Tag: កំហុស

  • ចំណុចគួរដឹងសម្រាប់ការដាក់ទោសកូនដោយការវាយ

    ចំណុចគួរដឹងសម្រាប់ការដាក់ទោសកូនដោយការវាយ

    បើស្រឡាញ់កូនឱ្យវាយ ជាពាក្យដែលចាស់ៗនាំគ្នាប្រតិបត្តិមកតាំងពីបុរាណដែលអាចប្រើប្រាស់បានល្អចំពោះគ្រួសារខ្លះ តែបច្ចុប្បន្នគ្រូពេទ្យចិត្តសាស្រ្តកុមារបានណែនាំឱ្យប្ដូរទស្សនគតិនោះសម្រាប់ឪពុកម្ដាយសម័យថ្មីឱ្យដាក់ទោសកូនដោយការឱប(ស្រឡាញ់កូនឱ្យឱប)វិញទើបប្រសើរជាង។ ការវាយកូន អាចវាយបាន តែវាយយ៉ាងម៉េច និងវាយពេលណាទើបហុចផលឱ្យកូនមានទង្វើបែបវិជ្ជមាននោះ យើងនាំគ្នាតាមដានជាបន្ត…។

    ការដាក់ទោសកូនដោយការវាយ គួរចាប់ផ្ដើមជាមួយកូនពេលអាយុប៉ុន្មាន?

    វាយកូនពេលអាយុប៉ុន្មាន? ប្រហែលជាសំណួរដ៏ល្ងង់ៗមួយដែលមនុស្សជាច្រើនអានហើយអស់សំណើច…ឆ្កួតទេដឹង ចេះសួរកើត?។ ក្នុងផ្នែកវេជ្ជសាស្រ្ត គ្រូពេទ្យចិត្តសាស្រ្តមានគោលការណ៍ក្នុងការវាយកូន ដែលឪពុកម្ដាយត្រូវដឹងថា វាយនៅពេលណា និងក្នុងអំឡុងអាយុដែលស័ក្តិសម។ ការវាយកូន ឪពុកម្ដាយពិតជាត្រូវការវាយដើម្បីប្រដៅឱ្យចេះ ឱ្យចាំ វាយព្រោះស្រឡាញ់ត្រូវវាយកូនពេលអាយុ 3ឆ្នាំឡើងទៅ ព្រោះក្មេងវ័យ 3ឆ្នាំនេះអាចចេះបែងចែក ល្អមិនល្អ គួរមិនគួរ សមមិនសម និងគេយល់ពី​អ្វីដែលម្ដាយធ្វើចំពោះគេបានខ្លះៗហើយ។

    ការដាក់ទោសកូនដោយការវាយដែលត្រឹមត្រូវ

    ការដាក់ទោសកូនដោយការវាយ គួរតែជាការដាក់ទោសកម្រិតខ្ពស់បំផុត និងឡារ៉ែនសូមណែនាំឱ្យវាយដោយកំហុស 3យ៉ាង ដូចជា៖

    1 . វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញខ្លួនឯង។

    2 . វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញអ្នកដទៃ។

    3 . វាយកូន ព្រោះកូនបំផ្លាញរបស់របរ។

    រូបបែបនៃការវាយកូនដែលល្អបំផុត គឺគួរវាយដោយប្រើដៃ ព្រោះការវាយដោយប្រើវត្ថុផ្សេងៗ ក្មេងនឹងមានអារម្មណ៍ថា ជាទង្វើដែលធ្ងន់ធ្ងរ និងហុចផលវិជ្ជមានដល់ផ្លូវចិត្តរបស់កូន។

    ការដាក់ទោសកូនដោយការវាយ តើមានវិធីណាល្អជាងនេះទេ?

    ឡារ៉ែនសូមណែនាំ ឱ្យដាក់ទោសដោយការការឱបវិញ ព្រោះការឱបច្បាស់ជាល្អជាងការវាយប្រាកដណាស់។ ការឱបកូនត្រូវបានទទួលស្គាល់ជាសកលថា ល្អ! មានប្រយោជន៍ដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេង ធ្វើឱ្យកោសិកាខួរក្បាលធ្វើការបានល្អឡើង។ ការប៉ះពាល់ សាងនូវសេចក្ដីស្រឡាញ់ សម្ព័ន្ធភាព និងជាចំណុចចាប់ផ្ដើមដែលនឹងធ្វើឱ្យក្មេងបានរៀនយល់ដឹងពីសេចក្ដីស្រឡាញ់ច្រើនជាងវិធីណាទាំងអស់ ដូច្នេះការដែលនិយាយថា ស្រឡាញ់កូនឱ្យឱបនោះ គឺត្រឹមត្រូវណាស់សម្រាប់ការដាក់ទោសបែបអ្នកម្ដាយឆ្លាតវៃនាយុគសម័យថ្មីនេះ៕

  • អាណាព្យាបាលទាំងឡាយ មកនាំគ្នាបង្រៀនកូនឱ្យស្គាល់ពីសេចក្ដីស្រឡាញ់វិញប្រសើរជាង!

    អាណាព្យាបាលទាំងឡាយ មកនាំគ្នាបង្រៀនកូនឱ្យស្គាល់ពីសេចក្ដីស្រឡាញ់វិញប្រសើរជាង!

    សេចក្ដីស្រឡាញ់ធ្វើឱ្យពិភពលោកភ្លឺថ្លាស្រស់ស្រាយ និងកាន់តែគួរឱ្យចង់រស់នៅខ្លាំងឡើង តែ តើទស្សនៈពាក់ព័ន្ធនឹងសេចក្ដីស្រឡាញ់របស់កូនតូចរបស់យើងវិញ យ៉ាងណាដែរទៅហ្ន៎?…ក្មេងវ័យតេះតះនៅមិនទាន់ស្គាល់សេចក្ដីស្រឡាញ់ទេ គេដឹងតែត្រឹមថា ប៉ា និងម៉ាក់ គឺជារបស់ផស់គេ គឺបើគេត្រូវការនៅពេលណា ឬយ៉ាងណានោះ ប៉ាម៉ាក់ត្រូវតែជាអ្នកតបស្នងឱ្យគេភ្លាម មិនថាតែការឱបថើប លួងលោម របស់លេង ឬចំណីអាហារនោះឡើយ គេត្រូវតែបានវាមកតាមដែលគេត្រូវការ។

    ដូច្នេះ យើងនាំគ្នាមកបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តរបស់កូនយើងទាំងអស់គ្នា និងបើកចិត្តឱ្យទូលាយដើម្បីមេរៀនជីវិតរបស់កូន…

    បេះដូងសំខាន់របស់ការបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តកូនឱ្យបានសម្រេចគឺ អាណាព្យាបាលត្រូវមានក្ដីមេត្តាករុណាចំពោះកូនតូចរបស់លោកអ្នកជាមុនសិន ព្រោះក្មេងតូចៗតែងតែធ្វើរឿងខុសឆ្គងជាប់ជានិច្ច និងត្រូវរឭកដឹងជាប់ជានិច្ចថា កំហុសឆ្គងដែលកើតឡើងពីភាពមិនដឹងក្ដីរបស់កូននោះ គឺជាមេរៀនជីវិតរបស់កូន ដូច្នេះឪពុកម្ដាយត្រូវចិត្តត្រជាក់ៗ តាំងសតិស្មារតី មិនគួរស្រែកគំហក ក្រេវក្រោធ ឬដាក់ទោសកូនហាក់ដូចជាថា រឿងរ៉ាវដែលកើតឡើងនោះជាកំហុសដ៏ធំធេង ព្រោះរឹតតែលោកអ្នកដាក់ទោស និងប្រើកំហឹងដាក់កូនខ្លាំងប៉ុនណា នឹងរឹតតែទៅបាំងរារាំងបេះដូងតូចមួយរបស់កូនលែងឱ្យហ៊ានក្នុងការរៀនយល់ដឹង មិនហ៊ានក្នុងការហាមាត់សួរ ឬលែងហ៊ាននិយាយស្ដីជាមួយម្ដាយរបស់ខ្លួនទៀតផង។ នៅពេលទៅជាដូច្នេះ វាក៏ប្រហែលជាការលំបាកណាស់ដែលគ្រាប់ពូជនៃសេចក្ដីស្រឡាញ់ក្នុងចិត្តរបស់កូននឹងរីកចម្រើនធំធាត់ចេញផ្កា ចេញផ្លែដើម្បីអ្នកដទៃជាបន្តនោះ។

    រឿងល្អៗក្នុងសង្គម ចាប់ផ្ដើមពីគ្រួសារ

    កូនតូចគួរបានរៀនយល់ដឹងថា ការជួយគ្នាបន្តិចបន្តួចនោះ គឺជារឿងដែលគ្រួសារត្រូវការ ដោយសារតែគេជាចំណែកមួយរបស់គ្រួសារ ព្រោះយើងសុទ្ធតែអាស្រ័យនៅក្រោមដំបូលតែមួយជាមួយគ្នា និងចុងក្រោយបំផុតទៅគឺ ព្រោះវាជារឿងដែលត្រឹមត្រូវមួយដែលគួរធ្វើ ដូចជា បង្រៀនឱ្យកូនចេះរៀបចំទុកដាក់កន្លែងគេងដោយខ្លួនឯងក្រោយភ្ញាក់ពីគេង ឬប្រមូលទុកដាក់របស់លេងរៀងរាល់ពេលលេងរួច ដោយអាណាព្យាបាលអាចធ្វើជាតារាងតួនាទីការទទួលខុសត្រូវរបស់កូនបិទនៅលើកន្លែងណាដែលងាយមើលឃើញ។ នៅពេលកូនធ្វើតាមតួនាទីក្នុងមួយថ្ងៃបានសម្រេចហើយ ក៏គួរតែមានរង្វាន់ ឬពាក្យសរសើរបន្តិចបន្តួច ដើម្បីឱ្យកូនមានមោទនភាពចំពោះអ្វីដែលគេមានចំណែកធ្វើនោះផង។

    យកចិត្តទុកដាក់ បារម្ភ និងអនុគ្រោះ សណ្ដោសមេត្តាគ្នាទៅវិញទៅមក

    បង្ហាញឱ្យកូនឃើញថា លោកអ្នកមានក្ដីអាណិតមេត្តាចំពោះបុគ្គលជុំវិញខ្លួន ដោយការយកចិត្តទុកដាក់ និងកង្វល់បារម្ភពីជីវិតរបស់គ្នាទៅវិញទៅមក។ ចាបផ្ដើមយ៉ាងងាយៗពីមនុស្សក្នុងក្រុមគ្រួសារ ដូចជា បើសិនលោកតា លោកយាយឈឺថ្កាត់ លោកអ្នកអាចនឹងបបួលកូនទៅសួរសុខទុក្ខគាត់ដល់ផ្ទះ ដោយមានទិញរបស់ផ្ញើជាប់ដៃទៅជាមួយផង ឬបបួលកូនចូលចង្រ្កានដើម្បីធ្វើម្ហូបអាហារឆ្ងាញ់ៗយកទៅផ្ញើគាត់ក៏បាន។ ការបង្ហាញពីភាពមានទឹកចិត្តល្អ កង្វល់បារម្ភរកគ្នាទៅវិញទៅមកបែបនេះឱ្យកូនៗបានឃើញរហូតក្លាយជារឿងធម្មតា ទម្លាប់ល្អៗទាំងនេះក៏នឹងជ្រួតជ្រាបជាសន្សឹមៗទៅក្នុងដួងចិត្តរបស់កូន និងបញ្ជូនបន្តទៅក្នុងសង្គមដោយស្វ័យប្រវត្តិនៅពេលដែលគេធំឡើង។

    ចែករំលែកសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក

    រឿងងាយៗដែលគ្រប់ក្រុមគ្រួសារអាចធ្វើបាន តែច្រើនតែមើលរំលងនោះគឺ ការបរិច្ចាគវត្ថុរបស់របរទៅឱ្យអ្នកដែលខ្វះឱកាស។ បើទូដាក់សៀវភៅនៅក្នុងផ្ទះចាប់ផ្ដើមពេញ ឬរាងកាយរបស់កូនចាប់ផ្ដើមធំធាត់រហូតស្លៀកពាក់ខោអាវពីមុនលែងត្រូវ សាកល្បងរៀបចំវត្ថុទាំងនោះ ឬវត្ថុណាដែលលែងត្រូវការប្រើប្រាស់ហើយដាក់ចូលក្នុងឡាំង ហើយបបួលកូនទៅចែករំលែកវត្ថុទាំងនោះដល់អ្នកដទៃ។ រឿងនេះគឺជាមេរៀននៃការចែករំលែកដំបូងគេដែលអាណាព្យាបាលអាចធ្វើបានជាមួយកូនៗ រួមទាំងការធ្វើឱ្យកូនៗមើលឃើញថា លោកអ្នកបានធ្វើនូវរឿងដែលក្រៅពីមុខនាទីរបស់លោកអ្នក ដូចជារីករាយស្វាគមន៍ បើអ្នកជិតខាងផ្ទះត្រូវការជំនួយ ឬផ្ដាំផ្ញើមើលថែទាំសត្វសុនខខណៈដែលពួកគេទៅខរ្តឆ្ងាយ ឬបបួលកូនទៅអានសៀវភៅឱ្យមនុស្សពិការភ្នែកស្ដាប់ ជាដើម។ ការដែលលោកអ្នកលះបង់ពេលវេលារបស់ខ្លួនទៅធ្វើរឿងផ្សេងៗដើម្បីអ្នកដទៃយ៉ាងស្ម័គ្រចិត្ត និងមានសេចក្ដីសុខនេះ មិនត្រឹមតែកូនៗនឹងមានមោទនភាពលើរូបអ្នកប៉ុណ្ណោះទេ តែគេនៅមើលឃើញលោកអ្នកថា ជាគំរូក្នុងការធ្វើអំពើល្អទៀតផង។

    សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន

    ក្នុងពិភពនៃព័ត៌មាន និងការប្រកួតប្រជែងគ្នាដូចសព្វថ្ងៃនេះ វាអាចទៅរួចខ្លាំងណាស់ដែលកូនៗនឹងមានអារម្មណ៍ថា ពិភពលោកជុំវិញខ្លួនគេពិតជាអាក្រក់ និងមានគ្រោះថ្នាក់ណាស់ ដូច្នេះអាណាព្យាបាលគួរតែដឹកនាំឱ្យកូនសម្លឹងមើលរឿងល្អៗរបស់ពិភពលោកមួយនេះ ឱ្យកូនមានអារម្មណ៍ថា ក្នុងពិភពលោកមួយនេះនៅមានរឿងរ៉ាវជាច្រើនទៀត មិនមែនមានតែភាពអាក្រក់ៗដែលយើងបានឮតាមរយៈព័ត៌មានប៉ុណ្ណោះទេ។

    យ៉ាងណាក៏ដោយ ការដែលលោកអ្នកចង់បង្រៀនឱ្យកូនសម្លឹងពិភពលោកក្នុងន័យវិជ្ជមានបាននោះ ឪពុកម្ដាយក៏ត្រូវតែសម្លឹងពិភពលោកក្នុងន័យវិជ្ជមានដូចគ្នា។ អ្វីដែលសំខាន់នោះគឺ បើលោកអ្នកចង់ឱ្យកូនធំឡើងក្លាយជាមនុស្សបែបណា លោកអ្នកក៏ត្រូវធ្វើជាគំរូបែបនោះឱ្យទៅកូន ព្រោះទីបំផុតទៅ រូបកូនហ្នឹងឯងដែលនឹងក្លាយជាផ្ទាំងកញ្ចក់ឆ្លុះបង្ហាញពីរូបពិតប្រាកដរបស់លោកអ្នកចេញមក…។ ដូច្នេះ តើលោកអ្នកចង់ឱ្យកូនធំឡើងក្លាយជាមនុស្សបែបណា???៕

  • ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

    ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

    នៅពេលដែលក្មេងធ្វើខុស ភាគច្រើនពួកគេ​តែងតែ​គេចវេស ឬ​តែងតែ​ភ័យខ្លាចខ្លាំងពីការដាក់ទោសរបស់​មនុស្សធំ។ ទម្លាប់បែបនេះបានធ្វើឱ្យ​ក្មេងតូច​ក្លាយជាមនុស្សដែលមិនមានការទទួលខុសត្រូវនៅថ្ងៃអនាគតហើយ​ថែមទាំងអាចធ្វើឱ្យ​ពួកគេក្លាយជាមនុស្សខុសម្តងហើយម្តងទៀតដដែលៗ។

    ទាក់ទងទៅនឹងបញ្ហានេះ មានអ្នកស្រាវជ្រាវមួយចំនួន ជាពិសេសអ្នកអប់រំបានផ្តល់ជាដំបូន្មានថាអាណាព្យាបាលគួរស្វែងរក​ដំណោះស្រាយ ឬផ្តល់ឱកាសសម្រាប់ការកែខ្លួន និង​លើកទឹកចិត្តចំពោះ​ការទទួលកំហុសរបស់ក្មេងៗ។

    1. កុមារ​នឹងមិនខ្លាចប្រសិនបើ​មនុស្សធំផ្តល់ឱកាសឱ្យ
    កុមារ​នឹងលែងក្លាយជាមនុស្សដែល​គេចវេសពីបញ្ហាទៀតហើយ ប្រសិន​បើ​មនុស្សធំផ្តល់ឱកាសឱ្យពួកគេដើម្បីកែខ្លួនព្រោះកុមារភាគច្រើនដែលចូលចិត្តការគេចវេសពីកំហុសដោយសារតែពួកគេភ័យខ្លាចការដាក់ទោស និងការប្រើកំហឹងព្រមានពួកគេពីសំណាក់មនុស្សធំ។ ម្យ៉ាងវិញទៀត ក្មេងក៏ដូចជាមនុស្សធំទូទៅដែរគ្មានអ្នកណាម្នាក់ចង់ធ្វើខុសនោះទេគ្រាន់តែពេលខ្លះក្មេងធ្វើខុសដោយសារមិនយល់ពីហេតុផល​នៃសកម្មភាព ឬដឹងមិនដល់នូវអ្វីដែលពួកគេកំពុងធ្វើថាអាចនឹងជះផលអវិជ្ជមានដល់ពួកគេឬអត់ប៉ុណ្ណោះ។ នៅពេលដែលមនុស្សធំ ផ្តល់ឱកាសដល់ពួកគេ ក្មេងតូច​នឹងព្យាយាម​បង្ហាញយ៉ាងស្មោះត្រង់ថាគេពិតជាធ្វើនូវសកម្មភាពដែលខុសនោះមែន ដើម្បីទទួលបានឱកាសសម្រាប់ការកែខ្លួន។

    2. ក្មេងនឹង​ក្លាហានប្រសិនបើ​មានការលើកទឹកចិត្តនៅពេលដែលគេធ្វើត្រូវ
    កូនក្មេង​ គឺជាវ័យដែលចង់បានភាពសំខាន់ ហើយចង់ធ្វើអ្វីឱ្យមនុស្សធំសរសើរតែមនុស្សធំភាគច្រើនតែងតែ​មើលរំលងក្មេងៗត្រង់ចំណុចហ្នឹង។ នៅពេល​ដែលក្មេងធ្វើខុសមនុស្សធំ​ព្យាយាម​ចាប់កំហុស តែនៅពេលដែលគេធ្វើត្រូវ បែរជាមិនមានការយកចិត្តទុកដាក់ការកោតសរសើរ ឬការលើកទឹកចិត្តឱ្យក្មេងខំបន្តសកម្មភាពល្អៗនោះទៀត ឬ​លើកសរសើរចំពោះការកែកំហុសរបស់ក្មេងទៅវិញ។

    សកម្មភាព​បែបនេះអាចធ្វើឱ្យក្មេង​នៅតែព្យាយាមធ្វើខុសព្រោះគេយល់ថា​ទោះបីជាធ្វើត្រូវក៏គ្មានបានផលចំណេញអ្វីដល់គេដែរព្រោះពួកគេនៅតែគ្មានភាពសំខាន់ក្នុងភ្នែកមនុស្សធំ។ តែប្រសិនបើ​មនុស្សធំចេះលើកទឹកចិត្តវិញពួកគេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបង្ហាញថា​​ ពួកគេជាមនុស្សល្អហើយមានសេចក្តីក្លាហានក្នុងការ​ប្រឈមជាមួយនឹងបញ្ហានានាទៀតផង៕