Tag: កៅស៊ូ

  • ទស្សនៈវិជ្ជមានលើវិស័យកៅស៊ូ ខណៈចំណូល 10ខែ ឆ្នាំ2018ទទួលបាន 218លានដុល្លារ

    ទស្សនៈវិជ្ជមានលើវិស័យកៅស៊ូ ខណៈចំណូល 10ខែ ឆ្នាំ2018ទទួលបាន 218លានដុល្លារ

    ទោះបីជានៅក្នុងប្រទេសជិតខាងមួយចំនួនមានបញ្ហាផលិតកម្មក្ដី ក៏ទិន្នផលកៅស៊ូរបស់កម្ពុជានឹងកើនឡើងនៅឆ្នាំ2018ដែរ ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផលហើយវិស័យនេះក៏ទទួលបានអត្ថប្រយោជន៍ពីស្ថិរភាពតម្លៃផងដែរ។

    ឯកឧត្តម ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញទស្សនវិស័យសម្រាប់វិស័យកៅស៊ូក្នុងស្រុកថា នៅតែមានភាពវិជ្ជមានដោយផលិតកម្មនឹងកើនឡើងជារៀងរាល់ឆ្នាំ និងមានតម្លៃថេរ។

    ឯកឧត្តម ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ

    ឯកឧត្តមបានថ្លែងថា មិនដូចប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលដាំដើមកៅស៊ូនៅលើដីពុំសូវមានជីជាតិនោះឡើយ កៅស៊ូរបស់កម្ពុជាភាគច្រើនស្ថិតនៅតំបន់ដែលមានដីសម្បទានសម្បូរជីជាតិ ដែលឱ្យផលិតកម្មកើនឡើងទោះបីជាទើបមានទឹកជំនន់ថ្មីៗក៏ដោយ។

    ឯកឧត្តមបានពន្យល់ថា លក្ខខណ្ឌអាកាសធាតុល្អនៅក្នុងប្រទេសកម្ពុជាកំពុងធ្វើឱ្យផលិតកម្មកៅស៊ូកើនឡើង។ លោកបញ្ជាក់ថា៖“មានសញ្ញាណល្អជាច្រើនសម្រាប់វិស័យកៅស៊ូកម្ពុជា នៅចុងឆ្នាំនេះយើងរំពឹងថា នឹងផលិតបានកៅស៊ូប្រមាណជាង 220,000តោន”។

    សូមបញ្ជាក់ថា កម្ពុជាបានផលិតកៅស៊ូតាំងពីឆ្នាំ2007មក និងបច្ចុប្បន្នមានចម្ការកៅស៊ូចំនួន440,000ហិកតានៅក្នុងប្រទេស ដែលក្នុងនោះមាន 200,000ហិកតាកំពុងត្រូវបានគេប្រមូលផលហើយគេរំពឹងថា ផលិតកម្មនឹងបន្តពង្រីកបន្ថែមទៀត។ ចំពោះតម្លៃកៅស៊ូវិញ នៅមានស្ថិរភាពប៉ុន្តែអ្នកផលិតសង្ឃឹមថា វានឹងកើនឡើងនាពេលអនាគត ប្រសិនបើការផ្គត់ផ្គង់សកលកំពុងធ្លាក់ចុះ និងស្តុកនៅប្រទេសចិន និងជប៉ុននៅតែមានទំហំធំ។

    យោងតាមក្រសួងកសិកម្មបាននិយាយថា តម្លៃជាមធ្យមរបស់កៅស៊ូគឺ 1,394ដុល្លារក្នុងមួយតោន។ ប្រទេសវៀតណាមនៅតែជាទីផ្សារសំខាន់សម្រាប់កៅស៊ូរបស់កម្ពុជា ហើយរដ្ឋាភិបាលកំពុងចរចាជាមួយប្រទេសចិនដែលជាអ្នកនាំចូលកៅស៊ូធំបំផុតក្នុងពិភពលោកដើម្បីចាប់ផ្ដើមនាំចេញដោយផ្ទាល់។ ការចរចាផ្តោតលើបញ្ហាផ្សេងៗគ្នារួមទាំងពន្ធដែលមានស្រាប់ផង ដោយរដ្ឋាភិបាលចិននៅតែពុំទាន់សម្រេចចិត្តថា តើនឹងផ្តល់ការអនុគ្រោះពន្ធដល់កៅស៊ូកម្ពុជាដែរឬអត់?។

    បើតាមឯកឧត្តម ប៉ុល សុផា បានឱ្យដឹងថា៖ “កម្ពុជានឹងមិនធ្វើតាមអ្នកផលិតកៅស៊ូធំៗក្នុងការផ្លាស់ប្តូរផលិតកម្មដើម្បីបង្កើនតម្លៃនោះទេ យើងជាអ្នកផ្គត់ផ្គង់តូចមួយនៅលើទីផ្សារពិភពលោកហើយបើទោះជាមានការធ្លាក់ចុះតម្លៃក៏ដោយ ក៏យើងនឹងមិនកាត់បន្ថយផលិតកម្ម ឬកាត់បន្ថយការដាំកៅស៊ូដែរ ព្រោះថា ការផ្គត់ផ្គង់កៅស៊ូលើសនៅលើទីផ្សារពិភពលោក តែងតែប៉ះពាល់ដល់តម្លៃក្នុងស្រុក”។ ការកត់សម្គាល់របស់លោកបានកើតមានបន្ទាប់ពីប្រទេសថៃដែលជាអ្នកផ្គត់ផ្គង់កៅស៊ូធំបំផុតមួយនៅលើពិភពដែលបានបង្ហាញពីផែនការកាត់បន្ថយផលិតកម្មដើម្បីបង្កើនតម្លៃក្នុងស្រុក។

    យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រសិប្បកម្មកែច្នៃកៅស៊ូចំនួន 139កន្លែង ដោយអាចផលិតកៅស៊ូស្ងួតបានជាង 19ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ2017 ប្រាក់ចំណូលបានពីការលក់ជ័រកៅស៊ូមានរហូតដល់ជិត 300លានដុល្លារអាមេរិក ដែលចំណូលនេះបានរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរង្វង់7%។

    ក្នុងជំនួបកាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម FAO បានជួបពិភាក្សាជាមួយនឹងឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្តីពីការរៀបចំបង្កើតគម្រោងថ្នាក់តំបន់ដែលពាក់ព័ន្ធនឹងប្រទេសចំនួន3 គឺ កម្ពុជា ថៃ និងប្រទេសមីយ៉ាន់ម៉ាលើវិស័យកៅស៊ូដោយបានផ្ដោតសំខាន់ទៅលើវិស័យកៅស៊ូនៅកម្ពុជាដែលធ្វើឱ្យមានកៅស៊ូកម្ពុជាស្ថានភាពនឹងនរ និងមានចីរភាពឡើងវិញ។

    លោក បណ្ឌិត Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម FAO មានប្រសាសន៍ថា កសិករផលិតកៅស៊ូមានបញ្ហាប្រឈមជាខ្លាំងគួរឱ្យព្រួយបារម្ភ ជាពិសេសលើបញ្ហាតម្លៃកៅស៊ូធម្មជាតិកំពុងធ្លាក់ថ្លៃ និងការប្រែប្រួលខាងអាកាសធាតុ រួមទាំងទិន្នផលកៅស៊ូបានធ្លាក់ចុះ។

    គម្រោងថ្នាក់តំបន់ត្រីភាគីរវាងប្រទេសទាំង3នឹងធ្វើការផ្ដោតសំខាន់ទៅលើប្រព័ន្ធសង្កេតការណ៍ការសិក្សាស្រាវជ្រាវ និងវិភាគជាលម្អិតនៃលទ្ធផលដែលទទួលបាននៃប្រទេសនីមួយៗ ដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃអំពីស្ថានភាព ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តការដាំដុះ និងការប្រមូលផលជ័រកៅស៊ូ រួមទាំងធ្វើការកែសម្រួល។

    លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting យល់ឃើញថា វិស័យមួយនេះនឹងប្រសើរឡើង បើទោះបីជាមានពេលខ្លះធ្លាក់ចុះក៏ដោយ តែជារួម គឺត្រូវតែកើនឡើងនាថ្ងៃអនាគត។

    លោក ង៉ែត ជូ ថ្លែងប្រាប់កាសែតឡារ៉ែនថា៖”ថ្វីដ្បិតតែខ្ញុំពុំមានព័ត៌មាននៃការវិវឌ្ឍថ្មីៗនៃវិស័យកៅស៊ូក្ដី តែខ្ញុំយល់ឃើញដូច្នេះថា វិស័យកៅស៊ូឆ្នាំខ្លះវាធ្លាក់ថ្លៃក្នុងរយៈពេលខ្លី ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការជាដើម ប៉ុន្ដែជារួម និន្នាការទីផ្សារកៅស៊ូ វាត្រូវតែឡើងថ្លៃ ដោយផ្អែកលើការរីកចម្រើននៃឧស្សាហកម្មកែច្នៃមួយចំនួននៅក្នុងស្រុកម្យ៉ាងយើងមានតែទីផ្សារនាំចេញដូច្នេះយើងត្រូវជំរុញការផលិត ការធានាពីគុណភាព និងនិរន្ដរភាពនៃផលិតផល”។

    គិតត្រឹមរយៈពេល10ខែនៃឆ្នាំ2018នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង 16ម៉ឺនតោន ទទួលបានចំណូល 218លានដុល្លារ។ ចំនួននេះបានកើនឡើង23% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូដោយរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល10ខែកន្លងមកនេះ តម្លៃកៅស៊ូបានធ្លាក់ចុះក្នុងកម្រិត1,355ដុល្លារក្នុង1តោន គឺធ្លាក់ចុះប្រមាណ18%។

    កម្មករកំពុងធ្វើការប្រមូលផលជ័រកៅស៊ូ

    សូមបញ្ជាក់ផងដែរថា កៅស៊ូរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជាង 44ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលចៀរជ័របានមាន 20ម៉ឺនហិកតា ស្មើនឹង47% និងផ្ទៃដីកំពុងថែទាំជាង 24ម៉ឺនហិកតា ស្មើនឹង53%៕

  • អ្នកដាំកៅស៊ូមានសង្ឃឹមឡើងវិញ៖ ចិនប្រកាសទិញកៅស៊ូ 3សែនតោនពីកម្ពុជា

    អ្នកដាំកៅស៊ូមានសង្ឃឹមឡើងវិញ៖ ចិនប្រកាសទិញកៅស៊ូ 3សែនតោនពីកម្ពុជា

    ភ្នំពេញ៖ កាលពីពេលថ្មីៗនេះអាជ្ញាធរខេត្តសានស៊ី ប្រទេសចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជា ដើម្បីទិញកៅស៊ូពីកម្ពុជាចំនួន 300,000តោន ដែលអាចនឹងចាប់ផ្ដើមនាំចូលលើកដំបូងនៅឆ្នាំ2018។
    នេះបើតាមការឱ្យដឹងពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មក្នុងជំនួបជាមួយឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន ដែលដឹកនាំប្រតិភូចិន និងជប៉ុនដើម្បីជួបពិភាក្សាការងារវិនិយោគលើកិច្ចការពាណិជ្ជកម្មនៅកម្ពុជា។

    ក្នុងជំនួបនេះឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គោលបំណងនៃការជួបប្រជុំនេះគឺមាន2ចំណុច ដែលទីមួយគឺ ការធ្វើរបាយការណ៍ស្តីពីការប្រព្រឹត្តទៅនៃមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីអាន (Xi’an) ខេត្តសានស៊ី (Shaanxi) ប្រទេសចិន និងទីពីរគឺ ណែនាំវិនិយោគិនជប៉ុនដែលមានបំណងបង្កើតរោងចក្រមួយនៅកម្ពុជាឱ្យស្វែងយល់ពីការវិនិយោគនៅកម្ពុជា។

    នៅលើចំណុចទីមួយ ឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីអានកំពុងតែដំណើរការយ៉ាងសកម្ម ជាពិសេសការដាក់តាំងលក់ផលិតផលកម្ពុជាជូនដល់អតិថិជនចិន។
    មជ្ឈមណ្ឌលបានធ្វើការវេចខ្ចប់អង្ករចំនួន 5,000តោន ដែលបានទិញពីកម្ពុជាដោយមិនមានការបង់ពន្ធទៅជាកញ្ចប់តូចៗ ដើម្បីដាក់លក់រាយនៅតំបន់ពាណិជ្ជកម្មសេរីនៅខេត្តសានស៊ី។ បន្ថែមពីនេះទៀត ថ្មីៗនេះខេត្តសានស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជាដើម្បីទិញកៅស៊ូកម្ពុជាចំនួន 300,000តោន ដែលលោកឧកញ៉ាសង្ឃឹមថា នឹងអាចចាប់ផ្ដើមនាំចូលលើកដំបូងក្នុងឆ្នាំ2018។

    ចំពោះចំណុចទីពីរវិញលោកឧកញ៉ាបានធ្វើការណែនាំវិនិយោគិនជប៉ុនមួយក្រុមដែលមានបំណងមកបង្កើតរោងចក្រកែច្នៃឈើគាបចេញពីកម្ទេចឈើ សំបកដូងប្រេង និងរុក្ខជាតិដទៃទៀតដើម្បីនាំចេញទៅជប៉ុនវិញសម្រាប់ដុតនៅក្នុងរោងចក្រអគ្គីសនី Biomass។ វិនិយោគិនជប៉ុនបានបន្ថែមឱ្យដឹងថា ក្រុមរបស់លោកកំពុងតែសិក្សាទីតាំងនៅខេត្តព្រះសីហនុ ហើយនឹងរៀបចំចាប់ផ្ដើមសាងសង់នៅពេលខាងមុខ។

    ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងអំណរគុណដល់អ្នកឧកញ៉ា និងក្រុមវិនិយោគិនជប៉ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន។

    ឯកឧត្តមសំណូមពរឱ្យខេត្តស៊ីអានបន្តសហការពាណិជ្ជកម្មឱ្យកាន់តែខ្លាំងថែមទៀតជាមួយនឹងកម្ពុជា ជាពិសេសការទិញបន្ថែមនូវកសិផលិតផលកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញកសិកម្ម ដោយសារខេត្តសានស៊ីមានសាលាបណ្ដុះបណ្ដាលកសិកម្មមួយដែលមានជំនាញខ្ពស់លើវិស័យកសិកម្ម។ ចំពោះគម្រោងរោងចក្រកែឆ្នៃឈើគាប ឯកឧត្តមយល់ថា ជាគំនិតដ៏ល្អមួយ ដោយកម្ពុជាមានកម្ទេចឈើ និងកម្ទេចរុក្ខជាតិដទៃទៀតជាច្រើនដែលមិនបានយកមកប្រើប្រាស់ឱ្យមានប្រយោជន៍អ្វីឡើយ។
    ម្យ៉ាងវិញទៀតឯកឧត្តមរដ្ឋមន្ត្រីបានមានមតិឱ្យក្រុមហ៊ុនសិក្សាពីការធ្វើចម្ការដាំដើមឈើដើម្បីគាំទ្រដល់ផលិតកម្មរបស់រោងចក្រប្រកបដោយចីរភាពផង៕

     

  • កសិកររីករាយដោយសារតម្លៃជ័រកៅស៊ូងើបឡើងវិញ

    កសិកររីករាយដោយសារតម្លៃជ័រកៅស៊ូងើបឡើងវិញ

    កសិករប្រកបរបរកសិកម្មដាំដំណាំកៅស៊ូ បានសម្តែងក្តីរីករាយដោយសារតម្លៃជ័រកៅស៊ូក្នុងឆ្នាំនេះបានងើបឡើងវិញ បន្ទាប់ធ្លាក់ចុះអស់រយៈពេលជិត10ឆ្នាំជាបន្តបន្ទាប់ រហូតធ្វើឱ្យកសិករ​ដាំដើមកៅស៊ូជាលក្ខណៈគ្រួសារមួយចំនួនកាប់ដើមកៅស៊ូចោល ហើយងាកទៅដាំដំណាំផ្សេងវិញ។

    កសិករ វេន ពិសិដ្ឋ ដែលប្រកបរបរដាំដំណាំកៅស៊ូជាលក្ខណៈគ្រួសារនៅខេត្តរតនគីរី បានសម្តែងក្តីរីករាយ ដោយផ្តល់បទសម្ភាសក្នុងទឹកមុខញញឹមថា តម្លៃកៅស៊ូក្នុងឆ្នាំនេះមួយគីឡូ អាចលក់បានជាមធ្យម 3500រៀល ខណៈកាលពីឆ្នាំទៅក៏ដូចជាប៉ុន្មានឆ្នាំកន្លងមកនេះតម្លៃកៅស៊ូធ្លាក់ចុះយ៉ាងខ្លាំង មួយគីឡូតម្លៃចន្លោះតែពី 1800-2000 រៀលប៉ុណ្ណោះ។ លោកមានប្រសាសន៍ដូច្នេះថា «កសិករនៅក្នុងខេត្តរតនគីរីមួយចំនួន អស់សង្ឃឹមអំពីតម្លៃកៅស៊ូធ្លាក់ចុះនេះ ហើយអ្នកខ្លះគាត់បានកាប់ដើមកៅស៊ូចោលទៅដាំស្វាយចន្ទី ឬដាំម្រេចវិញក៏មានដែរ ហើយឆ្នាំនេះទៀតម្រេចក៏ធ្លាក់ថ្លៃដែរ កាលឆ្នាំមុនមួយគីឡូជាង40.000រៀល ឥឡូវសល់តែ14.000រៀលទេក្នុងមួយគីឡូក្រាម»។ លោកថា សម្រាប់គ្រួសារលោកមានដីមិនច្រើនទេ ប្រមាណតែ 10ហិកតាប៉ុណ្ណោះ ព្រោះដាំជាលក្ខណៈគ្រួសារ កាលមុនចៀរជ័រលក់ស្ទើរមិនរួចថ្លៃ ជួលកម្លាំងពលកម្មផង ប៉ុន្តែឥឡូវសេដ្ឋកិច្ចគ្រួសារលោកបានប្រសើរឡើងវិញ ដោយសារតម្លៃកៅស៊ូកើនឡើងនេះ។

    លោកបន្តថា ការដាំដំណាំកៅស៊ូក៏គេត្រូវចំណាយទុនខ្ពស់គួសមដែរ ដោយក្នុងមួយហិកតាចំ​ណាយ​អស់ប្រមាណពី 6000ទៅ7000ដុល្លារ  គិតចាប់ពីពេលដាំរហូតដល់ទទួលបានផល ក្នុងអំឡុងពេល5ទៅ6ឆ្នាំ ហើយនៅពេលឱ្យផលវាផ្តល់ចំណូលក្នុងមួយឆ្នាំប្រហែលជាង 2000ដុល្លារក្នុងមួយឆ្នាំ ដែលគេអាចប្រមូលផលពីវាបានប្រមាណជាង 30ឆ្នាំឯណោះទើបដើមវាចាស់លែងផ្តល់ផល។

    ដំណាំកៅស៊ូមិនសូវរើសដីទេ ដីក្រហម ដីខ្មៅ និងដីស អាចដាំបានដូចគ្នា គ្រាន់តែឱ្យផលខុសគ្នាពោលគឺដីក្រហមឲ្យផលបានល្អជាងគេ។ សព្វថ្ងៃនេះកសិករ និយមដាំកៅស៊ូច្រើនប្រភេទដូចជាពូជប្រភេទ PB 260 .IBCA 130 .IACA 230 .PA 107 .BBIM 600 .PB314 ជាពូជដែលឱ្យជ័រច្រើន ។ យោងតាមរបាយការណ៏ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឱ្យដឹងថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបប្រមាណជា 328771 ហិកតា៕