដាសាយធម្មតា៖ មានក្ដៅខ្លួនតិចៗ ហៀរសម្បោរ ក្អក កណ្ដាស់ ឈឺ-ក។

    អាការរបស់វីរុស COVID-19 ៖ មានគ្រុនក្ដៅខ្លួន ហៀរសម្បោរ ឈឺក ក្អក មានស្លេស្ម៍ (ស្លេស្ម៍អាចមានឈាមជាប់មកជាមួយ) ដកដង្ហើមហត់ដង្ហក់ ពិបាកដកដង្ហើម ឈឺចុករួយតាមរាងកាយ អ្នកខ្លះអាចមានក្អួតចង្អោរ និងរាក៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ៊ីរ៉ង់កំពុងដុនដាបហើយ…មន្ត្រីលំដាប់ខ្ពស់នាំគ្នាឈឺដោយសារ COVID-19 បន្តបន្ទាប់គ្នា ឯស្ថិតិ 1ថ្ងៃស្លាប់ 11នាក់ ឆ្លងមេរោគ 835នាក់

    អ៊ីរ៉ង់កំពុងដុនដាបហើយ…មន្ត្រីលំដាប់ខ្ពស់នាំគ្នាឈឺដោយសារ COVID-19 បន្តបន្ទាប់គ្នា ឯស្ថិតិ 1ថ្ងៃស្លាប់ 11នាក់ ឆ្លងមេរោគ 835នាក់

    វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានប្រហារជីវិតបន្ថែមទៀត 77នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ អាជ្ញាធរបានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារ(ទី3មីនា) ខណៈដែលអគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានក្លាយជាមន្ត្រីលំដាប់ខ្ពស់ក្រោយគេបំផុតដែលឆ្លងមេរោគមរណៈមួយនេះ។ នេះបើតាមរបាយការណ៍ព័ត៌មានរបស់AFP។

    អ៊ីរ៉ង់កំពុងប្រវេប្រវាក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុស COVID-19 ដែលកំពុងឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ដោយបានកំណត់វិធានការផ្សេងៗជាច្រើន ទាំងបិទសាលារៀន និងមហាវិទ្យាល័យ រួមទាំងផ្អាករាល់កិច្ចការងារខាងផ្នែកវប្បធម៌ និងកីឡាសំខាន់ៗ ព្រមទាំងកែសម្រួលម៉ោងពេលធ្វើការទៀតផង។

    នៅថ្ងៃអង្គារ(ទី3មីនា) អ៊ីរ៉ង់បានថ្លែងអំពីការរកឃើញអ្នកស្លាប់បន្ថែមទៀត 11នាក់ និងរកឃើញអ្នកឆ្លងមេរោគថ្មីទៀត 835នាក់ ដែលអាចរាប់បានថា ជាថ្ងៃដែលកើនឡើងច្រើនបំផុត រាប់ចាប់ពីមេរោគចាប់ផ្ដើមឆ្លងរាលដាលចូលមកក្នុងប្រទេសមួយនេះកាលពីជិត 2សប្ដាហ៍មុន។

    “តាមរយៈព័ត៌មានចុងក្រោយបំផុត មានអ្នកជំងឺថ្មីកើនឡើង 835នាក់” លោក អាលីរេហ្សា រ៉ៃហ្ស៊ី រដ្ឋមន្ត្រីស្ដីទីក្រសួងសុខាភិបាលនៃប្រទេសអ៊ីរ៉ង់ថ្លែង “ជាគ្រោះដ៏សែនអាក្រក់ យើងមានអ្នកស្លាប់កើនឡើង 11នាក់ និងដោយចំនួននេះ ធ្វើឱ្យតួលេខអ្នកឆ្លងមេរោគរបស់យើងកើនឡើងដល់ 2,336នាក់ និងស្លាប់សរុប 77នាក់”។

    អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានបង្ហើបឱ្យដឹងថា លោក ភីហស់ហ្សេន ខូលីវ៉ាន់ អគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ ដែលជាមន្ត្រីលំដាប់ខ្ពស់ គឺជាអ្នកឆ្លងមេរោគ COVID-19 ថ្មីបំផុតនៅក្នុងប្រទេស។

    ការអះអាងនេះ បានកើតឡើង 1ថ្ងៃក្រោយពីទីភ្នាក់ងារព័ត៌មាន ថាស្នីម នីវស៍ បានរាយការណ៍ថា វីរុសបានប្រហារជីវិតលោក ម៉ូហាម៉ាដ មីម៉ូហាំម៉ាឌី សមាជិកសភាអ្នកសម្រេចកិច្ចការ ដែលជាទីប្រឹក្សារបស់មេដឹកនាំខ្ពស់បំផុតរបស់អ៊ីរ៉ង់។

    មូលហេតុនៃការស្លាប់នេះ មិនទាន់កើតមានឡើងទេ បន្ទាប់ពីលោក ម៉ាហ្ស៊ូមេ អេបតេការ អនុប្រធានាធិបតីផ្នែកកិច្ចការស្ត្រី និងគ្រួសារ និងលោក អ៊ិរ៉ាច ហារីឈី អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានរកឃើញថា ឆ្លងមេរោគ COVID-19។

    អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ថា វិធានការបិទសាលារៀនទូទាំងប្រទេសអ៊ីរ៉ង់ ដែលបានប្រកាសកាលពីថ្ងៃសៅរ៍(ទី29កុម្ភៈ) ដោយសារតែការឆ្លងរាលដាលរបស់វីរុស នឹងត្រូវពង្រីកពេលវេលាចេញទៅរហូតដល់ចុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់ក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតនៅក្រៅប្រទេសចិនដែលជាចំណុចចាប់ផ្ដើមនែការឆ្លងរាតត្បាត៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • ​32នាក់បាន​ស្លាប់​ និង ​5,328នាក់​បាន​ឆ្លង​រោគ​រាត​ត្បាត​ Covid-19 នៅ​កូរ៉េខាង​ត្បូង

    ​32នាក់បាន​ស្លាប់​ និង ​5,328នាក់​បាន​ឆ្លង​រោគ​រាត​ត្បាត​ Covid-19 នៅ​កូរ៉េខាង​ត្បូង

    កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា គិត​មក​ដល់​ថ្ងៃ​ទី​4មិនា​នេះ ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 នៅ​ក្នុង​ប្រទេស​នេះ បាន​ឡើង​ដល់​ 5,328នាក់​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មានកូរ៉េខាង​ត្បូង Yonhap ដក​ស្រង់​ទិន្ន​ន័យ​ពី​មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​កូរ៉េខាង​ត្បូង បាន​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ថា ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មីបន្ថែម​ 516នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​ កើន​ដល់​​5,328នាក់​។

    ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី គឺ​មាន​ 405នាក់​​ជា​ពល​រដ្ឋ​ក្នុង​តំបន់ Daegu និង​ 89នាក់​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត Geyongsang ខាង​ជើង ដែល​នៅ​ក្បែរ​តំបន់ Daegu។ ក្រៅ​ពី​តំបន់​ខាង​លើនេះ ក៏​មាន​ខេត្ត​ ក្រុង​ផ្សេង​ៗមួយ​ចំនួន​ទៀត បាន​រក​ឃើញ​​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​ផងដែរ​។

    កូរ៉េខាង​ត្បូង​ នាព្រឹក​នេះ​ ក៏​បាន​ប្រកាស​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​បន្ថែម​4នាក់​​ ក្នុង​នោះ​ភា​គ​ច្រើន​គឺជា​មនុស្ស​ចាស់ និង​អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​សុខ​ភាព​កន្លង​មក​។

    ប្រមាណជា​ 60% នៃ​អ្នក​ជំងឺ​ Covid-19 នៅ​កូរ៉េខាង​ត្បូង គឺ​មាន​ជាប់​ទាក់​ទិន​នឹង​សាខា​វិហារ​សាសនា​ Shincheonji នៅទីក្រុង​ Daegu ដែល​ជា​ទី​ក្រុង​ធំទី​4 នៅ​កូរ៉េខាង​ត្បូង​ ដោយ​មាន​ប្រជា​ជន​សរុប​ 2,5លាន​នាក់។

    ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​ ថ្ងៃ​នេះក៏​បាន​ស្នើ​ឱ្យ​ទម្លាក់​ថវិកា​ជាតិ​ចំនួន 11,7​ពាន់​លាន​វ៉ុន (ប្រមាណជា 9,82​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយ​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​កូរ៉ូណា និង​ជួយ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​អាសន្ន​រោគ​នេះទៅ​លើ​សេដ្ឋ​កិច្ច​ជាតិ។ សំណើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភា​កូរ៉េខាង​ត្បូង​អនុម័ត​នៅ​ថ្ងៃទី​5មីនា​ខាង​មុខ​។

    រោគ​រាត​ត្បាត Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​កូរ៉េខាង​ត្បូង ចាប់​ពី​ចុង​ខែ​មករា នៅ​ពេល​ដែល​​បាន​រក​ឃើញអ្នក​ជំងឺ​ដំបូង​ដែល​ជា​ស្ត្រី​ម្នាក់​មក​ពី​តំបន់​ Wuhan កាល​ពី​ថ្ងៃទី​ 20មករា​។ Covid-19 បាន​​ឆ្លង​រាល​ដាល​ខ្លាំង​ក្នុង​អំឡុង​2សប្ដាហ៍​កន្លង​ទៅ​នេះ​ បណ្ដាល​ឱ្យ​កូរ៉េខាង​ត្បូង ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

    ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

    យោង​តាម​ស្ថិតិ​របស់​អង្គ​ការ​សុខភាព​ពិភពលោក (WHO) ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​លើស​ពី​ 10,000នាក់​ទៅ​ហើយ គិត​ត្រឹម​ថ្ងៃទី​3មីនា​។

    របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី​3មីនា ​មានអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 យ៉ាង​ហោច​ណាស់ 10.566 នាក់​ នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​72 នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ ក្នុង​នោះ​​យ៉ាង​តិច​ 1,792​នាក់គឺជា​អ្នក​ជំងឺ​​ថ្មី​ ដែល​បាន​ឆ្លង​ត្រឹម​​រយៈ​ពេល​24ម៉ោង​ចុងក្រោយ​នេះ​។

    នៅ​ក្នុង​​អំឡុង​ពេល​ WHO ស្រង់​ស្ថិតិ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​​ដល់​​166​ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​ 37ករណី​ក្នុង​រយៈ​ពេល​ត្រឹម​តែ​24ម៉ោង​ចុង​ក្រោយ​នេះ​។

    របាយ​ការណ៍​របស់​ WHO បាន​ឱ្យ​ដឹង​ថា “8ប្រទេស​ថ្មីទៀត ដូច​ជា អង់ដូរ៉ា ហ្ស៊កដានី ឡាតវី ម៉ារ៉ុក ព័រទុយ​ហ្កាល់ អារ៉ាប់ប៊ីសាអ៊ូឌីត សេណេហ្គាល់ និង​ ទុយនីស៊ី បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​ថ្មី​​ក្នុង​អំឡុង​24ម៉ោង​កន្លង​ទៅ​នេះ​ផងដែរ”។

    គិត​មក​ដល់​បច្ចុប្បន្ន​ នៅ​ប្រទេស​ចិន(ចិនដីគោក) ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា បាន​កើន​ឡើង​ដល់​ជាង 80,304​នាក់​ ខណៈ​ចំនួន​អ្នក​ស្លាប់​គឺ​​ 2,946​នាក់​។ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ​នៅ​ទូទាំង​ពិភព​លោក បាន​កើន​ដល់ជាង 92,861នាក់ គិត​មក​ដល់​ពេលនេះ​​។

    ក្រៅ​ពី​ប្រទេស​ចិន ប្រទេស​ចំនួន​3ផ្សេង​ទៀត​ រួម​មាន​កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ ក៏បាន​ក្លាយ​ជាសម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

    ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

    លោក Mei Zhongming អាយុ​57ឆ្នាំ ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែលជា​ថ្នាក់​លើ​របស់​​សពលោក​វេជ្ជបណ្ឌិត​ Li Wenliang (ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​មុន) ក៏​បាន​បាត់​បង់​ជីវិត​ដោយ​សារមេរោគ​ដ៏កាច​សាហាវ​នេះ​ដែរ​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​3មិនា​នេះ​។

    វេជ្ជបណ្ឌិត Mei Zhongming អនុប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​មជ្ឈិម​ក្រុង​អ៊ូហាន (Wuhan Central Hospital) គឺ​ជាថ្នាក់លើ​របស់​សព​លោក​វេជ្ជបណ្ឌិត​ Li Wenliang ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​កុម្ភៈ។ វេជ្ជបណ្ឌិត Mei បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​ នៅ​ពេល​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​នេះ​ ហើយ​លោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Jinyintan Hospital ជាកន្លែង​ដែល​លោក​បាន​សម្រាក​ព្យា​បាល​ជំងឺ​។

    លោក​វេជ្ជបណ្ឌិត​ទាំង​2អ្នក​ខាងលើ​នេះ គឺជា​មនុស្ស​ដែល​ធ្លាប់​បញ្ចេញ​ព័ត៌មាន​ដំបូង​ទាក់ទិន​នឹង​មេរោគ​កូរ៉ូណា​។ ប៉ុន្តែ ពេល​នោះ​គ្មាន​អ្នក​ណា​ជឿ​រឿង​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វេជ្ជបណ្ឌិត​ Li Wenliang ដែល​ជា​ថ្នាក់​ក្រោម​របស់​វេជ្ជបណ្ឌិត​ Men Zhongming ថែម​ទាំង​ត្រូវ​នគរ​បាល​ហៅ​ទៅ​សួរ​នាំ​ និង​បង្ខំ​ឱ្យចុះ​ហត្ថលេខា​លើកំណត់​ហេតុ​មួយ​ទៀត​ផង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​អាមេរិកាំងសម្រុក​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ ត្រៀម​ទុក​ប្រើប្រាស់​​រយៈ​ពេល​យូរ

    ពលរដ្ឋ​អាមេរិកាំងសម្រុក​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ ត្រៀម​ទុក​ប្រើប្រាស់​​រយៈ​ពេល​យូរ

    បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាស​អំពីហានិភ័យ​នៃ​អាសន្ន​រោគ​កូរ៉ូណា​ដែល​អាច​រាត​ត្បាត​ពាស​ពេញផ្ទៃ​​ប្រទេស​ ពលរដ្ឋ​អាមេរិកាំង​ ក៏​ចាប់​ផ្ដើម​សម្រុក​ទៅ​ផ្សារ​ទំនើប ដណ្ដើម​គ្នា​ទិញទំនិញ​ចាំបាច់​​អស់ៗពី​ផ្សារ​។

    ព័ត៌មាន​ស្ដីអំពី​ចំនួន​អ្នក​ឆ្លងមេរោគ Covid-19 កើន​ឡើង​ច្រើន​ជាង​ 100ករណី និង​អ្នក​ស្លាប់​ចំនួន​6ករណី នៅ​ក្នុង​រដ្ឋ​ Washington​ បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក នាំ​គ្នាសម្រុក​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​​ យក​មក​ទុក​ប្រើ​ប្រាស់​រយៈ​ពេល​វែង​។

    លោក Duane Tanouye ដែល​មាន​វត្តមាន​នៅ​ក្នុង​ផ្សារ​ Costco បាន​ឱ្យ​ដឹង​ថា មនុស្ស​ជាង​200នាក់​បាន​មក​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ផ្សារ​ រង់ចាំ​ទិញ​ទំនិញ។ នៅ​ទី​នេះ អតិថិជន​ មិន​អាច​ទិញ​ទំនិញ​ឱ្យ​លើស​ពី​ការ​កំណត់​របស់​ផ្សារ​ទំនើប​នេះ​នោះ​ទេ​។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នៅ​តែ​ប្រឹង​រើស​យក​ទំនិញ​ទៅ​តាម​ការ​ចង់​បាន​របស់​ពួកគេ​។

    នៅ​រដ្ឋ​ New York ប្រជា​ជន​ក៏​មាន​ការ​ភ័យព្រួយ ​ខ្លាច​ខ្វះ​អាហារ​ និង​របស់​ប្រើ​ប្រាស់​ចាំបាច់ប្រចាំ​ថ្ងៃ បន្ទាប់​ពី​ស្រ្តី​ម្នាក់​នៅ​ក្នុង​ខណ្ឌ Manhanttan មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ក្រោយ​ពី​បាន​​ត្រឡប់​មក​ពី​ប្រទេស​អ៊ីរ៉ង់​។ ពល​រដ្ឋ​នៅ​តំបន់​នេះ ក៏​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ទំនិញ​​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បុគ្គលិក​ម្នាក់​របស់​ផ្សារទំនើប Whole Foods Market បាន​ឱ្យ​ដឹង​ថា ផ្សារ​ទំនើប​នេះ កំពុង​តែ​ខ្វះ​ទំនិញ​ជា​ច្រើន​មុខ​ ក្នុង​នោះ​ក៏មាន​ទឹក​សុទ្ធ​ និង​អាហារ​ក្រៀម​ជា​ដើម។ ចំណែក​ទំនិញ​ដែល​លក់​ដាច់់​បំផុត​ មាន​ដូច​ជា​ទឹក​ថ្នាំ​លាងដៃ ថ្នាំបញ្ចុះ​កម្ដៅ ទឹក​សុទ្ធ អង្ករ និង​របស់​របរ​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ទៀត​ ដូច​ជា​ក្រដាស​អនាម័យ កន្សែង​ត្រជាក់ និង​ក្រដាស​ជូត​មុខ​។ល។

    ក្រៅ​ពី​បណ្ដា​ផ្សារ​ទំនើប​នានា​ខាង​លើនេះ គេ​ក៏ឃើញ​មាន​ផ្សារ​ទំនើប​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​។

    Nancy Messonnier ដែល​ជា​មន្ត្រី​ម្នាក់​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​នៅ​អាមេរិក កាល​ពី​ថ្ងៃទី​25កុម្ភៈ បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​របស់​រោគ​រាត​ត្បាត​ Covid-19 គឺ​ពិត​ជា​ធំធេង ហើយ​ការ​ដែល​មេរោគ​នេះ​ឆ្លង​រាល​ដាល​ទ្រង់ទ្រាយ​ធំនៅ​អាមេរិក គឺ​ជា “រឿង​ដែល​មិន​អាច​គេច​ផុត”។ ក្រុម​មន្ត្រី​បាន​ណែ​នាំ​ឱ្យ​ពល​រដ្ឋ​ចាប់​ផ្ដើម​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​រោគ​រាត​ត្បាត​នេះ​។

    កាកបាទ​ក្រហម​សហ​រដ្ឋ​អាមេរិក កាល​ពី​សប្ដាហ៍​មុន បាន​ណែនាំ​ឱ្យ​ប្រជា​ជន​ត្រៀម​​អាហារ​ក្រៀម និង​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​អាច​ប្រើ​ប្រាស់​បាន​30ថ្ងៃ​ ដើម្បី​ត្រៀម​សម្រាប់​គ្រា​ដែល​អាសន្ន​រោគ​នេះ​ឆ្លង​រាល​ដាល​ខ្លាំង​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស