Tag: ច្រណែន

  • ស្រឡាញ់គ្នាបែបណា ឱ្យគូស្នេហ៍ផ្សេងទៀតនឹកច្រណែន?

    ស្រឡាញ់គ្នាបែបណា ឱ្យគូស្នេហ៍ផ្សេងទៀតនឹកច្រណែន?

    សេចក្តីស្នេហាត្រូវប្រើពេលវេលាជាគ្រឿងពិសោធន៍ថា តើមនុស្សម្នាក់នោះ គេត្រៀមខ្លួននឹងមើលថែទាំ និងយកចិត្តទុកដាក់លើយើងច្រើន ឬតិចប៉ុនណាទៅ? ព្រោះពេលវេលាចំពោះមនុស្សម្នាក់ៗដែលត្រូវសិក្សាមើលចិត្តមើលថ្លើមគ្នានោះ មិនដូចគ្នា ហើយក៏មិនស្មើគ្នាដែរ ដូច្នេះហើយ តើយើងត្រូវធ្វើយ៉ាងណាទៅ ដើម្បីឱ្យសេចក្តីស្នេហារបស់យើងទាំងពីរនាក់ នៅតែស្រឡាញ់គ្នាដូចពីដើម ដោយគ្មានពេលវេលា ឬភាពចន្លោះប្រហោង ចូលមកធ្វើឱ្យអ្នកទាំងពីរកើតមានជម្លោះឡើងនោះ?

    – ធ្វើដូចជាទើបនឹងចាប់ផ្តើមស្គាល់គ្នាថ្មីៗ មិនថាតែអ្នកទើបតែរៀបការជាមួយគ្នាមក 6ខែ ឬ 6ឆ្នាំហើយក៏ដោយ ចូរសាក
    ល្បងរកពេលវេលារឹតចំណងអាពាហ៍ពិពាហ៍ ដោយការបន្លំធ្វើហាក់ដូចជាទើបនឹងស្គាល់គ្នាថ្មីៗម្តងទៅមើល៍ ដើម្បីជាការបញ្ជាក់បន្ថែមពីចំណងស្នេហ៍បានយ៉ាងល្អ។

    – ខ្សែភាពយន្តស្នេហារ៉ូមែនទិកអាចបំផ្លាញជីវិតស្នេហ៍របស់អ្នកបាន នៅពេលណាដែលអ្នកអារម្មណ៍ថា ជីវិតស្នេហ៍របស់
    អ្នកប្រព្រឹត្តទៅមិនដូចនៅក្នុងខ្សែភាពយន្តស្នេហាដែលអ្នកពេញចិត្តនោះ ពេលនោះយើងសូមប្រាប់ថា ជីវិតស្នេហ៍របស់អ្នកចាប់ផ្តើមមានបញ្ហាហើយ។
    – ទ្រឹស្តីភាពទាក់ទាញខាងរូបកាយ ឬរូបសម្ផស្សមិនអាចប្រើការបានរហូតនោះទេ ដឹងទេថា ពេលខ្លះការរស់នៅជាមួយមនុស្សដែលមានរូបសម្ផស្សធម្មតាៗ គ្មានអ្វីលេចធ្លោជាពិសេសនោះគឺជា កូនសោរឆ្ពោះទៅរកសម្ព័នភាពដ៏យូរអង្វែង។
    – ស្នេហាមួយនេះមិនរាប់អានស្រាទេ ទោះជារស់នៅចូលគ្នាចុះប៉ុនណាក៏ដោយ ព្រោះគូស្នេហ៍ខ្លះចប់កណ្តាលទីដោយសាតែស្រាក៏មាន។
    – ចូរប្រើធម៌ត្រជាក់ បើសិននៅសុខៗ ស្រាប់តែស្វាមី ឬភរិយារបស់អ្នកក្តីមួម៉ៅក្រេវក្រោធយ៉ាងខ្លាំង ពេលត្រឡប់មកដល់ផ្ទះនិយាយឡូឡារករឿងឥតឈប់ ជំនួសឱ្យការលេងខ្លាំងៗតបទៅវិញនោះ សូមអ្នកសាកល្បងគិតថា គាត់ច្បាស់ជាមានបញ្ហាពីកន្លែងណាមួយមកហើយបានជាមួម៉ៅក្តៅក្រហាយខ្លាំងបែបនេះ។
    – លេងធ្វីតធើរ៍មានកំណត់ ព្រោះតាមរយៈលទ្ធផលរបស់ការពិនិត្យនៅលើមនុស្សជាច្រើនម៉ឺននាក់ បានសង្កេតឃើញថាបណ្តាពួកអ្នកចូលចិត្តលេងធ្វីតធើរ៍ទាំងឡាយ ច្រើនតែមានជីវិតអាពាហ៍ពិពាហ៍មិនស្ថិតស្ថេរយូរអង្វែង។
    – ភាពស្មើភាគក្នុងជីវិតគូ ព្រោះពេលនេះនារីៗនិយមមានផ្នត់គំនិតដែលគិតថា បុរស និងស្រ្តីស្មើភាពគ្នា មានសិទ្ធិ និងតួនាទីក្នុងកម្រិតដូចគ្នានោះ កំពុងតែប្រែក្លាយទៅជាភាពរ៉ូមែនទិកថ្មីមួយទៀតដែលនារីយុគសម័យនេះត្រូវការ។
    – បញ្ឈប់ទង្វើធ្វើត្រាប់តាមគេ មិនថាដឹងខ្លួន ឬមិនដឹងខ្លួនក៏ដោយ ពេលមនុស្សយើងខ្លះឃើញមិត្តភ័ក្តិជិតស្និទ្ធលែងលះគ្នាជាមួយគូស្នេហ៍នោះ 75% របស់មនុស្សស្រីហ៊ាននឹងពោលពាក្យសុំលែងពីគូស្នេហ៍របស់ខ្លួនដែរ។
    – កាន់តែញឹកញាប់ កាន់តែល្អ ជនជាតិអាមេរិកទូទៅច្រើនមានសិច 2 – 3ដងក្នុង 1ខែ តែប្រទេសយើងកុំយកធ្វើជាគំរូអី
    ព្រោះរឹតតែមានសិចញឹកញាប់ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងរឹតតែស្អិតល្មួតឡើងយ៉ាងពិតប្រាកដ ជឿចុះ!៕

  • កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ ដែលអ្នកម្ដាយត្រូវតាមដានក្នុង 1,000ថ្ងៃដំបូងរបស់ជីវិត

    កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ ដែលអ្នកម្ដាយត្រូវតាមដានក្នុង 1,000ថ្ងៃដំបូងរបស់ជីវិត

    មូលដ្ឋានគ្រឹះខាងអារម្មណ៍របស់ទារកមានភាពខុសប្លែកគ្នារវាងក្មេងម្នាក់ៗ គឺជាលទ្ធផលមកពីពូជអម្បូរ និងសភាពជុំវិញខ្លួនខណៈស្ថិតនៅក្នុងគភ៌ម្ដាយ ហុចផលធ្វើឱ្យទារកកើតដំបូងសម្ដែងទង្វើដែលខុសប្លែកពីគ្នា។ នៅក្នុងវិវឌ្ឍនាការខាងអារម្មណ៍របស់ក្មេង អារម្មណ៍ខឹង ជាអារម្មណ៍ដែលជួបប្រទះញឹកញាប់បំផុត ដោយសារតែក្មេងច្រើនតែប្រើប្រាស់ជាចំណុចទាមទារដើម្បីឱ្យបាននូវអ្វីដែលត្រូវការ និងថែមទាំងនៅមិនទាន់អាចទំនាក់ទំនងដើម្បីប្រាប់ពីតម្រូវការរបស់ខ្លួនឯងបានមិនសូវជាល្អប៉ុន្មានឡើយ ទើបមានទង្វើស្រែកយំរករឿងឡើងនៅលើក្មេងវ័យនេះ រួមទាំងបង្ហាញពីទង្វើច្រងេងច្រងាង ដូចជាខាំ ទាត់ និងវាយតប់ឪពុកម្ដាយ បងប្អូន ឬក្មេងដទៃ និងច្រើនបង្ហាញអារម្មណ៍ច្រណែន និងភាពជាម្ចាស់េបស់ទៀតផង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ទារក

    វ័យទារកនឹងមានអារម្មណ៍រំភើបតែម្យ៉ាង បន្ទាប់ពីនោះនឹងមានវិវឌ្ឍនាការខាងអារម្មណ៍ដូចតទៅ ៈ

    អារម្មណ៍ពេញចិត្ត ស្រស់ស្រាយ សប្បាយចិត្ត ៈ នឹងកើតមាននៅពេលដែលទារកត្រូវបានប៉ះពាល់ខ្លួនប្រាណថ្នមៗ ឬនៅពេលបានទទួលភាពកក់ក្ដៅដោយការឱបពីម្ដាយ ជាដើម។

    អារម្មណ៍មិនពេញចិត្ត ៈ នឹងកើតឡើងនៅពេលទារកត្រូវបានចាប់ជាប់មិនឱ្យធ្វើចលនា ត្រូវផ្លាស់ប្ដូរឥរិយាបថយ៉ាងឆាប់រហ័ស ឬពេលមានជំងឺឈឺថ្កាត់។

    អារម្មណ៍ទាំងពីរលក្ខណៈរបស់ទារកនឹងកើតឡើងឆ្លាស់គ្នា អាស្រ័យលើបទពិសោធការចិញ្ចឹមមើលថែដែលបានទទួល។ បើបានទទួលការចិញ្ចឹមមើលថែដែលត្រឹមត្រូវស័ក្តិសម នឹងជួយឱ្យទារកមានអារម្មណ៍ជឿជាក់ក្នុងចិត្ត កក់ក្ដៅ មានអារម្មណ៍ស្រស់ថ្លា និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាននៅពេលធំឡើង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ក្មេងអាយុ 1 – 3ឆ្នាំ

    អារម្មណ៍របស់ក្មេងវ័យនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអារម្មណ៍ នឹងមានការអភិវឌ្ឍអារម្មណ៍ច្រើនឡើងតាមលំដាប់របស់ការដឹងក្ដី និងបទពិសោធការរៀនយល់ដឹងដែលបានទទួលពីការចិញ្ចឹមមើលថែទាំ។ លក្ខណៈអារម្មណ៍ដែលអភិវឌ្ឍន៍ឡើងក្នុងរយៈពេលនេះ មានដូចតទៅ ៈ

    អារម្មណ៍ក្រោធខឹង ៈ កើតចេញពីការដែលមិនបានទទួលការតបស្នង ឬត្រូវរារាំងតម្រូវការ ច្រើនតែបង្ហាញចេញដោយការបញ្ចេញសម្រែកយ៉ាងមិនពេញចិត្ត ស្រែកខ្លាំងៗ គេងទធាក់ជើង។ អារម្មណ៍ក្រោធខឹងអាចកើតចេញពីការធ្វើត្រាប់តាមឪពុកម្ដាយ បើអារម្មណ៍ក្រោធខឹងកើតឡើងជាប់ជានិច្ចនោះ នឹងអភិវឌ្ឍទៅជាបុគ្គលដែលមានបុគ្គលិកលក្ខណៈច្រងេងច្រងាង និងហិង្សា។

    អារម្មណ៍ភ័យខ្លាច ៈ ក្មេងតែងតែខ្លាចមនុស្សប្លែកមុខ(មិនដែលស្គាល់) ខ្លាចទីកន្លែងប្លែកថ្មី ខ្លាចវត្ថុដែលមានលាន់ឮសំឡេងខ្លាំងៗ​ ខ្លាចភាពងងឹត ជាដើម។ ច្រើនតែបង្ហាញចេញដោយការរត់គេច ស្រែកយំ ឬពួននៅក្រោយខ្នងមនុស្សធំ។ ក្នុងពេលខ្លះការភ័យខ្លាចនេះអាចជារឿងជំរុញឱ្យក្មេងកើតក្ដីចង់ដឹង ចង់ឃើញបាន។

    អារម្មណ៍ច្រណែន ៈ កើតចេញពីការរួមបញ្ចូលអារម្មណ៍ក្រោធខឹង និងភ័យខ្លាចជាមួយគ្នា។ ច្រើនតែកើតឡើងយ៉ាងងាយ នៅពេលដែលមានប្អូន ហើយឪពុកម្ដាយយកចិត្តទុកដាក់តែលើប្អូនជាពិសេសពេក ធ្វើឱ្យខ្លួនខ្វះភាពសំខាន់។ ឪពុកម្ដាយគួរអធិប្បាយឱ្យកូនយល់ពីការពិត និងគួរមើលថែទាំយកចិត្តទុកដាក់ មិនធ្វើឱ្យកូនមានអារម្មណ៍ហាក់ដូចខ្វះភាពកក់ក្ដៅ ឬគិតថា ប៉ាម៉ាក់លែងស្រឡាញ់រូបគេហើយ។

    អារម្មណ៍ចង់ដឹងចង់ឃើញ ៈ នៅពេលក្មេងបានទទួលការជំរុញដែលខ្លាំងក្លាក៏នឹងមានអារម្មណ៍ថាចាប់អារម្មណ៍ឡើងភ្លាម ច្រើនតែចង់ឃើញអ្វីប្លែកៗ ថ្មីៗ។ ក្ដីភ័យខ្លាចក៏ជាលក្ខណៈមួយដែលជួយឱ្យក្មេងកើតក្ដីចង់ដឹងចង់ឃើញបានដែរ។

    អារម្មណ៍ត្រេកអរ ៈ ជាអារម្មណ៍នៃក្ដីសោមនស្ស មានសេចក្ដីសុខ ច្រើនកើតឡើងចំពោះក្មេងដែលមានសុខភាពល្អ នឹងចេះញញឹមដាក់អ្នកដទៃ ឬរួមសើចក្អាកក្អាយជាមួយអ្នកដទៃពេលមានអារម្មណ៍ពេញចិត្ត។

    អារម្មណ៍ស្រឡាញ់ ៈ ក្មេងនឹងត្រូវការឥស្សរៈភាព ដូច្នេះនៅពេលអ្នកមើលថែទាំបណ្ដោយតាមចិត្ត ឬតបស្នងតម្រូវការរបស់ក្មេង ក្មេងនឹងស្រឡាញ់ និងទុកចិត្តជាពិសេស នៅពេលក្មេងមានអារម្មណ៍ស្រឡាញ់។

    ក្មេងម្នាក់ៗមានលក្ខណៈពិសេសដោយឡែក និងតម្រូវការខុសប្លែកពីគ្នា ក្មេងនឹងអាចសម្របខ្លួនបានល្អប៉ុនណា អាស្រ័យលើការចិញ្ចឹមមើលថែរបស់ឪពុកម្ដាយ និងមូលដ្ឋានគ្រឹះខាងផ្នែកអារម្មណ៍របស់ក្មេង ដូច្នេះឪពុកម្ដាយគួរយល់ដឹងពីធម្មជាតិរបស់កូន ការសម្របខ្លួនឱ្យចូលជាមួយកូន នឹងជួយអភិវឌ្ឍផ្នែកអារម្មណ៍របស់ក្មេង ធ្វើឱ្យការចិញ្ចឹមមើលថែកាន់តែមានភាពរលូនល្អខ្លាំងឡើង៕

  • នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលស្រ្តីតាំងគភ៌រហូតមកដល់ខែទី 5នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា 8 – 10អ៊ិញ ការកម្រើករបស់ទារកក្នុងគភ៌នឹងខ្លាំងល្មមឱ្យម្ដាយមានអារម្មណ៍ដឹងបានហើយ ដងខ្លួនរបស់ទារកចាប់ផ្ដើមមានរោមខ្ចីៗគ្របដណ្ដប់ ចាប់ផ្ដើមមានសរសៃសក់ និងចិញ្ចើមហើយ។

    ក្នុងខែទី 5របស់ការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានគភ៌អាចដឹងបានដូចតទៅ ៈ

    – ទារកក្នុងគភ៌ចាប់ផ្ដើមរើរហូតម្ដាយមានអារម្មណ៍ដឹង។

    – មានទឹករំអិលនៅក្នុងប្រអប់ពោះច្រើនឡើង។

    – អាការទល់លាមក ឬអាចកើតឫសដូងបាត។

    – ហើមពោះ ឆ្អល់ពោះ អាហារមិនរំលាយ និងមានខ្យល់ច្រើននៅក្នុងពោះ។

    – ឈឺក្បាលខ្លះៗ ជួនកាលអាចមានអាការខ្យល់គ និងឆាប់វិលមុខ។

    – តឹងណែនច្រមុះ ហូរឈាមតាមច្រមុះ និងហ៊ឹងត្រចៀក។

    – ឃ្លានញឹកញាប់។

    – អាចកើតអាការរមួលក្រពើញឹកញាប់ជាងមុន។

    – មានអាការហើមនៅត្រង់ភ្នែកគោល និងប្រអប់ជើង ស្រ្តីខ្លះមុខ និងដៃក៏ហើមដែរ។

    – កើតមានស្នាមជាំនៅលើជើង។

    – ជីពចរដើរញាប់ជាងមុន។

    – ចាប់ផ្ដើមមានអាការឈឺខ្នង។

    – អារម្មណ៍ខាងផ្លូវភេទប្រែប្រួល។

    – ពណ៌ស្បែកនៅត្រង់ក្បាលពោះ និងផ្ទៃមុខឡើងស្រគាំ។

    – អារម្មណ៍ប្រែប្រួល ថយចុះជាងខែមុនៗ តែនៅតែទន់ជ្រាយម្ដងម្កាល។

    រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យស្រ្តីមានគភ៌ធ្វើនៅក្នុងអំឡុងខែនេះគឺ ៈ

    – ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    – ពិនិត្យមើលជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    – ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងគភ៌។

    – ពិនិត្យមើលខ្នាត និងរូបរាងរបស់ស្បូនដោយការពិនិត្យក្បាលពោះ។

    – កម្ពស់ចុងកំពូលរបស់ស្បូន។

    – អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    – ពិនិត្យរកមើលជំងឺរលាកថ្លើម។

    – អាការខុសប្រក្រតីផ្សេងៗ(បើមាន)។

    រឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងអំឡុងខែនេះគឺ ៈ

    1 . អាចមានអាការវិលមុខញឹកញាប់ ៈ ដោយសារតែស្បូនរីកធំឡើងរហូតអាចទៅសង្កត់ពីលើសរសៃឈាមក្រហមធំនៅត្រង់កណ្ដាលដងខ្លួន ដូច្នេះពេលក្រោកឈរ ឬប្ដូរឥរិយាបថផ្សេងៗនឹងធ្វើឱ្យលំហូរវិលរបស់លោហិតផ្លាស់ប្ដូរ ធ្វើឱ្យសម្ពាធថយចុះយ៉ាងទាន់ហន់ ធ្វើឱ្យឈាមមិនអាចហូរមកចិញ្ចឹមខួរក្បាលបានទាន់ពេលវេលាទើបបណ្ដាលឱ្យកើតអាការវិលមុខនេះឡើង។ ស្រ្តីមានគភ៌អាចការពារអាការនេះបានដោយនៅពេលត្រូវផ្លាស់ប្ដូរឥរិយាបថផ្សេងៗ មិនថាតែការក្រោកឈរ អង្គុយចុះ គេង ឬដើរនោះទេ គួរធ្វើដោយយឺតៗ វានឹងជួយឱ្យរាងកាយកែសម្រួលលំហូរវិលរបស់ឈាមក្នុងរាងកាយបានទាន់ និងវិធីមួយទៀតដែលអាចជួយបានដែរនោះគឺ ញ៉ាំប្រូតេអ៊ីនគ្រប់ពេលអាហារ ញ៉ាំឱ្យបានញឹកញាប់ឡើង ឬញ៉ាំអាហារផ្សេងៗក្នុងចន្លោះពេលបាយចម្បងៗដើម្បីកុំឱ្យកម្រិតជាតិស្ករនៅក្នុងធ្លាក់ចុះទាបខ្លាំងពេក។

    2 . ពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ៈ និងបើរកឃើញថាមានឆ្លងមេរោគត្រូវចូលទៅព្យាបាលជាបន្ទាន់។

    3 . ការលើករបស់ធ្ងន់ៗ ឬការពកូនច្បង ៈ បើចង់បី ឬពរកូន ឬលើករបស់របរដែលមានទម្ងន់ធ្ងន់ជាង 10គីឡូក្រាម អាចកើតគ្រោះថ្នាក់ដល់សាចដុំខ្នងយ៉ាងខ្លាំង។ បើកូនច្បងចង់ឱ្យព គួរនិយាយជាមួយកូនឱ្យបានយល់ថា ពេលនេះកូនធំហើយ អាចដើរខ្លួនឯងបានហើយ…ល្អជាងការប្រាប់ថា ពេលនេះម៉ាក់មានអូននៅក្នុងពោះ ទើបពកូនមិនបាន ព្រោះនឹងធ្វើឱ្យកូនច្បងកើតអាការច្រណែនប្អូនបាន។

    4 . ក្នុងរយៈពេលនេះ នឹងចាប់ផ្ដើមមានអាការហើមជើង ៈ គួរធ្វើលំហាត់ប្រាណណាដែលពាក់ព័ន្ធនឹងជើងខ្លះផង កុំពាក់ស្បែកជើងដែលចង្អៀតខ្លាំងពេក និងកុំពាក់ស្បែកជើងកែងចោត វាអាចនឹងជួយកាត់បន្ថយអាការឈឺ និងហើមជើងបាន៕

  • បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    គ្រួសារណាដែលមានកូន 2នាក់ ហើយអាយុខុសគ្នាប្រមាណ 2 – 3ឆ្នាំនោះ ច្រើនតែជួបនឹងបញ្ហាដ៏គួរឱ្យពិបាកចិត្តក្នុងរឿងរបស់បងច្រណែនប្អូន ប្អូនច្រណែនបងខ្លះៗមិនខាន បើមិនតិចក៏ច្រើនដែរ។ ភាពខុសប្លែកគ្នាក្នុងរឿងអាយុ និងភេទ ជាមូលហេតុចម្បងដែលធ្វើឱ្យក្មេងកើតក្ដីច្រណែនគ្នាបាន ដូចជា កូនច្បងច្រណែននឹងកូនពៅដែលឪពុកម្ដាយផ្ដល់ភាពសំខាន់លើកូនពៅខ្លាំងជាងខ្លួនជាដើម។

    រឿងដែលសំខាន់ខ្លាំងបំផុតនោះគឺ ឪពុកម្ដាយត្រូវតែយល់ដឹងអំពីរឿងរបស់ភាពស្មើភាពគ្នាក្នុងការផ្ដល់ពេលវេលាដល់កូនៗយ៉ាងស្មើៗគ្នា មិនឱ្យទៅនរណាម្នាក់ច្រើនពេក ឬតិចពេក មិនជ្រើសរើសប្រណិបត្តិខុសគ្នាជាមួយកូនក្នុងរឿងតែមួយដូចគ្នា ឬក្នុងហេតុការណ៍ដែលស្រដៀងគ្នា ដូចជា ពេលកូនប្អូនមិនប្រមូលទុកដាក់របស់លេង ក៏ប្រាប់ថា មិនអីទេ ចាំម៉ាក់ប្រមូលទុកឱ្យ តែដល់កូនបងលេងវិញម្ដង អ្នកក៏ប្រាប់ថា បើលេងហើយ ចូរប្រមូលទុកដាក់ក្នុងឡាំងឱ្យស្រួលបួលផង។ បើកូនបងមិនធ្វើតាមម្ដាយប្រាប់ ម្ដាយបែរជាលែងឱ្យកូនបងលេងរបស់លេងនោះតទៅទៀត ជាដើម។ ប្រាកដណាស់ថា អ្វីដែលអ្នកនិយាយ កូននឹងលើកយកមកគិតយ៉ាងពិតប្រាកដថា ពេលប្អូន ហេតុអីលេងហើយ ម៉ាក់ជាអ្នកប្រមូលទុកដាក់ឱ្យ? ចុះដល់រូបគេលេងម្ដង ម៉េចបានម៉ាក់ឱ្យប្រមូលទុកដាក់ខ្លួនឯង?។ បែបនេះមិនមែនជារឿងល្អចំពោះកូនច្បងឡើយ ព្រោះគេនឹងចាប់ផ្ដើមមានអារម្មណ៍មិនល្អជាមួយនឹងប្អូនមិនខាន ទីបំផុតអាចក្លាយជា បងស្អប់ប្អូនតែម្ដងក៏មានដែរ។

    ការប្រណិបត្តិខ្លួនជាមួយកូនៗរបស់ឪពុកម្ដាយនឹងជួយឱ្យកើតមានភាពយល់ចិត្តរវាងគ្នានឹងគ្នាបានល្អបំផុត ព្រោះបញ្ហាកើតចេញពីខ្លួនឪពុកម្ដាយផ្ទាល់ហ្នឹងឯង។ អ្វីដែលឪពុកម្ដាយត្រូវនឹកដល់ឱ្យច្រើនបំផុតនោះគឺ រឿងសភាពផ្លូវចិត្តរបស់កូនច្បង។ លោកអ្នកត្រូវយកចិត្តទុកដាក់គេឱ្យបានច្រើន បែងពេលវេលាមកជជែកលេងជាមួយកូន ឬការផ្ដល់ពេលវេលារួមគ្នាជាមួយកូនៗ ទាំងកូនច្បង និងកូនពៅ វានឹងជួយចងសម្ព័ន្ធភាពរវាងបងប្អូនបានយ៉ាងល្អ និងថែមទាំងជួយឱ្យពួកគេបានធំធាត់ឡើងព្រមជាមួយសេចក្ដីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមកទៀតផង។ ការបង្រៀនឱ្យកូនចេះចែករំលែកសេចក្ដីស្រឡាញ់ទៅដល់អ្នកដទៃខ្លះ នឹងជួយឱ្យគេសុខចិត្តធ្វើជាបងធំដែលលះបង់ឱ្យប្អូនៗជានិច្ច។ ការបង្រៀនកូនបែបនេះ មានផលល្អទៅដល់អនាគតខាងមុខរបស់គេ ព្រោះចុងក្រោយទៅ គេនឹងក្លាយជាមនុស្សដែលមានចិត្តល្អ ចេះសណ្ដោសប្រណី ទន់ភ្លន់ជាមួយមនុស្សជុំវិញខ្លួនជានិច្ច និងទីបំផុតទៅ រឿងដែលយើងគិតថា គេជាក្មេងដែលប៉ឹនច្រណែននោះ នឹងរលាយបាត់អស់បន្តិចម្ដងៗជាមិនខាន តែទាំងអស់នេះក៏អាស្រ័យលើការអប់រំប្រៀនប្រដៅយ៉ាងត្រឹមត្រូវអំពីឪពុកម្ដាយផងដែរ៕

    Got to Know

    ក្មេងៗគ្រប់រូបមានភាពជាឯកលក្ខណៈរបស់ខ្លួន ក្មេងៗមានរឿងខ្លះដែលខ្លួនគេមានមោទនភាព ដូច្នេះចូរព្យាយាមបង្ហាត់បង្រៀនជាប់ជានិច្ចតាំងពីពួកគេនៅតូចៗថា យើងនឹងមិនប្រៀបធៀបរូបគេទៅនឹងបង ឬប្អូនឡើយ ព្រោះម្នាក់ៗមានភាពលេចធ្លោម្យ៉ាងៗនៅក្នុងខ្លួន។ ការធ្វើឱ្យគេមានមោទនភាពចំពោះអ្វីដែលគេមាន នឹងជួយកាត់បន្ថយការប្រកួតប្រជែង ឬភាពច្រណែនឫស្យាក្នុងចិត្តរបស់ក្មេងៗបាន។ លោកអ្នកអាចនឹងចង់ដឹងថា តើយើងមានវិធីយ៉ាងណាក្នុងការធ្វើឱ្យកុមារមានអារម្មណ៍មោទនភាពចំពោះខ្លួនឯង… ចម្លើយក៏គឺ លោកអ្នកត្រូវព្យាយាមរករឿងមួយនេះពីក្នុងខ្លួនគេ តាមរយៈការសង្កេត ជជែកនិយាយជាមួយគេមួយទល់នឹងមួយ ឬធ្វើកិច្ចការងាររួមគ្នាឱ្យបានញឹកញាប់ និងផ្ដល់ពេលវេលាយ៉ាងគ្រប់គ្រាន់ជាមួយកូនៗម្នាក់ៗ។ ការផ្ដល់ពេលវេលាចំពោះកូនម្នាក់ៗនឹងធ្វើឱ្យឪពុកម្ដាយយល់ដឹងថា កូនម្នាក់នេះអាចនឹងរៀនពូកែ តែម្នាក់ទៀតអាចនឹងលេងកីឡាពូកែ ឬម្នាក់ទៀតអាចពូកែនិយាយ ជាដើម។ « ចុងបញ្ចប់នេះ អ្នកគ្រូ ឆវីចង់ប្រាប់ថា ៈ ភាពពូកែរបស់ក្មេងៗមិនដូចគ្នាទេ ដូច្នេះសូមមេត្តាកុំប្រៀបធៀបរឿងដូចគ្នាជាមួយកូនៗអី ព្រោះកូនម្នាក់ៗប្រៀបដូចជាផ្កាប្រភេទផ្សេងៗ មិនអាចប្រៀបធៀបគ្នាបានឡើយ»៕