Tag: គ្រូពេទ្យ

  • មហាសែនរំភើបចិត្ត!! ឱនគោរព1…2យុគសម័យ…សម្ព័ន្ធភាពគ្រូពេទ្យ-អ្នកជំងឺតូច

    មហាសែនរំភើបចិត្ត!! ឱនគោរព1…2យុគសម័យ…សម្ព័ន្ធភាពគ្រូពេទ្យ-អ្នកជំងឺតូច

    ក្មេងតូច អាយុ 3ឆ្នាំម្នាក់ អតីតអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានលំឱនកាយសម្ដែងការគោរព និងអរគុណដល់អ៊ំស្រីគ្រូពេទ្យដែលបានមើលថែទាំ និងព្យាបាលរូបគេនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង សៅឈីង មណ្ឌលចឺចៀង ភាគខាងកើតប្រទេសចិនកាលពីថ្ងៃសៅរ៍ ទី22 កុម្ភៈកន្លងមក។

    រូបភាពដ៏សែនរំភើបចិត្តបែបនេះ ធ្លាប់កើតមានម្ដងរួចមកហើយកាលពី 100ឆ្នាំមុន នៅពេលក្មេងប្រុសម្នាក់ក្នុងសម្លៀកបំពាក់ឈុតបុរាណ បានឱនសម្ដែងការគោរព និងអរគុណដល់អ៊ំប្រុសនាយកមន្ទិរពេទ្យចូក្វាងជឺ ក្នុងគ្រាដែលលោកអ៊ំនាយកមន្ទីពេទ្យកំពុងដើរពិនិត្យបណ្ដាអ្នកជំងឺ ដែលរួមទាំងកុមារម្នាក់នេះផង ដែរ។

    អរគុណ អ៊ំស្រីគ្រូពេទ្យ!!

    អ្នកលេងបណ្ដាញសង្គមចិន បាននាំគ្នានិយាយថា រូបភាពទាំង2នេះ ទោះជាស្ថិតក្នុងយុគសម័យខុសគ្នាក៏ ដោយ តែឆ្លុះបង្ហាញឱ្យឃើញពីការគោរព និងក្ដីអាណិតអាសូរ និងបារម្ភ រវាងគ្រូពេទ្យ និងអ្នកជំងឺដែលបានបញ្ជូនតៗគ្នាពីជំនាន់មួយមកដល់ជំនាន់មួយ រហូតមក៕

    ប្រភព ៖សារព័ត៌មានបរទេស

  • បុគ្គលិក​ពេទ្យ​ជាង​3,000នាក់នៅ​ប្រទេស​ចិន​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ចំណែក​សម្ភារ​វេជ្ជ​សាស្ត្រ​ក៏​កំពុង​ខ្វះខាត

    បុគ្គលិក​ពេទ្យ​ជាង​3,000នាក់នៅ​ប្រទេស​ចិន​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ចំណែក​សម្ភារ​វេជ្ជ​សាស្ត្រ​ក៏​កំពុង​ខ្វះខាត

    មន្ត្រី​របស់​ប្រទេស​ចិន​ម្នាក់ បាន​ឱ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​ មាន​បុគ្គលិក​ពេទ្យ​ជាង​3,000នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​ហៅ​ថា COVID-19។

    នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​ជា​មួយ​នឹង​ប្រតិ​ភូ​នៃ​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO)​ នៅ​​ឯ​ប្រទេស​​ចិនកាល​​ពី​​ថ្ងៃ​ទី​24​កុម្ភៈ​ ឆ្នាំ​​2020​ លោក​​ Lang Wannian មក​ពី​គណៈកម្ម​ការ​សុខាភិបាល​ចិន​ បាន​ឱ្យ​ដឹង​ថា​ បុគ្គលិក​ពេទ្យ​ជាង​3,000នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19។ បុគ្គលិក​ពេទ្យ​ដែល​បាន​ឆ្លង​មេរោគ​នេះ ភាគ​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នានា​នៃ​ខេត្ត​ Hubei ​ដែល​ជា​តំបន់​មួយ​ត្រូវបាន​គេ​ចាត់​ទុក​ថា ជា​ស្នូល​នៃ​សម្បុក​​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន​។

    ប្រធានា​ធិបតី​ចិន លោក ស៊ី ជីនពីង កាល​ពី​ថ្ងៃទី​19កុម្ភៈ បាន​អំពាវ​នាវ​ឱ្យ​បង្កើន​វិធាន​ការ​ការ​ពារ​ក្រុម​បុគ្គលិក​ពេទ្យ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា COVID-19 បន្ទាប់​ពី​មាន​វេជ្ជ​បណ្ឌិត​ជា​ច្រើនរូប​ ​បាន​ស្លាប់​ដោយ​សារ​ឆ្លង​មេរោគ​នេះ​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​​សិង្ហបុរី​ CNA។

    បុគ្គ​លិក​សុខា​ភិបាល​ជាង​30,000នាក់ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ចិន រួម​ទាំង​បុគ្គលិក​ពេទ្យ​យោធា​ផងដែរ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ “សមរ​ភូមិ​” Wuhan និង​ខេត្ត​ Hubei ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​គ្រូពេទ្យ​នៅ​តែ​ត្រូវ​រង​សម្ពាធ​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​អ្នក​ជំងឺ​មាន​ចំនួន​ច្រើន​ខ្លាំង​ពេក​។

    គិត​មក​ដល់​ព្រឹក​ថ្ងៃទី​25កុម្ភៈនេះ ប្រទេស​ចិន មាន​អ្នក​ស្លាប់​​ដោយ​សារ​អាសន្នរោគ​កូរ៉ូណា​ឡើង​ដល់​2,663​នាក់ និង​ជាង​77,658​នាក់​​បាន និង​កំពុង​​ផ្ទុក​មេរោគ​នេះ​។

    ប្រទេស​ចិន​កំពុង​ខ្វះ​ខាត​សម្ភារ​វេជ្ជ​សាស្ត្រ​ជា​ច្រើន​ដូច​ជា​ ម៉ាស់ និង​ឈុត​សម្លៀក​បំពាក់​ការ​ពារ​ការ​ឆ្លង​មេរោគ​ជា​ដើម។ ពួកគេ​ខ្លះ​ទៀត​ក៏​ត្រូវ​ប្រើ​ប្រាស់​ឈុត​ការ​ពារ​មេរោគ​ច្រើន​ដង​ ឬ​ប្រើ​សម្ភារ​ដែល​មិន​ធានា​ដល់​សុវត្ថិ​ភាព​ ហើយ​បន្ត​ធ្វើ​ការ​ក្នុង​ពេល​ដែល​ខ្លួន​ចាប់​ផ្ដើម​មាន​អាការ​ខុស​ប្រក្រតី​ទាក់​ទិន​នឹង​ផ្លូវ​ដង្ហើម​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សែនរន្ធត់! វីរុស COVID-19 ប្រហារជីវិត “គ្រូពេទ្យចិន” អស់ 2នាក់ទៀតហើយ…

    សែនរន្ធត់! វីរុស COVID-19 ប្រហារជីវិត “គ្រូពេទ្យចិន” អស់ 2នាក់ទៀតហើយ…

    អ្នកស្រីវេជ្ជបណ្ឌិត សៀ ស៊ឺស៊ឺ អាយុ 29ឆ្នាំ ជំនាញផ្នែកប្រព័ន្ធរំលាយអាហារប្រចាំមន្ទីរពេទ្យក្នុងទីក្រុងវូហាន ដែលទទួលព្យាបាលអ្នកឆ្លងមេរោគ COVID-19 បានស្លាប់បាត់បង់ជីវិតដោយសារការឆ្លងមេរោគដ៏សាហាវនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។

    អ្នកស្រីវេជ្ជបណ្ឌិត សៀ បានឆ្លងមេរោគ COVID-19 ខណៈធ្វើការនៅក្នុងមន្ទីរពេទ្យ យូនៀន ចៀងពេយ ដោយអ្នកស្រីចាប់ផ្ដើមទទួលការព្យាបាលតាំងពីថ្ងៃទី19 មករា និងត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីពេទ្យ ចុងណាន របស់មហាវិទ្យាល័យវូហាននៅថ្ងៃទី7 ខែកុម្ភៈ។

    ប៉ុន្តែអាការជំងឺរបស់អ្នកស្រី សៀ បានធ្លាក់ដុនដាបខ្លាំង រហូតដល់បាត់បង់ជីវិតនៅព្រឹកថ្ងៃអាទិត្យទី23 កុម្ភៈម្សិលមិញ ទោះជាក្រុមគ្រូពេទ្យខំព្យាយាមជួយជីវិតអ្នកស្រីយ៉ាងអស់ពីសមត្ថភាពយ៉ាងណាក្ដី។ មន្ទីរពេទ្យ យូនៀន ចៀងពេយ បានសម្ដែងក្ដីអាឡោះអាល័យចំពោះការលាចាកពិភពលោក និងបានសម្ដែងការសោកស្ដាយចំពោះគ្រួសាររបស់អ្នកស្រី សៀ ផងដែរ។

    នៅក្នុងថ្ងៃជាមួយគ្នា របាយការណ៍របស់សារព័ត៌មានស៊ីនហួ ក៏បានរាយការណ៍បន្ថែមដែរថា លោកវេជ្ជបណ្ឌិត ទូ សៀនស៊ឹង វ័យ 55ឆ្នាំ បានស្លាប់ដោយសារមេរោគ COVID-19 ដូចគ្នា នៅក្នុងមន្ទីរពេទ្យប្រជាជន ក្នុងទីក្រុង ហៃខូ ទីក្រុងចម្បងរបស់មណ្ឌល ហៃណាន។

    លោក ទូ ជាវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យ យ៉ាងចៀង ក្នុងស្រុកឆៀងចុង លោកបានទទួលការវិនិច្ឆ័យរោគថា បានឆ្លងមេរោគវីរុស នៅខែមករា ខណៈប្រតិបត្តិភារកិច្ចក្នុងមន្ទីរពេទ្យ មុននឹងត្រូវបញ្ជូនទៅមន្ទីពេទ្យប្រជាជន នៅទីក្រុងហៃខូ ដើម្បីព្យាបាលបន្ត។ តែយ៉ាងណាក្ដី អាការរបស់លោក ទូ បានធ្លាក់ចុះទ្រុឌទ្រោមខ្លាំងនៅថ្ងៃទី26 ខែមករា និងបានស្លាប់នៅថ្ងៃទី23 កុម្ភៈ(ថ្ងៃអាទិត្យមិ្សលមិញ) ទោះបីជាក្រុមវេជ្ជបណ្ឌិតខំព្យាយាមជួយស្រោចស្រង់ជីវិតរបស់លោកយ៉ាងអស់ពីសមត្ថភាពហើយក៏ដោយ។

    ទាំងអស់នេះ អង្គភាពសាធារណៈសុខាភិបាលរបស់ចិន បានកំណត់ឱ្យអង្គភាពសាធារណៈសុខាភិបាលក្នុងតំបន់សហការជាមួយអង្គភាពកិច្ចការអតីតយោធា ដើម្បីធ្វើការប្រកាសគុណបំណាច់កិត្តិយសរបស់ធនធានបុគ្គលិកសុខាភិបាលដែលបានពលីជីវិត លើកទឹកចិត្ត និងជួយដល់ក្រុមគ្រួសាររបស់អ្នកស្លាប់៕

    ប្រភព៖ សារព័ត៌មានស៊ីនហួ

  • ខ្សិកខ្សួលអួលដើម-ក ពេលបានអានសំបុត្ររបស់អ្នកគ្រូពេទ្យចិនម្នាក់ សរសេរទុកឱ្យកូនប្រុស ពេលខ្លួនឯងចូលទៅ “សមរភូមិវូហាន”

    ខ្សិកខ្សួលអួលដើម-ក ពេលបានអានសំបុត្ររបស់អ្នកគ្រូពេទ្យចិនម្នាក់ សរសេរទុកឱ្យកូនប្រុស ពេលខ្លួនឯងចូលទៅ “សមរភូមិវូហាន”

    “កូនសម្លាញ់ តើកូនធ្លាប់បានឃើញកែវភ្នែករបស់អ្នកជំងឺ និងគ្រួសាររបស់ពួកគេដែលអង្វរសុំឱ្យជួយសង្គ្រោះជីវិតដែរឬទេ? កែវភ្នែកពួកគេដែលសម្លឹងមកម្ដាយ ហាក់ដូចជាផ្ញើសេចក្ដីទុកចិត្ត សេចក្ដីសង្ឃឹម និងការប្រាថ្នាសុំរស់បន្តទៀត”។

    ខាងលើនេះ គឺជាការចាប់ផ្ដើមបន្ទាត់ដំបូងនៃសំបុត្រដែលលោកស្រីវេជ្ជបណ្ឌិត Cao Xiaoying អាយុ 56ឆ្នាំ ជាប្រធានមជ្ឈមណ្ឌលព្យាបាលរោគឆ្លងនៃមន្ទីរពេទ្យប្រជាជនលេខ2 ក្នុងខេត្ត Hebei ប្រទេសចិន ដែលសរសេរទុកឱ្យកូនប្រុសរបស់គាត់ មុនពេលឈានជើងចូលក្នុងតំបន់ “សមរភូមិវូហាន” ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរលាកសួត Corona។

    សំបុត្រនោះបានសរសេរទៀតថា ៖ “ម្ដាយយល់អំពីអាការព្រួយភ័យ និងក្ដីទុក្ខលំបាក ដែលពួកគេទទួលរងពីអាសន្នរោគដ៏អាក្រក់នេះ”។

    លោកស្រីវេជ្ជបណ្ឌិត Cao Xiaoying បានចូលនិវត្តន៍នៅមុនរដូវបុណ្យចូលឆ្នាំចិន ប៉ុន្តែ បន្ទាប់ពីអាជ្ញាធរខេត្ត Hunan ប្រកាសអំពីការផ្ទុះឆ្លងរាលដាលនៃមេរោគវីរុស Corona លោកស្រីបានសម្រេចចិត្ត ប្រញាប់ត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ ដើម្បីបានរួមដំណើរជាមួយក្រុមគ្រូពេទ្យចំនួន 60នាក់ផ្សេងទៀត ស្ម័គ្រចូលទៅប្រយុទ្ធប្រឆាំងមេរោគវីរុស Corona ដ៏សាហាវនោះ។ ជាមួយនឹងបទពិសោធជាង 30ឆ្នាំក្នុងការប្រឆាំងនឹងបណ្ដាមេរោគឆ្លងទាំងឡាយ លោកស្រីបានទទួលព្យាបាលអ្នកជំងឺរលាកសួតដោយការឆ្លងមេរោគវីរុស Corona ដំបូងនៅជនបទ។

    នៅចំពោះមុខការសម្រេចចិត្តនេះ កូនប្រុសរបស់លោកស្រីបានជំទាស់យ៉ាងខ្លាំងក្លា។ កូនប្រុសរបស់លោកស្រីមានគម្រោងនាំមិត្តស្រីរបស់គេមកជម្រាបសួរលោកស្រីក្នុងរដូវចូលឆ្នាំចិនឆ្នាំនេះ។
    មុនពេលត្រឡប់ទៅមន្ទីរពេទ្យវិញ លោកស្រីបានរៀបចំអ្វីៗគ្រប់សព្វបែបយ៉ាងរួចរាល់ ដើម្បីឱ្យកូនប្រុសរបស់គាត់ស្វាគមន៍មិត្តស្រីរបស់គេ ព្រមទាំងបានសរសេរសំបុត្រមួយច្បាប់ទុកឱ្យកូនប្រុសរបស់គាត់ ដោយក្ដីសង្ឃឹមថា កូនប្រុសគាត់នឹងយល់អំពីអារម្មណ៍របស់លោកស្រី។

    ក្នុងសំបុត្រនោះ លោកស្រីវេជ្ជបណ្ឌិត បានសុំទោសកូនប្រុសរបស់គាត់ ព្រោះមិនទាន់បានបំពេញភារកិច្ចជាម្ដាយដ៏ល្អ ប៉ុន្តែ លោកស្រីបានរំឭកជាច្រើនលើកច្រើនសាថា លោកស្រីពិតជាស្រឡាញ់រូបគេខ្លាំងណាស់។

    “កូនប្រុសម្ដាយ ម្ដាយបានសម្រេចជ្រើសរើសមុខរបរជាគ្រូពេទ្យ ដូច្នេះយ៉ាងណាក៏ដោយ យើងមិនអាចនៅជុំគ្នាបានពេញលេញនោះទេ។ ម្ដាយស្រឡាញ់កូន100% ប៉ុន្តែ ពេលវេលារបស់ម្ដាយមិនអាចផ្ដល់ឱ្យកូនបាន 100%​ឡើយ។ ម្ដាយដឹងអំពីភាពគ្រោះថ្នាក់នៃអាសន្នរោគដ៏អាក្រក់នេះ ម្ដាយអាចដឹងបានអំពីការឈឺចាប់ និងការរងទុក្ខវេទនាពីមេរោគនេះ។ បំណងរបស់ម្ដាយក្នុងជាតិនេះ គឺការបំបាត់ចោលរាល់បញ្ហាអាក្រក់ទាំងអស់នេះ។ សុំទោសណា៎ កូនប្រុសម្ដាយ ការបែកគ្នាមួយរយៈខ្លីរបស់យើង គឺជាសំឡេងសើចរីករាយរបស់មនុស្សរាប់លាននាក់ដែលគេត្រូវការម្ដាយណា៎កូន។ នេះគឺជាប្រការមួយដែលគ្រូពេទ្យទាំងឡាយត្រូវតែធ្វើ”។

    នៅទីបញ្ចប់នៃសំបុត្រ ស្ត្រីម្នាក់នេះបានសរសេរថា ៖ “កូនប្រុស ក្រដាសវាខ្លីពេក ប៉ុន្តែក្ដីស្រឡាញ់ដែលម្ដាយមានចំពោះកូន គឺវែងជាងនេះឆ្ងាយណាស់។ ម្ដាយនឹងស្លៀកឈុតការពារមេរោគជាប់ជានិច្ច កូនកុំបារម្ភ ហើយចូរកូនធ្វើជំនួសម្ដាយ ក្នុងការការពារក្រុមគ្រួសារយើង ណា៎កូនណា៎។ ម្ដាយត្រូវការពារ និងបំពេញកាតព្វកិច្ចរបស់ម្ដាយ។ ពេលអាសន្នរោគអាក្រក់នេះបានថមថយចុះ ម្ដាយសន្យាថា នឹងត្រឡប់ទៅនៅក្បែរកូនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ម្ដាយជឿថា កូននឹងយល់ចំពោះរឿងទាំងអស់នេះ មែនទេកូន?”។

    ថ្ងៃទី26 មករា បន្ទាប់ពីសំបុត្រខាងលើត្រូវបានគេបង្ហោះ និងចែករំលែកក្នុងបណ្ដាញសង្គមចិន មានអ្នកលេងអ៊ីនធើណិតជាច្រើន បានបង្ហាញពីអារម្មណ៍របស់ខ្លួនដោយការ Comment។

    អ្នកលេងបណ្ដាញសង្គម Weibo ម្នាក់បានបញ្ចេញមតិថា ៖ “នៅក្នុងអំឡុងពេលដែលអាសន្នរោគកំពុងរាតត្បាត សំបុត្ររបស់អ្នកគ្រូពេទ្យ Cao Xiaoying បានធ្វើឱ្យខ្ញុំរំភើប អួលដើម-ក និងពិតជាកោតសរសើរចំពោះស្មារតីជួយអ្នកជំងឺយ៉ាងអស់ពីចិត្តរបស់លោកស្រី”។

    អ្នកលេងបណ្ដាញសង្គមម្នាក់ទៀតសរសេរថា ៖ “សង្ឃឹមថា ទេវតាអាវពណ៌សទាំងឡាយ ដែលនៅតំបន់ជួរមុខនឹងបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព និងបានជួបជុំគ្រួសារ”។

    សូមបញ្ជាក់ថា គិតដល់រសៀលថ្ងៃទី31មករានេះ មានអ្នកឆ្លងមេរោគ Corona សរុបជាង 9,800នាក់ ក្នុងនោះមាន 9700នាក់ស្ថិតនៅក្នុងប្រទេសចិន រួមទាំងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ផងដែរ។ ចំណែកអ្នកស្លាប់ដោយសារមេរោគវីរុស Corona នេះ បានកើនឡើងដល់ 213នាក់ ដែលជនរងគ្រោះទាំងនោះ សុទ្ធតែស្ថិតនៅក្នុងប្រទេសចិន ពិសេសគឺ ក្នុងតំបន់ Wuhan ដែលជាកន្លែង “ចាប់កំណើត” នៃមេរោគវីរុស Corona ដ៏គួរ​ឱ្យភ័យខ្លាចនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស