Tag: ក្មេង

  • ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ទោះជាបច្ចុប្បន្នជាយុគសម័យនៃបច្ចេកវិទ្យាទំនើប ដែលងាកទៅខាងណាក៏ឃើញតែស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ តែការបង្ហាត់កូនតូចឱ្យចេះកាន់ប៊ិច ឬខ្មៅដៃសរសេរ គឺជារឿងមួយសំខាន់ណាស់សម្រាប់ក្មេងវ័យមុនចូលរៀនមត្តេយ្យ ព្រោះការសរសេរមានចំណុចល្អច្រើនណាស់សម្រាប់កុមារតូចៗ ដូចជាការជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ ជួយឱ្យកុមារចេះសង្កេត និងចេះប្រើខួរក្បាលផងដែរ។ ខាងក្រោមនេះជាដំណាក់កាលនៃការចេះកាន់ខ្មៅដៃសរសេរ ឬគូសវាសរបស់កុមារតូចៗតាមវ័យដែលអាណាព្យាបាលគួរតែដឹង។

    ដំណាក់កាលទី1 គូសវាស (ក្មេងតូចវ័យ 2 – 3ឆ្នាំ) គ្រវាសគ្រវាត់គ្មានគោលដៅ។ ចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលដៃ ឬក្រដាស(ដែលខ្លួនឯងសរសេរ)ផង។

    ដំណាក់កាលទី2 គ្រប់គ្រងការគូសវាស (អាយុ 3ឆ្នាំ) ទោះជាស្នាមគូសវាសមិនខុសគ្នាពីដំណាក់កាលដំបូងមែន តែយ៉ាងហោច​ណាស់ ក៏គេចាប់ផ្តើមចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនបន្តិចហើយ។

    ដំណាក់កាលទី3 (អាយុ 3 – 4 ឆ្នាំ) កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរដែលគេចង់សរសេរ តែឪពុកម្ដាយក៏កុំទៅនឹកសង្ឃឹមថា កូនតូចនឹងសរសេរជាន់ពីលើពង្រាងនោះបានស្អាតល្អឱ្យសោះ ព្រោះវានៅតែវៀចទៅឆ្វេង ទៅស្តាំ និងទ្រេតទ្រោតដដែល ដូច្នេះអ្នកម្តាយគួរកុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរឱ្យកូនហាត់សរសេរច្រើនពេកអី និងកុំភ្លេចថា ការចូលចិត្តរបស់កូនតូច វាគ្រាន់តែជាវិវឌ្ឍនាការមួយអំឡុងពេលប៉ុណ្ណោះ មិនដូច្នោះទេកូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។

    ដំណាក់កាលទី4 អាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបាន (អាយុ 4ឆ្នាំ) ចាប់ផ្តើមសរសេរពាក្យដែលមាន​អត្ថន័យចំពោះខ្លួនឯងបាន ដូចជាឈ្មោះរបស់ខ្លួនឯង ឬប្រយោគដែលអ្នកគ្រូ(សាលាមត្តេយ្យ)ធ្លាប់និយាយប្រាប់ ហើយគេចង់សរសេរ(រឿងនិទាន ឬទីកន្លែងដែលគេចូលចិត្ត) ពេលអ្នកគ្រូសរសេរឱ្យមើល គេនឹងព្យាយាមសរសេរតាម។

    ដំណាក់កាលទី5 គិតរកនឹកសរសេរពាក្យ (អាយុ 4 – 5ឆ្នាំ) ពេលកូនតូចបានឮ បានស្តាប់ពាក្យអ្វីមក ដូចជា ស្រឡាញ់ម៉ាក់ ជាដើម គេនឹងយក​ពាក្យនោះ​មកគិត និងសរសេរលើក្រដាស់ថា “ស្រឡាញ់ម៉ាក់” ទោះជាអក្សរមិនសូវស្អាតមែន តែក៏អាចនិយាយបានថា កូនតូចចេះសរសេរហើយ។

    ដំណាក់កាលទី6 សរសេរបានយ៉ាងត្រឹមត្រូវ (អាយុ 5 – 7ឆ្នាំ) ពេលអ្វីគ្រប់យ៉ាងត្រៀមជាស្រេចរួចហើយ ពេលនោះគេនឹង​សរសេរ​ពាក្យ​ផ្សេងៗបានដោយខ្លួនឯងយ៉ាងចំណាន និងកាន់តែត្រឹមត្រូវឡើងទៀតផង។

    ទម្រាំតែគេអភិវឌ្ឍឡើងបានជាដំណាក់ៗបែបនេះ មិនមែនចេះតែត្រឹមត្រូវទៅតាមអាយុប៉ាច់ៗនោះទេ។ កូនតូចអាចនឹងវិវឌ្ឍយឺត-លឿនមិនស្មើគ្នាទេ អាស្រ័យលើបទពិសោធដែលក្មេងម្នាក់ៗប្រមូលសន្សំបានមក។ ការហ្វឹកហាត់វិវឌ្ឍនាការនេះ មាននៅក្នុងកិច្ច​ការងា​រ​​ប្រចាំ​ថ្ងៃបែបងាយៗដូចជា ការហែកក្រដាស កាត់ក្រដាស ជួយម៉ាក់ដួសបាយ កៀបដុំទឹកកក បើក-បិទគម្របដប និងកិច្ចការ​ងារដែលធ្វើរួមគ្នា មិនថាតែការអានសៀវភៅ និយាយរឿងនិទាន លេងហ្គេមដែលពាក់ព័ន្ធនឹងពាក្យ ដូចជាលេងតពាក្យចុងជួន សង្កេត​ពាក្យដែលដូចគ្នាតាមស្លាកឃោសនាពាណិជ្ជកម្មនៅតាមផ្លូវថ្នល់ ជាដើម។

    ធ្វើកិច្ចការងារបែបនេះឱ្យក្លាយទៅជារឿងប្រក្រតី ពេលនោះកុមារនឹងសរសេរបានដោយខ្លួនឯង និងសរសេរយ៉ាងមាន​សេចក្តី​សុខទៀតផង៕

  • ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

    ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

    យើងធ្លាប់បានឮតែពាក្យថា កុមារដែលត្រូវបានចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ ធំឡើងនឹងក្លាយ​ជាមនុស្សល្អនៅថ្ងៃខាងមុខ តែលទ្ធផលនៃការវិភាគថ្មីៗបំផុតរបស់មហាវិទ្យាល័យ UCLA សហរដ្ឋអាមេរិក ធ្វើយើងអាចបន្ថែមពាក្យចូលទៅទៀតថា ការមើលថែទាំ និងការផ្ដល់នូវសេចក្តីស្រឡាញ់ដល់កុមារយ៉ាងល្អល្អះ នឹងធ្វើឱ្យគេធំ​ឡើងក្លាយជាមនុស្សដែលមានសុខភាពល្អ និងផ្ទុយទៅវិញ កុមារដែលត្រូវបានចិញ្ចឹមមើលថែបែបខ្វះភាពកក់ក្តៅ និងទទួលរង​ដោយអំពើហិង្សា នឹងក្លាយជាមនុស្សធំដែលឈឺច្រើន ថែមទាំងប្រថុយនឹងការកើតជម្ងឺបេះដូង និងសរសៃឈាមច្រើនជាង​អ្នក​​ផ្សេងទៀតផង។

    ការស្រាវជ្រាវវិភាគបានធ្វើឡើងក្នុងរូបបែបនៃការសាកសួរពីអ្នកចូលរួមចំនួន 756នាក់ក្នុងប្រធានបទរឿងភាពប្រថុយប្រថានក្នុងការកើតជម្ងឺបេះដូងខ្វះឈាមនៅក្នុងវ័យកំលោះ-ក្រមុំ ដោយវាយតម្លៃតាមរយ:សញ្ញាដែលបញ្ជាក់ពី​សុខភាពទូទាំងរាងកាយ 18ប្រការដែលមានជាអាទិ សម្ពាធឈាម កម្រិតកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ទំហំចង្កេះ និងទម្ងន់ខ្លួនជាដើម។ បន្ទាប់ពីនោះទើបយកព័ត៌មានដែលទទួលបានមកសរុបលទ្ធផលថា តើមនុស្សម្នាក់ៗមានភាពប្រថុយប្រថាន​ដល់​ការ​វិវឌ្ឍឆ្ពោះទៅរកជំងឺបេះដូងខ្វះឈាមខ្លាំងប៉ុនណា?។

    ប៉ុន្តែក្រៅពីការវាយតម្លៃតាមបែបបទសុខភាពទាំងនោះហើយ អ្នកធ្វើការស្រាវជ្រាវនៅបានរកឃើញទៀតថា ប្រវត្តិនៃការចិញ្ចឹមមើលថែដែលបានមកពីការសាកសួរអ្នកចូលរួមធ្វើការស្រាវជ្រាវវិភាគទាំងនោះ នៅបានហុចលទ្ធផលដ៏មានអត្ថន័យ​សំខាន់​ដល់​​សុខភាពមនុស្សម្នាក់ៗទៀតផង នោះគឺមនុស្សដែលធំឡើងជាមួយនឹងការចិញ្ចឹមថែទាំបែបឱ្យតែរួចៗពីដៃតាំងពីវ័យទារកមកនោះ គឺជាក្រុមមនុស្សដែលមានកម្រិតសុខភាពអន់ខ្សោយ ដូចជាទំហំចង្កេះក្រាស់ធំ មានកូលេស្តេរ៉ូលច្រើន សម្ពាធ​ឈាមខ្ពស់-ល- ខុសប្លែកពីក្រុមមនុស្សដែលធំឡើងនៅក្នុងក្រុមគ្រួសារដែលមើលថែចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ យ៉ាងគួរឱ្យចាប់អារម្មណ៍។

    ដូច្នេះហើយទើបយើងអាចមើលឃើញបានថា បទពិសោធនៃការដែលត្រូវបានចិញ្ចឹមនៅក្នុងវ័យកុមារ​ មានផលប៉ះពាល់ដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗទូទាំងរាងកាយ។ ក្រុមមនុស្សដែលត្រូវបានចិញ្ចឹមឱ្យធំឡើងយ៉ាងខ្ជីខ្ជា គ្មានការយកចិត្តទុកដាក់ ឬអាចដល់ថ្នាក់ប្រើអំពើហិង្សា មិនថាតែខាងផ្លូវកាយ និងផ្លូវចិត្តផងនោះ នឹងធ្វើឱ្យការធ្វើការងារ​របស់ប្រព័ន្ធផ្សេងៗខុសពីធម្មតា ហុចផលឱ្យពេលធំឡើងក្លាយជាមនុស្សឈឺច្រើន ឬឆាប់ធ្លាក់ខ្លួនឈឺដោយងាយ និងមានអ្នកខ្លះចូលក្នុងលក្ខណៈប្រថុយប្រថាននឹងរោគបេះដូង និងសរសៃឈាមទៀតផង។ ខុសគ្នាស្រឡះពីក្រុមមនុស្សដែលត្រូវបានចិញ្ចឹម​មើលថែ​ទាំ​​​​​​មក​យ៉ាងល្អ បានទទួលភាពកក់ក្តៅពេញទំហឹង គឺច្រើនតែមានសុខភាពរឹងប៉ឹងល្អ មានប្រព័ន្ធស៊ាំនឹងជំងឺផ្សេងៗ​រឹង​​​មាំល្អទៀត​ផង។

    លោកស្រីវេជ្ជបណ្ឌិត ថេរេហ្សា ស៊ីមែន សាស្រ្តាចារ្យផ្នែកវិជ្ជាវេជ្ជសាស្រ្តមនុស្សចាស់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដឹកនាំការវិភាគស្រាវជ្រាវនេះ បានរៀបរាប់ថា លោកស្រីសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវវិភាគដែលទទួលបានក្នុងគ្រានេះ នឹងជួយជំរុញឱ្យមនុស្សសង្កេតឃើញពីភាពពាក់ព័ន្ធគ្នារបស់បញ្ហាថា ការចិញ្ចឹមមើលថែទាំកូននៅក្នុងវ័យកុមារនឹង​ហុចផលដល់សុខភាពនៅក្នុងវ័យមនុស្សធំយ៉ាងដូចម្ដេចខ្លះ? និងមានការកែបញ្ហានេះយ៉ាងមានប្រសិទ្ធភាព។ ការជំរុញ និង​បំ​ផុសឱ្យឪពុកម្តាយ ឬអ្នកមើលថែទាំក្មេងបានដឹង បានយល់ពីការមើលថែ និងចិញ្ចឹមកុមារយ៉ាងត្រឹមត្រូវ ទាំងក្នុងរឿងការហូបចុក ការរស់នៅ សុខភាពផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការបានទទួលនូវភាពកក់ក្តៅ ការមើលថែទាំយកចិត្តទុកដាក់យ៉ាងពេញ​ទំហឹងនោះ វានឹងជួយកាត់បន្ថយបរិមាណមនុស្សធំដែលក្លាយជាអ្នកមានជំងឺមួយថ្ងៃកាត់មួយថ្ងៃកោរបានយ៉ាងងាយនាពេល​​អ​នាគត និងកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងការមើលថែទាំអ្នកជំងឺបេះដូង និងសរសៃឈាម ដែលជាជំងឺមួយក្នុងចំណោមជំងឺដ៏​កាច​សា​ហាវបានទៀតផង៕​

  • ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ត្រូវតែទទួលស្គាល់ថា ពិភពលោកសព្វថ្ងៃនេះវិលលឿនមែនទែន មិនដូចសម័យយើងកាលពីអតីតឡើយ។ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21 នេះ កំពុងជួបនឹងយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោកឪពុក អ្នកម្ដាយខ្លួនឯងក៏កំពុងប្រឈមនឹងភាពសាកល្បងដែលមិនធ្លាប់កើតមានពីមុនមកដូចគ្នាដែរ ឧទាហរណ៍ដូចជា មុខរបរអាជីពជាច្រើនក្នុងអតីតកាល ត្រូវបានរលាយបាត់ ខណៈពេលជាមួយគ្នា ក៏មានមុខរបរអាជីពថ្មីៗដែលមិននឹកស្មានដល់បានកើតឡើងដែរ ដូចជា Youtuber ឬ Caster ការសរសេរកូដ ឬ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗ ដែលធ្វើឱ្យពេលខ្លះបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយ លែងអាចជួយក្នុងការចិញ្ចឹមមើលថែកូនបានតទៅទៀត។ល។

    រឿងតែមួយគត់ដែលឪពុកម្ដាយក្នុងយុគសតវត្សរ៍ទី21 នេះធ្វើបានល្អបំផុត គឺការត្រៀមរួចជាស្រេចសម្រាប់កូនជាមួយការរៀនយល់ដឹង និងប្រឈមជាមួយបញ្ហាគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីអ្វីដែលថា ទោះជាគេ(កូនៗ)នឹងជួបរឿងអ្វីនាពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់ពេលវេលា និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលកើតឡើង បានយ៉ាងមានប្រសិទ្ធភាពបំផុត។

    តើឪពុកម្ដាយអាចត្រៀមភាពប្រុងប្រៀបរួចជាស្រេចឱ្យកូនយ៉ាងណា?

    1.បង្ហាត់កូនឱ្យចេះជួយខ្លួនឯង

    អាចបង្ហាត់បង្រៀនបានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសសម្អាតធ្មេញ…ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនគេអាចទៅរួច ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជាដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។

    2.បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺជាការងាររបស់ក្មេង

    ក្នុងអំឡុងពេលដែលកូនលេង នឹងកើតមានការតាំងគោលដៅរយៈពេលខ្លីម្ដងម្កាលដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំង10 និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ ឧទាហរណ៍ការលេងដែលជួយជំរុញខួរក្បាលរបស់កូន ដូចជាការផាត់ពណ៌ សូនរូបជាមួយដីឥដ្ឋ លេងតម្រៀបដុំឈើ និងលេងតោងឡើង ជាដើម។

    3.សាងសម្ព័ន្ធភាពដ៏ល្អដោយការចិញ្ចឹមមើលថែកូនបែបវិជ្ជមាន

    ដោយការបង្ហាត់បង្រៀនកូនដោយហេតុផល បើកឱកាសឱ្យកូនចេះគិតវិភាគ យល់ដឹង ដោះស្រាយកែខៃបញ្ហាដោយខ្លួនឯង ដែលទាំងអស់នេះនឹងជួយអភិវឌ្ឍ “ខួរក្បាលផ្នែកខាងគិត” បន្តឆ្ពោះទៅរកការរៀនយល់ដឹង។ ការសម្លុត ការទិតៀន ការបញ្ជួសបន្សោក ឬការដាក់ទោសឱ្យរាងចាល នឹងធ្វើឱ្យកូនមានអារម្មណ៍ថា គ្មានសុវត្ថិភាព និងខួរក្បាលមិនបានទទួលការអភិវឌ្ឍ។

    4.យកចិត្តទុកដាក់រឿងភោជនាហារ

    ជាពិសេសបំផុតសារធាតុអាហារដែលប្រើក្នុងការអភិវឌ្ឍខួរក្បាលកូន មានដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ចាំបាច់ DHA និងARA សារធាតុដែក អ៊ីយ៉ូដ វីតាមីនA និងវីតាមីនB12 ដែលអ្នកម្ដាយអាចធ្វើបានតាំងពីកើតដំបូងតាមរយៈការចិញ្ចឹមកូនដោយទឹកដោះម្ដាយរយៈពេលយ៉ាងតិច 6ខែ តាមដោយការមើលថែទាំកូនឱ្យបានទទួលសារធាតុអាហារទៅតាមវ័យដែលស័ក្តិសម ដូចជា ស៊ុត ត្រីសមុទ្រ បន្លែល្ពៅ ការ់ុត បន្លែស្លឹកបៃតង និងទឹកស៊ុបដែលមានប្រយោជន៍ជាដើម។

    ជាសរុបទៅក៏គឺ បើសួរថា តើការចិញ្ចឹមកូនក្នុងសម័យនេះ មានអ្វីដែលខុសប្លែកពីមុនខ្លះនោះ?…ចម្លើយគឺ គោលការណ៍គ្រឹះមិនខុសគ្នាទេ តែនឹងខុសគ្នាក៏ត្រង់រឿងតិចណូឡូជី ដូច្នេះយើងត្រូវត្រៀមឱ្យកូនឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលា។ សង្គត់ធ្ងន់លើការអភិវឌ្ឍជំនាញគ្រប់ផ្នែក ទាំងជំនាញការដោះស្រាយបញ្ហាឱ្យបាន និងជំនាញការរស់នៅ រួមទាំងយកចិត្តទុកដាក់រឿងភោជនាហារដែលមានផលប្រយោជន៍ដល់ខួរក្បាល ដើម្បីឱ្យកូនអាចរស់នៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ និងក្លាយជាបុគ្គលដែលទទួលបានជោគជ័យក្នុងសតវត្សរ៍ទី21 នេះ៕

  • កែនិស្ស័យកូនចូលចិត្តប្រកែក…

    កែនិស្ស័យកូនចូលចិត្តប្រកែក…

    ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖

    ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ…

    «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិនល្អនេះទៅប្រើនៅឯសាលារៀន។

    សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្តភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ?

    ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ»

    ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស តែក៏មិនមែនជារឿងប្លែកអ្វីដែរ ដែលក្មេងប្រុសខ្លះមាននិស្ស័យប៉ឹនសម្ដីបែបនោះ ព្រោះមួយចំណែកនៃការក្លាយ​ជាក្មេងប៉ឹនសម្ដីនោះ គឺកើតចេញពីស្ថានភាពជុំវិញខ្លួន និងបុគ្គលដែលនៅជុំវិញខ្លួនកុមារនោះ។

    អាយុ 3-4ឆ្នាំ គឺជាវ័យដែលចាប់ផ្តើមចេះមានការគិត និងមានហេតុផលរបស់ខ្លួនឯងហើយ ក្មេងៗច្រើនតែនិយាយ និងធ្វើផ្ទុយពីអ្វីដែលមនុស្សធំប្រាប់។ ចាប់ផ្តើមដោយពាក្យបដិសេធខាងដើមថា “ទេ” “កូនមិនធ្វើទេ” “កូនអត់ងូតទឹកទេ” ឬ “កូនមិនចង់ញ៉ាំទេ” ជាដើម។ល។ បន្ទាប់ពីពាក្យថា “ទេ” ភាសារបស់កុមារនឹងវិវឌ្ឍ ហើយចាប់ផ្តើមរៀនយល់ដឹងកាន់តែច្រើនឡើង បូកជាមួយនឹងហេតុផលដែលខ្លួនមានច្រើនឡើងផងដែរនោះ ទើបកុមារចេះបញ្ចេញគំនិត តម្រូវការ និងអារម្មណ៍មកជាភាសានិយាយ។ មកដល់ពេលនេះការប៉ឹននិយាយមាន 2រូបបែប គឺការនិយាយបែបមានមន្តស្នេហ៍ និងការនិយាយដែលមនុស្សធំហៅថា “ប្រកែក”។ កូនអ្នកស្រីមិនមែនជាក្មេងរឹងឌឺទេ តែអ្នកជំនាញយល់ថា កូនកំពុងតែមានការចេះគិត មានហេតុផល ដូច្នេះអ្នកម្តាយត្រូវធ្វើចិត្តត្រជាក់ៗ បើកូនប្រកែកពេលអ្នកម្តាយប្រាប់ឱ្យធ្វើអ្វីមួយនោះ ចូរកុំបន្ទោស ឬដាក់ទោសកូនដោយការវាយឱ្យ​សោះ ព្រោះកូននៅមិនទាន់យល់ដឹងថា ការនិយាយតមាត់ ការនិយាយប្រកែកនឹងម្តាយនេះ ហេតុអីបានជាគេមិនអាចធ្វើបាន? ផ្ទុយទៅវិញ បើកូនប្រកែកហើយ អ្នកម្តាយសើច​ ហើយនិយាយប្រកែកទៅវិញនោះ កូនអាចនឹងគិតថា គេអាចធ្វើបែបនេះជាមួយម្តាយបាន ដូច្នេះការកែសម្រួល ឬកែនិស្ស័យបែបនេះ អ្នកជំនាញខាងចិត្តវិទ្យារបស់កុមារសូមណែនាំដូចតទៅ ៖

    -កូនជាក្មេងប៉ឹនសម្ដី អ្នកម្តាយគួរបង្កើន និងរិះរកកិច្ចការណាដែលពាក់ព័ន្ធនឹងការនិយាយឱ្យកូនបានធ្វើញឹកញាប់ ដូចជាឱ្យកូនបាននិយាយរៀបរាប់រឿងរ៉ាវផ្សេងៗ ឬនិយាយរឿងនិទានឱ្យអ្នកដែលនៅជាមួយជិតដិតបានស្តាប់ ដើម្បីឱ្យកូនមានឱកាសបានស្គាល់ពាក្យស័ព្ទថ្មីៗដែលគេចង់ប្រើ ព្រមទាំងឆ្លៀតឱកាសបង្រៀនកូនអំពីសុជីវធម៌ក្នុងការនិយាយ និងប្រាប់ឱ្យកូនបាន​ដឹង​​ថា សម្ដីណាខ្លះដែលមិនគួរប្រើជាមួយមនុស្សចាស់ ការប្រើសំឡេងនិយាយជាមួយអ្នកដទៃយ៉ាងណា ទើបគួរឱ្យចង់ស្តាប់ជាដើម។ល។

    ពេលដែលកូនប្រកែក អ្នកម្តាយគួរឈប់ ដើម្បីស្តាប់សិន ដោយធ្វើទឹកមុខ និងអាកប្បកិរិយាធម្មតា កុំត​មាត់ ទាំងអស់នេះ គឺដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេកំពុងធ្វើនេះមិនសមគួរទេ។ នៅពេលកូនឈប់ប្រកែក សឹមអ្នកម្ដាយប្រាប់ពីវិធីថា កូនគួរតែនិយាយយ៉ាងម៉េចវិញ ទើបជាការប្រសើរជាង។

    នៅពេលណាដែលគំនិតរបស់អ្នកម្តាយ និងកូនមិនត្រូវគ្នា យើងគួរប្រើវិធីនិយាយជជែកពិភាក្សាគ្នា ដើម្បីឱ្យកូនបានបង្ហាញពីអារម្មណ៍ និងគំនិតរបស់គេចេញមកយ៉ាងសេរី ហើយអ្នកម្តាយក៏គួរនិយាយប្រាប់កូនអំពីគំនិត និងអារម្មណ៍របស់ខ្លួនឱ្យកូនបានដឹងដែរ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីវិធីកែបញ្ហាដែលត្រឹមត្រូវ៕

  • ការសរសេរអក្សរ និងបញ្ហារបស់កុមារ…រឿងសំខាន់ដែលឪពុកម្តាយគួរដឹង

    ការសរសេរអក្សរ និងបញ្ហារបស់កុមារ…រឿងសំខាន់ដែលឪពុកម្តាយគួរដឹង

    រឿងការសរសេរអក្សររបស់កុមារ អាចគ្រាន់តែជារឿងតូចតាចមួយសម្រាប់ឪពុកម្តាយមួយចំនួន ព្រោះគិតថា ភាព​ខុស​​ផ្លែកពីគ្នារបស់តួអក្សរ គឺជាស្ទីលការសរសេររបស់ក្មេងម្នាក់ៗ អាចស្អាតខ្លះទៅ ឬមិនស្អាតខ្លះទៅ ជារឿងធម្មតា ទើបមិនសូវជាយកចិត្តទុកដាក់ល្អិត​ល្អន់អ្វីប៉ុន្មានឡើយ។ តែការពិតទៅ រឿងការសរសេរ និងតួអក្សរសរសេរដៃរបស់កូន មានភាពសំខាន់មិនអន់ជាងរឿងដទៃទៀតឡើយ ព្រោះវាជាផ្នែកមួយដែលជួយបង្ហាញឱ្យឃើញថា កុមារកំពុងមានបញ្ហាមួយដែលឪពុកម្តាយគួរតែផ្តល់នូវការជួយណែនាំ មុន​នឹងបញ្ហាផ្សេងៗទៀតកើតឡើង។ ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលថា តើអក្សរសរសេរដៃរបស់កូនៗរបស់​លោកអ្នក​បង្ហាញ​​ឱ្យ​ឃើញពីរឿងអ្វី និងមានវិធីកែខៃយ៉ាងណាខ្លះ?។

    1. មូលហេតុដែលធ្វើឱ្យកុមារមានបញ្ហាពាក់ព័ន្ធនឹងការសរសេរ

    អ្នកស្រីវេជ្ជបណ្ឌិត អេមី បាអេជ អ្នកព្យាបាលដោយការធ្វើចលនា និងជាអ្នកនិពន្ធម្ចាស់ជយលាភីប្រភេទសៀវភៅអក្សរផ្ជង់​បានអធិប្បាយថា អារម្មណ៍ និងការវិវឌ្ឍរបស់កុមារអាចនាំឆ្ពោះទៅរកបញ្ហារឿងតួអក្សរសរសេរដៃរបស់កុមារបានដូចគ្នា ដូចជាបើកុមារនោះធ្លាប់មានបទពិសោធដែលមិនល្អពាក់ព័ន្ធនឹងការប៉ះពាល់ រហូតធ្វើឱ្យគេបដិសេធ ឬចៀសពីការប៉ះពាល់វត្ថុផ្សេងៗដែលខុសផ្លែកពីរបស់ដែលគេធ្លាប់បានស្គាល់ជាដើម។ មូលហេតុទាំងនោះហុចផលឱ្យឱកាសក្នុងការវិវឌ្ឍរបស់ម្រាមដៃ និងការសរសេរក្មេង​ អន់​ថយចុះទៅតាមនោះដែរ។

    1. វិធីសង្កេតមើលបញ្ហា តាមរយ:អក្សរសរសេរដៃរបស់កុមារ

    ការដែលកុមារសរសេរអក្សរមិនស្អាត គឺជាបញ្ហាមួយដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយឡើយ ជាពិសេសអក្សរសរសេរដៃរបស់កុមារដែលពិបាកអាន ឬដែលស្ទើរតែមិនមែនជាតួអក្សរ ព្រោះវាជាសញ្ញាសំខាន់មួយដែលកំពុងតែប្រាប់ដល់​ឪពុកម្តាយឱ្យបានដឹងថា កូនរបស់អ្នកកំពុងតែមានបញ្ហាដែលអ្នកត្រូវប្រញាប់កែសម្រួល ដែលឪ​ពុកម្តាយអាចត្រួត​ពិនិត្យ​មើលនៅ​រយ:ដំបូងបាន ដោយសង្កេតមើលតាមរយ:អាការរបស់កុមារដូចតទៅ ៖

    • – តួអក្សរមិនច្បាស់លាស់ ពិបាកអាន
    • ធ្វើចុងខ្មៅដៃបាក់ញឹកញាប់(សរសេរសង្កត់ខ្លាំង)
    • ប្រើដៃចាប់កាន់ខ្មៅដៃម្តងៗមិនដូចគ្នា ដូចជា ម្តងកាន់ដៃខាងឆ្វេង ម្តងកាន់ដៃខាងស្តាំ​-ល-
    • ចាប់កាន់ខ្មៅដៃខុសទំនង និងមិនព្រមប្តូររបៀបចាប់
    • មិនព្រមដាក់កដៃសង្កត់លើក្រដាសសរសេរ
    • មានអារម្មណ៍ធុញទ្រាន់ពេលត្រូវសរសេរ
    • សរសេរលេខ ឬអក្សរឆ្លាស់គ្នា ទោះជារៀនថ្នាក់បថម ឬថ្នាក់ខ្ពស់ជាងហ្នឹងហើយក៏ដោយ
    • ច្រើនតែសរសេររំលង ឬខ្វះពាក្យ ឬតួអក្សរ ទោះជាចម្លងតាមគេក៏ដោយ
    1. វិធីការជួយកែបញ្ហា

    សម្រាប់ឪពុកម្តាយដែលសង្កេតឃើញភាពខុសប្រក្រតីរបស់កូនដូច 8ចំណុចខាងលើនេះ ឪពុកម្តាយអាចជួយកូនៗរបស់លោកអ្នកបានដោយការនាំពួកគេទៅជួបនឹងគ្រូពេទ្យដែលមានជំនាញក្នុងផ្នែកនេះ ដើម្បីឱ្យគ្រូពេទ្យត្រួត​ពិនិត្យភាពខុសប្រក្រតី និងប្រាប់ពីលទ្ធផលនៃការពិនិត្យដែលច្បាស់លាស់មកលោកអ្នកវិញ និងគួរឱ្យគ្រូពេទ្យបានទៅ​ពិនិត្យមើលអាការរបស់កូនដល់ផ្ទះផង ដើម្បីឱ្យគ្រូពេទ្យ​បានបង្ហាត់ក្មេងៗជាមួយ​នឹងឧបករណ៍សម្រាប់​ជួយកែសម្រួលដល់ការ​សរសេរ​របស់កូនបានយ៉ាងស័ក្តិសម។

    តើលោកអ្នកជឿទេថា អក្សរសរសេរដៃរបស់កុមារមានភាពសំខាន់ចំពោះពួកគេមិនតិចឡើយ ព្រោះវាអាចប្រាប់បានអំពីបញ្ហាដែលបង្កប់នៅក្នុងខ្លួនកុមារ ដូច្នេះបើឪពុកម្តាយរឹតតែឆាប់សង្កេតឃើញភាពខុសប្រក្រតីនៃការសរសេរអក្សររបស់កូនបានលឿនប៉ុនណា នឹងរឹតតែឆាប់បានជួយឱ្យកូនៗរបស់លោកអ្នករួចផុតពីបញ្ហានេះបានលឿនប៉ុននោះដែរ និងថែមទាំងអាចជួយឱ្យកូនៗ​មានវិវឌ្ឍនាការដ៏ល្អស័ក្តិសមទៅតាមវ័យបានទៀតផង៕

  • “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    ចំពោះកូនក្មេង ច្រើនតែមានបញ្ហារឿងហូរឈាមចេញតាមច្រមុះជាញឹកញាប់ ក្មេងខ្លះកើតអាការនេះធ្ងន់ធ្ងរ តែក្មេងខ្លះក៏មិនជាធ្ងន់ធ្ងរអ្វីដែរ តែអាការបែបនេះមួយចំនួនគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ឬបើក្មេងខ្លះដែលមានអាការនេះដែរ តែមិនសូវជាធ្ងន់ធ្ងរ អាចធ្វើបឋមព្យាបាលរយៈដំបូងឱ្យសិនក៏បាន តែបើធ្វើបឋមព្យាបាលមិនត្រូវវិធី ក៏អាចនឹងធ្វើឱ្យក្មេងរឹតតែមានអាការធ្ងន់ធ្ងរឡើងបានដែរ…ដូច្នេះ ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុ និងការធ្វើបឋមព្យាបាលដែលត្រឹមត្រូវវិញប្រសើរជាង។

    តើការហូរឈាមច្រមុះបណ្ដាលមកពីអ្វី? អ្នកម្ដាយទាំងឡាយត្រូវតែដឹង…

    • បើដាច់សរសៃឈាមច្រមុះផ្នែកខាងមុខ ឈាមនឹងហូរចេញមកពីរន្ធច្រមុះ។
    • បើដាច់សរសៃឈាមផ្នែកខាងក្រោយ(ឬខាងក្នុង) នឹងធ្វើឱ្យឈាមហូរចូលទៅក្នុងបំពង់ក អ្នកកើតអាការនេះនឹងមានអារម្មណ៍ថាល្វីងខាប់ក្នុងបំពង់ក ឬបើលេបចូលក្នុងពោះ អាចមានអាការក្អួតមានឈាមចេញមកជាមួយ។

    មូលហេតុអាចបណ្ដាលមកពី ៈ

    • . ខ្វេះ កេះ ឬអេះក្នុងច្រមុះ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៅលើក្មេង។
    • កណ្ដាស់ញឹកញាប់ ឬញើសសំបោរខ្លាំងហួសហេតុពេក។
    • ច្រមុះទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង។
    • ធាតុអាកាសត្រជាក់ខ្លាំង និងស្ងួត ធ្វើឱ្យបែកសរសៃឈាម។
    • ការប្រើថ្នាំប្រភេទខ្លះ ធ្វើឱ្យងាយចេញឈាម ដូចជាថ្នាំ អាស្ពីរីន និងថ្នាំបំបាត់ការរលាកក្លាយ។ល។
    • មានវត្ថុប្លែកចម្លែកនៅក្នុងច្រមុះ។ គ្រូពេទ្យធ្លាប់ជួបប្រទះករណី ក្មេងមួយចំនួនញាត់ស្ករគ្រាប់ចូលក្នុងរន្ធច្រមុះដោយឪពុកម្ដាយមិនបានដឹង តែនាំមកជួបគ្រូពេទ្យដោយមានឈាមហូរចេញមកតាមរន្ធច្រមុះម្ខាងនោះ។ ពេលឆ្លុះមើលទៅ ទើបឃើញមានដុំស្ករគ្រាប់ជាប់នៅខាងក្នុងរយៈពេលយូររហូតរលាករន្ធច្រមុះ ធ្វើឱ្យមានឈាមហូរចេញមក។
    • ឈាមបង្កកខ្លួនខុសប្រក្រតី ដូចជាក្នុងជំងឺបណ្ដាលមកពីឈាមប្រភេទខ្លះ ក្មេងច្រើនតែមានឈាមហូរចេញមកខុសប្រក្រតីនៅកន្លែងផ្សេងទៀតលើរាងកាយផងដែរ ដូចជាមានស្នាមជាំខ្មៅតាមរាងកាយ ក្អួតមានឈាមមកជាមួយ បន្ទោបង់មកមានឈាម ឈាមចេញនៅតាមសន្លាក់ និងតាមសាច់ដុំ។ល។
    • ការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ។
    • ដុះសាច់នៅក្នុងប្រហោងច្រមុះ។

    ហូរឈាមច្រមុះបែបណា ទើបត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    1. ហូរឈាមចេញមកយូរជាង 15នាទី។
    2. ហូរឈាមចេញមកច្រើនជាង 1ដងក្នុង 1សប្ដាហ៍។
    3. មានអាការងងឹតមុខ វិលមុខ មុខឡើងស្លាំង ត្រជាក់ចុងដៃ ចុងជើង។
    4. មានអាការចេញឈាមខុសប្រក្រតីផ្សេងទៀតរួមជាមួយ ដូចជាក្អួតចេញឈាម ជុះចេញឈាម មានចេញឈាមតាមសន្លាក់ ឬសាច់ដុំ។
    5. ក្ដៅខ្លួនខ្លាំង។

    បើគ្មានសញ្ញាគ្រោះថ្នាក់ណាមួយទេ អាចធ្វើការបឋមព្យាបាលរយៈដំបូងបានដូចតទៅ ៈ

    ហូរឈាមច្រមុះ តើត្រូវឃាត់ឈាមយ៉ាងណា?

    • អង្គុយស្ងៀមនៅមួួយកន្លែង បង្អោនខ្លួនមកខាងមុខបន្តិច យកម្រាមមេដៃ និងម្រាមចង្អុលដៃច្របាច់ខ្ទប់រន្ធច្រមុះ ហើយដកដង្ហើមតាមមាត់ប្រមាណ 10នាទី។ លុះកន្លងផុតទៅ​10នាទីហើយ ចូរឈប់ច្របាច់ច្រមុះ តែបើសិនជាឈាមនៅតែមិនព្រមឈប់ហូរ ចូរធ្វើតាមដំណាក់កាលដំបូងម្ដងទៀត។
    • បើមានឈាមហូរចូលទៅក្នុងមាត់ ឬបំពង់ក ចូរខ្ជាក់ឈាមនោះចេញ កុំលេបចូលទៅក្នុងពោះ រួមទាំងមិនត្រូវគេងរាបនឹងដី និងមិនងើយមុខឡើងខណៈដែលហូរឈាមច្រមុះឡើយ ព្រោះឈាមអាចនឹងហូរចូលទៅបិទបំពង់ខ្យល់(បំពង់ដង្ហើម) ឬបើលេបចូលទៅ នឹងធ្វើឱ្យក្អួតចេញឈាមនោះមកវិញ។
    • អាចយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬក្រណាត់ខ្ចប់ទឹកកកមកដាក់ស្អំនៅលើក្ដោងច្រមុះបាន។
    • កុំបញ្ចេញខ្យល់តាមច្រមុះ ញើសសំបោរ ឬលូកខ្វេះច្រមុះ ព្រោះនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង។

    ហូរឈាមច្រមុះ និងការមើលថែទាំខ្លួនឯង ក្រោយឈាមឈប់ហូរ

    • ព្យាយាមកុំបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ ឬញើសសំបោរ ឬកណ្ដាស់ 24ម៉ោងក្រោយបាត់ហូរឈាមច្រមុះ។
    • ចៀសវាងពីការស្ថិតនៅក្នុងទីកន្លែងដែលមានធាតុអាកាសស្ងួត និងត្រជាក់ខ្លាំង។

    យ៉ាងណាក៏ដោយ បើធ្វើបឋមព្យាបាលរយៈដំបូងហើយ អាការនៅតែមិនល្អប្រសើរឡើង ឬនៅតែមានឈាមហូរចេញមកញឹកញាប់ដដែលនោះ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងដិតដល់៕

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌

    ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។

    វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់

    • ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។
    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។
    • បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។
    • បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។

    PQ ៈ ភាពឆ្លាតវៃដែលកើតចេញពីការលេង

    PQ (Play Quotient) កើតចេញពីជំនឿដែលថា ការលេងអាចជួយជំរុញវិវឌ្ឍនាការតាមវ័យដល់កុមារបានជាច្រើនផ្នែក។ ក្មេងដែលមាន PQ ល្អ នឹងអាចបូកផ្សំបទពិសោធរបស់គេ ចំណេះដឹង និងការនឹកស្រមៃមកច្នៃប្រឌិតប្រើបានយ៉ាងល្អប្រសើរ។ ការជួយជំរុញការលេងដល់កូនជាទីស្រឡាញ់ គឺជារឿងសំខាន់ខ្លាំងណាស់។

    វិធីជំរុញ PQ ដល់កូនសម្លាញ់

    • ឪពុកម្ដាយត្រូវឧស្សាហ៍លេងជាមួយកូន ដោយអាចមិនចាំបាច់ត្រូវប្រើរបស់លេងថ្លៃៗ តែចូរចាំទុកជាប់ជានិច្ចថា ឪពុកម្ដាយ គឺជារបស់លេងដែលប្រសើរបំផុតរបស់កូន ត្រឹមតែមានឪពុកម្ដាយលេងជាមួយ ក៏កូនមាន PQ ដ៏ល្អបានទៅហើយ។
    • ឱ្យក្មេងតូចៗបានលេងទៅតាមវ័យរបស់គេ មិនចាប់បង្ខំញាត់ចំណេះដឹង ឬច្បាស់លាស់ខ្លាំងជ្រុលពេក រហូតដល់កូនសម្លាញ់គ្មានពេលវេលាសម្រាក ឬបានលេងសប្បាយនោះឡើយ។
    • ជ្រើសរើសរបស់លេងឱ្យស័ក្តិសមទៅតាមវ័យរបស់ក្មេង។ អនិញ្ញាតឱ្យក្មេងៗបានលេងសប្បាយ ទោះជាប្រឡាក់ប្រឡូសខ្លះក៏ដោយ ដូចជា លេងនៅក្នុងកន្លែងក្មេងលេង លេងដីខ្សាច់ ឬលេងដីឥដ្ឋ ជាដើម។

    AQ ៈ ភាពឆ្លាតវៃក្នុងការប្រឈមនឹងបញ្ហា និងពុះពារឧបសគ្គ

    ជីវិតពិតជាមិនមែនងាយស្រួលនោះទេ មិនថាអ្នកណាក៏ដោយ ក៏ត្រូវតែជួបនឹងបញ្ហា និងឧបសគ្គជានិច្ច។ ឪពុកម្ដាយមិនអាចនៅឃុំគ្រងការពារក្មេងៗបានរហូតនោះទេ តែការបណ្ដុះ AQ (Adversity Quotient) ដែលល្អ នឹងក្លាយជាអាវុធសំខាន់ដែលធ្វើឱ្យពួកគេធំធាត់ឡើងបានយ៉ាងរឹងមាំ។

    វិធីជំរុញ AQ ដល់កូនសម្លាញ់

    • ឱ្យក្មេងៗបានហ្វឹកហាត់ប្រឈមបញ្ហាដោយខ្លួនឯង ដោយមានឪពុកម្ដាយនៅចាំមើល និងចាំជួយពីចម្ងាយ។
    • ឱ្យក្មេងៗបានធ្វើកិច្ចការងារជាមួយមិត្តភក្តិ ដើម្បីរៀនយល់ដឹងពីសម្របខ្លួនពេលជួបនឹងបញ្ហា ឬឧបសគ្គ។
    • នៅចាំផ្ដល់កម្លាំងចិត្ត ពេលកូនភ្លាត់ភ្លាំង មិនបន្ទោសបន្ថែម ឬការពារកូនខ្លាំងជ្រុលពេក។
    • បង្ហាត់ឱ្យកូនភាពឧស្សាហ៍ សង្វាត និងព្យាយាមធ្វើរឿងអ្វីមួយដោយការតាំងចិត្តរហូតទាល់តែសម្រេច មិនបោះបង់ចោលដោយងាយៗ។

    SQ ៈ ភាពឆ្លាតវៃក្នុងការចូលសង្គម

    មិនអាចបដិសេធបានឡើយថា ការចេះសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គម និងមនុស្សជុំវិញខ្លួននេះ គឺជារឿងសំខាន់ក្នុងការរស់នៅរបស់មនុស្សយើង ព្រោះតឱ្យពូកែប៉ុនណា ឆ្លាតប៉ុនណា តែបើវិវឌ្ឍនាការផ្នែកសង្គមមិនល្អ នោះច្បាស់ជាបរាជ័យក្នុងជីវិតមិនខាន ដូច្នេះហើយទើបក្មេងៗត្រូវមាន SQ (Social Quotient) ឬភាពឆ្លាតវៃក្នុងការចូលសង្គមដែលល្អ ដើម្បីឱ្យកូនចេះសម្របសម្រួលខ្លួនចូលជាមួយសង្គមបានហ្នឹងឯង។

    វិធីជំរុញ SQ ដល់កូនសម្លាញ់

    • សម្រាប់ក្មេងតូចៗ លោកឪពុកអ្នកម្ដាយត្រូវតែតបស្នងតម្រូវការរបស់ក្មេងៗយ៉ាងស័ក្តិសម ដើម្បីឱ្យកូនមានអារម្មណ៍ជឿទុកចិត្ត មានសុវត្ថិភាព មានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់ និងមើលឃើញគុណតម្លៃរបស់ខ្លួនឯង។
    • នៅលើក្មេងវ័យ 1ខួបឡើងទៅដែលចាប់ផ្ដើមមានវិវឌ្ឍនាការផ្នែកសង្គមហើយនោះ ឪពុកម្ដាយអាចបង្ហាត់ឱ្យកូនចេះសង្កេតមើលអ្នកដទៃ បង្រៀនឱ្យយល់ដឹងពីភាពខុសប្លែក ស្គាល់ពីសិទ្ធិរបស់ខ្លួនឯង និងផ្ដល់កិត្តិយសដល់អ្នកដទៃ ដូចជា របស់ដែលត្រូវលេងរួមគ្នា ត្រូវតែចែកគ្នាលេង ត្រូវថែរក្សារបស់សួនរួម ជាដើម។
    • បង្រៀនឱ្យកូនស្គាល់ការរង់ចាំ អត់ធន់ អត់ទ្រាំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន។
    • បង្រៀនឱ្យកូនចេះចែករំលែក ស្គាល់វិធីចងមិត្តជាមួយអ្នកដទៃ។
    • មើលថែទាំកូនឱ្យមានសុខភាពល្អ ឫកពារល្អ កិរិយាមាយាទល្អ ដើម្បីឱ្យកូនងាយបានទទួលការទទួលស្គាល់ក្នុងសង្គម។

    ភាពឆ្លាតវៃទាំង 7ផ្នែកនេះ គឺជារឿងដែលឪពុកម្ដាយគួរចាប់ផ្ដើមបណ្ដុះដល់កូនតាំងពីនៅតូចៗ ដោយចាប់ផ្ដើមពីការផ្ដល់អារម្មណ៍ដែលស្ថិតស្ថេរ សុវត្ថិភាព សេចក្ដីស្រឡាញ់ និងធ្វើឱ្យគេមើលឃើញគុណតម្លៃរបស់ខ្លួនឯង មុននឹងអភិវឌ្ឍឡើងជាបណ្ដើរៗទៅតាមវ័យ។ សាកល្បងធ្វើតាមពាក្យណែនាំដែលឡារ៉ែនរួបរួមមកជូនក្នុងថ្ងៃនេះលមើល ដើម្បីកូនតូចធំធាត់ឡើង រឹងមាំ និងមានសេចក្ដីសុខ៕

  • រឿងត្រូវប្រយ័ត្ន 5យ៉ាង ពេលនាំកូនដើរក្នុងហាងផ្សាទំនើប

    រឿងត្រូវប្រយ័ត្ន 5យ៉ាង ពេលនាំកូនដើរក្នុងហាងផ្សាទំនើប

    តាមរយ:ឧប្បត្តិហេតុជាច្រើនដងដែលតែងតែកើតឡើងនៅក្នុងហាងផ្សារទំនើបធំៗ និងភាគច្រើនៗកើតឡើងចំពោះកុមារតូចៗដោយសារតែស្ថិតក្នុងវ័យដ៏សែនរពឹស និងឪពុកម្តាយមិនបានប្រុងប្រយ័ត្នផងនោះ ទើបធ្វើឱ្យកើតឧប្បត្តិហេតុដែលមិននឹក​ស្មានដល់ឡើងបាន។ ដូច្នេះការបង្ហាត់ ឬប្រាប់កូនឱ្យចេះប្រុងប្រយ័ត្នជាមុននោះ គឺជាវិធីការពារបញ្ហាជាមុនដ៏ល្អបំផុតមួយ។ នៅក្នុងទស្សនាវដ្តី ឡារ៉ែនលេខនេះ យើងនាំគ្នាមកមើលថា នៅពេលដែលចង់នាំកូនៗទៅលេងផ្សារទំនើប តើមានរឿងអ្វីខ្លះដែលលោកឪពុកអ្នកម្តាយត្រូវប្រយ័ត្ន?

    1 . ជណ្តើរយន្ត

    ត្រូវធ្វើ :

    • -ចាប់កាន់ដៃកូនតូចជាប់ជានិច្ច ខណ:ពេលឡើងជណ្តើរយន្ត។ ឱ្យកូនឈរបែរមុខទៅរកទិសស្របគ្នានឹងការរំកឹល​(ឡើង ឬចុះ)របស់ជណ្តើរ។
    • ពិនិត្យមើលភាពរៀបរយរបស់សម្លៀកបំពាក់កូន ដូចជាជាយអាវ ជើងខោ ឬជាយសំពត់ ខ្សែចងស្បែក​ជើង -ល- ថាតើមានផ្នែកណាមួយត្រូវកៀបជាប់នៅក្នុងធ្មេញរបស់កាំជណ្តើរយន្តឬអត់?។
    • នៅពេលកើតហេតុបន្ទាន់ ដូចជាជណ្តើរយន្តកំពុងកៀបកូន ឬទាញជាយខោអាវ ឬខ្សែស្បែកជើងកូនចូលទៅនោះ ចូរចុចកុងតាក់បញ្ឈប់ជណ្តើរយន្តជាបន្ទាន់(នៅជាប់នឹងបង្កាន់ដៃនៃកាំទី1)ភ្លាម។ បើស្ថិតនៅឆ្ងាយមិនអាចចុចដោយ​ខ្លួន​​ឯង​​បាន ត្រូវប្រញាប់ប្រាប់បុគ្គលិករបស់ហាង ឬអ្នកឡើងជណ្តើយន្តជាមួយគ្នា ឱ្យគេជួយចុចឱ្យក៏បាន។

    មិនត្រូវធ្វើ :

    • កុំឱ្យកូនអង្គុយ ឬលេង ខណ:ពេលកំពុងឡើងជណ្តើរយន្ត (សូម្បីតែការឈរបែរខ្នងដាក់ជណ្តើរក៏មិនគួរធ្វើ​ដែរ) ព្រោះវាអាចប្រថុយនឹងការត្រូវកៀបដៃ ឬជើងបានយ៉ាងងាយ។
    • ចៀសវាងការយករទេះកូនក្មេងឡើងតាមជណ្តើរយន្ត តែត្រូវឡើងតាមជណ្តើរយន្តប្រអប់ជំនួសវិញ ព្រោះវា​អាច​នឹងកើតឧប្បត្តិហេតុ ដូចជារទេះរុញកូនអាចនឹងរបូតពីដៃ រអិលធ្លាក់ទៅក្រោម នាំឱ្យកើតមានគ្រោះថ្នាក់ដល់កូនបាន។

    2 . ជណ្តើរយន្តប្រអប់

    ត្រូវធ្វើ :

    • -ការរង់ចាំឡើងជណ្តើរយន្តប្រអប់យ៉ាងមានសុជីវធម៌ និងមានសុវត្ថិភាពនោះគឺ ឈរតម្រង់ជួរគ្នាមុខ-ក្រោយ។ បើមាន​មនុស្សរង់ចាំច្រើនពេក អាណាព្យាបាលដែលមានកូនតូចគួររង់ចាំឡើង ឬចុះលើកក្រោយ(បន្ទាប់ទៀត)ក៏បាន ព្រោះការចូលទៅប្រជ្រៀតគ្នាណែននៅក្នុងប្រអប់ជណ្តើរយន្តនោះ អាចធ្វើឱ្យជណ្តើរយន្តគាំងនៅមួយកន្លែង ឬអាចបង្កជាហេតុគ្រោះថ្នាក់អ្វីផ្សេងៗបាន។
    • អ្នកម្តាយត្រូវចាំសង្កេតមើល និងប្រាប់កូនកុំឱ្យឈរផ្អែកទ្វារប្រអប់ជណ្តើរយន្ត។
    • នៅពេលកើតហេតុរអាក់រអួលផ្សេងៗ ដូចជាជណ្តើរយន្តប្រអប់គាំងនៅមួយកន្លែង ជាដើម លោកឪពុកអ្នក​ម្តាយ​ត្រូវតាំងស្មារតី ពិនិត្យមើលផ្ទាំងសញ្ញាបញ្ជា(នៅជិតមាត់ទ្វារជណ្តើរយន្ត)ដែលតែងមានកុងតាក់មួយដែលសរសេរថា Emergency Call ចូរចុចកុងតាក់មួយនោះ ដើម្បីប្រាប់ទៅបុគ្គលិករបស់ហាងឱ្យដឹង និងជាការសុំជំនួយ។

    មិនត្រូវធ្វើ :

    • -មិនត្រូវបណ្ដោយឱ្យកូនតូចហក់លោត រត់លេងប្រឡែងគ្នានៅក្នុងប្រអប់ជណ្តើរយន្ត ឬចុចកុងតាក់ឡើង-ចុះលេងនោះទេ ព្រោះអាចបណ្ដាលឱ្យជណ្តើរយន្តមានបញ្ហា និងអាចគាំងដំណើរការ។
    • ខណ:ពេលរង់ចាំ មិនគួរនាំកូនតូចទៅឈរនៅជិតមាត់ទ្វារពេកទេ ព្រោះអាចនឹងត្រូវបុកដោយអ្នកដែលនៅខាងក្នុងពេលដែលទ្វារជណ្តើរយន្តបើកឡើង ដែលនឹងធ្វើឱ្យដួល និងទទួលគ្រោះថ្នាក់បាន។
    • រឿងដែលត្រូវដឹង និងចាំទុកនោះគឺ ពេលមានទឹកលិច ផ្លេកបន្ទោរ រន្ទះ រញ្ជួយផែនដី និងអគ្គិភ័យ មិន​ត្រូវប្រើជណ្តើរយន្តប្រអប់ជាដាច់ខាត។

    3 . ទ្វារ និងកម្រាលឥដ្ឋ

    ត្រូវធ្វើ :

    • -ពេលដើរចេញ ឬចូលតាមមាត់ទ្វារ ត្រូវឱ្យកូននៅចំកណ្តាលមាត់ទ្វារ ដោយមានលោកឪពុក ឬអ្នកម្តាយនៅ​ក្បែរចាប់ដៃកូន ឬលើកកូនពក៏បានដែរ។
    • ពេលដើរនៅក្នុងហាង នៅក្នុងទីកន្លែងដែលស្រឡះៗក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះអាចនឹងមានវត្ថុដែលដាក់ពាំងពីមុខដែលយើងមិនបានមើលឃើញ ឬក៏មានទឹកដក់នៅលើកម្រាលឥដ្ឋ ជាដើម ដែលអាចធ្វើឱ្យកូនដើរបុក ឬរអិលដួលបាន។

    មិនត្រូវធ្វើ :

    • មិនថាកន្លែងណាក៏ដោយនៅក្នុងហាង សូមកុំបណ្តោយឱ្យកូនរត់លេងស្រេចតែចិត្តតែម្នាក់ឯងឱ្យសោះ ជាពិសេសនៅមុខមាត់ទ្វារចេញចូល ព្រោះបើសិនជាទ្វារដែលបើក-បិទដោយស្វ័យប្រវត្តិផងនោះ អាចនឹងធ្វើឱ្យកូនត្រូវទ្វារកៀប​បាន​​​។

    4 . ទូថ្នាក់ៗដាក់ទំនិញ

    ត្រូវធ្វើ :

    • ក្នុងពេលដែលអ្នកម្តាយកំពុងដើររើសទិញទំនិញនៅក្នុងផ្សារទំនើប បើមានមនុស្សធំទៅជាមួយដែរ​ អ្នកម្ដាយអាចឱ្យអ្នកមកជាមួយនោះនាំក្មេងៗទៅលេងនៅកន្លែងរង់ចាំ ឬក្នុងភោជនីយដ្ឋានណាមួយ រង់ចាំឱ្យអ្នកម្តាយទិញឥវ៉ាន់រួចសិន សឹមជួបគ្នាវិញ។ តែបើសិនគ្មានអ្នកជួយមើលទេនោះ គួរឱ្យកូនតូចអង្គុយនៅក្នុងរទេះសម្រាប់កូនក្មេង ឬរទេះដើរទិញឥវ៉ាន់ទៅជាមួយគ្នាក៏បានដែរ។

    មិនត្រូវធ្វើ :

    • មិនគួរនាំកូនដើរនៅកន្លែងដែលមានការសម្តែងអ្វីម្យ៉ាង កន្លែងដាក់តាំង ឬកន្លែងដាក់លក់ទំនិញ ឬផលិតផល​ណា​ដែល​​ងាយបែកបាក់ឡើយ ជាពិសេសគ្រឿងកែវចាន។
    • ចូរប្រយ័ត្នកន្លែងណាដែលមានទូថ្នាក់ៗដាក់ទំនិញច្រើនជ្រុលពេក និងខ្ពស់ៗ ដោយមិនត្រូវឱ្យកូនដើរទៅជិតទីនោះឡើយ។

    5 . រទេះដាក់ឥវ៉ាន់

    • ការប្រើប្រាស់រទេះដាក់ឥវ៉ាន់ គឺជួយសម្រាលបន្ទុកក្នុងការយួរ ឬកាន់របស់របរផ្សេងៗ ងាយស្រួលក្នុងការដើររើសទិញទំនិញ តែជាញឹកញាប់ណាស់ដែលយើងសង្កេតឃើញថា រទេះដាក់ឥវ៉ាន់ បានក្លាយជារទេះដឹកកូនក្មេងតូចៗ ដូច្នេះអ្វីដែលត្រូវប្រយ័ត្ន​ឱ្យបានខ្លាំងបំផុតនោះគឺ ការប្រយឹតប្រតោងលេង លោតឡើងចុះ និងក្រោកឈរដើម្បីស្រវាចាប់យកឥវ៉ាន់ ឬរបស់របរផ្សេងៗរបស់កូនៗ ព្រោះវាអាចធ្វើឱ្យកើតឧប្បត្តិហេតុបានយ៉ាងងាយ។

    ដូច្នេះ គោលការណ៍ងាយៗដែលគួរប្រត្តិបត្តិនោះគឺ កុំឱ្យកូនរបូតផុតពីខ្សែភ្នែកយើងឱ្យសោះ ព្រោះត្រឹមតែ​ប៉ុន្មាននាទីប៉ុណ្ណោះ ឧប្បត្តិហេតុអាចនឹងកើតឡើងបានជានិច្ច។ ពេលនាំកូនៗទៅលេងហាងផ្សារទំនើប លោកឪពុកអ្នក​​ម្តាយត្រូវតែធ្វើជាអ្នកសង្កេតការណ៍ ភ្នែករហ័ស ត្រចៀករហ័ស ដឹងជាមុន ប្រយ័ត្នជាមុន ដើម្បីសុវត្ថិភាពរបស់កូនជាទីស្រឡាញ់៕

  • 5រឿងសំខាន់ ដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ ដើម្បីត្រៀមខ្លួនចូលរៀនមត្តេយ្យ

    5រឿងសំខាន់ ដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ ដើម្បីត្រៀមខ្លួនចូលរៀនមត្តេយ្យ

    ក្មេងតូចក្នុងវ័យ 3ឆ្នាំ ជាអំឡុងវ័យដែលឪពុកម្ដាយទាំងឡាយចាប់ផ្ដើមបញ្ជូនកូនទៅសាលាហើយ ដូច្នេះទើបថ្ងៃនេះ ឡារ៉ែនមានភារកិច្ចសំខាន់ដែលឪពុកម្ដាយនឹងត្រូវបង្ហាត់វិន័យដល់កូនឱ្យចេះជួយខ្លួនឯងក្នុងកិច្ចការងារប្រចាំថ្ងៃផ្សេងៗឱ្យបានមុនពេលគេចូលដល់វ័យរៀនដើម្បីឱ្យកូនបានត្រៀមខ្លួនរួចជាស្រេចមុនចូលរៀនមត្តេយ្យ និងដើម្បីឱ្យខ្លួនគេមិនក្លាយជាបន្ទុកចំពោះអ្នកគ្រូនៅឯសាលា…ដូច្នេះយើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ?

    1 . បង្ហាត់ឱ្យកូនឈប់ស្រឡាញ់ដបទឹកដោះគោ

    ការដែលកូនអាយុជិត 3ឆ្នាំហើយ តែនៅតែស្រឡាញ់ដបទឹកដោះគោ ដើរកាន់ដបទឹកដោះគោគ្រប់ពេលវេលា ឬគេងមិនលក់ បើខ្វះដបទឹកដោះគោជាដើមនោះ មិនត្រឹមតែនឹងធ្វើឱ្យធ្មេញរបស់កូនមានបញ្ហានោះទេ តែនៅប្រថុយនឹងការកើតជំងឺពុកធ្មេញទៀតផង និងថែមទាំងមានផលប៉ះពាល់ដល់ការចូលរៀនត្រៀមមត្តេយរបស់កូនទៀតផង។ ដូច្នេះ នៅពេលកូនឈានចូលដល់វ័យហាត់ដើរ ឬក្នុងអំឡុងវ័យ 1-2ខួប អ្នកម្ដាយគួរចាប់ផ្ដើមបង្ហាត់ឱ្យកូនឈប់ស្រឡាញ់ដបទឹកដោះគោ ហើយបែរមកញ៉ាំទឹកដោះគោតាមរយៈបំពង់បឺត ឬកែវវិញម្ដងបានហើយ។

    2 . បង្ហាត់ឱ្យកូនចេះអង្គុយអ៊ឺអ៊ឹសក្នុងកន្ថោរ

    ក្មេងមួយចំនួនមិនព្រមចូលបន្ទប់ទឹកក្នុងអំឡុងពេលនៅសាលារៀនឡើយ ព្រោះគេមិនចេះអង្គុយលើកន្ថោរ ព្រោះធ្លាប់ស្លៀកតែខោទឹកនោម ដូច្នេះមុនអាយុ 3ខួប ឪពុកម្ដាយគួរតែបង្ហាត់កូនឱ្យចេះជួយខ្លួនឯងក្នុងរឿងនេះ ដែលការបង្ហាត់កូនឱ្យចេះអង្គុយបន្ទោបង់លើកន្ថោរនេះ ក្មេងវ័យ 3ខួបអាចហាត់រៀនបានហើយ គ្រាន់តែឪពុកម្ដាយត្រូវមានពេលវេលានៅចាំនាំកូនទៅអង្គុយបន្ទោបង់លើកន្ថោរ ឬនាំទៅចូលបន្ទប់ឱ្យបានជាប់លាប់ រហូតទាល់តែកូនហាត់ចេះ។ នៅពេលគេចេះចូលបន្ទប់ទឹកបានហើយ លុះដល់វ័យចូលរៀន គេនឹងចេះមើលថែទាំខ្លួនឯងបានមិនខាន។

    3 . បង្ហាត់ឱ្យកូនចេះញ៉ាំបាយដោយខ្លួនឯង

    ក្មេងក្នុងវ័យ 2.5 – 3ឆ្នាំដែលចូលរៀនសាលាមត្តេយ្យនឹងត្រូវញ៉ាំអាហារពេលថ្ងៃត្រង់ដំណាលគ្នា និងញ៉ាំដោយខ្លួនឯង មិនមានអ្នកមកអង្គុយបញ្ចុកដូចពេលនៅផ្ទះនោះទេ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យកូនមានវិន័យ ចេះញ៉ាំបាយដោយខ្លួនឯង ដួសបាយញ៉ាំខ្លួនឯងបានតាំងពីនៅតូច លុះដល់វ័យចូលសាលា គេនឹងបានជួយខ្លួនឯងដោយមិនក្លាយជាបន្ទុកចំពោះអ្នកគ្រូនៅឯសាលា។

    4 . បង្ហាត់ឱ្យកូនចេះដុសសម្អាតធ្មេញ

    សុខភាពប្រអប់មាត់របស់កូនជារឿងសំខាន់ ដែលឪពុកម្ដាយត្រូវយកចិត្តទុកដាក់ និងមិនអាចបណ្ដែតបណ្ដោយបាន ដូច្នេះការបង្រៀនកូនឱ្យមានវិន័យ ចេះដុសសម្អាតធ្មេញនៅពេលព្រឹក ធ្វើឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ កូនក៏នឹងចេះដុសសម្អាតធ្មេញខ្លួនឯង ក្លាយជាក្មេងស្រឡាញ់ភាពស្អាត ធ្មេញមិនពុក និងមានធ្មេញរឹងមាំ។ ពេលដល់វ័យចូលសាលា ក្មេងមត្តេយ្យត្រូវដុសសម្អាតធ្មេញមុនពេលគេង កូនក៏អាចមើលថែទាំខ្លួនឯងបាន។

    5 . បង្ហាត់ឱ្យកូនចេះមើលថែទាំរបស់

    ជាធម្មជាតិរបស់ក្មេងតូច ជាពិសេសក្មេងក្នុងវ័យមត្តេយ្យ គេនឹងនៅហួងហែងរបស់លេង គិតតែពីលេង និងតែងជក់ចិត្តនឹងការលេង រហូតអាចភ្លេចរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន ដូច្នេះទើបឪពុកម្ដាយគួរបង្ហាត់ឱ្យកូនចេះចាំចំណាំរបស់របររបស់ខ្លួនឯង ឱ្យដឹងថា បានដាក់របស់របរខ្លួនឯងនៅត្រង់ណា និងអាចប្រាប់បានថា អ្វីជារបស់ខ្លួនឯង ដើម្បីឱ្យគេចេះមើលថែទាំរបស់របររបស់ខ្លួនឯងបាន មិនដូច្នោះទេ ពេលដល់វ័យចូលសាលា លោកឪពុកអ្នកម្ដាយច្បាស់ជានឹងត្រូវអស់លុយទិញរបស់របរឱ្យកូនម្ដងហើយម្ដងទៀតជាប់រហូតជាមិនខាន៕

  • វិធីបង្ហាត់កុមារឱ្យរៀនយល់ដឹងបានយ៉ាងចម្រើន និងបណ្ដុះគំនឹតយ៉ាងត្រឹមត្រូវដែលអាណាព្យាបាលចាំបាច់ត្រូវតែដឹង…

    វិធីបង្ហាត់កុមារឱ្យរៀនយល់ដឹងបានយ៉ាងចម្រើន និងបណ្ដុះគំនឹតយ៉ាងត្រឹមត្រូវដែលអាណាព្យាបាលចាំបាច់ត្រូវតែដឹង…

    លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Filkenstein និងអ្នកស្រី Lisa filkenstein ជាអ្នកជំនាញការខាងការអប់រំកុមារមកពីសហរដ្ឋអាមេរិក ទាំង 2នាក់សុទ្ធតែជាអ្នកដែលមានបទពិសោធក្នុងការរៀបចំកម្មវិធីសិក្សារៀនសូត្រសម្រាប់កុមារជាង 30ឆ្នាំមកហើយនោះ បាន​ផ្តល់នូវផ្នត់គំនឹតដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលក្នុងរឿងការវិវឌ្ឍរបស់កុមារឆ្លាត ឬកុមារពូកែជាច្រើនចំណុចដូចខាងក្រោម ៖

    អ្នកណាគឺ មនុស្សពូកែ? អ្នកណាគឺ ក្មេងឆ្លាត?

    យើងគ្រប់គ្នាជាមនុស្សពូកែ ពូកែគ្រប់រូបបែប អ្នកខ្លះពូកែច្រៀង អ្នកខ្លះពូកែគូររូប ពូកែប្រដាល់ ពូកែទាត់បាល់ ពូកែគឹត ពូកែនិយាយ ពូកែរាំ ជាដើម-ល- អ្នកខ្លះពូកែច្រើនយ៉ាង អ្នកខ្លះពូកែរតែម្យ៉ាងៗ។ កុមារពូកែ ឬ​កុមារឆ្លាត ភាគច្រើនៗតែមានភាពចង់ដឹង ចង់ឃើញ មានការស្រមើស្រមៃ និងមានគំនឹតច្នៃប្រឌឹតខ្ពស់ និងថែមទាំងមានចំណាប់អារម្មណ៍ធំទូលាយ តែសាលារៀនជាច្រើនមិនសូវជួយជំរុញកុមារក្នុងរឿងនេះឡើយ។ អ្នកគ្រូច្រើនតែនិយាយថា “កុំសួរច្រើនណា អង្គុយឱ្យស្ងៀមៗ” កុមារទាំងនោះក៏អង្គុយសម្លឹងស្លឺចេញទៅក្រៅបង្អួច សម្លឹងមើលមេឃ មើលដើមឈើ អណ្តែតអណ្តូង។ ហើយអ្នកគ្រូនឹងនិយាយថា “កុមារបែបនេះមានបញ្ហា មិនតាំងចិត្តរៀន អារម្មណ៍រវើរវាយ មិនស្តាប់គ្រូ​​បង្រៀន”។ នៅពេលគ្រូគិតថា មានបញ្ហា ក៏ធ្វើឱ្យមិនអាចសម្លឹងឃើញពីលក្ខណ:ផ្សេងទៀតច្រើនជាង “បញ្ហា” ឡើយ។ បើគ្រូគឹតថា មានបញ្ហា ក៏គួរតែរិះរកវិធីកែបញ្ហានេះយ៉ាងរីកចម្រើន យ៉ាងបណ្តុះគំនឹត ដែលវាជារឿងមួយពិបាកណាស់ តែក៏ជារឿងមួយដែលគួរឱ្យសាកល្បងដែរ បើគ្រូចង់ជួយកុមារៗទាំងនោះយ៉ាងពិតប្រាកដមែននោះ។

    ធ្វើយ៉ាងណាទើបក្លាយជាការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹត

    ក្នុងការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹតនេះ លោកអ្នកត្រូវបង្ហាត់ខួរក្បាលរបស់លោកអ្នកឱ្យគិត ហើយក្នុងការ​គិតកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹតនោះ ចម្លើយដែលត្រឹមត្រូវ គឺមានច្រើនលើសពី1 ទៅទៀត។ នៅពេលជួបបញ្ហាជំហានដំបូង យើងត្រូវដឹងថា តើបញ្ហានោះគឺជាអ្វីពិតប្រាកដ?។

    ជំហានបន្តទៅទៀតគឺ ការស្វែងរកធាតុពិត។ យើងត្រូវរកមើលថា តើយើងត្រូវស្វែងរកព័ត៌មានដោយវិធី​ណា? ពីនរណា? ចម្លើយដែលអាចទៅរួចគឺ ប្រភពនៃព័ត៌មានផ្សេងៗដែលអាចរកបាន គឺនៅក្នុងបណ្ណាល័យ សារព័ត៌មាន ទូរទស្សន៍ អ្នកជំនាញការ ឬព័ត៌មានពីបរទេស-ល- ដែលវានឹងជួយឱ្យយើងទទួលបាននូវផ្នត់គំនឹតល្អៗជាច្រើន។ ជំហានបន្តទៅ​ទៀតក៏គឺ ការប្រមែប្រមូលព័ត៌មានដែលទទួលបាននោះ…គឺជាការប្រមូលផ្នត់គំនឹតទាំងអស់មកដោយមិនទាន់សម្រេចចិត្ត។

    ជារឿងមួយដែលគួរឱ្យសង្កេតថា នៅក្នុងបន្ទប់រៀន ពេលមានកិច្ចការខ្លះដែលត្រូវឱ្យកូនសិស្សឡើងឆ្លើយ គ្រូមួយចំនួនពេលកូន​សិស្ស​ឆ្លើយហើយ គ្រូប្រាប់ថា ខុស! សិស្សឯទៀតនឹងសើចគឹលឡើងតែម្ដង។ ពេលនោះ ក្មេងម្នាក់នោះនឹងលែងហ៊ាន​ឆ្លើយទៀតជាមិនខាន។ ក្នុងលក្ខណ:បែបនេះមិនមែនជាការបណ្តុះគំនឹតរបស់កុមារបែបចម្រើនឡើយ។

    នៅពេលប្រមូលព័ត៌មានបានមកហើយ និងបានយល់ច្បាស់ពីបញ្ហាហើយ ជំហានបន្ទាប់ទៅទៀត គឺការរិះរកវិធី ឬគំនឹតល្អៗ ចម្រើនៗក្នុងការកែបញ្ហា ដូចជា នៅពេលយើងរួបរួមបញ្ហា ឬចំណុចខ្សោយនៅក្នុងរឿងណាមួយមកបានហើយ តើយើងនឹង

    កែបញ្ហានេះរបៀបយ៉ាងម៉េច?។ គ្រូអាចបែងចែកកូនសិស្សជាក្រុមឱ្យធ្ចើការរួមគ្នា ដោយប្រមូលផ្តុំគំនឹតក្នុងការកែបញ្ហា។ បន្ទាប់ពី​នោះ គឺជាការដំណើរការកែបញ្ហា និងសិក្សាពីលទ្ធផល រហូតដល់កែសម្រួលបាន។

    រូបបែបនៃការរៀនយល់ដឹង

    ជាទូទៅ មនុស្សយើងមានវិធីរៀនយល់ដឹងច្រើនបែប។ ការដែលយើងត្រូវរៀនយ៉ាងដូចម្តេចនោះ វាកើតចេញពី​ការដែលយើងយល់ដឹងបែបណា ។ លោកវេជ្ជបណ្ឌិត David Kolb បានធ្វើការសិក្សាពីការរៀនយល់ដឹងរបស់ខ្លួន ដោយវាយតម្លៃពីមេរៀនគ្រឹះដែលបានមកពីទ្រឹស្តីរបស់ John Dewey , Kurt lewin និង​ Jean Piaget ហើយសរុបបានរូបបែបរបស់​អ្នករៀន​(សិស្ស) ចេញជា 4បែបគឺ ៖

    1 . អ្នកដែលប្រើប្រាស់អារម្មណ៍ (Feeler) បុគ្គលប្រភេទនេះនឹងទទួលយល់ដឹងតាមរយ:បទពិសោធ​ដោយត្រង់ ដោយប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានមកពីការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អជាទី​បំផុត នៅពេលមានការបញ្ចេញមតិ ការតវ៉ា ការបានស្តាប់ បានឮ និងការផ្លាស់ប្តូរគំនឹតយោបល់គ្នា។

    2 . អ្នកគិតវិភាគ (Thinker)​ ជាអ្នករៀនយល់ដឹងតាមរយ:ការប្រើគំនឹត ត្រិះរិះពិចារណា រួចបង្កើតគំនឹតរួមបែប

    ទ្រឹស្តី និងតាមរយ:ការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អបំផុតតាមរយ:ការស្តាប់ការបរិយាយ និងការសាក​ល្បងព័ត៌មានដោយខ្លួនឯង។

    3 . អ្នកសម្រេចចិត្ត (Dicider) ជាអ្នកទទួលយល់ដឹងដោយអាស្រ័យការគឹត និងការសាកល្បងធ្វើអ្វីមួយ។ កុមារប្រភេទនេះ នឹងរៀនសូត្របានល្អ នៅពេលណាដែលមានការប្រត្តិបត្តិ(អនុវត្ត)។

    4 . អ្នកគិតស្រាវជ្រាវ ច្នៃប្រឌិត (Imagination)​ ជាអ្នកដែលទទួលយល់ដឹងតាមរយ:បទពិសោធពិតដោយ​ប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានទទួលពីការសាកល្បងយ៉ាងពិតប្រាកដ ហើយនិងការបានធ្វើដោយផ្ទាល់។ កុមារប្រភេទ​នេះនឹងរៀនយល់ដឹងបានល្អតាមរយ:វិធីបង្រៀនបែបសិក្សាដោយខ្លួនឯង។

    យ៉ាងណាក៏ដោយ វាជាការណ៍មួយដែលលំបាកនឹងបែងចែកឱ្យច្បាស់យ៉ាងដាច់ខាតណាស់ថា តើអ្នកណាបែប​ណា​​? ។ កុមារក្នុងបែបទី1 និងទី4 មានលក្ខណ:ស្រដៀងគ្នា។ ដូចគ្នានឹងកុមារប្រភេទទី2 និងទី3 ដែរ ដូច្នេះទើបគ្រូៗ​ចាំបាច់ត្រូវតែបង្រៀនកុមារដោយប្រើវិធីការបង្រៀនក្នុងរូបបែបផ្សេងៗយ៉ាងស្មើភាគគ្នា ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់គ្នា​បានរៀនយល់​ដឹង និងបញ្ចេញសមត្ថភាពទៅតាមអ្វីដែលគេថ្នឹក លើកលែងតែគ្រូបានដឹងថា “ក្មេង” ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាក្មេងបែបណា ទើបត្រូវបង្រៀនឱ្យត្រូវនឹងលក្ខណៈការទទួលយល់ដឹងរបស់ក្មេងនោះឱ្យបានច្រើនបំផុត៕