Tag: ចូលឆ្នាំចិន

  • យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

    យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

    ដោយ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​លើក​លែង​ទិដ្ឋាការ (visa) ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ទេសចរ​ចិន​។

    នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិនឆ្នាំ​នេះ ទេសចរ​ចិន​ត្រូវ​គិត​គូរ​ដល់​កត្តា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ភូមិសាស្ត្រ គោលនយោបាយ​ និង​ការ​ចំណាយ​ផ្សេង​ៗ​​។ ចំពោះ​បញ្ហា​ទាំង​នេះ តំបន់​ទេសចរណ៍​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​អូស្ត្រាលី​ជា​ដើម មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ទេសចរណ៍ និង​ទិន្នន័យ​របស់​ Reuters។

    អូស្ត្រាលី​ធ្លាប់​ជា «ដែក​ឆក់» ចំពោះ​ភ្ញៀវ​ពី​ប្រទេស​ចិន​។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​បាន​កាត់​បន្ថយ​ភាព​ទាក់​ទាញ​របស់​ប្រទេស​នេះ​។ ផ្ទុយ​ទៅវិញ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ ដូច​ជា​ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ ជា​ដើម បាន​ប្រើ​ប្រាស់​កត្តា​តម្លៃ​ទាប​ជាង ក៏ដូច​ជា​គោលនយោបាយ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​ ដើម្បី​អូស​ទាញ​ភ្ញៀវ​ពី​ប្រទេស​ចិន​។

    លោក John Nee ប្រធាន​ក្រុម​ហ៊ុន​ទេសចរណ៍​ Easy Going នៅ​តំបន់​ Perth ភាគ​ខាង​លិច​របស់​អូស្ត្រាលី បាន​ទទួលស្គាល់​អំពី​បរាជ័យ​របស់​អូស្ត្រាលី​នៅ​ចំពោះមុខ​អាស៊ី​អាគ្នេយ៍។ លោក​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង ក្រុម​ហ៊ុន​របស់​លោក​បាន​ងើប​ឡើង​វិញ​ត្រឹម​តែ​ 40% ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ ផ្ទុយ​ទៅវិញ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ បាន​ឃើញ​កំណើន​ភ្ញៀវ​បរទេស និង​ការ​ចំណាយ​ច្រើន​ជាង​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិ​សុខភាព​សកល​ទៅ​ទៀត​។

    «គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​ប្រទេស​ថៃ និង​សិង្ហបុរី​ ទាក់​ទាញ​ភ្ញៀវ​បាន​ច្រើន​ ហើយ​ខ្ញុំ​គិត​ថា ប្រការ​នោះ​បាន​ជួយ​អូស​ទាញ​ភ្ញៀវ​ចិន​ឱ្យ​ចេញ​ផុត​ពី​ប្រទេស​អូស្ត្រាលី» លោក John Nee អះអាង​ដូច្នេះ​។

    នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ភ្ញៀវ​ចិន​រួមចំណែក​ 26% ធៀប​នឹង​ភ្ញៀវ​បរទេស​សរុប​ដែល​មក​លេង​ប្រទេស​អូស្ត្រាលី​។ តួលេខ​នេះ​ទាប​ខ្លាំង បើ​ធៀប​នឹង​ជាង 50% កាល​ពី​ដំណាក់​កាល​មុន​កូវីដ-19 ឆ្នាំ 2019​។

    បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ប្រទេស​អូស្ត្រាលី រក​បាន​​ប្រាក់​ចំណូល​ទាប​ជាង​ 50% បើ​ធៀប​នឹង​ឆ្នាំ 2019​៕

  • ចូលឆ្នាំចិន 3ថ្ងៃ ហេតុអ្វីខេត្តព្រះសីហនុ ទទួលបានកំណើនទេសចរគួរឱ្យកត់សម្គាល់បែបនេះ?

    ចូលឆ្នាំចិន 3ថ្ងៃ ហេតុអ្វីខេត្តព្រះសីហនុ ទទួលបានកំណើនទេសចរគួរឱ្យកត់សម្គាល់បែបនេះ?

    ក្នុងរយៈពេល3ថ្ងៃនៃពិធីចូលឆ្នាំចិន ឆ្នាំនេះ (2020) គេបានកត់សម្គាល់ឃើញថា កំណើននៃភ្ញៀវទេសចរដែលបានទៅកម្សាន្ត និងស្នាក់នៅក្នុងខេត្តព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់។

    កាលពីថ្ងៃទី26 មករា ម្សិលមិញ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹះស្នា បានថ្លែងថា ក្នុងអំឡុងពេល 3ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំចិន គឺចាប់ពីថ្ងៃទី24 ដល់ទី26 មករា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ មានប្រមាណ 87,000នាក់កើនឡើង 24.52% បើប្រៀបធៀបនឹងឆ្នាំ2019 ដែលមានភ្ញៀវត្រឹមតែ 70.480នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានប្រមាណ 74,495នាក់ កើនឡើង 67.17% បើធៀបនឹងឆ្នាំ2019 ដែលមាន 44.560នាក់។

    តាមការសន្និដ្ឋានរបស់ភ្ញៀវទេសចរដែលបានទៅកាន់ទីនោះ បានឱ្យដឹងថា ការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ អាចដោយសារសកម្មភាពវិជ្ជមាននានាក្នុងតំបន់ បន្ទាប់ពីឯកឧត្តម គួច ចំរើន បានចូលមកដឹកនាំខេត្តព្រះសីហនុ។

    ម្យ៉ាងវិញទៀត ការកើនឡើងនៃវត្តមានទេសចរក្នុងស្រុកនៅខេត្តនេះ ក៏អាចជាប់ទាក់ទិននឹងការបិទកាស៊ីណូរាប់សិបកន្លែងនៅក្រុងព្រះសីហនុផងដែរ ព្រោះថា ការបិទកាស៊ីណូនេះ បានធ្វើឱ្យវត្តមានជនជាតិបរទេសថយចុះ ជាពិសេសអ្នករកស៊ី និងបុគ្គលិកជាជនជាតិចិនដែលពួកគេមានប្រាក់ច្រើន ហ៊ានទិញទំនិញ និងសេវាកម្មថ្លៃៗ។

    នៅពេលអ្នករកស៊ី និងអ្នកទេសចរជនជាតិចិនវិលត្រឡប់ទៅស្រុកវិញ (បន្ទាប់ពីរាជរដ្ឋភិបាលប្រកាសបិទកាស៊ីណូអនឡាញ) ហាងទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ជាដើម ត្រូវបានប្រគល់មកម្ចាស់ដើមដែលជាពលរដ្ឋក្នុងស្រុកវិញ។ ការដែលបងប្អូនជនជាតិចិនភាគច្រើនបានវិលទៅស្រុកវិញបែបនេះ ធ្វើឱ្យម្ចាស់ហាងទំនិញ ភោជនីយដ្ឋាន ឬម្ចាស់ផ្ទះសំណាក់ទាំងនោះ ត្រូវបង្ខំចិត្តបញ្ចុះតម្លៃទំនិញ អាហារ និងសេវាកម្មរបស់ខ្លួនឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺ អតិថិជនភាគច្រើនរបស់ពួកគេ ពេលនេះគឺជាភ្ញៀវក្នុងស្រុក មិនមែនអតិថិជនជាជនជាតិចិនដូចមុនទេ នេះ​បើ​តាមសម្ដី​លោក ​រតនា ប្រធាន​ផ្សារ​ទំនើប​មួយ​នៅ​ភ្នំ​ពេញ។

    ការបញ្ចុះតម្លៃទំនិញ ឬសេវាកម្មដូចខាងលើនេះហើយ ដែលនាំឱ្យភ្ញៀវក្នុងស្រុកមួយចំនួនធំគិតថា ខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងវិលត្រឡប់ទៅដូចកាលពីបណ្ដាឆ្នាំមុនៗ ដែលមិនទាន់មានវត្តមានបងប្អូនជនជាតិចិនច្រើន។ ការគិតបែបនេះហើយ ដែលធ្វើឱ្យពួកគេ (ភ្ញៀវជាតិ)សម្រេចចិត្ត វិលមកស្នាក់នៅ និងដើរលេងកម្សាន្តនៅខេត្តនេះឡើងវិញ ព្រោះពួកគាត់គិតថា ទំនិញ ឬសេវាកម្មនានា មានតម្លៃទាបដូចដើម។

    កត្តាសំខាន់មួយទៀតដែលភ្ញៀវទេសចរមួយចំនួនគិតថា មានជាប់ទាក់ទិននឹងការកើនឡើងនៃភ្ញៀវក្នុងស្រុកដែរនោះគឺ សន្តិសុខ និងសណ្ដាប់ធ្នាប់។ នៅក្នុងឆ្នាំ2019 នៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមជាដើម គេតែងបានឃើញអំពើចោរកម្ម និងឧក្រិដ្ឋកម្មជាច្រើនកើនឡើងនៅខេត្តព្រះសីហនុ ដូចជា អំពើចាប់ជំរិតមនុស្ស អំពើឆក់ប្លន់ អំពើហិង្សា​​តាម​​ទីសាធារណៈ​ អំពើឆបោកជាដើម ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ បន្ទាប់​ពីមានការបិទកាស៊ីណូ និងការភ្នាល់ល្បែងតាមអ៊ីនធើណិតរាប់សិបកន្លែងមក អំពើខុសច្បាប់ដែលបានរៀបរាប់ខាងលើ បានស្ងប់ស្ងាត់ទៅវិញគួរឱ្យកត់សម្គាល់។ នេះជាកត្តាមួយដែលហាក់ដូចជាការធានាដល់ភ្ញៀវដែលនឹងមកកម្សាន្តខេត្តព្រះសីហនុ។

    ជាងនេះទៀត មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុម្នាក់បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុនឹងមានភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្ត នៅឆ្នាំ2021 ខាងមុខនេះ បន្ទាប់ពីផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងខេត្ត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ៕

  • វិធីជ្រើសរើសផ្កាអង្គាសីល ក្រូចឃ្វីច និងស្បៃរឿងឱ្យត្រូវតាមក្បួនហុងស៊ុយ

    វិធីជ្រើសរើសផ្កាអង្គាសីល ក្រូចឃ្វីច និងស្បៃរឿងឱ្យត្រូវតាមក្បួនហុងស៊ុយ

    ជារៀងរាល់ឆ្នាំ ឱ្យតែជិតដល់រដូវបុណ្យចូលឆ្នាំចិន មិនថាជនជាតិខ្មែរដើមកំណើតចិន ដើមកំណើតវៀតណាម ឬខ្មែរកាត់ចិននោះទេ ពួកគេតែងតែយកចិត្តទុកដាក់ទៅលើការតុបតែងលំអផ្ទះដោយរបស់នាំលាភ និងរបស់នាំរាសីជាច្រើនតាមដែលពួកគេអាចរកទិញបាន ក្នុងមានដូចជាក្រដាស់សែន កូនគោមក្រហម មែនផ្កាអង្គាសិល ដើមក្រូចឃ្វិចដែលមានផ្លែស្រោបមែន រួមនិងដើមផ្កាផ្សេងៗទៀត។

    ក្នុងចំណោមអ្វីដែលបានរៀបរាប់ខាងលើ យើងខ្ញុំសូមលើកយករុក្ខជាតិចំនួន 3ប្រភេទមកបកស្រាយអំពីអត្ថន័យរបស់វាសម្រាប់ជូនជាចំណេះដឹងចំពោះបងប្អូនខ្មែរស្រឡាយចិនដែលមិនទាន់បានជ្រាប។

    1.ផ្កាស្បៃរឿង

    នេះជាប្រភេទផ្កាដែលមានពណ៌លឿង ឬលឿងទុំ ប៉ុន្តែក្នុងរដូវចូលឆ្នាំចិន គេឃើញមានលក់ភាគច្រើនតែស្បៃរឿងដែលមានពណ៌លឿងដូចមាស ព្រោះអ្នកទិញភាគច្រើនក៏ជ្រើសយកតែពណ៌មាស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅភ្នំពេញ ពិសេសគឺនៅមុខហាងធំៗ គេក៏ឃើញមានការដាក់តាំងផ្កាស្បៃរឿងជាហូរហែ។ ផ្កាស្បៃរឿងក៏ជាផ្កាដែលត្រូវគេចាត់ទុកដូចជាអ្នកនាំលាភ នាំទ្រព្យឱ្យចូលមកផ្ទះរបស់ម្ចាស់ផ្កាដូច្នោះដែរ។ ផ្កាស្បៃរឿង ល្អបំផុតគឺដាក់តាំងលំអរនៅមុខផ្ទះ តាមផ្លូវដើរចូលផ្ទះជាដើម ដើម្បីបង្កើនភាពស្រស់ស្រាយ។

    2.ដើមក្រូចឃ្វិចដែលមានផ្លែស្រោបមែក

    អ្នកដែលមានជំនឿទៅលើរឿងរាសី មុននឹងសម្រេចទិញដើមក្រូចឃ្វិចយកមកតាំងក្នុងរដូវចូលឆ្នាំចិន តែងតែពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នទៅលើទម្រង់ដើម មែក ស្លឹក និងផ្លែ។ល។ ដែលទាំងនេះត្រូវបានគេចាត់ទុកជាតំណាងនៃស្ថានភាពទ្រព្យសម្បត្តិ និងសុភមង្គលដែលនឹងហូរចូល និងកើតមានក្នុងផ្ទះរបស់ពួកគេ។

    អ្នកជាប់ស្រឡាយចិន ពិសេសចាស់ៗ ពួកគាត់តែងរើសតែដើមក្រូចឃ្វិចណាដែលមានរូបរាងមាំមួន មានស្លឹកចាស់បន្តិចតែមានសភាពស្រស់បំព្រង មានមែនលូតលាស់ទៅគ្រប់ទិស មានផ្លែកាន់តែច្រើនកាន់តែល្អតែវាត្រូវតែមានខ្ចីខ្លះ ស្រគាលខ្លះ និងទុំខ្លះ។ ទាំងនេះ គឺតំណាងឱ្យទ្រព្យដែលនឹងកើតឡើងជាហូរហែ មិនរអាក់រអួល មិនមានឧបសគ្គ។

    3.ដើមផ្កាអង្គាសីល

    បងប្អូនខ្មែរដែលមានដើមកំណើតចិន កាត់ចិន ឬជាប់ស្រឡាយចិន តែងតែចាត់ទុកដើមផ្កាអង្គាសីលនេះថា ជាវត្ថុតំណាងឱ្យរដូវផ្ការីកដ៏គួរឱ្យត្រេកត្រអាល ព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងក្លិនក្រអូបរបស់ផ្កានេះ។

    អង្គាសីលជាប្រភេទរុក្ខជាតិដែលចេញផ្កាតែក្នុងរដូវត្រជាក់ រដូវផ្ការីកដែលចំនឹងរដូវចូលឆ្នាំចិន។ អ្នកជាប់ស្រឡាយចិន គិតថា បើមានដើមផ្កានេះនៅក្នុងផ្ទះ វានឹងជួយឱ្យពួកគេបានត្រជាក់ត្រជំ និងស្រស់ស្រាយពេញមួយឆ្នាំ។

    ជាងនេះ ដោយសារតែផ្កាអង្គាសីលមានពណ៌លឿងដូចពណ៌មាស ដូច្នេះមនុស្សក៏បានចាត់ទុកវាថា ជាផ្កានាំទ្រព្យដែលអាចជួយចម្រុងចម្រើនភោគទ្រព្យក្នុងគ្រួសាររបស់ពួកគេ។

    ការជ្រើសរើសមែកផ្កាអង្គាសីលគឺត្រូវតែមើលទៅលើពេលវេលាដែលរាប់ចាប់ពីថ្ងៃទិញរហូតដល់ថ្ងៃចូលឆ្នាំ និងត្រូវមើលទៅលើចំនួនពន្លកផ្កា និងទំហំពន្លកផ្កាផងដែរ។ បើសិនលោកអ្នកបានទិញរួចហើយ ពេលទៅដល់ផ្ទះ លោកអ្នកគួរតែយកភ្លើងដុតគល់របស់វាមួយភ្លែត ឬដាក់វាត្រាំក្នុងទឹកក្ដៅពី 70-80អង្សា ដើម្បីកុំឱ្យជ័រ និងជាតិបំប៉នក្នុងមែករបស់វាហូរចេញមកក្រៅ បំណងជួយរក្សាវាឱ្យនៅស្រស់បានយូរ និងចេញផ្កាបានល្អ។

    បើចង់ឱ្យផ្ការីកបានលឿន លោកអ្នកអាចដាក់វាក្នុងបន្ទប់ដែលមិនសូវមានខ្យល់ និងអុជធូប តែបើចង់ឱ្យផ្ការីកយឺតមកវិញ អ្នកអាចដាក់ទឹកកកចូលក្នុងផើងផ្កា និងដាក់វានៅកន្លែងដែលមានខ្យល់ច្រើន ហើយពេលយប់យកវាទៅដាក់ហាលសន្សើម។

    សូមជូនពរលោកអ្នក រកទទួលទានមានបានដូចសេចក្ដីប្រាថ្នា!

  • ចិន​ចាប់ផ្ដើម​រដូវ​ចូលឆ្នាំ​៖ ការ​ធ្វើដំណើរ​នឹង​មាន​ចំនួន​ជាង​ 3ពាន់​លាន​លើក​ ឆ្ពោះទៅ​លេង​ស្រុកកំណើត​

    ចិន​ចាប់ផ្ដើម​រដូវ​ចូលឆ្នាំ​៖ ការ​ធ្វើដំណើរ​នឹង​មាន​ចំនួន​ជាង​ 3ពាន់​លាន​លើក​ ឆ្ពោះទៅ​លេង​ស្រុកកំណើត​

    ចាប់តាំងពី​ថ្ងៃទី​10​ មករា​មក​ ជនជាតិ​ចិន​រាប់ពាន់​លាន​នាក់​ បាន​ចាប់ផ្ដើម​ធ្វើដំណើរ​ពីទី​ក្រុង​ ពី​កន្លែង​ធ្វើការ​ វិលត្រឡប់​ទៅ​ស្រុកកំណើត​ ដើម្បី​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ ឆ្នាំ​2020​ នេះ​។

    ការណ៍​នេះ​ត្រូវ​បាន​ចាត់ទុកថា​ ជា​ការ​ធ្វើដំណើរ​វិល​ទៅ​ស្រុក​យ៉ាង​គគ្រឹកគគ្រេង​បំផុត​ក្នុង​ពិភពលោក​ ដោយ​ពិធីបុណ្យ​ ឈុ​នយីន​ (春运) ឬបុណ្យ​និទាឃរដូវ​ (បុណ្យចូលឆ្នាំ​ចិន​) ត្រូវ​បាន​រដ្ឋាភិបាល​ចិន​កំណត់​ឱ្យ​ឈប់សម្រាក​ពី​ការងារ​រយៈពេល​យូរ​ដល់ទៅ​ 40​ថ្ងៃ​ រាប់​ចាប់ពី​ថ្ងៃទី​10​ មករា​ ដល់​ថ្ងៃទី​18​ កុម្ភៈ​ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​។

    ចូលឆ្នាំ​ចិន​ឆ្នាំនេះ​ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​25​ មករា​ ពោល​គឺ​ឆាប់​ជាង​រាល់​ឆ្នាំ​ គិត​ចាប់ពី​ឆ្នាំ​2012​ មក​។ រដូវ​បុណ្យចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំនេះ​ បាន​ជាន់​ជាមួយនឹង​រដូវ​និស្សិត​ចាប់ផ្ដើម​ឈប់សម្រាក​ខែរងា​(វ៉ាកង​) ដែល​ការ​ឈប់សម្រាក​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ​កាន់តែ​មមាញឹក​ឡើង​។

    ទូរទស្សន៍​ CNN​ បាន​សន្និដ្ឋាន​ថា​ រដូវ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ​ នឹង​មាន​អ្នកធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ ប្រមាណ​ជា​3ពាន់​លាន​លើក​ កើនឡើង​បន្តិច​បើ​ធៀប​នឹង​កាលពីឆ្នាំទៅ​ (2.99​ពាន់​លាន​លើក​)។ ក្នុងចំណោម​នោះ​ នឹង​មាន​ 2.43​ពាន់​លាន​លើក​ ធ្វើដំណើរ​តាម​រថយន្ត​ (ថយ​ចុះ​1.2​% ធៀប​នឹង​ឆ្នាំទៅ​)។ ការ​ធ្វើដំណើរ​តាម​រថភ្លើង​នឹង​មាន​ចំនួន​ 440​លាន​លើក​ កើនឡើង​ 8%។ ចំណែក​ការ​ធ្វើដំណើរ​តាមយន្តហោះ​ នឹង​មាន​ 79​លាន​លើក​ (កើន​8.4​%) ហើយ​ 45​លាន​លើក​ នឹង​ធ្វើដំណើរ​តាមជើងទឹក​ (កើន​9.6​%)។

    ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​ចិន​ បាន​ព្យាករ​ថា​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ “ប៉េកាំង​ ដា​ក់​ស៊ិង​” (Beijing​ Daxing​ International​ Airport​) នឹង​ដឹក​អ្នកដំណើរ​ 190​លាន​នាក់​ក្នុង​អំឡុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​ ដែល​ច្រើនជាង​15​% ធៀប​នឹង​ពេលវេលា​ធម្មតា​។

    ព្រលា​នយន្តនានា​ទូទាំង​ប្រទេស​ចិន​ ក៏បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុង​ការហោះហើរ​ 17​ពាន់​ជើង​ជា​រៀងរាល់ថ្ងៃ​ ក្នុង​រដូវ​ចូលឆ្នាំ​នេះ​ (កើនឡើង​13.3​% បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន​)៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​