Tag: ក្នុងជីវិត

  • កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    “ម៉ាក់អ៊ើយ អាបងចូលមកក្នុងបន្ទប់កូនទៀតហើយ!”

    “ម៉ាក់!! អាអូនមិនព្រមឱ្យកូនលេងរបស់លេងដែរទេ”

    “ឱ្យប្អូនលេងសិនទៅ”

    “អត់ទេ! កូនលេងមុន!”

    “ដណ្ដើមហ្អេ៎? នេះនែ!!(ផាច់ៗ…វាយគ្នា)”

    ស្ថានការណ៍បែបហ្នឹង ធ្លាប់ជួបទេ? បើសិនជាផ្ទះរបស់អ្នកមានអាល្អិតយ៉ាងតិច 2នាក់រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់ថា ហេតុការណ៍ស្រដៀងៗដែលអ្នកគ្រូ ឆវី លើកជាឧទាហរណ៍ខាងលើនេះ ប្រហែលជាធ្លាប់កើតឡើងចំពោះអ្នកខ្លះមិនខាន។ ការឈ្លោះទាស់ទែងគ្នារវាងបង-ប្អូន គឺជារឿងប្រក្រតីដែលកើតឡើងគ្រប់ផ្ទះ ហើយបើសិនជាលោកឪពុកអ្នកម្ដាយចេះទប់ទល់យ៉ាងត្រូវវិធី វានឹងជួយកាត់បន្ថយបញ្ហាដែលអាចនឹងកើតឡើងក្នុងរយៈពេលវែងបាន។ ខាងក្រោមនេះគឺ វិធី និងគន្លឹះល្អៗដើម្បីឱ្យឪពុកម្ដាយអាចដោះស្រាយបញ្ហាកូនៗឈ្លោះគ្នាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ…។

    • បំបែកជើងខ្លាំងទាំងពីរចេញពីគ្នា ទុករហូតទាល់តែស្ងប់អារម្មណ៍ ៈ ក្នុងករណីខ្លះអាចត្រឹមតែឱ្យកូនទាំងពីរឈប់និយាយ និងឈប់ធ្វើអ្វីគ្រប់យ៉ាងសិន មុននឹងលោកអ្នកចូលទៅកែបញ្ហាជម្លោះទាស់ទែងនោះ តែបើលោកអ្នកត្រូវការឱ្យរឿងហ្នឹងក្លាយជាបទពិសោធដែលកូនៗនឹងបានរៀនយល់ដឹង គួរតែរង់ចាំរហូតទាល់តែអារម្មណ៍របស់ពួកគេស្ងប់ទៅវិញសិន សឹមអប់រំពួកគេ។
    • កុំដាក់សម្ពាធ ឬព្យាយាមរកអ្នកខុស ៈ នៅពេលកូនទាំង 2នាក់ឈ្លោះគ្នា រឿងដែលកើតឡើងក្មេងទាំងពីរត្រូវតែទទួលខុសត្រូវរួមគ្នា។
    • ព្យាយាមសាងស្ថានការណ៍ដែលគ្រប់គ្នាទទួលបានប្រយោជន៍ ៈ ដូចជាហៅថា ស្ថានការណ៍ឈ្នះ-ឈ្នះ(win-win situation)ដើម្បីឱ្យគ្រប់គ្នាបានរៀនយល់ដឹងពីអ្វីម្យ៉ាង ដូចជា នៅពេលដែលកូន 2នាក់ត្រូវការលេងរបស់លេងតែមួយដូចគ្នា អ្នកអាចនឹងប្ដូរទៅជាឱ្យកូនៗបានលេងហ្គេមណាដែលអាចលេងដំណាលគ្នាបានទាំងពីរនាក់ជំនួសវិញ ជាដើម។

    កែសម្រួលនិស្ស័យ បង-ប្អូនត្រូវតែមិនឈ្លោះគ្នា

    តទៅនេះ គឺជារឿងងាយៗដែលលោកអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកាត់បន្ថយជម្លោះរវាងបង-ប្អូន។

    • ដាក់ច្បាប់ ជាពិសេសក្នុងរឿងទង្វើ ៈ ប្រាប់កូនៗថា ក្មេងៗមិនគួរនិយាយពាក្យអាក្រក់ស្ដាប់ ស្រែកគំហកដាក់មុខគ្នា ឬធ្វើមុខមាំកាចដាក់គ្នាទេ និងអធិប្បាយឱ្យស្ដាប់ថា នឹងមានអ្វីកើតឡើងបើសិនជាកូនល្មើសច្បាប់ដោយការបញ្ចេញទង្វើដែលមិនគួរឱ្យប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យក្មេងៗបានដឹងថា គេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់គេ។
    • កុំបណ្ដោយឱ្យកូនៗធ្វើឱ្យអ្នកគិតថា អ្នកត្រូវតែបង្ហាញពីភាពយុត្តិធម៌គ្រប់ពេលឱ្យសោះ ព្រោះក្នុងករណីខ្លះ អាល្អិតម្នាក់ក៏នឹងចាំបាច់ត្រូវទទួលខុសត្រូវលើទង្វើរបស់ខ្លួនច្រើនជាងអាល្អិតម្នាក់ទៀតដែរ។
    • ផ្ដល់នូវការចាប់អារម្មណ៍ចំពោះកូនៗយ៉ាងស្មើភាពគ្នាជាប់ជានិច្ច ជាពិសេសក្រោយការឈ្លោះទាស់ទែងគ្នា។ បើកូនបងចង់ចេញទៅដើរលេង ក៏គួរតែនាំគេទៅ តែពេលត្រឡប់មកវិញ បើកូនប្អូនត្រូវការឱ្យអ្នកនិយាយរឿងនិទានឱ្យស្ដាប់ អ្នកក៏ត្រូវតែធ្វើដែរ។
    • ប្រាកដក្នុងចិត្តថា កូនម្នាក់ៗមានទីកន្លែងផ្ទាល់ខ្លួន និងមានពេលវេលាផ្ទាល់ខ្លួនដែលគេអាចនឹងបានលេងដូចដែលគេត្រូវការដោយមិនចាំបាច់មានបង ឬប្អូនតាមជាប់ទៅជាមួយផង។
    • សម្ដែងឱ្យកូនឃើញ និងអធិប្បាយឱ្យកូនយល់ថា សម្រាប់រូបអ្នក សេចក្ដីស្រឡាញ់ជារឿងដែលត្រូវមានព្រំដែន។
    • ធ្វើឱ្យកូនដឹងថា ពួកគេមានភាពសំខាន់ និងនឹងបានទទួលការមើលថែទាំឱ្យមានសុវត្ថិភាព រួមទាំងតម្រូវការទាំងឡាយដែលស្ថិតលើហេតុផលរបស់កូនដែលនឹងបានទទួលការតបស្នង។
    • ធ្វើកិច្ចការងាររួមគ្នាទាំងគ្រួសារ ព្រោះវានឹងជួយកាត់បន្ថយភាពតានតឹងរវាងបងប្អូនដែលឈ្លោះគ្នាបាន ព្រោះក្នុងកិច្ចការងារទាំងនោះ គ្រប់គ្នានឹងបានទទួលការយកចិត្តទុកដាក់យ៉ាងស្មើៗគ្នា។
    • បើកូនឈ្លោះគ្នាដដែលៗ ក្នុងរឿងដដែលៗ ដូចជាដណ្ដើមគ្នាប្រើកុំព្យូទ័រ ជាដើម អាណាព្យាបាលគួរតែធ្វើតារាងកាលវិភាគការប្រើការរឿងអ្វីមួយនោះសម្រាប់កូនម្នាក់ៗ តែបើនៅតែឈ្លោះគ្នាទៀត ពួកគេទាំងពីរនឹងលែងទទួលបានឱកាសនោះទៀត។
    • បើកូនៗនៅតែឈ្លោះគ្នាញឹកញាប់ លោកអ្នកគួរណាត់ថ្ងៃនិយាយគ្នាក្នុងក្រុមគ្រួសារ ដើម្បីរំឭកអំពីច្បាប់ដែលប្រើក្នុងគ្រួសារ និងរំឭកឡើងវិញនូវភាពជោគជ័យក្នុងការកែបញ្ហាឈ្លោះទាស់ទែងដែលទាំងអស់គ្នាអាចធ្វើបានកាលពីពេលកន្លងៗមក។ លោកអ្នកអាចសាកល្បងប្រើវិធីឱ្យរង្វាន់នៅពេលកូនអាចលេង ឬធ្វើការអ្វីមួយរួមគ្នាបានដោយមិនមានជម្លោះ ដូចជាបើកូនមិនមានឈ្លោះគ្នាសោះក្នុងមួយថ្ងៃ កូនៗនឹងបានជ្រើសទិញនំដែលខ្លួនឯងចូលចិត្តញ៉ាំ ឬមិនមានឈ្លោះគ្នាមួយសប្ដាហ៍ ប៉ាម៉ាក់នឹងនាំទៅដើរលេង ជាដើម។
    • កុំភ្លេចថា ក្មេងៗម្នាក់ៗត្រូវការពេលវេលានៅឆ្ងាយពីបងប្អូន និងក្រុមគ្រួសារខ្លះដែរ ដូច្នេះលោកអ្នកអាចនឹងរៀបចំឱ្យកូនៗបានទៅលេងផ្ទះមិត្តភក្តិជិតដិត ឬឱ្យកូនម្នាក់ៗទៅដើរលេងតែម្នាក់ឯងជាមួយអ្នកក៏បាន។

    *** ខណៈដែលកូនៗរៀនយល់ដឹងក្នុងការចេះរម្ងាប់អារម្មណ៍ គេក៏ថែមទាំងបានរៀនយល់ដឹងពីជំនាញសំខាន់ដែលនឹងប្រើប្រាស់ក្នុងការរស់នៅ ដូចជារឿងការទទួលយកគំនិតយោបល់របស់អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និងការគ្រប់គ្រងទង្វើច្រងេងច្រងាងរបស់ខ្លួនឯង ជាដើម។

    ប៉ាម៉ាក់មិននៅ កូនៗមិនឈ្លោះគ្នា

    កុំភ្លេចណា៎ថា ការដែលអាល្អិតៗរបស់លោកអ្នកឈ្លោះគ្នា ពេលខ្លះក៏ដើម្បីទាមទារការចាប់អារម្មណ៍អំពីលោកឪពុកអ្នកម្ដាយដែរ ដូច្នេះ នៅពេលដែលវាអ៊ីចឹង លោកអ្នកក៏គួរតែរកមើលពេលវេលាទំនេរខ្លះដើម្បីឱ្យខ្លួនឯងបានធ្វើអ្វីម្យ៉ាងដែលជាការងារផ្ទាល់ខ្លួនដោយគ្មានកូនៗនៅក្បែរខ្លះផង ព្រោះ…ជឿអ្នកគ្រូ ឆវី ចុះថា នៅពេលដែលលោកអ្នកមិននៅ កូនៗនឹងរស់នៅជាមួយគ្នាបានយ៉ាងល្អប្រសើរ៕

  • ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត អ្នកណាៗក៏ចង់ដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមថែទាំកូនបានល្អទៀតផង…ជឿឬមិនជឿ សាកល្បងអានអត្ថបទខាងក្រោមនេះសិន។

    ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន

    តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុងពីរបីខែដំបូងដែលប្រសូតចេញមក រឿងទាំងអស់នោះនឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។

    អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗពីរបានសហការគ្នាដើម្បីសិក្សាពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ 3ខែ ដែលលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មីច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើងនៅពេលដែលគេមានអាយុបាន 2ឆ្នាំ។

    ហេតុម្ដេចបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង?

    អ្នកសិក្សាស្រាវជ្រាវបានធ្វើការសាកល្បងដោយសង្កេតមើលទង្វើរបស់ក្មេងតូចក្នុងអំឡុងពេលដែលពួកគេបានមើលសៀវភៅ និងប្រើលក្ខណៈវិនិច្ឆ័យរឿងការស្គាល់ពណ៌ និងរូបរាងបានល្អប៉ុនណា មកប្រើក្នុងការវាស់ និងប៉ាន់ស្មានវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។

    តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Infant Mental Health Journal បានបង្ហាញថា លទ្ធផលដែលទទួលបានមានផលវិជ្ជមានចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូចក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។

    រឿង 5យ៉ាងដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន

    1. ពកូនដើម្បីឱ្យភើ ៈ ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើងដើម្បីឱ្យកូនបានភើ តែតួនាទីជាស្វាមីអាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចីបាន ដោយវិធីដ៏ងាយៗ គឺគ្រាន់តែចេះព ឬបីកូនក៏គ្រប់គ្រាន់ហើយ។
    2. លេងជាមួយកូន ៈ វិធីលេងជាមួយកូនមានច្រើនណាស់ ស្រេចតែលើលោកឪពុកជ្រើសរើសលេង ទាំងយករបស់លេងដែលមានសំឡេងក្រឺងៗមកគ្រវី និទានរឿង លេងផ្លុំក្បាលពោះកូន ឬនាំកូនលេងហោះក៏បាន។ តែប៉ុណ្ណឹងកូនតូចក៏មានសេចក្ដីសុខខ្លាំងទៅហើយ តែសូមជឿចុះថា អ្នកដែលមានសេចក្ដីមិនចាញ់កូនប៉ុន្មាននោះ គឺលោកប៉ាខ្លួនឯងហ្នឹងតែម្ដង។
    3. ងូតទឹកឱ្យកូន ៈ ឪពុកជាច្រើននាក់មានការភ័យខ្លាចពេលដែលត្រូវងូតទឹកឱ្យកូនតូច ខ្លាចរបូតដៃធ្លាក់កូន ធ្វើឱ្យបង្ហាញអាការឆ្គងៗ ភ័យៗ ខ្លាចៗ តែកុំទៅកង្វល់អីច្រើនពេក គ្រាន់តែលោកប៉ាទៅជួយម៉ាក់ៗក៏គ្រប់គ្រាន់ណាស់ទៅហើយ។ ពេលចាប់ផ្ដើមធ្លាប់ និងថ្នឹកហើយ សឹមចាត់ការនាំកូនទៅងូតទឹកតែម្នាក់ឯង។
    4. ប្ដូរក្រណាត់កន្ទប ឬខោទឹកនោម ៈ ក្នុងមួយថ្ងៃៗ កូនតូចអ៊ឹសៗ និងស៊ូចៗញឹកញាប់ណាស់ ធ្វើឱ្យចាំបាច់ត្រូវផ្លាស់ក្រណាត់កន្ទបជាញឹកញាប់ដែរ។ សម្រាប់លោកប៉ាមួយចំនួនគ្រាន់តែដឹងថាកូនអ៊ឹសៗ ក៏ស្រែកចាចបាត់ទៅហើយ ឬបើដឹងថាកូនខ្លួនឯងជាស្រីផងនោះ ក៏លែងហ៊ានផ្លាស់កន្ទបឱ្យតែម្ដង។ អ្នកគ្រូ ឆវីចង់ប្រាប់លោកប៉ាថា លើកដំបូងវារាងពិបាកធ្វើចិត្តបន្តិចហើយ តែយូរទៅវានឹងស៊ាំហើយ(ហេស)។
    5. បញ្ចុកទឹកដោះកូន ៈ មកដល់អំឡុងពេលមួយដែលកូនតូចត្រូវហាត់ញ៉ាំទឹកដោះពីដប ពេលហ្នឹងឯងដែលស្វាមីអាចជួយភរិយាបាន គ្រាន់តែយកទឹកដោះដែលភរិយាច្របាច់ទុករួចស្រេចហើយនោះមកកម្ដៅ រួចដាក់ចូលដបទឹកដោះឱ្យកូនរូចបានមឹម ហើយបំពេកូនឱ្យគេងជំនួសម៉ាក់ៗផង។ ហ្អ!…ហើយកុំភ្លេចពកូនឱ្យភើផងណា ពេលកូនមឹមឆ្អែតហើយ។

    5 រឿងនេះ លោកប៉ាអាចជួយម៉ាក់ៗចិញ្ចឹមមើលថែកូនបានហើយ អាចនឹងមិនបានទាំងអស់មែន តែក៏ហាត់ៗបណ្ដើរៗទៅ ធានាថាលោកប៉ាច្បាស់ជាធ្វើបានល្អក្នុងគ្រប់រឿងមិនខាន និងរង្វាន់ដែលប៉ាៗបានទទួល ក៏មិនមែនអ្វីផ្សេងដែរ គឺសម្ព័ន្ធភាពដ៏ល្អរវាងឪពុក និងកូន ស្នាមញញឹម សំឡេងសើច និងជួនកាលកូនអាចនឹងតាមប៉ាៗខ្លាំងជាងម៉ាក់ៗក៏ថាបានដែរ អ្នកណាទៅដឹងណោះ?!។

    អ្នកគ្រូ ឆវី នៅចាំជួយលើកទឹកចិត្តលោកប៉ាថ្មោងថ្មីគ្រប់រូបណាចា៎ស…

  • ហេតុអ្វីបានរលូតបុត្រ?

    ហេតុអ្វីបានរលូតបុត្រ?

    អនាគតអ្នកម្ដាយជាច្រើនតែងតែមានក្ដីវិតក្កកង្វល់អំពីសុវត្ថិភាពរបស់កូននៅក្នុងផ្ទៃ រួមទាំងការភ័យបារម្ភថា នឹងកើតការរលូត ដែលជាញឹកញាប់ការព្រួយបារម្ភលើរឿងទាំងនេះនឹងធ្វើឱ្យកើតភាពតានតឹងធុញថប់ក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ដែលការពិតទៅ អត្រាការរលូតបុត្រត្រូវបានជួបប្រទះមានត្រឹមតែ 10%នៃការតាំងគភ៌ប៉ុណ្ណោះ ដោយមូលហេតុរបស់ការរលូតបុត្រនេះមានច្រើនយ៉ាងណាស់ តែទាំងអស់នោះ យើងអាចគ្រប់គ្រង និងការពារការរលូតបុត្របាន។

    បច្ច័យប្រថុយប្រថានដែលធ្វើឱ្យកើតការរលូតបុត្រ មានដូចជា ៈ

    • ធ្លាប់មានប្រវត្តិដាក់កងអនាម័យពន្យារកំណើតដែលមានសភាវជ្រៀតជ្រែកពីជំងឺ។
    • ធ្លាប់រលូតបុត្រច្រើនដងរួចមកហើយ។
    • មានក្ដីខកបំណង អស់សង្ឃឹម សោកសៅយ៉ាងធ្ងន់ធ្ងរពីបញ្ហាការងារ ឬក្នុងជីវិតផ្ទាល់ខ្លួន។
    • បានទទួលរងគ្រោះថ្នាក់ ឬឧប្បត្តិហេតុដោយផ្ទាល់ និងរងការបោកប៉ះរាងកាយយ៉ាងខ្លាំងក្លា។
    • ធ្វើការធ្ងន់ ការលើករបស់របរធ្ងន់ៗ ឬការលេងកីឡាដែលត្រូវប្រើកម្លាំងកាយខ្លាំងៗ រួមទាំងការពក្មេងក៏អាចនឹងហុចផលប៉ះពាល់ដូចគ្នាដែរ។
    • មានភេទសម្ព័ន្ធក្នុងអំឡុងពេលតាំងគភ៌ ជាពិសេសជាមួយស្រ្តីមានគភ៌ដែលមានប្រវត្តិធ្លាប់រលូតបុត្រញឹកញាប់។

    អាការដែលបង្ហាញថា កើតសភាវរលូតបុត្រ

    • មានអាការឈឺនៅត្រង់ថ្ងាសខាងក្រោម(ក្រោមផ្ចិត) មានឈាមស្រស់ៗចេញមកតាមរន្ធស្បូន។ ទោះជាហូរចេញមកតិច ឬច្រើនក៏ដោយ ក៏ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដែរ។
    • មានអាការឈឺនៅត្រង់ថ្ងាសខាងក្រោម(ក្រោមផ្ចិត)យ៉ាងខ្លាំង ឬឈឺជាប់ៗគ្នាច្រើនថ្ងៃ។
    • មានឈាមហូរចេញមកតាមរន្ធស្បូនដូចមានវដ្តរដូវប្រចាំខែ ឬមានឈាមហូរចេញមកតិចតួចជាប់ៗគ្នាយូរលើស 3ថ្ងៃ។
    • មានវត្ថុរាវ ខាប់ធ្លាក់ចេញមកតាមរន្ធស្បូនជាដុំឈាម ឬដុំសាច់ពណ៌ផ្កាឈូក នេះបង្ហាញថា ចាប់ផ្ដើមមានអាការរលូតបុត្រហើយ ត្រូវប្រញាប់ទៅមន្ទីរពេទ្យដោយខ្ចប់វត្ថុរាវ ខាប់ដែលហូរចេញមកនោះទៅជាមួយផងជាបន្ទាន់ ព្រោះជួនកាលដុំខាប់ៗទាំងនោះអាចជាផ្នែកមួយនៃតួកំណើតដែលត្រូវបានរលូតចេញមក។

    ការមើលថែទាំ និងការពារដើម្បីមិនឱ្យកើតការរលូតបុត្រ

    • បើសិនធ្លាប់មានប្រវត្តិ ឬមានបច្ច័យប្រថុយប្រថានណាមួយដែលអាចនឹងធ្វើឱ្យកើតអាការរលូតបុត្របាននោះ គួរប្រាប់ទៅគ្រូពេទ្យតាំងពីពេលទៅពិនិត្យគភ៌លើកដំបូង ដើម្បីឱ្យគ្រូពេទ្យជួយមើលថែទាំយ៉ាងដិតដល់។
    • ព្យាយាមកុំមានអារម្មណ៍ធុញថប់ មួម៉ៅ ឬតានតឹង។ ត្រូវរកវិធីបន្ធូរអារម្មណ៍ធុញថប់ទាំងនោះយ៉ាងសមរម្យ ដូចជាការស្ដាប់បទចម្រៀងបែបសប្បាយៗ ការធ្វើម៉ាស្សាបន្ធូរអារម្មណ៍ រួមទាំងការគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ។
    • បើត្រូវជួបនឹងបញ្ហាផ្សេងៗ ទាំងពីកន្លែងធ្វើការ ឬនៅក្នុងផ្ទះ គួរតែរកពេលវេលាសម្រាក ឬបន្ធូរអារម្មណ៍ឱ្យបានច្រើន ដោយអាចនឹងផ្អាកនឹកដល់បញ្ហាទាំងអស់នោះសិន…និងក្រោយពីបាត់ លែងមានអារម្មណ៍ធុញថប់តានតឹងហើយ សឹមងាកមកចាត់ការបញ្ហានោះជាថ្មី ឬក៏ប្រឹក្សាជាមួយមនុស្សជិតដិតណាម្នាក់ដើម្បីសុំការណែនាំផ្ដល់យោបល់ ឬជួយកែបញ្ហាឱ្យយើងក៏បានដែរ។
    • ញ៉ាំអាហារដែលមានប្រយោជន៍ឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមានកម្លាំងថាមពល និងបានទទួលសារជាតិអាហារដែលគ្រប់គ្រាន់សម្រាប់ការរីកចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ។
    • គេចចៀសពីបញ្ហាម្ដងម្កាល កុំលង់ងប់ងល់នៅតែជាមួយបញ្ហា ដូចជាធ្វើការទម្លាយអារម្មណ៍ធុញថប់តានតឹង ឬស្រ្តេសដោយការជជែកនិយាយជាមួយមិត្តភ័ក្តិ ឬស្វាមីអំពីបញ្ហាផ្សេងៗជាដើម ព្រោះការធ្វើបែបនេះក៏អាចនឹងជួយឱ្យយើងបានទម្លាយ និងកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ រួមទាំងអាចនឹងជួយគ្នាដោះស្រាយ កែបញ្ហាទាំងនោះបានផងដែរ។
    • មិនគួរព ឬបីក្មេងខណៈខ្លួនឯងកំពុងតាំងគភ៌នោះទេ ព្រោះក្រៅពីមានគ្រោះថ្នាក់ដល់ទារកនៅក្នុងគភ៌ហើយ នៅមានផលប៉ះពាល់ដល់ឆ្អឹងកងខ្នងរបស់ស្រ្តីមានគភ៌ខ្លួនឯងទៀតផង។
    • ទៅពិនិត្យគភ៌តាមការណាត់របស់គ្រូពេទ្យយ៉ាងទៀងទាត់ និងម៉ឺងម៉ាត់៕
  • ធ្វើយ៉ាងម៉េចទៅ បើកូនជាក្មេងដែលរៀនមិនពូកែ?

    ធ្វើយ៉ាងម៉េចទៅ បើកូនជាក្មេងដែលរៀនមិនពូកែ?

    ប្រាកដណាស់ថា ឪពុកម្ដាយគ្រប់រូបតែងតែនឹកសង្ឃឹមចង់ឱ្យកូនខ្លួនឯងជាក្មេងដែលរៀនពូកែ ដោយសង្ឃឹមថា នៅពេលដែលកូនរៀនពូកែហើយនោះ ធំឡើងក្លាយជាមនុស្សចាស់ គេច្បាស់ជានឹងមានអាជីពការងារល្អៗ និងមានអនាគតល្អមិនខាន។ ថ្ងៃនេះអ្នកគ្រូ ឆវីមានរឿងនិទានដែលផ្ដល់នូវការរិះគិតពាក់ព័ន្ធនឹងខាងដើមមកជម្រាបជូនលោកឪពុកអ្នកម្ដាយគ្រប់គ្នាឱ្យបានដឹង ដូចតទៅ ៈ

    មានបុរសចិនម្នាក់រែកធុងទឹកនៅលើស្មាដើម្បីទៅដងទឹកនៅក្នុងដងអូរ ធុងមួយមានស្នាមបែក ខណៈដែលធុងមួយទៀតគ្មានស្នាមបែកប្រេះអ្វីទាំងអស់ និងអាចផ្ទុកទឹកត្រឡប់ទៅផ្ទះវិញបានពេញធុង តែដោយសារចម្ងាយផ្លូវដ៏វែងឆ្ងាយពីដងអូរត្រឡប់ទៅផ្ទះវិញនោះ ធ្វើឱ្យទឹកនៅក្នុងធុងដែលមានស្នាមបែកនោះនៅសល់តែកន្លះធុងប៉ុណ្ណោះ។

    ហេតុការណ៍ទាំងអស់នេះដំណើរការទៅអស់រយៈពេល 2ឆ្នាំពេញ ដែលអ្នករែកទឹកអាចដងទឹកត្រឡប់ទៅផ្ទះវិញបានត្រឹមតែមួយធុងកន្លះ ដែលរឿងនេះប្រាកដណាស់ថា ធុងទឹកដែលគ្មានស្នាមប្រេះបែកនឹងមានអារម្មណ៍មោទនភាពលើលទ្ធផលការងាររបស់ខ្លួនឯងជាទីបំផុត ខណៈពេលជាមួយគ្នា ធុងទឹកដែលមានស្នាមប្រេះបែកក៏មានអារម្មណ៍ខ្មាស់អៀនចំពោះភាពមិនសមប្រកបរបស់ខ្លួនឯង។ វាមានអារម្មណ៍សោកសៅជាខ្លាំងចំពោះការដែលវាអាចបំពេញតួនាទីបានត្រឹមតែពាក់កណ្ដាលនៃគោលបំណងដែលវាត្រូវបានសាងឡើងមក។ បន្ទាប់ពីពេលវេលា 2ឆ្នាំដែលធុងទឹកមានស្នាមប្រេះបែកមើលឃើញថាជាក្ដីបរាជ័យដ៏ល្វីងជូរចត់នោះ ថ្ងៃមួយនៅក្បែរដងអូរ វាបាននិយាយជាមួយអ្នករែកទឹកថា ៈ

    ខ្ញុំមានអារម្មណ៍ខ្មាស់ខ្លួនឯងខ្លាំងណាស់ ដោយសារតែស្នាមបែកនៅខាងៗខ្លួនរបស់ខ្ញុំ ធ្វើឱ្យទឹកដែលនៅខាងក្នុងហូរចេញមករហូតនៅតាមផ្លូវដែលត្រឡប់ទៅផ្ទះរបស់លោកវិញ

    អ្នករែកទឹកឆ្លើយថា

    ឯងធ្លាប់សង្កេតមើលទេថា មានដើមផ្ការីកស្គុះស្គាយនៅតាមដងផ្លូវរហូតនៅខាងរបស់ឯង តែបែរជាមិនមានផ្ការីកសោះឡើយនៅឯខាងធុងម្ខាងទៀត ព្រោះតែខ្ញុំដឹងថាឯងមានស្នាមបែក ទើបខ្ញុំយកគ្រាប់ពូជដើមផ្កាមករោយនៅខាងៗផ្លូវខាងឯង និងរៀងរាល់ថ្ងៃដែលយើងដើរត្រឡប់ទៅផ្ទះវិញ គឺឯងហ្នឹងឯងជាអ្នកស្រោចទឹកដាក់គ្រាប់ពូជទាំងនោះ និងរយៈពេល 2ឆ្នាំហើយដែលខ្ញុំអាចកាច់ផ្កាស្អាតៗទាំងនោះយកត្រឡប់ទៅដាក់តាំងលម្អនៅលើតុបាយ បើសិនជាគ្មានឯងដែលជាខ្លួនរបស់ឯងអ៊ីចឹង…យើងក៏ប្រហែលជាមិនអាចទទួលបានភាពស្រស់ស្អាតបែបនេះបានដែរ

    អ្វីដែលអ្នកគ្រូ ឆវីចង់ប្រាប់គឺ បេះដូងមនុស្សដែលជាឪពុកជាម្ដាយភាគច្រើន តែងតែចង់ចិញ្ចឹមកូនឱ្យល្អទាំងអស់គ្រប់យ៉ាង

    ជាពិសេសបំផុត នឹកសង្ឃឹមចង់ឱ្យកូនរបស់យើងជាក្មេងរៀនពូកែ ព្រោះតែជឿថា ក្មេងដែលរៀនពូកែ ច្រើនតែទទួលបានជោគជ័យក្នុងជីវិត ដែលប្រៀបដូចជា “ធុងទឹកដែលគ្មានស្នាមបែក” តែបើសិនជាកូនរៀនមិនពូកែ ឪពុកម្ដាយក៏នឹងមានអារម្មណ៍អស់សង្ឃឹម និងស្ដីថាឱ្យកូនថា ជាក្មេងមិនល្អ មិនបានការ ធ្វើឱ្យក្មេងបាត់បង់ក្ដីមោទនភាពចំពោះខ្លួនឯងដូច “ធុងទឹកដែលមានស្នាមបែក” ដោយអាចនឹងមិនបានសង្កេតមើលឡើយថា កូនរបស់យើងមានចំណុចល្អអ្វីខ្លះបង្កប់នៅក្នុងខ្លួនគេដែលក្រៅពីរឿងរៀនសូត្រហើយនោះ ដូចជា គេជាក្មេងដែលរួសរាយស្រស់ស្រាយ ចូលចុះជាមួយមិត្តភ័ក្តិ មានទឹកចិត្តល្អ នៅជាមួយអ្នកណាក៏មានតែសំឡេងសើចសប្បាយ។ ពិតណាស់ថា ការដែលឪពុកម្ដាយចង់ឱ្យកូនក្លាយជាក្មេងរៀនពូកែ មិនមែនជារឿងខុសឆ្គងទេ តែការដែលកូនរៀនមិនពូកែក៏មិនមែនជារឿងខុសឆ្គងដែរ។ សាកល្បងបើកចិត្តទទួលស្គាល់កូនក្នុងរូបបែបដែលជារូបគេ និងសម្លឹងរកមើលរឿងដែលល្អបំផុតនៅក្នុងខ្លួនរបស់គេ ព្រោះគ្មានក្មេងណាម្នាក់កើតមកហើយគ្មានចំណុចល្អសោះនោះទេ គ្រាន់តែវាស្ថិតលើមនុស្សដែលជាឪពុកម្ដាយនឹងជ្រើសរើសសម្លឹងមើលផ្នែកណាមួយរបស់កូនតែប៉ុណ្ណោះ៕

  • ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិដើម្បីជាប្រយោជន៍ដល់កូន។

    1 . កូនបានរៀនយល់ដឹងពីភាសា ៈ តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នា រឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។

    2 . ជំរុញខួរក្បាល ៈ ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

    3 . បង្កើនចំណេះដឹង ៈ ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

    4 . យល់ពីខ្លួនឯង យល់ពីអ្នកដទៃ ៈ ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

    5 . ចេះឆ្លើយឆ្លងទាក់ទង ៈ ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់យើងឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

  • …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    តើលោកឪពុកអ្នកម្ដាយធ្លាប់បានឮពាក្យសម្ដីប្រហាក់ប្រហែលនេះចេញពីមាត់កូនៗដែរទេ?

    “អត់ទេ”

    “កូនធ្វើអត់បានទេ”

    “វាពិបាកធ្វើណាស់”

    “កូនមិនដឹងថា វាត្រូវធ្វើយ៉ាងម៉េចទេ”

    “ម៉ាក់ជួយធ្វើឱ្យកូនបន្តិចបានទេ”

    ពេលខ្លះកូននឹងមានពាក្យសម្ដីបែបនេះក្នុងពេលដែលត្រូវធ្វើរឿងអ្វីថ្មីៗ ក្មេងមានអារម្មណ៍ថាវាពិបាក ខ្លាចថាធ្វើមិនបាន ដែលទោះជាមនុស្សចាស់ជួយលើកទឹកចិត្តឱ្យសាកល្បងធ្វើលមើលយ៉ាងណា តែជួនកាលក្មេងក៏នៅតែរួញរាមិនចង់ធ្វើដដែល និងញឹកញាប់ណាស់ដែលមនុស្សចាស់កាត់ក្ដីរំខានចិត្តដោយការធ្វើជំនួសឱ្យតែម្ដង។

    ក្មេងៗជាច្រើនមានសមត្ថភាព សតិបញ្ញាល្អ តែខ្វះក្ដីព្យាយាមបន្តិច។ ក្ដីព្យយាម គឺជារឿងសំខាន់ រឹតតែក្នុងយុគសម័យដែលអ្វីៗក៏ងាយស្រួលសប្បាយនោះ ក្មេងៗភាគច្រើនពេលជួបការងារដែលពិបាក ក៏នឹងរួញរា និងមិនចង់ធ្វើ។ សេចក្ដីព្យាយាម គឺជារឿងដែលយើងត្រូវប្រើរហូតមួយជីវិត ដូចជាពេលរៀន ដែលនៅពេលថ្នាក់កាន់តែខ្ពស់ឡើង មុខវិជ្ជាក៏កាន់តែពិបាកឡើងជារឿយៗ ឬពេលធំក្លាយជាមនុស្សធំហើយជួបនឹងបញ្ហា បើសិនជាខ្វះក្ដីពុះពារព្យាយាម ជីវិតប្រហែលជាកាន់តែលំបាកខ្លាំងឡើងមិនខាន។

    នៅក្នុងជីវិតពិត គឺជារឿងមិនអាចទៅរួចឡើយដែលនឹងមានមនុស្សជាឪពុកម្ដាយនៅតាមមើលថែ និងតាមជួយរហូតតទៅនោះ ដូច្នេះហើយទើបសុភាសិតដែលថា “ខ្លួនទីពឹងខ្លួន” គឺជារឿងចាំបាច់។ ឪពុកម្ដាយត្រូវមានចិត្តរឹងប៉ឹងគួរសម កុំជួយកូនគ្រប់តែរឿង ចូរឱ្យកូនសាកល្បងធ្វើដោយខ្លួនឯង និងដែលសំខាន់ គឺឪពុកម្ដាយត្រូវធ្វើជាគំរូ ដោយត្រូវមានក្ដីព្យាយាមក្នុងការធ្វើអ្វីក៏ដោយ ដែលទោះជាវាពិបាកប៉ុនណាក៏ត្រូវតែសម្ដែងចេញមកថា ខ្លួនមានការតាំងចិត្ត និងព្យាយាមដែរ និងទោះជាធ្វើហើយ មិនទទួលបានជោគជ័យ ក៏ត្រូវតែកោតសរសើរកូនចំពោះការព្យាយាម មិនមែនសម្លឹងតម្រង់ទៅរកតែលទ្ធផលដែលចេញមកនោះទេ។

    សាកល្បងឱ្យកូនៗបានធ្វើអ្វីដោយខ្លួនឯង ដូចជាការចេះជួយខ្លួនឯងដែលគេអាចធ្វើបានទៅតាមវ័យ ឱ្យកូនៗបានរៀនយល់ដឹងខ្លះ តែក៏កុំភ្លេចថា បើកូនខំព្យាយាមហើយ នៅតែធ្វើមិនបានទៀតនោះ កម្លាំងចិត្តពីឪពុកម្ដាយគឺជារឿងដែលកូនៗត្រូវការបំផុត ប្រៀបដូចជាស្បៀងដែលធ្វើឱ្យកូនមានភាពរឹងមាំខាងផ្លូវចិត្តតទៅទៀតនៅពេលធំឡើង។ ព្រោះថា បើកូនជាក្មេងឆ្លាត តែបើគេខ្វះការព្យាយាម អ្វីៗក៏គង់ពិបាកមិនខាន។

    ព្រោះក្នុងជីវិតពិត មានបទសាកល្បងជាច្រើនដែលមិនអាចឆ្លងឱ្យផុតបានដោយភាពឆ្លាតវៃតែម្យ៉ាងនោះទេ តែត្រូវមានក្ដីក្លាហាន ក្ដីព្យាយាម និងភាពរឹងប៉ឹងខាងផ្លូវចិត្តជាមូលដ្ឋានផងដែរ៕

  • 5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យ គឺជារឿងដែលឪពុកម្ដាយជាច្រើននឹកសង្ឃឹមទុក ព្រោះចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ អាចរស់នៅក្នុងពិភពដ៏ធំទូលាយនេះបានយ៉ាងល្អឥតខ្ចោះ និងមានសេចក្ដីសុខ។ ថ្ងៃនេះ អ្នកគ្រូ ឆវីសូមអញ្ជើញលោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលទាំងអស់មកមើលពី 5 វិធីក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយអាចជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សធំម្នាក់ដែលល្អឥតខ្ចោះ និងទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។

    1 . ឱ្យកូនជួយធ្វើការងារផ្ទះបន្តិចបន្តួច

    លទ្ធផលនៃការស្រាវជ្រាវវិភាគមកពីក្រៅប្រទេស បានរកឃើញថា ការបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការងារផ្ទះត្រឹមតែបន្តិចបន្តួចនោះ នឹងជួយឱ្យពួកគេទទួលជោគជ័យក្នុងជីវិតបាន ដែលការងារនេះនឹងជួយក្នុងរឿងនៃការបណ្ដុះភាពទទួលខុសត្រូវ និងជួយឱ្យក្មេងៗចេះពឹងពាក់លើខ្លួនឯង។

    អ្នកជំនាញការម្នាក់មកពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ និងជាអ្នកនិពន្ធសៀវភៅ How to Raise an Adult បានរៀបរាប់ថា ការឱ្យក្មេងៗមានចំណែករួមក្នុងការធ្វើការងារផ្ទះ ដូចជា លាងចាន យកសំរាមទៅចោល ស្រោចទឹកផ្កា ឬបោកខោអាវរបស់ខ្លួនឯងជាដើមនោះ នឹងជួយឱ្យពួកគេស្គាល់ពីតួនាទីរបស់ខ្លួនឯងដែលគួរមានចំពោះសួនរួម។ ជាការបណ្ដុះភាពទទួលខុសត្រូវ និងជួយហ្វឹកហាត់ការពឹងពាក់លើខ្លួនឯងបាន។ នៅពេលក្មេងៗធំធាត់ឡើង ពួកគេនឹងក្លាយជាមនុស្សធំដ៏ល្អ មានជំនាញក្នុងការធ្វើការងាររួមជាមួយអ្នកដទៃ មានការយល់ចិត្តយល់ថ្លើម យល់ពីអារម្មណ៍អ្នកដទៃច្រើនឡើង ឧស្សាហ៍ព្យាយាម ស៊ូនឹងការងារ និងថែមទាំងអាចធ្វើការងារបានយ៉ាងសម្បូរបែបដោយប្រើពេលវេលារៀនយល់ដឹងតែបន្តិចទៀតផង។

    2 . ឱ្យកូនស្គាល់ពីការព្យាយាម និងហ៊ានប្រឈមនឹងការបរាជ័យ

    “ការបរាជ័យ គឺជាគ្រូដ៏ល្អរបស់ភាពជោគជ័យ” តែក្មេងៗប្រហែលជាមិនយល់អំពីប្រយោគនេះទេ។ បើលោកឪពុកអ្នកម្ដាយមិនធ្លាប់បង្រៀនឱ្យពួកគេស្គាល់ពីការបរាជ័យ ឬការខកបំណងទេនោះ តាមរយៈការវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្ដាយឱ្យកូនបានរៀនយល់ដឹង និងហ៊ានប្រឈមជាមួយនឹងការបរាជ័យ នឹងហុចផលឱ្យគេមានការព្យាយាម និងចេះបត់បែនក្នុងការរស់នៅខ្លាំងឡើង។ ក្រៅពីនេះឪពុកម្ដាយគួរបង្រៀនឱ្យកូនចេះចាត់ការជាមួយអារម្មណ៍របស់ខ្លួនឯង ឱ្យគេចេះគ្រប់គ្រងសតិ និងអារម្មណ៍ មិនឱ្យភាពតានតឹងធុញថប់មួម៉ៅមកកាត់បន្ថយកម្លាំងចិត្តបានឡើយ បើទោះជាជួបតែក្ដីអស់សង្ឃឹម និងក្ដីបរាជ័យរហូតក៏ដោយ។

    3 . ឱ្យកូនៗស្គាល់ពីការចូលសង្គម និងសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ

    បច្ចុប្បន្នជំនាញការចូលសង្គម អាចរាប់បានថា ជាផ្នែកមួយសំខាន់ដែលជួយអភិវឌ្ឍភាពឆ្លាតវៃដល់កូនៗ ដែលតាមរយៈការសិក្សាស្រាវជ្រាវរបស់បរទេសបានរកឃើញថា ក្មេងដែលមានជំនាញក្នុងការចូលសង្គមដែលល្អ មានសម្ព័ន្ធភាពដែលល្អជាមួយមិត្តភ័ក្តិបងប្អូន នឹងមានឱកាសទទួលបានជោគជ័យក្នុងជីវិតច្រើន ដោយសារតែក្មេងនឹងស្គាល់ពីការរស់នៅរួមជាមួយអ្នកដទៃ ស្គាល់ពីការធ្វើការងារជាក្រុម យល់ពីចិត្ត និងអារម្មណ៍របស់អ្នកដទៃ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទៀតផង។

    4 . តាំងគោលដៅរឿងការរៀនសូត្ររបស់កូន

    ឪពុកម្ដាយដែលផ្ដល់ចំណាប់អារម្មណ៍លើរឿងការសិក្សារៀនសូត្ររបស់កូន នឹងជួយបើកផ្លូវ និងរុញច្រានឱ្យកូនឈានឆ្ពោះទៅរកភាពជោគជ័យបាននាពេលអនាគត។ លើកឧទាហរណ៍ដូចជា បើសិនឪពុកម្ដាយនឹកសង្ឃឹមឱ្យកូនបានទទួលការសិក្សារៀនសូត្ររហូតដល់កម្រិតបរិញ្ញាបត្រ ពួកគេក៏នឹងមានសញ្ញាថានឹងរៀនបានចប់មហាវិទ្យាល័យ ដោយឪពុកម្ដាយជាអ្នកចាត់ការ និងរៀបផែនការអនាគតឱ្យទៅកូនៗតាំងពីនៅតូចៗ ហើយពួកគេក៏នឹងដឹងពីតួនាទីរបស់ខ្លួនថា ពេលនេះគួរធ្វើអ្វី និងធ្វើដើម្បីអ្វី។ ជាការសាងកម្លាំងដឹកនាំចិត្តដល់កូន ឱ្យគេមានអារម្មណ៍សប្បាយរីករាយ មានកម្លាំងជំរុញចិត្ត និងយកចិត្តទុកដាក់លើការរៀនសូត្រកាន់តែខ្លាំងឡើង ដើម្បីរូបគេខ្លួនឯងនាពេលអនាគត។

    5 . ឪពុកម្ដាយគួរធ្វើជាគំរូដ៏ល្អដល់កូនៗ

    ការដែលចង់ឱ្យកូនទទួលបានភាពជោគជ័យ ឪពុកម្ដាយក៏គួរធ្វើឱ្យកូនមើលឃើញជាគំរូថា ទម្រាំតែឪពុកម្ដាយរបស់គេទទួលបានភាពជោគជ័យក្នុងជីវិតនោះ ត្រូវឆ្លងកាត់ឧបសគ្គអ្វីមកខ្លះ ត្រូវមានភាពស៊ូទ្រាំអត់ធន់ មានក្ដីព្យាយាម និងមានតួនាទីក្នុងសង្គមយ៉ាងណា?។ នៅពេលគេបានឃើញពីអ្វីដែលឪពុកម្ដាយបានធ្វើជាប្រចាំរាល់ថ្ងៃហើយនោះ ក្មេងៗក៏នឹងកើតការជ្រួតជ្រាប និងធ្វើតាម កើតជាទង្វើការរៀនយល់ដឹងដែលនាំឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យក្នុងជីវិតនេះ មិនមែនជារឿងងាយឡើង តែក៏មិនមែនជារឿងដែលពិបាកហួសនឹងធ្វើបានដែរ គ្រាន់តែលោកឪពុកអ្នកម្ដាយត្រូវមានពេលវេលាយកចិត្តទុកដាក់ចំពោះកូនឱ្យបានច្រើនឡើង មានការអប់រំផ្គុំនិស្ស័យដ៏ល្អ រួមទាំងធ្វើជាគំរូដ៏ល្អដល់កូនៗប៉ុណ្ណោះ តែលោកឪពុកអ្នកម្ដាយក៏មិនគួរតឹងរ៉ឹងម៉ឺងម៉ាត់ជាមួយកូនជ្រុលពេកដែរ បង្ហាត់ប្ងរៀនជាបណ្ដើរៗ កែសម្រួលទង្វើរបស់កូនម្ដងបន្តិចៗជាបណ្ដើរៗ និងដែលសំខាន់បំផុតនោះគឺ កុំភ្លេចផ្ដល់សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារផង៕

  • 7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    1 –  សម្លឹងមើលពិភពលោកក្នុងន័យល្អ   ជីវិតក៏មានតែរឿងរីករាយ
    សម្លឹងមើលពិភពលោកក្នុងន័យអាក្រក់   ជីវិតកករល្អក់ និងទុក្ខសោក
                       “គំនិតល្អៗវិជ្ជមានជាប្រភពនៃសេចក្តីសុខ”

    2 – មនុស្សមានបញ្ញា ច្បាស់ជាប្រើបញ្ញា ក្នុងការកែបញ្ហា
    ចូររៀនយល់ដឹងក្នុងការប្តូរបញ្ហា ឱ្យក្លាយជាបញ្ញា
              “បញ្ញាល្អច្បាស់ជាមានសេចក្តីសុខ”

    3 – បុប្ផារីកស្គុសស្គាយ តែក៏ងាយនឹងរុះរោយ
    ឯអំពើល្អរបស់មនុស្សវិញ គង់វង្សពាសពេញជានិរន្តរ៍
    “ជីវិតរបស់មនុស្សល្អ គឺជីវិតដែលមានតែសេចក្តីសុខ”

    4 – បាបមិត្ត គឺ មិត្តអាក្រក់ មិត្តដែលនាំទៅរកអំពើបាប
    កល្យាណមិត្ត គឺ មិត្តល្អ ចូរសេពគប់ចុះ
    សម្ព័ន្ធមិត្ត គឺ មិត្តដែលចងសម្ព័ន្ធនឹងគ្នាព្រោះផលប្រយោជន៍ មិត្តបែបហ្នឹង ចូរប្រយ័ត្ន!
                                   “មានសម្ព័ន្ធភាពល្អ ជីវិតក៏មានសេចក្តីសុខ”

    5 – ចូរមានសេចក្តីសុខខណៈធ្វើការ
    ចូររីករាយចិន្តាខណៈដកដង្ហើម
    “ធ្វើការងារល្អ ជីវិតក៏មានសេចក្តីសុខ”

    6 – អ្វីគ្រប់យ៉ាងក្នុងលោកនេះ វាត្រឹមត្រូវស្រាប់ទៅហើយ
    មានតែការយល់ឃើញរបស់មនុស្សយើងប៉ុណ្ណោះដែលខុស
    “សម្លឹងមើលពិភពលោកក្នុងន័យល្អ ជីវិតក៏មានសេចក្តីសុខ”

    7 – ក្រុមគ្រួសារគឺ មូលដ្ឋានសំខាន់របស់ជីវិត
    មានក្រុមគ្រួសារល្អ ជីវិតក៏មានសេចក្តីសុខ
    “មានក្រុមគ្រួសារល្អ ជីវិតក៏នឹងមានសេចក្តីសុខទ្វេគុណ”

    រៀបរៀងដោយៈ តាវ៉ែនតា