Tag: គភ៌

  • ចំណេះដឹងថ្មីៗ ល្អៗ ដែល​ស្ត្រី​ទាំងអស់​គួរ​បានដឹង មុនពេល​សម្រេចចិត្ត​មានគភ៌

    ចំណេះដឹងថ្មីៗ ល្អៗ ដែល​ស្ត្រី​ទាំងអស់​គួរ​បានដឹង មុនពេល​សម្រេចចិត្ត​មានគភ៌

    ការសម្រេចចិត្ត​មានគភ៌(យក​បុត្រ) គឺជា​រឿង​មួយ​ដែល​ស្ត្រី​ទាំងឡាយ​បានគិត​គូរ ពិចារណា ហើយថែមទាំង​បាន​ពិភាក្សា​ជាមួយ​គូជីវិត(ស្វាមី) យ៉ាង​ល្អិតល្អន់​ច្បាស់លាស់​ហើយ​ទៀតផង។ ដូច្នេះ​ខាងក្រោម​តទៅ​នេះ​គឺជា​ចំណេះដឹងល្អៗដែល​ស្ត្រី​ទាំងឡាយ​គួរតែ​បានដឹង​ទុកជា​ចំណេះដឹង ​ដើម្បី​ដំណើរ​ជីវិត​ឱ្យ​បានល្អ​ក្នុងអំឡុងពេល​តាំង​គភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេល​ស្ត្រី​មានគភ៌​មាន​សុខភាព​ល្អ​ទាំង​កាយ និង​ចិត្ត​នោះ កូន​សម្លាញ់​ដែល​នៅក្នុង​ផ្ទៃ​ក៏​នឹងមាន​សុខ​ភាពល្អ​ដូចគ្នា​ដែរ។

    1. ស្ត្រី​ធាត់ ប៉ះពាល់​ផ្លូវចិត្ត​ទារក
    ការតាមដាន​លទ្ធផល​ថយ​ទៅក្រោយ​វិញ​នៅលើ​មនុស្ស​ចំនួន2,303នាក់​ដែលមាន​អាយុ​ជា​មធ្យម20ឆ្នាំ និង​មាន​បុរស​ជិត​ពាក់កណ្ដាល​នោះ បាន​រកឃើញថា បន្ទាប់ពី​កាត់​ឥទ្ធិពល​រឿង​អាយុ​របស់​ម្ដាយ ការសិក្សា និង​ប្រាក់ចំណូល សភាវ​ជ្រៀតជ្រែក​នៅពេល​ប្រសូត​ចេញ​ហើយការដែល​ពួកគេ​មាន​ម្ដាយ​ធាត់ ឬ​មាន​ទម្ងន់​ខ្លួន​លើសពី​កំណត់​កម្រិត​មុនពេល​តាំង​គភ៌​នោះ បាន​បង្កើន​ភាព​ប្រថុយប្រថាន​ដល់​កូន​ដែល​អាច​នឹងមាន​អាការ​គិត ឬ​ធ្វើ​អ្វី​ផ្ដេសផ្ដាស់​នៅពេល​មាន​អាយុ20ឆ្នាំ​ឡើង រហូតដល់​ទៅ54%ឯណោះ។

    យន្តការ​ដែល​នៅ​ពីក្រោយ​សម្ព័ន្ធភាព​នេះ​នៅ​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ តែ​អាច​នឹង​ពាក់ព័ន្ធ​នឹង​ការដែល​ពួកគេ​មាន​ម្ដាយ​ធាត់​ ហើយ​បង្កើន​ភាព​ប្រថុយប្រថាន​ដល់​សភាវ​ជ្រៀតជ្រែក​នៅពេល​កើតជំងឺ​ពាក់ព័ន្ធ​នឹង​មេ​តា​បូ​លី​ហ្ស៊ឹ​ម និង​ម៉ូ​លី​គុល​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ក្លាយ​រលាកជាដើម។ ដូច្នេះហើយ​ទើប​ការត្រៀមខ្លួន​ធ្វើជា​អ្នក​ម្ដាយ ត្រូវ​ចាប់ផ្ដើម​តាំងពី​ពេលមុន​តាំង​គភ៌​ឯណោះ ហើយ​ភោជនាហារ​ក៏​រាប់​ថា​ជា​បច្ច័យ​មួយ​ដែល​នឹង​នាំ​ឆ្ពោះទៅរក​ការតាំង​គភ៌​ដែល​ទទួលបាន​ជោគជ័យ​ដែរ។

    2. តើ​អាយុ​មាន​ផលប៉ះពាល់​ដល់​ការតាំង​គភ៌​មែនឬ?
    សំណួរ : តើ​អាយុ​មាន​ផលប៉ះពាល់​ដល់​ការតាំង​គភ៌​មែនឬ? តើ​អ្វីដែល​គេ​តែង​និយាយថា បើ​មានកូន​ពេល​អាយុ​ច្រើន កូន​ប្រសូត​ចេញមក​ហើយ​អាច​នឹងមាន​សតិបញ្ញា​មិនសូវ​ល្អ(មិនសូវ​គ្រប់ទឹក) តើ​មែន​ឬទេ? ហើយ​ព្រោះ​អ្វី?
    ចម្លើយ : តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​តាំង​គភ៌​ក្រោយ​អាយុ35ឆ្នាំ​ឡើងទៅ មានឱកាស​កើត​បញ្ហា​ក្នុងការ​តាំង​គភ៌​ទាំង​លើ​ម្ដាយ និង​ទារក ច្រើនជាង​ស្ត្រី​ដែល​តាំង​គភ៌​ក្នុង​អាយុ​តិចជាង35ឆ្នាំ ហើយ​បញ្ហា​មួយទៀត​នោះ​ក៏​គឺ ភាព​រឹងប៉ឹង​មាំមួន​របស់​ទារក​ក្នុង​គភ៌ដូចជា មានឱកាស​ក្នុងការ​កើតមក​មានប​ញ្ហា​ខាងខួរក្បាល និង​រាងកាយ​បាន ដូច្នេះ​បើ​ស្ត្រី​ណា​ម្នាក់​តាំង​គភ៌​ក្រោយ​អាយុ35ឆ្នាំ​នោះ គ្រូពេទ្យ​នឹងធ្វើ​ការពិនិត្យ​ទឹកភ្លោះ ដើម្បី​វិនិច្ឆ័យ​ទារក​ក្នុង​គភ៌​ថា តើ​មាន​ភាពខុសប្រក្រតី​ខាង​ក្រូ​ម៉ូ​ហ្សូ​ម​ឬទេ?

    3. ចង់បាន​កូនភ្លោះ ប្រុស1 ស្រី1 តើ​អាចធ្វើ​បានទេ?
    សំណួរ : នាង​ខ្ញុំ​ចង់បាន​កូនភ្លោះ​បែប​ប្រុស1 ស្រី1 តើ​សម័យនេះ​អាចធ្វើ​បាន​ឬទេ?
    ចម្លើយ : ការ​មានកូន​ភ្លោះ ជាការ​តាំង​គភ៌​ដែល​មិន​ប្រក្រតី​តាម​ធម្មជាតិ ដែល​នឹងមាន​បញ្ហា​កើតឡើង​ជាច្រើន​ក្នុងអំឡុង​ការមើល​ថែទាំ​គភ៌ ដូច្នេះ​ប្រហែលជា​ពិបាក​ខ្លាំងណាស់​ដែល​នឹងមាន​លោកគ្រូ​ពេទ្យ​ណា​ម្នាក់​ធ្វើបាន​តាម​ស្តង់ដារ​ខាង​វេជ្ជសាស្ត្រ​អាច​ផ្ដល់​សេវាកម្ម​ដល់​អ្នកស្រី​បាន​តាម​តម្រូវការ​នេះ។ តែបើ​តាម​ទ្រឹស្ដី​វិញ គឺអាច​ធ្វើបាន​ដោយ​ការធ្វើ​បដិសន្ធិ​ខាងក្រៅ​រាងកាយ ដែល​គេ​ហៅថា​ទារក​បំពង់​កែវ និង​ពិនិត្យ​មើល
    ក្រូ​ម៉ូ​ហ្សូ​ម​ភេទ​ពេលដែល​នៅ​ជា​តួ​កំណើត មុននឹង​ដាក់ចូល​ទៅវិញ។ យ៉ាងណាក៏ដោយ ទោះជា​ដាក់ចូល​ទៅវិញ​មែន តែ​ប្រភេទ​ប្រុស1 ស្រី1នេះ​ក៏​មិនបាន​មានន័យថា ទាំងពីរ​នឹង​ចម្រើន​ធំធាត់ប៉ុនៗគ្នា​ដែរ អាច​នឹង​ស្វិត​មួយ ឬ​ស្វិត​ទាំងពីរ​ក៏មាន(ពិបាក​ថែទាំ) ហើយ​ថ្លៃ​ចាយវាយ​ដ៏​សែន​ថ្លៃ​កប់​ពពក​នោះ​ក៏​នឹង​ក្លាយជា​អាសា​ឥត​ការ​ទៅ​ដែរ។

    4. ផ្សែង និង​ក្លិន​បារី​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​គភ៌
    ក្នុងអំឡុងពេល​តាំង​គភ៌ ស្ត្រី​មានគភ៌​មិនគួរ​នៅ​ជិត​អ្នក​ជក់បារី​ជាដាច់ខាត ដើម្បី​ភាព​រឹងប៉ឹង​មាំមួន​របស់​ទារក​ក្នុង​ផ្ទៃ ព្រោះ​សារធាតុផ្សេងៗពី​ផ្សែង​បារី​ដែល​អ្នក​បាន​ស្រូប​ចូលទៅ​ដោយ​មិនបាន​ជក់​ដោយ​ខ្លួនឯង​នោះ មាន​ផលប៉ះពាល់​ខ្លាំង​ជាង​សេព​ដោយ​ខ្លួនឯង​ទៅទៀត ព្រោះ​វា​នឹងមាន​ផលប៉ះពាល់​ទាំង​លើ​ការ​ចម្រើន​ធំធាត់ និង​វិវឌ្ឍនាការ​របស់​ទារក​ក្នុង​គភ៌​យ៉ាងពិត​ប្រាកដ គ្រាន់តែ​ថា​តិច ឬ​ច្រើនតែ​ប៉ុណ្ណឹង​ឯង។ ក្រៅពីនេះ​នៅមាន​ការសិក្សា​ស្រាវជ្រាវ​នៅលើ​សត្វ​ពិសោធន៍​ដែល​បាន​រកឃើញថា បើសិន​ទទួលបាន​សារធាតុពុល​ពី​ផ្សែង​បារី នឹងធ្វើ​ឱ្យ​ងាយ​នឹង​កើត​សភាវ​រលូត​បុត្រ​ខ្លាំង​ឡើង មានឱកាស​ប្រសូត​បុត្រ​ដែល​មិន​សមប្រកប​មុនពេល​កំណត់ ឬ​ទារក​ក្នុង​គភ៌​អាច​នឹង​កើតមក​ពិការ​តាំងពី​កំណើត​ក៏មាន។ វិធី​ដែល​ល្អ អ្នក​គួរឱ្យ​ស្វាមី​របស់​អ្នក​ចេញទៅ​ជក់បារី​នៅ​ខាងក្រៅ​ផ្ទះ ក្នុង​កន្លែង​ដែល​ស្រឡះ និង​ហាម​ជក់បារី​នៅក្នុង​ផ្ទះ​ជាដាច់ខាត រួមទាំង​នៅក្នុង​រថយន្ត​ដែល​អ្នកជិះ​ជាមួយ​ទៀតផង។

    5. តើស្ត្រី​មានគភ៌​គេង​លក់​ស្រួល នឹងធ្វើ​ឱ្យ​ទារក​ក្នុង​គភ៌​គេង​លក់​ស្រួល​ដែរឬទេ?
    ការ​គេង​លក់​របស់​មាតា ក្រៅពី​នឹង​ជួយ​មិនឱ្យ​នឿយ​ល្វើយ​អស់កម្លាំង​ហើយ ក្នុងអំឡុងពេល​សម្រាក​គេង​លក់​នោះ​នៅ​ធ្វើឱ្យ​​ការហូរ​វិល​របស់​លោហិត​ក្នុង​រាងកាយ​ឆ្ពោះទៅរក​ស្បូន​ដំណើរការ​បានល្អ​ផងដែរ ធ្វើឱ្យ​ទារក​ក្នុង​គភ៌​បានទទួល​សារធាតុ​អាហារ និង​អុក​ស៊ី​ហែ្ស៊ន​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​នឹង​តម្រូវការ​ក្នុងការ​ចម្រើន​ធំធាត់​ឡើង​នៅក្នុង​គភ៌។ ខណៈពេល​ជាមួយគ្នា នៅពេលដែល​ស្ត្រី​មានគភ៌​គេង​លក់​ស្រួល រាងកាយ​ក៏​នឹង​សម្រាក ផ្លូវចិត្ត​ក៏​នឹង​ធូរស្រាល​ដូចគ្នា ទារក​ពិតជា​នឹង​បានដឹង​តាំងពី​នៅក្នុង​គភ៌​អំពី​សេចក្ដីសុខ​របស់​មាតា​ដែល​កំពុង​ពពោះ ទារក​ក៏​នឹងមាន​សេចក្ដីសុខ​សប្បាយ​ទៅជា​មួយ​ដែរ ធ្វើឱ្យមាន​វិវឌ្ឍនាការ​ខួរក្បាល​ល្អ។ ដូច្នេះហើយ​ទើប​កុមារ​ដែល​កើតចេញពី​ម្ដាយ​ដែលមាន​សេចក្ដី​សុខកាយ​សប្បាយចិត្ត មិន​ធុញថប់​តានតឹង​ខឹង​ច្រើន និង​គេង​សម្រាក​បាន​គ្រប់គ្រាន់​ គឺជា​កុមារ​ដែល​ងាយស្រួល​ចិញ្ចឹម និង​មាន​សុខភាព​រឹងមាំ​ល្អ​ហ្នឹងឯង៕ (នៅមាន​ត)

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗ ដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1. ធ្វើអ្វីថ្នមៗខ្លះផង
    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ…អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហើយ។

    2. ត្រូវរកជំនួយការដែលទុកចិត្តបាន
    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេហើយអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាអូនតូចដែលកំពុងគេងនៅក្នុងផ្ទៃផងដែរ។

    3. យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួន
    ឯងយ៉ាងម៉ឺងម៉ាត់ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរមាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4. គេងលក់ និងសម្រាក
    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5. មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា
    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេសបើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើហើយថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6. ផ្លូវចិត្តរីករាយស្រឡះ
    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពផ្លូវចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • អារម្មណ៍ប្រែប្រួលក្នុងអំឡុងតាំងគភ៌ដំបូងៗ និងវិធីទប់ទល់​

    អារម្មណ៍ប្រែប្រួលក្នុងអំឡុងតាំងគភ៌ដំបូងៗ និងវិធីទប់ទល់​

    បញ្ហា​ស្ត្រី​មានគភ៌ នៅពេលដែល​អនាគត​អ្នក​ម្តាយ​ថ្មោងថ្មី​ចាប់ផ្តើម​តាំង​គភ៌ដំបូងៗ ច្រើន​តែមាន​អាការ​ឆាប់​ខឹង​មួម៉ៅ និង​មាន​អារម្មណ៍​ប្រែប្រួល តែ​ស្ត្រី​មានគភ៌​ទាំងឡាយ​កុំអាល​កង្វល់​ចិត្ត​អី ព្រោះ​អាការ​ទាំងនេះ​នឹង​កើតឡើង​ក្នុងអំឡុង3ខែ​ដំបូង​ប៉ុណ្ណោះឯង តែ​ត្រូវ​អាស្រ័យ​លើ​កម្លាំងចិត្ត​អ្នក​ដែល​នៅក្បែរ​ខ្លួន ជាពិសេស​អនាគត​លោកឪពុក គឺជា​កម្លាំងចិត្ត​សំខាន់បំផុត។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​គន្លឹះល្អៗក្នុងការ​ត្រៀម​ទប់ទល់​ក្នុងអំឡុងពេល​មានគភ៌ដំបូងៗមក​ជម្រាប​អនាគត​អ្នក​ម្តាយ និង​លោកឪពុក​ដូចតទៅ។

    នៅពេលដែល​ដឹង​ពិតប្រាកដ​ហើយ​ថា មានគភ៌… ក្តី​ត្រេកអរ​តែងតែ​ចេញមក​លាយឡំ​ជាមួយ​ក្តីកង្វល់ រឹតតែ​នៅក្នុង​សង្គម​ព័ត៌មាន​ផង​នោះ រឹតតែ​អាន រឹត​មាន​អារម្មណ៍​ថា​ភ័យព្រួយ​ឡើង ដូចជា “តើ​ខ្ញុំ​នឹងធ្វើ​បានទេ?” “តើ​ខ្ញុំ​នឹងធ្វើ​យ៉ាងណា​តទៅទៀត?” ជាដើម។ គួបផ្សំ​ជាមួយ​ការប្រែប្រួល​របស់​រាងកាយ និង​ផ្លូវចិត្ត​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​ដែល​ត្រូវ​ប្រឈម​ទៀតផង តែ​មិនចាំបាច់​កង្វល់​ទេ​អនាគត​អ្នក​ម្តាយ​ថ្មោងថ្មី​ទាំងឡាយ គ្រាន់តែ​តាំងស្មារតី ហើយ​ដកដង្ហើមវែងៗ យល់ដឹង​អំពី​កម្មវិធី​ការប្រែប្រួល​របស់​រាងកាយ និង​ផ្លូវចិត្ត ដឹង​ពី​បញ្ហា​ច្បាស់ ក៏​អាច​កែខៃ​បានដែរ។

    តាំង​គភ៌ដំបូងៗ ជាមួយ​អារម្មណ៍​ប្រែប្រួល
    នៅពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ក្នុង3ខែ​ដំបូង​ភាពប្រែប្រួលផ្សេងៗ មិនថាតែ​អាការ​នឿយ​ល្វើយ ក្អួតចង្អោរ រមាស់​ក្បាលដោះ និង​អារម្មណ៍​ដែល​ផ្លាស់ប្តូរ​ខុសពី​មុន​យ៉ាង​ស្រឡះ ជួនកាល​មាន​អារម្មណ៍​ថា មាន​សេចក្តីសុខ​តែមួយ​ភ្លែត ក៏​សោកសៅ​វិញ​ភ្លាម​តែម្តង ដោយសារតែ​មានការ​ក​ង្វ​ល់ពី​ការតាំង​គភ៌​របស់​អ្នក​ម្តាយ​ថ្មោងថ្មី និង​បញ្ហា​ជាច្រើន​ដែល​ខ្លួន​បារម្ភ ដូចជា មិនដឹង​ជា​ប្រសូត​បុត្រ​យ៉ាងណា ឬ​មើលថែទាំ​កូន​យ៉ាងណា-ល- ក្នុងអំឡុង​ពេលនេះ​ត្រូវ​អាស្រ័យ​កម្លាំងចិត្ត​ពី​អ្នក​ដែល​នៅក្បែរ​ខ្លួន ជាពិសេស​ស្វាមី​គឺជា​មនុស្ស​ដែល​សំខាន់បំផុត។

    ប្រើ​ពេលវេលា​មិនយូរ​ទេ​នឹង​សម្របសម្រួល​ខ្លួន​បាន​មិន​ខាន
    បន្ទាប់ពី​ការសម្របសម្រួល​ខ្លួន​ពេញ​មួយរយៈ​ពេល3ខែ​មកហើយ​និង​ឈានចូល​ខែ​ទី3-6 ស្ត្រី​មានគភ៌​នឹង​ចាប់ផ្តើម​ស៊ាំ​ធ្លាប់​ជាមួយ​តួនាទី “ខ្ញុំ​គឺជា​ស្ត្រី​មានគភ៌” ហើយ។ ស្ត្រី​មានគភ៌​ភាគច្រើន​ចាប់ផ្តើម​មាន​អារម្មណ៍​ធូរស្រាល​ឡើង ចាប់ផ្តើម​រៀន​យល់ដឹង​ពី​ភាព​ផ្លាស់ប្តូរ​ដែល​កើតឡើង​បាន​ងាយ​ជាង​មុន មាន​អារម្មណ៍​ដឹង​ពី​ជីវិត​តូច​មួយ​ដែល​នៅក្នុង​គភ៌​របស់ខ្លួន ពេល​កូន​រើបំរះ​គឺជា​វិនាទី​ដែល​អស្ចារ្យ​បំផុត​ដែល​ពិបាក​នឹង​បរិយាយ​អំពី​អត្ថន័យ​របស់​ភាពជា​ម្តាយ និង​កូន​ខ្លាំងណាស់។

    ជិត​ប្រសូត សុំ​ឱប​ម្តងទៀត
    នៅពេល​ភាព​អី​ុ​ក​អ៊ា​ក​មកដល់ រាងកាយ​របស់​ស្ត្រី​មានគភ៌​ចាប់ផ្តើម​មាន​សាច់មាន​ឈាម និង​មាន​ទម្ងន់​ខ្លួន​ច្រើនឡើង ដើរហើរ ចាប់​កាន់​អ្វី​លែង​ងាយស្រួល ជួយ​ខ្លួនឯង​លែង​សូវ​បាន​ដូច​មុន រឹតតែ​ជិត​ប្រសូត ក៏​រឹត​តែមាន​កង្វល់​រឿង​ការ​ប្រសូត ខ្លាច​កូន​មិន​រឹងប៉ឹង និង​កង្វល់​ជាច្រើន​រឿង​ទៀត។

    ការយកចិត្តទុកដាក់ និង​កម្លាំងចិត្ត​គឺជា​រឿង​សំខាន់ មនុស្ស​នៅ​ជុំវិញខ្លួន​គឺជា​ថ្នាំ​លើក​កម្លាំង​ដែល​ធ្វើឱ្យ​ស្ត្រី​មានគភ៌​អាច​សម្របសម្រួល​អារម្មណ៍​ក្នុងមួយថ្ងៃៗបាន​យ៉ាង​មាន​សេចក្តីសុខ ជាពិសេស​ស្វាមី​គួរ​យកចិត្តទុកដាក់​ថែទាំ​ភរិយា​មានគភ៌​ជាពិសេស កុំឱ្យ​មានការ​តូចចិត្ត​ជាដាច់ខាត គួរប្រើ​ពាក្យសំដី​ដែល​ផ្តល់នូវ​ភាពជឿជាក់​ថា នឹង​នៅក្បែរ​គ្នា​ជា​កម្លាំង​ថាមពល​វិជ្ជមាន​ដល់​អ្នក​ម្តាយ​ឱ្យ​ឆ្លង​ផុតអ្វីៗគ្រប់យ៉ាង​ទៅបាន​យ៉ាង​សុវត្ថិភាព។

    បើសិន​នៅពេលណា​ដែល​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​មិន​សប្បាយ ចិត្ត ឬ​មាន​កង្វល់​នោះ សាកល្បង​ប្រើ​វិធី​បែបងាយៗដែល​អាចធ្វើ​បាន​ដោយ​ខ្លួនឯង​គ្រប់ពេលវេលា ដូចជា ការ​អង្គុយ​សម្រាក​បន្ធូរ​អារ​ម្មណ៍​ឱ្យសប្បាយៗនៅក្នុង​ទីកន្លែង​ដែល​ខ្លួន​ចូលចិត្ត ក្នុង​បន្ទប់​ដែលមាន​ខ្យល់អាកាស​ចេញចូល​ល្អ សម្រាក​បន្ធូរ​សាច់ដុំ​គ្រប់ផ្នែក បិទ​ភ្នែកយឺតៗ ដកដង្ហើម​ចេញចូល​វែងយឺតៗ នឹក​ដល់​តែ​រឿងរ៉ាវល្អៗ ទិដ្ឋភាព​ដែលស្អាតៗ ម្តងៗប្រមាណ​ជា5-10នាទី ព្រមជាមួយ​សំឡេង​បទ​ភ្លេងស្រាលៗ នោះ​ស្ត្រី​មានគភ៌​នឹង​បាន​ជួបនឹង​សេចក្តីសុខ​ដែល មាននៅក្បែរៗខ្លួន​មិន​ខាន៕

  • នៅពេលដែលអ្នកម្តាយមានគភ៌គេងមិនលក់ គួរធ្វើយ៉ាងម៉េចទៅ?

    នៅពេលដែលអ្នកម្តាយមានគភ៌គេងមិនលក់ គួរធ្វើយ៉ាងម៉េចទៅ?

    ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាននគភ៌ជាច្រើននាក់ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះញឹកញាប់ដែរ មែនទេ?។ ហេតអ្វីបានអ្នកម្តាយមានគភ៌គេងមិនលក់? មូលហេតុចម្បង គឺបណ្តាលមកពី ការប្រែប្រួលរបស់អ័រម៉ូននៅក្នុងរាងកាយហ្នឹងឯង។

    – ជាពិសេសក្នុងអំឡុងពេលត្រីមាសដំបូង ដែលកម្រិតអ័រម៉ូន ប្រូជេស្ទើរ៉ូន កើនឡើងខ្ពស់ជាងប្រក្រតី ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ម៉ួម៉ៅ នឿយល្វើយ សោកសៅ និងគេងមិនលក់ ឬពេលខ្លះមានអារម្មណ៍ងងុយគេងខ្លាំង តែគេងលក់មិនសូវពេញលេញ ឬអ្នកម្តាយខ្លះគេងពេលថ្ងៃច្រើនពេក ក៏ជាមូលហេតុមួយធ្វើឱ្យពេលយប់មានអារម្មណ៍មិនសូវងងុយគេងដែរ។

    – ខណៈដែលក្នុងអំឡុងត្រីមាសទី2 មានមូលហេតុចម្បងមកពីការរើរបស់កូននៅក្នុងពោះ បូកជាមួយក្នុងអំឡុងពេលនេះ អ័រម៉ូន ប្រូជេស្ទើរ៉ូន នៅក្នុងរាងកាយរបស់អ្នកម្តាយនៅតែខ្ពស់ដដែល ដូចនេះអ្នកម្តាយក៏អាចនឹងគេងមិនលក់បានដូចគ្នា។

    – ក្នុងត្រីមាសចុងក្រោយ អ្នកម្តាយមួយចំនួនអាចគេងមិនលក់ ដោយសាតែការរីកធំរបស់ក្បាលពោះទើបមានអារម្មណ៍ថាតឹងពោះ ឈឺខ្នង ឬឈឺបត់ជើងតូចញឹករហូតត្រូវងើបឡើងទៅចូលបន្ទប់ទឹកជាញឹកញាប់។

    គេងមិនលក់មានផលប៉ះពាល់ដល់សុខភាព
    បើត្រឹមតែ 1 ដងឬ 2 ដង អ្នកម្តាយគ្រាន់តែងងុយគេង ស្ងាបនៅពេលថ្ងៃតែប៉ុណ្ណោះ តែបើញឹកញាប់រៀងរាល់យប់វិញនោះ
    វាប្រហែលមិនមែនជារឿងល្អទេ ព្រោះថា…៖

    – គេងមិនលក់ធ្វើឱ្យមានអារម្មណ៍តានតឹង៖ អាការគេងមិនលក់ជាមួយភាពតានតឹងក្នុងអារម្មណ៍គឺជារឿងដែលពាក់ព័ន្ធគ្នា
    ព្រោះនៅពេលអ្នកគេងមិនលក់ វានឹងបង្កឱ្យមានភាពធុញថប់តានតឹង រឹតតែមានអារម្មណ៍តានតឹង រឹតតែភ័យបារម្ភ រហូតទីបំផុតនឹងរឹតតែធ្វើឱ្យគេងមិនលក់ទៅទៀត។

    – សម្ពាធឈាមឡើងខ្ពស់ ប្រថុយនឹងសភាវគភ៌មានជាតិពុល៖ ដោយនៅក្នុងមួយយប់ៗអ្នកម្តាយគួរគេងឱ្យបាន 8 – 9ម៉ោង
    ដើម្បីឱ្យរាងកាយសម្រួលតុល្យភាព និងគ្រប់គ្រងអ័រម៉ូនផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសអ័រម៉ូនដែលគ្រប់គ្រងការធ្វើការងាររបស់សរសៃឈាម ព្រោះបើអ្នកម្តាយគេងមិនបានគ្រប់គ្រាន់នោះ អាចធ្វើឱ្យអ័រម៉ូនមានការប្រែប្រួល ហុចផលឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កឱ្យកើតសភាវគភ៌មានជាតិពុល។

    – កូនលូតលាស់ធំធាត់យឺត៖ នៅពេលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យកូនតូចគេងមិនលក់តាមនោះដែរ ដែលអាចនឹងមានផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់ផ្នែករាងកាយ និងខួរក្បាលរបស់ទារក។ ការដែលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យរាងកាយល្វើយខ្សោយ លំហូរវឹលរបស់ឈាមនឹងមិនសូវល្អ ហើយឈាមដែលហូរទៅចិញ្ចឹមកូននៅក្នុងគភ៌មានប្រសិទ្ធភាពទាបឬមិនគ្រប់គ្រាន់ពេលប្រសូត្រចេញមក ទារកអាចនឹងមានទម្ងន់ខ្លួនតិចជាងប្រក្រតី ហើយការធំធាត់របស់កូនក៏នឹងយឺតជាងធម្មតាដែរ។

    គន្លឹះធ្វើឱ្យងាយគេងលក់
    ជ្រើសរើសឥរិយាបថគេងដែលស័ក្តិសម ព្រោះក្នុងពេលមានគភ៌ អ្នកម្តាយអាចកើតអាការឈឺខ្នង ហើមពោះ ដូច្នេះឥរិយាបថគេងដែលជួយកាត់បន្ថយអាការឈឺខ្នង នឹងធ្វើឱ្យអ្នកម្តាយកាន់តែងាយគេងលក់ឡើង ទោះជាពាក្យណែនាំទូទៅប្រាប់ឱ្យអ្នកម្តាយគេងផ្អៀងខាងឆ្វេង ព្រោះស្បូននឹងមិនសង្កត់លើសរសៃឈាមខ្មៅធំដែលនៅខាងស្តាំមែន តែការពិតអ្នកម្តាយអាចគេងក្នុងឥរិយាបថណាក៏បានឱ្យតែមានអារម្មណ៍ថាសប្បាយស្រួលខ្លួន។

    – កែសម្រួលសភាពបន្ទប់គេងឱ្យស័ក្តិសមសម្រាប់អ្នកមានគភ៌ ដូចជា ជ្រើសរើសពូក ខ្នើយកល់ ខ្នើយឱប ឱ្យអំណោយផលនឹងស្ថានភាពការគេងរបស់អ្នកម្តាយជាដើម។
    – គួចៀសវាងការញ៉ាំទឹកច្រើន ជាពិសេស 3 ម៉ោងមុនចូលគេង ព្រោះនឹងធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ឈឺបត់ជើងតូច និងបើភ្ញាក់ពេលកណ្តាលយប់ហើយ នឹងធ្វើឱ្យមិនងាយគេងលក់វិញទេ។
    – ព្យាយាមចូលគេង និងភ្ញាក់ឱ្យទៀងពេល ព្រោះបើមានការផ្លាស់ប្តូរកន្លែង ឬខុសពេលវេលា អាចធ្វើឱ្យយើងមានអារម្មណ៍មិនងងុយ ឬមិនចង់គេងបាន។
    – មុនគេងចូរអ្នកម្តាយញ៉ាំទឹកដោះគោក្តៅឧណ្ហៗ នឹងជួយឱ្យគេងឆាប់លក់ឡើង។
    – ហាត់ប្រាណស្រាលៗជាប់ជានិច្ច ជួយឱ្យឈាមហូរវិលបានកាន់តែល្អឡើង ធ្វើឱ្យអ្នកម្តាយគេងលក់កាន់តែស្រួលឡើង។
    – បើកបទចម្រៀងស្តាប់តិចៗមុនចូលគេង ឬធ្វើចិត្តឱ្យស្ងប់ ព្រោះភាគច្រើនអ្នកម្តាយច្រើនតែបារម្ភថា បើគេងមិនលក់ កូននឹងមានបញ្ហា ដូច្នេះកាត់បន្ថយភាពជ្រួលច្រាលនេះចេញ ធ្វើចិត្តឱ្យសប្បាយ តែប៉ុណ្ណឹងមិនបាច់តានតឹងក្នុងអារម្មណ៍រហូតគេងលែងលក់ទៅហើយ។

    សាកល្បងនាំយកវិធីទាំងនេះទៅប្រើលមើល៍ តែបើអ្នកម្តាយណានៅតែគេងមិនលក់ដូចមុនដដែលនោះ សូមប្រញាប់ទៅប្រឹក្សាជាមួយលោកគ្រូពេទ្យភ្លាម ព្រោះបើបណ្តោយទុកយូរ នឹងខូចសុខភាព ហើយមានគ្រោះថ្នាក់ឥតប្រយោជន៍ និងដែលសំខាន់គឺកុំទិញថ្នាំគេងលក់មកញ៉ាំដោយខ្លួនឯងឱ្យសោះ ព្រោះវានឹងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះទារក៕

  • 21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល ឡា រ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។

    សុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។
    2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។
    3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។
    4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី 10 ដោយប្រដាប់ស្តាប់សំឡេង ឬតាមរយៈការធ្វើអាល់ត្រាសោនដ៍។
    5 . រាងកាយរបស់អ្នកនឹងប្រែប្រួលច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន ក្រចកដៃជើង សក់ ស្បែក ហើយអាការផ្សេងៗដែលកើតឡើងចំពោះរាងកាយទាំងនេះនឹងបាត់អស់ទៅវិញនៅពេលប្រសូតបុត្ររួច។
    6 . ក្នុងអំឡុងពេលមានគភ៌ ខាងក្នុងរាងកាយរបស់អ្នកនឹងមានឈាមហូរវឹលច្រើនជាងប្រក្រតី។
    7 . ក្នុង 1 ថ្ងៃអ្នកនឹងបត់ជើងតូចជាញឹកញាប់ ដោយសារតែបរិមាណរបស់ឈាមដែលកើនឡើង ហើយនឹងកើនច្រើនឡើង
    នៅពេលស្បូនរីកធំឡើងរហូតដល់ពេលប្រសូត។
    8 . អ្នកនឹងកាន់តែនឿយហត់ឡើងជារឿយៗក្នុងខណៈពេលតាំងគភ៌ តែនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងក្នុងអំឡុងត្រីមាសដំបូង។
    9 . អ្នកនឹងមានអារម្មណ៍ច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលតាំងគភ៌ និងនឹងមានអាការនឿយល្វើយកើតឡើង ហើយនឹងធ្ងន់ធ្ងរខ្លាំងក្នុងអំឡុងពេលដំបូងៗ។
    10 . អ្នកនឹងជួបជាមួយអាការឈឺចាប់ទាំងឡាយ ដូចជា អាការឈឺក្បាល ឈឺខ្នង ឈឺជើង ក្អួតចង្អោរ ហើមដៃជើង និងវឹលមុខ។
    11 . ចំនួន 3 ភាគ 4 នៃស្រ្តីមានគភ៌ នឹងមានអាការចាញ់កូនក្នុងអំឡុងត្រីមាសដំបូង ជាពិសេសនៅពេលព្រឹកនឹងមានអាការ វឹលមុខ និងក្អួត។
    12 . អ្នកនឹងចង់ទទួលទានអាហារខ្លាំងជាងមុន តែនឹងទទួលទានអាហារមិនបានច្រើនដូចមុនទេ។
    13 . អ្នកនឹងមានអារម្មណ៍ដឹងថា កូនរើបំរះពេលអាយុគភ៌បានប្រមាណជា 16 – 22 សប្តាហ៍ ឬក្នុងអំឡុងត្រីមាសទី 2 នៃការតាំងគភ៌។
    14 . ពេលពោះចាប់ផ្តើមធំ អ្នកនឹងមិនអាចឱនចងខ្សែស្បែកជើងបាន អង្គុយលើកម្រាលឥដ្ឋ ឬកោររោមនៅម្តុំៗជើងបានទេ
    ដោយសារតែពោះដែលកាន់តែធំឡើងហ្នឹងឯង និងនៅពេលពោះធំឡើងអាចធ្វើឱ្យអ្នកដើរបុកវត្ថុរបស់របរនៅក្នុងបន្ទប់ជាញាឹកញាប់ ព្រោះនៅស្មានរយៈចម្ងាយមិនទាន់ត្រូវ។
    15 . អ្នកគួរសិក្សាពីរឿងការញ៉ាំអាហារ ភេសជ្ជៈ និងថ្នាំផ្សេងៗដែលអាចញ៉ាំបាន ឬគួរចៀសវាង និងសិក្សាពីរឿងការហាត់ប្រាណផងដែរ។
    16 . អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងរឿងសុខភាពការតាំងគភ៌របស់អ្នក ជំងឺប្រចាំកាយ ឬជំងឺដែលអាចកើតឡើងបានក្នុងអំឡុងពេលមានគភ៌។
    17 . អ្នកនឹងពិបាកក្នុងការគេងលក់ និងនឹងមានអាការគេងមិនលក់ រឹតតែក្នុងអំឡុងពេលត្រីមាសទី3ផងនោះ នឹងរឹតតែគេង
    លែងសូវលក់ និងច្រើនតែយល់សប្តិអាក្រក់ ព្រោះតែកើតអាការវិតក្កកង្វល់នឹងអាការជិតប្រសូតហ្នឹងឯង។
    18 . ស្រ្តីមានគភ៌មួយចំនួននឹងមានអាការសោកសៅស្រងូតស្រងាត់ពេញមួយខណៈពេលតាំងគភ៌ និងអាការនេះនឹងរឹតតែធ្ងន់ធ្ងរឡើងនៅពេលប្រសូតរួច។
    19 . ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 5 នាក់នឹងមានសភាវជ្រៀតជ្រែកផ្សេងៗកើតឡើងខណៈពេលមានគភ៌ ដូចជា សភាវរលូតកូន គភ៌មានជាតិពុលជាដើម។
    20 . អ្នកគួរតែសិក្សាពីតំណាក់កាលនៃការប្រសូតឱ្យរួចជាស្រេច និងត្រៀមខ្លួនសម្រាប់ការប្រសូតដែលនឹងកើតឡើង។
    21 . ស្រ្តីមានគភ៌ 1 នាក់ ក្នុងចំណោម 5 នាក់ នឹងបានដឹងពីសញ្ញាប្រសូតប្រមាណជាក្នុងសប្តាហ៍ទី 37 ឬអាការឈឺពោះឱ្យដឹងមុនដើម្បីប្រាប់ឱ្យដឹងថា ការប្រសូតកំពុងជីតមកដល់ហើយ។
    ពេញមួយរយៈពេល 9 ខែនេះ រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះ គឺជារឿងដែលអ្នកត្រូវជួបនៅពេលអ្នកមានគភ៌ ការសិក្សាពីព័ត៌មានរឿងការតាំងគភ៌ជាអ្វីដែលអ្នកគួរតែត្រៀមខ្លួនឱ្យស្រេច និងនៅពេលជួបនឹងអាការខុសប្រក្រតីណាមួយ អ្នកគួរតែប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕