Tag: គ្រូបង្វឹក

  • អត្ត​ព​លិ​ក​ហែល​ទឹក​​កម្ពុជា​​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម​នឹង​ទទួលបាន​មួយ​ម៉ឺន​ដុល្លារ​ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ

    អត្ត​ព​លិ​ក​ហែល​ទឹក​​កម្ពុជា​​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម​នឹង​ទទួលបាន​មួយ​ម៉ឺន​ដុល្លារ​ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានប្រកាស​ផ្តល់ប្រាក់​លើកទឹកចិត្ត​ចំនួន​មួយ​ម៉ឺន​ដុល្លារ​ដល់​អត្ត​ព​លិ​ក​ទាំងឡាយណា​ដែល​ឈ្នះ​មេដាយមាសក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម បន្ថែម​លើ​ថវិកា​ដែល​ឧ​ប​ត្ត​ម្ភ​ដោយ​រាជរដ្ឋាភិបាល។

    ក្នុង​ពិធី​ជួប​សំណេះសំណាលជាមួយ​គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន 49 រូប កាលពី​ថ្ងៃទី 04 ឧសភា នា​ទីស្តីការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានឧបត្ថម្ភ​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​វិញ្ញាសា​កីឡាហែលទឹក ដែល​នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​លើក​ទី 32 ក្នុងម្នាក់ៗ 200 ដុល្លារ​អាមេរិក បន្ថែម​ពីលើ​ទឹកប្រាក់​ដែល​ឧបត្ថម្ភ​ចំនួន 500 ដុល្លាររបស់​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ជាពិសេស ចំពោះ​អត្ត​ព​លិ​ក​ដែល​ដណ្តើមបាន​មេដាយមាស នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​មួយ​ម៉ឺន​ដុល្លារ​បន្ថែមទៀត។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​គ្រប់រូប ដែល​បាន​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ក្នុងការ​ហ្វឹកហាត់​តាំង​ពី​ដើម​រហូតមក​ដល់​ការប្រកួត​នាពេលនេះ។

    ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដរបស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជ័យលាភី​មេដាយ​អត្ត​ព​លិ​ក​កម្ពុជា នៅក្នុង​ការប្រកួត​​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 32 រួមមាន អត្ត​ព​លិ​ក​ដណ្ដើមបាន​មេដាយមាស​នឹង​ទទួលបាន 40 លាន​រៀល មេដាយប្រាក់​នឹង​ទទួលបាន 30 លាន​រៀល និង​មេដាយ​សំរឹទ្ធ​នឹង​ទទួលបាន 16 លាន​រៀល៕

  • អ្នកគាំទ្រ​រៀប​ចំ​​ខ្លួន​ដូច​​គ្រូបង្វឹក Honda របស់ U-22 កម្ពុជា បង្ក​ការភ្ញាក់ផ្អើល​លើ​វេទិកា​​ទស្សនិក​ជន​នៅ​ស៊ី​ហ្គេម

    អ្នកគាំទ្រ​រៀប​ចំ​​ខ្លួន​ដូច​​គ្រូបង្វឹក Honda របស់ U-22 កម្ពុជា បង្ក​ការភ្ញាក់ផ្អើល​លើ​វេទិកា​​ទស្សនិក​ជន​នៅ​ស៊ី​ហ្គេម

    អ្នកគាំទ្រ​ពិសេស​មួយរូប​មកពី​ប្រទេស​ជប៉ុន ដែលមាន​រូបរាង​មុខមាត់ និង​ស្លៀកពាក់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda របស់​ U-22 កម្ពុជា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​បង្ហាញ​វត្តមាន​នៅឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។

    ​ការប្រកួត​ពីរលើក​របស់ U-22 កម្ពុជា មាន​វត្តមាន​អ្នកគាំទ្រ​ពិសេស​ម្នាក់​នៅលើ​វេទិកា​សម្រាប់​ទស្សនិកជន​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ អ្នកគាំទ្រ​ដែល​មកពី​ប្រទេស​ជប៉ុន​នេះ មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda នៃ​ក្រុមបាល់ទាត់​បុរស​វ័យ​ក្រោម​ 22 ឆ្នាំ (U-22) របស់​​កម្ពុជា។

    ពេល​បង្ហាញខ្លួន​នៅលើ​វេទិកា​ទស្សនិកជន​ភ្លាម «Honda ក្លែងក្លាយ» ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ​កម្ពុជា។ អ្នកគាំទ្រ​កម្ពុជាក៏​​ចូលចិត្ត​អ្នកគាំទ្រ​ពិសេស​រូបនេះ។

    បុរស​សង្ហា​ម្នាក់នេះ តាមពិត​គឺជា Makihika ដែលជា KOL (Key Opinion Leader ឬ​អ្នកផ្ដល់យោបល់​ដែលមាន​ឥទ្ធិពល) ជនជាតិ​ជប៉ុន​មួយរូប។ Makihika ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅលើ​បណ្ដាញ​សង្គម ដោយ​មាន​ឆា​នែ​ល TikTok និង YouTube មាន​អ្នកតាមដាន​ជាង 600,000 នាក់។

    Makihika កំពុងតែ​ល្បីឈ្មោះ​ខ្លាំង ដោយសារ​មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda។ Makihika និយាយថា «ខ្ញុំ​គាំទ្រ Honda ទើបបានជា​តាមដាន​ដំណើរ​របស់គាត់។ ខ្ញុំ​បាន​ស្វែងយល់​អំពី​ឥរិយាបថ ការ​ស្លៀកពាក់ ការធ្វើ​ខ្លួន​របស់ Honda ដើម្បី «សំដែង» ជា​រូបគាត់»។

    Makihika តែងតែ​មកកាន់​កម្ពុជា​នៅពេល​មាន​ព្រឹត្តិការណ៍​ប្រកួតធំៗរបស់​ក្រុមបាល់ទាត់​កម្ពុជា។ Makihika និយាយថា គាត់​មកកាន់​កម្ពុជា​ច្រើន​ថ្ងៃ​មកហើយ និង​មាន​វត្តមាន​នៅលើ​វេទិកា​ទស្សនិកជន​រប​ស់​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ដល់ U-22 កម្ពុជា។

    Makihika នឹងធ្វើ​ដំណើរ​ជាមួយ​ក្រុម U-22 កម្ពុជា ក៏ដូចជា​និមិត្តរូប Honda របស់គាត់ ​នៅក្នុង​ការប្រកួត​ទាំងឡាយ​នាពេលខាងមុខ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នេះ៕

    Makihika
    Makihika (ពាក់វ៉ែនតា)
    Makihika
    Makihika (ពាក់វ៉ែនតា)
    Makihika
    គ្រូបង្វឹក​ Honda ពិត
  • ថៃ​ហាម​អត្ត​ព​លិ​ក​ទៅកាន់​កាស៊ីណូ​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កម្ពុជា

    ថៃ​ហាម​អត្ត​ព​លិ​ក​ទៅកាន់​កាស៊ីណូ​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កម្ពុជា

    ប្រតិភូ​កីឡា​ថៃ​ស្នើ​អត្ត​ព​លិ​ក​ចៀស​ឱ្យ​​ឆ្ងាយ​ពី​បន​ល្បែង (កាស៊ីណូ) នៅ​កម្ពុជា គ្រា​ដែល​ពួកគេ​មក​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32។

    «ចេញទៅ​ក្រៅ​លេង​បាន ប៉ុន្តែ​កុំទៅ​បន​ល្បែ» ប្រធាន​ក្រុម Thana Chaiprasit បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Thairath ដូច្នេះ។ «រឿងនេះ​នៅ​កម្ពុជា​គឺ​ស្របច្បាប់ ប៉ុន្តែ​មិន​សមស្រប​សម្រាប់​អត្ត​ព​លិ​ក​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ជាតិ»។

    មេដឹកនាំ​ក្រុម និង​គ្រូបង្វឹក​នឹង​តាមដាន​អត្ត​ព​លិ​ក បង្ការ​កុំឱ្យ​ពួកគេ​ធ្វើ​ទង្វើ​ខុសច្បាប់ ឬ​ខុស​គោលការណ៍​ដែល​បានកំណត់។ សារព័ត៌មាន Thairath យល់ថា ការណែនាំ​របស់លោក Chaiprasit នឹងមិន​ទទួល​បាន​​​ចំណាប់អារម្មណ៍​ច្រើន ព្រោះថា អត្ត​ព​លិ​ក​ចេះ​ថែរក្សា​រូបភាព​សម្រាប់​កីឡារបស់​ប្រទេស​​ថៃ។

    ប្រទេស​ហ្វ៊ី​លី​ពី​ន​ក៏​ចាត់ទុក​កាស៊ីណូ​ជា​ជំនួញ​ស្របច្បាប់។ ប៉ុន្តែ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 30 ប្រតិភូ​កីឡា​របស់​បណ្ដា​ប្រទេស​ពុំបាន​ជួប​បញ្ហា​អត្ត​ព​លិ​ក​ចូល​បនល្បែង​ឡើយ។

    អត្ត​ព​លិ​ក​នៃ​ប្រតិភូ​កីឡា​ថៃ​ចំនួន 847 នាក់ មកកាន់​កម្ពុជា​ប្រកួត​ក្នុង 36 លើ 37 វិញ្ញាសា។ បណ្ដា​ក្រុម​កីឡាករ​ដែល​បានប្រកួត​មុន​គេ​​នៅ​ស៊ី​ហ្គេម​លើក​នេះ រួមមាន ក្រុមបាល់ទាត់ U-22, ក្រុម​ចត្រង្គ និង​ក្រុមកីឡា​កីឡា​គ្រី​ឃី​ត (Cricket) ដែល​ចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃទី 29 មេសា 2023។

    ក្រុម​អត្តពលិក​ជា​ច្រើន​រូប​របស់​ប្រទេស​ថៃ​ បាន​មក​ដល់​កម្ពុជា​តាំង​ពី​ថ្ងៃទី 30 មេសា

    គោលដៅ​របស់​ក្រុម​ប្រតិភូ​កីឡា​ថៃ​គឺ​មេដាយមាស 162 គ្រឿង។ នេះ​គឺជា​ចំនួន​ច្រើន​បំផុត​រាប់​ចាប់តាំងពី​ស៊ី​ហ្គេម​លើក​ទី 24 ដែល​ថៃ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ។ នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រុម​ថៃ​ដណ្ដើម​មេដាយមាស​បាន 92 គ្រឿង តិចជាង​ឆ្ងាយ​ធៀប​នឹង​ក្រុម​ម្ចាស់ផ្ទះ​វៀត​ណាត​ដែល​ដណ្ដើមបាន 205 គ្រឿង។

    នៅក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ថៃ​គឺជា​ក្រុមកីឡា​តែមួយគត់​ដែល​មិន​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់ក្រោម​លេខ​បី។

  • U-22 ទី​ម័​រ​ខាងកើត​ប្រហែល​នឹង​ក្លាយជា «ចំណី​ឆ្ងាញ់» សម្រាប់ U-22 មី​យ៉ាន់​ម៉ា នៅថ្ងៃនេះ

    U-22 ទី​ម័​រ​ខាងកើត​ប្រហែល​នឹង​ក្លាយជា «ចំណី​ឆ្ងាញ់» សម្រាប់ U-22 មី​យ៉ាន់​ម៉ា នៅថ្ងៃនេះ

    នៅ​ល្ងាច​ម៉ោង 16 ថ្ងៃទី 02 ឧសភា​នេះ ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​មី​យ៉ាន់​ម៉ា នឹងត្រូវ​ប្រកួត​ជាមួយ U-22 របស់​ប្រទេស​ទី​ម័​រ​ខាងកើត នៅក្នុង​ជើង​ទី​ពីរ​បស់​ពូ​ល A នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    នៅមុន​ស៊ី​ហ្គេម​ចូលមក​ដល់ U-22 របស់​មី​យ៉ាន់​ម៉ា បាន​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម។ ក៏ប៉ុន្តែ លទ្ធផល​ដែល U-22 មី​យ៉ាន់​ម៉ា បានទទួល គឺ​មិនល្អ​ប៉ុន្មាន ដោយសារតែ​ពួកគេ​បានឈ្នះ​តែមួយ​ប្រកួត និង​ចាញ់​រហូតដល់​បី​ប្រកួត។

    ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​ពូ​ល​ «ស្រួល​ដកដង្ហើម» ដែល​រួមមាន ឥណ្ឌូណេស៊ី ទី​ម័​រ​ខាងកើត ហ្វ៊ី​លី​ពី​ន និង​កម្ពុជា គេ​ឃើញថា U-22 មី​យ៉ាន់​ម៉ា នៅតែមាន​សង្ឃឹម​អាច​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ការប្រកួត​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​ល្ងាច​ថ្ងៃទី 02 ឧសភា​នេះ ក្រុម​មី​យ៉ាន់​ម៉ា​ប្រាកដជា​នឹង​បង្ហាញ​សមត្ថភាព​បានល្អ​បំផុត។

    ចំណែក U-22 ទី​ម័​រ​ខាងកើត​វិញ ទើបតែ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ​នៅក្នុង​ការប្រកួត​បើកឆាក ដោយ​លទ្ធផល 0-4។ ក្រុមទី​ម័​រ​ខាងកើត​បានបង្ហាញ​យ៉ាងច្បាស់​នូវ​ចំណុចខ្សោយ​ដ៏​គ្រោះថ្នាក់​របស់ខ្លួន​ទាក់ទង​នឹង​ខ្សែប្រយុទ្ធ និង​ខ្សែការពារ។ ជាមួយនឹង​សមត្ថភាព​បច្ចុប្បន្ន ទី​ម័​រ​ខាងកើត​ហាក់ដូច​កំពុង​ដើរតួ​ជា​ក្រុម «បម្រើ» នៅ​ស៊ី​ហ្គេម​លើក​នេះ។ ដូច្នេះ ក្នុងការ​ប្រកួត​នៅ​ថ្ងៃនេះ កូនសិស្ស​របស់​គ្រូបង្វឹក Park Soon Tae ប្រហែលជា​អាច «ជូន» បី​ពិន្ទុ​ឱ្យ U-22 មី​យ៉ាន់​ម៉ា ដោយ​ស្រួល។

    ការប្រកួត​រវាង U-22 មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​នៅវេលា​ម៉ោង 16 ថ្ងៃទី 02 ឧសភា ឆ្នាំ 2023 នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ៕

  • U-22 ឡាវ​មាន​ការ​ជឿជាក់​ បន្ទាប់​ពី​ U-22 វៀតណាម​​បង្ហាញ​ភាព​ទន់​ខ្សោយ​​មុន​ស៊ីហ្គេម​នៅ​កម្ពុជា

    U-22 ឡាវ​មាន​ការ​ជឿជាក់​ បន្ទាប់​ពី​ U-22 វៀតណាម​​បង្ហាញ​ភាព​ទន់​ខ្សោយ​​មុន​ស៊ីហ្គេម​នៅ​កម្ពុជា

    នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់ U-22 វៀតណាម ជាមួយ​នឹង​​ U-22 ឡាវ ​នៅ​ល្ងាច​ថ្ងៃ​ទី 30 មេសា​នេះ​ ទស្សនិកជន​ប្រហែល​ជា​បាន​ទស្សនា​ថ្វីជើង​ល្អ​របស់​ក្រុម​ឡាវ​ ព្រោះ​តែ​ពួក​គេ​បាន​រីក​ចម្រើន​ជាង​មុន ខណៈ​ដែល​ U-22 វៀតណាម ហាក់​បាន​ថម​ថយ​កម្លាំង​មុន​ការ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ​។

    ក្រោយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ដែល​​លេច​ធ្លោ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​ជន​ជាតិ​កូរ៉េខាងត្បូង Park Hang-seo ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វៀតណាម​បច្ចុប្បន្ន​នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ថ្មី​នៅ​ស៊ីហ្គេម​លើក​ទី​ 32 ដែល​ចាប់​ផ្ដើម​ដោយ​​ការ​ប្រកួត​ជាមួយ​ U-22 ឡាវ​នៅ​ឯ​កីឡដ្ឋាន​ព្រីនស៍​ នា​រាជធានី​ភ្នំ​ពេញ​ ដែលជា​ការ​ប្រកួត​ផ្លូវ​ការ​ដំបូង​របស់​ក្រុម​វៀតណាម​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​បារាំង លោក Philippe Troussier ។​

    ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ក្រុម​វៀតណាម​បាន​បង្ហាញ​កម្លាំង​ដែល​ស្ទើរ​តែ​មិន​មាន​គូ​ប្រៀប​នៅ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ថ្មីៗ​នេះ ពួក​គេ​ហាក់​បាន​ថម​ថយ​កម្លាំង​ទៅ​ហើយ​ ពិសេស​គឺ​នៅ​មុន​ការ​ប្រកួត​នៅ​ស៊ីហ្កេមលើក​ទី 32 នេះ​។ នៅ​ Doha Cup កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ជម្រើស​ជាតិ​វៀតណាម​សុទ្ធ​តែ​បរាជ័យ​។ ពេល​ត្រលប់​មក​ប្រទេស​ទាត់​មិត្ត​ភាព​ជាមួយ​ក្លឹប​ TP HCM និង​ក្លឹប​ Ba Ria – Vung Tau ក្រុម​ជម្រើស​ជាតិ​វៀតណាម​ក៏​បន្ត​ចាញ់​បួន​គ្រាប់ និង​ឈ្នះតែ​​ពីរ​គ្រាប់​។

    នៅ​ស៊ីហ្គេម​លើក​ទី 30 និង 31 ក្រុម​ជម្រើស​ជាតិ​វៀតណាម​សុទ្ធ​តែ​ដណ្ដើម​បាន​មេដាយ​មាស​។ ក៏ប៉ុន្តែ ​នៅ​ស៊ីហ្គេម​លើក​នេះ ក្រុម​ជម្រើស​ជាតិ​វៀតណាម​ត្រូវ​បាន​អ្នក​ខ្លះ​យល់​ថា «បាន​ថម​ថយ​កម្លាំង​​» បើ​ធៀប​នឹង​ក្រុម​កីឡាករ​ជំនាន់​មុន​ៗ ព្រោះ​ថា ស៊ីហ្គេម​លើក​ទី 32 មិន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​កីឡាករ​លើស​អាយុ​ ដូច្នេះ ក្រុមកីឡាករ​សំខាន់​ៗមួយ​ចំនួន​​របស់​វៀតណាម​ក៏​ត្រូវ​អវត្តមាន ស្រប​ពេល​​ដែល​ក្រុម​កីឡាករ​វ័យ​ក្មេង​បាន​បង្ហាញ​ភាព​ទន់​ខ្សោយ​នៅ​មុន​ការ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ​។

    ប្រការ​ខាងលើ​នេះ​កំពុង​តែ​ជួយ​ឱ្យ​ U-22 ឡាវ​មាន​សង្ឃឹម​នៅ​ក្នុង​ការ​ប៉ះ​ជាមួយ​ U-22 វៀតណាម ​នៅ​ល្ងាច​ថ្ងៃ​ទី 30 មេសា​នេះ ថ្វី​បើ​ពួក​គេ​មិន​ធ្លាប់​បាន​ឈ្នះ​លើ​វៀតណាម និង​ទើប​តែ​ឆ្លង​ផុត​វគ្គ​ចែក​ពូលបាន​​មួយ​លើក​នៅ​ស៊ីហ្គេម​ (2009)។

    «មុន​នោះ យើង​មាន​គម្លាត​ឆ្ងាយ​ពីវៀតណាម ប៉ុន្តែ​ចាប់​ពី​ប្រហែល​មួយ​ឆ្នាំ​កន្លង ឡាវ​ចាប់​ផ្ដើម​រីក​ចម្រើន​ ហើយ​យើង​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​វៀតណាម​ភ្ញាក់​ផ្អើល​» គ្រូបង្វឹក Michael Weiss និយាយ​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី 29 មេសា​ដូច្នេះ​។

    U-22 ឡាវ​នៅ​តែ​មាន​វត្តមាន​របស់​ក្រុម​កីឡាករ​ច្រើន​រូប​ដែល​បាន​ទាត់​នៅ​ស៊ីហ្កេម​លើក​ទី 31 ក្នុង​នោះ​មាន​កីឡាករ​ដើម​កំណើត​វៀតណាម​ពីរ​រូប​ផងដែរ​។ ជាង​នេះ​ ពួក​គេ​ថែម​ទាំង​មាន​កីឡាករ​ឡាវ​ដើម​កំណើត​បរទេស​បី​រូប​ផ្សេង​ទៀត​ដែល​កំពុង​ទាត់​ឱ្យ​អាល្លឺម៉ង់ អាម៉េរិក និង​បារាំង​។ ទាំង​នេះ​គឺជា​ក្ដី​សង្ឃឹម​មួយ​ផ្សេង​ទៀត​សម្រាប់​ឡាវ​។

  • U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    ខ្សែបម្រើ Damoth Thongkhamsavath របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ឡាវ ប្រកាស​យ៉ាង​ជឿជាក់ថា នឹង​យក​ស្មើ​ជាមួយនឹង​ក្រុម U-22 វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ល្ងាច​ថ្ងៃទី 28 មេសា U-22 ឡាវ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម​គ្រូបង្វឹក Michael Weiss បាន​ហ្វឹកហាត់​ក្នុង​ថ្ងៃ​សំខាន់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ​វៀតណាម​នៅ​ស៊ី​ហ្គេម។ នៅក្នុងពេល​ហ្វឹកហាត់​នោះ ខ្សែបម្រើ​ដើមកំណើត​វៀតណាម​រប​ស់ U-22 ឡាវ Damoth Thongkhamsavath បានលើកឡើង​អំពី​ការ​ប៉ះគ្នា​រវាង ឡាវ និង​វៀតណាម​នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។

    Damoth Thongkhamsavath បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ភាព​ជឿជាក់ថា «វៀតណាម​ឆ្នាំ​នៅតែ​ខ្លាំង​នៅ​ស៊ី​ហ្គេម ពួកគេ​ជា​បេក្ខភាព​ទីមួយ។ ក៏ប៉ុន្តែ ខ្ញុំ​គិតថា U-22 ឡាវ នៅតែ​អាច​យក​ស្មើ​នៅក្នុង​ការប្រកួត​ដំបូង។ លទ្ធផល​នៃ​ការប្រកួត​នឹង​ជា 0-0»។

    Damoth Thongkhamsavath មាន​ជី​ដូ ជីតា​កើត​នៅ​ប្រទេស​វៀតណាម និង​ចេះ​ភាសា​នេះ​យ៉ាង​ស្ទាត់ ដោយសារ​ឪពុកម្ដាយ​តែង​និយាយ​ភាសា​វៀតណាម​ជាមួយគ្នា។ កីឡាករ​រូបនេះ​ក៏​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ផងដែរ។

    Damoth Thongkhamsavath

    ទ​ន្ទឺ​ម​នឹង Damoth Thongkhamsavath នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ ក៏មាន​តារាបាល់ទាត់​បី​រូប​ទៀត​ដែល​កំពុង​ទាត់​ឱ្យ​បរទេស រួមមាន Theo Klein (Omaha Mavericks នៅ​សហរដ្ឋ​អាម៉េរិក), Roman Angot (Bahlinger អាល្លឺម៉ង់) និង Victor Yovinasak (Montceau បារាំង)។

    ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ជនជាតិ​បារាំង​របស់​វៀតណាម លោក Troussier បាន​សង្កត់ធ្ងន់ថា «ក្រុម​កីឡាករ​វៀតណាម​ក្មេង​បំផុត​ដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម..។ ខ្ញុំ​ពេញចិត្ត។ ក្រុម​មានសង្ឃឹម ហើយ​យើង​នឹង​ប្រឹងប្រែង​ដើម្បី​បាន​លទ្ធផល​ល្អ​បំផុត»។

    Nalongsit Chanthalangsy ក៏ជា​កីឡាករ​របស់​ក្រុម​ U-22 ឡាវ ដែល​មាន​ដើម​កំណើត​វៀតណាម

    នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ​ស្ថិតក្នុង​ពូ​ល B ជាមួយ​ម្ចាស់​មេដាយមាស​ពីរលើក​ចុងក្រោយ​គឺ វៀតណាម រួម​នឹង ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី។ U-22 ឡាវ​នឹងត្រូវ​ប៉ះ​វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ថ្ងៃទី 30 មេសា 2023 នៅឯ​កីឡដ្ឋាន​ព្រី​នស៍៕

  • ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​បុរស​​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ថៃ បាន​អះអាងថា មិន​ព្រួយបារម្ភ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន​ជំនួយ​ពី​បច្ចេកវិទ្យា VAR នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​បំផុត​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ កាលពី​ល្ងាច​ថ្ងៃទី 28 មេសា ក្រុម U-22 ថៃ បានធ្វើការ​ហ្វឹកហាត់​ថ្ងៃទី​ពីរ​នៅឯ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា (EDC) នៅ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Issara Sritaro ។

    នៅពេល​ត្រូវបាន​សួរ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល​នៅ​ស៊ី​ហ្គេម​លើក​នេះ គ្រូបង្វឹក Sritaro ឱ្យដឹងថា លោក​មិនមាន​ការព្រួយបារម្ភ​ចំពោះ​អាជ្ញាកណ្ដាល បើ​ទោះ​បច្ចេកវិទ្យា VAR ដែល​ជួយ​ផ្ដល់​ភាព​សុក្រឹត​ដល់​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល មិន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023។

    គ្រូបង្វឹក​របស់ U-22 ថៃ និយាយថា «នោះ​គឺជា​កត្តា​ខាងក្រៅ។ យើង​មិនអាច​គ្រប់គ្រង​បាន ដូច្នេះ U-22 ថៃ នឹងមិន​ផ្ដោតអារម្មណ៍​ច្រើន​ទៅលើ​អាជ្ញាកណ្ដាល»។ លោក Sritaro បន្ថែមថា «យើង​មិន​ខ្លាច ហើយ​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព។ … កីឡាករ​របស់​យើង​ក៏ត្រូវ​បាន​រម្លឹក​អំពី​បញ្ហា​មួយចំនួន មានដូចជា ការបង្ក​កំហុស​នៅក្នុង​តំបន់​គ្រោះថ្នាក់ និង​អក​ហ្សឺ​ជាដើម»។

    កីឡដ្ឋាន​ EDC កាលពីឆ្នាំ 2018

    ទន្ទឹមនឹង​បញ្ហា​ខាងលើ គ្រូបង្វឹក​អាយុ 43 ឆ្នាំ​របស់ U-22 ថៃ ក៏បាន​ឱ្យដឹងថា លោក​មិន​ពេញចិត្ត​ចំពោះ​ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​កម្ពុជា​ផ្ដល់ឱ្យ U-22 ថៃ។ ក្រុម​គ្រូបង្វឹក​ថៃ​ក៏បាន​សម្រេចចិត្ត​ស្វែងរក​ទីលាន​ហ្វឹកហាត់​ថ្មី​ដើម្បី​មាន​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់ U-22 ថៃ នៅ​ស៊ី​ហ្គេម។

    លោក Sritaro ពន្យល់ថា «ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​ផ្ដល់ជូន U-22 ថៃ ប្រើប្រាស់​ស្មៅ carpet ខុសពី​ស្មៅ bermuda នៅ​កីឡដ្ឋាន​ព្រី​នស៍…។ ផ្ទៃ​របស់​ទីលាន EDC រឹង​ខ្លាំងពេក ដូច្នេះ​ហានិភ័យ​រងរបួស​រប​ស់​កីឡាករ​ក៏មាន​កម្រិត​ខ្ពស់។ យើង​ពិតជា​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ»។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 U-22 ថៃ ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ (FAT) បានដាក់​គោលដៅ​ឱ្យ​ក្រុម U-22 ថៃ និង​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ប្រទេស​នេះ ត្រូវ​ដណ្ដើម​ឱ្យបាន​មេដាយមាសពី​​ស៊ី​ហ្គេម​នៅ​កម្ពុជា៕

  • គ្រូបង្វឹក​​ក្រុម​បាល់​ទាត់ U-22 របស់​ឥណ្ឌូណេស៊ី សរសើរ​ចំពោះ​ទីលាន​បាល់ទាត់​នៅ​កម្ពុជា

    គ្រូបង្វឹក​​ក្រុម​បាល់​ទាត់ U-22 របស់​ឥណ្ឌូណេស៊ី សរសើរ​ចំពោះ​ទីលាន​បាល់ទាត់​នៅ​កម្ពុជា

    គ្រូបង្វឹក Indra Sjafri នៃ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ​ (U-22) របស់​ប្រទេស​ឥណ្ឌូណេស៊ី មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​បាល់​ទាត់​នៅ​ស៊ីហ្គេម​លើក​ទី 32 របស់​ម្ចាស់​ផ្ទះ​កម្ពុជា​។

    U-22 ឥណ្ឌូណេស៊ី ត្រូវ​បាន​រៀប​ចំ​ឱ្យ​ហ្វឹក​ហាត់​នៅ​ទីលាន​របស់​ក្លឹបវិសាខា​ ក្រោយ​ពី​បាន​មក​ដល់​កម្ពុជា។ ថ្វីបើ​ទីលាន​នេះ​នៅ​ឆ្ងាយ​ពី​សណ្ឋាគារ​ភ្នំ​ពេញ​ដែល​ក្រុម​ឥណ្ឌូណេស៊ី​ស្នាក់​នៅ ប៉ុន្តែ ជំនួស​មក​វិញ វាល​ស្មៅ​របស់​ទីលាន​នេះបាន​ធ្វើ​ឱ្យ​គ្រូបង្វឹក​ Indra Sjafri មាន​ការ​ពេញ​ចិត្ត​។

    នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពីពេល​ថ្មី​ៗ​នេះ ​គ្រូបង្វឹក​ Indra Sjafri និយាយ​ថា «ខ្ញុំមាន​ការ​ភ្ញាក់ផ្អើល។ ឆ្នាំ 2019 ខ្ញុំ​បាន​ទៅ​ដល់​ទីនោះ វា​ជា​វាលស្មៅ​សិប្បនិម្មិត​ តែ​ពេល​នេះ​គឺជា​ស្មៅ​ធម្មជាតិ​។ នោះ​គឺជា​ការ​ផ្លាស់​ប្ដូរ​ធំ ហើយ​ផ្ទៃ​របស់ទីលាន​នេះ​ល្អ​ណាស់​»។

    ​គ្រូបង្វឹក​ Indra Sjafri ក៏​ពេញ​ចិត្ត​នឹង​គុណភាព​របស់​ទីលាន​ប្រកួត​ នៅ​ពេល​រួមដំណើរ​ជាមួយ​ក្រុម​កូន​សិស្ស​ ធ្វើ​ទស្សនកិច្ច​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ជា​ទី​ដែល​នឹង​មាន​ការ​ប្រកួត​របស់​បណ្ដា​ក្រុម​នៅ​ពូល A ។

    នៅ​ថ្ងៃ​ទី 29 មេសា​នេះ ឥណ្ឌូណេស៊ី​នឹង​ប្រកួត​បើក​ឆាក​ជាមួយ​ហ្វ៊ីលីពីន វេលា​ម៉ោង 16​ ល្ងាច​។ ម៉ោង 19 ក្បាល​ព្រលបនៃ​ថ្ងៃ​ដដែល​ ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ប្រកួត​ជាមួយ​ទីម័រខាងកើត​។

  • ថៃ តែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ជាគ្រូបង្គោលសម្រាប់ត្រៀម វគ្គជម្រុះ World Cup

    ថៃ តែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ជាគ្រូបង្គោលសម្រាប់ត្រៀម វគ្គជម្រុះ World Cup

    កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ បានចាត់តាំងលោក Akira Nishino ដែលជាអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ជាគ្រូបង្វឹកជម្រើសជាតិថៃ ក្នុងព្រឹត្តិការណ៍វគ្គជម្រុះ World Cup ខាងមុននេះ។

    តំណែងជម្រើសជាតិថៃនេះ ត្រូវបានគ្រូបង្វឹកចំនួន២រូបហើយបានលាលែងពីតំណែង ក្រោយពីពានរង្វាន់ AFC ASIAN CUP និង ពានរង្វាន់ King’s Cup ២០១៩ ដែលធ្វើជាម្ចាស់ផ្ទះ។

    គួរបញ្ជាក់ផងដែរថា លោក Akira Nishino ជាអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ដែលបានដឹកនាំក្រុមសាំម៉ូរ៉ៃខៀវជប៉ុន ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី៕

  • ព័ត៌មានថ្មីៗ!! អ្នកសារព័ត៌មានបរទេសម្នាក់អះអាងថា គ្រូបង្វឹកមិនបាននាំក្មេងៗក្រុមជ្រូកព្រៃចូលទៅក្នុងរូងភ្នំទេ

    ព័ត៌មានថ្មីៗ!! អ្នកសារព័ត៌មានបរទេសម្នាក់អះអាងថា គ្រូបង្វឹកមិនបាននាំក្មេងៗក្រុមជ្រូកព្រៃចូលទៅក្នុងរូងភ្នំទេ

    មុននេះបន្ដិច សារព័ត៌មាន Teenee បានចេញផ្សាយព័ត៌មានមួយជ្រុងទៀតដែលបង្ហាញឱ្យដឹងថា បុរសដែលជាអ្នកសារព័ត៌មានបរទេសម្នាក់បានអះអាងថា គ្រូបង្វឹកបាល់ទាត់ លោក អេក ឬអេកផុន ចាន់ថៈវង្ស នោះ មិនមែនជាអ្នកដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលទៅក្នុងរូងភ្នំថាំលួង នោះទេ ពោលគឺ លោកបានចូលទៅតាមរកពួកគេ បន្ទាប់ពីអាណាព្យាបាលបានទូរស័ព្ទទៅប្រាប់លោកថា ពួកកូនៗរបស់គាត់មិនឃើញត្រឡប់មកផ្ទះវិញ។

    តាមការបញ្ជាក់ និងលើកពីអំណះអំណាងរបស់សារព័ត៌មាន The Times អ្នកសារព័ត៌មានរូបនោះបានអះអាងប្រាប់ថា « លោកគ្រូមិនបាននាំពួកក្មេងៗចូលទៅក្នុងរូងភ្នំនោះទេ គឺពួកគេបានចូលទៅដោយខ្លួនឯង។ លោកគ្រូបានទទួលការទាក់ទងតាមទូរស័ព្ទពីក្រុមអាណាព្យាបាលរបស់ក្មេងៗ បន្ទាប់ពីពួកគាត់បានបាត់ដំណឹងកូនៗអស់រយៈពេល 1ម៉ោងរួចមក។ ដូច្នោះហើយទើបគាត់ចាកចេញពីតារាងទាត់បាល់ដែលមានចម្ងាយពីគ្នា 1គីឡូម៉ែត្រ ដើម្បីទៅស្វែងរកពួកក្មេងៗនៅក្នុងរូងភ្នំនោះ។ គាត់គួរតែបានទទួលនូវការអរគុណចំពោះភាពក្លាហាន ភាពទទួលខុសត្រូវ និងសមត្ថភាពរបស់គាត់ក្នុងការស្វែងរកក្មេងៗ និងថែរក្សាពួកគេយ៉ាងមានសុវត្ថិភាព។

    គួរបញ្ជាក់ផងដែរថា ចំពោះចម្ងល់ដែលថា លោកគ្រូបង្វឹកបាននាំក្មេងៗចូលក្នុងរូងភ្នំនោះ នៅមិនទាន់មានការបកស្រាយដោយផ្ទាល់មាត់អំពីលោកគ្រូ អេក នៅឡើយទេ មានតែរង់ចាំឱ្យពួកគេទាំង 13នាក់បានចេញមកខាងក្រៅរូងភ្នំដោយសុវត្ថិភាពជាមុនសិន ទើបអាចផ្ដល់នូវបទសម្ភាស និងចម្លើយច្បាស់លាស់បាន៕