Tag: ក្រសួង

  • លេខយាន​យន្ត​ពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ J.VARMAN (ជ.វរ្ម័ន) មានតម្លៃប៉ុន្មាន?

    លេខយាន​យន្ត​ពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ J.VARMAN (ជ.វរ្ម័ន) មានតម្លៃប៉ុន្មាន?

    យោង​តាម​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានស្លាក​លេខយាន​យន្ត​ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម 8 ខ្ទង់។

    លេខ​យានយន្ត​ពិសេស​ផ្ទាល់​ខ្លួន​ដែល​មាន​ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី 2 លានរៀលឡើងទៅ ចំពោះលេខ 8 ខ្ទង់។ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ឱ្យ​ដឹង​ថា ទន្ទឹម​នឹង​លេខ​ពិសេស​ផ្ទាល់​ខ្លួន​ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ។

    តាម​ការ​កំណត់ ក្រៅ​ពី​ខាងលើ ក៏មានលេខបញ្ចុះតម្លៃផងដែរ ដែល​រួមមាន៖ ថយ​ 1 ស៊េរី ចុះតម្លៃ 50%, ថយ 2 ស៊េរី ចុះតម្លៃ 75%, ថយ 3 ស៊េរី ចុះតម្លៃ 90%, ថយ 4 ស៊េរី ចុះតម្លៃ 95% និងថយចាប់ពី 5 ស៊េរីឡើងទៅ ចុះតម្លៃ 100%​។

    ស្លាក​លេខ​យាន​យន្ត​ពិសេស​ផ្ទាល់​ខ្លួន​ដែលមានពាក្យ J.VARMAN (ជ័យវរ្ម័ន) មាន​តម្លៃ​ត្រឹម​តែ​ 3,416,000 រៀល​ប៉ុណ្ណោះ​។

    ដើម្បី​អាច​ចូលមើលតម្លៃ ឬទិញលេខពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​យាន​យន្ត សូម​ចូល​ទៅ​កាន់​ទំព័រ​៖ https://vehicle.mpwt.gov.kh របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

  • ​សិង្ហបុរី​ បង្ហើប​ឱ្យ​ដឹង​ពី​វិធី​អញ្ជើញ Taylor Swift មក​បើក​ខនសឺត​ផ្ដាច់​មុខ​នៅ​អាស៊ី​អាគ្នេយ៍​

    ​សិង្ហបុរី​ បង្ហើប​ឱ្យ​ដឹង​ពី​វិធី​អញ្ជើញ Taylor Swift មក​បើក​ខនសឺត​ផ្ដាច់​មុខ​នៅ​អាស៊ី​អាគ្នេយ៍​

    សិង្ហបុរី​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​បញ្ចុះ​បញ្ចូល​កំពូល​តារា​ចម្រៀង Taylor Swift មក​បើក​ខនសឺន​នៅ​ប្រទេស​នេះ ដែល​ក្លាយ​ជា​ទី​សំចត​តែ​មួយ​គត់​របស់​នាង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

    «ដំណើរ​សម្ដែង​នេះ​អាច​នាំមក​នូវ​ផល​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​សិង្ហបុរី…។ នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ទីក្រុង​ដែល​ Taylor Swift ធ្លាប់​បាន​ទៅសម្ដែង​» ក្រសួង​វប្បធម៌​ និង​ទេសចរណ៍​សិង្ហបុរី​ ប្រកាល​កាលពី​ថ្ងៃទី 20 កុម្ភៈដូច្នេះ​។

    ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា បាន​ធ្វើ​ការ​ជាមួយ AEG Presents ដែល​ជា​ស្ថាប័ន​ប្រារព្ធ​កម្មវិធី Eras Tour របស់ Taylor Swift​ ដើម្បី​បញ្ចុះ​បញ្ចូល​តារា​ចម្រៀង​នេះ​មក​សម្ដែង​នៅ​សិង្ហបុរី​។ ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា បាន​ចំណាយ​ប្រាក់ឧបត្ថម្ភ​សម្រាប់ Taylor Swift ប៉ុន្តែ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​តួលេខ​ជាក់​លាក់​។

    កាល​ពី​សប្ដាហ៍​កន្លង នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ជំនួញ​ថា សិង្ហបុរី​បាន​ចំណាយ​ប្រាក់​សម្រាប់​ Taylor 100 លាន​បាត (ជាង 2.7 លាន​ដុល្លារ​អាម៉េរិក)​ សម្រាប់​​ការ​សម្ដែង​មួយ​យប់នៅ​ប្រទេស​នេះ​ អម​នឹង​លក្ខខណ្ឌ​ «សិង្ហបុរី​ត្រូវ​តែ​ជា​ទី​សំចត​តែ​មួយ​គត់​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​នៅ​អាស៊ី​អាគ្នេយ៍​»។ ក៏ប៉ុន្តែ រដ្ឋាភិបាល​សិង្ហបុរី​មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​នៅ​ឡើយ ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​នាយ​ករដ្ឋមន្ត្រី​ថៃ​។

    ដំណើរ​សម្ដែង​របស់ Taylor swift នៅ​សិង្ហបុរី នឹង​អូស​បន្លាយ​ពេល​ 6 ថ្ងៃ ចាប់​ពី​ថ្ងៃទី 02 ដល់ទី 09 ខែ​មីនា​ ឆ្នាំ 2024​។ សំបុត្រ​ទាំង​ 300,000 សន្លឹក​សម្រាប់​ទស្សនា​ការ​សម្ដែង​ 6 យប់​ ត្រូវ​បាន​លក់​អស់​គ្មាន​សល់​។ តម្លៃ​សំបុត្រ​ពិសេស​ (VIP) គឺជាង 900 ដុល្លារ​អាម៉េរិក​។

    Eras Tour របស់​ Taylor បាន​ចាប់​ផ្ដើម​ពី​ខែ​មីនា​ឆ្នាំ 2023 ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​ 2024​ ក្នុង​នោះ​មាន​ការ​សម្ដែង​ចំនួន 151 យប់​។ ក្នុង​ការ​សម្ដែង​មួយ​យប់ មាន​ទស្សនិក​ជន​ប្រហែល 72,000 នាក់​ ដែល​​គ្រោង​នឹង​រក​បាន​ចំណូល​ 17 លាន​ដុល្លារ​អាម៉េរិក​៕

  • វិធី​ទិញ​លេខ និង​ចុះ​បញ្ជីរថយន្ត​​ដោយ​ខ្លួន​ឯង ​មិន​បាច់​ទៅ​ដល់​កន្លែង​

    វិធី​ទិញ​លេខ និង​ចុះ​បញ្ជីរថយន្ត​​ដោយ​ខ្លួន​ឯង ​មិន​បាច់​ទៅ​ដល់​កន្លែង​

    «ទោះនៅផ្ទះ ឬនៅទីណាក៏អាចទិញលេខ និងចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញបានដែរតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh» ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នា​រសៀល​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ដូច្នេះ​។

    យោង​តាម​ក្រសួង​ខាងលើ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការឆែកមើលតម្លៃលេខ ការទិញលេខទុក និងការចុះបញ្ជីរថយន្ត បានដោយខ្លួនឯង ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។

    ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ហើយ​ព័ត៌មានលម្អិត និងការ​ប្រឹក្សាយោបល់ លោក​ លោក​ស្រីអាច​​ទាក់ទងតាម​លេខ​ទូរសព្ទ 1275​៕

     

  • គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    (ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

    កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

  • កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ចាប់តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពោលគឺ ចាប់ពីខែសីហា ឆ្នាំ 2023 មកដល់បច្ចុប្បន្ន កម្ពុជា​​ទាក់ទាញបាន​ការ​វិនិយោគប្រមាណ 172​គម្រោង ដែល​មាន​ទុន​សរុប​​ជិត​ 4 ពាន់លានដុល្លារ និងអាចបង្កើតការងារបាន​ជាង 19 ម៉ឺនកន្លែង។

    ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដូច​ខាងលើនេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុងពិធី «​បិទ​សន្និបាត​បូក​សរុបការងារឆ្នាំ 2023 និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ 2024 របស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្តន៍ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី 08 ខែកុម្ភៈឆ្នាំ 2024  នៅសណ្ឋាគារសុខាភ្នំពេញ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋ។

    យោង​តាម​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា កន្លងមក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប្រមាណ 7% រាប់​ចាប់​​តាំងពីពេលដែលកម្ពុជា​ទទួលបានសន្តិភាព រហូតមកទល់ពេលផ្ទុះជំងឺកូវីដ-19៕

  • ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

    ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

    ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។

    ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។

    អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។

    បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត 100% របស់អ៊ីអន ដែលឆ្លងទន្លេ សុទ្ធតែទទួលបានច្បាប់សម្រាកពីការងារដើម្បីមើលថែកូន ប៉ុន្តែអត្រានេះរបស់បុគ្គលិកភេទប្រុសគឺ 15%។ ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកដើម្បីមើលថែកូន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់ជូនប្រហែល 80% ធៀបនឹងប្រាក់ខែ ដូច្នេះហើយទើបបុគ្គលិកនឹងទទួលបានប្រាក់ខែ 20% ទៀតពីអ៊ីអន បន្ទាប់ពីពួកគេត្រឡប់ចូលធ្វើការវិញ។

    យោងតាមស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនសរុបរបស់ប្រទេសនេះនឹងថយចុះ 17% ចាប់ពីឆ្នាំ 2020 ដល់ 2050 ដោយធ្លាក់មកនៅត្រឹម 104.69 លាននាក់។ ចំណែកវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិសុខសង្គម និងចំនួនប្រជាជន (IPSS) វិញ គិតត្រឹមឆ្នាំ 2070 ចំនួនប្រជាជននឹងនៅសល់ 87 លាននាក់។

    Japan Times ឱ្យដឹងថា ចំនួនកុមារនៅប្រទេសជប៉ុន បានថយចុះនៅក្នុងរយៈពេលជាង 4 ទសវត្សរ៍កន្លង គ្រាដែលមានប្រជាជនកាន់តែច្រើនមិនចង់រៀបការ និងបង្កើតកូនចៅ ព្រោះតែការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ ចេះតែកើនឡើង៕

  • ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នឹង​បើក​ជា​ផ្លូវ​ការ​នៅ​​ខែ​កុម្ភៈ​ខាង​មុខ​

    ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នឹង​បើក​ជា​ផ្លូវ​ការ​នៅ​​ខែ​កុម្ភៈ​ខាង​មុខ​

    ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុង​ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ ដែល​ស្ថិត​នៅ​​រាជ​ធានី​ភ្នំពេញ ​ត្រង់​តំបន់​ចាក់អង្រែក្រោម-ព្រែកប្រា នៅ​ថ្ងៃទី 19 កុម្ភៈ 2024 ខាងមុខ។

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​​ដោយ​​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ​នា​ថ្ងៃ​ទី 31 មករា​ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​គណៈក​ម្មការ​សម្រាប់​រៀប​ចំ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​ (ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា) និង​ផ្លូ​វតភ្ជាប់​ ដែល​ដឹក​នាំ​ដោយ​ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

    ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ឱ្យ​ដឹង​ថា គម្រោង​សាង​សង់​ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដែល​ទទួល​បាន​​ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹង​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​​​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃចន្ទ ទី 19 ខែកុម្ភៈ ឆ្នាំ 2024​៕

  • ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

    ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

    ការ​ព្យាករ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា (CAIF) បាន​បង្ហាញ​ថា ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នឹង​មាន​កំណើន​ជា​វិជ្ជមាន​ ដោយ​នឹង​កើន​ប្រមាណ​ 15% ក្នុង​នោះ ទីផ្សារ​រថយន្ត​ថ្មី​នឹង​បន្ត​កើន​ឡើង​ ស្រប​ពេល​ដែល​រថយន្ត​ជជុះ​នឹង​បន្ត​ធ្លាក់​ចុះ​។

    យោង​តាម CAIF អត្រា​នៃ​ការ​លក់​រថយន្ត​ក្នុង​ឆ្នាំ​ 2023 បាន​ធ្លាក់ចុះ​ប្រមាណ​ជាង 20% ក្នុង​នោះ រថយន្ត​ជជុះ​បាន​ធ្លាក់​ចុះ​ប្រមាណ 30% បើ​ធៀប​នឹង​ឆ្នាំ​ 2022។ ក៏ប៉ុន្តែ សន្ទុះ​នៃ​ការ​វិនិយោគ​លើ​រោង​ចក្រ​ដំឡើង​រថយន្ត និង​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ថ្មី​ នៅ​តែ​បន្ត​មាន​សកម្មភាព​វិនិយោគ​ ក៏​ដូច​ជា​ពង្រីក​សាខា​ចែក​ចាយ​រថយន្ត​ថ្មី​។ ប្រការ​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​នៃ​វិស័យ​ឧស្សាហកម្ម​យាន​យន្ត​របស់​កម្ពុជា​។

    មន្ត្រី​នៅ​ CAIF បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ត​ជំរុញ ទាក់​ទាញ​​ការ​វិនិយោគ​ផ្នែក​យាន​យន្ត​ពី​បរទេស​មក​កាន់​កម្ពុជា​​បន្ថែម​ទៀត និង​ធានាដល់​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា​ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​នាំចូល​ និង​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី និង​ការវិនិយោគ​លើ​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​ជា​ដើម​។ នេះ​បើ​តាម​របាយ​ការណ៍​ពី​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា ដែលបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី 25 មករា 2024​។

  • ខ្សែ​រថភ្លើង​ដែល​តភ្ជាប់​រាជធានីរបស់​ថៃ​ និង​រដ្ឋធានី​របស់​​​ឡាវ នឹង​ដំណើរ​ការ​​សាកល្បង​នៅ​ក្នុង​ខែ​កុម្ភៈខាង​មុខ​

    ខ្សែ​រថភ្លើង​ដែល​តភ្ជាប់​រាជធានីរបស់​ថៃ​ និង​រដ្ឋធានី​របស់​​​ឡាវ នឹង​ដំណើរ​ការ​​សាកល្បង​នៅ​ក្នុង​ខែ​កុម្ភៈខាង​មុខ​

    ក្រុម​ហ៊ុន​ផ្លូវ​ដែក​រដ្ឋ​ថៃ (SRT) មាន​គម្រោង​ពង្រីក​ខ្សែ​រថភ្លើង​ Bangkok-Nong Khai ទៅ​កាន់​រដ្ឋ​ធានី​វៀង​ចន្ទន៍​របស់​ប្រទេស​ឡាវ ចាប់​ពី​ខែ​មេសា​ឆ្នាំ​ 2024។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Thaitrainguide​។

    ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ លោក Pichet Kunadhamraks ឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន SRT បាន​ដំណើរ​ការ​ខ្សែ​រថភ្លើង​ពី​ Nong Khai ​នៅ​ភាគ​ពាយព្យ​ប្រទេស​ថៃ ទៅ​កាន់​ស្ថានីយ​ Thanaleng របស់​ឡាវ​។

    ចាប់​ពី​ខែ​កុម្ភៈ​ខាង​មុខ SRT នឹង​ដំណើរ​ការសាកល្បង​​ខ្សែ​រថភ្លើង​ពី​ស្ថានីយ Nong Khai ឆ្លង​កាត់​ Thanaleng ទៅ​កាន់​ស្ថានីយ Khamasavath ថ្មី នៅ​វៀងចន្ទន៍​ ដើម្បី​ត្រៀម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពី​ខែ​មេសា​ ឆ្នាំ 2024​។

    ស្ថានីយ​ Nong Khai មាន​ចម្ងាយ​ពី​ស្ថានីយ Khamsavath ប្រហែល 13 គីឡូម៉ែត្រ​។ សំបុត្រ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ប្រហែល​ 20 នាទី​នេះ នឹង​មាន​តម្លៃ​ប្រហែល​ពី 60 – 70 បាត (1.68 – 1.96 ដុល្លារ​អាម៉េរិក​)​។

    នៅ​ពេល​ដំណើរ​ការ​ជា​ផ្លូវ​ការ​ ខ្សែ​រថភ្លើង​ Bangkok-Nong Khai ដែល​ចេញ​ដំណើរ​ពី​ស្ថានីយ​ Krung Thep Aphiwat (ប្រទេស​ថៃ) នឹង​ត្រូវ​បាន​ប្ដូរ​ឈ្មោះទៅ​ជា​ Bangkok-Vientiane (Khamsavath)៕

  • ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

    ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

    (ភ្នំពេញ)៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

     

    កិច្ចប្រជុំដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 23 មករា 2024 នៅទីស្តីការក្រសួងពាណិជ្ជកម្មខាងលើ​នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិក-សមាជិកានៃក្រុមការងារជាច្រើនរូបផងដែរ។

     

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាម បណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។