Tag: កោះកុង

  • គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

    គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

    គម្រោងវិនិយោគចំនួន 21 គម្រោង និង​មានទុនវិនិយោគសរុបប្រមាណជិត 619 លានដុល្លារអាម៉េរិក ​ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ក្នុងខែវិច្ឆិកា ឆ្នាំ 2023​។ នេះ​បើ​តាម​ ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា (CDC) ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 08 ធ្នូ​កន្លង​ទៅ​។

    ​CDC ឱ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​ទាំង 21​ ​​ដែល​អាច​បង្កើត​ការ​ងារ​បាន​ជិត 22 ពាន់​កន្លែង​​នេះ មាន​គម្រោង​​មួយ​ចំនួន​ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ គម្រោង​សាងសង់​វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំកណ្ដាល អានុភាព 70 មេហ្កាវ៉ាត់ នៅ​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង, គម្រោង​សាងសង់វារីអគ្គិសនី​វាល​ថ្ម​កំបុត អានុភាព 100 មេហ្កាវ៉ាត់ នៅ​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង, គម្រោង​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ព្រះ​អាទិត្យ​ អានុភាព 60 មេហ្កាវ៉ាត់​ នៅ​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង និង​គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស្បែក​ជើង​ និង​គ្រឿង​បន្សំ​ស្បែក​ជើង នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំ​ពេញ​។

    យោង​តាម​ CDC នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​ស្រុក​ចំនួន​ 82.90% ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប​ ស្រប​ពេល​ដែល​​ទុន​វិនិយោគ​ពីប្រទេស​ចិន​ មាន​ប្រមាណ 17.10%​៕

  • កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ទាក់​ទង​នឹង​ភ្លើង​អគ្គិសនី ក៏ដូច​ជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្ត​ខាត» នៅ​ក្នុង​ការ​លក់​អគ្គិសនី​។

    ការ​ថ្លែង​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 ​នៅក្នុងពិធីបិទ​ស្ទឹង​សាង​សង់ទំនប់វារីអគ្គិសនីតាតៃលើ ដែល​មាន​អានុភាព​ 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។

    យោង​តាម​ប្រសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល​ នៅក្នុងឆ្នាំ 2023 កម្ពុជា​គ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក​ សម្រាប់ការ​ឧបត្ថម្ភធន និង​ទម្លាក់ថ្លៃអគ្គិសនី​ ដោយរដ្ឋសុខចិត្តខាត។

    ទាក់​ទិន​នឹង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​កំណត់​គោលនយោបាយ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី បន្ត​ធ្វើ​ទំនើប​កម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​អគ្គិសនី និង​ពិនិត្យ​លទ្ធភាពក្នុង​ការ​​ទម្លាក់​ថ្លៃ​អគ្កិសនី​ឱ្យ​កាន់​តែ​ទាប​ជាងមុន​៕

  • កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​​ថាមពលពី​​ធ្យូង​ថ្ម និង​ពិនិត្យ​លទ្ធភាព​បិទ​ទ្វារ​បណ្ដា​រោង​ចក្រ​ប្រភេទ​នេះ​នៅ​មុន​កាល​កំណត់​។

    ប្រកាស​ខាងលើ​ត្រូវ​បាន​សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ លើក​ឡើង​នៅ​ក្នុង​ពិធីបិទ​ទ្វារ​ទំនប់​សាង​សង់​វារី​អគ្គិសនី​ស្ទឹងតាតៃលើ ក្នុង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2023​។

    យោង​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​ចំពោះគោល​ដៅ​បន្សាប​កាបូន​ និង​គោល​ដៅ​ផ្គត់​ផ្គង់​ថាមពល​​ស្ថិរភាព​ ប្រសិទ្ធភាព និង​តម្លៃ​សម​រម្យ​។

    មុន​នោះ កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ចិត្ត​ផ្អាក​គម្រោង​អភិវឌ្ឍ​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើប្រាស់​ធ្យូង​ថ្ម​កម្លាំង 700 មេហ្គាវ៉ាត់ (MW) នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ប្ដូរ​ទៅ​ជា​កម្រោងអភិវឌ្ឍ​​ថាមពល​​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត

    បច្ចុប្បន្ន ក្រសួង​រ៉ែនិង​ថាមពល ក៏​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ ស្ដីពី​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ជំរុញការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ឥន្ធនៈ និង​ដើម្បី​ការ​ពារ​បរិស្ថាន​៕

  • ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅខេត្តកោះកុងចាប់ផ្តើមសាងសង់

    ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅខេត្តកោះកុងចាប់ផ្តើមសាងសង់

    ភ្នំពេញៈ ព្រលានយន្តហោះខ្នាតអន្តរជាតិមួយ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ស្ថិតនៅក្នុងខេត្តកោះកុង ដែលគ្រោងបោះទុនវិនិយោគតម្លៃ 350លានដុល្លារអាមេរិក បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។

    លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិនេះ បាននិងកំពុងចាប់ផ្តើមឈូសឆាយដី ដើម្បីរៀបចំជាការដ្ឋានហើយ។ ព្រលានយន្តហោះនេះស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង និងវិនិយោគដោយក្រុមហ៊ុន Union Development Group ដែលមានមូលដ្ឋាននៅប្រទេសចិន។

    លោកបន្តថា ព្រលានយន្តហោះនេះមានទំហំដី 750ហិកតា ជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចទទួលការចុះចតយន្តហោះបានពីគ្រប់ទិសទី។ លោកបន្ថែមថា “ព្រលានយន្តហោះនេះអាចចុះចតយន្តហោះប្រភេទ 4C ជាយន្តហោះខ្នាតមធ្យមបាន ប៉ុន្តែតើការសាងសង់ត្រូវបញ្ចប់នៅពេលណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេនៅពេលនេះ”។

    លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តទៀតថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងឌីហ្សាញគម្រោងប្លង់របស់អាកាសយានដ្ឋាននេះ ប៉ុន្តែការសិក្សាពីបរិស្ថានស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន និងការសាងសង់ស្ថិតក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

    ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថានលោក ដាញ់ សេរី បានថ្លែងថា ក្រុមហ៊ុននេះបានជួលក្រុមហ៊ុនសិក្សាពីផលប៉ះពាល់បរិស្ថានលំដាប់អន្តរជាតិ ដើម្បីវាយតម្លៃពីផលប៉ះពាល់បរិស្ថាននៃគម្រោងនេះ និងត្រូវដាក់ឯកសារមកកាន់ក្រសួង ប៉ុន្តែរហូតមកទល់ពេលនេះ ក្រសួងមិនទាន់ទទួលបានរបាយការណ៍សិក្សាស្តីពីផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុននេះនៅឡើយទេ៕