ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ជាគោលការណ៍ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៥ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២, គម្រោងថ្មីចំនួន ១២, និងការពង្រីកគម្រោងចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧លានដុល្លារអាមេរិក។

ចំពោះគម្រោងទទួលបានការលើកទឹកចិត្តក្នុងគោលការណ៍ពិសេសទាំង២៥ខាងលើនេះ ជាគម្រោងវិនិយោគនៅក្នុងវិស័យចម្រុះ រួមមានដូចជា រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបន្តថា៖ ក្នុងចំណោមគម្រោងទាំងនេះ ក៏មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេសនានាដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និងការធ្វើពិពិធកម្មភ្ញៀវទេសចរ ។ ទន្ទឹមនេះ វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និង បានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ រួមទាំងការវិនិយោគដែលតម្រង់ទិស ឬ ផ្តោតការវិនិយោគលើវិស័យនានាក្រៅពីកាស៊ីណូ ។

សូមជម្រាបថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន១៤០ គម្រោង រួចមកហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ។ ដោយរាប់បញ្ចូលទាំងគម្រោងដែលទទួលបានការឯកភាពជាគោលការណ៍ គិតត្រឹមខែ តុលា ឆ្នាំ២០២៤, គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេស សរុបមានចំនួន ១៦៥ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មានចំនួន ២៣ គម្រោង ។

ក្នុងចំណោមគម្រោងទាំង១៦៥,គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ៨៥, គម្រោងថ្មី មានចំនួន ៦១, ការពង្រីកគម្រោង មានចំនួន ១៥ និង គម្រោងមានស្រាប់ មានចំនួន ៤ ។ គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ៕















តាមការសន្និដ្ឋានរបស់ភ្ញៀវទេសចរដែលបានទៅកាន់ទីនោះ បានឱ្យដឹងថា ការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ អាចដោយសារសកម្មភាពវិជ្ជមាននានាក្នុងតំបន់ បន្ទាប់ពីឯកឧត្តម គួច ចំរើន បានចូលមកដឹកនាំខេត្តព្រះសីហនុ។
ម្យ៉ាងវិញទៀត ការកើនឡើងនៃវត្តមានទេសចរក្នុងស្រុកនៅខេត្តនេះ ក៏អាចជាប់ទាក់ទិននឹងការបិទកាស៊ីណូរាប់សិបកន្លែងនៅក្រុងព្រះសីហនុផងដែរ ព្រោះថា ការបិទកាស៊ីណូនេះ បានធ្វើឱ្យវត្តមានជនជាតិបរទេសថយចុះ ជាពិសេសអ្នករកស៊ី និងបុគ្គលិកជាជនជាតិចិនដែលពួកគេមានប្រាក់ច្រើន ហ៊ានទិញទំនិញ និងសេវាកម្មថ្លៃៗ។
នៅពេលអ្នករកស៊ី និងអ្នកទេសចរជនជាតិចិនវិលត្រឡប់ទៅស្រុកវិញ (បន្ទាប់ពីរាជរដ្ឋភិបាលប្រកាសបិទកាស៊ីណូអនឡាញ) ហាងទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ជាដើម ត្រូវបានប្រគល់មកម្ចាស់ដើមដែលជាពលរដ្ឋក្នុងស្រុកវិញ។ ការដែលបងប្អូនជនជាតិចិនភាគច្រើនបានវិលទៅស្រុកវិញបែបនេះ ធ្វើឱ្យម្ចាស់ហាងទំនិញ ភោជនីយដ្ឋាន ឬម្ចាស់ផ្ទះសំណាក់ទាំងនោះ ត្រូវបង្ខំចិត្តបញ្ចុះតម្លៃទំនិញ អាហារ និងសេវាកម្មរបស់ខ្លួនឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺ អតិថិជនភាគច្រើនរបស់ពួកគេ ពេលនេះគឺជាភ្ញៀវក្នុងស្រុក មិនមែនអតិថិជនជាជនជាតិចិនដូចមុនទេ នេះបើតាមសម្ដីលោក រតនា ប្រធានផ្សារទំនើបមួយនៅភ្នំពេញ។
កត្តាសំខាន់មួយទៀតដែលភ្ញៀវទេសចរមួយចំនួនគិតថា មានជាប់ទាក់ទិននឹងការកើនឡើងនៃភ្ញៀវក្នុងស្រុកដែរនោះគឺ សន្តិសុខ និងសណ្ដាប់ធ្នាប់។ នៅក្នុងឆ្នាំ2019 នៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមជាដើម គេតែងបានឃើញអំពើចោរកម្ម និងឧក្រិដ្ឋកម្មជាច្រើនកើនឡើងនៅខេត្តព្រះសីហនុ ដូចជា អំពើចាប់ជំរិតមនុស្ស អំពើឆក់ប្លន់ អំពើហិង្សាតាមទីសាធារណៈ អំពើឆបោកជាដើម ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីមានការបិទកាស៊ីណូ និងការភ្នាល់ល្បែងតាមអ៊ីនធើណិតរាប់សិបកន្លែងមក អំពើខុសច្បាប់ដែលបានរៀបរាប់ខាងលើ បានស្ងប់ស្ងាត់ទៅវិញគួរឱ្យកត់សម្គាល់។ នេះជាកត្តាមួយដែលហាក់ដូចជាការធានាដល់ភ្ញៀវដែលនឹងមកកម្សាន្តខេត្តព្រះសីហនុ។
ជាងនេះទៀត មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុម្នាក់បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុនឹងមានភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្ត នៅឆ្នាំ2021 ខាងមុខនេះ បន្ទាប់ពីផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងខេត្ត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ៕