Tag: ក្រសួងពាណិជ្ជកម្ម

  • ឆ្នាំ2018 ក្រសួងពាណិជ្ជកម្ម​រក​ចំណូល​បាន​ច្រើន តែ​ត្រូវ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​រក្សា​បរិយាកាស​វិនិយោគ​ឱ្យ​ល្អ

    ឆ្នាំ2018 ក្រសួងពាណិជ្ជកម្ម​រក​ចំណូល​បាន​ច្រើន តែ​ត្រូវ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​រក្សា​បរិយាកាស​វិនិយោគ​ឱ្យ​ល្អ

    ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជំរុញ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​ខិតខំ​ធ្វើកំណែទម្រង់​លើ​វិស័យ​ជាច្រើន​ទៀត ដើម្បី​សម្រួលការ​ធ្វើការ​ពាណិជ្ជ​កម្ម និង​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ​ល្អ​ក្នុងប្រទេស​កម្ពុជា។ ព្រោះថា ក្រសួងពាណិជ្ជកម្ម​ពិត​ជា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​ប្រហែល 7% ក្នុង​មួយឆ្នាំ។ ជាក់ស្តែង ប្រាក់ចំណូល​ជិត 82លាន​ដុល្លារ ជា​ទឹកប្រាក់​ដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​រកបាន​ក្នុង​ឆ្នាំ2018 ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​សេវាសាធារណៈ។

    របាយការណ៍​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញថា អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែលជា​សេនាធិការ​បស់​ក្រសួងពាណិជ្ជកម្ម រកបាន​ចំណូល 28.75លាន​ដុល្លារ​ពី​សេវា​ត្រួតពិនិត្យ​គុណភាព​ទំនិញ ដែល​តួលេខ​នេះ​កើនឡើង 12.92% បើ​ធៀប​នឹង​ឆ្នាំមុន។ ក្រសួង​ក៏​រកបាន​ប្រាក់ចំណូល​ប្រមាណ 52.78លាន​ដុល្លារ​ពី​សេវាសាធារណៈ​ផងដែរ។ របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ពី​ការចំណាយ​របស់​ក្រសួង​ដែលមាន​ចំនួន 27.11លាន​ដុល្លារ។

    របាយការណ៍​បានបង្ហាញ​ទៀតថា ក្រុមហ៊ុន Green Trade ដែល​គ្រប់គ្រង​ដោយ​រដ្ឋ រកប្រាក់​ចំណូល​បាន 2.89លាន​ដុល្លារ ខណៈ​ការចំណាយ​ទៅវិញ​របស់​ក្រុមហ៊ុន​នេះ​មាន​ចំនួន 2.75លាន​ដុល្លារ ដែល​ធ្វើឱ្យ​ប្រាក់ចំណេញ​បាន​ពី​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​ក្នុង​ឆ្នាំ2018 មាន​ចំនួន 13,7000ដុល្លារ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​នេះ​បានធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន COFCO មកពី​ប្រទេស​ចិន​ដែល​បាន​នាំចេញ​អង្ករ​ចំនួន 1,000 តោន​ទៅ​ចិន និង​បាន​លក់​ឱ្យ​អង្គការ WFP ចំនួន 3,700 តោន ក្នុង​ឆ្នាំ2018។

    ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែង​សង្កត់ធ្ងន់ថា “ខ្ញុំ​សូម​លើកទឹកចិត្ត និង​ផ្តល់នូវ​ការគាំទ្រ​ដល់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ និង​ថា្នក់​ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​ទាំងអស់​ឱ្យ​បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​លើ​វិស័យ​ជាច្រើន​ទៀតសំដៅ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ​ល្អ​នៅ​កម្ពុជា​ក្នុង​របត់​ថ្មី​នៃ​ការប្រែប្រួល​ប៉ូល​សេដ្ឋកិច្ចពិភពលោក និង​ពាណិជ្ជកម្ម​អន្តរជាតិ”។

    ឯកឧត្តម​បន្តថា ក្នុង​ឆ្នាំ2018នេះ តាម​ការប៉ាន់ស្មាន​ជាប​ឋ​ម​របស់​រដ្ឋាភិបាល អត្រាកំណើន​សេដ្ឋកិច្ចរ​បស់​កម្ពុជា​នឹង​សម្រេចបាន​ក្នុង​រង្វង់ 7.3% ដែល​កំណើន​នេះ​ទទួលបាន​ពី​ការកើនឡើង​យ៉ាងរឹងមាំ​នៃ​វិស័យ​សំណង់ ការបន្ត​កើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការនាំចេញ​កំណើន​ជា​មធ្យម​ទទួលបាន​ពី​វិស័យ​កសិកម្ម ការ​ងើបឡើង​យ៉ាងខ្លាំង​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​នៃ​វិស័យ​លក់ដុំ-លក់រាយ ព្រម-ទាំង​វិស័យ​បន្ទាប់បន្សំ​ដទៃទៀត​ផងដែរ។

    ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម កម្ពុជា​បាន​បើក​ទីផ្សារ និង​នាំចេញ​ទំនិញ​ទៅកាន់ 147ប្រទេស ក្នុង​ទំហំ​ធំ​ជាង 60% នៃ​ផ.ស.ស (ផលិតផល​ក្នុងស្រុក​សរុប) និង​នាំចូល​ទំនិញ​មក​បម្រើ​ការផលិត និង​ប្រើប្រាស់​ពី 135ប្រទេស​ក្នុង​ទំហំ​ប្រមាណ 65% នៃ​ផ.ស.ស ផងដែរ។

    សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ប្រាក់ចំណូល​ដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​រកបាន​ក្នុង​ឆ្នាំ2018នេះ គឺជា​ប្រភព​ដ៏​សំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ ដែលជា​ផ្នែក​មួយ​នៃ​ចំណូល​ពន្ធ។ ឯកឧត្តម លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ថ្លែងថា៖“វា​ផ្ដល់​ប្រយោជន៍​កាន់តែច្រើន​ដល់​សេដ្ឋកិច្ច​របស់​យើង ក្រសួងពាណិជ្ជកម្ម គឺជា​អ្នកដើរ​តួនាទី​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ក្រុម​វិនិយោគិន និង​ជំរុញ​លំហូរ​ចូល​ពាណិជ្ជកម្ម​ពី​ក្រៅប្រទេស និង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស”។

    ឯកឧត្តម លឹម ហេង បាន​បន្តថា៖ ”ប្រាក់ចំណូល​បាន​ពី​សេវាសាធារណៈ មានន័យថា លំហូរ​ចូល​ក្រុមហ៊ុន​ចុះបញ្ជី​បាន​កើនឡើង ដូច្នេះ​និន្នាការ​សេដ្ឋកិច្ច​របស់​យើង​រក្សាបាន​កាន់តែប្រសើរឡើងៗ ដោយសារ​ប្រតិ​ប​ត្ដិករ​នៅក្នុង​វិស័យនេះ​គោរព​តាមច្បាប់”។

    អ្នកតាមដាន​ស្ថានការណ៍​សេដ្ឋកិច្ចកម្ពុជា លោក​អគ្គនាយក​ក្រុមហ៊ុន ហ្វ័​រ​តេ បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា ចំនួន​ប្រាក់ចំណូល គឺជា​សញ្ញា​ល្អ​សម្រាប់​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​ក្រសួង​គួរតែ​ជំរុញ​ប​នែ្ថ​ម​ទៀត​នូវ​សេវាសាធារណៈ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ដើម្បី​បង្កើន​ទំនុកចិត្ត​សម្រាប់​សាធារណជន។ ព្រោះ​ចំណូល​វា​មិនមែនជា​សូចនាករ​សម្រាប់​បញ្ជាក់​នូវ​កំណើនសេដ្ឋកិច្ច​នោះទេ វា​គ្រាន់តែ​ជា​ចំណូល​បន្ទាប់បន្សំ មិនអាច​ធ្វើជា​រង្វាស់រ​ង្វា​ល់​មួយ​បានទេ”។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេ​បានបញ្ជាក់​ប្រាប់ថា៖ “ប្រាក់ចំណូល​ដែល​ក្រសួងពាណិជ្ជកម្ម​រកបាន វា​គ្រាន់តែ​ជាការ​គួបផ្សំ តែ​វា​មិនមែនជា​ការជំរុញ​នូវ​កំណើនសេដ្ឋកិច្ច​ទេក្រសួង​គួរតែ​ធ្វើ​ការងារ​ប្រមូល​ចំណូល​ឱ្យបាន​ច្រើន ឱ្យ​គ្រប់​ជ្រុងជ្រោយ ព្រោះ​ចំណូល​ទទួលបាន​ពី​សេវាសាធារណៈ ជា​ចំណូល​បន្ទាប់បន្សំ ដូច្នេះ​ត្រូវ​ជំរុញ​ការប្រមូល​ចំណូល​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត”។

    លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ថា៖ “ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ ក្រសួងពាណិជ្ជកម្ម​ត្រូវ​រក​ដៃគូ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ឱ្យបាន​ច្រើន ការរក​ទីផ្សារ​ក៏​ជាការ​ជួយ​រក​ប្រភព​ចំណូល និង​ការជំរុញ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ដែរ។ ការងារ​ស្នូល​របស់​ក្រសួងពាណិជ្ជកម្ម គឺ​ត្រូវ​រក​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ទីផ្សារ និង​ដៃគូ​ឱ្យបាន​ច្រើន បើ​យើង​បើកចំហ​ទីផ្សារ​បាន​ច្រើន យើង​មាន​ទំនាក់ទំនង​ដៃគូ​ពាណិជ្ជកម្ម​កាន់តែច្រើន និង​មាន​ពាណិជ្ជកម្ម​កាន់តែ​ធំ ចំណូល​ក៏​កាន់តែ​ធំ ដែល​អាចជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​បាន​កាន់តែ​ខ្លាំង”៕

  • ក្រសួងពាណិជ្ជកម្ម បង្កើតក្រុមការងារឃ្លាំមើលតម្លៃទំនិញទីផ្សារ

    ក្រសួងពាណិជ្ជកម្ម បង្កើតក្រុមការងារឃ្លាំមើលតម្លៃទំនិញទីផ្សារ

    ភ្នំពេញ៖ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីឃ្លាំមើលស្ថានភាព និងសន្ទស្សន៍តម្លៃមុខទំនិញចាំបាច់ៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រុមការងារនេះបង្កើតឡើងមានភារកិច្ចមួយចំនួនដូចជា សិក្សា និងចងក្រងឯកសារទាក់ទងនឹងស្ថានភាពផលិតកម្ម ថ្លៃដើម សមត្ថភាពផ្គត់ផ្គង់ការប្រើប្រាស់ និងសន្ទស្សន៍តម្លៃនៃមុខទំនិញអាទិភាពដូចជា ស្រូវ-អង្ករ សាច់ត្រី សាច់មាន់ សាច់ជ្រូក ប្រេងសាំងធម្មតា និងម៉ាស៊ូត និងដំឡូងមី ជាដើម។ល ។

    លើសពីនេះក្រុមការងារនេះបង្កើតឡើងដើម្បីតាមដានពិនិត្យឃ្លាំមើល ស្ថានភាពប្រែប្រួលនៃផលិតកម្ម ស្ថានភាពចរាចរណ៍ទំនិញលើទីផ្សារ និងដាក់ចេញនូវវិធានការចាំបាច់ ដើម្បីទ្រទ្រង់ផលិតកម្ម និងតម្លៃទំនិញលើទីផ្សារប្រចាំថ្ងៃ។

    ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមការងារឱ្យរៀបចំតារាងតាមដាន និងឃ្លាំមើលស្ថានភាព និងសន្ទស្សន៍ថ្លៃទំនិញឲ្យបានជាប្រចាំ ដើម្បីសិក្សាពីបញ្ហាផលិតកម្ម និងតម្លៃ ឬបញ្ហានានាផ្សេងទៀត សំដៅទៅដល់ការរៀបចំកិច្ចអន្តរាគមន៍ជាលក្ខណៈប្រព័ន្ធ សម្រាប់កាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន៕

  • ក្រសួងពាណិជ្ជកម្ម និងសហគមន៍ម្រេចអន្តរជាតិ រួមគ្នាលើកកម្ពស់ផលិតផលម្រេចកម្ពុជា

    ក្រសួងពាណិជ្ជកម្ម និងសហគមន៍ម្រេចអន្តរជាតិ រួមគ្នាលើកកម្ពស់ផលិតផលម្រេចកម្ពុជា

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាជាមួយលោកស្រី ហ័ង ធីលៀន (Hoang Thi Lien) នាយិកាប្រតិបត្តិនៃសហគមន៍ម្រេចអន្តរជាតិ (International Pepper Community) ដែលជាស្ថាប័នមួយបង្កើតឡើងក្រោមក្របខ័ណ្ឌគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ក្នុងគោលដៅលើកកម្ពស់ផលិតផលម្រេចកម្ពុជា។

    លោកស្រី ហ័ង ធីលៀនមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះគឺដើម្បីណែនាំពីគុណប្រយោជន៍នៃការចូលជាសមាជិករបស់សហគមន៍ដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន6 ប្រទេសរួមមាន វៀតណាម ឥណ្ឌូណេស៊ី ប្រេស៊ីល ឥណ្ឌា ស្រីលង្កា និងម៉ាឡេស៊ី។ ការចូលជាសមាជិករបស់សហគមន៍ ប្រទេសជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍លើការលើកកម្ពស់ផលិតភាព បច្ចេកទេសថ្មីៗ ការស្រាវជ្រាវនានា ក្នុងការគាំទ្រលើខ្សែសង្វាក់ផលិតផលទាំងមូល ក៏ដូចជាការសម្របសម្រួលរវាងកសិករ និងឈ្មួញ ដើម្បីឈានទៅដល់ការនាំចេញទៅទីផ្សារបរទេស។

    ឯកឧត្តមប៉ាន សូរស័ក្ដិបានមានប្រសាសន៍ដែរថា ម្រេចកម្ពុជាជាកសិផលមួយដែលមានភាពល្បីល្បាញ ជាពិសេសម្រេចកំពតដែលជាទំនិញបញ្ជាក់ភូមិសាស្ត្រ (Geographical Indication) និងមានតម្លៃខ្ពស់នៅលើទីផ្សារពិភពលោក។ ចំពោះការចូលជាសមាជិកនេះ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជានឹងអាចចូលជាសមាជិកសង្កេតការណ៍របស់សហគមន៍ម្រេចអន្តរជាតិជាមុនសិន ហើយនឹងសិក្សាបន្ថែមទៀតលើលទ្ធភាពក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលក្រោយ។


    ឯកឧត្តមបានណែនាំឲ្យសហគមន៍ម្រេចអន្តរជាតិសហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាមួយនៅកម្ពុជាដើម្បីបង្កើតជាវេទិកាប្រឹក្សាជាមួយកសិករ អ្នកប្រមូលទិញ និងអ្នកនាំចេញផលិតផលម្រេច ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍផលិតផលម្រេចនៅកម្ពុជាបន្ថែមទៀត៕

  • ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងពីការទទួលទានអាហារមានសុវត្ថិភាព

    ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងពីការទទួលទានអាហារមានសុវត្ថិភាព

    ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីការទទួលទានបន្លែមានសុវត្ថិភាព (គ្មានជាតិគីមី) ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាមួយនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង ដើម្បីបញ្ជ្រាបការយល់ដឹងដល់និស្សិត ពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅឱ្យមានការប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ ដែលមានសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

    សិក្ខាសាលានេះ ធ្វើឡើងចំពេលដែលក្រសួងកំពុងរៀបចំពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរលើកទី2 នៅទីលានបាល់ទាត់ខេត្តបាត់ដំបងចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី28 ខែឧសភា ដោយមានទំនិញជាផលិតផលកសិករខ្មែរគ្រប់ប្រភេទដាក់តាំងលក់នៅទីនោះ។

    ឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា សិក្ខាសាលានេះមានបំណងពន្យល់សិក្ខាកាមឲ្យយល់ច្បាស់អំពីសារៈសំខាន់នៃការប្រើប្រាស់ផលិតផលខ្មែរ ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងផ្តល់ជាពុទ្ធិទាក់ទងនឹងសុវត្ថិភាពទំនិញម្ហូបអាហារ ដែលកំពុងចរាចរលក់នៅលើទីផ្សារ សំដៅទប់ស្កាត់ និងបង្ការមិនឲ្យមានហានិភ័យ ឬផលប៉ះពាល់ផ្សេងៗដល់សុខមាលភាព។

    នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់ចេញនូវយុទ្ធនាការទិញផលិតផលខ្មែរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការចរចាក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ការចូលរួមពិព័រណ៍អន្តរជាតិ ព្រមទាំងការបង្កើតឲ្យមានមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅតាមទីក្រុងធំៗនៃប្រទេសចិនដើម្បីជំរុញការធ្វើពិពិធកម្មវិស័យនាំចេញជាដើម។

    ពាក់ព័ន្ធជាមួយសុវត្ថិភាពម្ហូបអាហារ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនសិក្ខាកាមអំពីការរៀបចំសិក្ខាសាលាខ្លីៗរបស់ក្រសួងដើម្បីអប់រំសាធារណជន ជាពិសេសផលិតករ និងសហគ្រិន នូវរបៀបវេចខ្ចប់ទំនិញប្រកបដោយសោភ័ណភាព មានគុណភាព និងអនាម័យខ្ពស់ស្របតាមបទដ្ឋានស្តង់ដារជាតិ និងអន្តរជាតិដែលអាចទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់។

    សូមជម្រាបថា បច្ចុប្បន្នបន្លែអសុវត្ថិភាពឬហៅថាបន្លែ ត្រី សាច់ ដែលមានសារធាតុគីមីត្រូវបានគេនាំចូលពីប្រទេសជិតខាង ពិសេសវៀតណាម និងថៃ ដើម្បីយកមកដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាដែលប្រជាជនគួរយល់ដឹង និងចេះស្វែងរកអាហារណាដែលគ្មានសារធាតុគីមី សម្រាប់ធ្វើជាអាហារប្រចាំថ្ងៃ ចៀសវាងផលប៉ះពាល់សុខភាពដែលនាំឱ្យខាតបង់ថវិកាក្នុងគ្រួសារ៕

  • ក្រសួងពាណិជ្ជកម្មផ្តើមអនុវត្តគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច

    ក្រសួងពាណិជ្ជកម្មផ្តើមអនុវត្តគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច

    ក្នុងការលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន រៀបចំសិក្ខាសាលាស្តីពី «ការចាប់ផ្តើមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។

    ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា គម្រោងនេះនឹងដាក់ឱ្យកសិករនៅតាមតំបន់មួយចំនួនចាប់អនុវត្តជាប្រព័ន្ធ ដូចជាការធ្វើរបរកសិកម្ម ការចិញ្ចឹមសត្វ និងការផលិតសូត្រជាដើម។ ឯកឧត្តមមានប្រសាសន៍ដូច្នេះថា «បច្ចុប្បន្នយើងសង្កេតឃើញថាប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ធ្វើរបរកសិកម្មជាលក្ខណៈគ្រួសារ ដោយគាត់គ្រាន់តែដាក់លក់តាមកញ្ច្រែងល្អី ដឹកតាមរ៉ឺម៉ក ឬម៉ូតូជាដើម ប៉ុន្តែគម្រោងខាងលើនេះយើងអនុវត្តជាប្រព័ន្ធ ដោយកសិករត្រូវចងក្រងគ្នាជាក្រុមក្នុងការប្រកបរបរអ្វីមួយ ដែលមានដូចជាសហគមន៍ដាំបន្លែ សហគមចិញ្ចឹមមាន់ និងតម្បាញសូត្រជាដើម ហើយយើងត្រូវរកទីផ្សារជូនពួកគាត់ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេស និងផ្តល់កម្ចីថវិកាជាដើម»។

    គួរបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)នេះ ចាប់ផ្តើមអនុវត្តផ្អែកតាមកិច្ចព្រមព្រៀង ហិរញ្ញប្បទានចុះហត្ថលខាដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍកសិកម្មកាលពីខែកុម្ភៈ ឆ្នាំ2017។ គម្រោងនេះមានរយៈពេល 6ឆ្នាំ ដែលមានទឹកប្រាក់សរុប 61លានដុល្លារសហរដ្ឋអាមេរិក រួមបញ្ចូលអ្នកទទួលផលក្នុងស្រុក និងការចែករំលែកពីវិស័យឯកជន 16 លានដុល្លារអាមេរិកទៀត។

    តាមរយៈសិក្ខាសាលាខាងលើ សិក្ខាកាមដែលចូលរួមនឹងសិក្សាពីកាលានុវត្តភាព សម្រាប់ធ្វើកិច្ចសហការជាមួយគម្រោង AIMS។ លើសពីនេះ បុគ្គលិករបស់ភ្នាក់ងារអនុវត្តន៍គម្រោង AIMS នឹងពង្រឹងយន្តការ និងការយល់ដឹងរបស់ខ្លួនលើគោលការណ៍សំខាន់ៗជាមួយលទ្ធផលរំពឹងទុកក៏ដូចជាយល់ច្បាស់ពីផែនការសម្រាប់ដំណាក់កាល 18 ខែដំបូងនៃការអនុវត្តគម្រោង AIMS នេះ៕