Tag: ចំណេះ

  • ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

    ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

    សង្គមខ្មែរយើងមានជំនឿជាច្រើនជាមួយរឿងផ្សេងៗ រហូតដល់ជួនកាលយើងមិនបានស្វែងរកមូលហេតុថា តើជំនឿនោះមកពីណា? មានប្រភពយ៉ាងណា? និងមានហេតុផលអ្វី? មកធានាអះអាងលើជំនឿនោះឡើយ…តែយើងបាននាំយកមកប្រតិបត្តិតាម ក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅ។ ជំនឿខ្លះមិនបានសាងនូវភាពខាតបង់ធ្ងន់ធ្ងរអ្វីទេ តែជំនឿខ្លះ វាជំទាស់នឹងការពិតដែលអាចពិសោធបាន រហូតអាចធ្វើឱ្យយើងខកខាននូវរឿងល្អៗ ឬក្លាយជាផលអាក្រក់សម្រាប់យើងក៏មាន ជាពិសេសជំនឿ និងចំណុចហាមឃាត់ពីបុរាណសម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះ ឡារ៉ែនសូមនាំស្រ្តីមានផ្ទៃពោះទាំងឡាយមកស្វែករកការពិតពាក់ព័ន្ធនឹងជំនឿទាំងនោះថា តើហេតុអីបានគួរជឿ? ព្រោះថា ជំនឿដែលត្រឹមត្រូវគួរតែស្ថិតនៅលើមូលដ្ឋានចំណេះដឹងដែលត្រឹមត្រូវដូចគ្នា។

    1 . ស្រ្តីមានផ្ទៃពោះ ហាមងូតទឹកពេលយប់ជ្រៅ ព្រោះនឹងធ្វើឱ្យមានទឹកភ្លោះច្រើន

    ការពិត ៈ កាលពីសម័យបុរាណ បន្ទប់ទឹកត្រូវបានសង់នៅឆ្ងាយពីផ្ទះ ដូច្នេះទើបធ្វើឱ្យមនុស្សចាស់ខ្លាចអ្នកមានផ្ទៃពោះមានគ្រោះថ្នាក់រអិលដួល ឬរងគ្រោះថ្នាក់ពីសត្វចង្រៃដែលមានពិស ក៏ហាមស្រ្តីមានគភ៌មិនចេញពីផ្ទះនៅពេលយប់។

    2 . អ្នកមានផ្ទៃពោះ ហាមដេរខោអាវ ៈ ការដេរប៉ះខោអាវក្នុងអំឡុងពេលតាំងគភ៌ នឹងធ្វើឱ្យកូនក្នុងផ្ទៃកើតមក ឆែបមាត់។

    ការពិត ៈ ទារកកើតមក ឆែបមាត់ មួយចំនួនបណ្ដាលមកពីពូជអម្បូរ ឬការអភិវឌ្ឍខ្លួនរបស់តួកំណើតក្នុងអំឡុង 3ខែដំបូងមានភាពខុសប្រក្រតី រួមទាំងការដែលម្ដាយជក់បារីដែលហុចផលប៉ះពាល់ធ្វើឱ្យកូនក្នុងផ្ទៃឆែបមាត់។ សម្រាប់មូលហេតុពិតប្រាកដរបស់ការហាមឃាត់នេះ គឺជាការដាស់តឿនដែលចាស់បុរាណបារម្ភថា ស្រ្តីមានគភ៌អាចនឹងត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើការបែបនេះ ព្រោះត្រូវអង្គុយធ្វើការយូរ ឱនងើបៗ ធ្វើឱ្យងាយកើតអាការវិលមុខ ឬការអង្គុយដេរ ក៏អាចនឹងមិនមែនជារឿងល្អសម្រាប់ស្រ្តីមានគភ៌ដែលមានសុខភាពមិនសូវល្អក៏អាចថាបានដែរ តែបើស្រ្តីមានគភ៌ចេះធ្វើការងារដោយក្ដីប្រយ័ត្នប្រយែង ចេះមើលថែទាំខ្លួនបានល្អ ក៏ប្រហែលជាគ្មានបញ្ហាអ្វីដែរ។

    3 . អ្នកមានផ្ទៃពោះ ហាមទៅបុណ្យសព ៈ មានការដាស់តឿនសម្រាប់ស្រ្តីមានផ្ទៃពោះថា ហាមទៅចូលរួមពិធីបុណ្យសព ព្រោះបុរាណគេប្រកាន់ តែអ្នកខ្លះក៏អាចនឹងជឿដោយមិនបានស្វែងរកការពិតនៃពាក្យថា “ប្រកាន់” នេះ ចង់សំដៅលើអ្វីដែរ ព្រោះមានអ្នកខ្លះក៏ធ្លាប់បានឮរឿងទំនងដែលថា ខ្លាចខ្មោចចូល ជាដើមដែរ។

    ការពិត ៈ បុណ្យសព គឺជាពិធីដែលសោកសង្រេង អ្នកចូលរួមពិធីក៏ច្រើនតែស្រងេះស្រងោចពីការបាត់បង់ញាតិមិត្តបងប្អូន ដូច្នេះបើអ្នកមានផ្ទៃពោះទៅចូលរួម ក៏អាចនឹងមានអារម្មណ៍សោកសៅ យំស្រែក និងតានតឹងអារម្មណ៍ទៅជាមួយដែរ ព្រោះក្នុងអំឡុងពេលតាំងគភ៌នេះ ស្រ្តីមានគភ៌គួរតែមានផ្លូវចិត្តដែលស្រស់ថ្លា រីករាយ ដូច្នេះហើយទើបចាស់ៗមិនចង់ឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍ពិបាកចិត្ត ធុញថប់តានតឹង ឬសោកសង្រេងហ្នឹងឯង។

    4 . អ្នកមានផ្ទៃពោះ ហាមអង្គុយឃាំងមាត់ជណ្ដើរ ៈ ស្រ្តីមានគភ៌ហាមអង្គុយឃាំងមាត់ជណ្ដើរ មិនដូច្នោះទេ នឹងពិបាកប្រសូតបុត្រ។ ស្រ្តីមានគភ៌ណាបានឮហើយ តែងតែខ្លាចជាធម្មតា ព្រោះថា ការពិបាកប្រសូត មានន័យពីការឈឺពោះយូរ និងអាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ជាពិសេសសម័យមុន ខាងវេជ្ជសាស្រ្តនៅមិនទាន់រីកចម្រើន។

    ការពិត ៈ ផ្ទះខ្មែរក្នុងសម័យមុន ច្រើនតែជាផ្ទះមួយជាន់មានសសរខ្ពស់ៗ និងមានជណ្ដើរឡើងផ្ទះរាងចោត បើសិនទៅអង្គុយឃាំងមាត់ជណ្ដើរ ក៏អាចនឹងធ្លាក់ចុះទៅក្រោមនាំឱ្យមានគ្រោះថ្នាក់បានដោយងាយ ជាពិសេសស្រ្តីដែលមានគភ៌ធំៗដែលការទប់លំនឹងខ្លួនមិនសូវជាបានល្អផងនោះ រឹតតែមិនគួរទៅអង្គុយនៅទីនោះឡើយ ដែលនេះជាការហាមឃាត់មួយដែលគួរតែធ្វើតាម ឯហេតុផលដែលនិយាយថា អាចនឹងធ្វើឱ្យពិបាកប្រសូត ឬឈឺពោះយូរនោះ មិនមែនជាការពិតទេ។

    5 . ហាមត្រៀមរបស់ប្រើប្រាស់របស់ទារកទុកមុន ៈ ជំនឿមួយនេះនៅតែមានអ្នកប្រតិបត្តិតាមនៅឡើយ ព្រោះនៅក្នុងជំនឿនេះបានឱ្យហេតុផលថា វាជាប្រផ្នូលមិនល្អ ដែលទោះជាអ្នកម្ដាយសម័យថ្មីហើយក៏ដោយ ក៏នៅតែមានអារម្មណ៍ថា ជឿៗទៅ វាប្រសើរជាង ព្រោះមិនចង់ឱ្យមានរឿងអ្វីមិនល្អកើតឡើងចំពោះកូនសម្លាញ់…។

    ការពិត ៈ បើគិតតាមគោលការណ៍ហេតុ និងផលវិញនោះ ឃើញថាវាគ្មានពាក់ព័ន្ធគ្នាអីរវាងការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារក ជាមួយនឹងសុខភាព ឬឧប្បត្តិហេតុអ្វីដែលអាចនឹងកើតឡើងក្នុងអំឡុងពេលប្រសូតនោះឡើយ តែជំនឿនេះប្រហែលជាបណ្ដាលមកពីការប្រសូតបុត្រកាលពីសម័យមុនដែលមានភាពប្រថុយប្រថានខ្លាំង ទើបចាស់ៗមិនចង់ឱ្យត្រៀមរបស់ប្រើប្រាស់សម្រាប់ក្មេងទុកឱ្យហើយប៉ុន្មានឡើយ ឬឪពុកម្ដាយអាចនឹងត្រេកអរនឹងកូនក្នុងផ្ទៃខ្លាំងពេក ធ្វើឱ្យត្រៀមរបស់របរសម្រាប់កូនច្រើនជ្រុលពេក លើសតម្រូវការ ដែលរបស់ខ្លះ ពេលកូនប្រសូតចេញមកហើយ អាចមិនទាំងបានប្រើផងក៏មាន ដូច្នេះហើយដើម្បីភាពសប្បាយចិត្ត ទើបចាស់ៗឱ្យត្រៀមតែរបស់ណាដែលត្រូវប្រើប្រាស់ចាំបាច់ ដែលទារកកើតមកភ្លាមត្រូវប្រើមែនទែន ដូចជា ក្រណាត់កន្ទប ខោអាវទារក ជាដើម ចំណែករបស់ផ្សេងៗទៀត ចាំគិតពេលកូនប្រសូតចេញមកហើយ ក៏អាចទៅរកទិញមកប្រើទាន់ដែរ។

    6 . ខ្ទាស់ម្ជុលខ្ទាស់នៅអាវត្រង់កន្លែងក្បាលពោះ ការពារធ្លាក់កូន និងមិនឱ្យវិញ្ញាណកំណាចចូលមកធ្វើបាបកូន

    ការពិត ៈ ខ្ទាស់ឱ្យជាប់ដើម្បីឱ្យស្រ្តីមានគភ៌ប្រយ័ត្នខ្លួនឯងពេលដើរទៅណាមកណា កុំឱ្យដើរទៅបុកនេះបុកនោះ និងឱ្យអ្នកដទៃមើលឃើញបានច្បាស់ថា ខ្លួនកំពុងមានផ្ទៃពោះ មិនមែនកំពុងធាត់ទេ កុំដើរមកបុក… ជាដើម។

    ជំនឿ និងពិធីការផ្សេងៗពាក់ព័ន្ធនឹងការមានផ្ទៃពោះ និងការឆ្លងទន្លេរបស់មនុស្សសម័យមុន មានច្រើនយ៉ាង ដូច្នេះពេលបានឮមកហើយ ស្វាមី និងភរិយាដែលកំពុងមានគភ៌គួរតែពិចារណាជាមុនសិន មុននឹងប្រតិបត្តិតាម ដើម្បីការពារគ្រោះថ្នាក់ដែលអាចនឹងកើតឡើងចំពោះម្ដាយ និងកូនតូច ព្រោះជំនឿ និងការហាមឃាត់ពីបុរាណសម្រាប់អ្នកមានផ្ទៃពោះ រឿងមួយចំនួនដែលចាស់បុរាណបង្ហាត់បង្រៀនមក ជួនកាលក៏មានប្រយោជន៍ មានហេតុផលត្រឹមត្រូវអាចយកមកច្នៃប្រើបាន តែរឿងខ្លះក៏មិនអាចជឿបាន ឬមិនអាចពិសោធបានថាត្រូវ ឬមិនត្រូវនោះក៏មាន៕

  • តើទារកទើបកើត ចាប់ផ្ដើមមើលឃើញនៅពេលណា?

    តើទារកទើបកើត ចាប់ផ្ដើមមើលឃើញនៅពេលណា?

    ការមើលឃើញរបស់ទារក អាចនឹងនៅមិនទាន់មើលឃើញអ្វីផ្សេងៗបានច្បាស់ស្មើនឹងមនុស្សធំនៅឡើយ ព្រោះទារកនៅត្រូវប្រើពេលវេលាក្នុងការសម្របសម្រួលខ្លួន និងរយៈពេលសម្រាប់វិវឌ្ឍនាការការមើលឃើញ ដូច្នេះយើងនាំគ្នាមកមើលថា តើការមើលឃើញរបស់ទារកទើបនឹងកើតយ៉ាងណាខ្លះ និងមានរឿងអ្វីខ្លះដែលឪពុកម្ដាយគួរដឹង?

    • ក្រោយពីទារកប្រសូតចេញមកហើយ ទារកនឹងអាចមើលឃើញបានក្នុងរយៈចម្ងាយ 20សង់ទីម៉ែត្រ និងសម្លឹងមើលវត្ថុផ្សេងៗ​នៅមួយកន្លែងបានប្រមាណ 4-10វិនាទី តែនឹងមានវិវឌ្ឍនាការខាងការមើលឃើញនេះច្រើនឡើងតាមលំដាប់។
    • ក្រោយពេលប្រសូតបាន 4ថ្ងៃ ទារកនឹងនៅមិនទាន់មើលឃើញមុខឪពុកម្ដាយបានច្បាស់នៅឡើយទេ តែក៏នឹងចាប់ផ្ដើមចងចាំផ្ទៃមុខបានព្រាលៗដែរ។
    • ពេលអាយុបាន 1ខែ ទារកនឹងអាចមើលឃើញវត្ថុផ្សេងៗបានក្នុងរយៈចម្ងាយ 15អ៊ិញ(ប្រមាណ 40សង់ទីម៉ែត្រ)។
    • ពេលអាយុបាន 3ខែ ទារកនឹងចាប់ផ្ដើមចេះញែកបំបែករយៈចម្ងាយជិត-ឆ្ងាយបាន ហើយនឹងអាចសម្រួលការមើលឃើញបានយ៉ាងពេញលេញ ពេលកូនតូចអាយុបាន 4ខែ។
    • ប្រតិកម្មតបស្នងស្វ័យប្រវត្តិរបស់កែវភ្នែកខ្មៅរបស់ទារក នឹងធ្វើការតាំងពីពេលកើតមកដំបូង ហើយនឹងមានភាពរហ័សនឹងពន្លឺ និងធ្វើការបានពេញលេញពេលអាយុបាន 2-3ខែ។
    • ទារកនឹងចាប់ផ្ដើមមើលឃើញវត្ថុពណ៌ស និងពណ៌ខ្មៅបានច្បាស់បំផុតពេលអាយុចូលដល់ខែទី3 ហើយទារកនឹងចាប់ផ្ដើមមើលឃើញវត្ថុមានពណ៌ផ្សេងៗច្រើនឡើង ដោយនឹងចាប់ផ្ដើមមើលឃើញពណ៌គោលៗមុនគេ ដូចជា ពណ៌ក្រហម លឿង និងខៀវ ជាដើម។

    ការមើលឃើញរបស់ទារក និងចំណេះដឹងរឿងការមើលឃើញរបស់ទារក

    1. ទារកកើតដំបូងនៅមិនទាន់ផលិតទឹកភ្នែកទេ ទាល់តែអាយុបានប្រមាណជា 1ខែ។
    2. ទារកកើតដំបូងអាចមើលឃើញវត្ថុផ្សេងៗបានច្បាស់បំផុតក្នុងរយៈចម្ងាយ 20សង់ទីម៉ែត្រ តែបើនៅជិត ឬឆ្ងាយជាងនោះ ទារកនឹងមើលឃើញត្រឹមតែជារូបភាពព្រាលៗប៉ុណ្ណោះ។
    3. ទារកនឹងប្រិចភ្នែកត្រឹមតែ 2ដងប៉ុណ្ណោះក្នុងមួយនាទី តិចជាងមនុស្សចាស់ដែលប្រិចភ្នែកបានច្រើនដល់ទៅ 15ដងក្នុង 1នាទី។
    4. ពេលអាយុឈានចូលខែទី 2 ទារកនឹងអាចហ្វូខាស់វត្ថុដែលមានចលនាបានហើយ។

    តើនឹងជួយជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់ទារកយ៉ាងម៉េចបាន?

    ការជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់កូនតូច នឹងក្លាយជារឿងដែលជួយឱ្យទារកបានរៀនយល់ដឹង និងមានវិវឌ្ឍនាការដែលល្អលើផ្នែកផ្សេងទៀតផងដែរ ព្រោះការមើលឃើញយ៉ាងមានគោលដៅ នឹងធ្វើឱ្យទារកមានភាពក្លៀវក្លាស្វាហាប់ក្នុងការប្រើខ្សែភ្នែកពិនិត្យមើល បង្កើនវិវឌ្ឍនាការផ្នែកការមើលឃើញដ៏ល្អរបស់កូនបាន​។ ការជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់កូនតូចនេះ អាចធ្វើបានដូចខាងក្រោមនេះ ៈ

    • ព្យាយាមសម្លឹងមើលមុខរបស់ទារកឱ្យបានញឹកញាប់ ព្រោះនៅក្នុងកែវភ្នែកនោះ មានភាពដិតច្បាស់របស់ពណ៌ស ជាមួយពណ៌ខ្មៅ ហើយការធ្វើភ្នែកក្រឡឺតក្រឡាប់ទៅមក នឹងធ្វើឱ្យក្លាយជាចំណុចចាប់អារម្មណ៍ដែលធ្វើឱ្យទារកតាមសម្លឹងមើលបានងាយ។
    • បំពាក់រូបឪពុកម្ដាយនៅក្បែរកន្លែងគេងរបស់កូន នឹងជួយធ្វើឱ្យទារកឆាប់ចងចាំផ្ទៃមុខឪពុកម្ដាយបានលឿន ឬអាចនឹងបំពាក់រូបភាពពណ៌ស្រស់ៗ ដូចជា រូបភាពដែលមានពណ៌ដិតៗ ដូចជា ក្រហម លឿង និងខៀវ ព្រោះអ្វីទាំងអស់នោះនឹងជួយបង្វឹកការមើលឃើញរបស់កូន និងបង្កើនវិវឌ្ឍនាការរបស់កូនតូចបាន។
    • ឱ្យកូនមើលរបស់លេងតូចៗ ដែលស្ថិតនៅឆ្ងាយពីផ្ទៃមុខកូនប្រមាណជា 1ម៉ែត្រ បន្ទាប់ពីនោះសឹមរំកិលរបស់លេងនោះជារង្វង់មូលយ៉ាងយឺតៗ ដើម្បីឱ្យកូនបានសម្លឹងមើលតាម។
    • ព្យួររបស់លេងប្រភេទ 3D ដូចជា តុក្កតារំយោល ឬតុក្កតាសត្វផ្សេងៗនៅក្នុងទីតាំងដែលកូនតូចអាចមើលឃើញ និងព្យាយាមប្រើដៃឈោងចាប់បាន។
    • លេងឆ្លុះកញ្ចក់ ព្រោះការឱ្យកូនបានមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ នឹងជួយហ្វឹកហាត់ការមើល និងការសង្កេត ក្រៅពីនោះថែមទាំងជាការបង្វឹកការធ្វើចលនារបស់មុខមាត់ និងអាកប្បកិរិយាទៀតផង។ លោកឪពុកអ្នកម្ដាយអាចនឹងឱ្យកូនលេងជាមួយកញ្ចក់កាន់ដៃដែលជារបស់លេងដែលសាងបដិសម្ព័ន្ធត្រឡប់មកខ្លួនទារកវិញ ព្រោះកូនតូចនឹងសម្លឹងមើលតាមពេលដែលមានការកម្រើក។
    • ផ្លាស់ប្ដូរទីតាំងកន្លែងគេងរបស់កូនខ្លះផង ដើម្បីឱ្យកូនតូចបានមានឱកាសមើលឃើញសភាពបរិស្ថានថ្មីៗ។

    តើទារកចូលចិត្តមើលអ្វី?

    1. ទារកចូលចិត្តសម្លឹងមើលផ្ទៃមុខរបស់ឪពុក និងម្ដាយ ព្រោះកែវភ្នែក រួមទាំងស្នាមញញឹមរបស់ឪពុកម្ដាយនឹងបង្ហាញពីសេចក្ដីស្រឡាញ់ ភាពទន់ភ្លន់ ដែលសាងក្ដីកក់ក្ដៅក្នុងចិត្តដល់ទារក។
    2. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានចលនា ខ្លាំងជាងវត្ថុដែលនៅស្ងៀមមិនកម្រើក។
    3. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានពណ៌ផ្ទុយគ្នាច្បាស់លាស់ ដូចជា ពណ៌ខ្មៅ ផ្ទុយគ្នានឹងពណ៌ខ្មៅ ជាដើម។
    4. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានរូបរាងបែប 3D (រូបរាងទាំងមូលដូចមែនទែន)ខ្លាំងជាងបែប 2D( រូបភាពលើក្រដាស)៕
  • តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    មានអារម្មណ៍តានតឹង និងកង្វល់បារម្ភខ្លាំងណាស់ ខ្លាចកូនប្រសូតចេញមកមុនកាលកំណត់…ដូច្នេះតើស្រ្តីមានគភ៌ត្រូវការពារការប្រសូតបុត្រមុនពេលកំណត់នេះយ៉ាងណា?

    វិធីការពារការប្រសូតបុត្រមុនពេលកំណត់

    វេជ្ជបណ្ឌិតជំនាញខាងផ្នែកសម្ភពបានបង្ហើបឱ្យដឹងអំពីការប្រសូតបុត្រមុនពេលកំណត់ថា តាមរយៈការសិក្សាស្រាវជ្រាវពីព័ត៌មានបឋមពីមាតាដែលប្រសូតបុត្រមុនកំណត់បានរកឃើញថា ប្រមាណជា 60-70ភាគរយនៃស្រ្តីដែលមានអាយុក្នុងអំឡុង 20-34ឆ្នាំ មិនទាន់មានចំណេះដឹងរឿងការឈឺពោះប្រសូតមុនកំណត់នៅឡើយ ទើបវាជាមូលហេតុធ្វើឱ្យការចូលទៅព្យាបាលមានការយឺតយ៉ាវ ធ្វើឱ្យពេទ្យមិនអាចទប់ស្កាត់សភាវឈឺពោះមុនកំណត់បានទាន់ពេលវេលា ដូច្នេះសម្រាប់ចំណុចប្រតិបត្តិបឋមដើម្បីការពារសភាវប្រសូតបុត្រមុនពេលកំណត់មានដូចតទៅ ៖

    1. ទៅពិនិត្យគភ៌លើកដំបូងមុន 12សប្ដាហ៍
    2. បញ្ជាក់អាយុគភ៌ត្រឹមត្រូវមុន 20សប្ដាហ៍
    3. មានចំណេះដឹងរឿងការការពារការប្រសូតមុនកំណត់
    4. មកពិនិត្យគភ៌ឱ្យគ្រប់តាមការណាត់របស់ពេទ្យ
    5. ចិញ្ចឹមទារកក្នុងគភ៌ឱ្យធំធាត់
    6. ញ៉ាំថ្នាំតាមវេជ្ជបញ្ជាមិនខកខាន
    7. ងូតទឹកសម្អាតរាងកាយគ្រប់កន្លែងឱ្យបានស្អាតជានិច្ច
    8. ដើរ ឬធ្វើចលនាផ្សេងៗយ៉ាងប្រុងប្រយ័ត្ន
    9. រកពេលវេលាសម្រាក និងគេង​លក់ឱ្យបានគ្រប់គ្រាន់
    10. ប្រឹក្សាជាមួយគ្រូពេទ្យបើសិនមានការសង្ស័យណាមួយអំពីគភ៌របស់ខ្លួន
    11. ស្វាមី មិត្តភក្តិ ចៅហ្វាយនាយ គួរយល់ចិត្តអ្នកមានផ្ទៃពោះ
    12. ត្រូវមានភាពជឿជាក់ អាចថែទាំគភ៌បាន និងសុវត្ថិភាព។

    សញ្ញាដាស់តឿន 5យ៉ាងពីការប្រសូតមុនកំណត់

    1. អាការហើម និងសម្ពាធឈាមឡើងខ្ពស់ : អាការនេះមានឱកាសកើតឡើងបានចំពោះស្រ្តីមានគភ៌ដែលមានប្រវត្តិធ្លាប់កើតជំងឺលើសឈាម ទឹកនោមផ្អែម ឬស្រ្តីដែលធ្លាប់មានគភ៌កូនភ្លោះ។ អាចជាសញ្ញាមួយរបស់ការកើតសភាវគភ៌មានជាតិពុល ស្រ្តីដែលមានប្រវត្តិធ្លាប់កើតជំងឺទាំងនោះខណៈមានគភ៌ គួរតែប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការមើលថែទាំយ៉ាងដិតដល់។
    2. មានទឹករំអិលឈាមចេញមកតាមរន្ធស្បូន : ទឹករំអិលឈាម ឬមានពណ៌ស្ករលាយឈាម ឬទឹករំអិលខាប់ៗជាដុំៗធ្លាក់ចេញមកតាមរន្ធស្បូន មិនថាច្រើន ឬតិចនោះទេ អាចបណ្ដាលមកពីមូលហេតុដែលមិនធ្ងន់ធ្ងរ ដូចជា រលាករន្ធស្បូន រលាកមាត់ស្បូន ឬមកពីមូលហេតុដែលធ្ងន់ធ្ងរខ្លាំង ដូចជា ស្បូនធ្លាក់ចុះទាប ឬទងសុករបូតមុនកំណត់ បង្ហាញអាការការបើករបស់ស្បូន អាចធ្វើឱ្យកើតការប្រសុតមុនកំណត់ ឬទារកក្នុងគភ៌មានឱកាសស្លាប់បាន។
    3.  មានអាការបែកទឹកភ្លោះ : បែកទឹកភ្លោះ គឺសភាវដែលកើតពីការបែក ឬធ្លាយរបស់ថង់ទឹកភ្លោះ ធ្វើឱ្យមានទឹកភ្លោះហៀរចេញមក។ ច្រើនតែកើតឡើងនៅពេលអាយុគភ៌ចាប់ផ្ដើមចូលជិតដល់ពេលប្រសូត តែករណីខ្លះក៏អាចកើតឡើងដែលនឹងនាំឆ្ពោះទៅរកការប្រសូតមុនពេលកំណត់បានដែរ ដោយសារតែការច្របាច់ខ្លួនរបស់ស្បូនយ៉ាងខ្លាំង ឬបណ្ដាលមកពីការបោកប៉ះដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ ដែលអាចហុចផលអាក្រក់ដល់ទារក ព្រោះនៅពេលថង់ទឹកភ្លោះបែកធ្លាយ មានទឹកហៀរចេញមក មេរោគក៏អាចនឹងចូលទៅក្នុងថង់ទឹកភ្លោះ បង្កឱ្យកើតការឆ្លងមេរោគដល់ទារក និងមានគ្រោះថ្នាក់ដល់ជីវិតបាន។
    4. មានអារម្មណ៍ថា កូនលែងសូវរើដូចប្រក្រតី : កូនក្នុងផ្ទៃនឹងចាប់ផ្ដើមរើក្នុងសប្ដាហ៍ទី17 តែក្នុងផ្ទៃពោះដំបូង ស្រ្តីមានគភ៌អាចនឹងមិនឃើញកូនរើសោះរហូតដល់ហួសសប្ដាហ៍ទី20 ក៏មាន។ ការមានអារម្មណ៍ថា កូនរើ គឺជាកត្តាជួយឱ្យវាយតម្លៃអំពីសុខភាពរបស់ទារកក្នុងគភ៌បាន ដូច្នេះស្រ្តីមានគភ៌គួរសង្កេត និងរាប់កូនចំនួនកូនរើតាំងពីសប្ដាហ៍ទី 28 រហូតដល់ពេលកំណត់ប្រសូត។ វិធីការរាប់ចំនួនកូនរើ គួរចាប់ផ្ដើមរាប់តាំងពីព្រឹក រហូតដល់ល្ងាច ឬយ៉ាងតិច 12ម៉ោង។ បើកូនរើគ្រប់ 10ដងក្នុងរយៈពេល 4ម៉ោង ក៏មិនចាំបាច់រាប់ទៀតទេ តែបើសិនជាកូនរើតិចជាង 10ដងក្នុងរយៈពេល 4ម៉ោង ចូរសាកល្បងសម្រាក 1ម៉ោង ហើយសង្កេតមើលម្ដងទៀត បើកូននៅតែមិនរើតាមដែលគួរនឹងរើ ឬកូនរើតិចជាងមុនច្រើន គួរប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យ។
    5. អាការពោះឡើងរឹងញឹកញាប់ : អាការពោះឡើងរឹង គឺការឈឺចាប់នៅម្ដុំពោះផ្នែកខាងក្រោម(ថ្ងាស) ចំណែកក្បាលពោះឡើងរឹងតឹងវិញ ជាសភាវដែលស្បូនច្របាច់ពង្រឹបខ្លួនជាដុំមូល។ ពេលស្រ្តីមានគភ៌យកដៃដាក់លើក្បាលពោះ នឹងមានអារម្មណ៍ថា ដូចមានដុំរឹងៗរុញឡើងមក ឬមានអារម្មណ៍ថាតឹងខ្លាំងនៅលើក្បាលពោះម្ដងម្កាលក្នុងរយៈពេលខ្លីៗ និងអ្នកខ្លះអាចនឹងមានអាការពោះឡើងរឹងនេះប្រមាណជារៀងរាល់ 10នាទីម្ដង និងកើតជាប់ជានិច្ច 4-5ដង ដែលអាការនេះបើបណ្ដោយទុកចោលយូរ នឹងធ្វើឱ្យមាត់ស្បូនបើកឡើង និងកើតការប្រសូតមុនកំណត់។

    វិធីការពារការប្រសូតមុនកំណត់គួរចាប់ផ្ដើមតាំងពីពេលដឹងខ្លួនថា មានគភ៌ ដោយស្រ្តីមានគភ៌គួរមើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹង បន្ថយ និងបញ្ឈប់នូវអ្វីដែលធ្វើឱ្យកើតការប្រថុយប្រថាននឹងការប្រសូតមុនកំណត់ និងឧស្សាហ៍ទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីឱ្យពេទ្យវាយតម្លៃពីភាពប្រថុយប្រថាននឹងការប្រសុតមុនកំណត់ និងកុំភ្លេចថា ការពារជាមុនទើបជាការប្រសើរ៕

  • សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

    សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

    ទង្វើនៃការចិញ្ចឹមមើលថែកូនរបស់ឪពុក-ម្ដាយអាចហុចផលឱ្យកូនក្លាយជាក្មេងល្អ ឬក្មេងច្រងេងច្រងាងបាន ព្រោះចរិតនិស្ស័យរបស់កូនអាចសាងបានដោយសារឪពុក-ម្ដាយ។ ​តើលោកអ្នកជាឪពុក-ម្ដាយបែបណាដែរ នៅក្នុងឪពុក-ម្ដាយទាំង 4ប្រភេទខាងក្រោម?

    ឪពុក-ម្ដាយ 4ប្រភេទដែលហុចផលដល់ទង្វើ អាកប្បកិរិយា និងចរិតនិស្ស័យរបស់កូនតាំងពីអំឡុងវ័យនៅតូច រហូតដល់ធំ។ តើឪពុក-ម្ដាយបែបណាដែលធ្វើឱ្យកូនបានល្អ ឬធ្វើឱ្យកូនក្លាយជាក្មេងច្រងេងច្រងាង អាត្មានិយម រឹងរូស មិនស្ដាប់បង្គាប់? រឿងទាំងអស់នេះកើតចេញពីការចិញ្ចឹមមើលថែទាំរបស់ឪពុក-ម្ដាយ ឬអ្នកនៅជិតដិត ដូច្នេះតើឪពុក-ម្ដាយគួរចិញ្ចឹមមើលថែកូនបែបណាទើបកូនបានល្អ?

    1 . ឪពុក-ម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ

    ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុក-ម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ ៈ

    • ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង
    • មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល
    • កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុក-ម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច
    • ឪពុក-ម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក
    • ឪពុក-ម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន
    • ឪពុក-ម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន

    តើកូននឹងក្លាយជាមនុស្សយ៉ាងណា?

    1. គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។
    2. បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។
    3. ប៉ឹនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។
    4. ខ្វះភាពជឿជាក់លើខ្លួនឯង និងដោយសារតែមានមោទនភាពលើខ្លួនឯងទាប ធ្វើឱ្យមើលមិនឃើញកូណតម្លៃរបស់ខ្លួនឯង។
    5. ខ្វះជំនាញក្នុងការចូលសង្គម គ្មានបដិសម្ព័ន្ធជាមួយអ្នកដទៃ ខ្វះចំណេះដឹងតាមវ័យ។
    6. កែបញ្ហាលំបាកលំបិនក្នុងជីវិតមិនបាន ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ ព្រោះកន្លងមកឪពុក-ម្ដាយចាត់ការឱ្យទាំងអស់។

    2 . ឪពុក-ម្ដាយដែលចិញ្ចឹមកូនដោយការយកចិត្តទុកដាក់

    ពេលខ្លះគេហៅការចិញ្ចឹមមើលថែកូនបែបនេះថា “ប្រជាធិបតេយ្យ”។ វិធីការនេះគឺ ការដែលឪពុក-ម្ដាយ និងកូនគ្រប់គ្នាប្រើច្បាប់រួមគ្នា ប្រណិបត្តិដាក់គ្នាដោយក្ដីគោរព និងស្ដាប់ហេតុផលរវាងគ្នាទៅវិញទៅមក មានភាពបត់បែនដោយឪពុក-ម្ដាយនៅចាំផ្ដល់ការគាំទ្រកូនតាមវ័យរបស់ក្មេង អនុញ្ញាតឱ្យកូនមានឥស្សរភាព តែខណៈជាមួយគ្នាក៏នៅចាំកំណត់ព្រំដែននៃទង្វើរបស់កូនដូចតទៅនេះផងដែរ ៈ

    • កំណត់ឱ្យកូនស្ដាប់បង្គាប់ និងប្រតិបត្តិតាមគន្លងផ្លូវដែលឪពុក-ម្ដាយបានកំណត់ទុកយ៉ាងមានហេតុផល។
    • ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងយកចិត្តទុកដាក់កូនជានិច្ច។
    • បើកឱកាសឱ្យកូនធ្វើជាខ្លួនរបស់ខ្លួនឯង(មិនបង្ខំ)។
    • ស្ដាប់ហេតុផលអំពីកូន។
    • គាំទ្រឱ្យកូនមានចំណែករួមក្នុងការគិត និងសម្រេចចិត្តក្នុងរឿងផ្សេងៗរបស់គ្រួសារ។

    កូននឹងក្លាយជាមនុស្សបែបណា?

    1. កូននឹងមានសេចក្ដីសុខ និងធំឡើងជាមនុស្សធំដែលមានសេចក្ដីសុខ។
    2. ជាមនុស្សដែលមានចិត្តគំនិតល្អ សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន ព្រោះមានគ្រឹះអារម្មណ៍ដែលល្អ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
    3. មានជំនាញខាងការចូលសង្គមល្អ ចេះសម្របសម្រួលខ្លួននឹងស្ថានការណ៍ផ្សេងៗបាន។
    4. ជឿជាក់លើខ្លួនឯង ព្រោះដឹងថាខ្លួនឯងមានគុណតម្លៃ និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ មានគំនិតចេះច្នៃប្រឌិត។
    5. មានរបៀបវិន័យ មានភាពអត់ធន់ស៊ូទ្រាំ មានភាពទទួលខុសត្រូវ មានការចេះគិតពិចារណាខ្ពស់។

    3 . ឪពុកម្ដាយដែលចិញ្ចឹមកូនដោយការបណ្ដោយតាមចិត្តកូន(Permissive)

    ការចិញ្ចឹមកូនដោយការបណ្ដោយឱ្យកូនធ្វើនូវអ្វីផ្សេងៗតាមសេចក្ដីត្រូវការរបស់កូន ដោយគ្មានការកំណត់ព្រំដែន នឹងធ្វើឱ្យកូនអាចប្រើប្រាស់ឥស្សរៈសេរីភាពបានយ៉ាងពេញទំហឹង បញ្ចេញអារម្មណ៍ និងចេតនាបានយ៉ាងបើកចំហ ដោយឪពុកម្ដាយនឹង…ៈ

    • ដាក់ទោសកូនតិចបំផុត
    • មិនទាមទារ ឬគ្រប់គ្រងទង្វើរបស់កូនឡើយ
    • ឪពុកម្ដាយនឹងឱ្យដំបូន្មានដោយក្ដីទន់ភ្លន់ និងបន្ទន់តាមចិត្តកូន
    • ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងតបស្នងតម្រូវការរបស់កូនជានិច្ច
    • ចៀសពីការឈ្លោះទាស់ទែង ព្រោះជឿថា ក្មេងៗនឹងរៀនយល់ដឹងតាមរយៈបទពិសោធរបស់ខ្លួនឯង និងព្យាយាមប្រើហេតុផលជាមួយកូនជានិច្ច។

    កូននឹងក្លាយជាមនុស្សបែបណា?

    1. គ្មានវិន័យ គ្មានភាពទទួលខុសត្រូវ ព្រោះមិនដែលត្រូវបង្ហាត់។
    2. យកខ្លួនឯងធ្វើជាចំណុចកណ្ដាលនៃអ្វីៗគ្រប់យ៉ាង។
    3. មិនជឿជាក់លើខ្លួនឯង ពេលខ្លះអាចមានអារម្មណ៍ថាគ្មានភាពស្ថិតស្ថេរក្នុងជីវិតទៀតផង ព្រោះព្រោះគ្មានគោលការណ៍ ឬរបៀបវិន័យឱ្យប្រកាន់យក ឬប្រតិបត្តិតាម ជាពិសេសពេលដែលមិនបាននៅជាមួយឪពុកម្ដាយ។
    4. ច្រងេងច្រងាង គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងមិនបាន មិនជឿ ឬស្ដាប់បង្គាប់អ្នកដទៃ ខ្វះចំណេះដឹង។
    5. ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ។
    6. មើលឃើញគុណតម្លៃក្នុងខ្លួនឯងខ្ពស់ មានជំនាញការទំនាក់ទំនងនឹងអ្នកដទៃល្អ តែខ្វះជំនាញផ្សេងទៀតដែលត្រូវប្រើក្នុងការរស់នៅរួមគ្នាជាមួយអ្នកដទៃ ដូចជាការចែករំលែក ការយល់ចិត្តយល់ថ្លើមអ្នកដទៃ ជាដើម ដោយសារតែត្រូវបណ្ដោយតាមចិត្តរហូតធ្លាប់ខ្លួន។

    4 . ឪពុកម្ដាយដែលចិញ្ចឹមកូនយ៉ាងបណ្ដែតបណ្ដោយ( Uninvolved)

    ការចិញ្ចឹមកូនបែបនេះ អាចហៅបានមួយបែបទៀតថា ជាការចិញ្ចឹមកូនបែបបោះចោល អាចដោយសារតែឪពុកម្ដាយបដិសេធមិនចង់បានកូនតាំងពីដំបូង ឬវីវក់លង់តែក្នុងបញ្ហា និងសម្ពាធក្នុងជីវិតប្រចាំថ្ងៃ រហូតដល់គ្មានពេលវេលាមើលថែទាំយកចិត្តទុកដាក់កូន ធ្វើឱ្យកូនមិនបានទទួលការយកចិត្តទុកដាក់យ៉ាងសមរម្យ ដោយឪពុកម្ដាយប្រភេទនេះនឹងប្រតិបត្តិដាក់កូនដូចខាងក្រោម…ៈ

    • ផ្ដល់ការមើលថែទាំយកចិត្តទុកដាក់ចំពោះកូនតិចបំផុត ឬព្រងើយកន្តើយនឹងកូន
    • ឪពុកម្ដាយស្ទើរតែមិនផ្ដល់ការចាប់អារម្មណ៍ ឬឆ្លើយតបតម្រូវការរបស់កូនសោះឡើយ
    • មិនទាមទារ ឬដាក់របៀបវិន័យអ្វីៗដល់កូនទាំងអស់
    • ឪពុកម្ដាយនឹងថែទាំកូនត្រឹមតែរឿងរាងកាយ ការហូបចុក និងតម្រូវការគោលៗប៉ុណ្ណោះ

    កូននឹងក្លាយទៅជាមនុស្សបែបណា?

    1. ចេះរស់ដោយខ្លួនឯង គឺក្មេងនឹងរៀនយល់ដឹងក្នុងការចេះរស់ដោយខ្លួនឯង មិនពឹងអ្នកដទៃ។
    2. ជាមនុស្សសម្លឹងមើលពិភពលោកក្នុងន័យអវិជ្ជមាន និងច្រើនតែតតាំងសង្គម។
    3. មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ មិនឃើញគុណតម្លៃរបស់ខ្លួនឯង ខ្វះភាពជឿជាក់លើខ្លួនឯង។
    4. ពិបាកគ្រប់គ្រងអារម្មណ៍។
    5. មិនងាយជឿទុកចិត្តនរណាឡើយ មានអារម្មណ៍មិនជឿជាក់ ឬភ័យខ្លាចនៅពេលត្រូវពឹងពាក់អ្នកដទៃ។
    6. ខ្វះជំនាញចូលសង្គម សាងសម្ព័ន្ធភាពល្អៗជាមួយអ្នកដទៃមិនបាន ឬពិបាកធ្វើបាន។
    7. ធំឡើងនឹងក្លាយជាមនុស្សវ័យជំទង់ដែលច្រើនតែមានទង្វើបែបប្រថុយនឹងកំហុស ដូចជា ញៀនគ្រឿងញៀន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ជាដើម។

    ឪពុកម្ដាយដែលមើលថែទាំកូនយ៉ាងល្អដិតដល់ នឹងធ្វើឱ្យកូន(ជាពិសេស)ក្នុងអំឡុងវ័យជំទង់មានទង្វើ និងការសម្របខ្លួនបានល្អ តែផ្ទុយទៅវិញ បើឪពុកម្ដាយបណ្ដោយតាមចិត្តកូន ឬបណ្ដែតបណ្ដោយ មិនខ្វល់ អាចធ្វើឱ្យកូនក្នុងវ័យកុមារ និងវ័យជំទង់ប្រថុយប្រថាននឹងការប្រតិបត្តិខ្លួនដែលមិនល្អ៕

  • ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 2)

    ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 2)

    ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។

    6 . ក្នុងអំឡុងពេលតាំងគភ៌(ពោះធំ) តើត្រូវគេងផ្អៀងខាងណាទើបមានសុវត្ថិភាពបំផុត?

    សំណួរ ៈ ធ្លាប់បានដឹងមកថា ស្រ្តីមានផ្ទៃពោះ ពេលគេងគេឱ្យគេងផ្អៀងខាងស្ដាំ ព្រោះនឹងមិនធ្វើឱ្យសង្កត់លើបេះដូងរបស់យើងខ្លួនឯង តើជាការពិតឬទេ? ចុះចំពោះអ្នកដែលមានទម្លាប់គេងផ្អៀងខាងឆ្វេងវិញនោះ តើមានវិធីកែសម្រួលដំណេកខ្លួនឯងយ៉ាងណាខ្លះទៅ?

    ចម្លើយ ៈ ការពិតទៅ តាមដែលបានដឹងមក ចំពោះស្រ្តីមានគភ៌ គ្រូពេទ្យតែងតែណែនាំឱ្យគេងផ្អៀងមកខាងឆ្វេង ព្រោះនឹងធ្វើឱ្យស្បូនមិនរមួលខ្លួន ដោយសារតែស្បូន ជាប្រក្រតីនឹងរមួលខ្លួនទៅខាងស្ដាំស្រាប់ហើយ ដូច្នេះការគេងផ្អៀងមកខាងឆ្វេងនឹងជួយធ្វើឱ្យស្បូនរបស់ស្រ្តីក្នុងអំឡុងពេលតាំងគភ៌ស្ថិតនៅក្នុងទីតាំងដែលមានតុល្យភាពខ្លាំងឡើង និងមានផលជួយការពារការកើតសភាវឡើងសម្ពាធឈាមក្នុងអំឡុងពេលមានគភ៌ទៀតផង និងថែមទាំងមិនធ្លាប់ដែលរកឃើញថា មានផលប៉ះពាល់ដល់បេះដូងរហូតដល់ថ្នាក់មានគ្រោះថ្នាក់នោះឡើយ។

    7 . ឈឺខ្នងខណៈមានគភ៌

    ក្នុងអំឡុងខែទី5 ខណៈពេលតាំងគភ៌ ស្រ្តីមានគភ៌នឹងមានអាការឈឺខ្នង ដោយសារតែកម្លាំងបោកយោលរបស់ក្បាលពោះក្នុងខណៈពេលធ្វើការងារផ្ទះដែលត្រូវឱនងើប ឬអង្គុយចោងហោង ធ្វើឱ្យមកដល់ចំណុចដែលសាច់ដុំទទួលទ្រទម្ងន់លែងរួច ដូច្នេះដើម្បីសម្រាលអាការឈឺខ្នងនេះ ពេលគេងស្រ្តីមានគភ៌គួរគេងផ្អៀង មានខ្នើយកល់ទ្រពោះ និងខ្នើយឱបដាក់នៅចន្លោះជើងទាំងពីរ ដើម្បីជួយទ្រទម្ងន់គភ៌ និងចៀសវាងពីឥរិយាបថណាដែលត្រូវប្រើខ្នង និងចង្កេះ ដូចជា អង្គុយ ឬឈរយូរលើសពី 30នាទី ការឱនប្រមូលរបស់របរក្នុងលក្ខណៈចំកោងខ្នង និងការអង្គុយផ្ទាល់នឹងឥដ្ឋ ឬអង្គុយចោងហោងជាដើម។

    8 . អាការដែលសម្គាល់ថា មានគភ៌

    – បាត់វដ្តរដូវ។ – ឈឺ ឡើងតឹង និងណែនសុដន។ – បត់ជើងតូចញឹកញាប់។ – ទល់លាមកច្រើនជាងប្រក្រតី។ – មានអាការធ្លាក់សបន្តិចបន្តួច។ – មានអារម្មណ៍ឆាប់ហត់ ចង់តែគេងលក់សម្រាកគ្រប់ពេល។ – មានអារម្មណ៍ថា ល្វីងៗ សាបៗ និងមានរសជាតិប្លែកៗនៅក្នុងមាត់។ – មានអារម្មណ៍ធុំក្លិនស្អុយ ទ្រាំមិនបានជាមួយវត្ថុអ្វីម្យ៉ាង។ – មានអាការចាញ់កូន ៈ ក្អួតចង្អោរ វិលមុខ។ – ញ៉ាំអាហារមិនឆ្ងាញ់ ឬចង់ញ៉ាំរបស់ចម្លែកៗ។ – មានអារម្មណ៍ទន់ជ្រាយ ឆាប់ប្រែប្រួល។

    9 . ការត្រៀមសុខភាពស្រ្តីមានគភ៌

    ការមានសុខភាពល្អ មានន័យពីការមានរាងកាយដែលរឹងមាំល្អ ផ្លូវចិត្តរីករាយស្រស់ស្រាយ និងអាចដំណើរជីវិតនៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ។ សុខភាពដែលល្អចាប់ផ្ដើមពីក្នុងផ្ទះ មិនមែនពីក្នុងមន្ទីរពេទ្យនោះទេ។ សុខភាពដែលល្អ ចាប់ផ្ដើមពីខ្លួនឯង មិនមែនឱ្យគ្រូពេទ្យបញ្ជានោះទេ។ សុខភាពដែលល្អ ត្រូវស្វែងរក មិនមែនបានមកដោយឯកឯងនោះទេ។

    យើងមកចាប់ផ្ដើមត្រៀមខ្លួនធ្វើជាម្ដាយគេ ដោយការត្រៀមសុខភាពចាំទទួលការតាំងគភ៌វិញប្រសើរជាង…ចាប់ផ្ដើមពីមានសេចក្ដីស្រឡាញ់ចំពោះខ្លួនឯងជាមុនសិន ផ្ដល់សេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមករវាងស្វាមីភរិយា សម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន គិតក្នុងន័យវិជ្ជមាន ព្រោះថាមពលអំណាចរបស់ការគិតបែបចម្រើន ឬការគិតក្នុងន័យល្អនេះ មានច្រើនជាងអ្វីដែលអ្នកគិតច្រើនណាស់ ជាពិសេសក្នុងរឿងរបស់ការមានបុត្រ និងការការពារការរលូតបុត្រ។

    10 . បន្ថែមឱ្យគ្រប់ដើម្បីរាងកាយរឹងមាំទាំងម្ដាយ និងកូន

    ផូស្វ័រ កាល់ស្យូម វីតាមីន K -ល- ដោយសារតែកូនតូចក្នុងផ្ទៃត្រូវទាញយកកាល់ស្យូមពីរាងកាយរបស់ម្ដាយដើម្បីបង្កើន និងសាងឆ្អឹង ធ្មេញ និងអវយវៈផ្សេងៗរបស់រាងកាយ ទើបអ្នកម្ដាយគួរបានទទួលកាល់ស្យូម និងផូស្វ័រពីត្រីតូចៗ សណ្ដែក និងញ៉ាំទឹកដោះក្នុងអំឡុងពេលមានគភ៌ឱ្យបានច្រើន ដើម្បីការពារមិនឱ្យអ្នកម្ដាយខ្លួនឯងកើតសភាវឆ្អឹងស្រួយ ឬឆ្អឹងពុកនៅពេលអនាគត ទើបចាំបាច់ខ្លាំងណាស់ដែលស្រ្តីមានគភ៌ត្រូវតែបន្ថែមកាល់ស្យូមដល់រាងកាយទាំងមុនពេលមានគភ៌ ក្នុងអំឡុងពេលតាំងគភ៌ និងក្រោយប្រសូតបុត្ររួច។ សម្រាប់វីតាមីន K មានចំណែកជួយក្នុងការកាត់បន្ថយការរលាយកាល់ស្យូមក្នុងរាងកាយ ដែលវីតាមីននេះមានច្រើននៅក្នុងសាច់សត្វ និងបន្លែស្លឹកបៃតង៕

  • ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។

    1 . ស្រ្តីធាត់ ប៉ះពាល់ផ្លូវចិត្តទារក

    ការតាមដានលទ្ធផលថយទៅក្រោយវិញនៅលើមនុស្សចំនួន 2,303នាក់ដែលមានអាយុជាមធ្យម 20ឆ្នាំ និងមានបុរសជិតពាក់កណ្ដាលនោះ បានរកឃើញថា បន្ទាប់ពីកាត់ឥទ្ធិពលរឿងអាយុរបស់ម្ដាយ ការសិក្សា និងប្រាក់ចំណូល សភាវជ្រៀតជ្រែកនៅពេលប្រសូតចេញហើយ ការដែលពួកគេមានម្ដាយធាត់ ឬមានទម្ងន់ខ្លួនលើសពីកំណត់កម្រិតមុនពេលតាំងគភ៌នោះ បានបង្កើនភាពប្រថុយប្រថានដល់កូនដែលអាចនឹងមានអាការគិត ឬធ្វើអ្វីផ្ដេសផ្ដាស់នៅពេលមានអាយុ 20ឆ្នាំឡើង រហូតដល់ទៅ 54%ឯណោះ។

    យន្តការដែលនៅពីក្រោយសម្ព័ន្ធភាពនេះនៅមិនទាន់ប្រាកដច្បាស់នៅឡើយ តែអាចនឹងពាក់ព័ន្ធនឹងការដែលពួកគេមានម្ដាយធាត់ហើយបង្កើនភាពប្រថុយប្រថានដល់សភាវជ្រៀតជ្រែកនៅពេលកើត ជំងឺពាក់ព័ន្ធនឹងមេតាបូលីហ្ស៊ឹម និងម៉ូលីគុលដែលពាក់ព័ន្ធជាមួយការក្លាយរលាក ជាដើម។ ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ត្រូវចាប់ផ្ដើមតាំងពីពេលមុនតាំងគភ៌ឯណោះ ហើយភោជនាហារក៏រាប់ថាជាបច្ច័យមួយដែលនឹងនាំឆ្ពោះទៅរកការតាំងគភ៌ដែលទទួលបានជោគជ័យដែរ។

    2 . តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ?

    សំណួរ ៈ តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ? តើអ្វីដែលគេតែងនិយាយថា បើមានកូនពេលអាយុច្រើន កូនប្រសូតចេញមកហើយអាចនឹងមានសតិបញ្ញាមិនសូវល្អ(មិនសូវគ្រប់ទឹក) តើមែនឬទេ? និងព្រោះអ្វី?

    ចម្លើយ ៈ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលតាំងគភ៌ក្រោយអាយុ 35ឆ្នាំឡើងទៅ មានឱកាសកើតបញ្ហាក្នុងការតាំងគភ៌ទាំងលើម្ដាយ និងទារក ច្រើនជាងស្រ្តីដែលតាំងគភ៌ក្នុងអាយុតិចជាង 35ឆ្នាំ ហើយបញ្ហាមួយទៀតនោះក៏គឺ ភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ ដូចជាមានឱកាសក្នុងការកើតមកមានបញ្ហាខាងខួរក្បាល និងរាងកាយបាន ដូច្នេះបើស្រ្តីណាម្នាក់តាំងគភ៌ក្រោយអាយុ 35ឆ្នាំនោះ គ្រូពេទ្យនឹងធ្វើការពិនិត្យទឹកភ្លោះដើម្បីវិនិច្ឆ័យទារកក្នុងគភ៌ថា តើមានភាពខុសប្រក្រតីខាងក្រូម៉ូហ្សូមឬទេ?។

    3 . ចង់បានកូនភ្លោះ ប្រុស1 ស្រី1 តើអាចធ្វើបានទេ?

    សំណួរ ៈ នាងខ្ញុំចង់បានកូនភ្លោះបែបប្រុស1 ស្រី1 តើសម័យនេះអាចធ្វើបានឬទេ?

    ចម្លើយ ៈ ការមានកូនភ្លោះ ជាការតាំងគភ៌ដែលមិនប្រក្រតីតាមធម្មជាតិ ដែលនឹងមានបញ្ហាកើតឡើងជាច្រើនក្នុងអំឡុងការមើលថែទាំគភ៌ ដូច្នេះប្រហែលជាពិបាកខ្លាំងណាស់ដែលនឹងមានលោកគ្រូពេទ្យណាម្នាក់ធ្វើបានតាមស្តង់ដារខាងវេជ្ជសាស្រ្តអាចផ្ដល់សេវាកម្មដល់អ្នកស្រីបានតាមតម្រូវការនេះ។ តែបើតាមទ្រឹស្ដីវិញ គឺអាចធ្វើបានដោយការធ្វើបដិសន្ធិខាងក្រៅរាងកាយ ដែលគេហៅថាទារកបំពង់កែវ និងពិនិត្យមើលក្រូម៉ូហ្សូមភេទពេលដែលនៅជាតួកំណើត មុននឹងដាក់ចូលទៅវិញ។ យ៉ាងណាក៏ដោយ ទោះជាដាក់ចូលទៅវិញមែន តែប្រភេទប្រុស1 ស្រី1នេះក៏មិនបានមានន័យថា ទាំងពីរនឹងចម្រើនធំធាត់ប៉ុនៗគ្នាដែរ អាចនឹងស្វិតមួយ ឬស្វិតទាំងពីរក៏មាន(ពិបាកថែទាំ) ហើយថ្លៃចាយវាយដ៏សែនថ្លៃកប់ពពកនោះក៏នឹងក្លាយជាអាសាឥតការទៅដែរ។

    4 . ផ្សែង និងក្លិនបារីបង្កគ្រោះថ្នាក់ដល់ទារកក្នុងគភ៌

    ក្នុងអំឡុងពេលតាំងគភ៌ ស្រ្តីមានគភ៌មិនគួរនៅជិតអ្នកជក់បារីជាដាច់ខាត ដើម្បីភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងផ្ទៃ ព្រោះសារធាតុផ្សេងៗពីផ្សែងបារិដែលអ្នកបានស្រូបចូលទៅដោយមិនបានជក់ដោយខ្លួនឯងនោះ មានផលប៉ះពាល់ខ្លាំងជាងសេពដោយខ្លួនឯងទៅទៀត ព្រោះវានឹងមានផលប៉ះពាល់ទាំងលើការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណឹងឯង។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ដែលបានរកឃើញថា បើសិនទទួលបានសារធាតុពុលពីផ្សែងបារី នឹងធ្វើឱ្យងាយនឹងកើតសភាវរលូតបុត្រខ្លាំងឡើង មានឱកាសប្រសូតបុត្រដែលមិនសមប្រកបមុនពេលកំណត់ឬទារកក្នុងគភ៌អាចនឹងកើតមកពិការតាំងពីកំណើតក៏មាន។ វិធីដែលល្អ អ្នកគួរឱ្យស្វាមីរបស់អ្នកចេញទៅជក់បារីនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលស្រឡះ និងហាមជក់បារីនៅក្នុងផ្ទះជាដាច់ខាត រួមទាំងនៅក្នុងរថយន្តដែលអ្នកជិះជាមួយទៀតផង។

    5 . ស្រ្តីមានគភ៌គេងលក់ស្រួល នឹងធ្វើឱ្យទារកក្នុងគភ៌គេងលក់ស្រួលដែរឬទេ?

    ការគេងលក់របស់មាតា ក្រៅពីនឹងជួយមិនឱ្យនឿយល្វើយអស់កម្លាំងហើយ ក្នុងអំឡុងពេលសម្រាកគេងលក់នោះនៅធ្វើឱ្យឱ្យការហូរវិលរបស់លោហិតក្នុងរាងកាយឆ្ពោះទៅរកស្បូនដំណើរការបានល្អផងដែរ ធ្វើឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារ និងអុកស៊ីហ្ស៊ែនក្នុងបរិមាណដែលគ្រប់គ្រាន់នឹងតម្រូវការក្នុងការចម្រើនធំធាត់ឡើងនៅក្នុងគភ៌។ ខណៈពេលជាមួយគ្នា នៅពេលដែលស្រ្តីមានគភ៌គេងលក់ស្រួល រាងកាយក៏នឹងសម្រាក ផ្លូវចិត្តក៏នឹងធូរស្រាលដូចគ្នា ទារកពិតជានឹងបានដឹងតាំងពីនៅក្នុងគភ៌អំពីសេចក្ដីសុខរបស់មាតាដែលកំពុងពពោះ ទារកក៏នឹងមានសេចក្ដីសុខសប្បាយទៅជាមួយដែរ ធ្វើឱ្យមានវិវឌ្ឍនាការខួរក្បាលល្អ។ ដូច្នេះហើយទើបកុមារដែលកើតចេញពីម្ដាយដែលមានសេចក្ដីសុខកាយសប្បាយចិត្ត មិនធុញថប់តានតឹងខឹងច្រើន និងគេងសម្រាកបានគ្រប់គ្រាន់គឺជាកុមារដែលងាយស្រួលចិញ្ចឹម និងមានសុខភាពរឹងមាំល្អហ្នឹងឯង៕

    (នៅមានត)

  • ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិដើម្បីជាប្រយោជន៍ដល់កូន។

    1 . កូនបានរៀនយល់ដឹងពីភាសា ៈ តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នា រឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។

    2 . ជំរុញខួរក្បាល ៈ ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

    3 . បង្កើនចំណេះដឹង ៈ ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

    4 . យល់ពីខ្លួនឯង យល់ពីអ្នកដទៃ ៈ ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

    5 . ចេះឆ្លើយឆ្លងទាក់ទង ៈ ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់យើងឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

  • មានចំណេះ​ មាន​ជំនាញ​ និង​មាន​អត្តចរិត​ល្អ​ មិន​ប្រាកដ​ថា​ជោគជ័យ​នោះ​ទេ​ បើ​គ្មាន​គំនិតល្អ​

    មានចំណេះ​ មាន​ជំនាញ​ និង​មាន​អត្តចរិត​ល្អ​ មិន​ប្រាកដ​ថា​ជោគជ័យ​នោះ​ទេ​ បើ​គ្មាន​គំនិតល្អ​

    ដើម្បី​ទទួល​បាន​នូវ​ភាព​រីកចម្រើន​ ឬលទ្ធផល​ជា​វិជ្ជមាន​សម្រាប់​ជីវិត​ ទាំង​ជីវិត​ការងារ​ ជីវិត​គ្រួសារ​ និង​ជីវិត​អាជីវកម្ម​ជាដើម​ មនុស្ស​ម្នា​ក់ៗ​ត្រូវការ​ធាតុផ្សំ​ជាច្រើន​បញ្ចូល​គ្នា​ដើម្បី​អនុវត្ត​សកម្មភាព​ប្រកប​ដោយសក្តានុពល​ឆ្ពោះទៅ​រក​ចំណុច​អភិវឌ្ឍន៍​ជា​លំដាប់​។

    លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ ជាទូទៅ​យើង​ម្នា​ក់ៗ​តែងតែ​គិតថា​ ធាតុផ្សំ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​ក្លាយជា​មនុស្ស​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ផ្នែកការ​ងារ​ និង​ផ្នែក​អាជីវកម្ម​ គឺ​ចំណេះ​ ជំនាញ​ និង​អត្តចរិត​ល្អ​។ ជា​ការពិត​ណាស់​ វា​ជាផ្នែក​ដែល​អាច​រុញច្រាន​ឱ្យ​មនុស្ស​គ្រប់គ្នា​ទទួល​បាន​លទ្ធផល​ល្អ​ តែ​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ចំណុច​សំខាន់​មួយ​ផ្សេងទៀត​ដែល​មិន​អាច​ខ្វះ​បាន​ និង​ក្តោប​លើ​គុណសម្បត្តិ​ទាំងប៉ុន្មាន​ខាងលើ​នេះ​គឺ​ គំនិត​។ គំនិត​ ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដែល​កំណត់​វាសនា​របស់​មនុស្ស​ ព្រោះ​ប្រសិនបើ​មនុស្ស​ម្នា​ក់ៗ​រៀបចំ​គំនិត​មិន​បាន​ល្អ​ ទោះ​ខំរៀន​ប៉ុនណា​ក៏​មិន​អាច​ឆ្លើយតប​ជាមួយនឹង​ការ​អភិវឌ្ឍ​ជាក់ស្តែង​បាន​ដែរ​ ហើយ​ប្រសិន​បើ​មានតែ​ជំនាញ​ ឬមាន​ចរិតល្អ​ប៉ុនណា​ក៏ដោយ​ បើ​គ្មាន​ការ​គិត​ដែល​ត្រឹមត្រូវ​ទេ​នោះ​ ប្រាកដជា​មិន​អាច​ទាញ​យក​ប្រយោជន៍​ជា​វិជ្ជមាន​ពី​ការងារ​ ឬអាជីវកម្ម​បាន​ដែរ​។

    លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “គំនិត​ដែល​អាច​រុញច្រាន​មនុស្ស​ឱ្យ​ទទួល​បានការ​អភិវឌ្ឍ​ជាប់​ជាប្រចាំ​គឺ​ការ​គិត​បែប​យុទ្ធសាស្ត្រ​។ ការ​គិត​បែប​យុទ្ធសាស្ត្រ​នេះ​ ផ្តោត​សំខាន់​លើ​ចំណុច​សំខាន់3​។ ទី1​ គឺ​ការ​គិត​បែប​វិភាគ​ស៊ីជម្រៅ​ (critical​ thinking​)។ ទី​2 គឺ​ការ​គិត​បែប​ច្នៃប្រឌិត​ (creative​ thinking​) និង​ទី​3 គឺ​ការ​គិត​បែបជា​ប្រព័ន្ធ​ (ecosystem​ thinking​)”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ថា​ មនុស្ស​មួយចំនួន​មាន​ជំនាញ​ពូកែ​ដូចគ្នា​ មាន​ចរិតល្អ​ដូចគ្នា​ តែ​ទទួល​បាន​លទ្ធផល​ខុសគ្នា​ គឺ​ដោយសារ​ពួកគេ​មានគំនិត​ខុសគ្នា​ មានការ​មើលឃើញ​ខុសគ្នា​លើ​រឿងរ៉ាវ​តែមួយ​ដែល​កំពុង​កើតឡើង​។ មាន​មនុស្ស​ខ្លះ​មាន​ឱកាស​ច្រើន​នៅ​ជុំវិញ​ខ្លួន​ តែ​មើល​មិនឃើញ​ថា​នោះ​ជា​ឱកាស​ឡើយ​ ខណៈ​មនុស្ស​ខ្លះទៀត​ចាប់​ឱកាស​ទាំងអស់​នោះ​សឹងតែ​មិនទាន់​។ ហេតុនេះ​ ការ​បណ្តុះ​គំនិត​ ឬរបៀប​គិត​ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ដំណើរ​ជីវិត​ម្នា​ក់ៗ​ឱ្យ​ក្លាយជា​បុគ្គល​ប្រកបដោយ​គុណ​តម្លៃ​ជា​វិជ្ជមាន​សម្រាប់​គ្រប់​ស្ថានការណ៍​ទាំងអស់​។ ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​វិធីសាស្ត្រ​ក្នុង​ការរៀបចំ​គំនិត​នេះ​ហើយ​ ទើប​យើង​នាំ​យក​កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ PRiTS​ ដែ​លជា​កម្មវិធី​សិក្សា​ផ្តោត​លើ​ការបង្កើត​គំនិត​ច្នៃប្រឌិត​ វិភាគ​ស្ថានការណ៍​ អភិ​វឌ្ឈ​ភាព​ឆ្លាតវៃ​ និង​ចំណេះដឹង​ជំ​នាញ​ថ្មី​ៗតាម​បំណិន​ជីវិត​នា​សតវត្សរ៍​ទី21​ មក​ដាក់​បន្ថែម​សម្រាប់​ជា​ជម្រើស​ដល់​អាណាព្យាបាល​ក្នុង​ការជំរុញ​ការ​បណ្តុះបណ្តាល​ដល់​កូន​ៗរបស់​ពួកគាត់​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ PRiTS​ ជា​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន​ Genius​ Brain​ ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​2004​ ហើយ​ចែកចាយ​ទៅតាម​ប្រទេស​មួយចំនួន​ដូចជា​ ប្រទេស​ម៉ាឡេស៊ី​ សិង្ហបុរី​ អូ​មែន​ បារ៉ែន​ ចក្រភព​អង់គ្លេស​ ប្រ៊ុយណេ​ អាហ្វ្រិក​ និង​ប្រទេស​កម្ពុជា​។

    កម្ម​វី​ធី​នេះ​ត្រូវ​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការប្រើ​ប្រាស់​ និង​ចែកចាយ​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ ចាប់ពី​ថ្ងៃ​ទី26​ ខែកក្កដា​ ឆ្នាំ2018​ មក​ម្ល៉េះ​។ វា​ជា​កម្មវិធី​ដែល​អាច​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ការយល់​ដឹង​បន្ថែម​ លើ​ជំនាញ​សហគ្រិនភាព​ គន្លឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ការគ្រប់គ្រង​ ការ​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង​ ការ​អភិវឌ្ឍ​សមត្ថភាព​ទំនាក់ទំនង​ និង​បង្កើន​ភាព​ក្លាហាន​ រួម​ទាំង​បណ្តុះ​ភាព​ច្នៃប្រឌិត​ជាដើម​៕