Tag: ជើង

  • ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

    ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

    9 ខែពេញដែលស្ត្រីមានគភ៌ និងកូនតូចក្នុងផ្ទៃជាផ្នែកមួយនៃគ្នាទៅវិញទៅមក អីឡូវយើងនាំគ្នាមកមើលពីការចម្រើនធំធាត់ និងការវិវឌ្ឍដ៏អស្ចារ្យរបស់ទារកនៅក្នុងគភ៌ដូចតទៅ៖

    .មានគភ៌ខែទី1: ចាប់ផ្តើមកកំណើត

    ខែដំបូងនៅក្នុងគភ៌ម្តាយ កូនគ្រាន់តែជាតួកំណើតតូចមួយ មើលទៅដូចជាកូនបង្គាតូចមួយច្រើនជាងរូបទារកពេញរូបរាង។ មានប្រវែង​ត្រឹមតែ 4មីល្លីម៉ែត្រ មានតែក្បាល ចំណែកដងខ្លួនមានលក្ខណ:ស្រដៀងកូនក្អុក ដែលក្រោយមកនឹងក្លាយទៅជាឆ្អឹងកងខ្នង តែក្នុងអំឡុង​ពេលនេះ កូនចាប់ផ្តើមកកើតអវយវ:សំខាន់ៗហើយ រួមទាំងបេះដូងផង…ជាសញ្ញាបញ្ជាក់ពីការចាប់កំណើតនៃជីវិតមួយនៅលើផែនដីនេះហើយ។

    .គភ៌ខែទី2: ទារកនៅក្នុងគភ៌ចាប់ផ្តើមកម្រើក

    កូននឹងធំធាត់ជាងពីខែដំបូង ឆ្អឹងមុខនីមួយៗចាប់ផ្តើមលេចចេញជារូបរាង។ ចំណុចខ្មៅៗដែលមើលឃើញនៅចំកណ្តាល គឺប្រ​ស្រីភ្នែក​របស់កូន ចំណែកឯផ្ទៃមុខចាប់ផ្តើមមើលឃើញជារាងរៅរបស់ច្រមុះ បបូរមាត់ និងត្រចៀក។ កូនចាប់ផ្តើមមានអវយវ:សំខាន់ៗគ្រប់អស់ហើយ ដៃជើងក៏ចាប់ផ្តើមដុះ ហើយដោយសារទំហំដែលនៅតូចល្អិត ទើបធ្វើឱ្យអ្នកម្តាយអាចនៅមិនទាន់មានអារម្មណ៍ដឹងថា កូនរើ ឬកម្រើកនៅឡើយ តែការពិតវិញ កូនកម្រើកខ្លួនបានហើយ និងបេះដូងរបស់កូនចាប់ផ្តើមលោតទៀតផង។

    .គភ៌ខែទី3: ពីតួកំណើត ក្លាយជាទារកនៅក្នុងគភ៌

    ពីតួកំណើតដ៏តូចល្អិត កូនក្លាយមកជាទារកនៅក្នុងគភ៌ដែលកាន់តែដូចមនុស្សខ្លាំងឡើង។ មានអវយវ:គ្រប់ 32មុខហើយ តែនៅមិនទាន់ពេញរូបរាងនៅឡើយ និងចាប់ផ្តើមតបស្នងនឹងអ្វីដែលជំរុញពីខាងក្រៅបានហើយ ដូចជាបើមានអ្វីមកប៉ះពោះម្តាយ ទារកនឹងងាកខ្លួនគេច ជាដើម។ ផ្ទៃមុខចាប់ផ្តើមមើលឃើញកាន់តែច្បាស់ឡើង រហូតអាចមើលឃើញថា មានចង្កា ថ្ងាស់លាតធំឡើង ក្បាល និង​​​កបញ្ឈរឡើងត្រង់ ច្រមុះចាប់ផ្តើមមានក្តោងរហូតមើលឃើញបានយ៉ាងច្បាស់ ត្របកភ្នែកមានរូបរាងច្បាស់លាស់ ហើយកូនថែមទាំងចាប់ផ្តើមចេះជញ្ជក់មាត់ និងពេលខ្លះបូញមាត់បានទៀតផង។

    .គភ៌ខែទី4: មុខមាត់ដូចអ្នកណាគេហ្ន៎?

    ទារកនឹងរីកធំធាត់លម្អិតតាមផ្នែកផ្សេងៗរបស់រាងកាយរហូតស្រដៀងឪពុកម្តាយ និងថែមទាំងចេះសម្តែងទឹកមុខបានទៀតផង។ កូនចាប់​ផ្តើមដុះចិញ្ចើម និងរោមភ្នែក សរសៃសក់ក៏ចាប់ផ្តើមដុះច្រើនដែរ និងមានពណ៌។ ប្រព័ន្ធប្រសាទក៏វិវឌ្ឍច្រើនឡើងដែរ។ កូនតូចចាប់ផ្តើមស្តាប់​​ឮ​​​សំឡេងខាងក្នុងពោះម្តាយ ទាំងសំឡេងបេះដូងរបស់ម្តាយ និងសម្លេងគ្រូកគ្រាក់ ឬក្រចៗនៃប្រព័ន្ធរំលាយអាហាររបស់ម្តាយ ជាដើម ខណ:ពេលជាមួយគ្នា ភ្នែកក៏ចាប់ផ្តើមដឹងពីពន្លឺដែរ។ អវយវ:ខាងក្រៅនឹងបញ្ជាក់ពីភេទបានកាន់តែច្បាស់ឡើង ធ្វើឱ្យដឹងច្បាស់ហើយថា ពេលនេះកូនជាកូនប្រុស ឬកូនស្រី។

    .គភ៌ខែទី5: កូនចាប់ផ្តើមស្តាប់ឮសំឡេង

    កូនចេះប៉ះម្តាយហើយ ព្រោះប្រព័ន្ធប្រសាទវិវឌ្ឍឡើងយ៉ាងល្អ រហូតអាចគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ រហ័សនឹងការប៉ះពាល់ និងរំកឹលខ្លួនគេចកាន់តែច្រើនឡើងពេលមានអ្វីមកប៉ះពោះម្តាយ។ ធ្មេញទឹកដោះចាប់ផ្តើមកខ្លួនឡើងនៅក្នុងអញ្ចាញ   និងតាមដងខ្លួនមានដុះរោមខ្ចីៗ(រោមត្រឡាច)។ បើចង់អ្នកម្តាយចង់និយាយជាមួយកូន ឬច្រៀងឱ្យកូនស្តាប់នោះ អំឡុងពេលនេះ គឺស័ក្តិសមល្អជាទី​​បំផុត ព្រោះកូនចាប់ផ្តើមបានឮសំឡេងពីខាងក្រៅ និងអាចតបស្នងបានហើយ។

    .គភ៌ខែទី6: រូបភាពដំបូងនៅក្នុងពោះម្តាយ

    រូបរាងមុខមាត់របស់កូនពេលនេះរាងដូចជាពេញបរិបូរណ៍ប្រហាក់ប្រហែលនឹងពេលជិតកើតហើយ ឯខួរក្បាលក៏វិវឌ្ឍឡើងរហូតចាប់ផ្តើមចេះចងចាំ និងរៀនយល់ដឹងអ្វីផ្សេងៗបានហើយ ព្រោះកោសិកាខួរក្បាលផ្នែកដែលមាននាទីក្នុងការដឹង ចាប់ផ្តើមធ្វើការហើយ។ ការរើរបស់កូនក្នុងអំឡុងពេលនេះក៏កើតឡើងយ៉ាងមានចេតនាច្រើនឡើងដែរ ដូចជានៅពេលមានអារម្មណ៍ខឹង ឬមានតម្រូវការអ្វីមួយជាដើម។ ប្រព័ន្ធប្រសាទខាងការឮក៏វិវឌ្ឍឡើងច្រើន រហូតចាំសំឡេងរបស់ឪពុកម្តាយបានដែរ។

    .គភ៌ខែទី7: ទារកចាប់ផ្តើមចេះបញ្ចេញអារម្មណ៍

    កូននៅក្នុងផ្ទៃចាប់ផ្តើមបង្ហាញពីតម្រូវការ និងអារម្មណ៍ឆ្លើយតបនឹងម្តាយបានហើយ ដូចជាបើម្តាយញ៉ាំបាយខុសពេលវេលា ឬឮសូរសំឡេងខ្លាំងៗជុំវិញខ្លួនច្រើនពេកនោះ គេនឹងធាក់ពោះម្ដាយ ហើយរើខ្លាំងដើម្បីតវ៉ាម្តាយ។ កូនចាប់ផ្តើមចេះប្រិចភ្នែក និងមើលឃើញហើយ តែបានត្រឹមតែចម្ងាយ 20 – 25សង់ទីម៉ែត្រប៉ុណ្ណោះ(ស្មើនឹងពេលកើតមកភ្លាមៗដែរ)។ អំឡុងពេលនេះ កូនចាប់ផ្តើមចេះនោម​ហើយ ដោយនោមនៅក្នុងទឹកភ្លោះក្នុងពោះម្ដាយហ្នឹងឯង។

    .គភ៌ខែទី8: ទារកចាប់ផ្តើមត្រឡប់ខ្លួន

    មិនយូរប៉ុន្មានទៀតទេ កូននឹងបើកភ្នែកមើលពិភពលោកហើយ ក្នុងអំឡុងពេលនេះរូបរាងរបស់កូនមានទំហំប៉ុននឹងទារកដែលគ្រប់​កំណត់កើតហើយ តែនៅត្រូវការពេលវេលាដើម្បីវិវឌ្ឍថែមបន្តិចទៀត។ រយ:ពេលនេះកូននឹងរំកឹលខ្លួន សណ្តូកដៃ និងជើងទៅប៉ះនឹងសាច់ស្បែកពោះរបស់អ្នកម្តាយ ធ្វើឱ្យមើលឃើញស្នាមទល់ឡើងយ៉ាងច្បាស់។ ស្បែកកូនចាប់ផ្តើមឡើងពណ៌ផ្កាឈូក សក់ក្បាលចាប់​ផ្តើមដុះក្រាស់ឡើង ប្រិចភ្នែកកាន់តែញាប់ឡើង និងដល់ពេលត្រឡប់ក្បាលចុះទៅរកមាត់ស្បូនហើយ។

    .គភ៌ខែទី9: ទារកត្រៀមខ្លួនចេញមកពិភពខាងក្រៅ

    កូនមានរូបរាងកាយពេញបរិបូរណ៍ហើយ អវយវ:ផ្សេងៗត្រៀមខ្លួននឹងធ្វើការក្រោយពេលប្រសូតរួចជាស្រេច។ កូននឹងជម្រុះរោមខ្ចីៗនៅតាមរាងកាយចេញស្ទើរតែអស់ នៅសល់តែម្តុំស្មា ដៃ ជើង និងស្នាមផ្នត់តាមដងខ្លួនប៉ុណ្ណោះ។ ខែចុងក្រោយនៅក្នុងពិភពដ៏តូចមួយនេះ កូនមានមាឌធាត់មូលក្នុងឥរិយាបថចំកោងខ្លួននៅក្នុងស្បូន ក្បាលត្រឡប់ចុះក្រោមតម្រង់មកមាត់ស្បូន ដើម្បីត្រៀមខ្លួនចេញមកពិភពខាងក្រៅហើយ៕

  • តើស្ត្រីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    តើស្ត្រីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    ចង់ក្លាយជាស្ត្រីមើលទៅស្អាត មានមន្តស្នេហ៍តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលត្រូវពាក់ដើររាល់ថ្ងៃឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនឡើងជារឿយៗ រហូតគួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់ស្ត្រីមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយស្រួលជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ណាស់។

    ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ

    • ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែង ដើម្បីការពារបានទាំងការជំពប់ជើងដួល និងការឈឺខ្នង​ ចង្កេះផងដែរ។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើងរបស់ខ្លួន ដែលអាចទទួលទ្រទម្ងន់ខ្លួន និងទប់ទល់នឹងការប៉ះទង្គិចបាន​​យ៉ាងល្អ។
    • កុំជ្រើសរើសយកស្បែកជើងតាមលេខដែលធ្លាប់ពាក់កាលពីមិនទាន់មានគភ៌ដោយមិនបានលឱ្យសោះ ព្រោះទំហំជើងអាចនឹងប្រែប្រួល។ នៅពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។
    • ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ។ ជ្រើសរើសយកពណ៌ដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញបែបផ្លូវការ។
    • បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។
    • ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់ពេលទៅធ្វើការ ដូចជា ស្បែក​ជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ ឬពេលដោះ។

    ការជ្រើសរើសស្បែកជើងពាក់ធ្វើការនៅផ្ទះ

    • ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំ ដូច្នេះគួរជ្រើសរើសស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ទន់ៗជាដើម។
    • ជ្រើសរើសម៉ូដដែលសមគ្នានឹងរូបរាងបាតជើងរបស់ខ្លួនបំផុត កន្លែងធំបំផុតរបស់ស្បែកជើង និងបាតជើងគួរតែឱ្យមាន​ទំហំប៉ុនគ្នា។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលមានបាតតោងស្អិតនឹងកម្រាលឥដ្ឋ មិនងាយរអិល បាតខាងក្នុងទន់ ទទួលរងនឹងការប៉ះបុកបានល្អ ដើម្បីកាត់បន្ថយការឈឺជង្គង់ និងកជើង។
    • ជាធម្មតា បាតជើងទាំង 2ខាងច្រើនតែមានទំហំខុសគ្នា ដូច្នេះគួរវាស់បាតជើងទាំងសងខាងជាមុនសិនមុននឹងទិញ ដោយ​រើស​យកតាមខ្នាតបាតជើងដែលធំ។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលយឺតយារ ពង្រីកខ្លួនតាមរូបរាងបាតជើងបានល្អ កុំទិញស្បែកជើងដែលរឹប​ណែនហួស ព្រោះតែគិតថា ពាក់យូរទៅវាគង់តែយារនោះឡើយ។
    • ​​​​ត្រូវតមពាក់ស្បែកជើងកែងចោទមួយរយៈ ព្រោះអាចប្រថុយនឹងការជំពប់ជើងដួល និងធ្វើឱ្យឈឺខ្នងទៀតផង។
    • បើចង់ឱ្យល្អ គួរជ្រើសរើសពាក់ស្បែកជើងសុខភាព ដែលផលិតឡើងដើម្បីទ្រទម្ងន់របស់ជើង និងបាតជើងរបស់ស្ត្រីមានគភ៌ជាពិសេស។
    • ពេលវេលាដ៏សមស្របដែលស្ត្រីមានគភ៌គួរទិញស្បែកជើង គឺពេលថ្ងៃរសៀល ព្រោះពេលនេះជើងនឹងហើម និងរីកធំជាងពេលធម្មតា៕
  • កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

    កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

    កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែល​​​​​​​​យើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាច​រត់​​​បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវ​ធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពា​លេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ”   ដូច្នេះដើម្បីជួយ​ឱ្យ​​កូន​​តូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទី​យ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។

    “កាល់ស្យូម” គឺជា​សារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិ​សេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការ​បញ្ចេញរបស់អ័រម៉ូន ។

    តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម?

    កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង​-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ ដើរ នឹងដំណើរទៅមុខយ៉ាងយឺត។ ក្រៅពីនេះ គ្រោងសាងឆ្អឹងដែលទន់ខ្សោយ នឹងបង្កឱ្យកើតភាពខុសប្រក្រតីរបស់រាងកាយបាន ដូច​​​​​​ជា ក្លាយជាកុមារជើងកោង-ង និងខ្លួនទាបតឿខុសប្រក្រតីជាដើម។

    កាល់ស្យូមនៅឯណា…តើរកញ៉ាំបានពីអាហារអ្វី?

    • ទឹកដោះ និងផលិតផលដែលធ្វើអំពីទឹកដោះ ដូចជា ឈីស ប៊័ររឹង ប៊័រស្រស់ យ៉ាអួ អៃស្រ្គីម-ល- ព្រោះទឹក​ដោះ​​ស្រស់ គឺជាប្រភពអាហារដ៏កំពូលដែលមានជាតិកាល់ស្យូមច្រើនបំផុត ទើបចាំបាច់ខ្លាំងណាស់ដែលកុមារត្រូវតែញ៉ាំទឹកដោះគោស្រស់ឱ្យបានយ៉ាងហោចណាស់ 1ថ្ងៃ 2កែវ។
    • គ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែកស្ងួត និងផលិតផលដែលធ្វើពីគ្រាប់សណ្តែក ដូចជាតៅហ៊ូ ទឹកសណ្តែកលឿង សៀង គ្រាប់ល្ងស-ខ្មៅ គ្រាប់សណ្តែកក្រហម-ខៀវ គ្រាប់អាល់ម៉ុន គ្រាប់ឈូក និងគ្រាប់ផ្កាឈូករត្នជាដើម។
    • សាច់សត្វដែលញ៉ាំទាំងមូល ឬទាំងឆ្អឹង ដូចជា ត្រីតូចៗ កម្ពឹស បង្គា បង្គាក្រៀម ត្រីខកំប៉ុង។ល។
    • បន្លែស្លឹកបៃតង ដូចជាខាត់ណា ស្ពៃចង្កឹះ ប្រូខូលី ស្លឹកបាស ផ្លែពពាយ សណ្តែកហោឡាន់តាវ ត្រប់ពុតលំ​ញង។ល។

    នៅពេលបានដឹងបែបនេះហើយ សមាជិកនៅក្នុងគ្រួសារទាំងអស់សូមកុំភ្លេចបន្ថែមជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយឱ្យបានជាប់ជានិច្ច ព្រោះមិនថាស្ថិតក្នុងវ័យណាក៏ដោយ ក៏កាល់ស្យូមនៅតែជាសារជាតិរ៉ែ​ដ៏សំ​ខាន់មួយ​​ដែលទាំងកុមារ និងមនុស្សចាស់នៅតែចាំបាច់ត្រូវតែទទួលបានជារៀងរាល់ថ្ងៃ៕

  • អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    ស្រ្តីដែលកំពុងមានគភ៌ តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះឡា រ៉ែនមានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។

    អាការហើម ឬមានអារម្មណ៍ថា ខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិដែលមាន​ចំពោះ​បរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលស្ត្រីមានគភ៌ត្រូវទទួលបន្ទុកនេះទៅគ្រប់ទីកន្លែង។ ស្ត្រីមានគភ៌ភាគច្រើននឹងមាន​អារម្មណ៍ថា ហើមនៅម្តុំុំកជើង និងប្រអប់ជើងបើសិនជាត្រូវឈរក្នុងរយៈពេលយូរ ស្ត្រីខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។

    អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ​ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ​ច្រើនតែកើត​ចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុង 1ថ្ងៃៗរបស់ស្ត្រីមានគភ៌ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាង​កាយនេះអាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនឯង និងកូនក្នុងគភ៌ឡើយ តែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការ និងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាស្ត្រីមានគភ៌មានអារម្មណ៍ព្រួយបារម្ភ។

    វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌

    • ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះទៅវិញបាន។ គេជឿថា មើមខ្ទឹម​ស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោមមានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើ​ឱ្យស្ត្រីមានគភ៌ខ្វះជាតិទឹកបាន។
    • ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។
    • ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុង 1ថ្ងៃយ៉ាងតិចពី 6 – 8កែវ ឬព្យាយាមទទួលទានបន្លែ ឬផ្លែឈើណាដែលមានជាតិទឹកច្រើន ព្រោះបើស្ត្រីមានគភ៌ញ៉ាំទឹកមិនបានគ្រប់គ្រាន់នឹងតម្រូវការទេនោះ រាងកាយអាចនឹងខំប្រឹងស្ទាក់ទឹកទុកនៅក្នុង​រាងកាយកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យខ្លួនប្រាណកាន់តែហើមខ្លាំងឡើងហ្នឹងឯង។
    • រកពេលវេលាសម្រាកឱ្យបានច្រើននៅពេលថ្ងៃ ពេលណាក៏ដោយឱ្យតែមានឱកាស ដោយកល់ជើងដាក់ឱ្យខ្ពស់ជាងចង្កេះ។
    • ចៀសវាងពីការឈរក្នុងរយៈពេលយូរ។
    • ការធ្វើម៉ាស្សាបែបបន្ធូរអារម្មណ៍ ក៏អាចកាត់បន្ថយអាការហើមបានដែរ។
    • គួរគេងផ្អៀងខាងឆ្វេងដើម្បីចៀសពីការទម្លាក់ទម្ងន់ខ្លួនទៅសង្កត់សរសៃឈាមខ្មៅធំដែលមានឈ្មោះថា វេណាខាវ៉ា(Ve​na​​cava)​៕
  • “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    ចំពោះកូនក្មេង ច្រើនតែមានបញ្ហារឿងហូរឈាមចេញតាមច្រមុះជាញឹកញាប់ ក្មេងខ្លះកើតអាការនេះធ្ងន់ធ្ងរ តែក្មេងខ្លះក៏មិនជាធ្ងន់ធ្ងរអ្វីដែរ តែអាការបែបនេះមួយចំនួនគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ឬបើក្មេងខ្លះដែលមានអាការនេះដែរ តែមិនសូវជាធ្ងន់ធ្ងរ អាចធ្វើបឋមព្យាបាលរយៈដំបូងឱ្យសិនក៏បាន តែបើធ្វើបឋមព្យាបាលមិនត្រូវវិធី ក៏អាចនឹងធ្វើឱ្យក្មេងរឹតតែមានអាការធ្ងន់ធ្ងរឡើងបានដែរ…ដូច្នេះ ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុ និងការធ្វើបឋមព្យាបាលដែលត្រឹមត្រូវវិញប្រសើរជាង។

    តើការហូរឈាមច្រមុះបណ្ដាលមកពីអ្វី? អ្នកម្ដាយទាំងឡាយត្រូវតែដឹង…

    • បើដាច់សរសៃឈាមច្រមុះផ្នែកខាងមុខ ឈាមនឹងហូរចេញមកពីរន្ធច្រមុះ។
    • បើដាច់សរសៃឈាមផ្នែកខាងក្រោយ(ឬខាងក្នុង) នឹងធ្វើឱ្យឈាមហូរចូលទៅក្នុងបំពង់ក អ្នកកើតអាការនេះនឹងមានអារម្មណ៍ថាល្វីងខាប់ក្នុងបំពង់ក ឬបើលេបចូលក្នុងពោះ អាចមានអាការក្អួតមានឈាមចេញមកជាមួយ។

    មូលហេតុអាចបណ្ដាលមកពី ៈ

    • . ខ្វេះ កេះ ឬអេះក្នុងច្រមុះ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៅលើក្មេង។
    • កណ្ដាស់ញឹកញាប់ ឬញើសសំបោរខ្លាំងហួសហេតុពេក។
    • ច្រមុះទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង។
    • ធាតុអាកាសត្រជាក់ខ្លាំង និងស្ងួត ធ្វើឱ្យបែកសរសៃឈាម។
    • ការប្រើថ្នាំប្រភេទខ្លះ ធ្វើឱ្យងាយចេញឈាម ដូចជាថ្នាំ អាស្ពីរីន និងថ្នាំបំបាត់ការរលាកក្លាយ។ល។
    • មានវត្ថុប្លែកចម្លែកនៅក្នុងច្រមុះ។ គ្រូពេទ្យធ្លាប់ជួបប្រទះករណី ក្មេងមួយចំនួនញាត់ស្ករគ្រាប់ចូលក្នុងរន្ធច្រមុះដោយឪពុកម្ដាយមិនបានដឹង តែនាំមកជួបគ្រូពេទ្យដោយមានឈាមហូរចេញមកតាមរន្ធច្រមុះម្ខាងនោះ។ ពេលឆ្លុះមើលទៅ ទើបឃើញមានដុំស្ករគ្រាប់ជាប់នៅខាងក្នុងរយៈពេលយូររហូតរលាករន្ធច្រមុះ ធ្វើឱ្យមានឈាមហូរចេញមក។
    • ឈាមបង្កកខ្លួនខុសប្រក្រតី ដូចជាក្នុងជំងឺបណ្ដាលមកពីឈាមប្រភេទខ្លះ ក្មេងច្រើនតែមានឈាមហូរចេញមកខុសប្រក្រតីនៅកន្លែងផ្សេងទៀតលើរាងកាយផងដែរ ដូចជាមានស្នាមជាំខ្មៅតាមរាងកាយ ក្អួតមានឈាមមកជាមួយ បន្ទោបង់មកមានឈាម ឈាមចេញនៅតាមសន្លាក់ និងតាមសាច់ដុំ។ល។
    • ការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ។
    • ដុះសាច់នៅក្នុងប្រហោងច្រមុះ។

    ហូរឈាមច្រមុះបែបណា ទើបត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    1. ហូរឈាមចេញមកយូរជាង 15នាទី។
    2. ហូរឈាមចេញមកច្រើនជាង 1ដងក្នុង 1សប្ដាហ៍។
    3. មានអាការងងឹតមុខ វិលមុខ មុខឡើងស្លាំង ត្រជាក់ចុងដៃ ចុងជើង។
    4. មានអាការចេញឈាមខុសប្រក្រតីផ្សេងទៀតរួមជាមួយ ដូចជាក្អួតចេញឈាម ជុះចេញឈាម មានចេញឈាមតាមសន្លាក់ ឬសាច់ដុំ។
    5. ក្ដៅខ្លួនខ្លាំង។

    បើគ្មានសញ្ញាគ្រោះថ្នាក់ណាមួយទេ អាចធ្វើការបឋមព្យាបាលរយៈដំបូងបានដូចតទៅ ៈ

    ហូរឈាមច្រមុះ តើត្រូវឃាត់ឈាមយ៉ាងណា?

    • អង្គុយស្ងៀមនៅមួួយកន្លែង បង្អោនខ្លួនមកខាងមុខបន្តិច យកម្រាមមេដៃ និងម្រាមចង្អុលដៃច្របាច់ខ្ទប់រន្ធច្រមុះ ហើយដកដង្ហើមតាមមាត់ប្រមាណ 10នាទី។ លុះកន្លងផុតទៅ​10នាទីហើយ ចូរឈប់ច្របាច់ច្រមុះ តែបើសិនជាឈាមនៅតែមិនព្រមឈប់ហូរ ចូរធ្វើតាមដំណាក់កាលដំបូងម្ដងទៀត។
    • បើមានឈាមហូរចូលទៅក្នុងមាត់ ឬបំពង់ក ចូរខ្ជាក់ឈាមនោះចេញ កុំលេបចូលទៅក្នុងពោះ រួមទាំងមិនត្រូវគេងរាបនឹងដី និងមិនងើយមុខឡើងខណៈដែលហូរឈាមច្រមុះឡើយ ព្រោះឈាមអាចនឹងហូរចូលទៅបិទបំពង់ខ្យល់(បំពង់ដង្ហើម) ឬបើលេបចូលទៅ នឹងធ្វើឱ្យក្អួតចេញឈាមនោះមកវិញ។
    • អាចយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬក្រណាត់ខ្ចប់ទឹកកកមកដាក់ស្អំនៅលើក្ដោងច្រមុះបាន។
    • កុំបញ្ចេញខ្យល់តាមច្រមុះ ញើសសំបោរ ឬលូកខ្វេះច្រមុះ ព្រោះនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង។

    ហូរឈាមច្រមុះ និងការមើលថែទាំខ្លួនឯង ក្រោយឈាមឈប់ហូរ

    • ព្យាយាមកុំបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ ឬញើសសំបោរ ឬកណ្ដាស់ 24ម៉ោងក្រោយបាត់ហូរឈាមច្រមុះ។
    • ចៀសវាងពីការស្ថិតនៅក្នុងទីកន្លែងដែលមានធាតុអាកាសស្ងួត និងត្រជាក់ខ្លាំង។

    យ៉ាងណាក៏ដោយ បើធ្វើបឋមព្យាបាលរយៈដំបូងហើយ អាការនៅតែមិនល្អប្រសើរឡើង ឬនៅតែមានឈាមហូរចេញមកញឹកញាប់ដដែលនោះ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងដិតដល់៕

  • រឿងត្រូវប្រយ័ត្ន 5យ៉ាង ពេលនាំកូនដើរក្នុងហាងផ្សាទំនើប

    រឿងត្រូវប្រយ័ត្ន 5យ៉ាង ពេលនាំកូនដើរក្នុងហាងផ្សាទំនើប

    តាមរយ:ឧប្បត្តិហេតុជាច្រើនដងដែលតែងតែកើតឡើងនៅក្នុងហាងផ្សារទំនើបធំៗ និងភាគច្រើនៗកើតឡើងចំពោះកុមារតូចៗដោយសារតែស្ថិតក្នុងវ័យដ៏សែនរពឹស និងឪពុកម្តាយមិនបានប្រុងប្រយ័ត្នផងនោះ ទើបធ្វើឱ្យកើតឧប្បត្តិហេតុដែលមិននឹក​ស្មានដល់ឡើងបាន។ ដូច្នេះការបង្ហាត់ ឬប្រាប់កូនឱ្យចេះប្រុងប្រយ័ត្នជាមុននោះ គឺជាវិធីការពារបញ្ហាជាមុនដ៏ល្អបំផុតមួយ។ នៅក្នុងទស្សនាវដ្តី ឡារ៉ែនលេខនេះ យើងនាំគ្នាមកមើលថា នៅពេលដែលចង់នាំកូនៗទៅលេងផ្សារទំនើប តើមានរឿងអ្វីខ្លះដែលលោកឪពុកអ្នកម្តាយត្រូវប្រយ័ត្ន?

    1 . ជណ្តើរយន្ត

    ត្រូវធ្វើ :

    • -ចាប់កាន់ដៃកូនតូចជាប់ជានិច្ច ខណ:ពេលឡើងជណ្តើរយន្ត។ ឱ្យកូនឈរបែរមុខទៅរកទិសស្របគ្នានឹងការរំកឹល​(ឡើង ឬចុះ)របស់ជណ្តើរ។
    • ពិនិត្យមើលភាពរៀបរយរបស់សម្លៀកបំពាក់កូន ដូចជាជាយអាវ ជើងខោ ឬជាយសំពត់ ខ្សែចងស្បែក​ជើង -ល- ថាតើមានផ្នែកណាមួយត្រូវកៀបជាប់នៅក្នុងធ្មេញរបស់កាំជណ្តើរយន្តឬអត់?។
    • នៅពេលកើតហេតុបន្ទាន់ ដូចជាជណ្តើរយន្តកំពុងកៀបកូន ឬទាញជាយខោអាវ ឬខ្សែស្បែកជើងកូនចូលទៅនោះ ចូរចុចកុងតាក់បញ្ឈប់ជណ្តើរយន្តជាបន្ទាន់(នៅជាប់នឹងបង្កាន់ដៃនៃកាំទី1)ភ្លាម។ បើស្ថិតនៅឆ្ងាយមិនអាចចុចដោយ​ខ្លួន​​ឯង​​បាន ត្រូវប្រញាប់ប្រាប់បុគ្គលិករបស់ហាង ឬអ្នកឡើងជណ្តើយន្តជាមួយគ្នា ឱ្យគេជួយចុចឱ្យក៏បាន។

    មិនត្រូវធ្វើ :

    • កុំឱ្យកូនអង្គុយ ឬលេង ខណ:ពេលកំពុងឡើងជណ្តើរយន្ត (សូម្បីតែការឈរបែរខ្នងដាក់ជណ្តើរក៏មិនគួរធ្វើ​ដែរ) ព្រោះវាអាចប្រថុយនឹងការត្រូវកៀបដៃ ឬជើងបានយ៉ាងងាយ។
    • ចៀសវាងការយករទេះកូនក្មេងឡើងតាមជណ្តើរយន្ត តែត្រូវឡើងតាមជណ្តើរយន្តប្រអប់ជំនួសវិញ ព្រោះវា​អាច​នឹងកើតឧប្បត្តិហេតុ ដូចជារទេះរុញកូនអាចនឹងរបូតពីដៃ រអិលធ្លាក់ទៅក្រោម នាំឱ្យកើតមានគ្រោះថ្នាក់ដល់កូនបាន។

    2 . ជណ្តើរយន្តប្រអប់

    ត្រូវធ្វើ :

    • -ការរង់ចាំឡើងជណ្តើរយន្តប្រអប់យ៉ាងមានសុជីវធម៌ និងមានសុវត្ថិភាពនោះគឺ ឈរតម្រង់ជួរគ្នាមុខ-ក្រោយ។ បើមាន​មនុស្សរង់ចាំច្រើនពេក អាណាព្យាបាលដែលមានកូនតូចគួររង់ចាំឡើង ឬចុះលើកក្រោយ(បន្ទាប់ទៀត)ក៏បាន ព្រោះការចូលទៅប្រជ្រៀតគ្នាណែននៅក្នុងប្រអប់ជណ្តើរយន្តនោះ អាចធ្វើឱ្យជណ្តើរយន្តគាំងនៅមួយកន្លែង ឬអាចបង្កជាហេតុគ្រោះថ្នាក់អ្វីផ្សេងៗបាន។
    • អ្នកម្តាយត្រូវចាំសង្កេតមើល និងប្រាប់កូនកុំឱ្យឈរផ្អែកទ្វារប្រអប់ជណ្តើរយន្ត។
    • នៅពេលកើតហេតុរអាក់រអួលផ្សេងៗ ដូចជាជណ្តើរយន្តប្រអប់គាំងនៅមួយកន្លែង ជាដើម លោកឪពុកអ្នក​ម្តាយ​ត្រូវតាំងស្មារតី ពិនិត្យមើលផ្ទាំងសញ្ញាបញ្ជា(នៅជិតមាត់ទ្វារជណ្តើរយន្ត)ដែលតែងមានកុងតាក់មួយដែលសរសេរថា Emergency Call ចូរចុចកុងតាក់មួយនោះ ដើម្បីប្រាប់ទៅបុគ្គលិករបស់ហាងឱ្យដឹង និងជាការសុំជំនួយ។

    មិនត្រូវធ្វើ :

    • -មិនត្រូវបណ្ដោយឱ្យកូនតូចហក់លោត រត់លេងប្រឡែងគ្នានៅក្នុងប្រអប់ជណ្តើរយន្ត ឬចុចកុងតាក់ឡើង-ចុះលេងនោះទេ ព្រោះអាចបណ្ដាលឱ្យជណ្តើរយន្តមានបញ្ហា និងអាចគាំងដំណើរការ។
    • ខណ:ពេលរង់ចាំ មិនគួរនាំកូនតូចទៅឈរនៅជិតមាត់ទ្វារពេកទេ ព្រោះអាចនឹងត្រូវបុកដោយអ្នកដែលនៅខាងក្នុងពេលដែលទ្វារជណ្តើរយន្តបើកឡើង ដែលនឹងធ្វើឱ្យដួល និងទទួលគ្រោះថ្នាក់បាន។
    • រឿងដែលត្រូវដឹង និងចាំទុកនោះគឺ ពេលមានទឹកលិច ផ្លេកបន្ទោរ រន្ទះ រញ្ជួយផែនដី និងអគ្គិភ័យ មិន​ត្រូវប្រើជណ្តើរយន្តប្រអប់ជាដាច់ខាត។

    3 . ទ្វារ និងកម្រាលឥដ្ឋ

    ត្រូវធ្វើ :

    • -ពេលដើរចេញ ឬចូលតាមមាត់ទ្វារ ត្រូវឱ្យកូននៅចំកណ្តាលមាត់ទ្វារ ដោយមានលោកឪពុក ឬអ្នកម្តាយនៅ​ក្បែរចាប់ដៃកូន ឬលើកកូនពក៏បានដែរ។
    • ពេលដើរនៅក្នុងហាង នៅក្នុងទីកន្លែងដែលស្រឡះៗក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះអាចនឹងមានវត្ថុដែលដាក់ពាំងពីមុខដែលយើងមិនបានមើលឃើញ ឬក៏មានទឹកដក់នៅលើកម្រាលឥដ្ឋ ជាដើម ដែលអាចធ្វើឱ្យកូនដើរបុក ឬរអិលដួលបាន។

    មិនត្រូវធ្វើ :

    • មិនថាកន្លែងណាក៏ដោយនៅក្នុងហាង សូមកុំបណ្តោយឱ្យកូនរត់លេងស្រេចតែចិត្តតែម្នាក់ឯងឱ្យសោះ ជាពិសេសនៅមុខមាត់ទ្វារចេញចូល ព្រោះបើសិនជាទ្វារដែលបើក-បិទដោយស្វ័យប្រវត្តិផងនោះ អាចនឹងធ្វើឱ្យកូនត្រូវទ្វារកៀប​បាន​​​។

    4 . ទូថ្នាក់ៗដាក់ទំនិញ

    ត្រូវធ្វើ :

    • ក្នុងពេលដែលអ្នកម្តាយកំពុងដើររើសទិញទំនិញនៅក្នុងផ្សារទំនើប បើមានមនុស្សធំទៅជាមួយដែរ​ អ្នកម្ដាយអាចឱ្យអ្នកមកជាមួយនោះនាំក្មេងៗទៅលេងនៅកន្លែងរង់ចាំ ឬក្នុងភោជនីយដ្ឋានណាមួយ រង់ចាំឱ្យអ្នកម្តាយទិញឥវ៉ាន់រួចសិន សឹមជួបគ្នាវិញ។ តែបើសិនគ្មានអ្នកជួយមើលទេនោះ គួរឱ្យកូនតូចអង្គុយនៅក្នុងរទេះសម្រាប់កូនក្មេង ឬរទេះដើរទិញឥវ៉ាន់ទៅជាមួយគ្នាក៏បានដែរ។

    មិនត្រូវធ្វើ :

    • មិនគួរនាំកូនដើរនៅកន្លែងដែលមានការសម្តែងអ្វីម្យ៉ាង កន្លែងដាក់តាំង ឬកន្លែងដាក់លក់ទំនិញ ឬផលិតផល​ណា​ដែល​​ងាយបែកបាក់ឡើយ ជាពិសេសគ្រឿងកែវចាន។
    • ចូរប្រយ័ត្នកន្លែងណាដែលមានទូថ្នាក់ៗដាក់ទំនិញច្រើនជ្រុលពេក និងខ្ពស់ៗ ដោយមិនត្រូវឱ្យកូនដើរទៅជិតទីនោះឡើយ។

    5 . រទេះដាក់ឥវ៉ាន់

    • ការប្រើប្រាស់រទេះដាក់ឥវ៉ាន់ គឺជួយសម្រាលបន្ទុកក្នុងការយួរ ឬកាន់របស់របរផ្សេងៗ ងាយស្រួលក្នុងការដើររើសទិញទំនិញ តែជាញឹកញាប់ណាស់ដែលយើងសង្កេតឃើញថា រទេះដាក់ឥវ៉ាន់ បានក្លាយជារទេះដឹកកូនក្មេងតូចៗ ដូច្នេះអ្វីដែលត្រូវប្រយ័ត្ន​ឱ្យបានខ្លាំងបំផុតនោះគឺ ការប្រយឹតប្រតោងលេង លោតឡើងចុះ និងក្រោកឈរដើម្បីស្រវាចាប់យកឥវ៉ាន់ ឬរបស់របរផ្សេងៗរបស់កូនៗ ព្រោះវាអាចធ្វើឱ្យកើតឧប្បត្តិហេតុបានយ៉ាងងាយ។

    ដូច្នេះ គោលការណ៍ងាយៗដែលគួរប្រត្តិបត្តិនោះគឺ កុំឱ្យកូនរបូតផុតពីខ្សែភ្នែកយើងឱ្យសោះ ព្រោះត្រឹមតែ​ប៉ុន្មាននាទីប៉ុណ្ណោះ ឧប្បត្តិហេតុអាចនឹងកើតឡើងបានជានិច្ច។ ពេលនាំកូនៗទៅលេងហាងផ្សារទំនើប លោកឪពុកអ្នក​​ម្តាយត្រូវតែធ្វើជាអ្នកសង្កេតការណ៍ ភ្នែករហ័ស ត្រចៀករហ័ស ដឹងជាមុន ប្រយ័ត្នជាមុន ដើម្បីសុវត្ថិភាពរបស់កូនជាទីស្រឡាញ់៕

  • តើអ្នកឆ្លងទន្លេអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ…

    តើអ្នកឆ្លងទន្លេអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ…

    នៅតែជាចំណុចមួយដែលមានការជជែកតវ៉ាគ្នាបានជានិច្ច សម្រាប់ករណី “តុបតែងមុខចូលបន្ទប់ប្រសូត” ដូច្នេះនៅថ្ងៃនេះ ឡារ៉ែននឹងមកបកស្រាយចម្ងល់ដែលថា ការពិតទៅ តើស្រ្តីមានផ្ទៃពោះដែលត្រូវប្រសូតបុត្រអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើបែបណាអាចធ្វើបាន ដោយមិនទៅទើសទែង ឬរំខានការប្រតិបត្តិភារកិច្ចរបស់គ្រូពេទ្យរហូតមានគ្រោះថ្នាក់ដល់កូន ជូនស្រ្តីមានផ្ទៃពោះដែលកំពុងត្រៀមខ្លួនប្រសូតបុត្រទាំងអស់ឱ្យបាត់ងឿងឆ្ងល់ដូចខាងក្រោម…។

    ការតុបតែងមុខមាត់ចូលបន្ទប់ប្រសូតនេះ ជារឿងមួយដែលស្រ្តីមានគភ៌ជាច្រើនប្រហែលជាធ្លាប់នឹកឆ្ងល់ខ្លះមកហើយមិនខានថា តើការពិតទៅ “អាចបានទេ?” “ហេតុអីត្រូវហាម?” និង”ហេតុអីអ្នកខ្លះធ្វើបាន ហើយអ្នកខ្លះទៀតធ្វើមិនបាន?” ព្រោះអំឡុងពេលដែលបានឃើញមុខកូនជាលើកដំបូង គឺជាអំឡុងពេលសំខាន់បំផុតក្នុងជីវិតដែលនរណាៗក៏ចង់រក្សារូបភាពនោះទុកជាអនុស្សាវរីយ៍ ដែលមនុស្សជាម្ដាយខ្លួនឯងក៏ចង់ថតរូបលើកដំបូងជាមួយកូនក្នុងបែបដែល “មើលទៅមិនស្លេកស្លាំង ឬទ្រុឌទ្រោម” ដែរ។ ដូច្នេះ ការបានដឹងពីការកំណត់ និងច្បាប់ទម្លាប់ផ្សេងៗ នឹងធ្វើឱ្យស្រ្តីមានផ្ទៃពោះអាចប្រតិបត្តិខ្លួនបានយ៉ាងត្រឹមត្រូវ និងសមរម្យឡើងផងដែរ។

    តើស្រ្តីមានផ្ទៃពោះអាចតុបតែងមុខចូលបន្ទប់ប្រសូតបានទេ?

    ភាគច្រើន “បន្ទប់វះកាត់ ឬបន្ទប់ប្រសូត” តែងមានច្បាប់វិន័យក្នុងការប្រតិបត្តិយ៉ាងតឹងរ៉ឹងដើម្បីភាពស្អាតមានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺ ដូច្នេះហើយទើបមន្ទីរពេទ្យភាគច្រើនមិនអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះតុបតែងមុខមាត់ លាបក្រចកដៃ-ជើងចូលបន្ទប់ប្រសូតក្នុងគ្រប់ករណីទាំងអស់ លើកលែងតែគ្រូពេទ្យអនុញ្ញាត។ តែមន្ទីរពេទ្យឯកជនខ្លះអាចអនុលោមឱ្យស្រ្តីមានផ្ទៃពោះអាចតុបតែងមុខមាត់ពេលប្រសូតបុត្របាន ​ តែទាំងអស់នេះ ស្រ្តីមានផ្ទៃពោះគួរតែសួរនាំគ្រូពេទ្យជាមុនថា តើអាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបានដែរឬទេ? ព្រោះមិនដូច្នោះទេ ស្ត្រីមានគភ៌អាចនឹងត្រូវគ្រូពេទ្យបញ្ជាឱ្យទៅលាងមុខចេញមិនខាន។

    ហេតុផលក្នុងការហាមតុបតែងមុខមាត់ លាបក្រចករបស់អ្នកមានផ្ទៃពោះខណៈចូលបន្ទប់ប្រសូត

    • ហាមតុបតែងមុខមាត់ ៈ ព្រោះខណៈពេលធ្វើការប្រសូត រាងកាយរបស់ស្ត្រីមានគភ៌នឹងមានការប្រែប្រួលស្ថិតក្នុងសភាវផ្សេងៗ ដូច្នេះការមិនតុបតែងលាបមុខលាបមាត់ គឺដើម្បីឱ្យគ្រូពេទ្យ ឬអ្នកជំនួយការគ្រូពេទ្យអាចសង្កេតមើលទឹកមុខ ពណ៌បបូរមាត់របស់ស្រ្តីមានគភ៌ថា តើមានពណ៌បៃតង ស្វាយ ស្លេកស្លាំងពីការបាត់បង់ឈាម ខ្វះខ្យល់អុកស៊ីហ្ស៊ែន ឬកើតសភាវពិបាកដកដង្ហើម ឬអត់ហ្នឹងឯង។
    • ហាមលាបក្រចកដៃ ៈ ព្រោះពេលខ្លះគ្រូពេទ្យនឹងសង្កេតមើលលើក្រចកដៃរបស់ស្រ្តីមានគភ៌ថា តើមានការបាត់បង់ឈាម បាត់បង់ជាតិទឹកអស់ច្រើនដែរឬទេ? មើល Capillary refill (ចុចលើក្រចក ដើម្បីសង្កេតមើលភាពខុសប្រក្រតី មើលថា តើពេលចុចហើយ ក្រចកនឹងត្រឡប់មកជាពណ៌ផ្កាឈូកវិញឬទេ?)។
    • បន្ទប់វះកាត់ ឬបន្ទប់ប្រសូត គឺជាទីកន្លែងគ្មានមេរោគ ៈ ការនាំយកវត្ថុប្លែកចម្លែកពីខាងក្រៅចូលទៅ ភាពប្រថុយក្នុងការឆ្លងមេរោគក៏នឹងមានច្រើនឡើងដែរ ព្រោះសូម្បីតែគ្រូពេទ្យ ឬឆ្មបក៏នៅប្ដូរសម្លៀកបំពាក់ថ្មី ប្ដូរស្បែកជើងថ្មីគ្រប់ពេលដែលចូលធ្វើការក្នុងបន្ទប់នេះ។ ការដែលបន្ទប់វះកាត់ ឬបន្ទប់ប្រសូតមានច្បាប់វិន័យក្នុងការប្រតិបត្តិដែលតឹងរ៉ឹងច្រើនបែបនេះ គឺដើម្បីភាពស្អាត មានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺទាំងអស់។

    ចង់ស្រស់ស្អាតពេលចូលបន្ទប់ប្រសូតបែបមិនខុសរបៀបវិន័យ ត្រូវធ្វើយ៉ាងណា?

    ក្នុងករណីដែលគ្រូពេទ្យអនុញ្ញាត ស្ត្រីមានគភ៌អាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបាន តែគួរជាការតុបតែងមុខមាត់បែបស្រាលៗ ថ្លាៗ មិនតុបតែងបែបពោរពេញហូរហៀរ ដិតខ្លាំង លាបម្សៅទ្រនាប់បែបក្រាស់ឃ្មឹកនោះទេ ព្រោះដូចដែលបានរៀបរាប់ប្រាប់ពីខាងដើមរួចមកហើយថា អាចនឹងធ្វើឱ្យពិបាកដល់ការសង្កេតមើលអាការផ្សេងៗ តែបើសិនជាគ្រូពេទ្យមិនអនុញ្ញាតទេ ស្រ្តីមានគភ៌អាចនឹងគូសចិញ្ចើម តរោមភ្នែកតាំងពីមុនដល់ថ្ងៃប្រសូត និងប្រើ Application តុបតែងរូបភាព ជួយឱ្យរូបភាពចេញមកស្រស់ស្អាតជាងស្ថានភាពពិតនៅពេលនោះបាន…អាហ្នឹងមិនបានខុសនឹងបម្រាមទេ៕

  • វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែលឡា រ៉ែនជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់យ៉ាងម៉េចខ្លះ? ដូច្នេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជំរាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់គ្នាដូចខាងក្រោម ៖

    . ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សំរាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសំរួលខ្លួនជាមុនសឹន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សំរាប់ការផ្ងូតទឹកសំអាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសំអាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់អាចម៍ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសំអាត​ខ្លួនកូនតូចក៏បានដែរ ។

    . ជូតសំអាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសំអាតម្តុំភ្ជឹត និងអវយវ:ភេទដែលច្រើនកើតមានភាព​សើមអាប់ ដូច្នេះគួរធ្វើការជូតសំអាតដោយអាល់កុល 70% រៀងរាល់លើក ក្រោយពេលផ្ងូតទឹករួច រហូតទាល់គល់ភ្ជឹតជ្រុះ និងភ្ជឹតឡើងស្ងួត ។ ហាមប្រើម្សៅ​រោយ​​​ពីលើ​ភ្ជឹតទារកជាដាច់ខាត ព្រោះអាចធ្វើឲ្យកើតការឆ្លងមេរោគបាន ចំណែកអវយវ:ភេទ និងគូទក៏មិនគួរមើលរំលងដែរ នៅពេល​កូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសំអាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមបស្សាវ: និងឧច្ចារ:ដែល​ប្រឡាក់លើខ្លួនកូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតប្តឹតឲ្យស្ងួតល្អ បន្ទាប់​​​​​​​​​​​​​​​​​​​​ពីនោះមកទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឲ្យ ។

    ខោអាវរបស់កូនតូច : គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស់ សាច់ទន់ខ្យល់ចេញចូលបាន មិនហប់អាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយ ។ ចំណែកខោវិញគួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែដើម្បីឲ្យងាយស្រួលស្លៀក និងដោះចេញ ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច ។

    . ហាត់សង្កេត សម្លេងយំ និងអាការរបស់កូនតូច : ការបញ្ចេញសម្លេងផ្សេងៗ ទាំងការស្រែកបែបប្រឹងស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ ថានៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ មិនសប្បាយខ្លួនដោយសារឈឺថ្កាត់ ជាដើម ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចាំសង្កេតមើលកូនតូចជាប់ជាប្រចាំ ថាអាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឲ្យយើងដឹង ។

    . ទឹកដោះម្តាយសំខាន់បំផុត : ដូចបានដឹងច្បាស់គ្រប់គ្នាហើយថា ទឹកដោះម្តាយគឺជាប្រភពនៃសា​រជាតិ​អាហារចំបងៗរបស់​​ទារកពេញរយ:ពេល 1 ឆ្នាំតំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះគឺជាវត្ថុចាំបាច់ ជា​ភោជ​​​​​នាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍន៍របស់កូនតូចខ្លាំងណាស់ ជា​ពិសេសទារក​ដែលអាយុបាន 6 សប្តាហ៍ នឹងចាប់ផ្តើមរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយគួរឲ្យកូនសម្លាញ់បានមឺមដោះឲ្យបានច្រើនជាងមុនដែរ ។

    . ភ្ជាប់សម្ព័ន្ធនៃក្តីស្រឡាញ់ឲ្យជិតស្នឹទ្ធ : ព្រោះតែការធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ព័ន្ធរវាងម្តាយ និងកូនឲ្យកាន់តែកើនច្រើនឡើង មិនថាតែការកំរើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឲ្យស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេរកូន គឺសុទ្ធតែជាការភ្ជាប់សម្ព័ន្ធឲ្យកូនញញឹម និងមានសេចក្តីសុខ ។

    ទោះនៅក្នុងរយ:តំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសំរបសំរួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀម​ខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំងជាពិសេស រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសំរាកគ្រប់គ្រាន់ក៏​ដោយ តែការប្រែប្រួលរបស់កូនដែលរីកចំរើនធំធាត់ជាបណ្តើររៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមតូចៗដែលបង្ហាញឡើងនៅ

    លើផ្ទៃមុខរបស់កូនសម្លាញ់ សូមជឿចុះថា វានឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ និងបន្ថែមនូវសេចក្តីសុខដល់​ក្រុមគ្រួសាររបស់លោកអ្នកមិនខាន ៕

  • នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។

    ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។

    …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ

    ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ

    ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។

    ពិនិត្យមើលទីកន្លែង

    ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? និងត្រូវពិនិត្យមើលឧបករណ៍គ្រឿងលេងទាំងនោះផងថា តើមានភាពរឹងមាំ ឬមានចំណុចណាមួយស្រួច មុត ដែរឬទេ?។

    រៀនជាមួយនឹងធម្មជាតិ

    ក្មេងៗមានភាពចង់ដឹង ចង់ឃើញនូវអ្វីៗជុំវិញខ្លួនគេស្រាប់ទៅហើយ រឹតតែពេលបានមកនៅកណ្តាលធម្មជាតិដែលមាន​ទាំងវាលស្មៅ ដើមឈើ ផ្ទៃមេឃ សត្វបក្សីបក្សា និងសត្វល្អិតផ្សេងៗក្នុងពេលដែលអ្នកម្តាយដឹកដៃគេដើរលេងផងនោះ គេអាចនឹងមានសំនួរជាច្រើនសួរឡើង ដែលអ្នកម្តាយអាចនឹងសៀតស៊កនូវចំណេះដឹង និងបង្ហាត់បង្ហាញពីការចេះសង្កេតដល់កូនបាន។

    វិវឌ្ឍនាការសក្តិសមនឹងវ័យដោយធម្មជាតិ

    ការបណ្តោយឱ្យកុមារបានរត់លេងនៅក្នុងទីធ្លាដែលស្រឡះ កណ្តាលវាលនោះ នឹងជួយឱ្យកុមារមានទីធ្លាសម្រាប់ការរៀន​យល់​ដឹងមួយដែលមានភាពខុសប្លែកពីក្នុងបន្ទប់រៀន ឬក្នុងផ្ទះ។ កុមារនឹងបានរៀនយល់ដឹងកាន់តែច្រើនបែបច្រើនយ៉ាងឡើង តាមរយៈស្ថានភាពជុំវិញខ្លួនដែលប្លែកថ្មីជានិច្ច ដូចជាដើមឈើ ស្លឹកឈើ ផ្កាដែលមានពណ៌ល្អៗ និងចំនួនវត្ថុដែលខុសពីគ្នាទៅតាមរដូវកាល និងថែមទាំងបានសប្បាយរីករាយតាមរយៈការលេង ដែលនឹងធ្វើឱ្យកុមារមានអារម្មណ៍ល្អ នាំទៅរកការវិវឌ្ឍខាងអារម្មណ៍ ឬ EQ ដ៏ល្អទៀតផង។ ក្រៅពីនោះ ការធ្វើចលនារបស់រាងកាយរបស់កូនយ៉ាងពេញទំហឹងតាមរយៈការរត់លេង មិនថាតែការរត់ លោត ហក់តោង ឬឡើងនោះក្ដី វាប្រៀបដូចជាការហាត់ប្រាណដែលនឹងធ្វើឱ្យកូនមានសុខភាពល្អ សាច់ដុំមាំមួនទៀតផង។

    . ចំណុចគួរប្រយ័ត្នក្នុងការនាំកូនចេញទៅលេងខាងក្រៅផ្ទះ

    ទោះជាការលេងនៅខាងក្រៅផ្ទះនេះមានចំណុចល្អច្រើនមែនក៏ដោយ តែក៏មានចំណុចគួរប្រយ័ត្នប្រយែងដែរ ជាពិសេស គឺការវង្វេងបាត់តែម្តង ដូច្នេះដើម្បីចៀសវាងនូវការសោកស្តាយនៅពេលក្រោយ ឬការកើតមានឡើងនូវបញ្ហាជាយថា​ហេតុណាមួយនោះ លោកឪពុក ឬអ្នកម្តាយគួរប្រុងប្រយ័ត្នដូចតទៅ ៈ

    1. កុំនាំកូនទៅលេងនៅកន្លែងណាដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ពេក(ព្រោះអាចនឹងវង្វេងគ្នាដោយសារហ្វូងមនុស្ស)។
    2. កុំបណ្តោយកូនឱ្យរត់លេងតែឯងដោយមិនបានរវីរវល់មើលឱ្យសោះ ទោះជាកន្លែងដែលទៅលេងនោះនៅជិតផ្ទះក៏ដោយ។
    3. មិនផ្ញើកូនជាមួយនឹងមនុស្សចាស់ជរា ដែលមិនអាចមើលក្មេងដែលស្ថិតក្នុងវ័យរពឹសបាន។
    4. ព្យាយាមនៅក្បែរកូនជានិច្ច ឬកុំបណ្តោយឱ្យកូនបាត់ពីខ្សែភ្នែកឱ្យសោះ។

    នៅពេលដែលកូនលេងជក់រហូតភ្លេចហត់

    រឿងចុងក្រោយដែលឡារ៉ែនចង់ផ្តាំលោកឪពុកអ្នកម្តាយទាំងអស់ សម្រាប់ការនាំកូនៗចេញទៅលេងនៅខាងក្រៅផ្ទះនោះគឺ ក្នុងអំឡុងពេល​ដែលកូនៗបានលេងនោះ ពួកគេអាចនឹងសប្បាយយ៉ាងភ្លេចខ្លួន រហូតលែងមានអារម្មណ៍ហត់ គ្មានអារម្មណ៍ថា ហេវ ដូច្នេះលោកឪពុក​អ្នកម្តាយត្រូវចាំសង្កេតមើលថា បើឃើញកូនចាប់ផ្តើមហត់ ឬនៅមិនទាន់បានញ៉ាំអី និងមិនបានញ៉ាំទឹកយូរហើយនោះ គួរតែប្រាប់ឱ្យកូនឈប់សម្រាកបន្តិច ដើម្បីបន្ថែមថាមពលសិន សឹមទៅលេងសប្បាយបន្តទៀត៕

  • រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។

    បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។

    ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។

    ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។

    ចំណុចគួរប្រយ័ត្ន ៖ អាចម៍ត្រចៀកនឹងជួយការពារសត្វល្អិតៗ ដូចជាស្រមោច ឬចៃឆ្កែមិនឱ្យចូលបាន ដូច្នេះអ្នកម្ដាយមិនគួរខ្វេះ ឬកេះត្រចៀកឡើយ ព្រោះមិនត្រឹមតែធ្វើឱ្យអាចម៍ត្រចៀកចូលទៅញ៉ុកណែននៅខាងក្នុងប៉ុណ្ណោះទេ តែនៅអាចធ្វើឱ្យកូនតូចឈឺត្រចៀក ឬក្រដាសត្រចៀកអាចនឹងធ្លុះបានទៀតផង។ ជាធម្មតាអាចម៍ត្រចៀកដែលកើតឡើងនោះ នៅពេលដែលវាមានច្រើន វានឹងជ្រុះចេញមកក្រៅ​ដោយឯកឯង។ ចំណែកទារកដែលបានឮជាធម្មតា ត្រូវតែចេះញញឹម ចេះមើលមុខ សម្លឹងភ្នែក និងបែរមើលតាមសំឡេងបាន តែបើកន្លងផុតទៅ 6ខែហើយ នៅតែធ្វើដូចការរៀបរាប់មកមិនបាន នោះបង្ហាញថា កូនតូចអាចនឹងមានបញ្ហាខាងការស្តាប់ឮហើយ ដូច្នេះគួរតែនាំកូនតូចទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    កែវភ្នែក : តាមធម្មជាតិ ក្រពេញទឹកភ្នែកអាចបង្ហូរទឹកភ្នែកចេញមកបាន ដែលប្រកបទៅដោយ អេនហ្សៃម៍ ឡៃសូហ្សៃម៍ (Lysozyme) អាចបំផ្លាញសម្បកកោសិការបស់មេរោគបាក់តេរីបាន ដូច្នេះទើបទឹកភ្នែកជាសារធាតុរលាយដែលការពារការឆ្លងមេរោគនៅក្នុងកែវភ្នែក ។ បើមានវត្ថុចម្លែកចូលក្នុងកែវភ្នែក ក្រពេញទឹកភ្នែកនឹងធ្វើការ ដោយបញ្ចេញទឹកភ្នែកមកភ្លាម ដើម្បីលាងសម្អាតវត្ថុចម្លែកនោះចេញ។

    ចំណុចគួរប្រយ័ត្ន ៖ មិនគួរប៉ះពាល់ ឬរវល់នឹងកែវភ្នែកកូនតូចឡើយ តែបើឃើញមានភាពខុសប្រក្រតីណាមួួយ ដូចជា ភ្នែក​ពណ៌សមិនស តែមានពណ៌ក្រហមព្រឿងៗ ភ្នែកហើមឡើងក្រហម ភ្នែកសើមមានទឹកភ្នែកដក់ជាប់រហូត ឃើញមានចំណុចសៗ​នៅ​​ក្នុងប្រស្រីភ្នែក ភ្នែកញាក់ៗ គ្រាប់ភ្នែកញ័រៗ មានអាចម៍ភ្នែកពណ៌លឿងលាយបៃតង ពេលបើកភ្នែក ត្របកភ្នែកបើក​ឡើងមិនស្មើគ្នា ឬអាយុ 2-3​ ខែហើយ តែនៅមិនទាន់ចេះមើលមុខឪពុកម្តាយ ភ្នែកប៉ះពន្លឺមិនបាន ធ្វើភ្នែកក្រឡឺតក្រឡាប់មិនកើត ពេលសម្លឹងមើលទៅខាងៗក៏បែរទៅទាំងក្បាលជាដើម …បើសង្កេតឃើញមានកើតអាការមួយណាក្នុងចំណោមអាការទាំងអស់ដែលបានរៀបរាប់មកនោះ លោកឪពុកអ្នកម្តាយគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យដើម្បីពិនិត្យកែវភ្នែកកូនជាបន្ទាន់។

    ច្រមុះ : ច្រមុះមានតួនាទីដកដង្ហើម និងហឹតក្លិនផ្សេងៗ។ នៅក្នុងច្រមុះមានរោមតូចៗជាច្រើនដើម្បីការពារកម្ទេចលម្អងធូលី ឬសត្វល្អិតដែលប៉ុនប៉ងចូលទៅក្នុងផ្លូវដង្ហើម ព្រមទាំងមានតួនាទីចាំស្ទាក់ចាប់វត្ថុចម្លែកដែលស្រូបចូលទៅ និងកណ្តាស់ចេញមកវិញ។ សាច់ជាលិកាដែលក្រាលខាងក្នុងប្រហោងច្រមុះ នឹងបំពេញតួនាទីបញ្ចេញជាតិទឹកមកចិញ្ចឹមប្រហោងច្រមុះ ពេលដកដង្ហើមចូលទៅ ជាតិទឹកនៅក្នុងច្រមុះជាអ្នកបន្ថែមសំណើមឱ្យខ្យល់។ បើសាច់ជាលិកាក្នុងច្រមុះរលាក ទឹកច្រមុះនឹងត្រូវបានបញ្ចេញមកច្រើនជាងធម្មតា។

    ចំណុចគួរប្រយ័ត្ន ៖​​ ពេលកូនតូចមិនស្រួលខ្លួន កើតផ្តាសាយ តែងតែមានទឹកសំបោរច្រើន អ្នកម្ដាយគួរយកក្រណាត់ជ្រលក់ទឹកអំបិលជូតថ្នមៗ។ បើប្រើសំឡីត្បារត្រចៀកជូតសម្អាត ត្រូវប្រយ័ត្នពេលកូនតូចរើ ព្រោះអាចនាំឱ្យកើតឧប្បត្តិហេតុបាន ។ រឿង​ដែល​​​​ត្រូវប្រយ័ត្ននោះគឺ អ្នកម្ដាយកុំយកម្រាមដៃរបស់ខ្លួនទៅកេះច្រមុះកូន ព្រោះក្រចកដៃអាចធ្វើឱ្យរយះសាច់ច្រមុះកូនតូចបាន។ ចំណែកច្រមុះដែលមានស្នាមអុចៗសៗ ស្រដៀងមុនខ្សាច់នោះ មិនបាច់កេះចេញទេ ព្រោះវាគ្មានបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីទេ។

    ក្រចកដៃ : ក្រចកដៃមានតួនាទី អេះ កេះ កោស ខ្វាច ហែកចំណីអាហារ ឬរបស់ផ្សេងៗឱ្យក្លាយជាបំណែកតូចៗ។​ ក្រចកដៃ-ជើងរបស់កុមារតូចៗ ក៏ដូចក្រចកដៃ-ជើងរបស់មនុស្សធំដែលឆាប់វែងដែរ។ គេសង្កេតឃើញថា អត្រានៃការដុះរបស់ក្រចកដៃ តែងវែងលឿនជាងក្រចកជើងដល់ទៅ 2ដង ដូច្នេះហើយទើបយើងត្រូវកាត់ក្រចកដៃញឹកញាប់ជាងក្រចកជើង។ ជាធម្មតាគេនិយមកាត់ក្រចករៀងរាល់ 1 – 2សប្តាហ៍ម្តង ចំណែកលក្ខណៈរបស់ក្រចក ជាធម្មតាច្រើនមានពណ៌ផ្កាឈូកស្តើងៗ រាបស្មើគ្នា គ្មានស្នាមរួញ ឬកោងងឡើយ។

    ចំណុចគួរប្រយ័ត្ន ៖ ពេលកាត់ក្រចកដៃឱ្យកូនតូច ត្រូវប្រយ័ត្នកុំឱ្យប៉ះសាច់កូន គួរធ្វើនៅពេលដែលកូនតូចគេងលក់។ គួរជ្រើសរើសប្រើកន្រ្តៃកាត់ក្រចកសម្រាប់ទារក និងពេលកាត់ហើយ គួររូស​ក្រចកឱ្យទាលផង ហើយបើឃើញមានអ្វីខុសប្រក្រ​តីដែលកើតឡើងនៅលើក្រចកកូនតូច គួរទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ ដូចជា ក្រចកឡើងពណ៌ខ្មៅជាំ ឬមានពណ៌ខុស​ប្រក្រតី ក្រចកដុះចេញមកវៀច រួញ ក្រឹន ឬផ្សេងទៀត។ល។

    រន្ធផ្ជិត : ជាប្រក្រតី ចំណែករបស់ទងផ្ជិតនឹងស្ងួតជាបណ្តើរៗ ហើយជ្រុះដោយខ្លួនឯងក្នុងរយ:ពេល 2-3សប្តាហ៍ តែគេក៏​ធ្លាប់ជួបប្រទះដែរថា ទារកខ្លះអាចប្រើពេលយូរជាងនេះទៅទៀត។ តាមការណែនាំរបស់លោកគ្រូពេទ្យ គោលការណ៍នៃ​ការសម្អាត គឺជាវិធីមួយដែលល្អបំផុត ដើម្បីការពារការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចបាន។

    ចំណុចគួរប្រយ័ត្ន ៖ បើទងផ្ចិត និងស្រទាប់ស្បែកជុំវិញឡើងពណ៌ក្រហម និងមានធំក្លិន នោះបញ្ជាក់ថា អាចមានឆ្លងមេរោគ ឬបើសង្កេតឃើញផ្ចិតរបស់កូនឡើងសើម ផ្ចិតរលាកក្លាយ មានឈាមចេញមកតាមផ្ចិត…អ្នកម្តាយគួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ផ្ចិតប៉ោង ឬទុលឡើង អ្នកម្តាយមិនគួរកង្វល់បារម្ភឡើយ ព្រោះផ្ចិតនឹងរួញចូលវិញដោយឯកឯងក្នុងអំឡុងពេល 2 – 3ខែ ឬមានទារកខ្លះអាចយូរដល់ 1ឆ្នាំក៏មាន។

    ស្បែក : ទារកក្នុងវ័យទើបនឹងកើត អ្នកម្តាយអាចសង្កេតឃើញថា នៅលើស្បែករបស់កូនមានស្នាមអុចៗក្រហមៗពេញ​ខ្លួន ដែលភាគច្រើននឹងរលប់បាត់ទៅវិញដោយឯកឯងនៅពេលដែលធំឡើងជាបណ្តើរៗ តែស្នាមដែលបង្ហាញពីភាពខុសប្រក្រតីខ្លះ ដូចជា ស្នាមនៅលើមុខ ស្នាមនៅលើកំប៉េះគូទ គួរតែប្រញាប់រកមើលមូលហេតុ និងមើលថែទាំតាមអាការ។

    ចំណុចគួរប្រយ័ត្ន ៖ ភាពស្អាតបាតមានអនាម័យ គឺជារឿងសំខាន់ណាស់សម្រាប់ស្បែករបស់ទារក ដូច្នេះបើឃើញមានស្នាមដែលគួរឱ្យសង្ស័យ ដូចជាស្នាមនៅលើគូទ ជាដើម គួរតែសម្អាត ឬជូតឱ្យស្អាត និងផ្លាស់កន្ទបឱ្យរៀងរាល់ពេលបន្ទាប់ពី​ទារកបន្ទោបង់រួច និងមិនគួរស្លៀកខោទឹកនោមគ្រប់ពេលវេលានោះទេ គួរស្លៀកក្រណាត់កន្ទបផាឌិប ឬក៏ឱ្យស្បែកកូនបានប៉ះនឹងខ្យល់អាកាសខ្លះផង៕