Tag: ក្រុមប្រឹក្សាភិបាល

  • ក្លឹប​បាល់​ទាត់​របស់​អេស្ប៉ាញ នៅ​ជំពាក់​ប្រាក់ខែ Lionel Messi

    ក្លឹប​បាល់​ទាត់​របស់​អេស្ប៉ាញ នៅ​ជំពាក់​ប្រាក់ខែ Lionel Messi

    (សេ​ស្ប៉ា​ញ) – Joan Laporta ដែលជា​ប្រធាន​ក្លឹប Barca បាន​និយាយថា ក្លឹប​នេះ​នៅ​ជំពាក់​ប្រាក់បៀវត្សរ៍របស់​​កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi និង​ត្រូវ​បន្ត​សង​រហូតដល់​ឆ្នាំ 2025។

    កាលពី​ខែវិច្ឆិកា 2017 Messi បាន​ចុះ​កិច្ចព្រមព្រៀង​តម្លៃ 675 លាន​ដុល្លារ​អាម៉េរិក​ជាមួយ​ក្លឹប Barca ដែលមាន​សុពលភាព​ដល់​ខែមិថុនា 2021។ កិច្ចព្រមព្រៀង​នេះ​រួមមាន ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ​ក្រៅផ្លូវការ (Kickback) និង​ប្រាក់​សម្រាប់​ភាពស្មោះត្រង់ នេះ​មិនទាន់​គិតដល់​ប្រាក់រង្វាន់។ ក្នុងនោះ ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់ Messi គឺ 167 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង 86 លាន​ដុល្លារ​ដែល Football Leaks ធ្លាប់បាន​បង្ហើប​ឱ្យដឹង។ តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ​ក្រោយ​មក​​ក៏បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​ដើម្បី​ជួយ​ដល់​ក្លឹប ព្រោះ​តែ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​កូ​វីដ។

    មកដល់​រដូវក្ដៅ​ឆ្នាំ 2021 Messi បាន​ចាកចោល​កីឡដ្ឋាន Camp Nou ទៅតាម​ទម្រង់​សេរី ព្រោះតែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប Barca ចេះតែ​អាក្រក់ទៅៗ។ M10 បាន​លេង​ឱ្យ​ក្លឹប PSG ពីរ​ឆ្នាំ មុនពេល​ទៅ​ទាត់​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami។

    បើទោះជា​មិន​លេង​ឱ្យ​ក្លឹប Barca ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង ប៉ុន្តែ Messi នៅតែ​ទទួលបាន​ប្រាក់ខែ​ពី​ក្លឹប​នេះ។ «យើង​នៅសល់​ខ្ទង់​ប្រាក់​ដែល​មិនទាន់​ទូទាត់​ជូន Messi ដែល​ត្រូវ​សង​រហូតដល់​ឆ្នាំ 2025» លោក​ Laporta ប្រាប់​ទំព័រ La Vanguardia ដូច្នេះ។ លោក​បន្តថា «អ្វីដែល​នៅ​ជំពាក់​ គឺ​ការពន្យារពេល​ទូទាត់​ប្រាក់បៀវត្សរ៍​ដែល​បាន​ព្រមព្រៀងគ្នា​ជាមួយនឹង​ក្រុមប្រឹក្សាភិបាល​មុន​នោះ ហើយ​ប្រការនេះ​បាន​បង្កើតឱ្យមាន​ខ្ទង់​បំណុល​មិនទាន់​ទូទាត់​ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ 2025»៕

  • សភាពាណិជ្ជកម្មអឺរ៉ុប បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលថ្មី

    សភាពាណិជ្ជកម្មអឺរ៉ុប បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលថ្មី

    សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី 05 ខែមិថុនា ឆ្នាំ2017នេះ ដើម្បីរាយការណ៍ពីសកម្មភាពការងារ និងបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី។

    លោក គីលីយ៉ង់ ប្លែស  អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងជាមួយភាគីខ្មែរ មានប្រសាសន៍ថានេះជាកិច្ចប្រជុំធំបំផុត និងមានសារៈសំខាន់បំផុតសម្រាប់ឆ្នាំ2017នេះ ដើម្បីរាយការណ៍ពីសកម្ម​ភាពរបស់ខ្លួនឱ្យសមាជិក-សមាជិកា បានដឹង និងលើកឡើងអំពីតម្រូវការផ្សេងៗរបស់គេនីមួយៗ ឱ្យអង្គប្រជុំស្វែងរកដំណោះស្រាយរួមគ្នា។ លោកថាក្រុមភាគីសហគមន៍អឺរ៉ុបមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជាដែលមានកំណើន​ខ្ពស់ក្នុងរយៈពេលវែងជាងមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទោះយ៉ាងណាក្តី ភាពមិនស្មើភាពគ្នានៅចំពោះមុខច្បាប់នៅតែកើតមាននៅកម្ពុជាដោយក្រុមហ៊ុនខ្លះបង់ពន្ធហើយក្រុមហ៊ុនខ្លះមិនបានបង់ពន្ធ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏គេនៅតែមានភាពសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជាដដែល។

    លោកថ្លែងថាក្រុមហ៊ុន ពាណិជ្ជករនៃសហគមន៍អឺរ៉ុបមានការចាប់អារម្មណ៏ចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ ប៉ុន្តែរៀងរាល់ពេលបោះឆ្នោតចូលមកដល់ អ្នកវិនិយោគតែងមានការរួញ​រា ដោយខ្លាចកើតមានអស្ថិរភាពសង្គមណាមួយ។ ដូច្នេះសភាពាណិជ្ជកម្មអឺរ៉ុបចង់បានស្ថិរភាពនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកឱ្យកាន់តែច្រើន។

    គួរបញ្ជាក់ថា រហូតមកទល់ឆ្នាំ 2017 សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា មានសមាជិកប្រ​មាណជា 295 ក្រុមហ៊ុន ជាសភាពាណិជ្ជកម្មលោកខាងលិចដែលធំជាងគេបង្អស់ ព្រមទាំងមានក្រុមហ៊ុនបរទេស និងក្នុងស្រុកជាច្រើនទៀតផង៕