Tag: ខភាព

  • ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ដោយឡៃហ្វ៍ស្តាយល៍របស់ស្រ្តីសម័យថ្មីដែលនៅមានអារម្មណ៍សប្បាយ និងចង់សាកល្បងជាមួយជីវិតការធ្វើការងារឱ្យបានយូរ ឬអ្នកខ្លះទៀតជានាងក្រមុំរើសច្រើនដែលនៅមិនទាន់ជួបបុរសត្រូវចិត្តនោះ ធ្វើឱ្យការសាងក្រុមគ្រួសារ និងការរៀបការក្រកើតឡើង ឱកាសក្នុងការនឹងមានបញ្ហាពាក់ព័ន្ធជាមួយការតាំងគភ៌ និងបញ្ហាផ្នែកសុខភាពរបស់ទារកពិតជាមានភាពអាចទៅរួចខ្ពស់។

    វេជ្ជបណ្ឌិតជំនាញផ្នែកស្រ្តី និងសម្ភពបានឱ្យដឹងថា ស្រ្តីដែលតាំងគភ៌នៅពេលខ្លួនអាយុច្រើន មានភាពប្រថុយប្រថានខ្ពស់ដោយសារកូននឹងកើតភាពខុសប្រក្រតីរបស់ចំនួនក្រូម៉ូហ្សូមដែលនឹងនាំឆ្ពោះទៅរកក្រុមអាការរលូតបាន ដោយសារតែការធ្វើការរបស់សម្បុកស៊ុតញីនឹងចុះខ្សោយនៅពេលស្រ្តីមានអាយុច្រើនឡើង ជាពិសេសក្នុងអំឡុងអាយុ 35ឆ្នាំឡើងទៅ ដោយពេទ្យនឹងផ្ដល់ការណែនាំ ដើម្បីជោះយកទឹកភ្លោះមកពិនិត្យរកមើលភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូមក្នុងអំឡុងអាយុគភ៌ប្រមាណ 17 – 22សប្ដាហ៍។ ស្រ្តីមានគភ៌គួរប្រាប់ និងប្រឹក្សាសុំការណែនាំពីគ្រូពេទ្យដើម្បីបានទទួលព័ត៌មានអំពីការតាំងគភ៌របស់ខ្លួនឱ្យបានច្រើនបំផុត និងពិភាក្សារួមគ្នាអំពីភាពប្រថុយប្រថានដែលអាចនឹងកើតឡើងចំពោះទារក និងការថែទាំរក្សាដែលត្រឹមត្រូវជាបន្ត។

    ក្រៅពីនេះ ការតាំងគភ៌នៅពេលអាយុច្រើន នៅធ្វើឱ្យកើតបញ្ហាទងសុកធ្លាក់ចុះទាប ទងសុករបកមុនពេលប្រសូត អ្នកខ្លះអាចកើតភាពខុសប្រក្រតីរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមនៅទងសុក និងខ្លួនទារក ដែលជាហេតុធ្វើឱ្យទារកមានខ្លួនតូច និងមានសភាវក្រធំ ឬធំយឺតនៅក្នុងគភ៌ពិតជាអាចកើតឡើងខ្ពស់ ឬស្រ្តីខ្លះទៀតកើតរោគទឹកនោមផ្អែមខណៈមានគភ៌ដែលនឹងរកឃើញថា ទារកនឹងមានខ្លួនធំ និងពិបាកប្រសូតធ្វើឱ្យធ្លាក់ឈាមច្រើនក្រោយពេលប្រសូតបាន។

    ការពិនិត្យសុខភាពមុនពេលតាំងគភ៌មានភាពចាំបាច់ និងជួយកាត់បន្ថយក្ដីកង្វល់បានច្រើន ដោយសារតែដល់ពេលអាយុច្រើនឡើង ក៏នឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែមខណៈពេលមានគភ៌កើតឡើងដែរ ហើយបើមានគភ៌នៅពេលអាយុច្រើនជាង 25ឆ្នាំផងនោះ នឹងកើតជំងឺទឹកនោមផ្អែម និងលើសឈាមខ្លាំងជាងមនុស្សទូទៅដល់ទៅ 2ដង ដូច្នេះការឃុំគ្រងការពារជំងឺមុនការតាំងគភ៌នឹងជួយកាត់បន្ថយជំងឺជ្រៀតជ្រែកទាំងនោះបាន៕

  • ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

    ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

    ការតាំងគភ៌សម្រាប់ស្រ្តីគ្រប់រូប ជាសញ្ញានៃក្ដីសោមនស្សរីករាយរបស់ក្រុមគ្រួសារ តែក្រោយពីក្ដីសោមនស្សទាំងនោះកន្លងផុតទៅ រឿងដែលតាមមកគឺ អាការភ័យខ្លាចចំពោះរឿងផ្សេងៗដែលនៅមិនទាន់កើតឡើង ជាពិសេសបើការតាំងគភ៌ក្នុងគ្រានេះ ជាការតាំងគភ៌គ្រាដំបូងផងនោះ អាការវិតក្កកង្វល់រមែងមានច្រើនជាងស្រ្តីដែលធ្លាប់ឆ្លងកាត់ការមានគភ៌រួចមកហើយមិនខាន។ ពេលនេះអ្នកគ្រូ ឆវីសូមនាំស្រ្តីៗយើង(អ្នកមិនទាន់មានស្វាមី និងអ្នកប្រុងប្រៀបចង់មានបុត្រ)មកមើលថា តើអាការវិតក្កកង្វល់ទាំងនោះមានអ្វីខ្លះ និងមានវិធីធ្វើឱ្យអាការទាំងនោះកន្លងផុតទៅយ៉ាងណាខ្លះដូចខាងក្រោម។

    1 . វាច្បាស់ជាឈឺមិនខាន…

    ការឈឺចាប់ គឺជារឿងដំបូងដែលស្រ្តីមានគភ៌ភាគច្រើនតែងនឹកដល់ រឹតតែស្រ្តីមានគភ៌ណាដែលរៀបផែនការទុកជាមុនថា នឹងប្រសូតតាមធម្មជាតិ ហើយបានឮពាក្យរៀបរាប់ប្រាប់ពីអ្នកដែលធ្លាប់ឆ្លងទន្លេពីមុនមកផងនោះ សំដីទាំងអស់នោះនឹងត្រឡប់ចូលមកក្នុងខួរក្បាលជាថ្មីថា វានឹងឈឺបែបនេះ ចុកបែបនោះមិនខាន។ ដូច្នេះពាក្យណែនាំល្អៗសម្រាប់រឿងនេះគឺ វាអាចនឹងមិនមែនឈឺដូចដែលអ្នកបានគិតនោះទេ បើវាឈឺចាប់ខ្លាំងក្លាដល់ថ្នាក់នោះ ស្រីៗជាច្រើនប្រហែលជាមិនសម្រេចចិត្តពពោះ និងឆ្លងទន្លេម្ដងហើយម្ដងទៀតនោះទេ មែនអត់?។

    2 . ស្វាមីនឹងទៅមានស្រីថ្មី(ក្បត់ចិត្ត)

    ដោយសរីរាង្គកាយដែលប្រែប្រួលរបស់ស្រ្តីដែលមានផ្ទៃពោះ ដែលថាៗទៅ គឺវាប្រែប្រួលច្រើនណាស់ ធ្វើឱ្យស្រ្តីជាច្រើនមានកង្វល់ក្នុងរឿងនេះ។ ពីចំណុចមួយនេះ វានឹងរួមទៅដល់រឿងសិចផងដែរ។ ដូចដែលយើងបានដឹងហើយថា រាងកាយក្នុងអំឡុងពេលនេះមិនអំណោយផលដល់ការមានសិច(រួមភេទ)ឡើយ តែកុំទៅកង្វល់ច្រើនពេក ត្រូវកុំភ្លេចថា ការតាំងគភ៌ក្នុងគ្រានេះកើតឡើងពីសេចក្ដីស្រឡាញ់ និងសេចក្ដីត្រូវការទាំងរបស់ស្វមី និងរូបអ្នក ដូច្នេះស្វាមីនឹងស្រឡាញ់អ្នកកាន់តែខ្លាំងឡើង ព្រោះគាត់មើលឃើញថា អ្នកត្រូវលំបាកក្នុងអំឡុងពេលហ្នឹង។

    3 . មិនដឹងថា កូនក្នុងផ្ទៃនឹងមានរូបរាងកាយ និងសុខភាពល្អឬក៏អត់?

    នេះក៏ជាក្ដីកង្វល់មួយទៀតរបស់ស្រ្តីមានគភ៌ដែលយើងជួបប្រទះច្រើន ដែលតែងតែភ័យខ្លាចថា នឹងមានរឿងមិនល្អអ៊ីចេះអ៊ីចុះកើតឡើងចំពោះកូន តែតាមស្ថិតិវិញ មានទារកត្រឹមតែ 3ភាគរយ(100 មានតែ3)ប៉ុណ្ណោះដែលនឹងកើតមកហើយមិនល្អពេញលេញ។ ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តបច្ចុប្បន្នធ្វើឱ្យមានការពិនិត្យមើលដោយវិធីផ្សេងៗរហូតពេញមួយរយៈពេលមានគភ៌ និងបើសិនជាមានអ្វីមិនល្អ ក៏នៅមានតិចណូឡូជី ឬការរក្សាព្យាបាលបែបថ្មីអាចជួយបានដែរ។

    4 . បាត់បង់ការគ្រប់គ្រងលើខ្លួនឯង

    អំឡុងពេលកំពុងតាំងគភ៌នេះអាចរាប់បានថាជាអំឡុងពេលដែលអ្វីៗច្រើនយ៉ាងរបស់មនុស្សស្រីមិនប្រក្រតី ទាំងអាការខាងរាងកាយ និងអារម្មណ៍។ អ្នកនឹងដឹងថា ពេលខ្លះខ្លួនឯងឆេវឆាវជ្រុលហួសហេតុ ទួញយំចំពោះរឿងកំប៉ិកកំប៉ុក ភើ ឬដើរខ្យល់(ផោម)ច្រើនបែបមិនដឹងខ្លួន…តែ មិនបាច់បារម្ភអ្វីទាំងអស់ មនុស្សជុំវិញខ្លួនអ្នក គេមិនបន្ទោសអ្នកទេ គេយល់ច្បាស់ណាស់ថា អ្នកមានផ្ទៃពោះតែដូច្នេះឯង…។

    5 . រឿងអាហារការហូបចុក

    ស្រ្តីជាម្ដាយជាច្រើនដែលពេលមិនទាន់តាំងគភ៌ បានដំណើរជីវិតរស់នៅមួយបែបផ្សេង ដូចជាញ៉ាំស្រា ជក់បារី ឬញ៉ាំតែកាហ្វេរសជាតិចាស់ខ្លាំង ជាដើម។ វាជារឿងល្អណាស់ក្នុងការកង្វល់ជាមួយនឹងរឿងពពួកនេះ គួរតែបន្ថយ និងតមឱ្យបាន ព្រោះការញ៉ាំ ឬសេពវត្ថុអស់ទាំងនេះ ជាមូលហេតុដំបូងៗគេនៃការប្រសូតទារកដែលមានភាពខុសប្រក្រតីចេញមក ដូច្នេះបើមានកង្វល់ខ្លាំង ឬខ្លាចថាក្រែងធ្វើមិនបាន សុំទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    6 . ខ្លាចធ្វើជាម្ដាយគេមិនបានល្អ

    ទោះជាស្រ្តីមានសញ្ជាតិញាណនៃភាពជាម្ដាយនៅក្នុងខ្លួនស្រាប់ហើយគ្រប់គ្នាក៏ដោយ តែអាការកង្វល់ថា នឹងក្លាយជាម្ដាយដែលល្អឬអត់នោះក៏នៅតែមាន និងនៅពេលប្រៀបធៀបជាមួយនឹងម្ដាយខ្លួនឯងដែលធ្លាប់ចិញ្ចឹមមើលថែទាំមកយ៉ាងល្អល្អះនោះ រឹតតែធ្វើឱ្យកាន់តែមានកង្វល់ក្នុងចិត្តខ្លាំងឡើង។ ពាក្យណែនាំល្អៗដើម្បីបន្ថយក្ដីកង្វល់ក្នុងរឿងនេះគឺ គ្មាននរណាម្្នាក់ឥតខ្ចោះ គ្មានម្ដាយណាម្នាក់ល្អគ្រប់សព្វបែបយ៉ាងនោះទេ សុំត្រឹមតែអ្នកជឿជាក់ក្នុងចិត្ត និងស្រឡាញ់កូន ធ្វើគ្រប់យ៉ាងដើម្បីកូនយ៉ាងពេញទំហឹង ប៉ុណ្ណឹងក៏រាប់ថា អ្នកជាម្ដាយម្នាក់ដ៏ល្អបាត់ទៅហើយ។

    7 . ត្រូវនៅធាត់កន្រ្ទីលកន្រ្ទលបែបហ្នឹងរហូតទៅ

    ទម្ងន់ខ្លួនដែលកើនឡើងវឹបៗក្នុងអំឡុងពេលមានគភ៌ និងអ្នកខ្លះមើលទៅដូចជាគ្មានសញ្ញាថានឹងថយចុះ ទោះជាឆ្លងទន្លេហើយក៏ដោយ បើគិតថាចង់ត្រឡប់មកមានរូបរាងស្អាតស្វែលដូចដើមវិញនោះ ក្នុងអំឡុងពេលនេះ អ្នកត្រូវរៀបចំផែនការថែទាំខ្លួនឯងក្រោយពេលឆ្លងទន្លេរួច ដូចជា ញ៉ាំអាហារ និងហាត់ប្រាណឱ្យស័ក្តិសម ជាដើម នោះមិនយូរប៉ុន្មានរាងកាយអ្នកក៏នឹងត្រឡប់មកដូចដើមវិញមិនខាន។

    8 . គ្មានពេលវេលាសម្រាប់កូនម្នាក់ទៀត

    សម្រាប់ស្រ្តីដែលមានគភ៌លើកនេះជាលើកទីពីរនោះ រឿងមួយដែលត្រូវកង្វល់គឺ អារម្មណ៍របស់កូនម្នាក់ទៀត ខ្លាចកូននឹងតូចចិត្ត និងទៅជាគិតថា អ្នកលែងស្រឡាញ់គេបាត់ទៅហើយ។ រឿងនេះមិនមែនជាបញ្ហាធំនោះទេ ត្រឹមតែអ្នកបានជជែកនិយាយជាមួយកូន និងព្យាយាមអធិប្បាយពន្យល់ និងឱ្យគេបានចំណែករួមក្នុងការតាំងគភ៌លើកនេះ នោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងដោយឯកឯង ឬបើអ្នកមិនសូវជាប៉ឹនប្រសប់ក្នុងរឿងនេះ អាចនឹងឱ្យលោកប្ដីជាអ្នកជួយក៏បាន៕

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1 . ធ្វើអ្វីថ្នមៗខ្លះផង

    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ… អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហ្នឹងណា៎។

    2 . ត្រូវរកជំនួយការដែលទុកចិត្តបាន

    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះ ចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេ ដើម្បីអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាតូចដែលកំពុងគេងនៅក្នុងផ្ទៃហ្នឹងឯង។

    3 . យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួនឯងយ៉ាងម៉ឺងម៉ាត់

    ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរណ៍មាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4 . គេងលក់ និងសម្រាក

    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយ ដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5 . មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា

    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេស បើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើ និងថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6 . ផ្លូវចិត្តរីករាយស្រឡះ

    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕

  • ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។

    ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។

    អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។

    ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ

    កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

    ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។

    ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស

    អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ អាចនឹងតាមរយៈការញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតធម្មតា ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ ក្នុងសភាវរាករូស ពោះវៀនថែមទាំងមានអាការហើមទៀតផង ដូច្នេះគួរថែទាំខ្លួនឯងដោយការជ្រើសរើសញ៉ាំអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍ ដូចជា បបរស បបរសាច់ត្រី និងសង្កត់ធ្ងន់លើអាហារប្រភេទស្ងោរ ចំហុយដែលរសជាតិមិនប្រៃខ្លាំង ហិរខ្លាំង ឬផ្អែមខ្លាំង យកបែបសាបៗជាចម្បង ដើម្បីឱ្យរាងកាយបានសម្របសម្រួលខ្លួនសន្សឹមៗ កូនក្នុងផ្ទៃនឹងមានសុវត្ថិភាព ថែមទាំងបានទទួលសារធាតុអាហារដែលមានប្រយោជន៍យ៉ាងពេញលេញទៀតផង។

    ក្រៅពីនេះ នៅមានអាការរោគផ្សេងៗទៀតដែលប្រទះឃើញនៅលើស្រ្តីមានគភ៌ ច្រើនតែជាអាការដែលជួបប្រទះទូទៅ ដោយសារតែប្រព័ន្ធប្រែប្រួលរបស់រាងកាយដែលខុសពីប្រក្រតី។ ការទទួលទានអាហារដែលមានប្រយោជន៍ ឧស្សាហ៍មើលថែទាំសុខភាពខ្លួនឯងមិនឱ្យប្រឈមនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីថ្នាំនឹងហុចផលឱ្យវិវឌ្ឍនាការរបស់ទារកក្នុងគភ៌រឹងប៉ឹងធំធាត់ឡើងតាមប្រក្រតី៕

  • COVID-19! អ្នក​លក់​ឆ្នោត​នៅ​វៀត​ណាម​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ 50,000ដុងក្នុង​1ថ្ងៃ​​ សម្រាប់​​រយៈ​ពេល​15​ថ្ងៃ

    COVID-19! អ្នក​លក់​ឆ្នោត​នៅ​វៀត​ណាម​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ 50,000ដុងក្នុង​1ថ្ងៃ​​ សម្រាប់​​រយៈ​ពេល​15​ថ្ងៃ

    អ្នក​លក់​ឆ្នោត​ប្រមាណជា​8,000​នាក់​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ 50,000​ដុង​ (2.14ដុល្លារ​)/ថ្ងៃ​ ទៅ​តាម​សំណើ​របស់មន្ទីរ​ការ​ងារ​-យុទ្ធជនពិការ និងសង្គមកិច្ច។

    ​ការ​ផ្ដល់​ជំនួយ​នេះ​ មាន​រយៈ​ពេល​15​ថ្ងៃ​ រាប់​ចាប់​ពី​ថ្ងៃទី​1មេសា។ ប្រាក់​ជំនួយ​ដែល​បាន​មក​ពី​មូលនិធិដើម្បី​អ្នក​ក្រ​ទីក្រុង​ និង​ស្រុក​ខណ្ឌ​នេះ មាន​ទំហំ​ឡើង​ដល់​ជិត​6​ពាន់​លាន​ដុង​ (257,000ដុល្លារ​អាមេរិក)។

    ប្រការ​ខាង​លើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​ស្នើ​របស់​គណៈ​កម្មធិការ​ទីក្រុង​ហូជីមិញ បន្ទាប់​ពី​ក្រុម​ហ៊ុន​ឆ្នោត​នានា​បាន​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ ដោយ​សារ​តែ​វីរុស​COVID-19។

    កិច្ច​ប្រជុំ​របស់​គណៈ​កម្ម​ធិការ​ប្រជា​ជន​នៃ​ទី​ក្រុង​ហូជីមិញកាល​ពី​ថ្ងៃ​ទី​27​មីនា​ បាន​អនុម័ត​ទៅ​លើ​ខ្ទង់​ប្រាក់​ឧបត្ថម្ភ​ជាង​2,750​ពាន់​លាន​ដុង​ (118,193,000ដុល្លារ​អាមេរិក) ដើម្បី​ទប់​ស្កាត់​ COVID-19 ក្នុង​នោះ​ ខ្ទង់​ប្រាក់​ប្រមាណ​ជា​1,800​ពាន់​លាន​ដុង (77,356,000ដុល្លារ​) សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ជួប​ការ​លំបាក​ដោយ​សារ​ COVID-19 ដោយ​ម្នាក់​ៗនឹង​ទទួល​បាន1លាន​ដុង (43ដុល្លារ) /ខែ រួម​មាន​៖ គ្រូបង្រៀន បុគ្គលិក​សិក្សា​កម្រិត​មត្តេយ្យ​ឯកជន។ ទីក្រុង​ហូជីមិញ​ក៏មាន​គម្រោង​ជួយ​ដល់​ជន​អនា​ថា និង​អ្នក​ទីទាល់​ក្រ​ផងដែរ​។

    បច្ចុប្បន្ន ទីក្រុង​សៃហ្គន (ហូជីមិញ) បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន​50​នាក់​​ និង​ជាង​9,000​នាក់​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​តាម​តំបន់​ និង​ជិត​1,800​នាក់​ត្រូវ​បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ​។

    នៅ​ក្នុង​ថ្ងៃ​នេះ​ (1មេសា) នាយក​រដ្ឋ​មន្ត្រី​វៀតណាម Nguyen Xuan Phuc ក៏បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​​ក្នុង​ការ​ប្រកាស​បញ្ជាក់​ថា​​​​វីរុសCOVID-19 រាត​ត្បាត​ទូទាំង​ប្រទេស​​ជា​ផ្លូវ​ការ​ផងដែរ​ បន្ទាប់​ពី​បាន​ចេញ​បទ​បញ្ជា​ដាក់​បម្រាម​គោចរ​នៅ​គ្រប់​ខេត្ត​ក្រុង​​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស