Tag: ឆ្លាតវៃ

  • 5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យ គឺជារឿងដែលឪពុកម្ដាយជាច្រើននឹកសង្ឃឹមទុក ព្រោះចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ អាចរស់នៅក្នុងពិភពដ៏ធំទូលាយនេះបានយ៉ាងល្អឥតខ្ចោះ និងមានសេចក្ដីសុខ។ ថ្ងៃនេះ អ្នកគ្រូ ឆវីសូមអញ្ជើញលោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលទាំងអស់មកមើលពី 5 វិធីក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយអាចជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សធំម្នាក់ដែលល្អឥតខ្ចោះ និងទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។

    1 . ឱ្យកូនជួយធ្វើការងារផ្ទះបន្តិចបន្តួច

    លទ្ធផលនៃការស្រាវជ្រាវវិភាគមកពីក្រៅប្រទេស បានរកឃើញថា ការបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការងារផ្ទះត្រឹមតែបន្តិចបន្តួចនោះ នឹងជួយឱ្យពួកគេទទួលជោគជ័យក្នុងជីវិតបាន ដែលការងារនេះនឹងជួយក្នុងរឿងនៃការបណ្ដុះភាពទទួលខុសត្រូវ និងជួយឱ្យក្មេងៗចេះពឹងពាក់លើខ្លួនឯង។

    អ្នកជំនាញការម្នាក់មកពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ និងជាអ្នកនិពន្ធសៀវភៅ How to Raise an Adult បានរៀបរាប់ថា ការឱ្យក្មេងៗមានចំណែករួមក្នុងការធ្វើការងារផ្ទះ ដូចជា លាងចាន យកសំរាមទៅចោល ស្រោចទឹកផ្កា ឬបោកខោអាវរបស់ខ្លួនឯងជាដើមនោះ នឹងជួយឱ្យពួកគេស្គាល់ពីតួនាទីរបស់ខ្លួនឯងដែលគួរមានចំពោះសួនរួម។ ជាការបណ្ដុះភាពទទួលខុសត្រូវ និងជួយហ្វឹកហាត់ការពឹងពាក់លើខ្លួនឯងបាន។ នៅពេលក្មេងៗធំធាត់ឡើង ពួកគេនឹងក្លាយជាមនុស្សធំដ៏ល្អ មានជំនាញក្នុងការធ្វើការងាររួមជាមួយអ្នកដទៃ មានការយល់ចិត្តយល់ថ្លើម យល់ពីអារម្មណ៍អ្នកដទៃច្រើនឡើង ឧស្សាហ៍ព្យាយាម ស៊ូនឹងការងារ និងថែមទាំងអាចធ្វើការងារបានយ៉ាងសម្បូរបែបដោយប្រើពេលវេលារៀនយល់ដឹងតែបន្តិចទៀតផង។

    2 . ឱ្យកូនស្គាល់ពីការព្យាយាម និងហ៊ានប្រឈមនឹងការបរាជ័យ

    “ការបរាជ័យ គឺជាគ្រូដ៏ល្អរបស់ភាពជោគជ័យ” តែក្មេងៗប្រហែលជាមិនយល់អំពីប្រយោគនេះទេ។ បើលោកឪពុកអ្នកម្ដាយមិនធ្លាប់បង្រៀនឱ្យពួកគេស្គាល់ពីការបរាជ័យ ឬការខកបំណងទេនោះ តាមរយៈការវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្ដាយឱ្យកូនបានរៀនយល់ដឹង និងហ៊ានប្រឈមជាមួយនឹងការបរាជ័យ នឹងហុចផលឱ្យគេមានការព្យាយាម និងចេះបត់បែនក្នុងការរស់នៅខ្លាំងឡើង។ ក្រៅពីនេះឪពុកម្ដាយគួរបង្រៀនឱ្យកូនចេះចាត់ការជាមួយអារម្មណ៍របស់ខ្លួនឯង ឱ្យគេចេះគ្រប់គ្រងសតិ និងអារម្មណ៍ មិនឱ្យភាពតានតឹងធុញថប់មួម៉ៅមកកាត់បន្ថយកម្លាំងចិត្តបានឡើយ បើទោះជាជួបតែក្ដីអស់សង្ឃឹម និងក្ដីបរាជ័យរហូតក៏ដោយ។

    3 . ឱ្យកូនៗស្គាល់ពីការចូលសង្គម និងសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ

    បច្ចុប្បន្នជំនាញការចូលសង្គម អាចរាប់បានថា ជាផ្នែកមួយសំខាន់ដែលជួយអភិវឌ្ឍភាពឆ្លាតវៃដល់កូនៗ ដែលតាមរយៈការសិក្សាស្រាវជ្រាវរបស់បរទេសបានរកឃើញថា ក្មេងដែលមានជំនាញក្នុងការចូលសង្គមដែលល្អ មានសម្ព័ន្ធភាពដែលល្អជាមួយមិត្តភ័ក្តិបងប្អូន នឹងមានឱកាសទទួលបានជោគជ័យក្នុងជីវិតច្រើន ដោយសារតែក្មេងនឹងស្គាល់ពីការរស់នៅរួមជាមួយអ្នកដទៃ ស្គាល់ពីការធ្វើការងារជាក្រុម យល់ពីចិត្ត និងអារម្មណ៍របស់អ្នកដទៃ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទៀតផង។

    4 . តាំងគោលដៅរឿងការរៀនសូត្ររបស់កូន

    ឪពុកម្ដាយដែលផ្ដល់ចំណាប់អារម្មណ៍លើរឿងការសិក្សារៀនសូត្ររបស់កូន នឹងជួយបើកផ្លូវ និងរុញច្រានឱ្យកូនឈានឆ្ពោះទៅរកភាពជោគជ័យបាននាពេលអនាគត។ លើកឧទាហរណ៍ដូចជា បើសិនឪពុកម្ដាយនឹកសង្ឃឹមឱ្យកូនបានទទួលការសិក្សារៀនសូត្ររហូតដល់កម្រិតបរិញ្ញាបត្រ ពួកគេក៏នឹងមានសញ្ញាថានឹងរៀនបានចប់មហាវិទ្យាល័យ ដោយឪពុកម្ដាយជាអ្នកចាត់ការ និងរៀបផែនការអនាគតឱ្យទៅកូនៗតាំងពីនៅតូចៗ ហើយពួកគេក៏នឹងដឹងពីតួនាទីរបស់ខ្លួនថា ពេលនេះគួរធ្វើអ្វី និងធ្វើដើម្បីអ្វី។ ជាការសាងកម្លាំងដឹកនាំចិត្តដល់កូន ឱ្យគេមានអារម្មណ៍សប្បាយរីករាយ មានកម្លាំងជំរុញចិត្ត និងយកចិត្តទុកដាក់លើការរៀនសូត្រកាន់តែខ្លាំងឡើង ដើម្បីរូបគេខ្លួនឯងនាពេលអនាគត។

    5 . ឪពុកម្ដាយគួរធ្វើជាគំរូដ៏ល្អដល់កូនៗ

    ការដែលចង់ឱ្យកូនទទួលបានភាពជោគជ័យ ឪពុកម្ដាយក៏គួរធ្វើឱ្យកូនមើលឃើញជាគំរូថា ទម្រាំតែឪពុកម្ដាយរបស់គេទទួលបានភាពជោគជ័យក្នុងជីវិតនោះ ត្រូវឆ្លងកាត់ឧបសគ្គអ្វីមកខ្លះ ត្រូវមានភាពស៊ូទ្រាំអត់ធន់ មានក្ដីព្យាយាម និងមានតួនាទីក្នុងសង្គមយ៉ាងណា?។ នៅពេលគេបានឃើញពីអ្វីដែលឪពុកម្ដាយបានធ្វើជាប្រចាំរាល់ថ្ងៃហើយនោះ ក្មេងៗក៏នឹងកើតការជ្រួតជ្រាប និងធ្វើតាម កើតជាទង្វើការរៀនយល់ដឹងដែលនាំឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យក្នុងជីវិតនេះ មិនមែនជារឿងងាយឡើង តែក៏មិនមែនជារឿងដែលពិបាកហួសនឹងធ្វើបានដែរ គ្រាន់តែលោកឪពុកអ្នកម្ដាយត្រូវមានពេលវេលាយកចិត្តទុកដាក់ចំពោះកូនឱ្យបានច្រើនឡើង មានការអប់រំផ្គុំនិស្ស័យដ៏ល្អ រួមទាំងធ្វើជាគំរូដ៏ល្អដល់កូនៗប៉ុណ្ណោះ តែលោកឪពុកអ្នកម្ដាយក៏មិនគួរតឹងរ៉ឹងម៉ឺងម៉ាត់ជាមួយកូនជ្រុលពេកដែរ បង្ហាត់ប្ងរៀនជាបណ្ដើរៗ កែសម្រួលទង្វើរបស់កូនម្ដងបន្តិចៗជាបណ្ដើរៗ និងដែលសំខាន់បំផុតនោះគឺ កុំភ្លេចផ្ដល់សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារផង៕

  • គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។

    យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ

    1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ

    កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។

    2 . ឱ្យកូនបានឮនូវអ្វីដែលល្អ

    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក ឬម្ដាយដែលកំពុងពគេ។ គេនឹងតាំងចិត្តស្ដាប់សំឡេងផ្សេងៗដែលបន្លឺមករកគេ ដូច្នេះ សំឡេង ឬពាក្យសម្ដីផ្សេងៗដែលមិនល្អ ជាពិសេសពាក្យលាន់មាត់ ពាក្យជេរបញ្ចោរដែលច្រើនតែជាពាក្យខ្លីៗ(1 – 2 ម៉ាត់)នឹងក្លាយជាពាក្យដែលក្មេងបឋមវ័យអាចចងចាំបានយ៉ាងងាយ ដូច្នេះបើមិនចង់ឱ្យកូននិយាយស្ដីអាក្រក់ស្ដាប់ ឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែង កុំប្រើពាក្យសម្ដីណាដែលមិនល្អឱ្យក្មេងបានឮ។ កុំគិតថា កូននៅតូច នៅមិនទាន់ស្ដាប់យល់ឱ្យសោះ ព្រោះក្មេងអាចចងចាំលក្ខណៈការបញ្ចេញសំឡេងខ្លីៗទាំងនោះ និងអាចនិយាយចេញមកដោយមិនដឹងពីអត្ថន័យបាន ដែលទម្រាំឪពុកម្ដាយដឹងថា កូនរបស់ខ្លួនធ្លាប់មាត់នឹងពាក្យសម្ដីអាក្រក់ ជេរបញ្ចោរទាំងនោះ អាចនឹងពិបាកកែកុនក៏ថាបានដែរ។

    3 . ឱ្យកូនលេង និងធ្វើកិច្ចការងារល្អៗ

    ក្មេងក្នុងបឋមវ័យច្រើនតែចូលចិត្តលេងដែលជាធម្មជាតិរបស់កុមារ។ ឪពុកម្ដាយដែលយល់ដឹងពីវិវឌ្ឍនាការរបស់កូនក៏អាចនឹងរកមើលកិច្ចការងារណា ឬការលេងណាដែលស៊ីគ្នាជាមួយនឹងអំឡុងអាយុរបស់កូនបានដែរ។ ក្រៅពីនោះ ការលេងរបស់កុមារនេះនឹងក្លាយជាការរៀនយល់ដឹងដែលជំរុញប្រព័ន្ធប្រសាទទាំង 5 របស់គេបានយ៉ាងល្អ។

    4 . ផ្ដល់ការអប់រំបង្ហាត់បង្រៀនកូនតាំងពីនៅក្មេង

    ក្មេងក្នុងអំឡុងបឋមវ័យ មានភាពចង់ដឹងចង់ឃើញគ្រប់ពេលវេលា គេនឹងមានភាពក្លៀវក្លាស្វាហាប់ក្នុងការរៀនយល់ដឹងគ្រប់អ្វីៗដែលនៅជុំវិញខ្លួន ដូច្នេះការអប់រំបង្ហាត់បង្រៀនគឺជារឿងចាំបាច់ណាស់ ដោយការបង្ហាត់បង្រៀននោះគួរជាការបង្ហាត់បង្រៀនក្នុងលក្ខណៈអធិប្បាយ មិនមែនជាការបញ្ជា ឬហាមនោះទេ។ ទោះជាក្មេងក្នុងវ័យនេះនៅមិនទាន់អាចយល់នូវអ្វីដែលឪពុកម្ដាយអធិប្បាយបានទាំងអស់ក៏ដោយ តែការអធិប្បាយឱ្យកូនបានស្ដាប់តាំងពីតូច ឬបណ្ដោយឱ្យគេបានសាកល្បងធ្វើដោយខ្លួនឯង(ជាកិច្ចការងារដែលមិនបង្កគ្រោះថ្នាក់) ហើយឪពុកម្ដាយនៅចាំណែនាំចង្អុលបង្ហាញថា ហេតុអ្វីបានក្លាយជាបែបហ្នឹង នឹងថ្វើឱ្យកុមារអាចរៀនយល់ដឹង និងយល់ច្បាស់បានយ៉ាងឆាប់រហ័សជាងការបង្ហាត់បង្រៀនបែបប្រើពាក្យសម្ដីតែម្យ៉ាង ដូចជា ការបង្ហាត់កូនឱ្យចេះដុសធ្មេញ ដោយប្រើសម្ភារប្រដូច ដូចជាធ្មេញក្លែងក្លាយជាដើម។ ឱ្យកូនបានហាត់កាន់ច្រាសដុសធ្មេញដោយខ្លួនឯង និងឪពុកម្ដាយចង្អុលបង្ហាញថា ហេតុអីបានត្រូវដុសធ្មេញ ហេតុអីបានត្រូវកាន់ច្រាសដុសធ្មេញបែបហ្នឹង និងដុសរបៀបម៉េច ជាដើម៕

  • ចិន​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ឆ្លាតវៃ (AI helmets) ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​ Covid-19

    ចិន​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ឆ្លាតវៃ (AI helmets) ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​ Covid-19

    ប្រទេស​ចិន៖ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ បាន​ស្រាវជ្រាវ​ និង​បង្កើត​មួយ​សុវត្ថិ​ភាព​ឆ្លាតវៃ​​ដែល​អាចជួយ​សមត្ថ​កិច្ច​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ Covid-19។ នេះ​បើ​តាម​ Tech Times។

    ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Kuang-Chi នៅ​ក្នុង​តំបន់​ Shenzhen បាន​ឧទ្ទេស​នាម​មួក​សុវត្ថិ​ភាព​ឆ្លាត​វៃ​មួយ​ប្រភេទ​ ដែល​អនុញ្ញាត​ឱ្យស្កេនរហ័សដើម្បី​​​ស្វែង​រក​​​អ្នក​ដែល​មាន​កម្ដៅ​ខ្លួន​ខ្ពស់​នៅ​ក្នុង​ហ្វូង​មនុស្ស​ ដែល​នេះ​ជួយ​ឱ្យ​សមត្ថ​កិច្ច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​របស់​មេរោគ​​កូរ៉ូណា​។ ក្រៅ​ពី​នេះ មួក​សុវត្ថិ​ភាព​ឆ្លាត​វៃ​ AI helmets
    នេះក៏​អាច​ស្កេន​ QR កូដ និង​ស្គាល់ ឬ​ចំណាំ​ផ្ទៃ​មុខ​មនុស្ស​ក្នុង​រយៈ​ចម្ងាយ​5ម៉ែត្រ​ផងដែរ។ មួក​នេះ​ក៏​មាន​បំពាក់​បច្ចេក​វិទ្យា​ 5G Wi-Fi និង Bluethooth ព្រម​ទាំងមាន​​ភ្ជាប់​វ៉ែនតា​ VR(virtual reality)​ ទៀត​ផង។

    ផលិត​ផល​របស់ Kuang-Chi បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​2019 ប៉ុន្តែ វា​ទើប​តែ​​ត្រូវ​បាន​ប្រើ​ប្រាស់​​ច្រើន​នៅ​ក្នុង​តំបន់​សៀង​ហៃ និង​បណ្ដា​ទីក្រុង​មួយ​ចំនួន​ទៀត​របស់​ចិន​។ នេះ​គឺជា​ផលិត​ផល​​មួយ​ក្នុង​ចំណោម​ផលិត​ផល​ដែល​ទទួល​បាន​ជំនួយ​ពី​រដ្ឋា​ភិបាល​ចិន​។

    ក្រុម​ហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត​របស់​ចិន ក៏​កំពុង​តែស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​ផលិត​ផល​ដែល​អាច​ស្កេន​កម្ដៅ​ខ្លួន​ដោយ​ប្រើ​ពេល​ខ្លី​បំផុត​។ ប្រព័ន្ធ​ស្វែង​រក​អ្នក​ដែល​មាន​កម្ដៅ​ខ្លួន​ខ្ពស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ Baidu និង Megvii នេះ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​តាម​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី​ក្នុង​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស