Tag: ឆ្នោត

  • អនាគត​បេក្ខភាព​ប្រធាន​ FAT របស់​ថៃ​៖ «បើ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង»

    អនាគត​បេក្ខភាព​ប្រធាន​ FAT របស់​ថៃ​៖ «បើ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង»

    អតីត​កីឡាករ​ឆ្នើម Piyapong Pew On ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​សម្រាប់​តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​ថៃ​។

    យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថៃ (FAT) ត្រូវ​ធ្វើ​ឡើង​នៅ​​ខែ​មេសា ឆ្នាំ 2024 ប៉ុន្តែ​ស្ថានការណ៍​ប្រែ​ប្រួល​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ កំពុង​តែ​ឡើង «​កម្ដៅ​»។ Piyapong Pew On ដែល​ជា​អតីត​កីឡាករ​ឆ្នើម​របស់​បាល់​ទាត់​ថៃ នឹង​ក្លាយ​ជា​​បេក្ខភាព​​​សម្រាប់​​តំណែង​នេះ​។

    ចែក​រំលែក​អំពី​ការ​សម្រេច​ចិត្ត​ខាងលើ លោក Piyapong Pew On បាន​បង្កការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ប្រកាស​ថា នឹង​លាលែង​ពី​តំណែង​ បើ​សិន​មិន​អាច​ជួយ​ឱ្យ​បាល់​ទាត់​ថៃបាន​​ចូល​រួម​ប្រកួត​នៅ​ World Cup។

    «… ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​កាន់​តំណែង​ប្រធាន​ FAT​។ បើ​សិន​សមាជិក​ សមាជិកា​គាំទ្រ​ ខ្ញុំ​សន្យា​ចំពោះ​គ្រប់​គ្នា​ថា នឹង​បំពេញ​កាតព្វកិច្ច​ក្នុង​រង្វង់​បួន​ឆ្នាំ​។ បើ​សិន​ក្រុម​ជម្រើស​ជាតិ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ ហើយ​ធ្វើ​កិច្ច​ការ​ក្នុង​វិស័យ​បាល់​ទាត់​ជាមួយ​នឹង​តួនាទី​ផ្សេង» អតីត​កីឡាករ​ឆ្នើម​របស់​ប្រទេស​ថៃ លោក Piyapong Pew On អះអាង​ដូច្នេះ​។

    លោក Piyapong Pew On បញ្ជាក់​ថា លោក​មិន​ប្រជែង​ដើម្បី​មុខ​​តំណែង​ ប៉ុន្តែ​លោក​មាន​ភាព​ម៉ឺង​ម៉ាត់​ដោយ​រំពឹង​ថា​នឹងអភិវឌ្ឍ​ និង​បង្កើត​វប្បធម៌​បាល់​ទាត់​ថៃ​ទៅ​តាម​ស្មារតី​ «ភាព​ត្រឹម​ត្រូវ​ ភាព​ស្មោះ​ត្រង់ តម្លាភាព​ និង​មាន​ការ​ផ្ទៀង​ផ្ទាត់​»។

    លោក Piyapong Pew On ក៏​ជា​អ្នក​ដែល​បាន​រិះ​គន់​ទៅលើ​ក្រុម​គ្រូបង្វឹក​របស់​ក្រុម​បាល់​ទាត់​ U22 ថៃ នៅ​ក្នុង​ករណី​វាយ​តប់​គ្នា​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​ទី 32 រវាង​ U22 ថៃ និង U22 ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ 16 ខែ​ឧសភា 2023​។

    លោក Piyapong Pew On

    «ករណី​ហិង្សា​កើត​ឡើង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី។ នោះ​គឺជា​រឿង​ដែល​កីឡាករ​ថៃ​ត្រូវ​រៀន​សូត្រ ពិសេស​គឺ​ការ​គ្រប់​គ្រង​កំហឹង។ ប៉ុន្តែ នោះ​គឺជា​បញ្ហា​ដែល​មិន​គួរ​កើតឡើង​ និង​មិន​អាច​លើក​លែង​ទោស​ នៅ​ពេល​ក្រុម​គ្រូបង្វឹក​ទាំង​មូល​សម្រុក​ចូល​បង្ក​ហេតុ​ជាមួយ​ឥណ្ឌូណេស៊ី​។ ពួក​គេ​គួរ​ណាស់​តែ​រារាំង​កីឡាករ​ក្មេងៗ​ តែ​បែរ​ជា​ធ្វើ​ឱ្យ​មាន​កំហុស​ដោយខ្លួន​ឯង​ទៅ​វិញ​» លោក Piyapong Pew On ថ្លែង​ដូច្នេះ​។

    លោក Piyapong Pew On បន្ថែម​ថា «ទោះជា​យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​គ្រូបង្វឹក​ ថៃ​ត្រូវ​ការ​មនុស្ស​ហ្មត់ចត់​ជាង​ដើម្បី​ដឹក​នាំ​ក្រុម​កីឡាករ​ក្មេង មិន​ដូច្នេះ​ទេ យើង​នឹង​ត្រូវ​បាន​បំផ្លាញ​ដូច​នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​នេះ​»​។

    លោក Piyapong Pew On អាច​នឹង​ត្រូវ​ប្រកួត​ប្រជែង​ដណ្ដើម​តំណែង​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថៃ ជាមួយ​នឹង​អតីត​ប្រធាន​ FAT លោក Worawee Makudi អាយុ 72 ឆ្នាំ​។ កន្លង​មក លោក Worawee Makudi ​ក៏​​បាន​បញ្ជាក់​ថា នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាពសម្រាប់​តំណែង​នេះ​ជា​ថ្មី​​ បើ​ទោះ​ផ្ទុយ​ពី​ការ​កំណត់​ដែល​ហាម​បេក្ខភាព​ដែល​មាន​អាយុ​លើស​ពី 70 ឆ្នាំ​។ ប្រធាន FAT បច្ចុប្បន្នដែល​ត្រូវ​ចប់​អាណត្តិ​នៅ​ខែ​កុម្ភៈ ឆ្នាំ 2024​ ​គឺ​លោក Somyot Poompanmoung​៕

  • ត្រូវ​ឆ្នោត​តម្លៃ ១លាន​ដុល្លារ​អាម៉េរិក ដោយសារ​អំណោយ​ក្នុង​ថ្ងៃបុណ្យ​ណូអែល

    ត្រូវ​ឆ្នោត​តម្លៃ ១លាន​ដុល្លារ​អាម៉េរិក ដោយសារ​អំណោយ​ក្នុង​ថ្ងៃបុណ្យ​ណូអែល

    (សហរដ្ឋ​អាម៉េរិក)-និស្សិត​ម្នាក់​នៅ​សាកលវិទ្យាល័យ Virginia បាន​ត្រូវ​ឆ្នោត​តម្លៃ ១ លាន​ដុល្លារ​អាម៉េរិក ពី​អំណោយ​ដែល​ម្ដាយ​បានឱ្យ​ក្នុង​ថ្ងៃបុណ្យ​ណែ​អែល ឆ្នាំ ២០២១។

    Brian Donohue ដែលជា​និស្សិត​ម្នា​ក់នៅ​សាកលវិទ្យាល័យ Virginia ក្រោក​ពី​គេង​ក្នុង​ថ្ងៃបុណ្យ​ណែ​អែល ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​សន្លឹកឆ្នោត Bank a Million ១ សន្លឹក នៅក្នុង​ចំណោម​កាដូ​ដែល​ខ្លួន​បានទទួល​ពី​ម្ដាយ។ ម្ដាយ​របស់ Brian បាន​ទិញ​សន្លឹកឆ្នោត​នេះ​កាលពី​ថ្ងៃទី ២២ ធ្នូ ២០២១ ពី​ហាង​ទំនិញ​មួយ​នៅ Okaton។

    Brian បាន​ផ្ទៀង​លេខឆ្នោត ហើយក៏​ឃើញថា លេខ ៤-៨-២១-២៥-៣២-៣៥ គឺជា​លេខ​ត្រូវ​រង្វាន់​តម្លៃ ១ លាន​ដុល្លារ​ក្រោយ​ការបង់ពន្ធ។ កំលោះ​នេះ​បាន​ទៅ​ទទួល​ប្រាក់រង្វាន់​កាលពី​ថ្ងៃទី ២៧ ធ្នូ ២០២១ ប៉ុន្តែ រហូតដល់​យប់​ថ្ងៃទី ៦ មករា ២០២២ ​ទើប​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ។ Brian ឱ្យដឹងថា នឹង​ប្រើប្រាស់​លុយ​នេះ​ដើម្បី​បង់ថ្លៃ​សាលារៀន។

    ឆ្នោត Bank a Billion ត្រូវបាន​បោះផ្សាយ​ផ្ដាច់មុខ​នៅ Virginia និង​ចាប់​រង្វាន់​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍​រៀងរាល់​សប្ដាហ៍ នៅវេលា​ម៉ោង ២។ រង្វាន់​ធំជាងគេ​រួមមាន ១ លាន​ដុល្លារ, កន្លះ​លាន​ដុល្លារ និង ២៥០,០០០ ដុល្លារ ក្រោយ​ការបង់ពន្ធ​រួច។ អត្រា​នៃ​ការ​ត្រូវ​រង្វាន់​ធំជាងគេ​គឺ ១/៣.៨ លាន មានន័យថា ក្នុងចំណោម​សន្លឹកឆ្នោត​ចំនួន ៣,៨០០,០០០ សន្លឹក គឺមាន ១ សន្លឹក​ជា​រង្វាន់​ធំជាងគេ៕

  • ត្រូវ​ឆ្នោត​ពិសេស​ តម្លៃ​ជាង​200​លាន​ដុល្លារ​អាមេរិក​នៅ​​ក្នុង​រដ្ឋ ​New Jersey

    ត្រូវ​ឆ្នោត​ពិសេស​ តម្លៃ​ជាង​200​លាន​ដុល្លារ​អាមេរិក​នៅ​​ក្នុង​រដ្ឋ ​New Jersey

    ពលរដ្ឋម្នាក់នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក បានត្រូវឆ្នោតប្រភេទពិសេស ដែលមានតម្លៃដល់​ទៅ​202​លាន​ដុល្លារអាមេរិករបស់ក្រុមហ៊ុនឆ្នោត Mega Millions ប៉ុន្តែសម្រេចចិត្ត សុំមិនបង្ហើបឱ្យដឹងអត្តសញ្ញាណ។

    ម្ចាស់សន្លឹកឆ្នោតដ៏មានសំណាងរូបនេះ បានទៅទទួលប្រាក់រង្វាន់កាលពីពេលថ្មីកន្លងទៅនេះ និងបានក្លាយជាពលរដ្ឋដំបូងគេបង្អស់នៅក្នុងរដ្ឋ New Jersey ដែលទទួលប្រាក់ដោយមិនត្រូវបានបញ្ចេញអត្តសញ្ញាណ។ នេះបើតាមមន្ត្រីស្ថាប័នឆ្នោតនៅមូលដ្ឋាន ដែលបានឱ្យដឹងកាលពីថ្ងៃទី29កញ្ញា។

    សូមបញ្ជាក់ថា ការអនុញ្ញាតឱ្យអ្នកត្រូវឆ្នោត លាក់បាំងអត្តសញ្ញាណនេះ ត្រូវបានធ្វើឡើងដោយយោងទៅតាមច្បាប់ថ្មីមួយអនុម័តកាលពីខែមករា ដោយបានចែងថា ពលរដ្ឋទាំងអស់់មានសិទ្ធិស្នើសុំមិនបញ្ចេញឈ្មោះ នៅពេលពួកគេត្រូវឆ្នោត Mega Millions នៅក្នុងរដ្ឋ New Jersey ដើម្បីចៀសវាងការចាប់អារម្មណ៍ពីសាធារណជន។ បន្ទាប់ពីការអនុម័តច្បាប់ខាងលើបានជិត1ខែ ឆ្នោត Mega Millions ក៏មានអ្នកត្រូវរង្វាន់ពិសេស ហើយការត្រូវរង្វាន់នោះក៏ត្រូវបានប្រកាសកាលពីថ្ងៃទី12កុម្ភៈ។

    មន្ត្រីក្រុមហ៊ុនឆ្នោតនៅ New Jersey បានចេញសេចក្ដីប្រកាសឱ្យដឹងថា អ្នកមានសំណាងបានមើលការចេញឆ្នោតលទ្ធផលឆ្នោតតាមរយៈ Facebook នៅពេលកំពុងធ្វើការ ហើយបានស្វែងរកសន្លឹកឆ្នោតនៅក្នុងរថយន្តដើម្បីផ្ទៀងផ្ទាត់។ “អ្នកត្រូវឆ្នោតពិតជារំភើបជាខ្លាំង ប៉ុន្តែគាត់ព្យាយាមបន្លប់ចិត្តរបស់ខ្លួន ដើម្បីត្រលប់ចូលធ្វើការតាមធម្មតា ខណៈដែលក្នុងចិត្តកំពុងគិតពិចារណា និងការបង្កើតផែនការ”។

    ផ្ទាំង​ឃោសនា​ពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន​ឆ្នោត​ Mega Millions

    James Carey ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនឆ្នោតនៅ New Jersey បានធ្វើដំណើរទៅកាន់ហាងលក់អាហារមួយកន្លែងនៅក្នុងទីក្រុង Edison ដែលជាអ្នកលក់សន្លឹកឆ្នោតសំណាងនោះ នៅក្នុងយប់នោះតែម្ដង និងបានផ្ដល់ប្រាក់កម្រៃជើងសាចំនួន 30,000ដុល្លារដល់ម្ចាស់ហាងទាំង2នាក់នោះ។

    James Carey បានណែនាំថា៖ “យើងតែងតែនិយាយប្រាប់អ្នកគ្រប់គ្នាថា នៅពេលត្រូវឆ្នោត សូមស៊ីញ៉េឈ្មោះលើផ្នែកខាងក្រោយនៃសន្លឹកឆ្នោតនោះជាបន្ទាន់។ ក្រោយមក ចូររក្សាវាទុកក្នុងទីសុវត្ថិភាពបំផុត រួចពិភាក្សាជា​មួយ​​មេធាវី និងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ ហើយមករកយើងខ្ញុំដើម្បីបង្ហាញសន្លឹកឆ្នោតនោះ”។

    ពលរដ្ឋមហាសំណាងថ្មីនេះ បានធ្វើតាមការណែនាំរបស់ភាគីក្រុមហ៊ុន ដោយបានចុះហត្ថលេខាលើសន្លឹកឆ្នោត ទៅជួបមេធាវី រួចក៏ទទួលបានការណែនាំអំពីវិធីល្អបំផុតដើម្បីធានាសុវត្ថិភាពទៅលើទ្រព្យសម្បត្តិថ្មីនេះ។

    សូមបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានតែរដ្ឋមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាតឱ្យអ្នកត្រូវឆ្នោតលាក់អត្តសញ្ញាណរបស់ខ្លួន ក្នុងនោះមានដូចជា រដ្ឋ Delaware, Kansas, Maryland, North Dakota, Ohio និង Carolina ជាដើម៕

    ប្រភព៖ NBC News

  • មហាសែនសំណាង! ទិញឆ្នោត 1សន្លឹកតម្លៃ 2ដុល្លារ ត្រូវរង្វាន់ធំ ជាង 200លានដុល្លារអាមេរិក

    មហាសែនសំណាង! ទិញឆ្នោត 1សន្លឹកតម្លៃ 2ដុល្លារ ត្រូវរង្វាន់ធំ ជាង 200លានដុល្លារអាមេរិក

    អ្នកលេងឆ្នោតដ៏មហាសែនសំណាងម្នាក់នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក បានទិញឆ្នោត Mega Millions 1សន្លឹក ហើយក៏បានត្រូវរង្វាន់កម្រិតពិសេស តម្លៃ 202លានដុល្លារអាមេរិក។

    សន្លឹកឆ្នោតដែលត្រូវរង្វាន់ធំខាងលើនេះ ត្រូវបានលក់ចេញពីហាង Quick Stop នៅក្នុងផ្សារទំនើប Inman Plaza នាទីក្រុង Edison នៃរដ្ឋ New Jersey សហរដ្ឋអាមេរិក។

    ខ្ទង់លេខដ៏មហាសែនសំណាងដែលត្រូវបានប្រកាសក្នុងការបង្វិលចាប់រង្វាន់កាលពីយប់ថ្ងៃទី11កុម្ភៈនោះ មានលេខ 4, 6, 32, 52, 64 ដោយមានលេខ Gold Mega Ball 6ខ្ទង់។

    ចំពោះប្រាក់រង្វាន់ បើសិនអ្នកឈ្នះរង្វាន់បើកយកតែ 1លើកចប់ នឹងទទួលបានត្រឹមតែ 142លានដុល្លារប៉ុណ្ណោះ តែបើសិនបើកយកប្រាក់រង្វាន់នោះក្នុង1ឆ្នាំម្ដង អ្នកឈ្នះរង្វាន់នោះ នឹងទទួលបានដល់ទៅ 202លានដុល្លារ។

    ហាង Quick Stop ធ្លាប់លក់ឆ្នោតដែលបានឈ្នះរង្វាន់ជាច្រើនលើកមកហើយ សូម្បីតែម្ចាស់ហាងខ្លួនឯង គឺលោក Apexaben Patel ក៏ធ្លាប់បានត្រូវរង្វាន់ផងដែរ ហើយដោយសារតែបានលក់សន្លឹកឆ្នោតត្រូវរង្វាន់នេះ ម្ចាស់ហាង Quick Stop ក៏ទទួលបានប្រាក់រង្វាន់ពីក្រុមហ៊ុនឆ្នោតនៃរដ្ឋ New Jersey ចំនួន 30,000ដុល្លារដែរ។

    លោក James Carey ដែលជាអគ្គនាយកនៃក្រុមហ៊ុនឆ្នោតរដ្ឋ New Jersey បានឱ្យដឹងថា ៖ “កាលពីឆ្នាំមុន យើងបានផ្ដល់ប្រាក់កម្រៃជើងសាចំនួនជាង 180លានដុល្លារទៅឱ្យក្រុមអ្នកលក់រាយរបស់យើង”។

    យោងតាមច្បាប់ថ្មីរបស់រដ្ឋ New Jersey អ្នកដែលបានត្រូវឆ្នោត មានសិទ្ធិលាក់អត្តសញ្ញាណរបស់ខ្លួន ដូច្នេះហើយ ទើបមកដល់ពេលនេះ គេមិនទាន់ស្គាល់ពីអត្តសញ្ញាណរបស់អ្នកត្រូវឆ្នោតនោះនៅឡើយ។

    នេះ គឺជារង្វាន់ពិសេសដំបូងរបស់ឆ្នោត Mega Millions ចាប់តាំងពីខែធ្នូ ឆ្នាំ2019មក។ កាលពីខែធ្នូ ឆ្នាំ2019 អ្នកដែលបានក្លាយជាមនុស្សមហាសែនសំណាងម្នាក់ គឺជាអ្នករស់នៅក្នុងរដ្ឋ Ohio ក៏បានត្រូវឆ្នោត Mega Millions នេះដែរ ហើយទទួលបានប្រាក់រង្វាន់ឡើងដល់ 375លានដុល្លារឯណោះ។

    ឆ្នោត Mega Millions មានវត្តមាននៅក្នុងរដ្ឋចំនួន 45 និងរដ្ឋធានីវ៉ាស៊ីនតោន និងប្រជុំកោះ Virgin នៃសហរដ្ឋអាមេរិក។ ឆ្នោតនេះ 1សន្លឹក លក់ក្នុងតម្លៃ 2ដុល្លារ ហើយត្រូវបង្វិលចាប់រង្វាន់រៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ។ រង្វាន់ពិសេសធំបំផុតរបស់ឆ្នោត Mega Millions គឺ 1,537ពាន់លានដុល្លារអាមេរិក។ រង្វាន់ពិសេសធំបំផុតនេះ ធ្លាប់បានប្រគល់ជូនអ្នកលេងដ៏មហាសែនសំណាងម្នាក់ នៅឯរដ្ឋ Carolina ខាងត្បូង កាលពីខែតុលា ឆ្នាំ2018 ម្ដងរួចមកហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស