Tag: ងូតទឹក

  • តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    មានអារម្មណ៍តានតឹង និងកង្វល់បារម្ភខ្លាំងណាស់ ខ្លាចកូនប្រសូតចេញមកមុនកាលកំណត់…ដូច្នេះតើស្រ្តីមានគភ៌ត្រូវការពារការប្រសូតបុត្រមុនពេលកំណត់នេះយ៉ាងណា?

    វិធីការពារការប្រសូតបុត្រមុនពេលកំណត់

    វេជ្ជបណ្ឌិតជំនាញខាងផ្នែកសម្ភពបានបង្ហើបឱ្យដឹងអំពីការប្រសូតបុត្រមុនពេលកំណត់ថា តាមរយៈការសិក្សាស្រាវជ្រាវពីព័ត៌មានបឋមពីមាតាដែលប្រសូតបុត្រមុនកំណត់បានរកឃើញថា ប្រមាណជា 60-70ភាគរយនៃស្រ្តីដែលមានអាយុក្នុងអំឡុង 20-34ឆ្នាំ មិនទាន់មានចំណេះដឹងរឿងការឈឺពោះប្រសូតមុនកំណត់នៅឡើយ ទើបវាជាមូលហេតុធ្វើឱ្យការចូលទៅព្យាបាលមានការយឺតយ៉ាវ ធ្វើឱ្យពេទ្យមិនអាចទប់ស្កាត់សភាវឈឺពោះមុនកំណត់បានទាន់ពេលវេលា ដូច្នេះសម្រាប់ចំណុចប្រតិបត្តិបឋមដើម្បីការពារសភាវប្រសូតបុត្រមុនពេលកំណត់មានដូចតទៅ ៖

    1. ទៅពិនិត្យគភ៌លើកដំបូងមុន 12សប្ដាហ៍
    2. បញ្ជាក់អាយុគភ៌ត្រឹមត្រូវមុន 20សប្ដាហ៍
    3. មានចំណេះដឹងរឿងការការពារការប្រសូតមុនកំណត់
    4. មកពិនិត្យគភ៌ឱ្យគ្រប់តាមការណាត់របស់ពេទ្យ
    5. ចិញ្ចឹមទារកក្នុងគភ៌ឱ្យធំធាត់
    6. ញ៉ាំថ្នាំតាមវេជ្ជបញ្ជាមិនខកខាន
    7. ងូតទឹកសម្អាតរាងកាយគ្រប់កន្លែងឱ្យបានស្អាតជានិច្ច
    8. ដើរ ឬធ្វើចលនាផ្សេងៗយ៉ាងប្រុងប្រយ័ត្ន
    9. រកពេលវេលាសម្រាក និងគេង​លក់ឱ្យបានគ្រប់គ្រាន់
    10. ប្រឹក្សាជាមួយគ្រូពេទ្យបើសិនមានការសង្ស័យណាមួយអំពីគភ៌របស់ខ្លួន
    11. ស្វាមី មិត្តភក្តិ ចៅហ្វាយនាយ គួរយល់ចិត្តអ្នកមានផ្ទៃពោះ
    12. ត្រូវមានភាពជឿជាក់ អាចថែទាំគភ៌បាន និងសុវត្ថិភាព។

    សញ្ញាដាស់តឿន 5យ៉ាងពីការប្រសូតមុនកំណត់

    1. អាការហើម និងសម្ពាធឈាមឡើងខ្ពស់ : អាការនេះមានឱកាសកើតឡើងបានចំពោះស្រ្តីមានគភ៌ដែលមានប្រវត្តិធ្លាប់កើតជំងឺលើសឈាម ទឹកនោមផ្អែម ឬស្រ្តីដែលធ្លាប់មានគភ៌កូនភ្លោះ។ អាចជាសញ្ញាមួយរបស់ការកើតសភាវគភ៌មានជាតិពុល ស្រ្តីដែលមានប្រវត្តិធ្លាប់កើតជំងឺទាំងនោះខណៈមានគភ៌ គួរតែប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការមើលថែទាំយ៉ាងដិតដល់។
    2. មានទឹករំអិលឈាមចេញមកតាមរន្ធស្បូន : ទឹករំអិលឈាម ឬមានពណ៌ស្ករលាយឈាម ឬទឹករំអិលខាប់ៗជាដុំៗធ្លាក់ចេញមកតាមរន្ធស្បូន មិនថាច្រើន ឬតិចនោះទេ អាចបណ្ដាលមកពីមូលហេតុដែលមិនធ្ងន់ធ្ងរ ដូចជា រលាករន្ធស្បូន រលាកមាត់ស្បូន ឬមកពីមូលហេតុដែលធ្ងន់ធ្ងរខ្លាំង ដូចជា ស្បូនធ្លាក់ចុះទាប ឬទងសុករបូតមុនកំណត់ បង្ហាញអាការការបើករបស់ស្បូន អាចធ្វើឱ្យកើតការប្រសុតមុនកំណត់ ឬទារកក្នុងគភ៌មានឱកាសស្លាប់បាន។
    3.  មានអាការបែកទឹកភ្លោះ : បែកទឹកភ្លោះ គឺសភាវដែលកើតពីការបែក ឬធ្លាយរបស់ថង់ទឹកភ្លោះ ធ្វើឱ្យមានទឹកភ្លោះហៀរចេញមក។ ច្រើនតែកើតឡើងនៅពេលអាយុគភ៌ចាប់ផ្ដើមចូលជិតដល់ពេលប្រសូត តែករណីខ្លះក៏អាចកើតឡើងដែលនឹងនាំឆ្ពោះទៅរកការប្រសូតមុនពេលកំណត់បានដែរ ដោយសារតែការច្របាច់ខ្លួនរបស់ស្បូនយ៉ាងខ្លាំង ឬបណ្ដាលមកពីការបោកប៉ះដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ ដែលអាចហុចផលអាក្រក់ដល់ទារក ព្រោះនៅពេលថង់ទឹកភ្លោះបែកធ្លាយ មានទឹកហៀរចេញមក មេរោគក៏អាចនឹងចូលទៅក្នុងថង់ទឹកភ្លោះ បង្កឱ្យកើតការឆ្លងមេរោគដល់ទារក និងមានគ្រោះថ្នាក់ដល់ជីវិតបាន។
    4. មានអារម្មណ៍ថា កូនលែងសូវរើដូចប្រក្រតី : កូនក្នុងផ្ទៃនឹងចាប់ផ្ដើមរើក្នុងសប្ដាហ៍ទី17 តែក្នុងផ្ទៃពោះដំបូង ស្រ្តីមានគភ៌អាចនឹងមិនឃើញកូនរើសោះរហូតដល់ហួសសប្ដាហ៍ទី20 ក៏មាន។ ការមានអារម្មណ៍ថា កូនរើ គឺជាកត្តាជួយឱ្យវាយតម្លៃអំពីសុខភាពរបស់ទារកក្នុងគភ៌បាន ដូច្នេះស្រ្តីមានគភ៌គួរសង្កេត និងរាប់កូនចំនួនកូនរើតាំងពីសប្ដាហ៍ទី 28 រហូតដល់ពេលកំណត់ប្រសូត។ វិធីការរាប់ចំនួនកូនរើ គួរចាប់ផ្ដើមរាប់តាំងពីព្រឹក រហូតដល់ល្ងាច ឬយ៉ាងតិច 12ម៉ោង។ បើកូនរើគ្រប់ 10ដងក្នុងរយៈពេល 4ម៉ោង ក៏មិនចាំបាច់រាប់ទៀតទេ តែបើសិនជាកូនរើតិចជាង 10ដងក្នុងរយៈពេល 4ម៉ោង ចូរសាកល្បងសម្រាក 1ម៉ោង ហើយសង្កេតមើលម្ដងទៀត បើកូននៅតែមិនរើតាមដែលគួរនឹងរើ ឬកូនរើតិចជាងមុនច្រើន គួរប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យ។
    5. អាការពោះឡើងរឹងញឹកញាប់ : អាការពោះឡើងរឹង គឺការឈឺចាប់នៅម្ដុំពោះផ្នែកខាងក្រោម(ថ្ងាស) ចំណែកក្បាលពោះឡើងរឹងតឹងវិញ ជាសភាវដែលស្បូនច្របាច់ពង្រឹបខ្លួនជាដុំមូល។ ពេលស្រ្តីមានគភ៌យកដៃដាក់លើក្បាលពោះ នឹងមានអារម្មណ៍ថា ដូចមានដុំរឹងៗរុញឡើងមក ឬមានអារម្មណ៍ថាតឹងខ្លាំងនៅលើក្បាលពោះម្ដងម្កាលក្នុងរយៈពេលខ្លីៗ និងអ្នកខ្លះអាចនឹងមានអាការពោះឡើងរឹងនេះប្រមាណជារៀងរាល់ 10នាទីម្ដង និងកើតជាប់ជានិច្ច 4-5ដង ដែលអាការនេះបើបណ្ដោយទុកចោលយូរ នឹងធ្វើឱ្យមាត់ស្បូនបើកឡើង និងកើតការប្រសូតមុនកំណត់។

    វិធីការពារការប្រសូតមុនកំណត់គួរចាប់ផ្ដើមតាំងពីពេលដឹងខ្លួនថា មានគភ៌ ដោយស្រ្តីមានគភ៌គួរមើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹង បន្ថយ និងបញ្ឈប់នូវអ្វីដែលធ្វើឱ្យកើតការប្រថុយប្រថាននឹងការប្រសូតមុនកំណត់ និងឧស្សាហ៍ទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីឱ្យពេទ្យវាយតម្លៃពីភាពប្រថុយប្រថាននឹងការប្រសុតមុនកំណត់ និងកុំភ្លេចថា ការពារជាមុនទើបជាការប្រសើរ៕

  • ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត អ្នកណាៗក៏ចង់ដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមថែទាំកូនបានល្អទៀតផង…ជឿឬមិនជឿ សាកល្បងអានអត្ថបទខាងក្រោមនេះសិន។

    ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន

    តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុងពីរបីខែដំបូងដែលប្រសូតចេញមក រឿងទាំងអស់នោះនឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។

    អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗពីរបានសហការគ្នាដើម្បីសិក្សាពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ 3ខែ ដែលលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មីច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើងនៅពេលដែលគេមានអាយុបាន 2ឆ្នាំ។

    ហេតុម្ដេចបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង?

    អ្នកសិក្សាស្រាវជ្រាវបានធ្វើការសាកល្បងដោយសង្កេតមើលទង្វើរបស់ក្មេងតូចក្នុងអំឡុងពេលដែលពួកគេបានមើលសៀវភៅ និងប្រើលក្ខណៈវិនិច្ឆ័យរឿងការស្គាល់ពណ៌ និងរូបរាងបានល្អប៉ុនណា មកប្រើក្នុងការវាស់ និងប៉ាន់ស្មានវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។

    តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Infant Mental Health Journal បានបង្ហាញថា លទ្ធផលដែលទទួលបានមានផលវិជ្ជមានចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូចក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។

    រឿង 5យ៉ាងដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន

    1. ពកូនដើម្បីឱ្យភើ ៈ ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើងដើម្បីឱ្យកូនបានភើ តែតួនាទីជាស្វាមីអាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចីបាន ដោយវិធីដ៏ងាយៗ គឺគ្រាន់តែចេះព ឬបីកូនក៏គ្រប់គ្រាន់ហើយ។
    2. លេងជាមួយកូន ៈ វិធីលេងជាមួយកូនមានច្រើនណាស់ ស្រេចតែលើលោកឪពុកជ្រើសរើសលេង ទាំងយករបស់លេងដែលមានសំឡេងក្រឺងៗមកគ្រវី និទានរឿង លេងផ្លុំក្បាលពោះកូន ឬនាំកូនលេងហោះក៏បាន។ តែប៉ុណ្ណឹងកូនតូចក៏មានសេចក្ដីសុខខ្លាំងទៅហើយ តែសូមជឿចុះថា អ្នកដែលមានសេចក្ដីមិនចាញ់កូនប៉ុន្មាននោះ គឺលោកប៉ាខ្លួនឯងហ្នឹងតែម្ដង។
    3. ងូតទឹកឱ្យកូន ៈ ឪពុកជាច្រើននាក់មានការភ័យខ្លាចពេលដែលត្រូវងូតទឹកឱ្យកូនតូច ខ្លាចរបូតដៃធ្លាក់កូន ធ្វើឱ្យបង្ហាញអាការឆ្គងៗ ភ័យៗ ខ្លាចៗ តែកុំទៅកង្វល់អីច្រើនពេក គ្រាន់តែលោកប៉ាទៅជួយម៉ាក់ៗក៏គ្រប់គ្រាន់ណាស់ទៅហើយ។ ពេលចាប់ផ្ដើមធ្លាប់ និងថ្នឹកហើយ សឹមចាត់ការនាំកូនទៅងូតទឹកតែម្នាក់ឯង។
    4. ប្ដូរក្រណាត់កន្ទប ឬខោទឹកនោម ៈ ក្នុងមួយថ្ងៃៗ កូនតូចអ៊ឹសៗ និងស៊ូចៗញឹកញាប់ណាស់ ធ្វើឱ្យចាំបាច់ត្រូវផ្លាស់ក្រណាត់កន្ទបជាញឹកញាប់ដែរ។ សម្រាប់លោកប៉ាមួយចំនួនគ្រាន់តែដឹងថាកូនអ៊ឹសៗ ក៏ស្រែកចាចបាត់ទៅហើយ ឬបើដឹងថាកូនខ្លួនឯងជាស្រីផងនោះ ក៏លែងហ៊ានផ្លាស់កន្ទបឱ្យតែម្ដង។ អ្នកគ្រូ ឆវីចង់ប្រាប់លោកប៉ាថា លើកដំបូងវារាងពិបាកធ្វើចិត្តបន្តិចហើយ តែយូរទៅវានឹងស៊ាំហើយ(ហេស)។
    5. បញ្ចុកទឹកដោះកូន ៈ មកដល់អំឡុងពេលមួយដែលកូនតូចត្រូវហាត់ញ៉ាំទឹកដោះពីដប ពេលហ្នឹងឯងដែលស្វាមីអាចជួយភរិយាបាន គ្រាន់តែយកទឹកដោះដែលភរិយាច្របាច់ទុករួចស្រេចហើយនោះមកកម្ដៅ រួចដាក់ចូលដបទឹកដោះឱ្យកូនរូចបានមឹម ហើយបំពេកូនឱ្យគេងជំនួសម៉ាក់ៗផង។ ហ្អ!…ហើយកុំភ្លេចពកូនឱ្យភើផងណា ពេលកូនមឹមឆ្អែតហើយ។

    5 រឿងនេះ លោកប៉ាអាចជួយម៉ាក់ៗចិញ្ចឹមមើលថែកូនបានហើយ អាចនឹងមិនបានទាំងអស់មែន តែក៏ហាត់ៗបណ្ដើរៗទៅ ធានាថាលោកប៉ាច្បាស់ជាធ្វើបានល្អក្នុងគ្រប់រឿងមិនខាន និងរង្វាន់ដែលប៉ាៗបានទទួល ក៏មិនមែនអ្វីផ្សេងដែរ គឺសម្ព័ន្ធភាពដ៏ល្អរវាងឪពុក និងកូន ស្នាមញញឹម សំឡេងសើច និងជួនកាលកូនអាចនឹងតាមប៉ាៗខ្លាំងជាងម៉ាក់ៗក៏ថាបានដែរ អ្នកណាទៅដឹងណោះ?!។

    អ្នកគ្រូ ឆវី នៅចាំជួយលើកទឹកចិត្តលោកប៉ាថ្មោងថ្មីគ្រប់រូបណាចា៎ស…

  • កូនមិនព្រមទៅសាលារៀន ឪពុកម្ដាយគួរធ្វើយ៉ាងណា?

    កូនមិនព្រមទៅសាលារៀន ឪពុកម្ដាយគួរធ្វើយ៉ាងណា?

    មិនព្រមទៅសាលារៀន…ក្មេងជំនាន់ថ្មីនេះមានបញ្ហានេះកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ នេះក៏ដោយសារតែឪពុកម្ដាយចិញ្ចឹមកូនឱ្យរស់នៅស្រួល និងនៅចាំជួយកូនស្ទើរតែគ្រប់រឿង ខណៈពេលជាមួយគ្នាឪពុកម្ដាយខ្លះក៏មានការបង្ខំ ឬប្រញាប់បញ្ជូនឱ្យឆាប់ទៅសាលារៀនពេក ដោយមិនមើលពីសមត្ថភាពរបស់ក្មេងជាចម្បង។ ព្យាយាមបង្ខំ ឬជំរុញឱ្យក្មេងអានសៀវភៅ ឱ្យសរសេរអក្សរច្រើនៗតាំងពីអាយុ 4 – 5ឆ្នាំ ឱ្យគិតលេខឱ្យបាន…ហើយបើយ៉ាងហ្នឹងៗ តើមិនឱ្យក្មេងយំចង់តែនៅផ្ទះ មិនចង់ទៅសាលាយ៉ាងម៉េចនឹងបាន?

    ក្មេងមិនចង់ទៅសាលារៀនមានមូលហេតុមកពីអ្វី?

    1 . វិតក្កកង្វល់ ខ្លាចការព្រាត់ប្រាសពីឪពុកម្ដាយ ខ្លាចប៉ាម៉ាក់លែងស្រឡាញ់។

    2 . រៀនអក្សមិនទាន់ រៀនមិនយល់ គ្រូដាក់ទណ្ឌកម្មធ្ងន់។

    3 . លេងជាមួយពួកម៉ាកមិនសប្បាយ ចូលជាមួយមិត្តភ័ក្តិ និងគ្រូមិនចុះ មិនចេះសម្របខ្លួន។

    4 . ការចិញ្ចឹមថែទាំដែលបណ្ដោយតាមចិត្តកូន ឬធ្វើជំនួសកូនច្រើនពេក រហូតដល់ក្មេងធ្លាប់ខ្លួននឹងទង្វើតាមចិត្តខ្លួនឯង។

    5 . មិនទាន់មានជំនាញគ្រឹះលើផ្នែកការលេង ការនៅរួមជាមួយអ្នកដទៃ និងការកែបញ្ហាចំពោះមុខ។

    កូនមិនព្រមទៅសាលារៀន គួរធ្វើយ៉ាងណាទើបល្អ?

    1 . កែសម្រួលវិធីការចិញ្ចឹមថែទាំ ឱ្យចេះជួយខ្លួនឯង និងចេះជួយធ្វើការងារផ្ទះសួនរួម ដោយមានឪពុកម្ដាយនៅក្បែរ ចាំលើកទឹកចិត្ត តែមិនធ្វើជំនួសកូនទាំងអស់នោះទេ។

    2 . បង្ហាត់ជំនាញគ្រឹះលើផ្នែកការលេង និងការរស់នៅរួមជាមួយអ្នកដទៃ។

    3 . ឱ្យទៅសាលារៀនរាល់ថ្ងៃដោយមិនចាំបាច់ត្រូវឱ្យឈប់ ដោយសុំជំនួយពីគ្រូៗឱ្យមកនៅចាំទទួលនៅកន្លែងទទួលក្មេង ដើម្បីធ្វើឱ្យរយៈពេលបែកគ្នាពេលជូនទៅដល់សាលាខ្លីបំផុត។

    4 . ជួយកូនឱ្យបានលេងជាមួយមិត្តភ័ក្ដិនៅសាលាឱ្យបានច្រើន។

    5 . ទៅទទួលមកផ្ទះវិញឱ្យចំពេលវេលា។

    ពេលព្រឹកមិនគួរអប់រំប្រដៅដាស់តឿនច្រើនទេ នៅពេលក្មេងមានអាកប្បកិរិយាយឺតយ៉ាវ ស្ពឹកស្រពន់។ បើមិនព្រមងូតទឹក ក៏មិនអីដែរ តែត្រូវទៅសាលា ឬបើមិនព្រមញ៉ាំបាយ ក៏យកបាយដាក់ប្រអប់ទៅ។ ខណៈពេលធ្វើដំណើរ ចូរនាំនិយាយពីរឿងសប្បាយៗ ដូចជារៀបផែនការថា នឹងធ្វើអ្វីនៅពេលល្ងាច ជាដើម។ កុំចាប់អារម្មណ៍នឹងពាក្យសម្ដីដដែលៗរបស់កូន កុំខឹង និងកុំធុញទ្រាន់ និងបើនៅតែមិនបានផលល្អទៀតនោះ ចូរទៅប្រឹក្សាជាមួយគ្រូពេទ្យចិត្តសាស្រ្តកុមារ៕

  • បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ​ ឪពុកម្ដាយអាចចាប់ផ្ដើមបានតាំងពីកូននៅតូចៗដោយប្រើវិធីការចិញ្ចឹមកូនបែប EF (Executive Function) ដែលមានន័យពីសមត្ថភាពកម្រិតខ្ពស់របស់ខួរក្បាលដែលប្រើប្រាស់ក្នុងការគិត អារម្មណ៍ និងទង្វើ។ ដើម្បីឱ្យទៅដល់គោលដៅ ដែលជាគោលដៅសម្រាប់កូន មិនមែនជារបស់ឪពុកម្ដាយ តាមស្ទីលរបស់លោកវេជ្ជបណ្ឌិតជំនាញផ្នែកអប់រំកុមារគឺជាអ្វី និងសំខាន់ចំពោះការចិញ្ចឹមកូនយ៉ាងណា យើងនាំគ្នាមកមើលទាំងអស់គ្នាដូចតទៅ។

    គោលការណ៍របស់ EF

    1 . មើលថែទាំខ្លួនឯងបាន

    គឺការឱ្យកុមារបានប្រើប្រាស់ខ្លួនឯងជាចំណុចកណ្ដាលដើម្បីអភិវឌ្ឍ និងហ្វឹកហាត់ខ្លួនឯងឱ្យអាចមើលថែទាំ ជួយខ្លួនឯងបាន ដោយមិនចាំបាច់មានអ្នកណាមកចាំប្រាប់។ មានគោលការណ៍ 4 យ៉ាងដូចតទៅ ៈ

    – ការមើលថែទាំរាងកាយរបស់ខ្លួនឯង ៈ ដូចជាការញ៉ាំបាយ ងូតទឹក ដុសធ្មេញ ស្លៀកពាក់ បន្ទោបង់ទាំងធំ និងតូចដោយខ្លួនឯងបាន ដែលឪពុកម្ដាយអាចបង្ហាត់កូនតូចបានតាំងពីអាយុ 2 – 3ឆ្នាំ។ សម្រាប់ការញ៉ាំបាយខ្លួនឯង នឹងជួយឱ្យក្មេងបានអភិវឌ្ឍគ្រប់យ៉ាងជារួម បើឪពុកម្ដាយនៅតែចាំបញ្ចុកបាយឱ្យកូនតូចញ៉ាំ ក៏នឹងធ្វើក្មេងមិនក្លាយជា EF

    – ការមើលថែទាំជុំវិញរាងកាយរបស់ខ្លួន ៈ អាចចាប់ផ្ដើមជាមួយកូនតូចដែលមានអាយុ 3 – 5ឆ្នាំ ដូចជាការប្រមូលទុកដាក់របស់លេងនៅពេលលេងរួច ការរៀបចំកន្លែងគេងឱ្យស្អាតរៀបរយបន្ទាប់ភ្ញាក់ពីគេង។

    – ការមើលថែទាំការងារផ្ទះ ៈ ឪពុកម្ដាយអាចចាប់ផ្ដើមបង្ហាត់កូនតូចតាំងពីអាយុ 6 – 7ឆ្នាំឡើងទៅ ដូចជាលាងចាន ហាលខោអាវ ប្រមូលសំរាម បោសផ្ទះ ជូតផ្ទះ ដែលមូលដ្ឋានគ្រឹះរបស់ការធ្វើការងារផ្ទះបែប EF នេះជាការធ្វើឱ្យក្មេងបានកម្រើកម្រាមដៃ កម្រើកខួរក្បាលខ្លាំងជាងការធ្វើឱ្យផ្ទះស្អាត។

    – ការមើលថែទាំនៅក្រៅផ្ទះ ៈ ឬការធ្វើតាមច្បាប់របស់សង្គម ដូចជាញ៉ាំបាយនៅក្នុងហាងលក់បាយ ការរត់លេងនៅក្នុងហាង និងការឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ ជាដើម។

    2 . ការចេះដោះខ្លួនរួចពីស្ថានការណ៍ប្រថុយនឹងគ្រោះថ្នាក់ផ្សេងៗ

    ដូចជា គោលដៅគឺ ចង់ជិះជ្រែម៉ូតូ ដូច្នេះ EF គឺការគិតឱ្យបានល្អិតល្អន់ថា តើត្រូវជិះម៉ូតូយ៉ាងណាឱ្យមានសុវត្ថិភាព ត្រូវគ្រប់គ្រងការគិត អារម្មណ៍ ទង្វើដែលល្អ ឬគោលដៅ គឺការចង់ធ្វើអ្វីមួយ តែត្រូវឆ្លងកាត់ការគិត អារម្មណ៍ និងទីបំផុត គឺការបង្ហាញទង្វើដែលល្អហ្នឹងឯង។

    3 . មានអនាគតដែលអាចសាងឡើងបានដោយខ្លួនឯង

    – សម្លឹងទៅខាងមុខ ការមានកម្លាំងជំរុញចិត្ត មានភាពមានះព្យាយាម ភាពស្រឡាញ់ឈ្លក់ក្នុងអំពើល្អ។

    – រៀបចំផែនការ

    – ចាប់ផ្ដើមធ្វើ

    – ទទួលខុសត្រូវ

    – បត់បែន កែសម្រួលគោលដៅ កែសម្រួលផែនការបានគ្រប់ពេលជានិច្ច មិនបន្ទោសខ្លួនឯង មិនបន្ទោសអ្នកដទៃ។

    ក្រៅពីនេះលោកវេជ្ជបណ្ឌិតនៅបានណែនាំពីកិច្ចការងាររបស់កូនតូចក្រោយពេលត្រឡប់មកពីសាលារៀនទៀតផង។ ដោយសារតែក្មេងភាគច្រើននឹងត្រឡប់មកដល់ផ្ទះវិញនៅម៉ាងប្រមាណ 17ៈ30(5ៈ30ល្ងាច) ធ្វើឱ្យកូនតូចមានពេលវេលាក្នុងការធ្វើកិច្ចការប្រចាំថ្ងៃឱ្យរួចស្រេច តាំងពីម៉ោង 18ៈ00 – 21ៈ00 សរុប 3 ម៉ោងតាមលំដាប់ដូចតទៅ។

    ការងារផ្ទះ ៈ ជាការងារដំបូងដែលឪពុកម្ដាយគួរប្រាប់ឱ្យកូនតូចបានធ្វើ ព្រោះការឱ្យកុមារតូចៗបានធ្វើការងារផ្ទះនេះ ជាការបណ្ដុះទម្លាប់ឱ្យក្មេងៗនឹកដល់ការងារសួនរួមខ្លាំងជាងបុគ្គលផ្ទាល់ខ្លួន។

    កិច្ចការផ្ទះ ៈ សម្រាប់ថ្ងៃណាដែលកូនតូចគ្មានកិច្ចការផ្ទះ ឪពុកម្ដាយអាចរកមេរៀនហ្វឹកហាត់បន្ថែមមកឱ្យកូនធ្វើក៏បាន។ រឿង 2 យ៉ាងនេះ ទាំងការងារផ្ទះ និងកិច្ចការផ្ទះ ត្រូវប្រាប់ឱ្យកូនធ្វើឱ្យរួចស្រេចមុនពេលចង់ចេញទៅលេង ដើម្បីជាការបង្វឹកភាពទទួលខុសត្រូវ ដោយសុខចិត្តលំបាកមុន សឹមសប្បាយជាក្រោយ។

    ការលេង ៈ ជារឿងដែលមិនអាចខ្វះបានឡើយក្នុងវ័យកុមារ ព្រោះគេនឹងបានមានអារម្មណ៍ដឹងពីភាពធូរស្រាលសប្បាយ។ ឪពុកម្ដាយអាចផ្ដល់ឱ្យនូវការលេងដែលកូនតូចចង់លេង ធ្វើជារង្វាន់ក្រោយពីគេយល់ព្រមខំទ្រាំធ្វើនូវអ្វីដែលគេមិនសប្បាយនោះចប់រួចរាល់ហើយ។

    អានរឿងនិទានមុនពេលគេង ៈ មុនពេលកូនចូលគេង ឪពុកម្ដាយអាចធ្វើកិច្ចការងារនេះ ជាការភ្ជាប់សម្ព័ន្ធភាពរវាងឪពុក ម្ដាយ និងកូនឱ្យកាន់តែស្អិតល្មួតឡើង និងថែមទាំងជាកិច្ចការងារដែលមិនសូវជារំភើបញាប់ញ័រប៉ុន្មានឡើយដើម្បីត្រៀមនាំកូនចូលគេង។

    បើឪពុកម្ដាយចង់ឱ្យកូនចេះគ្រប់គ្រងចាត់ចែងពេលវេលាធ្វើកិច្ចការងារប្រចាំថ្ងៃទាំងនេះដោយខ្លួនឯង ឪពុកម្ដាយត្រូវតែមិនចាំបាច់ប្រាប់ថា ពេលណាគួរធ្វើអ្វីនោះទេ បណ្ដោយឱ្យកូនបានចាត់ចែងពេលវេលាដោយខ្លួនឯង ដែលជាប្រក្រតីក្មេងៗច្រើនតែសម្រុកធ្វើការងារផ្ទះ និងកិច្ចការផ្ទះឱ្យរួចឆាប់ៗ ព្រោះដើម្បីឱ្យបានលេងយូរឡើង។ ជាធម្មតាក្មេងនឹងចាប់ផ្ដើមចេះគ្រប់គ្រងចាត់ចែងពេលវេលានៅពេលមានអាយុ 2 – 8 ឆ្នាំ៕

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • តើ​ពេលណា​មិនគួរ​ងូតទឹក?

    តើ​ពេលណា​មិនគួរ​ងូតទឹក?

    រឹតតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ រឹតតែ​ធ្វើ​ឱ្យ​យើង​ចង់តែ​នៅក្នុង​ទីកន្លែង​ត្រ​ជា​ក់ៗ​ តែបើ​សិន​ជា​មាន​ញើស​ចេញ​ពេញមួយថ្ងៃ​ហើយ​នោះ​ ប្រហែលជា​គ្មានអ្វី​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា​ជាង​ការបាន​ងូតទឹក​ឡើយ​ តែ​ក៏​មាន​ពេលខ្លះ​ដែល​យើង​អាច​នឹង​ត្រូវ​រង់ចាំ​សិន​ដែរ​ ទោះជា​ក្ដៅ​បែកញើស​ស្អិត​ខ្លួន​ប៉ុនណា​ក៏ដោយ​ ព្រោះ​អាច​នឹង​កើត​ផល​អាក្រក់​ដល់​រាងកាយ​បាន​។

    តើ​ពេលណា​ដែល​យើង​មិន​គួរ​ងូតទឹក​?
    ១. ទើបតែ​មក​ពី​ក្ដៅ​/ជួប​ធាតុអាកាស​ក្ដៅ​ហប់​ ឬក្ដៅ​ខ្លាំង​
    ជាពិសេស​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ទាប​ការ​ងូត​ទឹ​កភ្លាម​ៗក្រោយពេល​ប៉ះ​នឹង​ធាតុអាកាស​ក្ដៅ​ ស្បែក​កំពុង​នៅ​ក្ដៅ​ភាយ​នៅឡើយ​ បើសិន​ងូត​ទឹ​កភ្លាម​ៗ អាច​ធ្វើ​ឱ្យ​រាងកាយ​សម្រួល​សីតុណ្ហភាព​លឿន​ជ្រុល​ពេក​ រហូត​ធ្វើ​ឱ្យ​ប្រថុយ​នឹង​ការ​កើត​ខ្យល់គ​បាត់បង់​ស្មារតី​បាន​ ដូច្នេះ​គួរ​អង្គុយ​សម្រាក​នៅក្នុង​បន្ទប់​ ឬទី​ម្លប់​រហូត​ទាល់តែ​បាត់​ក្ដៅ​ជាមុន​សិន​ សឹម​ទៅងូតទឹក​ទើប​ប្រសើរ​ជាង​។

    ២. ក្រោយ​ទទួលទាន​អាហារ​រួច​
    ក្រោយ​ទទួលទាន​អាហារ​ លោហិត​ភាគច្រើន​នឹង​ហូរ​ទៅ​បំពេញ​នៅ​ឯប្រព័ន្ធ​រំលាយអាហារ​ បើ​សិន​ទៅងូតទឹក​នៅពេល​ហ្នឹង​ ក៏​នឹង​ត្រូវ​មាន​លោហិត​មួយ​ចំណែក​បែងចែក​ទៅ​ចិញ្ចឹម​អវយវៈ​ផ្នែក​ផ្សេង​ៗផង​ដែរ​ ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​មិនបាន​ពេញទំហឹង​ អាច​ហើមពោះ​ ឬអាហារ​មិន​រំលាយ​ជាដើម​។

    ៣. ក្រោយ​ហាត់ប្រាណ​
    គួរ​ឱ្យ​ចម្លែក​ចិត្ត​ដែរ​ ដែល​ឃើញ​មនុស្សជា​ច្រើន​ ពេល​ហាត់ប្រាណ​យ៉ាង​ជោកជាំ​រួច​ ក៏​ដើរទៅ​ងូតទឹក​តែម្ដង​…។ ការពិត​វិញ​យើង​គួរ​អង្គុយ​សម្រាក​ឱ្យ​បាត់​ហត់​សិន​ ឬឱ្យ​ខ្លួនប្រាណ​ស្ងួត​ញើស​ល្មម​សមរម្យ​សិន​ រួច​សឹម​ទៅងូតទឹក​ ព្រោះ​ការ​ងូតទឹក​ក្រោយ​ហាត់ប្រាណ​យ៉ាង​ជោកជាំ​ហើយ​ភ្លាម​ៗ អាច​ជាហេតុ​បណ្ដាល​ឱ្យ​លោហិត​ទៅ​ចិញ្ចឹម​បេះដូង​ និង​ខួរក្បាល​បាន​មិន​គ្រប់គ្រាន់​ក្នុងអំឡុងពេល​ងូតទឹក​ និង​បណ្ដាល​ឱ្យ​កើត​ខ្យល់គ​បាត់បង់​ស្មារតី​បាន​។

    ៤. ក្រោយ​ញ៉ាំ​គ្រឿងស្រវឹង​
    ក្រោយ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ ជាតិ​អាល់កុល​នឹង​ទៅ​ទប់ស្កាត់​ការ​ធ្វើការ​របស់​ថ្លើម​ ធ្វើ​ឱ្យ​ការ​បញ្ចេញ​ជាតិ​គ្លុយកូស​ចេញ​មក​ក្នុង​ក្រសែ​ឈាម​ថយ​ចុះ​ តែ​អំឡុង​ពេល​ងូតទឹក​ រាងកាយ​នឹង​ត្រូវការ​គ្លុយកូស​រឹតតែ​ច្រើនឡើង​ ដូច្នេះ​ហើយ​ទើប​ការ​ងូតទឹក​ក្រោយ​ញ៉ាំ​គ្រឿងស្រវឹង​ ធ្វើ​ឱ្យ​បរិមាណ​ជាតិ​ស្ករ​នៅក្នុង​ឈាម​មិន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​ប្រថុយ​នឹង​ការ​កើត​អាការ​វិលមុខ​ ងងឹតមុខ​ ស្រវាំង​ភ្នែក​ រាងកាយ​គ្មានកម្លាំង​កំហែង​ និង​ប្រថុយ​នឹង​ការ​ខ្យល់គ​ដួល​ក្នុង​បន្ទប់ទឹក​បាន​។

    ៥. ពេល​ឈឺ​ មាន​គ្រុនក្ដៅ​ខ្លួន​
    ប្រហែលជា​បានដឹង​ទាំងអស់គ្នា​រួចមក​ហើយ​ថា​ អ្នកជំងឺ​ដែល​មាន​អាការ​គ្រុនក្ដៅ​ខ្លួន​គួរតែ​ជូត​ខ្លួន​ ដើម្បី​សម្អាតខ្លួន​ប្រាណ​សិន​រហូត​ទាល់តែ​អាការ​គ្រុនក្ដៅ​ខ្លួន​ថយ​ចុះ​។ មិនមែន​ដោយសារតែ​អ្នកជំងឺ​គ្មានកម្លាំង​ទៅងូតទឹក​នោះ​ទេ​ តែ​ដោយសារ​តែ​អំឡុង​ពេល​ដែល​យើង​មាន​ជំងឺ​ សីតុណ្ហភាព​រាងកាយ​នឹង​ឡើង​ខ្ពស់​ដល់​ 38​ – 40អង្សាC​ និង​ធ្វើ​ឱ្យ​បរិមាណ​ដុត​បំផ្លាញ​កម្ដៅ​ក្នុង​រាងកាយ​កើនឡើង​ 20​% ទើប​ធ្វើ​ឱ្យ​រាងកាយ​ហាក់ដូចជា​ចុះ​ទន់ខ្សោយ​បើសិន​ងូតទឹក​ អាច​កើត​គ្រោះថ្នាក់​ដល់​រាងកាយ​ ងងឹតមុខ​ ស្រវាំង​ភ្នែក​ បាត់បង់​ស្មារតី​ រហូតដល់​ប្រកាច់​ទៀតផង​៕

  • បុរសចម្លែកមិនដែលងូតទឹកអស់រយៈពេល 60 ឆ្នាំ មានសភាពបែបនេះ……

    បុរសចម្លែកមិនដែលងូតទឹកអស់រយៈពេល 60 ឆ្នាំ មានសភាពបែបនេះ……

    តាមរយៈគេហទំព័រ Petmaya ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា បុរសចំណាស់ម្នាក់មានឈ្មោះថា អាម៉ូហាត់ជិ  ជាជនជាតិ Iran មានវ័យ 80 ឆ្នាំ រស់នៅក្នុងទីក្រុង Phalaborwa ប្រទេស Iran ។ នៅពេលដែលពួកគេបានឃើញបុរសម្នាក់នេះដំបូង គឺរូបគាត់មានសភាពមិនដូចមនុស្សធម្មតានោះទេ និងមើលទៅដូចជាវត្ថុមានជីវិតម្យ៉ាងដែលមានសភាពដូចមនុស្សបិសាចនៅក្នុងរឿង “The Lord of the Ring” អ៊ីចឹង  ពោលគឺមានស្បែកក្ដាំងខ្មៅ និងមានលក្ខណៈក្រៀមក្រោះ។ រីឯស្បែកមុខវិញ សម្លឹងមើលទៅគ្មានអ្វីក្រៅពីភាពខ្មៅងងឹត គ្មានពន្លឺនោះទេ  ឯក្លិនខ្លួនវិញគឺមិនបាច់និយាយឡើយ គ្រាន់តែនឹកឃើញក៏មានអាម្មណ៍ថាឆ្អែតបាយភ្លាមតែម្ដង។

    បើនិយាយពីរឿងអនាម័យវិញ បុរសចំណាស់នេះមានកើតជំងឺសើស្បែកផ្សេងៗ ដែលមើលទៅគួរឱ្យខ្លាច និងខ្ពើមរអើមបំផុត នេះគឺដោយសារតែគាត់មិនបានងូតទឹក និងសម្អាតខ្លួនប្រាណអស់រយៈពេល 60 ឆ្នាំមកហើយ ទើបមានសភាពដូចជាមនុស្សមិនមែនមនុស្សបែបនេះ។

    មិនមាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាលោកតាម្នាក់នេះ សម្រេចចិត្តមិនងូតទឹកសោះបែបនេះ តែអ្វីដែលប្រាកដនោះគឺ លោកតាច្បាស់ជាកើតជំងឺខ្ជិលងូតទឹកហើយមើលទៅ  ព្រោះបើសិនជាមនុស្សធម្មតាវិញ អាចអត់ទ្រាំបានត្រឹមតែ 2 ឬ 3 ថ្ងៃប៉ុណ្ណោះ មិនអាចដល់មួយអាទិត្យ ឬយូរជាងនេះបានទេ  តែសម្រាប់លោកតាម្នាក់នេះ គ្មាននរណាម្នាក់អាចយល់ពីគាត់បានឡើយ  ពោលគឺគាត់មានជីវិតរស់នៅបែបងាយៗ ហើយអ្វីដែលសំខាន់សម្រាប់ជីវិតរបស់គាត់នោះគឺ ទម្លាប់រស់នៅតាមរបៀបរបស់គាត់ ធ្វើឱ្យគាត់មានសេចក្ដីសុខខ្លាំងបំផុត៕