Tag: ចម្អិនម្ហូប

  • អ្នកមានផ្ទៃពោះញ៉ាំប្រៃ!! តើប្រថុយនឹងសភាវគភ៌មានជាតិពុលមែនឬ?

    អ្នកមានផ្ទៃពោះញ៉ាំប្រៃ!! តើប្រថុយនឹងសភាវគភ៌មានជាតិពុលមែនឬ?

    ការមើលថែទាំគភ៌ឱ្យមានសុខភាពល្អ មិនមែនជារឿងងាយឡើយ ព្រោះក្នុងអំឡុងដែលមានផ្ទៃពោះនោះ ស្រ្តីៗយើងត្រូវជ្រើសរើសអាហារដែលល្អ មានប្រយោជន៍ដល់ខ្លួនឯង និងកូនក្នុងផ្ទៃ ស្រ្តីមានគភ៌ខ្លះដល់ថ្នាក់ផ្លាស់ប្ដូររសជាតិអាហារទៀតផងក៏មាន។ ប្រាកដណាស់ យើងដឹងហើយថា ការញ៉ាំផ្អែមក្នុងចំនួនដ៏ច្រើនខណៈពេលតាំងគភ៌ប្រាកដជាធ្វើឱ្យប្រថុយប្រថាននឹងការកើតរោគទឹកនោមផ្អែម ចុះរសជាតិប្រៃវិញ?…តើស្រ្តីមានគភ៌ញ៉ាំប្រៃបានឬទេ? និងបើសិនញ៉ាំច្រើនជ្រុលពេកនឹងហុចផលអាក្រក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃឬទេ? យើងនាំគ្នាទៅមើលចម្លើយទាំងអស់គ្នា…។

    ស្រ្តីមានផ្ទៃពោះញ៉ាំប្រៃនឹងមានគ្រោះថ្នាក់ដល់កូនក្នុងគភ៌ឬទេ?

    ការពិតទៅ ស្រ្តីមានផ្ទៃពោះអាចញ៉ាំប្រៃបាន និងមានប្រយោជន៍ដល់ការតាំងគភ៌ទៀតផង។ ដែលប្រាប់យ៉ាងដូច្នេះ ក៏ព្រោះថា “អំបិល” មានចំណែកសំខាន់ដល់ការអភិវឌ្ឍប្រព័ន្ធប្រសាទ ប្រព័ន្ធដកដង្ហើម ប្រព័ន្ធបេះដូង និងសរសៃឈាម តែការទទួលទានអាហារដែលមានរសជាតិប្រៃខ្លាំងហួសហេតុពេក ប្រាកដជាធ្វើឱ្យសូដ្យូមក្នុងរាងកាយកើនឡើងខ្ពស់ នៅពេលសូដ្យូមក្នុងរាងកាយឡើងខ្ពស់ ប្រាកដជាធ្វើឱ្យកើតសម្ពាធឈាមឡើងខ្ពស់ ហុចផលអាក្រក់ដល់សរសៃឈាមក្នុងអវយវៈផ្សេងៗ ដូចជាបេះដូង និងខួរក្បាល កើតសភាវសរសៃឈាមបេះដូងត្បៀតតូច អាចនឹងពិការមួយកំណាត់ ឬមួយចំហៀងខ្លួន និងដែលសំខាន់ គឺស្រ្តីមានគភ៌នឹងប្រថុយក្នុងការកើតសភាវគភ៌មានជាតិពុល។

    តើស្រ្តីមានគភ៌ ញ៉ាំប្រៃប៉ុនណាទើបមានសុវត្ថិភាពចំពោះខ្លួនឯង និងកូន?

    ជាប្រក្រតី មនុស្សទូទៅ ឬស្រ្តីដែលមិនមានផ្ទៃពោះ គួរបានទទួលសូដ្យូមមិនលើស 2,300មីល្លីក្រាមក្នុងមួយថ្ងៃ ឬទទួលទានអំបិលមិនលើស 1ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ ដែលអាចគណនាតាមតម្រូវការរបស់អំឡុងអាយុបានតាមតារាងខាងក្រោមនេះ…។

    ស្រ្តីមានគភ៌អាចគណនាបានតាមអាយុ និងបន្ថែមបរិមាណសូដ្យូម 50 – 200មីល្លីក្រាម។ បើទទួលទានក្នុងបរិមាណដែលបានបញ្ជាក់ក្នុងតារាងខាងលើ ធានាថា មានសុវត្ថិភាពទាំងម្ដាយ និងកូនយ៉ាងពិតប្រាកដ។

    ស្រ្តីមានគភ៌ដែលញ៉ាំប្រៃ ចង់បន្ថយប្រៃ តើត្រូវធ្វើយ៉ាងណា?

    នៅពេលស្រ្តីមានផ្ទៃពោះចង់បន្ថយប្រៃ អាចធ្វើបានយ៉ាងងាយៗដូចខាងក្រោម…

    • ទទួលទានអាហារដែលមានរសជាតិមិនខ្លាំង មិនប្រៃខ្លាំង ដូចជាកាពិ ស៊ុតប្រៃ ឬផ្លាស់ប្ដូរមកទទួលទានអាហារដែលមានរសជាតិសាបបន្តិចវិញ។
    • ចៀសវាងការញ៉ាំនំផ្សេងៗ ដូចជានំបេឃើរី ចំណីជ្រក់ត្រាំ អាហារកំប៉ុង រួបទាំងអាហារសម្រេចផ្សេងទៀតផងដែរ។
    • ចៀសវាងការផ្សំរសជាតិរបស់ម្ហូបអាហារដែលចម្អិនស្រេចហើយ ដូចជាថែមអំបិល ទឹកត្រី ប៊ីចេង ឬទឹកស៊ីអ៊ីវ។ល។
    • ចម្អិនម្ហូបអាហារទទួលទានដោយខ្លួនឯង ព្រោះយើងមិនអាចដឹងបានថា អាហារដែលទិញមកនោះមានការបន្ថែមអំបិល ទឹកត្រី ឬគ្រឿងគ្រៅផ្សេងៗច្រើន ឬតិចប៉ុនណាឡើយ។

    ស្រ្តីមានគភ៌អាចញ៉ាំប្រៃបាន តែគួរញ៉ាំក្នុងបរិមាណដែលសមរម្យ ដូចដែលបានដឹងនៅក្នុងតារាងខាងលើស្រាប់។ ការកែសម្រួលរសជាតិអាហារ ការបន្ថយប្រៃក្នុងគ្រានេះ នឹងមានផលល្អដល់ខ្លួនឯង និងកូនក្នុងផ្ទៃ រួមទាំងក្រុមគ្រួសារក្នុងរយៈពេលវែងយ៉ាងពិតប្រាកដ។

    សុខភាពគភ៌ដ៏ល្អអាចធ្វើបានតាំងពីថ្ងៃនេះ និងធ្វើបានយ៉ាងងាយដោយការបន្ថយប្រៃ…ដោយក្ដីបារម្ភពី ទស្សនាវដ្ដី ឡារ៉ែន

  • ចុងភៅ ដ៏ល្បីនៅប្រទេសបារាំងនឹងមកចម្អិនម្ហូបសម្រាប់ភ្ញៀវរបស់ភោជនីយដ្ឋានតូប៉ាហ្ស

    ចុងភៅ ដ៏ល្បីនៅប្រទេសបារាំងនឹងមកចម្អិនម្ហូបសម្រាប់ភ្ញៀវរបស់ភោជនីយដ្ឋានតូប៉ាហ្ស

    រយៈពេលកន្លងមកភោជនីយដ្ឋាន តូប៉ាហ្ស តែងតែអញ្ជើញចុងភៅល្បីៗលំដាប់អន្ដរជាតិ នៅជុំវិញពិភពលោកមកចម្អិនអាហារពេលល្ងាចសម្រាប់ការទទួលទានរបស់ភ្ញៀវ។ នៅថ្ងៃទី 27 ខែមេសាខាងមុខនេះ តូប៉ាហ្ស បានអញ្ជើញលោក Nicolas ជាចុងភៅមានបទពិសោធន៍ក្នុងការចម្អិនអាហារក្នុងភោជនីយដ្ឋានធំៗនៅប្រទេសបារាំង និងជាប់ជាតារាចម្អិនម្ហូប Michelin តាំងពីឆ្នាំ2009 មកធ្វើការចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់ៗបរិភោគផងដែរ។

    នៅក្នុងឱកាសដែលលោក Nicolas មកចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់របស់ភោជនីយដ្ឋាន តូប៉ាហ្ស នោះលោកនឹងធ្វើការបណ្ដុះបណ្ដាលជំនាញចម្អិនម្ហូបបែបស្ដង់ដារអន្ដរជាតិដល់ចុងភៅរបស់ភោជនីយដ្ឋាន តូប៉ាហ្ស ដែលដឹកនាំដោយមេចុងភៅ លោក ពៅ សុភក្រ័្ដ ដើម្បីឱ្យទទួលបានជំនាញចម្អិនម្ហូបកាន់តែខ្ពស់បន្ថែមទៀត។

    លោក Nicolas មានអាយុ 40 ឆ្នាំជាចុងភៅមានប្រភពចេញពីតំបន់សមុទ្រ មេឌីទែរ៉ាណេ នៃប្រទេសបារាំងក្នុងតំបន់ Burgundy យាយរបស់គាត់ជាជនជាតិអ៊ីតាលី បានរកឃើញគ្រឿងផ្សំបែបសាមញ្ញាដំបូងគេមកធ្វើជាម្ហូបដ៏អស្ចារ្យ។ ស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកបានឆ្លងកាត់ការងារចម្អិនម្ហូបនៅតាមបណ្ដាភោជនីដ្ឋានល្បីៗជាច្រើននៅប្រទេសបារាំងដូចជា Le Prieure នៃទីក្រុង Avignon, La Rotonde នៃទីក្រុង Lyon និង Auberge de Vieux Puits។ នៅឆ្នាំ2008 លោកក៏បានបង្កើតភោជនីដ្ឋានផ្ទាល់ខ្លួនមួយឈ្មោះថា Auberge de le Charme នៅក្បែរតំបន់Dijon។

    គួររំលឹកថា នៅថ្ងៃ 27ខែមេសា ខាងមុខក៏ជាថ្ងៃខួបកំណើតរបស់លោកគម្រប់វ័យ 40ឆ្នាំផងដែរ៕