Tag: គ្រូបង្វឹក

  • ថ្មីនេះ! ទទួលបានដំណឹងថា មានម្នាក់ចុះខ្សោយកម្លាំងបំផុតនៅក្នុងចំណោម 13 នាក់

    ថ្មីនេះ! ទទួលបានដំណឹងថា មានម្នាក់ចុះខ្សោយកម្លាំងបំផុតនៅក្នុងចំណោម 13 នាក់

    មុននេះបន្ដិច សារព័ត៌មានថៃ Teenee បានចេញផ្សាយថា ក្រោយពីទទួលដំណឹងទាំងរីករាយ និងទឹកភ្នែកមក នៅក្នុងចំណោមអ្នកទាំង 13 រូបនេះ អ្នកទាំងអស់នៅមានសភាពរឹងមាំនៅឡើយ បើទោះបីជា បានជាប់នៅក្នុងរ៉ូងភ្នំទាំងគ្មានអាហារគ្រប់គ្រាន់អស់រយៈពេលជាង 10 ថ្ងៃនេះ តែពពួកគេនៅមានសភាពសតិគ្រប់ទាំងអស់គ្នា និងរំពឹងទុកថា បានចេញមកវិញដោយសុខសុវត្ថិភាព។

    តែយ៉ាងណាមិញ អ្វីដែលគ្រប់គ្នាកំពុងតែព្រួយបារម្ភខ្លាំងបំផុត និងដំណឹងចុងក្រោយនោះគឺ គ្រូបង្វឹក ដែលមើលទៅមានសភាពចុះខ្សោយកម្លាំងបំផុត ព្រោះលោកត្រូវបានបែកចែក ទឹក និងអាហារ ឱ្យទៅក្មេងៗទទួលទាន រហូតដល់លោក មានអាការក្ដៅខ្លួនខ្លាំង ចុះខ្សោយកម្លាំង និងគួរបារម្ភខ្លាំងបំផុតនៅពេលនេះ។

    សូមជម្រាបផងដែរថា ខណៈនេះមានអាហារបីប្រភេទ សម្រាប់ត្រៀមជួយសង្គ្រោះក្មេងៗទាំង 12 រូប និងលោកគ្រូបង្វឹក មានដូចជា អាហារសម្ងួត អាហារប្រភេទម្សៅ និងអាហាររាវ រួមមាន ទឹកតុងយ៉ាំ និងទឹកបន្លែជាដើម៕

  • គ្រូបង្វឹកកម្ពុជាបង្ហាញពីការគ្មានសម្ពាធ មុនពេលប៉ះអាហ្វហ្គានីស្ថាន ល្ងាចនេះ

    គ្រូបង្វឹកកម្ពុជាបង្ហាញពីការគ្មានសម្ពាធ មុនពេលប៉ះអាហ្វហ្គានីស្ថាន ល្ងាចនេះ

    លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញថា លោកមិនមានសម្ពាធអ្វីឡើយ នៅពេលក្រុមរបស់លោកត្រូវធ្វើការប្រកួតជម្រុះក្នុងពូល E ក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ2019 ជាមួយនឹងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃនេះ។

    គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃម្សិលមិញថា លោកមិនមែនមកដឹកនាំដើម្បីរាប់តែការឈ្នះ និងចាញ់ ឬក៏ផ្តោតទៅលើការដឹកនាំរយៈពេលខ្លីនោះទេ ប៉ុន្តែលោកមានតួនាទីក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្រ ដើម្បីកសាងអនាគតសម្រាប់កីឡាបាល់ទាត់របស់ព្រះរាជាណាចក្រមួយនេះ។ ការប្រកួតដ៏សំខាន់នេះ ដែលត្រូវបានរំពឹងទុកថា នឹងទាក់ទាញអ្នកគាំទ្រមកអ្នកទស្សនាយ៉ាងច្រើនកុះករនោះ នឹងចាប់ផ្តើមប្រកួតនៅម៉ោង 6:30ល្ងាចតទៅ។

    បើទោះបីជាសម្ពាធផ្សេងៗកំពុងតែស្ថិតនៅលើរូបលោក Vitorino ក្នុងការដណ្តើមយកលទ្ធផលជាវិជ្ជមានមួយឱ្យបាន ក្រោយពីការរងបរាជ័យ3លើកជាប់ៗគ្នាក្រោមស្នាដៃក្រុមជម្រើសជាតិហ្ស៊កដានី ឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងរយៈពេល3ខែកន្លងមកនេះក៏ដោយ ក៏អតីតគ្រូបង្វឹករបស់ក្លិបឡាវ Lanexang United F.C. រូបនេះបានបញ្ជាក់យ៉ាងច្បាស់ដែរថា កម្ពុជាកំពុងតែស្ថិតនៅផ្លូវដ៏ត្រឹមត្រូវហើយ ដោយលោកបានបញ្ជាក់ថា៖ «ខ្ញុំមកទីនេះមិនមែនមករាប់ការឈ្នះ និងចាញ់នោះទេ ប៉ុន្តែយើងមានគោលដៅរយៈពេលវែងរហូតដល់ឆ្នាំ2023 ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម។ កម្ពុជា ស្ថិតនៅផ្លូវដ៏ត្រឹមត្រូវហើយ។ ក្នុងកីឡាបាល់ទាត់ ពេលខ្លះយើងយំ ប៉ុន្តែទៅថ្ងៃអនាគត យើងនឹងរីករាយជាមួយគ្នា»។

    ក្រុមជម្រើសជាតិកម្ពុជា នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីចាញ់ក្នុងការប្រកួតជម្រុះបើកឆាករបស់ខ្លួនក្រោមស្នាដៃក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងលទ្ធផល 7-០ កាលពីចុងខែមីនា ហើយពួកគេក៏ទើបតែរងបរាជ័យក្នុងផ្ទះខ្លួនឯង 2-០ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនផងដែរ។

    ក្រុមជម្រើសជាតិកម្ពុជា និងអាហ្វហ្គានីស្ថាន ធ្លាប់ជួបគ្នា2លើកកាលពីឆ្នាំ2015 ក្នុងវគ្គជម្រុះ World Cup ដោយកម្ពុជា បានចាញ់ក្នុងផ្ទះខ្លួនឯង 1-០ មុននឹងបន្តចាញ់ 3-០ ពេលប្រកួតជើងទី2៕

  • អ្នកជំនាញផ្នែកប្រដាល់សកលរបស់អន្តរជាតិ មកបណ្ដុះបណ្តាលគ្រូបង្វឹកកម្ពុជា

    អ្នកជំនាញផ្នែកប្រដាល់សកលរបស់អន្តរជាតិ មកបណ្ដុះបណ្តាលគ្រូបង្វឹកកម្ពុជា

    នេះជាវគ្គបំប៉នដ៏សំខាន់មួយដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ដោយមានគ្រូឧទ្ទេសនាមគឺលោក Rubasinghe Kankawamge Indrasgna អ្នកជំនាញមកពីសហព័ន្ធកីឡាប្រដាល់អន្តរជាតិប្រទេសស្រីលង្កា ដែលគេស្គាល់ថាមានជំនាញខ្លាំងលំដាប់ផ្កាយ៣របស់អន្តរជាតិបានមកចែករំលែកបទពិសោធល្អៗមួយចំនួនដល់សិក្ខាកាមកម្ពុជាចំនួន២៥រូបដែលជាគ្រូប្រដាល់ អាជ្ញាកណ្ដាល ចៅក្រមមកពីបណ្ដាក្លិប សមាគមនានាចំណុះឲ្យសហព័ន្ធដែលបានមកចូលរួមក្នុងវគ្គសិក្សាដ៏សំខាន់នេះ ។


    នេះជាវគ្គបណ្ដុះបណ្ដាលលើកដំបូងរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដែលទើបតែបំបែកខ្លួនចេញពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះ។ វគ្គនេះនឹងមានការប្រឡងនៅពេលបញ្ចប់ការសិក្សា អ្នកដែលប្រឡងជាប់នឹងបានទទួលសញ្ញាបត្រកម្រិតផ្កាយ ១ ពីសហព័ន្ធប្រដាល់អន្តរជាតិ។

    អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានថ្លែងថា៖ នេះជាការហ្វឹកហាត់តាមរបៀបវិទ្យាសាស្ត្រកីឡា ព្រោះវិទ្យាសាស្ត្រមានការប្រែប្រួលជារៀងរាល់ឆ្នាំ ហេតុនេះគ្រូត្រូវតែស្គាល់ពីបច្ចេកទេសថ្មីៗរបស់ពិភពលោកដើម្បីឲ្យសហព័ន្ធនេះក្លាយជាសហព័ន្ធដែលមានសក្ដានុពល ។

    ការពង្រឹងបច្ចេកទេសគឺជាកត្តាសំខាន់ដែលសហព័ន្ធ គ្រូបង្វឹកត្រូវតែដឹង។ គ្រូបង្វឹកកីឡាមិនមែនជាគ្រូបង្រៀននោះទេ ព្រោះគ្រូកីឡាត្រូវតែមានធនធានបច្ចេកទេសត្រឹមត្រូវ ចេះស្រាវជ្រាវ រកចំណុចថ្មី ចេះសង្កេតពីកីឡារបស់ខ្លួនថា តើខ្សោយពីអ្វីខ្លះ និងខ្លាំងអ្វីខ្លះ? បែបនេះទើបក្លាយជាគ្រូបង្វឹកដែលមានសមត្ថភាពខ្ពស់ ។

    គួរបញ្ជាក់ផងដែរថា៖ វគ្គសិក្សានេះមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែឧសភា ទើបបញ្ចប់៕