Tag: ខ្មែរ

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • ស្មាតហ្វូនអេក្រង់ 4K HDR ដំបូងគេក្នុងពិភពលោក មកដល់ទីផ្សារខ្មែរហើយ

    ស្មាតហ្វូនអេក្រង់ 4K HDR ដំបូងគេក្នុងពិភពលោក មកដល់ទីផ្សារខ្មែរហើយ

    ទូរស័ព្ទស្មាតហ្វូនបំពាក់អេក្រង់ 4K ជាមួយនឹងបច្ចេកវិទ្យា HDR ដំបូងគេក្នុងពិភពលោករបស់ក្រុមហ៊ុន Sony បានបង្ហាញវត្តមានក្នុងទីផ្សារកម្ពុជា ហើយកាលពីល្ងាចថ្ងៃម្សិលមិញបានធ្វើការសម្ពោធជាផ្លូវការជាមួយនឹងតម្លៃប្រមាណ 699 ដុល្លារ។

    ទូរស័ព្ទXperia XZ Premiumនេះ ជាស៊េរីកំពូលរបស់ក្រុមហ៊ុនដែលមានបំពាក់បច្ចេកវិទ្យាចុងក្រោយ ទាំងអេក្រង់ កាមេរ៉ា សមត្ថភាពដំណើរការ និងថាមពលថ្ម។ XZ Premiumនៅតែរក្សារចនាបទដូចគ្នាទៅនឹង Xperia XZ ដែរ ប៉ុន្តែមានសមត្ថភាពកាមេរ៉ាខ្លាំងដែលវាអាចថតរូបយឺតៗ (Slow-motion960fps) បានល្អលើសទូរស័ព្ទដទៃដល់ទៅ4ដង ដែលគ្មានស្មាតហ្វូនណាមួយអាចធ្វើបានឡើយ។ វាក៏មានមុខងារទប់រំញ័រ Steady-shot 5 Axis និងប្រើ Motion Eye Camera ដែលមានតែមួយគត់ពី Sony។

    ការមកដល់ថ្មីនេះ វាប្រើនូវអេក្រង់ប្រភេទ Trilluminos Display ទំហំ 5.5 អ៊ីញ ដែលវាអាចបង្ហាញរូបភាពបានដល់ទំហំ 4K និងមានភ្ជាប់នូវបច្ចេកវិទ្យាបង្កើនពណ៌-ពន្លឺ HDR និងXreality ដំបូងគេ អាចបង្ហាញរូបភាពបានច្បាស់ល្អមែនទែន បើប្រៀបធៀបនឹងអេក្រង់ Full HD ឬQuad HD។

    តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន Sony បានឱ្យដឹងថា ទូរស័ព្ទនេះ បានបំពាក់ស៊ិនស័រ CMOS ថ្មីមាន 3 ស្រទាប់ជាប់គ្នាហើយក៏មានបំពាក់ RAM ដាច់ដោយឡែកមួយទំហំ 1GB សម្រាប់ផ្ទុក និងគណនារូបភាពបានលឿនជាងមុន ដែលមិនពឹងផ្អែកលើ RAM របស់ទូរស័ព្ទឡើយ។ លោកបន្តថាទូរស័ព្ទនេះ មានកាមេរ៉ាក្រោយទំហំ 19 MPមានកម្រិត Aperture F2.0 ទំហំ 1/2.3 អ៊ីញ អាចថតវីដេអូ 4K បានទំហំ 60fps និងវីដេអូ Full HD បាន 240fps។

    សម្រាប់សមត្ថភាពម៉ាស៊ីន ត្រូវបាន Sony បំពាក់នូវឈីប Snapdragon 835 ជំនាន់ចុងក្រោយក្នុងឆ្នាំ 2017ជាមួយនឹង CPU ចំនួន 8 គ្រាប់ មានល្បឿន 2.45 Ghzនិងមាន GPU Adreno 540។ ក្នុងនោះ វាក៏មាន RAM ទំហំ 4GB និង Memory ក្នុងម៉ាស៊ីន ទំហំ 64GBថាមពលថ្ម 3200 mAhអាចប្រើប្រាស់បានពេញមួយថ្ងៃ និងមានបច្ចេកវិទ្យាសាកថ្មរហ័ស QuicK-charge 3.0 ផងដែរ៕

     

  • ថៃបំភ្លៃប្រវត្តិសាស្រ្ដខ្មែរទៀតហើយ ក្នុងរឿង «บ่วงนาคราช»

    ថៃបំភ្លៃប្រវត្តិសាស្រ្ដខ្មែរទៀតហើយ ក្នុងរឿង «บ่วงนาคราช»

    នាពេលឆាប់ៗខាងមុខនេះ រឿងភាគទូរទស្សន៍ថៃដែលមានចំណងជើងថា “บ่วงนาคราช ( បួងណាឃរាត)” ដែលមានន័យជាខេមរៈភាសាថា “អន្ទាក់នាគរាជ” របស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្ដិ៍លេខ 5​ ក្រោមការដឹកនាំសម្ដែងដោយលោក Mink Penchan របស់វណ្ណកម្ម Nakara 999 ចំកាត់ ហើយនឹងដាក់បញ្ចាំងរៀងរាល់ថ្ងៃអង្គារ៍ វេលាម៉ោង 20៖20នាទីយប់ ដល់ម៉ោង 21៖20នាទីយប់ ខាងមុខនេះ។

    រឿងអន្ទាក់នាគរាជ ជារឿងរ៉ាវរបស់ “អាពូ” ដែលជាអ្នកនិពន្ធស្រីមានស្នាដៃល្បីល្បាញ ដែលនាងបានជួបរឿងរ៉ាងនៅអតីតកាល មានទាំងសេចក្ដីស្នេហា គំនុំ ការយល់ច្រឡំ ដែលបានធ្វើឱ្យទីក្រុងទាំងមូលរលំរលាយ ហើយមានពាក់ព័ន្ធជាមួយ ព្រះបាទជ័យវរ្ម័ន (พระเจ้าธัญญะวรมัน ) ព្រះនាង សោមាសិវិកាទេវៈទេវី (พระนางโสมาสีวิกาเทวะนาคเทวี ) និងព្រះនាង ក័ងសាតាវាទី ស្រីសុរិយវរ្ម័ន្ទ្រា (กังสตาลวาตี ศรีสุริยวรมัตตรา ) ជានារីសាហាវបំផុតនៅសម័យខម (ខ្មែរ) បុរាណ និងជាពេលវេលាវដ្ដកម្មតាមស្នងទាន់ហន់ ហើយទើបអន្ទាក់កម្មចាប់ផ្ដើមដំណើរការ នោះបានជាអ្នកនិពន្ធ អាពូ ត្រូវបានដោះស្រាយប្រស្នាកម្ម ដើម្បីរំលត់ចិត្តដែលបានជាប់ក្នុងអន្ទាក់កម្ម។

    គួរកត់សម្គាល់ផងដែរថា មូលន័យរឿងទាំងស្រុងដែលបានរៀបរ៉ាប់ខាងលើនេះ បានបង្ហាញថា មិនមែនជារឿងរបស់ថៃឡើយ តែជារឿងរ៉ាវរបស់ជនជាតិខ្មែរ ក្នុងប្រទេសកម្ពុជា នាសម័យមហានគរ ក៏ប៉ុន្ដតែត្រូវអ្នកនិពន្ធថៃស្រីមួយរូប បានស្រមើលស្រម៉ៃ ច្នៃនិពន្ធរឿងឡើង សរសេរជារឿងប្រឌិតថ្មី ហើយសម្ដែងជារឿងភាគដាក់បញ្ចាំងទូរទស្សន៍ទៀត។ តើអ្នកយល់បែបណាក្នុងនាមអ្នកជាកូនខ្មែរមួយរូប ចំពោះរឿងនេះ? ប្រសិនបើអ្នកមិនបានសិក្សា​ពីប្រវត្តិសាស្ត្រខ្មែរ នោះអ្នកនឹងយល់ច្រឡំ ប៉ុន្តែបើសិនជាអ្នកបានសិក្សាពីប្រវត្តិសាស្ត្រខ្មែរ នោះអ្នកនឹងដឹងច្បាស់ថា រឿងថៃមួយនេះ គឺពិតជាបានកាឡៃប្រវត្តិសាស្ត្រខ្មែរពិតៗ។

    គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃអង្គារ៍ទី 09 ខែឧសភា ឆ្នាំ2017 នេះនឹងមានការធ្វើពិធីបួងសួងក្រុងពាលីរឿងនៅខេត្តស្រះកែវ ហើយចាប់ផ្ដើមដំណើរការថតរឿងតែម្ដង៕