Tag: គម្រោង

  • អាម៉េរិក​ជិត​បាញ់​បង្ហោះ​យានអវកាស​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​លើ​ពិភពលោក

    អាម៉េរិក​ជិត​បាញ់​បង្ហោះ​យានអវកាស​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​លើ​ពិភពលោក

    យានអវកាស​ទំនើប​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រហែល 300 ឆ្នាំ នៅលើ​គន្លង​តារាវិថី​ផែនដី។

    បច្ចុប្បន្ន នៅ​ចំពោះមុខ​ការប្រកួតប្រជែង​គ្នា​ក្នុងការ​គ្រប់គ្រង​ទី​អវកាស គ្រា​ដែល​បច្ចេកវិទ្យាទំនើបៗកំពុង​ត្រូវបាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់ បណ្ដា​ប្រទេសរីក​ចម្រើន​​​ក៏​ចាប់ផ្ដើម​អភិវឌ្ឍ​យានអវកាស​ដែល​អាច​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ថាមពល​នុយ​ក្លេ​អែរ។

    កាលពី​ថ្ងៃទី 26 កក្កដា 2023 សហរដ្ឋ​អាម៉េរិក​បានប្រកាសថា កំពុង​រៀប​គម្រោង​បាញ់​បង្ហោះ​យានអវកាស​ដែល​ប្រើប្រាស់​ម៉ាស៊ីន​នុយ​ក្លេ​អែរ​ដំបូង​លើ​ពិភពលោក ឡើងទៅ​កាន់​គន្លង​តារាវិថី​ផែនដី នៅ​ឆ្នាំ 2027។

    យោងតាម​កិច្ចព្រមព្រៀង ​​ណា​សា និង​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ទំនើប​សម្រាប់​ការពារជាតិ (DARPA) ដែលជា​ស្ថាប័ន​របស់​ក្រសួងការពារជាតិ​អាម៉េរិក កំពុងតែ​រក​វិធី​អភិវឌ្ឍ​ម៉ាស៊ីន​រ៉ុក្កែត​ដែល​ប្រើ​ថាមពល​នុយ​ក្លេ​អែរ ដែល​អាច​បង្កើន​លឿន​នៃ​ដំណើរ​ផ្សងព្រេង​ក្នុង​ទី​អវកាស និង​ជួយ​ឱ្យ​មនុស្ស​ឡើងទៅ​កាន់​ភព​អង្គារ​បាន​ឆាប់រហ័ស។ នេះ​បើតាម​ការចុះផ្សាយ​របស់ Washington Post។

    ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 26 កក្កដា ណា​សា និង DARPA ក៏បាន​ប្រកាសថា ពួកគេ​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយនឹង Lockheed Martin ក្នុងការ​អភិវឌ្ឍ ផលិត និង​សាកល្បង​ដំណើរការ​រ៉ុក្កែត​ប្រើ​ថាមពល​នុយ​ក្លេ​អែរ​នេះហើយ។ បើសិន​គ្រប់យ៉ាង​ដំណើរ​ការល្អ Lockheed Martin នឹង​ទទួលបាន​ប្រាក់​ជិត 500 លាន​ដុល្លារ ក្នុងនោះ​មាន​ពាក់កណ្ដាល​បាន​ពី​ណា​សា និង​ពាក់កណ្ដាលទៀត​​បាន​ពី DARPA។

    បន្ទាប់ពី​យានអវកាស​ត្រូវបាន​ដំឡើង​ម៉ាស៊ីន​រ៉ុក្កែតនុយក្លេអែរ​​របស់ Lockheed Martin វា​នឹង​ត្រូវបាន​នាំ​ឡើង​ទៅកាន់​កម្ពស់​ពី 700 ទៅ 2,000 គីឡូម៉ែត្រ។ យានអវកាស​នេះ​នឹង​ស្ថិតនៅលើ​គន្លង​តារាវិថី​ផែនដី​ប្រហែល 300 ឆ្នាំ គ្រប់គ្រាន់​ដើម្បីឱ្យ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​របស់​វា រលាយ​ដល់​កម្រិត​សុវត្ថិភាព៕

  • PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

    PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

    (បារាំង) – កិច្ចសន្យា​បច្ចុប្បន្ន​រវាង​ក្លឹប​បាល់ទាត់ PSG និង Kylian Mbappe មាន​លក្ខខណ្ឌ​មួយ​ចែងថា PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​ពាក់កណ្ដាល​ក្នុងចំណោម 88 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ភាពស្មោះត្រង់​របស់ Mbappe បន្ទាប់ពី​ថ្ងៃទី 31 កក្កដា 2023។

    លក្ខខណ្ឌ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ 2022។ កិច្ចព្រមព្រៀង​រវាង​ក្លឹង PSG និង Kylian Mbappe មាន​សុពលភាព​រហូតដល់​ខែមិថុនា​ឆ្នាំ 2024 ហើយ​ប្រាក់ចំណូល​សរុប​របស់ Mbappe ឡើងដល់ 220 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ជិត 90 លាន​ដុល្លារ​ជា​ប្រាក់រង្វាន់​សម្រាប់​ភាពស្មោះត្រង់ និង​ប្រាក់រង្វាន់​ដទៃទៀត។

    ប៉ុន្តែ ដើមខែ​មិថុនា Mbappe បាន​ផ្ញើលិខិត​បញ្ជាក់ថា មិន​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​ឱ្យដល់​ខែមិថុនា​ឆ្នាំ 2024 ដូច​គម្រោង​ដំបូង។ ប្រការនេះ​ធ្វើឱ្យ​ប្រធាន​ក្លឹប លោក Al Khelaifi ខឹង និង​សម្រេចចិត្ត​លក់ Mbappe ក្នុង​រដូវក្ដៅ​នេះ មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាត់បង់​កីឡាករ​រូបនេះ​ទទេ​នៅ​ឆ្នាំក្រោយ។

    PSG ក៏បាន​ចាប់ផ្ដើម​ដាក់​ស​ម្ពា​ធ​លើ Mbappe ដើម្បីឱ្យ​កីឡាករ​បារាំង​រូបនេះ​ប្រកាស​ចាកចេញ​ដោយ​ខ្លួនឯង ក្នុង​បំណង​រក​លេស​ដើម្បី​ចៀសវាង​កាតព្វ​កិច្ច​ត្រូវ​ផ្ដល់ប្រាក់​រង្វាន់​ទៅ​តាម​កិច្ចព្រមព្រៀង។ ប៉ុន្តែ Mbappe នៅតែ​បញ្ចេញ​ស្នាមញញឹម និង​ហាត់​ជាមួយ​ក្រុម​វ័យក្មេង​នៅ​បារី​សដោយ​ការ​រីក​រាយ និង​មិន​បញ្ចេញ​សញ្ញា​ណាមួយ​ទាក់ទង​នឹង​អនាគត។

    ការប្រឹងប្រែង​លក់ Mbappe របស់ PSG កំពុង​ប្រឈម​នឹង​បញ្ហា​ធំ ដោយសារតែការ​​កំណត់​តម្លៃ​ទាប​បំផុត​ត្រឹម 200 លាន​ដុល្លារ​អាម៉េរិក ខណៈ​ក្លឹប Real មិន​ចង់​ចំណាយ​ប្រាក់​ច្រើន។

    ក្លឹប Al Hilal សុខចិត្ត​ចំណាយ 330 លាន​ដុល្លារ​ដើម្បី​ទិញ Mbappe ពី PSG និង​ប្រាក់បៀវត្សរ៍ 775 លាន​ដុល្លារ​សម្រាប់ Mbappe ក្នុង​រដូវ​កាល 2023-2024 ព្រមទាំង​អនុញ្ញាតឱ្យ​កីឡាករ​រូបនេះ​ទៅ​ទាត់​ឱ្យ Real នៅ​រដូវក្ដៅ​ឆ្នាំ 2024។ ក៏ប៉ុន្តែ Mbappe មិន​ចង់ទៅ​រស់នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។ Liverpool គឺជា​ជម្រើស​ទី​បី​របស់ PSG។ PSG ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការលក់ Mbappe ទៅឱ្យ Liverpool ក្នុងតម្លៃ​ទាប​ជាង​ការទាមទារ​ដំបូង។ ប៉ុន្តែ Mbappe នៅតែ​មិន​ព្រម ដោយសារតែ​មិន​ចង់​ទាត់​ឱ្យ​ក្លឹប​ដែល​មិនមាន​សំបុត្រ​ចូលរួម​ប្រកួត​នៅ Champions League នៅ​រដូវ​កាល​ក្រោយ។

    បើមិន​ព្រម​ចាកចេញ​នៅ​រដូវក្ដៅ​នេះ​ទេ Mbappe អាច​នឹង​ត្រូវ​ PSG ​បង្ខំ​ឱ្យ​​ធ្វើជា​កីឡាករ​បម្រុង​ពេញ​មួយ​រដូវ​កាល 2023-2024។ បើសិនជា​រឿងនេះ​កើតឡើងមែន វា​អាចជា​រឿង​អាក្រក់​សម្រាប់ Mbappe។ Mbappe ត្រូវការ​ការប្រកួត​ប​ន្ត​ដើម្បី​រក្សា​ឥទ្ធិពល​សម្រាប់​ទាត់​នៅ Euro 2024។ កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​កាន់កាប់​គ្រាប់​បាល់​ឈ្នះ​ចំនួន 40 ក្រោយពី​បាន​ចូលរួម​ទាត់ 70 ប្រកួត​ សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង ទន្ទឹមនឹង​កំណត់ត្រា 212 គ្រាប់​ក្នុង 260 ប្រកួត​ សម្រាប់​ក្លឹប PSG។

    Mbappe ចូលរួម​ជាមួយ PSG កាលពី​ឆ្នាំ 2017 ទៅតាម​កិច្ចព្រមព្រៀង​ខ្ចី​ពីក្លឹប AS Monaco នៅ​ប្រទេស​ម៉ូ​ណា​កូ៕

  • ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Modvion នៅ​ប្រទេស​ស៊ុយអែត កំពុងតែ​ប្រើប្រាស់​ភាព​ធន់​របស់​ឈើ ដើម្បី​បង្កើត​​​កង្ហារ​​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់។

    ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​របស់ Modvion ត្រូវបាន​ផលិតឡើង​ទៅតាម​ការបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ថាមពល Varberg Energi នៅ​ប្រទេស​ស៊ុយអែត។ កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​​នេះ​មាន​កម្ពស់ 150 ម៉ែត្រ បើ​គិត​ទាំង​ប្រវែង​របស់​ស្លាប​កង្ហារ។  ទួ​រ​ប៊ី​ន​នេះ​ត្រូវបាន​ផលិត​ជា​ម៉ូឌុល និង​អាច​ដំ​ឡើងជា​រូបរាង​ចុងក្រោយ​ដោយ​ប្រើប្រាស់​កាវ​ពិសេស ជំនួស​ឱ្យ​ខ្ចៅ។

    តាម​គម្រោង កង្ហារ​ផលិត​អគ្គិសនី​ពី​ថាមពល​​ខ្យល់​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​វ៉ា​ត់​នេះ នឹងត្រូវ​បាន​ដឹក​ទៅកាន់ Skara នៃ​ប្រទេស​ស៊ុយអែត​ នៅក្នុង​ឆ្នាំនេះ។

    បន្ទាប់ពី​ឈប់​ដំណើរការ ទួរប៊ីនខ្យល់​​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​នៅក្នុង​គម្រោង​ដទៃ។ កន្លង​មក ក្រុមហ៊ុន Modvion ក៏បាន​ដំឡើង​ទួ​រ​ប៊ី​ន​ឈើ​គំរូ​មួយ​ដែល​ផលិត​កាលពី​ឆ្នាំ 2020 នៅលើ​កោះ Bjorko របស់​ប្រទេស​ស៊ុយអែត៕

  • ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

    ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

    ថ្មីៗនេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប Lingxi-03 ដែលមាន​ស្លាប​បំពាក់​ផ្ទាំង​សូ​ឡា​មហា​ស្ដើង និង​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ផ្កាយរណប 13,000 គ្រឿង ដើម្បី​ប្រកួតប្រជែង​នឹង SpaceX របស់​អាម៉េរិក។

    ផ្កាយរណប​​ Lingxi-03 ​ដែល​​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន GalaxySpace នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​រ៉ុក្កែត Long March 2D កាលពី​ព្រឹក​ថ្ងៃទី 23 កក្កដា។

    ផ្ទាំង​សូ​ឡា​ដែល​ត្រូវបាន​បំពាក់​លើ​ស្លាប​ផ្កាយរណប អាច​កាច់​កោង ​កម្រាស់​ប្រហែល 1 មិល្លីម៉ែត្រ ដែល​ស្មើនឹង 5% នៃ​កម្រាស់​របស់​ផ្ទាំង​សូ​ឡា​ធម្មតា។ ផ្ទាំង​សូ​ឡា​របស់​ផ្កាយរណប​នេះ​មាន​ប្រវែង 9 ម៉ែត្រ និង​ទទឹង 2.5 ម៉ែត្រ នៅពេល​លាតសន្ធឹង។

    GalaxySPace គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប។ តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ជា​បន្តបន្ទាប់ចំនួន​ 13,000 គ្រឿង ដើម្បី​អាច​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​អាម៉េរិក SpaceX ដែលបច្ចុប្បន្ន​​មាន​ ផ្កាយ​រណប​ Starlink ជាង​ 4,500 គ្រឿង​ កំពុង​ដំណើរ​ការ​នៅ​លើ​មេឃ។

    នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ផែនដី​នឹងមាន​ផ្កាយរណប​ច្រើនជាង 60,000 គ្រឿង ហោះហើរ​លើ​គន្លង​តារាវិថី ដែល​ភាគច្រើន​គឺជា​ផ្កាយរណប​របស់​អាម៉េរិក ពិសេស​គឺ Starlink របស់ SpaceX៕

  • ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    Honda Motor នឹង​បង្ហាញ​ម៉ូ​ដែល​នានា​របស់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ឥណ្ឌូណេស៊ី ព្រោះ​ចាត់ទុកថា អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​ដែលមាន​សក្ដា​នុព​ល​ខ្លាំង​សម្រាប់​ម៉ូតូ​អគ្គិសនី។

    ម៉ូតូ​អគ្គិសនី​ប្រភេទ scooter ដែលមាន​ឈ្មោះថា EM1 e: របស់​ Honda ដែល​គ្រោង​នឹងត្រូវ​បានដាក់​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ចុងខែ​សីហា​ខាងមុខ ក៏​ជា​ម៉ូតូ​អគ្គិសនី​ដំបូង​ដែល Honda ផលិតឡើង​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី។ ម៉ូតូ​ដែល​អាចឱ្យ​ធ្វើដំណើរ​បាន 53 គីឡូម៉ែត្រ​នេះ នឹងមាន​តម្លៃ​ប្រហែល 300,000 យេន (2,100 ដុល្លារ​អាម៉េរិក) នៅ​ប្រទេស​ជប៉ុន។

    បើ​ទោះ​ព័ត៌មាន​លម្អិត​ស្ដីពី​លក្ខណៈ​បច្ចេកទេស​របស់ EM1 e: មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង ប៉ុន្តែ តំណាង​របស់ Honda បាន​ហៅ​ម៉ូតូ​អគ្គិសនី​នេះ​ថា​ ជា​ម៉ូ​ដែល​មហាជន​ដំបូង​របស់​ខ្លួន។

    ក្រុមហ៊ុន Honda មាន​គម្រោង​បញ្ចេញ​ម៉ូតូ​អគ្គិសនី​ចំនួន 7 ម៉ូ​ដែល និង​លក់​ឱ្យបាន 3.5 លាន​គ្រឿង ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2030 ហើយ​គ្រោង​នឹង​ផលិត​តែ​ម៉ូតូ​អគ្គិសនី​សុទ្ធ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ 2040៕

  • ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

    ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

    ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ (Hong Kong-Zhuhai-Macao Bridge) ទទួលបាន​ការសរសើ​រ​ពី​សារព័ត៌មាន​អង់គ្លេស Guardian ថា​ជាមួយ​ក្នុងចំណោម «បេតិកភណ្ឌ​ទាំង 7 របស់​ពិភពលោក​សម័យ​ទំនើប» ស្រប​ពេលដែល​ទំព័រ CGTN បាន​ហៅ​ស្ពាន​នេះ​ថា «កំពូលភ្នំ Everest» នៅក្នុង​វិស័យ​សាងសង់​ស្ពាន ដែលជា​មហា​គម្រោង​មួយ​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​បំផុត​លើ​ពិភពលោក។

    ដោយមាន​បណ្ដោយ​ប្រវែង 55 គីឡូម៉ែត្រ វែង​ជាង 20 ដង បើ​ធៀប​នឹង​ស្ពាន Golden Gate របស់​សហរដ្ឋ​អាម៉េរិក ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ គឺជា​ស្ពាន​ដែល​វែង​ជាងគេ​លើ​ពិភពលោក។

    យោងតាម​សារព័ត៌មាន People’s Daily របស់​ចិន ការស្ថាបនា​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ មានការ​ប្រើប្រាស់​បច្ចេក​ទេស​ទំនើប​អាច​ស៊ូទ្រាំ​ជាមួយនឹង​ការប៉ះទង្គិច​ពី​​ទម្ងន់ 3,000 តោន ជួយ​ឱ្យ​វា​អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ​ដែលមាន​ល្បឿន​ប្រមាណ 201 គីឡូម៉ែត្រ/ម៉ោង និង​គ្រោះ​រញ្ជួយ​ដី​កម្លាំង 8 រិច​ទ័​រ ឬ​ការបុក​ពី​កប៉ាល់​ដែលមាន​ទម្ងន់ 300,000 តោន។

    ស្ពាន កោះ និង​ផ្លូវ​ក្រោម​ដី ក៏មាន​នៅក្នុង​មហា​គម្រោង​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ

    មហា​គម្រោង​សំណង់​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នេះ​រួមមាន ស្ពានដែក​មួយ​ខ្សែ​​ប្រវែង 22.9 គីឡូម៉ែត្រ កោះ​សិប្បនិម្មិត​ចំនួន​ពីរ​ដែលមាន​ទំហំ 200,000 ម៉ែត្រការ៉េ ផ្លូវ​ក្រោម​ដី​ដែល​ស្ថិតក្រោម​ទឹក​មួយ​ខ្សែ​ប្រវែង 6.7 គីឡូម៉ែត្រ និង​ជម្រៅ 40 ម៉ែត្រ រួម​នឹង​បណ្ដា​ស្ពាន​ដែល​ត​ភ្ជាប់​នឹង​ទីក្រុង​នានា។

    ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ ប្រើ​ប្រាស់​គំនិត​ច្នៃ​ប្រឌិត និង​បច្ចេក​វិទ្យា​​ក្នុង​ស្រុក

    យោងតាម​ទំព័រ CGTN ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ ប្រើប្រាស់​បច្ចេកវិទ្យា និង​បច្ចេកទេស​ក្នុងស្រុក ព្រោះថា ពុំមាន​រូបមន្ត​ពី​បរទេស​ដែល​ពួកគេ​អាចយក​មក​​ពិនិត្យមើល ឬ​ធ្វើតាម​នោះទេ។

    ស្ពាន​នេះ​ផ្ដល់​ផលប្រយោជន៍​ធំធេង​ដល់​វិស័យ​ដឹក​ជញ្ជូន​

    ចំណែក​ទំព័រ CCTV វិញ និយាយថា ស្ពាន​ត​ភ្ជាប់​តំបន់​ចំនួន​បី​នៅ​ភាគខាងត្បូង​របស់​ប្រទេស​ចិន​​មួយ​នេះ ជួយ​កែលំអ​ប្រសិទ្ធភាព​ចរាចរណ៍ កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ពីជូ​ហៃ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ​ពី​ប្រហែល 4 ម៉ោង ចុះមក​នៅត្រឹម 45 នាទី។

    ស្ពាន​នេះ​ក៏​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ទំនាក់​ទំនង​រវាង​មនុស្ស និង​មនុស្ស ក៏ដូច​ជា​ផល​ប្រយោជន៍​​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ឈូង​សមុទ្រ​ធំ (Greater Bay Are) ផងដែរ៕

  • ទំនប់​វា​រី​អគ្គិសនី​ខ្នាត​យក្ស​តម្លៃ 5 ពាន់​លាន​ដុល្លារ នៅលើ​ទន្លេ​វែង​ជាងគេ​លើ​ពិភពលោក

    ទំនប់​វា​រី​អគ្គិសនី​ខ្នាត​យក្ស​តម្លៃ 5 ពាន់​លាន​ដុល្លារ នៅលើ​ទន្លេ​វែង​ជាងគេ​លើ​ពិភពលោក

    ទំនប់​វា​រី​អគ្គិសនី Grand Ethiopian Renaissance ដែល​កំពុង​ត្រូវបាន​ប្រទេស​អេ​ត្យូ​ពី​សាងសង់​នៅលើ​ទន្លេ Nile គឺជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ ដោយមាន​ទំនប់​មេ​ប្រវែង 1.7 គីឡូម៉ែត្រ និង​បឹង​ផ្ទុក​ទឹក 74 ពាន់​លាន​ម៉ែត្រគុប។

    បឹង​សម្រាប់​ផ្ទុក​ទឹក​នៅ​ខាងក្រោយ​ទំនប់ Grand Ethiopian Renaissance នេះ គ្រោង​នឹងមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ទីក្រុង​ឡុង​ដ៍របស់​​ប្រទេស​អង់គ្លេស។ ចំណែក​ទំនប់​នេះ​វិញ មាន​កម្ពស់​ខ្ពស់ជាង​ទ្វេដង ធៀប​នឹង​ស្ពាន Golden Gate Bride ដែល​មាន​កម្ពស់ 227 ម៉ែត្រ។

    គម្រោង​​វារី​អគ្គិសនី​ដែល​សង់​លើ​ទន្លេ​ Nile (Nile ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ជា​ទន្លេ​វែង​ជាង​គេ​លើ​ពិភពលោក​កាល​ពី​អតីតកាល​ – ខ្លី​ជាង​ទន្លេ Amazon បន្តិច) ​ស៊ីពេល​រាប់​ទសវត្សរ៍​នៅក្នុង​ការអនុវត្ត និង​បង្កើតបានជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​អេ​ត្យូ​ពី ព្រោះ​វា​អាចជួយ​ឱ្យ​មនុស្ស​រាប់លាន​នាក់​រួច​ផុតពី​ស្ថានភាព​ក្រី​ក្រ។

    នេះ​គឺជា​ទំនប់​វា​រី​អគ្គិសនី​ធំជាងគេ​នៅ​ទ្វីបអាហ្វ្រិក ដោយសារ​វា​ធំ​ដល់​ថ្នាក់​ត្រូវបាន​ចាត់ជា​ប្រភេទ​មហា​ទំនប់ (megadam)។ បន្ទាប់ពី​ការសាងសង់​ត្រូវបាន​ធ្វើឡើង​រួចរាល់​ជា​ស្ថាពរ សំណង់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ជាង 5,000 ម៉េ​ហ្គា​វ៉ា​ត់ ច្រើនជាង​ទ្វេដងបើ​ធៀប​នឹង​បរិមាណ​អគ្គិសនី​ដែល​អេ​ត្យូ​ពី​ផលិត​បាន​នាបច្ចុប្បន្ន។

    បឹង​សម្រាប់​ផ្ទុក​ទឹក​របស់​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង​អាច​ផ្ទុក​ទឹកបាន 74 ពាន់​លាន​ម៉ែត្រគុប។ រោងចក្រ​ចំនួន​ពីរ និង​ទំនប់​ចំនួន​បី​របស់​គម្រោង​នេះ ត្រូវ​សាងសង់ឡើង​ពី​បេតុង RCC ចំនួន 10 លាន​ម៉ែត្រគុប។ ក្នុងនោះ ទំនប់​​មេ​នឹងមាន​កម្ពស់ 145 ម៉ែត្រ, បណ្ដោយ 1.7 គីឡូម៉ែត្រ ខណៈ​ដែល​​​ទំនប់​​រង​មាន​ប្រវែងសរុប​ 4.8 គីឡូម៉ែត្រ និង​កម្ពស់ 45 ម៉ែ​ទ្រ៕

  • យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

    យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

    ក្រុមហ៊ុន 18 Wheels ដែលមាន​ទីស្នាក់ការ​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ បានបង្ហាញ​យាន​គំរូ​មួយ​ប្រភេទ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី និង​មាន​កង់​រហូតដល់ 18 គ្រាប់។

    រចនា​រូបរាង​ពិសេស​របស់​យាន​នេះ អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​នៅលើ​ភូមិសាស្ត្រ​ដែល​មាន​ឧបសគ្គ​​កម្ពស់​រហូតដល់ 20 សង់ទីម៉ែត្រ ដោយ​មិនត្រូវ​បន្ថយល្បឿន។ វា​អាច​រត់​លើ​ដើមឈើ​ដែល​ផ្ដេក​នៅលើ​ដី ដុំថ្ម និង​ជណ្ដើរ​ជាដើម។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 កក្កដា 2023។

    កង់នីមួយៗរបស់​យាន​ចម្លែក​នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង។ ដោយសារ​ប្រព័ន្ធ​ជើង​ក្រោម​ដ៏​ពិសេស វា​ដំណើរការ​ស្ទើរ​ដូច​ទៅនឹង​កង់​របស់​រថក្រោះ។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ធ្វើដំណើរ​លើ​ភូមិសាស្ត្រ​ដែល​សម្បូរ​ឧបសគ្គ និង​មិន​បង្កឱ្យមាន​ការខូចខាត​ផ្ទៃដី​ដែលវាបាន​ធ្វើដំណើរ​ឆ្លងកាត់។

    យាន​ចម្លែក​នេះ​ត្រូវបាន​គេ​រៀប​គម្រោង​តាំងពី​ឆ្នាំ 2021 និង​អភិវឌ្ឍ​កាលពី​ឆ្នាំ 2022 មុននឹង​ធ្វើការ​សាកល្បង​នាពេលថ្មីៗនេះ ដូចដែល​បានបង្ហាញ​នៅក្នុង​វីដេអូ​ខាងក្រោម។

    ក្រុម​អ្នកស្រាវជ្រាវ​កំពុង​អភិវឌ្ឍ​កំណែ​គំរូ​ទី​ពីរ ដែល​គេ​ជឿថា នឹង​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នៅក្នុង​ការសាកល្បង។ កំណែ​គំរូ​ទី​ពីរ​គ្រោង​នឹង​ត្រូវបាន​ផលិត​បន្ទាប់ពី​បានបញ្ចប់​ការសាកល្បង​នៅ​ចុង​រដូវក្ដៅ​ឆ្នាំ2023​៕

  • យាន​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ​របស់ Toyota និង Mitsubishi កំពុង​ត្រូវបាន​អភិវឌ្ឍ

    យាន​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ​របស់ Toyota និង Mitsubishi កំពុង​ត្រូវបាន​អភិវឌ្ឍ

    Toyota Motor និង Mitsubishi Heavy Industries បានប្រកាស​សេចក្ដីលំអិត​អំពី​គម្រោង​អភិវឌ្ឍ​បណ្ដា​យាន​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ។

    យាន​ទាំងនេះ​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង Artemis ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ក្នុង​បំណង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​នៅ​ឆ្នាំ 2025។ នេះ​នឹង​ជា​លើកដំបូង​ដែល​មនុស្ស​ឡើងទៅ​ដើរ​លើ​ឋាន​ព្រះ​ចន្ទ រាប់​ចាប់ពី​ឆ្នាំ 1972។

    យាន​បើកបរ​លើដី​គ្រោង​នឹង​ត្រូវបាន​នាំ​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2029។ កាលពី​ថ្ងៃទី 21 កក្កដា 2023 ក្រុមហ៊ុន Toyota Motor និង Mitsubishi Heavy Industries (MHI) បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជា​មួយនឹង​ទីភ្នាក់ងារ​អវកាស​ជប៉ុន (JAXA) នៅ​តូ​ក្យូ។ ថ្ងៃទី 21 កក្កដា ក៏​ជា​ថ្ងៃ​ដែល Apollo 11 ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាលពី 54 ឆ្នាំមុន។

    Toyota ចាប់ផ្ដើម​សហការ​ជាមួយ JAXA កាលពី​ឆ្នាំ 2019 ដើម្បី​អភិវឌ្ឍ​រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ ដែលមាន​ឈ្មោះថា Lunar Cruiser។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​បើកបរ​លើ​ភូមិសាស្ត្រ​ដែលមាន​ឧបសគ្គ​ច្រើន មានដូចជា​វាល​ខ្សាច់ និង​ផ្លូវ​នៅ​តំបន់ភ្នំ​ជាដើម។ នេះ​គឺជា​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​ដំបូង​របស់ Toyota ទាក់ទង​នឹង​កម្មវិធី​អវកាស​របស់​ពួកគេ​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លង។

    Lunar Cruiser នឹងធ្វើ​ដំណើរ​សរុប​ជាង 10,000 គីឡូម៉ែត្រ​នៅលើ​ឋាន​ព្រះ​ចន្ទ​ដើម្បី​សិក្សា​ស្រាវជ្រាវ។ Toyota ឱ្យដឹងថា​យាន​នេះ​នឹង​ត្រូវបាន​បំពាក់​មុខងារសំខាន់ៗចំនួន​បួន រួមមាន មុខងារ​ប្រើប្រាស់​ថ្ម​បង្កើត​ថាមពល​ឡើងវិញ (RCF), មុខងារ​សម្រាប់​ការបើកបរ​លើ​ភូមិសាស្ត្រ​លំបាក, មុខងារ​បើកបរ​ស្វ័យប្រវត្ត, និង​មុខងារ​បទពិសោធន៍​អ្នកប្រើប្រាស់ (UX)។

    ថ្នាក់ដឹកនាំ​របស់ MHI បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ពិនិត្យ​លទ្ធភាព​នៃ​ការផលិត​រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ ដែលមាន​ទម្ងន់​ប្រហែល 10 តោន ឱ្យបាន​មុន​ការបាញ់​បង្ហោះ​ពី​ពីរ​ទៅ​បី​ឆ្នាំ។

    ចំណែក Toyota វិញ ក្រៅពី​កិច្ចសហការ​ជាមួយ MHI ក្រុមហ៊ុន​នេះ​ក៏​កំពុង​ត្រៀម​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ដៃគូ​ដទៃទៀត គ្រា​ដែល​បាន និង​កំពុង​សហការ​ជាមួយ Bridgestone ដើម្បី​អភិវឌ្ឍ​សម្បក​កង់​រថយន្ត​ធ្វើ​ពី​លោហធាតុ​ដែល​អាច​បើកបរ​លើដី​នៅ​ឋាន​ព្រះ​ចន្ទ៕

  • ទីក្រុង​របស់​អង់គ្លេស​ជិត​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាងគេ​លើ​លោក

    ទីក្រុង​របស់​អង់គ្លេស​ជិត​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាងគេ​លើ​លោក

    អាជ្ញាធរ​បានអនុម័ត​លើ​គម្រោង​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ធំជាងគេ​លើ​ពិភពលោក នៅឯ​រោងចក្រ​ផលិត​អគ្គិសនី​ចាស់​មួយ​ ​ក្នុង​ទីក្រុង Manchester ប្រទេស​អង់គ្លេស ដើម្បី​រក្សា​ថាមពល​អគ្គិសនី​សម្រាប់​ការ​ផ្គត់ផ្គង់​ដល់គ្រួសារ​ចំនួន 36,000 គ្រួ ​នៅក្នុង​រយៈពេល​មួយ​សប្ដាហ៍។

    ក្រុមហ៊ុន​ថាមពល Carlton Power នឹងត្រូវ​ការស្វែងរក​ទុន 963 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អនុវត្ត​គម្រោង និង​ជ្រើសរើស​អ្នកផ្គត់ផ្គង់។ រោងចក្រ​ថ្ម​ផ្ទុក​អគ្គិសនី​គឺជា​វិធី​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ជា​បន្តបន្ទាប់ ដោយសារតែ​អគ្គិសនី​ពី​ប្រភព​នានាដែល​ងាយ​នឹង​រអាក់រអួល​កាន់​តែ​មាន​ច្រើន​ឡើងៗ ក្នុង​នោះ​​មានដូចជា​​រោង​ចក្រ​ផលិត​អគ្គិសនី​ពី​កម្លាំងខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ​ជាដើម។

    ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​អាច​ទាញយក​អគ្គិសនី​មក​រក្សាទុក​នៅក្នុង​ថ្ងៃ​ដែល​សម្បូរ​ពន្លឺព្រះអាទិត្យ ឬ​ខ្យល់ ដោយ​ការចំណាយ​ទាប ហើយ​ក្រោយមក​ក៏​ផ្គត់ផ្គង់​នៅពេល​ចាំបាច់។ តាម​គម្រោង មូលដ្ឋាន​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី 2,080 ម៉េ​ហ្គា​វ៉ា​ត់ ដែល​ប្រហាក់ប្រហែល​នឹង​រោងចក្រ​អគ្គិសនី​ខ្នាត​មធ្យម នៅក្នុង​មួយ​ម៉ោង។ បច្ចុប្បន្ន គម្រោង​នេះ​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​​រួចហើយ។

    តាម​ផែនការ ដំណើរការ​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​នេះ​នឹង​ចាប់ផ្ដើម​នៅ​ត្រីមាស​ទីមួយ​របស់​ឆ្នាំក្រោយ។ ប្រព័ន្ធ​នេះ​ក៏​នឹង​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ត្រីមាស​ទី​បួន​ឆ្នាំ 2025។

    បច្ចុប្បន្ន ប្រទេស​អង់គ្លេស​ចង់​អភិវឌ្ឍ​បណ្ដាញ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​ដែលមាន​ថាមពល 50 ជី​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ 2030។ ក៏ប៉ុន្តែ ពួក​គេ​​ត្រូវការ​បច្ចេកវិទ្យា​ដែលមាន​ស្ថិរភាព ដើម្បី​រក្សាទុក​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ក្នុងពេល​មិនមាន​ខ្យល់។ ដូច្នេះ គម្រោង​ខាងលើ​ពិត​ជា​សម​ស្រប​ និង​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​៕