Tag: ចូលរួម

  • Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

    Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

    ម៉ូដែល​ដំបូង​របស់​ Xiaomi EV គឺ SU7 នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ផលិត​ឆាប់​ៗ​ខាង​មុខ​។

    យោង​តាម​សេចក្ដី​ប្រកាស​ Xiaomi EV មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ប្រហែល 2,000 គ្រឿង​​នៅ​ក្នុង​ខែ​មីនា​ និង​បង្ហើយ​ការ​បង្កើន​បរិមាណ​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2024​ ដែល​ក្នុង​នោះ​ ពួក​គេ​នឹង​ផលិត​បាន​ជាង 10,000 គ្រឿង​នៅ​ក្នុង​ខែ​កក្កដាឆ្នាំ​នេះ​។

    ក្រុម​ហ៊ុន​ចិន Xiaomi បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មីនា​ឆ្នាំ 2021 ថា ពួក​គេ​នឹង​ចូល​រួម​ផលិត​រថយន្ត​ ដោយ​បញ្ជាក់​ថា ពួក​គេ​នឹង​វិនិយោគ​ 10 ពាន់លាន​យុន​សម្រាប់​ដំណាក់​កាលដំបូង​នៃ​សកម្មភាព​ជំនួញ​ផ្នែក​រថយន្ត​ ហើយ​គ្រោង​នឹង​វិនិយោគ​ 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ក្នុងរយៈ​ពេល​​ 10 ឆ្នាំ​ខាង​មុខ​។

    ក្រុម​ហ៊ុន​ខាង​លើ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី SU7 របស់​ខ្លួន​កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​ និង​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​សង្ឃឹម​ថា នឹង​ក្លាយ​ជាមួយក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​លំដាប់​ពិភពលោក​ នៅ​ក្នុង​រយៈ​ពេល​ពី 15 ទៅ 20 ឆ្នាំ​ទៀត​។

    Xiaomi មិន​ទាន់​ប្រកាស​ព័ត៌មាន​ស្ដី​ពី​តម្លៃ​របស់ SU7 ក៏ដូចជា​ពេល​វេលា​បង្ហាញ​រថយន្ត​នេះ​ជា​ផ្លូវ​ការ​។ ប៉ុន្តែ បើ​យោង​តាម​ CnEVPost កំណែ​ខ្ពស់​បំផុត​របស់​ Xiaomi SU7 នឹង​មាន​តម្លៃ​ 50,320 ដុល្លារ​អាម៉េរិក​៕

  • ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

    ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

    (ភ្នំពេញ)៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

     

    កិច្ចប្រជុំដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 23 មករា 2024 នៅទីស្តីការក្រសួងពាណិជ្ជកម្មខាងលើ​នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិក-សមាជិកានៃក្រុមការងារជាច្រើនរូបផងដែរ។

     

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាម បណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។

  • ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

    យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។

    ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។

    ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 ដែលនឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់ ដោយឃ្លាំងនេះ នឹងផ្តល់នូវតម្លៃសេវាបន្ថែម ជាពិសេស សេវាស្តុកទំនិញត្រជាក់ ស្របតាមស្តង់ដារអន្តរជាតិ។

    ជាងនេះទៅទៀត ឃ្លាំងនេះនឹងចូលរួមគាំទ្រផែនការអាទិភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកកាន់តែមានភាពប្រកួតប្រជែង និងការផ្តល់សេវាកាន់តែមានភាពឆាប់រហ័ស្ថ តម្លាភាព និងប្រសិទ្ធភាព៕

  • ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។

    ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដីទំហំ 18.6 ហិកតា។

    គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណងទាំង​នេះ គឺ​ដើម្បីធ្វើ​ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ មាន​ដូចជា គ្រឿងសំណង់ ដំឡូងមី ចំណីសត្វ កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ល។

  • កម្ពុជា​ មាន​សមត្ថភាពកិនកែច្នៃ​អង្ករ​បាន 1,200 តោនក្នុងមួយម៉ោង

    កម្ពុជា​ មាន​សមត្ថភាពកិនកែច្នៃ​អង្ករ​បាន 1,200 តោនក្នុងមួយម៉ោង

    បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ រោងម៉ាស៊ីនចំនួន 130 មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍ពី​​ទីផ្សារ​ឥណ្ឌូណេស៊ី​។

    កាល​ពី​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023 ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមអមដំណើរ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។ នេះ​បើ​តាម​​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

    បច្ចុប្បន្ន ប្រទេស​ឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីសម្រាប់​ការនាំចេញអង្កររបស់កម្ពុជា ក្នុង​នោះ ថ្មីៗនេះ កម្ពុជាទើបតែ​បាននាំចេញអង្ករប្រមាណជា 15,000 តោន ទៅ​កាន់​ទីផ្សារមួយ​​នេះ​។

    យោង​តាម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ គិតមក​ដល់ពេល​នេះ វិស័យស្រូវអង្ករកម្ពុជា មានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ មាន​រោងម៉ាស៊ីនចំនួន 130 ដែល​​មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ ចំណែកឯសមត្ថភាពកិនកែច្នៃអង្ករ​វិញ រោង​ម៉ាស៊ីន​កិន​ស្រូវ​ទាំង​នេះ អាច​កែច្នៃ​បាន​ 1,200 តោនក្នុងមួយម៉ោង ខណៈ​ដែល​​ឡសម្ងួតវិញ មាន​សមត្ថភាព​សម្ងួត​បាន​ជាង 42,000 តោនក្នុងមួយថ្ងៃ។

    សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ឱ្យ​ដឹង​ថា រោងម៉ាស៊ីននៅកម្ពុជា អាចរក្សាទុក​ស្រូវបាន 2 លានតោនក្នុងមួយវគ្គ ហើយ​អាច​កិនកែច្នៃ និងផ្គត់ផ្គង់អង្ករ​បានរហូតដល់ជាង 4 លានតោនក្នុងមួយឆ្នាំ​៕

    ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធ​ស្រូវ​-អង្ករ​កម្ពុជា

     

  • វិនិយោគគិនជប៉ុន និងកម្ពុជា ប្រមាណ 60 ក្រុមហ៊ុន រៀបចំវេទិកា​មួយ​ដើម្បី​​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅស្រុក​ខ្មែរ

    វិនិយោគគិនជប៉ុន និងកម្ពុជា ប្រមាណ 60 ក្រុមហ៊ុន រៀបចំវេទិកា​មួយ​ដើម្បី​​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅស្រុក​ខ្មែរ

    កាល​ពីថ្ងៃ​ទី 20 ខែវិច្ឆិកា 2023 វេទិកា «ធុរកិច្ច ភាពជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន» ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅ​ក្នុង ​កម្ពុជា ក៏​ដូចជា​ការស្វែងរក​ដៃគូ និង​ កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ត្រូវ​បាន​រៀប​ចំ​ឡើងដោយ​មាន​ការ​ផ្តូចផ្តើម​ពី​ធនាគារ អេស៊ីលីដា និង សហការដោយ​សមាគម​ជប៉ុន-កម្ពុជា។

    ជំនួប​ធុរកិច្ចនេះ​រៀបចំឡើងនៅទី​ស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគជប៉ុនមក​ពី​ 28 ក្រុមហ៊ុន និង អ្នកវិនិយោគកម្ពុជា មក​ពី​​ក្រុមហ៊ុន​ជាង​ 30 ស្ថាប័ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ ក្រសួង​ព័ត៌មាន​ កាល​ពី​ដើម​សប្ដាហ៍​នេះ​។

    លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ឱ្យ​ដឹង​ថា ជំនួប​ធុរកិច្ច​ខាង​លើ​នេះ​គឺ​ជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុន ជួបគ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​ការវិនិយោគ​ដ៏​មាន​សក្តានុពល​នៅ កម្ពុជា។

    វិនិយោគិន​ជប៉ុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ទីកន្លែង​ផ្តល់​នូវ​សុខ​សន្តិភាព​ពេញ​លេញ និងសម្បូរ​បែប។

    នេះជាលើកទីបី​ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម​ជប៉ុន-កម្ពុជា រៀបចំវេទិកា «​ធុរ​កិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន»។ វេទិកានេះ ត្រូវបានគេរំពឹងថា ​ជា​ជំនួប​ដ៏​វិសេស​វិសាល ដើម្បី​ពង្រឹង និង​ បំពេញ​តម្រូវការ​ជូន​ធុរជន​ក្នុងការស្វែងយល់ពីវិស័យធុរកិច្ចនានា​នៅ​កម្ពុជា​៕

  • មុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ នឹង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​ឆាប់​ៗ​ខាងមុខ

    មុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ នឹង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​ឆាប់​ៗ​ខាងមុខ

    កាល​ពី​ព្រឹក​ថ្ងៃទី 07 វិច្ឆិកា ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធីបតី ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យដំណើរការសាកល្បងមុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ ដែលប្រារព្ធឡើងក្រោមអធីបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) រួម​នឹងវត្តមាន លោក Till Ahnert ប្រធានគម្រោង DGMT នៃ Arise Plus Cambodia ក៏​ដូច​ជា​មន្ត្រី និង​បុគ្គលិក​ពាក់ព័ន្ធ។

    សិក្ខាសាលានេះធ្វើ​ឡើង​ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក្នុង​បំណង​កាត់បន្ថយពេលវេលានៃការបញ្ចេញទំនិញ និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។

    អ.គ.រ សហការជាមួយនឹង GIZ/Arise+ Cambodia បាននិងកំពុងរៀបចំនីតិវិធី និងមុខងារប្រព័ន្ធសម្រាប់អនុវត្តការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនាពេលដ៏ខ្លីខាងមុខនេះ។

  • សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

    សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

    នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ដែលបាន​បើក​សម្ពោធ​និង​បើកដំណើរការនូវ OPPO Flagship Store យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall (ជាន់ទី1) ហើយក្នុងថ្ងៃតែមួយនេះផងដែរក៏ជាថ្ងៃ Find N3 Series First Sale ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2023 រំលងទៅថ្មីៗនេះ។

    តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find N3 Series First Sale ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាល្បីៗជាច្រើនរូបដូចជា រ៉េត ស៊ូហ្សាណា, ជូរី ល្អហួស, ភឹម ស្រីនោ, តាន់ ជេស៊ី, គុយ អេណា, Lee Xin និង Chma ព្រមទាំងបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក។

    រឹតតែពិសេសឃើញថាក្រុមហ៊ុន OPPO ក៏បានផ្តល់ជូនកាដូ Free Free ដល់ហ្វេនៗគ្រប់ៗគ្នាដែលបានអញ្ជើញចូលរួមកម្មវិធី។ មិនតែប៉ុណ្ណោះ OPPO ក៏បានផ្តល់ជូនឱកាសពិសេសដែលមិនធ្លាប់មានជាមួយការបញ្ចុះតម្លៃលើ OPPO Pad Air និងរាល់ការទិញស្មាតហ្វូន OPPO គ្រប់ម៉ូដែលនឹងទទួលបានកាដូពិសេសៗជាច្រើនពី OPPO ដែលឱកាសនេះមិនធ្លាប់មានពីមុននោះទេ។

    ក្រៅពីការផ្តល់ជូនដ៏ពិសេសខាងលើ គោលបំណងធំដែលក្រុមហ៊ុន OPPO នៅកម្ពុជាបើកដំណើរការនូវ Flagship Store ដំបូងរបស់ខ្លួនគឺដើម្បីផ្តល់ជូននូវភាពងាយស្រួល សេវាកម្មដ៏ទាន់ចិត្ត និងផ្តល់បទពិសោធដ៏ល្អប្រសើរដល់អតិថិជនក្នុងការមកតេស្តទូរស័ព្ទ OPPO គ្រប់ស៊េរីគ្រប់ម៉ូដែលដោយផ្ទាល់នៅក្នុងហាង ព្រមទាំងមានបុគ្គលិកជំនាញៗដែលអាចប្រឹក្សាមតិយោបល់។ អ្វីដែលកាន់តែពិសេស រាល់ការអញ្ជើញមកជាវស្មាតហ្វូន OPPO គ្រប់ម៉ូដែល​នៅ Flagship Store អតិថិជននឹងទទួលបានការបិត Screen ដោយឥតគិតថ្លៃ៕

  • ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

    ភ្នំពេញ៖ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាល​ពី​ថ្ងៃទី 1 ខែវិច្ឆិកាម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើ​ទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។

    គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខ។

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ 3 ហិកតា ស្ថិតនៅភូមិព្រែកតាគង់មួយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង​មានតម្លៃប្រមាណ 20 លានដុល្លារអាមេរិក៕

  • រថយន្ត​ប្រើ​អគ្គិសនី​​ពី​ព្រះអាទិត្យ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ការ​ប្រកួត​ចម្ងាយ​បី​ពាន់​គីឡូម៉ែត្រ​

    រថយន្ត​ប្រើ​អគ្គិសនី​​ពី​ព្រះអាទិត្យ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ការ​ប្រកួត​ចម្ងាយ​បី​ពាន់​គីឡូម៉ែត្រ​

    (អូស្ត្រាលី) – ដោយ​សារ​មាន​រូប​រាង​ពិសេស​ រថយន្ត​ដំណើរ​ការ​ដោយ​អគ្គិសនី​ពី​ព្រះ​អាទិត្យ​របស់​ក្រុម​ប្រណាំង​មួយ​របស់​បែលហ្ស៊ិក ដណ្ដើម​បាន​ជ័យ​ជំនះ​​ក្នុង​ការ​ប្រកួត​រយៈ​ចម្ងាយ​ 3,000 គីឡូម៉ែត្រ បើ​ទោះ​អាកាសធាតុ​មិន​អំណោយ​ផល​។

    នេះ​ជា​លើក​ទីពីរ​ជាប់​ៗ​គ្នា​ហើយ​ដែល​ក្រុម​ប្រណាំង​ឡាន​មក​ពី​បែលហ្ស៊ិក​ ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​នៅ​ពាន​រង្វាន់ Bridgestone World Solar Challenge (BWSC) ជា​ការ​ប្រកួត​ប្រណាំង​ឡាន​មួយ​នៅ​អូស្ត្រាលី​ ដែល​មាន​ការ​ចូលរួម​ពី​រថយន្ត​ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យទំនើប​ៗ​​រាប់​សិប​គ្រឿង​ រួម​នឹង​​វិស្វករ និង​និស្សិត​ជា​ច្រើន​ក្រុម​មក​ពី​ជុំវិញ​ពិភពលោក​។ ការ​ប្រកួត​រថយន្ត​នេះ​មាន​រយៈ​ចម្ងាយ​ 3,000 គីឡូម៉ែត្រ ចាប់​ផ្ដើម​ពី​ Darwin ទៅ​កាន់​ Adelaide។

    ការ​ប្រកួត​ខាងលើ​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ 8 ព្រឹក ដល់​ម៉ោង​ 5 ល្ងាច ហើយ​ក្រុម​នីមួយ​ៗ​ត្រូវ​តែ​ផ្គត់​ផ្គង់​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង​។

    ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ឆ្នាំ 2019 ក្រុម​របស់​បែលហ្ស៊ិក​បាន​ឈ្នះ​ ក្រោយ​ពី​រថយន្ត​នាំ​មុខ​គេ​ដែល​ជា​របស់​ប្រទេស​ហូឡង់​បាន​ឆេះ​។ ក្នុង​ការ​ប្រណាំងឆ្នាំ​នេះ​ ក្រុម​របស់​បែលហ្ស៊ិក​ដែល​មាន​ឈ្មោះ​ថា Innoptus រក្សា​គម្លាត់​ពី​ក្រុម​ហូឡង់​ស្ទើរ​តែ​ពេញ​មួយ​ប្រកួត​ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​ 34 ម៉ោង 4 នាទី និង 41 វិនាទី​ លឿន​ជាង​ជិត​ 5 នាទី បើធៀប​នឹង​ឆ្នាំ 2019​។

    ចំណាត់​ថ្នាក់​លេខពីរ​គឺ​បាន​ទៅ​លើ​ក្រុម​របស់​ហូឡង់ Twente ដោយ​ប្រើ​ប្រាស់​ពេល​វេលា​ 34 ម៉ោង 24 នាទី និង 58 វិនាទី។