Tag: ចម្លែក

  • “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    នៅលើពិភពលោកមួយនេះ រឿងដែលអាចហៅបានថា “មហស្ចារ្យ” បានកើតឡើងច្រើនណាស់។ ការ “ចាប់បដិសន្ធិ” ឡើងនៅក្នុងគភ៌ម្ដាយ ក៏អាចហៅបានថាជារឿងដ៏មហស្ចារ្យមួយដែរ ព្រោះទម្រាំនឹងមេជីវិតមួយហែលវែកហ្វូងចូលទៅរកស៊ុតញី និងចោះចូលទៅបានសម្រេចនោះមិនមែនជារឿងងាយស្រួលឡើយ។ ទើបមិនគួរឱ្យចម្លែកចិត្តឡើយដែលគូស្វាមីភរិយាទាំងឡាយសុទ្ធតែមានក្ដីរំភើបសោមនស្សជាខ្លាំងនៅពេលដឹងថា មានជីវិតមួយទៀតបាន “ចាប់បដិសន្ធិ” ឡើងហើយនៅក្នុងគភ៌ ដូច្នេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា ទម្រាំតែកូនតូចសម្លាញ់ប្រសូតចេញមកនោះ តើមានអ្វីកើតឡើងខ្លះនៅក្នុងគភ៌របស់ម្ដាយ។

    ការធ្វើដំណើររបស់មេជីវិត

    បន្ទាប់ពីខាងប្រុសបង្ហូរទឹកអសុចិដែលមានមេជីវិតចំនួនដ៏ច្រើនរាប់រយលានក្បាលចូលទៅក្នុងរន្ធស្បូនរបស់ខាងស្រីហើយ មេជីវិតទាំងនោះនឹងហែលវែកទឹករំអិលក្នុងបរិវេណរន្ធស្បូនឆ្ពោះទៅរកមាត់ស្បូនដែលមានភាពស្ដើង និងយឺតយារយ៉ាងល្អក្នុងអំឡុងពេលទម្លាក់ស៊ុតញី ហើយហែលបន្តចូលទៅក្នុងប្រអប់ស្បូន ឆ្លងកាត់បំពង់បង្ហូរស៊ុតឆ្ពោះទៅរកដៃស្បូន។ ជាទូទៅមេជីវិតនឹងហែលវែកកាយទៅមុខដោយល្បឿន 2 – 3មីល្លីម៉ែត្រក្នុងមួយនាទី តែនឹងហែលទៅមុខបានយឺតក្នុងអំឡុងពេលឆ្លងកាត់រន្ធស្បូនដែលមានសភាពជាអាស៊ីត ហើយនឹងហែលលឿនឡើងនៅពេលឆ្លងផុតមាត់ស្បូនចូលទៅក្នុងប្រអប់ស្បូនដែលមានសភាពជាជាតិក្បុង ដែលទម្រាំតែហ្វូងមេជីវិតធ្វើដំណើរទៅដល់ដៃស្បូន ចំនួនបានថយចុះអស់ជាច្រើន ធ្វើឱ្យនៅសល់មេជីវិតចំនួនមិនច្រើនប៉ុន្មានឡើយដែលមានឱកាសហែលទៅដល់ស៊ុតញី និងមានមេជីវិតតែមួយក្បាលគត់ដែលអាចចោះចូលទៅក្នុងពពុះស៊ុតបានសម្រេច។ បន្ទាប់ពីចោះចូលទៅបានហើយ មេជីវិតនឹងផ្ដាច់កន្ទុយចេញ និងរំលាយផ្នែកក្បាលដើម្បីបញ្ចេញក្រូម៉ូហ្សូមទាំង 23ដើមដែលផ្ទុកនៅខាងក្នុងឱ្យចូលទៅរកស៊ុតញីដើម្បីចាប់គូជាមួយក្រូម៉ូហ្សូម 23ដើមទៀតនៅក្នុងពពុះស៊ុត និងរួមចូលគ្នាក្លាយជាកោសិកា 1កោសិកា ដែលមានន័យថា ការ “ចាប់បដិសន្ធិ” បានកើតឡើងហើយ។

    វិវឌ្ឍនាការរបស់កោសិកា និងការធ្វើដំណើររបស់តួកំណើត

    បន្ទាប់ពីមានការ “ចាប់បដិសន្ធិ” ឡើង រហូតកើតជាកោសិកាហើយ កោសិកានឹងធ្វើការបំបែកខ្លួនបែបទ្វេគុណយ៉ាងឆាប់រហ័សពី1 ទៅជា2 ពី2 ទៅជា4 ពី4 ទៅជា8 ជារឿយៗ រហូតដល់មានរាប់រយកោសិកា និងក្នុងពេលជាមួយគ្នានោះឯង ស៊ុតដែលបានទទួលការរួមផ្សំ និងក្លាយជាតួកំណើតនេះនឹងរំកឹលសន្សឹមៗទៅបង្កប់ខ្លួនក្នុងប្រអប់ស្បូន ដែលជាទូទៅ នឹងប្រើពេលវេលាក្នុងការធ្វើដំណើរប្រមាណជាមួយសប្ដាហ៍។ នៅពេលតួកំណើតអាចបង្កប់ខ្លួននៅក្នុងសាច់ភ្នាសប្រអប់ស្បូនបានយ៉ាងរឹងមាំល្អហើយ ទើបអាចហៅបានថា ការ “ចាប់បដិសន្ធិ” លើកនេះចប់សព្វគ្រប់យ៉ាងពេញលេញហើយ។ បន្ទាប់ពីនោះ តួកំណើតនឹងវិវឌ្ឍខ្លួនជាបណ្ដើរៗរឿយៗ ដោយនឹងប្រើពេលវេលាប្រមាណ 9ខែ ឬ40សប្ដាហ៍ ក៏នឹងវិវឌ្ឍចប់សព្វគ្រប់យ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូតចេញមកពិភពខាងក្រៅ៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

    ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

    ផ្លូវ​លំតូច​មួយ​នៅ​ឯតំបន់ Virginia ខាង​លិច​ ក្បែរ​ជើង​ភ្នំ Appalachia នាំ​ទៅ​កាន់​ជំរំមួយ​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​របស់​មនុស្ស​មួយ​ក្រុម​ដែលគេ​ចាត់​ទុក​ថា​ជា​អ្នក​កាន់ “លទ្ធិ​ការ​ពារ​ខ្លួន” (survivalism)​។

    ក្រុម​នេះ បាន​ចាប់​ផ្ដើម​ត្រៀម​​​តាំងពី​យូរ​មក​ហើយ សម្រាប់​ការ​ដួល​រលំនៃ​អរិយធម៌​របស់​មនុស្ស​ជាតិ មុន​ពេល​​​រោគ​រាត​ត្បាត​ COVID-19 បានមក​ដល់​។

    ជាមួយ​នឹង​សម្ភារ​ប្រើ​ប្រាស់ ស្បៀង​អាហារ​​ដែល​​មាន​សុពល​ភាព​ប្រើប្រាស់​​​ដល់​ទៅ​25​ឆ្នាំ រួម​នឹង​អង្ករ និង​ម្សៅ​មី​ជា​ដើម មនុស្ស​ទាំង​នេះ បាន​នាំ​គ្នា​គេច​ចេញ​ពី​តំបន់​ដែល​អាច​ឆ្លង​រោគ COVID-19 ទៅ​រស់​នៅ​ក្នុង​តំបន់​សុវត្ថិ​ភាព​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​។ ស្បៀង​អាហារ​របស់​ពួកគេ​ត្រូវ​បាន​តម្រៀប​យ៉ាង​មាន​របៀប​ នៅ​ក្នុង​ឃ្លាំង​​ក្រោម​ដី ដែល​ធ្វើ​អំពី​បេតុង​ និង​ដែក​យ៉ាង​រឹង​មាំ។

    ក្រុម​មនុស្ស​​កាន់ “​លទ្ធិ​ការ​ពារ​ខ្លួន”​ ដែល​គេ​ហៅក្រុម​ Fortitude Ranchនេះ សម្បូរ​ទៅ​ដោយ​សម្ភារ​ចាំបាច់​ដែល​កំពុង​ត្រូ​វ​បាន​គេ​តាម​ “ប្រមាញ់” នៅ​ទូទាំង​ពិភពលោក នោះគឺ​ ក្រដាស​អនាម័យ​ និង​ម៉ាស់​។

    Steve Rene ជា​អ្នក​គ្រប់​គ្រង​ជំរំលាក់​ខ្លួន​ដែល​មាន​ផ្ទៃ​ដី​ទំហំ 40ហិកតា​ បាន​ឱ្យ​ដឹង​ថា “ពេល​នេះ វា​ (ជំរំលាក់​ខ្លួន) មាន​តម្លៃ​ខ្លាំង​ណាស់​”។

    បាវចនា​របស់​ក្រុម​ Fortitude Ranch គឺ​ “ត្រៀម​រួច​រាល់​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ និង​រីក​រាយ​នឹង​បច្ចុប្បន្ន​ភាព​!”។ ជា​រៀង​រាល់​ឆ្នាំ សមាជិក​ក្នុង​ក្រុម​នេះ មាន​ពេល​2សប្ដាហ៍​ដើម្បី​មក​លេង​ និង​សម្រាក​លម្ហែ​កាយ​ក្នុង​តំបន់​ដាច់​ស្រយាល​ និង​ពោរ​ពេញ​ដោយ​សម្រស់​ធម្មជាតិ​ ព្រម​ទាំង​អាច​​ដើរ​កម្សាន្ត​ ឬស្ទូច​ត្រី​ នៅ​ក្នុង​ទន្លេ​ដែល​មាន​ឈ្មោះ​ថា “Lost”។ ក្រុម​នេះ​ ក៏មាន​សាខា​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​រដ្ឋ Colorado ផងដែរ​។

    លោក​ Rene ដែល​សមាជិក​ម្នាក់​ក្នុង​ក្រុម​ “លទ្ធិ​ការ​ពារ​ខ្លួន”​ Fortitude Ranch បាន​ឱ្យ​ដឹង​ថា “នេះ​មិន​មែនជា​ក្រុម​មនុស្ស​ល្ងង់​ល្ងី​ល្ងើ​ ដែល​ចេះ​តែ​គិត​អំពី​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នោះ​ទេ​។ យើង​មិន​បាន​រើស​អើង ហើយ​យើង​ក៏មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ណាមួយ​នោះ​ដែរ​”។

    ប៉ុន្តែ នៅ​លើទី​តាំង​នៃ​​មុមទាំង​4​របស់​ជំរំនៃ​ក្រុម​ Fortitude Ranchនេះ សុទ្ធ​តែ​មាន​ប៉ម​យាម ហើយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ក៏​មាន​កាំភ្លើង​កាណុង​វែង​1ដើមផង​ដែរ​ ដើម្បី​បង្ហាញ​ថា​ ក្រុម​នេះ ធ្វើ​សកម្ម​ភាព​យ៉ាងហ្មត់​ចត់។ Rene និយាយ​ថា “ក្រុម​មនុស្ស​ដែល​អស់​សង្ឃឹម គឺគេ​ធ្វើ​រឿង​អស់​សង្ឃឹម​”។

    ក្រុម​ Fortitude Ranch នេះ មិន​បាន​ចាត់ទុក​កម្លាំង​បរទេស ឬ​កម្លាំង​ពិភព​​ខាង​​ក្រៅ ​​ជា​ការ​គំរាម​កំហែង​លើ​ពួក​គេ​នោះទេ ប៉ុន្តែ ពួកគេ​បាន​ចាត់​ទុក​ជន​ជាតិ​អាមេរិកាំងខ្លួន​ឯង​ ​ដែល​មាន​ភាព​ច្របូក​ច្របល់​ អាច​មាន​សកម្ម​ភាព​​ប្លន់​ស្បៀង​អាហារ​របស់​ពួកគេ នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយ​ក្លេអែរ​ ឬ​អាវុធ​ជីវ​សាស្ត្រ​ ការ​បះ​បោរ​ផ្នែក​នយោបាយ​ និងមហា​រោគ​​រោគរាត​ត្បាត។ល។

    “ជាក់​ស្ដែង​បញ្ហា​ខាង​លើ​នេះ កម្រ​នឹង​កើត​ឡើង ប៉ុន្តែ វា​នៅ​តែ​មាន​លទ្ធ​ភាព​អាច​កើត​ឡើង។ បើ​សិន​អ្នក​មិន​បាន​ត្រៀម​ខ្លួន អ្នក​នឹង​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា និង​ធ្វើ​អ្វី​នោះ​ទេ​។ ពេល​មាន​អាសន្ន​ធំ​កើត​ឡើង​ ភាព​ច្របូក​ប្របល់​​នឹង​ធ្វើ​ឱ្យ​មនុស្ស​អាច​ដណ្ដើម​គ្នា​រស់​ ហើយ​​និង​មាន​បញ្ហា​ជា​ច្រើន​ហួស​​ពី​សមត្ថភាពទប់​ទល់​​របស់​យើង​” លោក Rene​ រៀប​រាប់​។

    គណៈ​កម្ម​ការ​នៃ​ក្រុម​ខាង​លើ​នេះ មាន​សមាជិក​ចំនួន​5នាក់ ក្នុង​នោះ​មាន Rene ផងដែរ​។ ក្នុង​ករណី​បន្ទាន់​ Rene នឹង​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ប្រកាស​អាសន្ន​ដែរ​ ឬ​អត់។ ពេលនោះ សមាជិក​នៃ​គណៈ​កម្ម​ការ​ នឹង​ត្រូវ​បាន​អញ្ជើញ​មក​កាន់​ជំរំខាង​លើ។ អ្នក​ដែល​មាន​បំណង​ចូល​កាន់​ជំរំ​​របស់​ក្រុម Fortitude Ranch ​គឺ​ត្រូវ​តែ​ប្រើ​ប្រាស់​ពាក្យ​សម្ងាត់​​ដែល​ក្រុម​នេះ​បាន​កំណត់​។

    ករណី​មាន​មហា​រោគ​រាត​ត្បាត​កើត​ឡើង​ទូទាំង​ប្រទេស​ អ្នក​ចំណូល​ថ្មី​ដែល​ចូល​មក​កាន់​ជំរំនេះ​ នឹង​ត្រូវ​វាស់​កម្ដៅ​ខ្លួន មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​​ដែល​មាន​ប្រព័ន្ធអេកូឡូស៊ី ដែល​អាច​ចិញ្ចឹមជីវិត​ដោយ​ខ្លួន​ឯង​បាន​។ នៅ​ក្នុង​ជំរំនេះ មាន​អណ្ដូង​ទឹក ប្រព័ន្ធ​ថាម​ពល​ព្រះអាទិត្យ វិទ្យុ ផ្ទះ​កញ្ចក់ សត្វ​ចិញ្ចឹម​ផ្សេង​ៗ​ ដូចជា​ មាន់ ពពែ គោ រួម​នឹង​កន្លែង​រំលាយ​សាក​សព​អ្នក​ជំងឺ​ដែល​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​។

    ស្ថាបនិក​របស់ Fortitude Ranch គឺ​ Drew Miller ដែល​ជា​អតីត​អ្នក​ជំនាញ​ផ្នែក​ចារ​កម្ម​យោធា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ Harvard។

    ខុស​ពី​ប្រព័ន្ធ​បន្ទប់លាក់​ខ្លួន​នៅ​ក្រោម​ដី​​ដ៏​មាន​តម្លៃថ្លៃ ដែល​មហាសេដ្ឋី​នានា​បាន​សាងសង់ Fortitude Ranch របស់ Drew Miller ផ្ដោត​ទៅ​លើក្រុម​មនុស្ស​ដែល​មាន​ទ្រព្យ​​ធម្យម និង​ទាប។ អ្នក​ដែល​ចូល​មក​សម្រាក​នៅ​ទី​នេះ គ្រាន់​តែ​ចំណាយ​1,000​ដុល្លារ​អាមេរិក​ប៉ុណ្ណោះក្នុង​1ឆ្នាំ សម្រាប់​កញ្ចប់​ទាប​បំផុត​ដែល​មាន​គ្រែ​1​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​។

    ថ្មី​ៗ​នេះ Rene ទទួលបាន​ការ​ស្នើ​ និង​សាក​សួរ​ព័ត៌មាន​ជា​ច្រើន​តាម​រយៈ​អ៊ីម៉េល ខណៈ​ដែល​រោគ​រាត​ត្បាត COVID-19 កំពុង​បង្ក​ភាព​វឹក​វរ​នៅ​ពាស​ពេញ​សហ​រដ្ឋ​អាមេរិក៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • កម្សត់ទៀត​ហើយ! ពិធី​មង្គល​ការ​ មួយ​ជាតិ​មាន​តែ​ម្ដង ប៉ុន្តែ​មិនមាន​ភ្ញៀវ​ចូល​រួមសូម្បី​តែ​ម្នាក់ ព្រោះ​តែ​…

    កម្សត់ទៀត​ហើយ! ពិធី​មង្គល​ការ​ មួយ​ជាតិ​មាន​តែ​ម្ដង ប៉ុន្តែ​មិនមាន​ភ្ញៀវ​ចូល​រួមសូម្បី​តែ​ម្នាក់ ព្រោះ​តែ​…

    កូនកំលោះ Zhang Long និងកូនក្រមុំ Chen Xiao ប្រារព្ធ​ពិធី​មង្គល​ការ​នៅ​ទីធ្លា​ខាង​ក្រៅ​ផ្ទះ​របស់​ខ្លួន នៅ​ក្រុង​កំពង់​ផែ​ Qingdao ខេត្ត Shandong ភាគ​ខាង​កើត​ប្រទេស​ចិន កាល​ពី​ថ្ងៃទី​6កុម្ភៈកន្លង​ទៅ ដោយ​មាន​ការ​ចូល​រួម​តែ​ពី​ឪពុក​ម្ដាយ​ខាង​ប្រុស​ និង​ឪពុក​ម្ដាយ​ខាង​ស្រី​។

    នៅ​ក្នុង​ពីធី​មង្គល​ការ​ដ៏​កម្សត់​នេះ ឪពុក​របស់​កូន​ក្រមុំធ្វើ​ជា​អធិបតី ចំណែក​ម្ដាយ​របស់​កូន​ក្រមុំ ​ធ្វើ​ជា​ជាង​ថត​រូប​។ ពិធី​មង្គល​ការ​ទាំង​មូល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ត្រឹម​តែ​2នាទី​ប៉ុណ្ណោះ។ កូន​កំលោះ​ Zhang Long បាន​និយាយថា ៖ “ឪពុក​ក្មេក​របស់​ខ្ញុំ និយាយ​លឿន​ណាស់។ យើង​ខ្ញុំ​ប្រារព្ធ​ពិធី​គោរព​ម្ចាស់​ទឹក​ម្ចាស់​ដី គោរព​ឪពុកម្ដាយ និង​ហើយ​​ប្ដី​ប្រពន្ធ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ការ​ស្រេច​”។

    មុននេះ កូន​កំលោះ Zhang Long និង​កូន​ក្រមុំ មាន​គម្រោង​ប្រារព្ធ​ពិធី​មង្គល​ការ​តាម​ប្រពៃ​ណី ដោយ​អញ្ជើញ​ភ្ញៀវ​50តុ រថយន្ត​សម្រាប់​ហែ​កូន​ក្រមុំចំនួន​20គ្រឿង អ្នក​កំដរ​​ចំនួន4គូ។ ប៉ុន្តែ ដោយ​សារ​ជួប​ប្រទះ​នឹង​គ្រោះ​អាសន្នរោគកូរ៉ូណា អ្នក​ទាំង​ពីរ​ត្រូវ​បង្ខំចិត្ត​លុបចោល​គម្រោង​ប្រចាំ​ជីវិត​មួយនេះ។

    កូន​កំលោះ​បន្តថា ៖ “បេសក​កម្ម​ទប់ស្គាត់​អាសន្នរោគ គឺ​ជា​រឿង​សំខាន់​ណាស់ ទើប​យើង​ខ្ញុំ​សម្រេច​ចិត្ត​មិន​អញ្ជើញ​ភ្ញៀវ ហើយ​ក៏​មិន​ប្រារព្ធ​ពិធី​ធំដុំ។ ពិធី​មង្គល​ការ​នេះ ធ្វើ​ឡើង​ដើម្បី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ អ្វី​ដែល​សំខាន់​ជាង​នេះគឺ​សុភមង្គល​របស់​យើង​ខ្ញុំ”។

    Chen Xiao ជា​កូន​ក្រមុំក៏​បាន​យល់​ស្រប​នឹង​ប្ដី៖ “គាត់​​ចំណាយ​តែ​ប៉ុន្មាន​រយយន់​ប៉ុណ្ណោះ​ដើម្បី​ការ​ខ្ញុំ។ ប៉ុន្តែ នេះ​មិន​មែន​ជា​រឿង​សំខាន់​ទេ គាត់​ជា​មនុស្ស​របស់​ខ្ញុំ”។

    ក្រៅ​ពីការ​ដែល​​មិន​បាន​អញ្ជើញ​ភ្ញៀវ​មកចូលរួម Zhang និង​ Chen ក៏​បាន​ការ​ពារ​សុវត្ថិ​ភាព​នៃសុខ​ភាពរបស់​ពួកគេ​ ដោយ​ការ​ពាក់​ម៉ាស់ តាំងពី​ពិធី​ដង្ហែកូន​ក្រមុំ រហូត​ដល់​ចប់​កម្មវិធី។ កូន​កំលោះ​និយាយ​ថា ៖ “សូម្បី​តែ​បបូរ​មាត់​របស់​នាង ខ្ញុំ​ក៏​មិន​ដឹង​ថា​លាប​ពណ៌​អ្វី​នោះ​ដែរ​”។

    នៅ​លើ​ដង​ផ្លូវ​ដង្ហែ​កូន​ក្រមុំ​ទៅ​ផ្ទះ​ខាង​ប្រុស​ Zhang និង​ Chen ត្រូវ​ឈប់​ដល់​ទៅ​3ដង ដើម្បី​វាស់​កម្ដៅ​ខ្លួន​។

    កូន​ក្រមុំ​និយាយថា ៖ “ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ជូនពរ​យើង​ខ្ញុំ បើ​ទោះ​មិនមែន​ជា​ញាតិ ឬ​មិត្ត​ភក្ដិ។​ យើង​ខ្ញុំ​ជឿ​ថា នេះ​គឺជា​ការ​ជូន​ពរ​ចេញ​ពី​ក្រឳបេះដូង”។ នៅ​លើបណ្ដាញ​សង្គម អ្នក​ជិត​ខាង​ និង​អ្នក​ស្គាល់​គ្នា រួម​នឹង​មិត្ត​ភក្ដិ​របស់​គូ​ស្វាមី​ភរិយា​ថ្មី​នេះ ក៏​បាន​នាំ​គ្នា​អបអរ​សាទរ​ និង​ជូន​ពរ​ផងដែរ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Shine របស់​ចិន​។

    នៅ​មុន​ពិធី​មង្គល​ការ​របស់ Zhang និង​ Chen ក៏​មាន​ពិធី​មង្គល​ការ​របស់ Sun Wenlong និង​ Liu Miaomiao ដែល​បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃទី​27មករា ដោយ​គ្មាន​ភ្ញៀវ​ចូល​រួម​ផងដែរ​។ Sun បា​ន​និយាយ​ថា ៖ “នៅ​ពេល​អាសន្ន​រោគ​បាន​កន្លង​ផុត​ទៅ ខ្ញុំ​ប្រាកដ​ជា​ប៉ះប៉ូវ​ជូននាង​មិន​ខាន”។

    នៅ​ប្រទេស​សិង្ហបុរី​ឯណោះ​វិញ ក៏​មាន​ពិធីមង្គល​ការ​មួយ​ដែល​រង​ឥទ្ធិពល​ពី​អាសន្ន​រោគ​កូរ៉ូណា​នេះដែរ​។ ពិធីជប់លៀងអាពាហ៍ពិពាហ៍ ប្រារព្ធឡើងតាមការគ្រោងទុក ភ្ញៀវដែលបានអញ្ជើញ បានមកចូលរួមគ្រប់គ្នា។ ប៉ុន្តែ កូនកំលោះ និងកូនក្រមុំត្រូវបង្ខាំងខ្លួនក្នុងផ្ទះដែល​នៅ​ឆ្ងាយ​ពីកន្លែង​ជប់លៀង​ ហើយពួក​គេ​ទទួលភ្ញៀវតាមរយៈអេក្រង់ទូរទស្សន៍ដោយការផ្សាយផ្ទាល់តាមអ៊ីនធើណិត។ មូល​ហេតុ​ដែល​ពួក​គេ​ធ្វើ​បែប​នេះ ក៏​ព្រោះ​តែ​មិន​ចង់​ឱ្យ​ភ្ញៀវ​មាន​ការ​ព្រួយ​បារម្ភ​អំពីវីរុសកូរ៉ូណា​ ​ដោយ​សារ​ក្រុម​គ្រួសារ​ពួកគេ​ ទើប​​ត្រឡប់​មក​ពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​កំពុង​ត្រូវ​រាតត្បាត​ដោយ​អាសន្ន​រោគ​កូរ៉ូណា៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អាពាហ៍ពិពាហ៍ចម្លែក គ្មានភ្ញៀវ កូនកំលោះជួលភ្ញៀវ ២០០នាក់ ស៊ីការឥតគិតចំណងដៃ

    អាពាហ៍ពិពាហ៍ចម្លែក គ្មានភ្ញៀវ កូនកំលោះជួលភ្ញៀវ ២០០នាក់ ស៊ីការឥតគិតចំណងដៃ

    អាថកំបាំងត្រូវបានទម្លាយនៅពេលពីធីមង្គលការមួយក្នុងប្រទេសចិនបានបញ្ចប់ ដោយសារតែភ្ញៀវចូលរួមពិធីមង្គលការនេះ បានសារភាពថា ត្រូវបានកូនកំលោះជួលមកឲ្យចូលរួមអបអរសាទរ ដែលភ្ញៀវទាំងនោះមានជាង ២០០នាក់ ដោយក្នុងនោះ ម្នាក់ៗទទួលបានប្រាក់ជាង ១០ដុល្លារ ហើយពិសាដោយមិនបាច់មានចងដៃ ។

    នារី ២នាក់ដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើ បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានចិនថា មានមនុស្ស ២០០នាក់ គឺជាភ្ញៀវបន្លំខ្លួនខាងកូនកំលោះ ដែលបានជួលពួកនាងមក តែមិនមែនជាញាតិមិត្ត បងប្អូនឡើយ ហើយគ្មាននរណាម្នាក់ស្គាល់គ្នាពីមុនមកដែរ ដោយម្នាក់ៗទទួលបានប្រាក់ ៨០យ័ន ប្រហែលជាជាង ១០ដុល្លារអាមេរិក ឲ្យចូលមកបន្លំខ្លួនក្នុងពិធីមង្គលការនេះ​។

    ដោយហេតុតែរក្សាការសម្ងាត់នេះមិនបាន ទើបខាងកូនក្រមុំដេញដោលសួររកការពិតពីកូនកំលោះ ហើយបង្ខំឲ្យសារភាពគ្រប់រឿង។ យ៉ាងនោះហើយ ទើបកូនកំលោះបានសារភាពថា ការពិតភ្ញៀវមកចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ មិនមែនជាញាតិបងប្អូនទេ ព្រោះក្រុមគ្រួសារខាងប្រុស មិនបានដឹងរឿង ទើបលោកសម្រេចចិត្តជួលពួកគេមកតែម្ដង។ ម៉្យាងវិញទៀត ខណៈដែលលោកបាននាំភរិយាលោកទៅជួបឪពុកម្ដាយរបស់លោកនោះ ក៏ជាការសម្ដែងដែរ ព្រោះលោកបានជួលមនុស្សជាច្រើនមកសម្ដែងជាក្រុមគ្រួសាររបស់លោក។

    គួរបញ្ជាក់ផងដែរថា ដោយសារកូនកំលោះគ្មានទំនាក់ទំនងជាមួយក្រុមគ្រួសារ ហើយបានចាកចេញពីគ្រួសារដោយមិនវិលត្រឡប់ចូលវិញនោះ បានក្លាយជាហេតុផលបណ្ដាលឲ្យកូនកំលោះរូបនេះ សម្រេចចិត្តប្រព្រឹត្តខ្លួនក្លែងបន្លំគ្រប់រឿងគ្រប់យ៉ាង ក្នុងគោលបំណងរៀបមង្គការជាមួយកូនក្រមុំ៕