Tag: ចិនដីគោក

  • រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

    រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

    ហិរញ្ញវត្ថុ – វិនិយោគ បង្កើត​មហា​សេដ្ឋី​ជាង​ 420 នាក់​នៅលើពិភពលោក​ ក្នុងនោះ Warren Buffett ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Berkshire Hathaway គឺជា​អ្នក​មាន​ជាង​គេ​បង្អស់​។

    ដើម​ខែ​នេះ ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ2024​។ ឆ្នាំ​នេះ​ ពិភពលោក​​មាន​មហាសេដ្ឋី​សរុប​ចំនួន 2,781នាក់ ច្រើន​ជាង 141នាក់បើ​ធៀប​នឹង​ឆ្នាំ​កន្លង​។ ក្នុងនោះ ទ្រព្យ​របស់​មហាសេដ្ឋី​ទាំង​នេះ​ក៏​មាន​ច្រើន​ជាង​មុន ដោយ​មាន​រហូត​ដល់ 14,200 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ យោង​តាម​ស្ថិតិ​របស់ Forbes មហាសេដ្ឋី​ភាគ​ច្រើន​រក​ស៊ី​ក្នុង​វិស័យ​ចំនួន​10 ដែល​មាន​ដូច​ខាង​ក្រោម​៖

    1/ ហិរញ្ញវត្ថុ-វិនិយោគ

    -ចំនួន​មហា​សេដ្ឋី​៖ 427នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 15%
    -អ្នក​មាន​ជាង​គេ​៖ Warren Buffett (អាម៉េរិក) (133ពាន់​លាន​ដុល្លារ​អាម៉េរិក)

    2/ បច្ចេកវិទ្យា

    -ចំនួន​មហា​សេដ្ឋី​៖ 342​នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12%
    -អ្នក​មាន​ជាង​គេ​៖ Jeff Bezos (អាម៉េរិក) ( 194ពាន់​លាន​ដុល្លារ​អាម៉េរិក)

    3/ ផលិត

    -ចំនួន​មហា​សេដ្ឋី​៖ 328នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12%
    -អ្នក​មាន​ជាង​គេ​៖ Reinhold Wuerth (អាល្លឺម៉ង់) (33.6ពាន់​លាន​ដុល្លារ​អាម៉េរិក)

    4/ សម្លៀកបំពាក់-លក់​រាយ

    -ចំនួន​មហា​សេដ្ឋី​៖ 285នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 10%
    -អ្នក​មាន​ជាង​គេ​៖ Bernard Arnault (បារាំង) (233​ពាន់​លាន​ដុល្លារ​អាម៉េរិក)

    5/ អាហារ – ភេសជ្ជៈ

    -ចំនួន​មហា​សេដ្ឋី​៖ 210នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 8%
    -អ្នក​មាន​ជាង​គេ​៖ Zhong Shanshan (ចិនដីគោក) (62.3ពាន់​លាន​ដុល្លារ​អាម៉េរិក)

    6/ ពហុវិស័យ

    -ចំនួន​មហា​សេដ្ឋី​៖ 201នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Mukesh Ambani (ឥណ្ឌា) (116ពាន់​លាន​ដុល្លារ​អាម៉េរិក)

    7/ សុខាភិបាល

    -ចំនួន​មហា​សេដ្ឋី​៖ 197នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Dilip Shanghvi (ឥណ្ឌា) (22.6ពាន់​លាន​ដុល្លារ​អាម៉េរិក)

    8/ អចលនាទ្រព្យ

    -ចំនួន​មហា​សេដ្ឋី​៖ 190នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Lee Shau Kee (ចិនហុងកុង) (27.7ពាន់​លាន​ដុល្លារ​អាម៉េរិក)

    9/ ប្រព័ន្ធផ្សព្វផ្សាយ – កម្សាន្ត

    -ចំនួន​មហា​សេដ្ឋី​៖ 104នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 4%
    -អ្នក​មាន​ជាង​គេ​៖ Rupert Murdoch (អាម៉េរិក​ដើម​កំណើត​អូស្ត្រាលី) (19.5 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    10/ ថាមពល

    -ចំនួន​មហា​សេដ្ឋី​៖ 98នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 4%
    -អ្នក​មាន​ជាង​គេ​៖ Harold Hamm (អាម៉េរិក) (18.5ពាន់​លាន​ដុល្លារ​អាម៉េរិក)។

  • ឆ្នាំ 2024 អ្នក​ប្រើប្រាស់​អាច​នឹង​បង្កើន​ការ​ចំណាយ​សម្រាប់​មុខ​ទំនិញ​មិន​ចាំបាច់

    ឆ្នាំ 2024 អ្នក​ប្រើប្រាស់​អាច​នឹង​បង្កើន​ការ​ចំណាយ​សម្រាប់​មុខ​ទំនិញ​មិន​ចាំបាច់

    ឆ្នាំ 2024 អ្នក​ប្រើប្រាស់​អាច​នឹង​បង្កើន​ការ​ចំណាយ​សម្រាប់​មុខ​ទំនិញ​មិន​ចាំបាច់ នៅ​ពេល​អតិផរណា​ថយ​ចុះ​ ដែល​នាំ​ឱ្យ​ការ​ចំណាយ​ទៅ​លើ​តម្រូវ​ការ​ចាំបាច់ត្រូវ​បាន​កាត់​បន្ថយ​។ នេះ​បើ​តាមវិទ្យាស្ថាន​សេដ្ឋកិច្ច Mastercard (MEI) ​ដែល​ព្យាករ​អំពីសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ 2024​។

    MEI បាន​ព្យាករ​ថា នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សេដ្ឋកិច្ច​​ប្រទេស​នីមួយ​ៗ មាន​កំណើន​ខុស​ៗ​គ្នា​។ សេដ្ឋកិច្ចនៅ​តាម​បណ្ដា​​​ប្រទេស​ និង​ដែន​ដី​មួយ​ចំនួន មាន​ដូច​ជា សិង្ហបុរី ម៉ាឡេស៊ី ហ្វ៊ីលីពីន ថៃ តៃវ៉ាន់ និង​កូរ៉េខាងត្បូង អាច​នឹង​មាន​កំណើន ខណៈ​ដែល​ឱនភាព​ត្រូវ​បាន​ព្យាករ​ថា នឹង​កើត​ឡើង​នៅ​ អូស្ត្រាលី ចិនដីគោក ជប៉ុន និង​នូវែលសេឡង់​។ ឥណ្ឌា និង​ ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​នឹង​អាច​រក្សា​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​​ដូច​ក្នុង​ឆ្នាំ 2023​។

    តាម​ការ​ព្យាកររបស់ MEI ក្នុង​ឆ្នាំ 2024 អ្នក​ប្រើប្រាស់​នឹង​អាច​ចំណាយ​ច្រើន​ជាង​មុន​ទៅ​លើ​សកម្មភាព​​កម្សាន្ត និង​ទេសចរណ៍ ជាជាង​ការ​ផ្ដោត​ទៅ​លើ​ទំនិញ​ចាំបាច់​ ដែល​នេះ​គឺផ្ទុយ​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​។ តម្រូវ​ការ​ទិញទំនិញ​ស៊ីវិល និង​​សម្លៀក​បំពាក់​​ជា​ដើម គ្រោង​នឹង​កើន​ខ្ពស់​ឡើង​វិញ ដែល​អាច​ជំរុញ​ការ​ផលិត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

    ក្នុង​ឆ្នាំ​ 2024 ទេសចរ​ចិន​ ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ការ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​បរទេស​។ ការ​បន្ថែម​ប្រទេស​ជា​ច្រើន​ទៅក្នុង​បញ្ជី​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​អនុម័ត​សម្រាប់​ទេសចរណ៍​ជា​ក្រុម និង​ការ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​ចំពោះ​ការ​ដើរ​ទេសចរណ៍​ជា​លក្ខណៈបុគ្គល នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ការ​ចំណាយ​​របស់​​ទេសចរ​បរទេស​។

    របាយការណ៍​របស់​វិទ្យាស្ថានសេដ្ឋកិច្ច Mastercard ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ទិន្នន័យជា​ច្រើន រួម​មាន​ទាំង​សកម្មភាព​លក់​ទំនិញ ដែល​​យោង​ទៅ​លើ​ទិន្នន័យ​សាធារណៈ និង​ទិន្នន័យ​ផ្ដាច់​មុខ ដែល​​រួមមាន​​ទាំង​សកម្មភាព​លក់​ទំនិញ​ដែល Mastercard ប្រមូល​បាន និង​ទិន្នន័យ​សម្ងាត់ ក៏ដូចជា​រូបមន្ត​នានា​ដែល​ធ្វើឡើង​ដើម្បីវាយ​តម្លៃ​អំពី​សកម្មភាព​សេដ្ឋកិច្ច​៕

  • សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

    ប្រធានាធិបតី​អាម៉េរិក ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​តម្លៃ 345 លាន​ដុល្លារ សម្រាប់​កោះ​តៃវ៉ាន់ ប៉ុន្តែ​មិនទាន់​បង្ហើប​ឱ្យដឹង​សេចក្ដីលំអិត។

    នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 28 កក្កដា របស់​សេត​វិមាន ប្រធានាធិបតី ចូ បៃ​ដិ​ន ឱ្យដឹងថា បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ចាត់ចែង​ប្រាក់ 345 លាន​ដុល្លារ​ដែល​បាន​ពី​ក្រសួងការពារជាតិ​អាម៉េរិក សម្រាប់​ជា​កញ្ចប់​ជំនួយ​យោធា​សម្រាប់​កោះ​តៃវ៉ាន់។

    John Kirby អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អាម៉េរិក ក្នុង​ថ្ងៃ​ដដែល​បាន​និយាយថា ប្រទេស​នេះ​កំពុងតែ​អនុវត្ត​កាតព្វកិច្ច​ជាមួយនឹង​តៃវ៉ាន់ និង​ជួយ​ពួកគេ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​ការពារជាតិ»។

    ប្រទេស​ចិន​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​រឿងនេះ។ ប៉ុន្តែ​កន្លងមក អាជ្ញាធរ​ចិន​តែងតែ​ជំទាស់​ទៅនឹង​ការផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់ ពី​សំណាក់​សហរដ្ឋ​អាម៉េរិក។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​អាម៉េរិក ដក​អាវុធ សម្ភារៈ​យោធា និង​ថវិកា​ពី​មន្ទីរ​បញ្ច​កោណ​ដោយផ្ទាល់ ដើម្បី​ផ្ដល់ឱ្យ​តៃវ៉ាន់ ទៅតាម​សិទ្ធិ​ចាត់ចែង​ធនធាន​របស់​ប្រធានាធិបតី (PDA)។ មុន​នោះ សភា​អាម៉េរិក​បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ PDA ដើម្បី​ផ្ដល់ជំនួយ​ផ្នែក​យោធា​ដល់​តៃវ៉ាន់ ក្នុង​ទំហំ​គិត​ជា​ទឹកប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ចិនដីគោក​តែងតែ​ចាត់ទុកថា កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម ហើយ​ថា នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិនជា​ចាំបាច់។

    សហរដ្ឋ​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់​កោះ​នេះ។ អាម៉េរិក​កំពុង​ជំរុញ​កិច្ច​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ចិន​ដី​កោះ (តៃវ៉ាន់) ដើម្បី​រារាំង​ការវាយប្រហារ​ពី​ចិនដីគោក៕

  • មហាសេដ្ឋី​ចិន Jack Ma ខ្លាច​ក្រុមហ៊ុន Alibaba មាន​វាសនា​​ដូច Nokia

    មហាសេដ្ឋី​ចិន Jack Ma ខ្លាច​ក្រុមហ៊ុន Alibaba មាន​វាសនា​​ដូច Nokia

    លោក Jack Ma ដកស្រង់​បទពិសោធន៍​បរាជ័យរ​បស់ Nokia, Kodak ដើម្បី​ព្រមាន​ដល់ Alibaba ថា ត្រូវតែ​ផ្ដោត​សំខាន់​ទៅលើ Taobao និង​ត្រូវ​បន្ត​ធ្វើជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត។

    ប្រភពព័ត៌មាន​ពី SCMP ឱ្យដឹងថា កាលពី​ចុងខែ​ឧសភា ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​កោះប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​អ្នកគ្រប់គ្រង រម្លឹក​ពួកគេ​ឱ្យ​ផ្ដោត​ការយកចិត្ត​ទុក​ដា​ក់ឡើ​ង​វិញ​ទៅលើ​ផ្សារ​អន​ឡាញ Taobao និង​អ្នកប្រើប្រាស់ ដើម្បី​អាចរ​ស់បាន​នៅក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច និង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា។

    កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុនពេល​សាជីវកម្ម​នេះ​ប្រកាសថា មេដឹកនាំ Taobao លោក Eddie Wu Yongming នឹង​ចូលមក​កាន់តំណែង CEO របស់ Alibaba ចាប់ពី​ថ្ងៃទី 10 កញ្ញា​។ ចំណែក CEO បច្ចុប្បន្ន​គឺ​លោក Daniel Zhang Yong នឹងត្រូវ​លាលែង​ដើម្បី​ទៅគ្រប់​គ្រង Alibaba Cloud។ លោក Yong ក៏​នឹងត្រូវ​បោះបង់​តំណែង​ប្រធាន ដោយ​ប្រគល់​ទៅឱ្យ​អនុប្រធាន Joe Tsai។

    ទីស្នាក់​ការ​កណ្ដាល​មួយ​នៅ​ប្រទេស​ចិន​របស់​ក្រុម​ហ៊ុន​ចិន Alibaba

    ក្រុម​មេដឹកនាំសំខាន់ៗរបស់ Taobao និង Tmall របស់ Alibaba បាន​និយាយថា បើ​ទោះ​លោក Ma បាន​បោះ​បង់​រាល់​តួនាទី​នៅក្នុង​ក្រុមហ៊ុន ប៉ុន្តែ លោក​នៅតែ​ជា​មេដឹកនាំ​ផ្នែក​ស្មារតី​របស់​សាជីវកម្ម​ដែល​លោក​បាន​បង្កើត។ ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​អ៊ីស្រាអែល​ផងដែរ៕

  • មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។

    នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។

    ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។

    ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់​យ៉ាង​សាមញ្ញ។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​​អ៊ីស្រាអែល​ផងដែរ។

    ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    ការបង្ហាញ​វត្តមាន​របស់លោក Jack Ma នេះ គឺ​ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ចជាតិ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ក្រោយពី​បាន​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា​អស់​ជាច្រើន​ឆ្នាំ៕

  • តុលាការ​ចិន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​បើក​បរ​ម្នាក់ ដោយ​សារ​បាន​សម្លាប់​បុគ្គលិក​ប្រឆាំង​ Covid-19​

    តុលាការ​ចិន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​បើក​បរ​ម្នាក់ ដោយ​សារ​បាន​សម្លាប់​បុគ្គលិក​ប្រឆាំង​ Covid-19​

    Ma Jianguo អាយុ​23ឆ្នាំ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត បន្ទាប់​ពី​បាន​យក​កាំ​បិត​ចាក់​សម្លាប់​បុគ្គលិក​ប្រឆាំង​អាសន្ន​រោគ​ Covid-19 ចំនួន​2នាក់។

    តុលាការ​កំពូល​នៅតំបន់​ស្វយ័ត Honghe ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាល​ពី​ម្សិល​មិញ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​បើក​បរ​រថយន្ត​ម្នាក់​ឈ្មោះ Ma Jianguo ក្រោម​បទ​ចោទ “អំពើមនុស្ស​ឃាត​ដោយ​ចេតនា”​។

    យោង​តាម​​បទ​ចោទ​ កាល​ពី​ថ្ងៃទី​6កុម្ភៈ ឈ្មោះ Ma Jianguo ដឹក​ភ្ញៀវ​ម្នាក់​ឆ្លង​កាត់​តំបន់​ត្រួត​ពិនិត្យ​អាសន្ន​រោគ​កូរ៉ូណា Covid-19 នៅ​ក្នុង​តំបន់​ស្វយ័ត​ Honghe ហើយ​បាន​ព្យា​យាម​ទាញ​របាំង​ផ្លូវ​ចេញ​ពី​កន្លែង​ត្រួត​ពិនិត្យ ពេល​នោះ Zhang Guizhou ដែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុគ្គលិកប្រឆាំង​ Covid-19 ​2នាក់​ដែល​មើល​ការ​ខុស​ត្រូវ​កន្លែង​ត្រួត​ពិនិត្យ​នេះ​ ក៏យក​ទូរស័ព្ទ​ចេញ​មក​ថត​សកម្ម​ភាព​ដើម្បី​ទុក​ជា​ភ័ស្តុ​តាង​។

    ខឹង​ខ្លាំង​ពេក Ma Jianguo ក៏បាន​ហូត​កូន​កាំបិត​ចេញ​ពី​ថង់​អាវ និងបាន​ចាក់​ទៅ​លើ​ទ្រូង​របស់ Zhang ជា​ច្រើន​កាំបិត​។ ឃើញ​ដូច្នេះ បុគ្គលិក​ម្នាក់​ទៀត​ឈ្មោះ​ Li Guomin ក៏បាន​រត់​ចូល​ទៅ​ជួយ​ ប៉ុន្តែ​ក៏ត្រូវ​បាន​ជនដៃ​ដល់​ចាក់​សម្លាប់​ បណ្ដាល​ឱ្យ​បុគ្គលិក​ប្រឆាំង​ Covid-19 ទាំង​2នាក់​នេះ​បាត់​បង់​ជីវិត​។

    តុលាការ​តំបន់​ស្វយ័ត Honghe បាន​ឱ្យ​ដឹង​ថា កន្លង​មក​ជន​ដៃ​ដល់​ខាង​លើ ធ្លាប់​ត្រូវ​បាន​​ប្ដឹង​ពីបទ​ប្រើ​អំពើហិង្សា​លើ​អ្នក​ដទៃដែរ​ ហើយ​នេះ​គឺជា​លើក​ទី2ហើយ​ដែល​ជននេះ​ប្រព្រឹត្ត​អំពើ​អាក្រក់​។ បើ​ទោះ​ជា​ជន​ល្មើស​បាន​ចេញ​មក​សារ​ភាព​ ប៉ុន្តែ​ ដោយ​សារ​មាន​សភាព​ឃោរ​ឃៅ​ខ្លាំង​ពេក តុលាការ​ក៏​បាន​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត​។

    តុលាការ​បាន​ប្រកាស​ថា “Ma Jianguo បាន​រំលោភ​ច្បាប់​ជាតិ​ ខណៈ​ដែល​ខេត្ត Yunnan កំពុង​ជួប​បញ្ហា​អាសន្ន​ធំ​បំផុត​ទាក់់​ទិន​នឹង​សុខា​ភិបាល​។ ជនល្មើស​មិន​បាន​អនុវត្ត​តាម​គោល​ការណ៍គ្រប់​គ្រង​អាសន្ន​រោគ និង​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​2នាក់​”។ នេះ​បើ​តាម​សារ​ព័ត៌មាន Nytimes។

    ប្រទេស​ចិន ថ្ងៃ​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​ចំនួន​42នាក់ ដែល​អ្នក​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សម្បុក​មេរោគ​​នៃ​ខេត្ត Hubei ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ ​កើន​ដល់​​ 2,912​នាក់​។ ចំណែក​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណានេះ ក៏បាន​កើន​ដល់​ 80,026​នាក់​។

    ក្រុម​មន្ត្រី​ចិន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​ទទួល​លទ្ធ​ផល​វិជ្ជ​មាន​ខ្លះ​ហើយ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​ Covid-19។ ប៉ុន្តែ វិធាការ​គ្រប់​គ្រង​អាសន្ន​រោគ នៅ​តែ​ត្រូវ​បាន​អនុវត្ត​ រួម​នឹង​ការ​បិទ​ទ្វារ​សាលា​រៀន​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស