Tag: គុណសម្បត្តិ

  • តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

    តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

    អ្នកម្តាយជាច្រើន ប្រហែលជាធ្លាប់បានឮញឹកញាប់ហើយថា បើចង់ឱ្យកូនឆ្លាត ត្រូវឱ្យញ៉ាំត្រីឱ្យបានច្រើនៗ ហើយក៏​ប្រហែលជាមាន​សំណួរ​នៅ​​ក្នុងចិត្តតទៅទៀតដែរថា តើត្រីប្រភេទណាដែលគួរឱ្យកូនញ៉ាំ ដូច្នេះក្នុងលេខនេះឡារ៉ែនមានចម្លើយចំពោះរឿង​នេះ​មកជម្រាបជូន ៈ

    ត្រី 3ប្រភេទដែលល្អសម្រាប់កូនតូច

    ដំបូងយើងត្រូវដឹងជាមុនសិនថា សាច់ត្រីមានគុណសម្បត្តិពិសេសជាងអាហារដែលផ្តល់ប្រូតេអុីនប្រភេទផ្សេងទៀត នៅត្រង់ដែលសាច់ត្រីមានប្រូតេអុីន និងអាស៊ីតខ្លាញ់ដែលចាំបាច់ចំពោះរាងកាយ ដែលល្អជាមួយការរីកចម្រើនធំធាត់របស់កុមារ និងដែលសំខាន់គឺ ងាយរំលាយ ព្រោះត្រីមានសរសៃសាច់តូចៗដែលមិនស្វិត មានជាតិខ្លាញ់បង្កប់នៅក្នុងសាច់ត្រី តិចជាងសាច់ជ្រូក និងសាច់មាន់ ហើយ​ថែមទាំងងាយរកទិញបានទៀតផង បើដូច្នេះ តើមិនឱ្យកូនញ៉ាំត្រីយ៉ាងម៉េចនឹងបានទៅ?។ ជាថ្មីម្ដងទៀត ថ្ងៃនេះឡារ៉ែនសូមណែនាំត្រី 3ប្រភេទ ដែលជាតួឯកសំខាន់ៗឱ្យអ្នកម្តាយទាំងអស់គ្នាបានស្គាល់ និងដឹងថា តើត្រីនីមួយៗ​មានចំណុចលេចធ្លោខុសប្លែកគ្នាយ៉ាងណាខ្លះ។

    1-ត្រីសណ្តាយ

    គួរចាប់ផ្តើមឱ្យកូនញ៉ាំនៅពេលកូនតូចអាយុបាន 8 – 10ខែ

    គុណសម្បត្តិពិសេស ៈ សាច់ទន់ផុយ មានរសជាតិឆ្ងាញ់ មានភាពផ្អែមនៅក្នុងសាច់ច្រើន និងមានបរិមាណសាច់ច្រើនគ្រប់គ្រាន់ក្នុងការយកទៅធ្វើជាម្ហូបអាហារ ដែលទោះជាកោសយកតែសាច់ ចោលស្បែក ក៏នៅតែមានបរិមាណច្រើនដែរ ​បើប្រៀបធៀបជាមួយត្រី​ប្រភេទ​ផ្សេង​ទៀតដែលទំហំប៉ុនៗគ្នា។

    ការជ្រើសរើសទិញ ៈ ត្រូវរើសយកត្រីសណ្តាយណាដែល ភ្នែកនៅថ្លា ស្រកីនៅក្រហម សាច់សង្កត់ទៅហើយមិនទ្រុឌចុះនៅតឹងណែន តែបើភ្នែកមិនថ្លា ត្រូវសង្កេតមើលស្រកី និងពោះមិនមានពណ៌ខៀវ ឬបែកធ្លាយ។

    2-ត្រីប្លាធូ

    ជាត្រីសមុទ្រដែលគួរចាប់ផ្តើមឱ្យកូនតូចញ៉ាំ ពេលអាយុបាន 10ខែឡើងទៅ ព្រោះក្មេងខ្លះអាចនឹងមានប្រតិកម្មចាញ់ត្រីសមុទ្រ និងអាហារសមុទ្រច្រើនជាងត្រីទឹកសាប។

    គុណសម្បត្តិពិសេស ៈ ជាត្រីសមុទ្រដែលមានតម្លៃថោកបំផុតក្នុងចំណោមត្រីសមុទ្រដូចគ្នា ងាយរកទិញ សាច់ទន់ យកទៅ​ចៀនល្មមតែស្បែកឡើងតឹងៗ រួចបេះយកតែសាច់ទៅធ្វើជាស៊ុបត្រីប្លាធូ សាច់នឹងផ្អែមឆ្ងាញ់ខ្លាំងណាស់។

    ការជ្រើសរើសទិញ ៈ គួររើសយកត្រីប្លាធូចំហុយ ដែលសាច់មិនបែក ខ្លួននៅមូល ស្បែកមិនរបក និងមានពន្លឺតិចៗ តែបើត្រីប្លាធូស្រស់វិញ ក៏ត្រូវប្រើវិធីជ្រើសរើសដូចត្រីទូទៅដែរ។

    3-ត្រីរ៉ស់

    ជាត្រីទឹកសាបដែលគួរចាប់ផ្តើមឱ្យកូនញ៉ាំពេលអាយុបាន 6 – 8ខែ

    គុណសម្បត្តិពិសេស ៈ ជាត្រីទឹកសាបដែលមាន អូមេហ្កា3 ច្រើនជាងត្រីទឹកសាបប្រភេទផ្សេងៗទៀត ពេលចម្អិនជាអាហារហើយ សាច់នឹងទន់ផ្អែមឆ្ងាញ់។

    ការជ្រើសរើសទិញ ៈ ភាពស្រស់របស់ត្រីរ៉ស់ យើងត្រូវសង្កេតមើលទៅលើស្រកី ដែលមានពណ៌ក្រហមស្រស់ រៀងគ្នាស្មើ មិនរបូតដាច់ចេញពីគ្នា។

    ញ៉ាំត្រីហើយ តើកូនឆ្លាតមែនឬ?

    “សូមជម្រាបជាមុនសិនថា មិនដែលមានការស្រាវជ្រាវវិភាគណាមួយអះអាងថា កុមារដែលញ៉ាំត្រីតែម្យ៉ាង ហើយឆ្លាតនោះ​ឡើយ ព្រោះគ្មានអាហារប្រភេទណាលើពិភពលោក ដែលញ៉ាំតែមួយប្រភេទ ហើយបានទទួលសារធាតុអាហារតាមដែលរាងកាយត្រូវ​ការបានគ្រប់ចំនួននោះទេ តែបើសិនញ៉ាំត្រី វានឹងល្អនៅត្រង់ដែលមានសុវត្ថិភាពចំពោះសុខភាពខ្លាំងជាង ព្រោះត្រីមានជាតិខ្លាញ់នៅក្នុង​សាច់​តិច ធ្វើឱ្យកាត់បន្ថយភាពប្រថុយប្រថាននឹងជំងឺជាតិខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម ឬជំងឺបេះដូង ចំណែករឿងភាពឆ្លាតវាងវៃវិញនោះ ក្រៅពីចំណីអាហារហើយ ពូជអម្បូរ និងស្ថានភាពបរិស្ថានជុំវិញកូន ក៏មានផលដែរ”

    ត្រីដែលមិនគួរឱ្យកូនតូចញ៉ាំ

    ចំពោះការបញ្ចុកសាច់ត្រីឱ្យកូនតូចញ៉ាំ រឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងបំផុតនោះគឺ ឆ្អឹងត្រីហ្នឹងឯង…ដូច្នេះត្រីដែលមិនគួរនាំយកមកចម្អិនជាអាហារឱ្យកូនតូចញ៉ាំនោះគឺ ត្រីដែលមានឆ្អឹងច្រើន ដូចជា ត្រីឆ្ពឹន ត្រីលិញ ត្រីរៀល ជាដើម ព្រោះទោះជាឆ្អឹងត្រីធំ តូច ឬយកទៅស្ងោរឡើងទន់ផុយហើយក៏ដោយ តែម៉ាស៊ីនកិនក្រឡុកក៏នៅតែមិនអាចកិនឱ្យម៉ដ្ឋបានដែរ ដូច្នេះ វិធីដែលល្អបំផុត គឺអ្នកម្តាយគួរជ្រើសរើសត្រីដែលមានឆ្អឹងតិច សាច់ច្រើន ខ្លាញ់តិច និងយកឆ្អឹងចេញឱ្យអស់ដោយការញេច ឬកិនដោយត្រងដោយកន្រ្តងក៏បាន។

    យ៉ាងណាក៏ដោយ រឿងមួយដែលអ្នកម្តាយត្រូវផ្តល់ភាពសំខាន់មិនតិចជាងតិចនិកការចម្អិននោះគឺ ការជ្រើសរើសទិញត្រីដែលនៅស្រស់ ស្អាត បើជាត្រីសមុទ្រផងនោះ ត្រូវយកចិត្តទុកដាក់រឿងសារធាតុគីមីដែលគេដាក់ត្រាំត្រជាក់ពេលដឹកជញ្ជូនមកផង ចូរទន្ទេញឱ្យចាំជាប់ក្នុងចិត្តថា ត្រីរឹតតែស្រស់ថ្មីប៉ុនណា រឹតតែល្អប៉ុននោះ៕

  • ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ស្ត្រីដែលទើបតែមានគភ៌ជាលើកដំបូងដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវមើលថែទាំអ្វីខ្លះទៀត ក្រៅពីការជ្រើសរើសចំណីអាហារត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាកយ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? និងកិច្ចការងារពីមុនដែលធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះ សុទ្ធតែជារឿងដែលអ្នកមានផ្ទៃពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

    1-ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកមានគភ៌

    បើអ្នកមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក)នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 -15គីឡូក្រាម ជាមធ្យមកើន 1ខែ 2គីឡូក្រាម តែក្នុងត្រីមាសដំបូងទម្ងន់ខ្លួនអាចថយចុះ ដោយសារតែអាការចាញ់កូនដែលធ្វើឱ្យក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី2 ជាអំឡុងពេលអស់អាការចាញ់កូនហើយ ស្ត្រីមានគភ៌អាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់ខ្លួនកើនឡើងលឿនជ្រុលពេក។ ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់ បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក។ ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។

    2-បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងពេលមានគភ៌ត្រីមាសដំបូងដោយសារតែមិនដឹង តើនឹងមានគ្រោះថ្នាក់អ្វីដែរទេ?

    បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។​ ពេញមួយរយៈពេល 9ខែ ស្ត្រីមានគភ៌អាចត្រូវចូលទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់ រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺតម្កាត់។

    3-តើវីតាមីនបន្ថែម ចាំបាច់ដែរឬទេ?

    សារធាតុអាហារដែលអ្នកមានគភ៌គួរទទួលទានបន្ថែមនោះគឺ សារធាតុដែកដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុងគ្រាប់ឈាមក្រហម ដែលជាអ្នកនាំអុកស៊ីហ្ស៊ែនឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកមានគភ៌បានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកើតសភាវលោហិតស្លេកស្លាំង ហុចផលឱ្យកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវិតាមីន និងសារធាតុអាហារផ្សេងទៀត បើទទួលទានអាហារគ្រប់ 5ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាច់ទទួលទានវីតាមីនបន្ថែមក៏បានដែរ តែគួរញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីបង្កើនភាពរឹងមាំដល់ឆ្អឹងរបស់ទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះគោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

    4-ស្វាមីទ្រាំមិនបាន សុំមានភេទសម្ព័ន្ធក្នុងអំឡុងពេលមានគភ៌

    ការមានភេទសម្ព័ន្ធ មិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី3 សូមឱ្យលោកប្ដីអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់ភរិយាមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វីទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី1 និង 2 ស្ត្រីមានគភ៌គួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីអ្វីឬទេ? ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូន ជាដើម។ បើមានអាការទាំងនេះ គួរបញ្ឈប់ការមានភេទសម្ព័ន្ធ និងប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

    5-ទឹកដោះដែលគួរញ៉ាំ

    ក្នុងអំឡុងពេលមានគភ៌ ស្ត្រីអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេដង ព្រោះរាងកាយរបស់អ្នកមានគភ៌ត្រូវការកាល់ស្យូម និងកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះជួយការពារសភាវលើសឈាមបាន។

    6-មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌…

    …គួរប្រឹក្សាជាមួយគ្រូពេទ្យសម្ភព គឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាស្ត្រីមានគភ៌ដែលរក្សាសម្ផស្ស ត្រូវការញ៉ាំថ្នាំព្យាបាលមុន និងថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេប ដែលអាចចាត់ទុកថាជាប្រភេទថ្នាំគ្រោះថ្នាក់ ដែលមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតពិការភាពបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រូពេទ្យគ្រប់ពេលថា ខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។

    7-មានដុំសាច់ដុះលើរាងកាយក្នុងអំឡុងពេលមានគភ៌

    ភាពគ្រោះថ្នាក់ អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ។ នៅពេលស្ទាបប៉ះ ស្ត្រីមានគភ៌គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌ គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជាសះស្បើយមុនពេលសម្រេចចិត្តមានគភ៌ វានឹងជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។

    ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងល្អឥតខ្ចោះ និងរឹងប៉ឹង។ នៅពេលគេធំឡើង ឪពុក-ម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយស្ត្រីម្នាក់ៗ មិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9ខែនោះ នឹងយល់បានច្បាស់ល្អជាង៕

  • នៅពេលស្រ្តីមានផ្ទៃពោះធុំក្លិនស្វាមីមិនបាន តើគួរទប់ទល់អាការនេះយ៉ាងណាស្រួល?

    នៅពេលស្រ្តីមានផ្ទៃពោះធុំក្លិនស្វាមីមិនបាន តើគួរទប់ទល់អាការនេះយ៉ាងណាស្រួល?

    មនុស្សជាច្រើនមើលឃើញថា ជារឿងគួរឱ្យអស់សំណើច និងចម្លែកចិត្តថា មិនដឹងមកពីហេតុអីបានជាស្ត្រីដែលចាប់ផ្ដើមមានគភ៌ថ្មីៗមានអារម្មណ៍ថា ស្អុយក្លិនស្វាមី រហូតចូលជិតមិនបាន? ថ្ងៃនេះ ឡារ៉ែនមានចម្លើយអំពីរឿងនេះមកជម្រាបជូន…។

    ហេតុអីបានស្ត្រីមានផ្ទៃពោះធុំក្លិនស្វាមី(ប្ដី)មិនបាន?

    អាការចាញ់កូនតែងតែមានច្រើនរូបបែប ទាំងក្អួតចង្អោរ ល្វើយអស់កម្លាំង ចង់ញ៉ាំរបស់ប្លែកៗ ហើយមួយនៅក្នុងចំណោមនោះគឺ ការធុំក្លិនស្អុយស្វាមី រហូតមិនចង់ចូលទៅក្បែរ។ ដែលក្លាយទៅជាបែបនេះ ក៏ព្រោះតែខណៈពេលតាំងគភ៌ ទងសុកនឹងបង្ខំផលិតអ័រម៉ូនឱ្យខ្ពស់ឡើងដើម្បីជំរុញការធ្វើការងាររបស់សម្បុកស៊ុតក្នុងរយៈពេល 1-3ខែដំបូងនៃការតាំងគភ៌ ទើបធ្វើឱ្យស្ត្រីមានគភ៌កើតមានអាការចាញ់កូនបានយ៉ាងងាយ មានអារម្មណ៍ទន់ជ្រាយ ប្រែប្រួលទាំងអស់ រួមទាំងការឆាប់ទទួលបានក្លិនផ្សេងៗទៀតផង។ អ្នកខ្លះធុំក្លិនស្វាមីមិនបាន ហើយធ្ងន់ធ្ងរជាងហ្នឹង ដល់ថ្នាក់ស្អប់មុខប្ដីខ្លួនឯងទៀតផងក៏មាន តែអាការនេះ នឹងធូរស្រាល និងល្អប្រសើរឡើងវិញនៅពេលអាយុគភ៌ច្រើនឡើង។

    តើត្រូវទប់ទល់នឹងអាការនេះយ៉ាងណា?

    អាការធុំក្លិនស្វាមីមិនបាននេះ កើតឡើងពីសភាវចាញ់កូន។ នៅពេលធុំក្លិន ឬឃើញមុខស្វាមី ក៏មានអារម្មណ៍ថា ចង់តែក្អួត តែគេអាចសម្រាល ឬកែបញ្ហានេះបានដោយវិធីខាងក្រោមនេះ…ៈ

    1-និយាយជាមួយស្វាមីឱ្យយល់គ្នា

    ការយល់ចិត្តគ្នា គឺជាជម្រើសដែលល្អបំផុត។ លោកប្ដីត្រូវតែយល់ចិត្តភរិយា កុំខឹង ឬតូចចិត្តតូចថ្លើមអី ព្រោះទាំងអស់ហ្នឹងសុទ្ធតែបណ្ដាលមកពីអ័រម៉ូនជំរុញទាំងអស់។ ស្ត្រីមានគភ៌អាចប្រាប់ស្វាមីបានយ៉ាងត្រង់ទៅត្រង់មកថា ក្នុងអំឡុងពេលនេះកំពុងចាញ់កូន និងសុំនៅម្នាក់ឯង ឬនៅឆ្ងាយពីគ្នាមួយរយៈសិន ទម្រាំនឹងអាការនេះបាត់ទៅវិញ។

    2-ទទួលទានសារធាតុរ៉ែស័ង្កសី

    ញ៉ាំអាហារដែលសារធាតុរ៉ែស័ង្កសី ដូចជាត្រី ទឹកដោះគោឆៅ ថ្លើមសត្វ បន្លែស្លឹកបៃតង ព្រោះវានឹងជួយសម្រាលអាការចាញ់កូន ជាពិសេសការធុំក្លិនប្ដីមិនបាននេះតែម្ដង។

    3-កុំបណ្ដោយឱ្យពោះទំនេរដោយមិនបានញ៉ាំអីមុនពេលគេង

    ស្រ្តីមានគភ៌ចូរទទួលទានទឹកដោះគោក្ដៅឧណ្ហៗមួយកែវមុនពេលគេង ព្រោះវានឹងជួួយឱ្យគេងលក់ស្រួល និងភ្ញាក់មកនៅពេលព្រឹកមិនហេវខ្លាំង។ ការបណ្ដោយឱ្យពោះទំនេរដោយមិនបានញ៉ាំអ្វីមុនពេលគេង នឹងធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍មួម៉ៅ និងបង្កើនអាការចាញ់កូនកាន់តែខ្លាំងឡើង។

    4-ញ៉ាំទឹកខ្ញីជាប្រចាំ

    ទឹកខ្ញីមានគុណសម្បត្តិជួយកាត់បន្ថយអាការចាញ់កូន ជួយបំបាត់អាការហើមពោះ ក្អួតចង្អោរបាន ហើយក្លិនក្រអូបរបស់មើមខ្ញីនឹងធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍ធូរស្រាលបានយ៉ាងល្អ។ ស្ត្រីមានគភ៌អាចក្រេបទឹកខ្ញីក្ដៅឧណ្ហៗបានជាប្រចាំ តែគួរប្រើខ្ញីធម្មជាតិទើបជាការប្រសើរ។

    5-ញ៉ាំផ្លែឈើស្រស់

    ផ្លែឈើស្រស់ផ្សេងៗនឹងជួយកាត់បន្ថយអាការចាញ់កូន ធ្វើឱ្យស្ត្រីមានគភ៌មានអារម្មណ៍ស្រស់ថ្លាល្អ ព្រោះជាទូទៅអ្នកមានផ្ទៃពោះនឹងញ៉ាំអ្វីមិនសូវបានឡើយ ធុំក្លិនអាហារច្រើនតែចង់ក្អួត ធ្វើឱ្យរាងកាយនឿយល្វើយគ្មានកម្លាំង ដូច្នេះការញ៉ាំផ្លែឈើស្រស់នឹងជួយកែបញ្ហានេះបាន ជាពិសេសផ្លែឈើដែលមានរសជាតិជូរផ្សេងៗ។

    នៅពេលបានដឹងពីតិចនិកផ្សេងៗបែបនេះហើយ ក៏ចង់ឱ្យស្ត្រីមានគភ៌យើងនាំយកទៅកែសម្រួលប្រើសាកលមើល ឯលោកប្ដីក៏គួរតែធ្វើចិត្តឱ្យត្រជាក់ៗ និងយល់ពីស្ថានភាពរបស់ភរិយាឱ្យបានថា អាការរបស់មនុស្សចាញ់កូន កើតឡើងតែមួយរយៈប៉ុណ្ណោះ រួចវានឹងបាត់ទៅវិញមិនខាន៕

  • ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ការមើលថែទាំសុខភាពរបស់ស្រ្តីមានគភ៌ ចម្បងៗក៏គឺ ការយកចិត្តទុកដាក់លើការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយ ព្រោះអាហារដែលល្អពិតជាជួយចិញ្ចឹម និងបំប៉នសុខភាពទារកក្នុងគភ៌ទៅដំណាលគ្នានឹងសុខភាពរបស់ម្ដាយដែរ។ តែបើស្រ្តីមានគភ៌ចង់ឱ្យកូនមានស្បែកសស្អាត សាច់ឈាមស្រស់ថ្លាមានសុខភាពល្អវិញនោះ តើត្រូវញ៉ាំអាហារអ្វីខ្លះទៅ?។ ថ្ងៃនេះ យើងមានអាហារដែលស្រ្តីមានគភ៌ញ៉ាំទៅហើយ កូនតូចនឹងមានស្បែកសស្អាតមកជម្រាបជូន…តើមានអ្វីខ្លះនោះ យើងនាំគ្នាតាមដានដូចតទៅ ៖

    1-ដូងខ្ចី

    ផ្លែដូងខ្ចី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុអាហារដែលមានប្រយោជន៍ជាច្រើន មិនថាតែកាល់ស្យូម ជាតិដែក ប៉ូតាស្យូម វីតាមីនB អាស៊ីតអាមីណូ និងថែមទាំងប្រកបទៅដោយអ័រម៉ូនអេស្រ្តូជេនខ្ពស់ ដែលជួយជំរុញការសាងខូឡាជេន និងអ៊ីឡាស្ទិកនៅលើស្បែក ជួយឱ្យស្បែកស្អាតភ្លឺថ្លា ទន់ម៉ដ្ឋខៃ និងថែមទាំងជួយបណ្ដេញវត្ថុអាក្រក់ផ្សេងៗចេញពីរាងកាយ បង្កើនប្រព័ន្ធប្រឆាំងជំងឺ កាត់បន្ថយអាការរាករូស និងជួយសម្រាលអាការអាស៊ីតហូរបញ្រ្ចាសសម្រាប់ស្រ្តីជាម្ដាយទៀតផង ដែលយើងអាចហៅបានថា ញ៉ាំចូលទៅហើយ នឹងល្អទាំងម្ដាយ រហូតដល់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ។

    2-ផ្លែឈើរសជាតិជូរ ឬផ្លែប៊ើរីផ្សេងៗ

    ដែលនឹងយកមកញ៉ាំជាទឹកផ្លែឈើស្រស់ៗក៏បានដូចគ្នា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ស្រ្តប៊ើរី ប្លូ៊ប៊ើរី រ៉ាស់ប៊ើរី ម្នាស់ ឬទំពាំងបាយជូរ។ល។ ផ្លែឈើរសជាតិជូរទាំងអស់នោះមានវីតាមីនខ្ពស់ណាស់ និងនៅមានអាស៊ីតAHA ដែលចូលទៅថែបំប៉នស្បែកដោយផ្ទាល់ ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជំរុញការសាងខូឡាជេន ជួយបំប៉នស្បែកឱ្យសថ្លាសុខភាពល្អ ជួយឱ្យកោសិកាស្បែករឹងប៉ឹង ពណ៌ស្បែកស្មើមិនមានស្នាមអុចខ្មៅ និងអាចជួយសាងក្រោះការពារដែលរឹងមាំឱ្យស្បែកអាចតតាំងនឹងសភាវមិនល្អបានទាំងអ្នកម្ដាយ និងកូនក្នុងផ្ទៃ។

    3-សាច់ត្រី

    នៅក្នុងសាច់ត្រីមានជាតិប្រូតេអ៊ីនខ្ពស់ដែលងាយរំលាយ និងបឺតជ្រាបបានងាយ។ ជួយឱ្យគ្រោងសាងសាច់ស្បែកមានភាពរឹងមាំ និងថែមទាំងមានអាស៊ីតខ្លាញ់អូមេហ្កា3 និងអូមេហ្កា6 ដែលជួយឱ្យស្បែកមើលទៅមានសំណើម និងសុខភាពល្អ និងមានបរិមាណជាតិខ្លាញ់ដែលល្មមសមរម្យជាក្រោះការពារសភាវមិនល្អផ្សេងៗបាន និងថែមទាំងជួយបំប៉នខួរក្បាលទាំងរបស់អ្នកម្ដាយ និងទារកក្នុងគភ៌ទៀតផង។

    4-សណ្ដែកលឿង និងផលិតផលធ្វើពីសណ្ដែកលឿងផ្សេងៗ

    ដូចជា ទឹកតៅហ៊ូ តៅហ៊ូដុំប្រភេទផ្សេងៗ ទឹកសណ្ដែកលឿង-ល- ព្រោះនៅក្នុងសណ្ដែកលឿងសម្បូរទៅដោយអៃសូហ្វ្លាវ៉ូន និងនៅមានអាស៊ីតអាមីណូដែលជួយតតាំងសភាវមិនល្អផ្សេងៗ ធ្វើឱ្យស្បែករឹងប៉ឹង ស្អាតភ្លឺថ្លា ហើយសណ្ដែកលឿងថែមទាំងជួយជំរុញវិវឌ្ឍនាការរបស់កូនក្នុងគភ៌បានទៀតផង។

    5-ធញ្ញជាតិប្រភេទផ្សេងៗ រួមទាំងស៊ុតមាន់ផង

    ទាំងប្រូតេអ៊ីនដែលមាននៅក្នុងធញ្ញជាតិ និងក្នុងស៊ុតមាន់ នឹងរួមកម្លាំងជាមួយខេរ៉ាទីន ជួយក្នុងការការពារស្បែកពីសភាវមិនល្អផ្សេងៗ ភ្ជាប់កោសិកាស្បែក ជួសជុលសាច់ភ្នាស ប្រឆាំងនឹងមេរោគបាក់តេរី ធ្វើឱ្យស្បែករឹងមាំ អាចទប់ទល់នឹងសភាវអាកាសធាតុក្ដៅសើមរបស់ប្រទេសយើងបាន។

    6-មើមរមៀត

    ឱសថបុរាណតុបតែងពណ៌ និងក្លិនអាហារប្រភេទនេះ យើងទាំងអស់គ្នាដឹងច្បាស់ថា មើមរមៀតមានគុណសម្បត្តិធ្វើឱ្យស្បែករឹងមាំ ព្រោះមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ទើបអាចជួយការពារស្បែកពីពន្លឺថ្ងៃ ធ្វើឱ្យស្បែកម៉ដ្ឋស្អាត ពណ៌ស្បែកស្មើ និងថែមទាំងជួយឱ្យស្រ្តីមានគភ៌កើតអាការចាញ់កូនតិចតួច និងក្រៅពីនេះនៅជួយបញ្ចេញទឹកដោះបានច្រើនក្រោយពេលឆ្លងទន្លេរួច និងថែទាំសុខភាពរាងកាយទាំងម្ដាយ និងកូនតូចឱ្យរឹងមាំទៀតផង។

    អាហារស្បែកស្អាតប្រភេទនីមួយៗដែលបានរៀបរាប់មក សុទ្ធតែមិនពិបាករកឡើយនៅក្នុងប្រទេសយើង។ ពិតហើយថា អាហារទាំងនេះមិនអាចផ្លាស់ប្ដូរពូជអម្បូរបានមែន តែអ្វីដែលអាហារទាំងនោះអាចជួយបានពិតប្រាកដនោះគឺ វាជួយឱ្យសាច់ស្បែករឹងមាំ មិនងាយរងប្រតិកម្មចាញ់ អាចបង្កើនភាពតតាំងប្រឆាំងនឹងសភាវមិនល្អផ្សេងៗ និងថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាមួយគ្នាទាំងម្ដាយ និងកូន៕

  • ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។

    ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    1. ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។
    2. កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។
    3. គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។
    4. គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។
    5. ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ ក៏នឹងថយចុះដែរ។
    6. ភ្ជាប់ចំណងសម្ព័ន្ធរវាងម្ដាយ និងកូន ការឱ្យកូនបានបៅទឹកដោះពីទ្រូងម្ដាយ ជាអារម្មណ៍ដែលពិបាកនឹងបរិយាយណាស់ មានតែម្ដាយដែលធ្លាប់ឱ្យកូនបៅទឹកដោះពីទ្រូងខ្លួនឯងប៉ុណ្ណោះទើបអធិប្បាយពីអារម្មណ៍ និងសេចក្ដីសុខក្នុងចិត្តដែលកើតឡើងក្នុងខ្លួនរបស់ម្ដាយម្នាក់នោះបានដោយខ្លួនឯង។ ក្រៅពីនោះ គ្រប់ពេលដែលកូនបៅទឹកដោះម្ដាយ ពីទ្រូងម្ដាយ កូននឹងសម្លឹងមើលមុខម្ដាយរបស់ខ្លួន ដែលអំឡុងពេលបំបៅដោះកូននោះ គឺជាអំឡុងពេលដ៏មានគុណតម្លៃបំផុត ព្រោះម្ដាយ-កូននឹងបានមើលមុខគ្នា បាននិយាយគ្នា បានសម្ដែងសេចក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យកូនតូចអាចដឹងបានថា ម្ដាយរបស់គេស្រឡាញ់គេខ្លាំងប៉នណា។ ក្រៅពីនោះ ការដែលកូនបៅទឹកដោះចេញពីទ្រូងរបស់ម្ដាយញឹកញាប់ នឹងធ្វើឱ្យកូនចងចាំក្លិន សំឡេង មុខមាត់ និងការប៉ះពាល់ផ្សេងៗរបស់ម្ដាយបានលឿនជាងក្មេងដែលបៅទឹកដោះពីដបទឹកដោះ។
    7. រាងកាយរបស់ម្ដាយនឹងឆាប់ស្គមឡើងវិញ ក្រោយពីឆ្លងទន្លេរួច រាងកាយរបស់អ្នកម្ដាយ ទោះជាទម្ងន់ខ្លួនស្រកចុះខ្លះមែន តែប្រព័ន្ធខាងក្នុង រួមទាំងស្បូនផងអាចនឹងមិនទាន់ស្រួលបួលឡើងវិញនៅឡើយ ការចិញ្ចឹមកូនដោយឱ្យកូនបៅទឹកដោះចេញពីទ្រូងម្ដាយ នឹងជួយជំរុញរាងកាយរបស់ម្ដាយឱ្យបញ្ចេញអ័រម៉ូន 1ប្រភេទ(ដែលនឹងចេញមកចំពោះតែពេលដែលឱ្យកូនបៅដោះប៉ុណ្ណោះ)ដោយអ័ម៉ូនប្រភេទនេះ នឹងជួយឱ្យស្បូនបង្រួញខ្លួនស្រួលបួលវិញបានយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ ការដែលរាងកាយអ្នកម្ដាយត្រូវផលិតទឹកដោះ វានឹងជួយដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗនៅតាមក្បាលពោះចេញអស់ផងដែរ ធ្វើឱ្យរូបរាងរបស់អ្នកម្ដាយទើបប្រសូតបុត្ររួច ត្រឡប់មកស្គមស្វែលបានឆាប់រហ័សជាងអ្នកម្ដាយដែលចិញ្ចឹមកូនដោយទឹកដោះគោ។ ជាមធ្យមទៅ ការដែលចិញ្ចឹមកូនដោយខ្លួនឯង ឱ្យកូនបៅទឹកដោះពីទ្រូងម្ដាយ ទម្ងន់ខ្លួនរបស់ម្ដាយនឹងថយចុះជាមធ្យម 1ខែពី 1-2គីឡូក្រាម ដូច្នេះបើយើងឱ្យកូនបៅទឹកដោះម្ដាយពេញមួយរយៈពេល 6ខែដំបូងក្រោយពេលប្រសូត ទម្ងន់ខ្លួន និងរូបរាងរបស់អ្នកម្ដាយ នឹងល្អឡើងវិញ និងសឹងតែជិតដូចប្រក្រតីវិញ។
    8. ជាអាហារដែលងាយស្រួលបំផុតសម្រាប់កូនពេញ 24ម៉ោង ទឹកដោះម្ដាយ ជាប្រភពបង្កើនថាមពលរបស់កូនតូចរបស់យើងដែលអាចឱ្យកូនបៅបានពេញ 24ម៉ោង។ ពេលណាកូនឃ្លាន យើងក៏អាចឱ្យកូនបៅទឹកដោះពីដើមទ្រូងរបស់យើងបានភ្លាមតែម្ដង មិនចាំបាច់ដាក់ដបទឹកដោះគោតាមខ្លួន មិនបាច់មានទឹកក្ដៅ ឬម្សៅទឹកដោះគោ-ល-នាំឱ្យពិបាកឡើយ ងាយស្រួល និងឆាប់រហ័សទាន់ចិត្តកូនជាទីបំផុត។
    9. ជាទឹកដោះក្ដៅឧណ្ហៗ អាចបៅបានភ្លាមជាប់ជានិច្ចពីទ្រូងម្ដាយ គុណសម្បត្តិពិសេសដែលរកទឹកដោះណាផ្សេងទៀតក្នុងពិភពលោកនេះមកធៀបមិនបាននោះគឺ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយហ្នឹងឯង។ ម្ដាយមិនចាំបាច់កង្វល់ថា ទឹកដោះខ្លួនឯងហ្នឹងនឹងក្ដៅខ្លាំងពេក ឬត្រជាក់ជ្រុលពេកសម្រាប់កូនឡើយ ព្រោះទឹកដោះម្ដាយដែលចេញមកពីដើមទ្រូងម្ដាយនេះ នឹងមានសីតុណ្ហភាពដែលល្មមសមរម្យចំពោះកូនរបស់យើងភ្លាមតែម្ដង តែបើចិញ្ចឹមកូនដោយទឹកដោះគោ យើងត្រូវពិនិត្យមើលជាមុនសិនជានិច្ចថា ទឹកដោះដែលលាយហើយនោះ វានឹងក្ដៅ ឬត្រជាក់ជ្រុលពេកទេដឹង?។
    10. មិនចាំបាច់អស់លុយថ្លៃទឹកដោះថ្លៃៗ រួមទាំងឧបករណ៍ផ្សេងៗទៀត តម្លៃទឹកដោះម្សៅប្រភេទផ្សេងៗនោះ បច្ចុប្បន្ន តម្លៃបានហក់ឡើងខ្ពស់ខ្លាំងណាស់ ណាថ្លៃដបទឹកដោះគោ ណាថ្លៃទឹកសាប៊ូលាងដបទឹកដោះគោ ថ្លៃឧបករណ៍ដុសសម្អាតដបទឹកដោះគោ-ល- ថ្លៃចាយវាយទាំងអស់នេះ នឹងមិនកើតមានឡើយ បើយើងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង។

    ទឹកដោះម្ដាយនឹងមានច្រើន ឬតិច នឹងមានប្រព័ន្ធប្រឆាំងជំងឺច្រើន ឬតិច អាស្រ័យលើចំណីអាហារ ការគេងសម្រាក និងអារម្មណ៍របស់ម្ដាយជាចម្បង។ បើអ្នកម្ដាយមើលថែទាំរាងកាយយ៉ាងល្អ ញ៉ាំអាហារដែលមានប្រយោជន៍ គេងលក់បានគ្រប់គ្រាន់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងល្អជាប់ជានិច្ចនោះ ក៏នឹងមានទឹកដោះច្រើនគ្រប់គ្រាន់ឱ្យកូនរបស់យើងបានបៅយ៉ាងពិតប្រាកដ ដែលបច្ចុប្បន្ននេះ ឡារ៉ែនសូមណែនាំឱ្យកូនបានបៅទឹកដោះម្ដាយយ៉ាងតិចបំផុតរយៈពេល 1ឆ្នាំដំបូង៕

  • ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ឬប្រៀបធៀបកូនជាមួយបងប្អូនឯង និងសាច់ញាតិ រឿងទាំងអស់នេះជារឿងដែលមនុស្សជាច្រើនត្រូវប្រឈម ជឿថា រូបលោកអ្នកខ្លួនឯងក៏ធ្លាប់ឆ្លងកាត់ហេតុការណ៍បែបនេះមកដូចគ្នា តែក៏នៅតែអត់មិនបានដែលចង់តែប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ ដូចជា កូនផ្ទះនោះ មិនឃើញគេឌឺរឹងសោះ ឬកូនផ្ទះនោះ ហេតុអីបានគេរៀនពូកែម្ល៉េះ? ជាដើម។ ភាគច្រើនទៅ ការប្រៀបធៀបកូនរបស់ឪពុកម្ដាយ ច្រើនតែកើតពីការនឹករំពឹងលើរូបកូនខ្លាំងពេក រហូតក្លាយជាការដាក់សម្ពាធទៅលើកូន ធ្វើឱ្យកូនកើតក្ដីតានតឹងធុញថប់ និងចុងក្រោយក្លាយជាក្មេងមានបញ្ហា…។ តើឪពុកម្ដាយដឹងទេថា ការប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃនេះ មានចំណុចមិនល្អយ៉ាងណាខ្លះ?

    1 . បន្ថែមការប្រកួតប្រជែងដល់បងប្អូនឯង ៈ បើឪពុកម្ដាយប្រៀបធៀបកូនជាមួយបងប្អូនឯង វានឹងក្លាយជាការជំរុញឱ្យក្មេងកើតការប្រកួតប្រជែងគ្នា កើតការចំអកឡកឡាយ រួមទាំងការប្រព្រឹត្តខ្លួនច្រងេងច្រងាង ឬអួតអាងដាក់គ្នាទៀតផង។

    2 . កើតបញ្ហានាពេលអនាគត ៈ នៅពេលក្មេងត្រូវបានប្រៀបធៀប មិនថាតែជាមួយបងប្អូនឯង ឬរវាងសាច់ញាតិនោះទេ វានឹងធ្វើឱ្យក្មេងមានអារម្មណ៍មិនជឿជាក់ក្នុងចិត្ត កើតការព្រងើយកន្តើយនឹងគ្នា និងអាចនាំទៅរកបញ្ហាខាងផ្នែកទង្វើ រួមទាំងវិវឌ្ឍនាការនាពេលអនាគតទៀតផង។

    3 . បង្អាក់សមត្ថភាពរបស់ក្មេង ៈ ឪពុកម្ដាយខ្លះអាចគិតថា បើយើងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចជាការជួយឱ្យកូនមានភាពក្លៀវក្លាស្វាហាប់ និងឧស្សាហ៍ព្យាយាមខ្លាំងឡើង តែការពិតវិញ អាចហុចផលផ្ទុយគ្នា គឺនៅពេលក្មេងបង្ហាញសមត្ថភាពចេញមក តែឪពុកម្ដាយបែរជាមើលរំលងសមត្ថភាពដែលកូនមាន និងគិតតែពីប្រៀបធៀបឥតឈប់ ទីបំផុត កូននឹងលែងមានភាពជឿជាក់ក្នុងចិត្ត និងលែងចង់បង្ហាញសមត្ថភាពដែលខ្លួនឯងមាន ដែលអាចនឹងធ្វើឱ្យកូនបាត់បង់សក្ដានុពលដែលមាននោះបាន។

    ឪពុកម្ដាយត្រូវយល់ដឹងជាមុនសិន មុននឹងចង់ប្រៀបធៀបកូនជាមួយអ្នកដទៃ

    1 . ក្មេងម្នាក់ៗមានគំនិត និងសមត្ថភាពផ្សេងៗពីគ្នា ៈ ឪពុកម្ដាយត្រូវព្យាយាមស្ដាប់កូនខ្លះ ត្រូវយល់ពីគំនិត ចំណូលចិត្ត និងឯកលក្ខណៈរបស់កូនម្នាក់ៗ។ ឪពុកម្ដាយត្រូវទុកឱកាសឱ្យកូនបានសម្រេចចិត្តដោយខ្លួនឯង ដោយយើងគ្រាន់តែធ្វើជាអ្នកនៅចាំណែនាំ និងផ្ដល់ការប្រឹក្សាប៉ុណ្ណោះ។

    2 . កូនមិនមែនជាគ្រឿងតុបតែងលម្អរបស់ឪពុកម្ដាយទេ ៈ ឪពុកម្ដាយខ្លះអាចគិតថា កូនគឺជាទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ ឪពុកម្ដាយចង់ធ្វើអ្វីជាមួយកូនក៏បាន និងគិតថាកូន គឺជាមុខមាត់កិត្តិយសរបស់ឪពុកម្ដាយនៅក្នុងបរិស្ថានសង្គម ក្នុងសាច់ញាតិ ឬសូម្បីតែក្នុងចំណោមមិត្តភក្តិទៀតផង។ គំនិតទាំងនេះប្រៀបដូចជាការយកប្រៀបលើកូនរបស់លោកអ្នកដូច្នោះដែរ ព្រោះគំនិតបែបនេះអាចបំផ្លាញជីវិតកូនក៏អាចថាបានដែរ។

    3 . ការសិក្សាជារឿងដែលល្អ តែគួរមានរឿងផ្សេងៗផង ៈ ការរៀនសូត្រលើរឿងដែលល្អបំផុតដែលឪពុកម្ដាយអាចផ្ដល់ឱ្យកូនបាន ធ្វើឱ្យឪពុកម្ដាយជាច្រើនសុខចិត្តអស់លុយអស់កាក់លើថ្លៃរៀនសូត្រដ៏ថ្លៃរបស់កូន ដើម្បីឱ្យកូនទទួលបាននូវអ្វីដែលល្អបំផុត

    តែឪពុកម្ដាយក៏កុំភ្លេចបង្ហាត់បង្រៀនកូនឱ្យស្គាល់ និងចេះទទួលខុសត្រូវ រួមទាំងការពឹងលើខ្លួនឯងផង ដែលគុណសម្បត្តិទាំងនេះនឹងជួយឱ្យកូនអាចធ្វើការងារបានយ៉ាងរលូនល្អនាពេលអនាគត។

    តើឪពុកម្ដាយគួរជំរុញកូនយ៉ាងណាឱ្យធ្វើតាមក្ដីនឹករំពឹង?

    1 . គាំទ្រកូនចំពោះអ្វីដែលកូនកំពុងធ្វើ ៈ បើឪពុកម្ដាយមើលឃើញថា កូនចាប់អារម្មណ៍លើអ្វីមួយនោះ ឪពុកម្ដាយអាចក្នុងការជួយជំរុញឱ្យកូនទៅតាមផ្លូវដែលកូនចូលចិត្តបាន ដោយផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ដែលមានទាំងអស់ដល់កូន ព្រោះរឹតតែក្មេងអាចស្វែងរកខ្លួនឯងឃើញបានកាន់តែឆាប់ប៉ុនណា រឹតតែធ្វើឱ្យក្មេងមានឱកាសក្នុងការទទួលជោគជ័យខ្លាំងជាងអ្នកដទៃប៉ុននោះដែរ។

    2 . យល់ពីកូនឱ្យបានច្រើន ៈ ឪពុកម្ដាយកុំតាំងសេចក្ដីសង្ឃឹមខ្ពស់ហួសការពិតខ្លាំងពេក ត្រូវព្យាយាមស្វែងយល់អំពីកូនថា តើពេលនេះកូនរបស់លោកអ្នកមានសក្ដានុពល និងសមត្ថភាពប៉ុនណា? និងត្រូវព្យាយាមរុញច្រានក្នុងរឿងដែលគេចាប់អារម្មណ៍នោះឱ្យខ្លាំងទើបជាការប្រសើរ។

    3 . កោតសរសើរកូនក្នុងរឿងដែលគេពូកែ ៈ ពេលកូនបានធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត ឬមានជំនាញ(ដែលម្នាក់ៗប្រាកដជាថ្នឹក ឬជំនាញមិនដូចគ្នាស្រាប់ទៅហើយ) ឪពុកម្ដាយគួរតែកោតសរសើរកូនយ៉ាងពេញទំហឹង ព្រោះនឹងធ្វើឱ្យកូនកើតមានភាពជឿជាក់លើខ្លួនឯង និងចង់ធ្វើវាឱ្យរឹតតែល្អខ្លាំងឡើងទៀតផង។

    4 . បង្រៀនកូនឱ្យខំប្រឹងយកឈ្នះលើអ្វីដែលគេមិនសូវពូកែ ៈ មនុស្សគ្រប់រូបមានទាំងរឿងដែលខ្លួនឯងពូកែ និងមិនពូកែ ហើយមនុស្សជាច្រើនតែងតែជ្រើសរើសបោះបង់ចោលនូវអ្វីដែលខ្លួនមិនពូកែ ដោយសារតែគិតថា ធ្វើតទៅទៀតក៏មិនបានល្អដែរ…ដូច្នេះបើឪពុកម្ដាយដឹងថា កូនមានចំណុចខ្សោយត្រង់ណា ឬរឿងណាដែលមិនពូកែ ឪពុកម្ដាយគួរព្យាយាមបង្រៀនឱ្យកូនយកឈ្នះលើរឿងនោះឱ្យបាន ទោះជាលំបាកប៉ុនណាក៏ដោយ ព្រោះវាមិនប្រាកដដែរ ផ្ដើមពីចំណុចខ្សោយដែលកូនមានអារម្មណ៍ថាអន់នោះ វាអាចក្លាយជារឿងដែលកូនចូលចិត្តនាពេលអនាគត ក៏អាចថាបានដែរ៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែគួរតែមានបែបណាខ្លះនោះ លោកឪពុកអ្នកម្ដាយគួរតែដឹង ដូច្នេះសូមនាំគ្នាមកតាមដានអំពីការវិវឌ្ឍអ្វីខ្លះដែលកូនតូចគួរតែធ្វើបានក្នុងផ្នែកនីមួយៗពេលដែលគេមានអាយុ 15ខែព្រមៗគ្នាជាមួយនឹងឡារ៉ែនដូចតទៅ…។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែករាងកាយ និងការធ្វើចលនា

    កូនតូចក្នុងវ័យនេះគួរតែដើរបានពូកែហើយ និងចូលចិត្តអូស ឬរុញរបស់លេងដើរទៅមក និងក្មេងខ្លះអាចហាត់ដើរថយក្រោយបាន។ ចាប់ផ្ដើមចេះប្រើស្លាបព្រា និងសមក្នុងការដួសចំណីអាហារបានកាន់តែចំណានឡើង កូននឹងចូលចិត្តឱ្យលោកឪពុកអ្នកម្ដាយលេងល្បែងកម្សាន្តជាមួយគេ ដូចជាលើកដៃចង្អុលត្រចៀក ហើយសួរថា ត្រចៀកនៅឯណា? ឬសម្លឹងកញ្ចក់មើលខ្លួនឯង ហើយសួរថា អ្នកណាគេហ្នឹង?ជាដើម។ កូននឹងចូលចិត្តយករបស់របរទម្លាក់ចូលទៅក្នុងឡាំង និងចូលចិត្តសាកល្បងមើលថា របស់ណានឹងចង្អៀត ឬល្មមជាមួយប្រឡោះណា(គួររករបស់លេងដែលជាប្រអប់ដែលមានគម្របជាប្រឡោះទំហំខុសៗគ្នា និងមានរបស់លេងតូចៗជាជ័រប្លាស្ទិកដែលមានរូបរាងផ្សេងៗដែលមានទំហំធំល្មមឱ្យកូនបានសាកល្បងដាក់ចូលទៅក្នុងប្រឡោះនីមួយៗនោះ ដើម្បីហ្វឹកហាត់ជំនាញក្នុងការសង្កេតពីរូបរាងដែលខុសប្លែកពីគ្នា)។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ដោយសារតែក្មេងចាប់ផ្ដើមបំបែកខ្លួនឯងចេញពីម្ដាយបាន និងកំពុងហ្វឹកហាត់ជួយខ្លួនឯងនោះ ទើបក្មេងមើលទៅហាក់ដូចជាមិនព្រមស្ដាប់បង្គាប់មនុស្សធំដែលតែងនៅចាំហាមមិនឱ្យគេធ្វើនេះធ្វើនោះ ឬត្រូវការឱ្យគេត្រូវតែធ្វើតាមអ្វីដែលមនុស្សធំប្រាប់ឱ្យធ្វើ តែគេក៏មិនព្រមធ្វើតាមដែរ ព្រោះគេត្រូវការធ្វើជាអ្នកសម្រេចចិត្តដោយខ្លួនឯង( Sense of self )ទើបធ្វើឱ្យឪពុកម្ដាយជាច្រើនអាចមានអារម្មណ៍ថា កូនចាប់ផ្ដើមឌឺ និងរឹងហើយ។ ដូច្នេះបើឪពុកម្ដាយយល់ដឹងពីដំណាក់កាលនៃការវិវឌ្ឍរបស់កូនក្នុងអំឡុងអាយុនេះហើយ ក៏នឹងមិនមានអារម្មណ៍ខឹងសម្បា ហើយនឹងមិនព្យាយាមពោលពាក្យថា “ហាមធ្វើ…កុំណា៎…” ឬនឹងមិនឆេវឆាវឡើយ។ យើងគួរតែរិះរកវិធីក្នុងការកាត់បន្ថយបញ្ហាភាពមិនជំទាស់គ្នានេះដោយការនិយាយ ឬបង្ហាញចេញក្នុងលក្ខណៈវិជ្ជមាន ដូចជាជំនួសឱ្យពាក្យដែលចង់និយាយថា “កុំកាន់កែវហ្នឹងណា៎!” មកជានិយាយថា “កូនសម្លាញ់មកលេងជាមួយម៉ាក់នៅកន្លែងនេះមកកូន” ជាដើម ដែលនឹងធ្វើឱ្យកូនស្ដាប់បង្គាប់យើងច្រើនជាង។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែកភាសា និងការទំនាក់ទំនង

    ក្មេងចាប់ផ្ដើមនិយាយជាពាក្យសម្ដីបានច្រើនឡើងហើយ ចាប់ផ្ដើមយល់ដឹងពីភាសា អាចធ្វើតាមបញ្ជា 2 – 3ម៉ាត់បាន និងអាចឆ្លើយតប ឬប្រាប់ឈ្មោះវត្ថុបានត្រឹមត្រូវហើយ។ មានឧបករណ៍ដែលជួយក្នុងការជំរុញវិវឌ្ឍនាការ គឺកូនបាល់ តុក្កតា កូនឡាន-ល- ដោយអ្នកម្ដាយអាចបង្ហាត់កូនបានក្នុងគ្រប់ស្ថានការណ៍ ឬតាមទីកន្លែងផ្សេងៗបានដើម្បីជាការជំរុញវិវឌ្ឍនាការផ្នែកការយល់ដឹងពីភាសាឱ្យកាន់តែលឿនឡើង។

    លោកឪពុកអ្នកម្ដាយត្រូវយល់ថា ក្មេងម្នាក់ៗកើតមកព្រមជាមួយគុណលក្ខណៈប្រចាំខ្លួនដោយឡែកពីគ្នា និងមានវិធីក្នុងការតបស្នងទៅអ្នកដទៃ និងរឿងផ្សេងៗតាមបែបរបស់ខ្លួនគេដែលខុសពីក្មេងឯទៀត ដែលនៅពេលគេធំឡើង គុណសម្បត្តិ និងបុគ្គលិកលក្ខណៈដោយឡែកទាំងនេះនឹងបង្ហាញឡើងយ៉ាងច្បាស់ ដែលការចិញ្ចឹមមើលថែឱ្យស៊ីចង្វាក់គ្នានឹងតម្រូវការរបស់កូន នឹងរឹតតែក្លាយជាការបង្កើន និងជំរុញឱ្យគេអាចនាំផ្នែកដែលល្អរបស់ខ្លួនឯងចេញមកប្រើប្រាស់បាន ដែលវានឹងក្លាយជាគោលសំខាន់ក្នុងការជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលទទួលបានជោគជ័យនាពេលអនាគតបាន៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  •  គុណសម្បត្តិ 4ចំណុច ដែល​មេដឹកនាំ​ត្រូវតែមាន

     គុណសម្បត្តិ 4ចំណុច ដែល​មេដឹកនាំ​ត្រូវតែមាន

    វា​ពិតណាស់​ដែលថា​ការងារ​មួយ​អាច​រីកចម្រើន​ទៅមុខ​បាន វា​អាស្រ័យទៅលើ​ការ​មាន​ក្រុមការងារ​ដ៏​ល្អ និង​ស៊ីចង្វាក់​គ្នា ស្របពេលនោះ​ដែល​ក៏ត្រូវ​តែមាន​មេដឹកនាំ​មួយរូប​ដ៏​អស្ចារ្យ និង​ពោរពេញ​ដោយ​បទពិសោធន៍ ចំណេះដឹង និង​ភាពជា​អ្នកដឹកនាំ​ផងដែរ ដើម្បី​ដឹកនាំ​ក្រុមការងារ​ទាំងនេះ​ឱ្យ​ទទួលបាន​ជោគជ័យ។ បើ​គ្មាន​មេដឹកនាំ​ទេ ការងារ​ទាំងឡាយ​មិនបាន​ជោគជ័យ​នោះទេ អ៊ីចឹង​ហើយ​បានជា​មេដឹកនាំ​គឺជា​មនុស្ស​ដែល​សំខាន់បំផុត​នៅក្នុង​ក្រុម​ការ​ពីព្រោះ​គេ​ដឹងថា​ក្រុម​នេះ​នឹងធ្វើ​ដំណើរ​ទៅ​ទីណា។

    ខាងក្រោម​នេះ​គឺជា​អ្វីដែល​មេដឹកនាំ​ត្រូវ​ដឹង និង​ត្រូវធ្វើ៖

    ០១) មេដឹកនាំ​មិនគួរ​ប្រៀបធៀប​ជំនាញ​បច្ចេកទេស​របស់ខ្លួន ជាមួយនឹង​ជំនាញ​បច្ចេកទេស​របស់​បុគ្គលិក​នោះទេ។ ព្រោះ​ការធ្វើ​បែបនេះ គឺអាច​ធ្វើឱ្យ​បុគ្គលិក​បាក់​ទឹកចិត្ត ឬ​មាន​អារម្មណ៍មិនល្អ​ក្នុងការ​ធ្វើការ​ជាមួយ ប៉ុន្តែ​អ្នក​ត្រូវ​ចងចាំ​ថា ត្រូវ​ជ្រើសរើស​បុគ្គលិក​ណា​ដែលមាន​ជំនាញ​ច្បាស់លាស់ និង​ខ្លាំង​ជាង​អ្នក។

    ២) មេដឹកនាំ​គួរតែមាន​ទស្សនៈវិស័យ​វែងឆ្ងាយ និង​មានការ​យល់ឃើញ​ច្បាស់លាស់​ជាង​បុគ្គលិក​របស់ខ្លួន។

    ៣) មេដឹកនាំ​គួរតែមាន​ចិត្ត​រឹងមាំ និង​ភាព​អំណត់​តស៊ូ​ច្រើនជាង​បុគ្គលិក ហើយ​និង​អាច​ស៊ូទ្រាំ​នូវ​អ្វីដែល​បុគ្គលិក​ធ្វើ​មិនបាន។

    ៤) មេដឹកនាំ​គួរតែមាន​ការតស៊ូ​អត់ធ្មត់ ហើយ​និង​សមត្ថភាព​ខ្ពស់ជាង​ក្នុងការ​ទទួលយក​ប្រឈម​ជាមួយនឹង​ការបរាជ័យ។

    គុណ​ស​ម្ប​តិ្ត​របស់​មេដឹកនាំ​ដែល​ល្អ​គឺជា​ការ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ចិត្ត​រឹងមាំ និង​ភាព​អំណត់​តស៊ូ ហើយ​និង​សមត្ថភាព៕