Tag: កូវីដ

  • វិស័យ​ទេសចរណ៍​កម្ពុជា​ងើប​ឡើង​វិញ​ គ្រា​ដែល​ភ្ញៀវ​បរទេស​វិល​មក​ជា​បណ្ដើរ​ៗ

    វិស័យ​ទេសចរណ៍​កម្ពុជា​ងើប​ឡើង​វិញ​ គ្រា​ដែល​ភ្ញៀវ​បរទេស​វិល​មក​ជា​បណ្ដើរ​ៗ

    កម្ពុជា​រំពឹង​ខ្ពស់​ទៅ​លើ​កំណើន​ទេសចរ​អន្តរជាតិ​​នៅ​ក្នុង​រដូវ​បុណ្យនា​​ចុង​ឆ្នាំ​នេះ​ និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ដែល​មក​ទស្សនា​តំបន់​ទេសចរណ៍​ល្បីៗ​ ពិសេស​គឺ​អង្គរវត្ត​។

    លោក ហុង​ ប៉ូលីន ដែល​មាន​បទ​ពិសោធន៍​ជា​មគ្គុទេសក៍​​ទេសចរណ៍​ជាង​មួយ​ទសវត្សរ៍​ ហើយ​បច្ចុប្បន្ន​ជា​ម​គ្គុ​ទេស​ក៍​ទេសចរណ៍នៅ​តំបន់​អង្គរ​ បាន​សម្ដែង​ការ​សប្បាយ​រីក​រាយ​នៅ​ពេល​ឃើញ​ទេសចរ​បរទេស​ជា​ច្រើន​វិល​ត្រលប់​មក​វិញ។ យោង​តាម​ម​គ្គុ​ទេស​ក៍​ទេសចរណ៍​រូប​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​តែ​បង្ហាញ​សញ្ញាវិជ្ជមាន​ច្រើន​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ-19។

    លោក ប៉ូលីន និយាយ​ថា «ក្រោយ​ពី​កូវីដ-19​ ត្រូវ​បាន​គ្រប់គ្រង ទេសចរ​ក៏​ចាប់​ផ្ដើម​វិល​ត្រលប់​មក​កាន់​អង្គរវត្ត​ក្នុង​ចំនួន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។ ពិសេស​គឺ​នៅ​ខែ​តុលា និង​ខែវិច្ឆិកា ខ្ញុំ​ឃើញ​ថា ចំនួន​ភ្ញៀវ​​បរទេស​ដែល​វិល​ត្រលប់មក​កម្ពុជា​ ពិត​ជា​ច្រើន​»។

    លោក ហុង ប៉ូលីន បច្ចុប្បន្នជាមគ្គុទេសក៍ទេសចរណ៍នៅតំបន់អង្គរ

    លោក ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា​ បាន​ឱ្យ​ដឹង​ថា ក្នុងសប្ដាហ៍​កន្លង​ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ដល់ព្រលាន​យន្តហោះ​សៀម​រាប បាន​​កើនជាមធ្យម​ប្រហែល 2,700 នាក់​/ថ្ងៃ​។ ភាគ​ច្រើន​ពួក​គេ​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ (75%) និង​អឺរ៉ុប (25%)។ តួលេខ​នេះ​បាន​បង្ហាញ​អំពី​ការ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្លា​របស់វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។

    ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទាក់​ទាញ​ទេសចរ​បរទេស​បាន​ 3.92 លាន​នាក់​ កើន​ 211% បើធៀប​នឹង​ដំណាក់​កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022​។ ភ្ញៀវ​​ថៃឈរ​លំដាប់​លេខមួយ​​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ដែល​បាន​មក​ទស្សនា​កម្ពុជា​ ខណៈ​ដែល​វៀតណាម និង​ចិន​ឈរ​លំដាប់​លេខ​ពីរ​ និង​លេខ​បី​។

    អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា អះអាង​ថា ​ចាប់​ពីចុង​ខែ​តុលា​ឆ្នាំ 2023 ដល់​ខែ​មីនា​ឆ្នាំ 2024 ចំនួន​ជើង​ហោះហើរ​មក​កាន់​ព្រលាន​យន្តហោះ​សៀម​រាប​នឹង​កើន​ឡើង​ដល់ 40 ជើង​ជា​រៀង​រាល់​សប្ដាហ៍​ ខណៈ​ចំនួន​ក្រុម​ហ៊ុន​អាកាសចរណ៍​នឹង​កើន​​ពី​ 9 ឡើង​ដល់ 10 ក្រុម​ហ៊ុន​។ យោងតាម​លោក ស៊ិន ច័ន្ទសិរីវុត្ថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់ និង​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ត្រៀម​សម្រាប់​ការ​វិល​ត្រលប់​របស់​ភ្ញៀវ​អន្តរជាតិ​។

    កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 ក្រសួង​ទេសចរណ៍​កម្ពុជា ក៏​បាន​ចេញ​សេចក្តីជូនដំណឹងស្តីពី «កម្ពុជាជាគោលដៅទេសចរណ៍ឈានមុខគេលើពិភពលោក ផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្តរបស់យុវជន ឆ្នាំ 2023»​ បន្ទាប់​ពី​មាន​កម្មវិធី​​បោះ​ឆ្នោត​ជ្រើស​រើស​​​តាម​អ៊ីនធើរណិត​ ដោយ​ក្រុម​អ្នក​ជំនាញ និងសាធារណជន​ពី​ជុំវិញ​ពិភពលោក​ ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ World Travel Awards នៅ​ចក្រភព​អង់គ្លេស។

    នៅ​ព្រឹក​ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023 កម្ពុជា​ក៏​បាន​ទទួល​ភ្ញៀវបរទេស​ចូលមកកម្សាន្តនៅខេត្តព្រះសីហនុ តាមនាវាទេសចរណ៍មួយ​គ្រឿង ឈ្មោះ VIKING ORION របស់ប្រទេសន័រវែស​ ដែល​ដឹក​មនុស្ស​សរុប​ 1,337 នាក់​ ផងដែរ​៕

  • យានហោះ​អវកាស​របស់ Sierra Space បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជើង​​ហោះ​ហើរ​ដំបូង

    យានហោះ​អវកាស​របស់ Sierra Space បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជើង​​ហោះ​ហើរ​ដំបូង

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ Dream Chaser ដែល​មាន​ជំនាញ​ខាង​ដឹក​ទំនិញ​ឡើង​ទៅ​កាន់​ ISS នឹង​បំពាក់ម៉ាស៊ីន​រ៉ុក្កែតតូច​ៗ​ជា​ច្រើន​​​​គ្រឿង អាច​ដឹក​ទំនិញ​បាន​ 5,550 គីឡូក្រាម​ក្នុង​មួយ​ជើង​។

    Dream Chaser ដែល​ជា​យន្ត​ហោះ​អវកាស​ពាណិជ្ជកម្ម​ផលិត​ដោយ​ក្រុម​ហ៊ុន Sierra Space នៅ​សហរដ្ឋ​អាម៉េរិក កំពុង​ឆ្ពោះទៅ​​ជិត​ដល់​ថ្ងៃ​បាញ់​បង្ហោះ​។ Dream Chaser ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​បំពេញ​ភារកិច្ច​បាន​ 15 ជើង នឹង​ដឹក​ជញ្ជូន​ទំនិញ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ហើយ​អាច​ដើរ​តួនាទី​សំខាន់​ចំពោះ​បណ្ដា​ស្ថានីយ​អវកាស​​នាពេល​អនាគត។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023​។

    យន្តហោះ​អវកាស​នេះ​មានដង​ខ្លួន​ប្រវែង 9 ម៉ែត្រ និង​ស្លាប​ប្រវែង 7 ម៉ែត្រ។ ស្លាប​របស់​វា​អាច​បត់​បាន​ អនុញ្ញាត​ឱ្យ​គេ​ប្រើប្រាស់​វា​ដូច​ទៅ​នឹង​ទំនិញ​ដែល​ដាក់​លើ​​រ៉ុក្កែត​។ Dream Chaser ត្រូវ​បាន​ណាសា​ជ្រើស​រើស​ជា​យាន​ដឹក​ទំនិញ​ទីបី​សម្រាប់​ឆ្នាំ 2026​។ វា​ក៏​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​សំរាម​ពី​ ISS មក​បញ្ឆេះ​ចោល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​ផងដែរ​។

    យានហោះអវកាសរបស់ Sierra Space បានត្រៀមរួចហើយសម្រាប់ជើងហោះហើរដំបូង

    តាម​ផែនការ ជើង​ហោះ​ហើរ​ដំបូង​របស់ Dream Chaser នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ 2019 ប៉ុន្តែ​ត្រូវ​អាក់​ខាន​ច្រើន​លើក​ដោយ​សារ​បញ្ហា​កូវីដ-19។ វា​នឹង​ត្រូវ​បាន​ដឹក​ទៅ​កាន់​មជ្ឈមណ្ឌល​សាកល្បង Neil Armstrong របស់​ណាសា​ នៅ Ohio ដើម្បី​ធ្វើ​តេស្ត​ពី​មួយ​ទៅបី​ខែ មុន​ពេល​វិល​ត្រលប់​ទៅកាន់​មជ្ឈមណ្ឌល​អវកាស​ Kennedy នៅ Florida ដើម្បី​ធ្វើ​ការ​ហោះ​ហើរ​ជើង​ដំបូង​ដែល​គ្រោង​នឹង​ធ្វើ​​ឡើង​​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ​ តាម​រយៈ​រ៉ុក្កែត Vulcan របស់​ក្រុម​ហ៊ុន United Launch Alliance៕

  • ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

    ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

    ក្រសួង​ការ​ងារ​ថៃ បាន​ចេញ​អនុក្រឹត្យ​​ថ្មី​មួយ​ដែល​កំណត់​តម្លៃ​ថ្មី​ទៅ​លើ​​ការត្រួត​ពិនិត្យ​ និង​ផ្ដល់​លិខិត​ពលកម្ម​ ចំពោះ​ពលករ​បរទេស​ដែល​មក​ពី​ កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​​។

    យោង​តាម​សារព័ត៌មាន​ក្នុងស្រុក អនុក្រឹត្យ​​ខាងលើ​មាន​សុពលភាព​រយៈ​ពេល​ 4 ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃទី 10 វិច្ឆិកា 2023 និង​អនុវត្ត​សម្រាប់​ពលករ​ដែល​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សន្យា ឬ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ (MoU) ដែល​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ពលករ​។

    សេចក្ដី​សម្រេច​ថ្មី​នេះ​កំណត់​ថា ថ្លៃ​ទិដ្ឋាការ​សម្រាប់​ពលករ​មក​ពី​ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​ ត្រូវ​បាន​កាត់​បន្ថយ​ពី 2,000 បាតនា​បច្ចុប្បន្ន មក​នៅត្រឹម​ 500 បាត ស្រប​ពេល​ដែល​ថ្លៃ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ (ថ្លៃ​ពន្យារ​ពេល​ទិដ្ឋាការ​រៀង​រាល់​ឆ្នាំ) ក៏​ត្រូវ​បាន​បន្ថយ​ពី 1,900 បាត​នា​បច្ចុប្បន្ន មក​នៅ​ត្រឹម​ 500 បាត​ផងដែរ​។

    ក្រសួង​ការ​ងារ​ថៃ​សង្កត់​ធ្ងន់​ថា អនុក្រឹត្យ​​ខាងលើ​គឺ​​ស្រប​នឹង​​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ការ​ជ្រើស​រើស​ពលករ​បរទេស​ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​នេះ ក៏​ដូចជា​ការ​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូវីដ-19​។

    យោង​តាម​ព័ត៌មាន​របស់​នាយកដ្ឋាន​រដ្ឋបាល​ការ​ងារ​បរទេស​នៃ​ប្រទេស​ថៃ ក្នុង​ខែ​កញ្ញា ប្រទេស​នេះ​មាន​ពលករ​បរទេស​ចំនួន​ 2,593,439 នាក់​ និង​ប្រហែល​មួយ​លាន​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលដាក់​ពាក្យ​​ស្នើ​សុំ​លិខិត​អនុញ្ញាត​ការ​ងារ​ ទៅតាម​អនុក្រឹត្យ​ចុះថ្ងៃទី 03 តុលា ឆ្នាំ 2023 របស់​រដ្ឋាភិបាល​ថៃ​៕

  • សេដ្ឋកិច្ច​ចិន​មាន​កំណើន​លឿន​ជាង​ការ​ព្យាករ ​នៅក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​នេះ

    សេដ្ឋកិច្ច​ចិន​មាន​កំណើន​លឿន​ជាង​ការ​ព្យាករ ​នៅក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​នេះ

    ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​។

    យោង​តាម​ទិន្នន័យ​ផ្លូវការ​ដែល​ត្រូវ​បាន​​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន (NBS) ប្រកាស​នា​ថ្ងៃទី 18 តុលា 2023​ សេដ្ឋកិច្ច​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទីបី​របស់​ឆ្នាំ​នេះ កើន​លឿន​ជាង​ការ​ព្យាករ​ ដែល​នេះ​ទំនង​ជា​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ចិន​សម្រេច​បាន​គោលដៅ​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ដែល​បាន​ដាក់​ចេញ​។

    ទិន្នន័យ​របស់ NBS បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​ និង​ខ្ពស់​ជាង​ការ​វាយ​តម្លៃ​ (4.4%) របស់​ក្រុម​អ្នក​ជំនាញ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ទីភ្នាក់​ងារសារព័ត៌មាន Reuters​ នា​ពេល​កន្លង។

    GDP ក្នុង​ត្រីមាស​ទីបី​ កើន​ 1.3% ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កំណើន 0.5% ក្នុង​ត្រីមាស​ទីពីរ​ ហើយ​ខ្ពស់ជាង​ការ​ព្យាករ (1%) ផងដែរ​។

    កំណើន GDP របស់ប្រទេស​ចិន​ត្រូវ​បាន​ព្យាករ​ថា នឹង​សម្រេច​បាន 4.9% ក្នុង​ត្រីមាស​ទីបួន​។ រដ្ឋាភិបាល​ចិន​បាន​កំណត់​គោលដៅ​ប្រហែល 5% សម្រាប់​កំណើន​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ 2023​។

    បើ​ទោះ​ទិន្នន័យ​ខាងលើ​បង្ហាញ​ថា សេដ្ឋកិច្ច​ចិន​ចាប់​ផ្ដើម​មាន​ស្ថិរភាព​ជាង​មុន ក្រោយពី​​មាន​ចំណាត់​ការ​ជា​ច្រើន​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ជឿ​ថា រដ្ឋាភិបាល​ប្រទេស​នេះ​គួរ​តែ​ធ្វើកិច្ច​ការ​ច្រើន​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

    សេដ្ឋកិច្ច​ចិន​មាន​កំណើន​ 3% ក្នុង​ឆ្នាំ 2022 ទាប​ជាង​បើ​ធៀប​នឹង​ការ​កំណត់​គោលដៅ​របស់​រដ្ឋាភិបាល​ ដោយ​សារ​តែ​ការ​រឹត​បន្តឹង​នានា​ដើម្បី​ទប់​ស្កាត់​កូវីដ-19។

  • ពេជ្រ​មិន​ទាន់​ច្នៃ​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយ​សារ​តម្រូវ​ការ​ទាប​ក្រោយ​សម័យ​កូវីដ

    ពេជ្រ​មិន​ទាន់​ច្នៃ​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយ​សារ​តម្រូវ​ការ​ទាប​ក្រោយ​សម័យ​កូវីដ

    យោង​តាម​សន្ទស្សន៍​ពេជ្រ​មិន​ទាន់​ច្នៃ​សកល​ Zimnisky តម្លៃ​ពេជ្រ​មិន​ទាន់​​ច្នៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រង្វង់​មួយ​ឆ្នាំ​កន្លង​។

    តម្លៃ​ពេជ្រ​មិន​ទាន់​ច្នៃ​បាន​ដាំក្បាល​ចុះ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ ព្រោះ​តែ​តម្រូវ​ការ​ប្រើប្រាស់​ពី​អតិថិជន​មាន​ការ​ធ្លាក់​ចុះ​ ក្រោយ​ពី​សម័យវិបត្តិ​កូវីដ-19​ ត្រូវ​បាន​បិទ​បញ្ចប់​។

    យោង​តាម​សន្ទស្សន៍​ពេជ្រ​មិន​ទាន់​ច្នៃ​សកល​ Paul Zimnisky Diamond Analytics តម្លៃ​ពេជ្រ​មិន​ច្នៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រង្វង់​មួយ​ឆ្នាំ​កន្លង​។ ក្រុម​អ្នកវិភាគ​យល់​ថា មូលហេតុ​បណ្ដាល​មក​ពី​ការ​លក់​​រាយ​នៅ​តាម​បណ្ដា​ហាង​លក់​គ្រឿង​អលង្ការ​ បាន​ និង​កំពុង​ថយ​ចុះ​ខ្លាំង​។

    អ្នក​ជំនាញ​ Paul Zimnisky ឱ្យ​ដឹង​ថា បន្ទាប់​ពី​វិធានការ​រឹត​បន្តឹង​នានា​ដែល​ទាក់​ទង​នឹង​កូវីដ-19 ត្រូវ​បាន​ដក​ចេញ​ អ្នក​ប្រើ​ប្រាស់​ក៏​ចាប់​ផ្ដើម​មាន​ទំនោរ​ទៅ​រក​ការ​ចំណាយ​ទៅ​លើ​ទេសចរណ៍​ ការ​ហូប​ចុក​ និង​បទ​ពិសោធន៍​ជាក់​ស្ដែងនានា​​ ជំនួស​ឱ្យ​ការ​ទិញ​គ្រឿង​អលង្ការ​ថ្លៃ​ៗ​​​ដូច​មុន​។

    ការ​ធ្លាក់​ថ្លៃ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​បាន​កើត​ឡើង​ក្រោយ​ការ​ឡើង​ថ្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នៃ​សម័យ​កូវីដ​។

    ក៏ប៉ុន្តែ បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​ ការ​ធ្លាក់​ថ្លៃ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​ មិន​មែន​មាន​ន័យ​ថា តម្លៃ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​នៅ​តាម​បណ្ដា​ហាង​ក៏​ត្រូវ​ធ្លាក់​ថ្លៃ​តាម​ដែរ​នោះឡើយ​។ ជា​ធម្មតា​ ក្នុង​រយៈ​ពេល​ខ្លី​​ ក្រុម​អ្នក​លក់​រាយ​​តែង​តែ​មិន​ផ្លាស់​ប្ដូរ​តម្លៃ​ផលិត​ផល​នេះ​ទៅ​តាម​ទីផ្សារ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​ ដើម្បី​​រក្សា​ខ្ទង់​ប្រាក់​ចំណេញ​។ បច្ចុប្បន្ន​ ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​ទម្ងន់​​មួយ​ការ៉ាត់​​នៅ​តាម​ហាង​នានា​ មាន​តម្លៃ​ខ្ពស់​ជាង​ 3% បើ​ធៀប​នឹង​តម្លៃ​របស់​វា​នៅ​ក្នុង​ខែ​មករា 2020​។

    ក្រុម​អ្នកវិភាគ​ព្យាករ​ថា ការ​លក់​គ្រឿង​អលង្ការ​ពេជ្រ​នឹង​កើន​ឡើង​ខ្ពស់​ខ្លាំង​នៅ​ក្នុង​រដូវ​បុណ្យ​ចុង​ឆ្នាំ​ 2023 និង​ដើម​ឆ្នាំ 2024​។ ដោយ​ឡែក​នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ Zimnisky បាន​ព្យាករ​ថា ទីផ្សារ​មូលបត្រ​ និង​ទី​ផ្សារ​ការ​ងារ​ងើប​ឡើង​វិញ នឹង​ជំរុញ​ឱ្យ​ពេជ្រ​ឡើង​ថ្លៃ​ជា​ថ្មី​នៅ​ឆ្នាំ 2024​៕

  • ឥណ្ឌូណេស៊ី​​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​អាស៊ីអាគ្នេយ៍

    ឥណ្ឌូណេស៊ី​​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​អាស៊ីអាគ្នេយ៍

    ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូងរបស់​ប្រទេស​ឥណ្ឌូណេស៊ី ជិត​បើក​ទ្វារ​ទទួល​អ្នក​ដំណើរ​ ដែល​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ពីរ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​នេះ​។

    គម្រោង​ផ្លូវ​ដែក​ដែល​មាន​តម្លៃ 7.3​ ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​នឹង​ត្រូវ​បាន​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​​ក្នុង​ថ្ងៃទី 02 តុលា 2023​ ក្រោយ​ពី​បានពន្យារ​ពេល​ច្រើន​លើក​​។ នេះ​គឺជា​មួយ​ផ្នែក​នៃ​គំនិត​ផ្ដួច​ផ្ដើម​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ទទួល​បាន​ជំនួយ​ភាគ​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិន​។

    «យើង​នឹង​សម្ពោធ​នៅ​ថ្ងៃទី 02 តុលា ដោយ​សារ​ប្រធានាធិបតី​ជាប់រវល់​នៅ​ក្នុង​ថ្ងៃទី 01 តុលា» រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌូណេស៊ី​ Budi Karya Sumadi កាល​ពី​ថ្ងៃទី 29 កញ្ញា ថ្លែង​ដូច្នេះ​។

    ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿនប្រវែង​ 138 គីឡូម៉ែត្រ និង​​មាន​ឈ្មោះ​ថា WHOOSH​ នេះ ​តភ្ជាប់​រវាង​រដ្ឋធានី​ហ្សាការតា និង​ Bandung នៅ​ខេត្ត​ជ្វា​ខាង​លិច ដែល​ជា​ទីក្រុង​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ឥណ្ឌូណេស៊ី​ និង​ជា​មជ្ឈមណ្ឌល​សិល្បៈ​ វប្បធម៌​​ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី​។

    រថភ្លើង​​​ដែល​រត់​លើ​ផ្លូវ​ដែក​ WHOOSH ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​មាន​ល្បឿន​ប្រហែល 350 គីឡូម៉ែត្រ​/ម៉ោង​ នឹង​ជួយ​កាត់បន្ថយ​ពេល​វេលា​​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង ហ្សាការតា និង Bandung ពី​បី​ម៉ោង​មក​នៅ​ក្រោម​មួយ​ម៉ោង​។ WHOOSH ក៏​ជា​ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​​ផងដែរ​។

    គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ PT Kereta Cepat ឥណ្ឌូណេស៊ី – ចិន (PT KCIC)។ តំណាង​ក្រុម​ហ៊ុន​នេះ​ក៏​បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​ពាក់​ព័ន្ធ​កំពុង​ចរចា​អំពី​ការ​ពង្រីក​ផ្លូវ​ដែក​ល្បឿន​លឿន​ទៅ​កាន់ Surabaya ដែលជា​ទីក្រុង​កំពង់ផែ​ធំ​របស់​ខេត្ត​ជ្វា​ខាង​កើត​។

    កិច្ច​ព្រម​ព្រៀង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​នៅ​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ 2015 និង​ចាប់​ផ្ដើម​ស្ថាបនា​តាំង​ពី​ចុង​ឆ្នាំ​នោះ​។ តាម​ផែនការ​ដំបូង​ គម្រោង​នេះ​គ្រោង​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុង​ឆ្នាំ 2019 ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​ច្រើន​លើក​ដោយ​សារ​តែ​បញ្ហា​កូវីដ-19៕

  • OECD ព្រមាន​ថា សេដ្ឋកិច្ច​​របស់​ពិភពលោក​នឹង​បន្តពើប​ប្រទះ​​ការ​លំបាក

    OECD ព្រមាន​ថា សេដ្ឋកិច្ច​​របស់​ពិភពលោក​នឹង​បន្តពើប​ប្រទះ​​ការ​លំបាក

    ថ្វីបើ​បាន​​ព្យាករ​ថា GDP ឆ្នាំ​នេះ​កើន​ឡើង ប៉ុន្តែ​ OECD ព្រមាន​ថា សេដ្ឋកិច្ច​ពិភពលោក​មាន​ហានិភ័យ​បន្ថយ​ល្បឿន​ ព្រោះ​តែ​សម្ពាធ​ការ​ប្រាក់ និង​សេដ្ឋកិច្ច​ចិន​ងើប​ឡើង​ប្រកប​ដោយ​ភាព​ទន់​ខ្សោយ​។

    អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) ទើប​តែ​បាន​បញ្ចេញ​ការ​ព្យាករ​ថ្មី​បំផុត​ស្ដី​ពី​ GDP ទូទាំងសកល​លោក​ឆ្នាំ 2023​ ដែល​អះ​អាង​ថា មាន​កំណើន​ 3% កើន​ 0.3 ពិន្ទុ​ភាគ​រយ​ធៀប​នឹង​ការ​ព្យាករ​មុន​នោះ​។ ក៏ប៉ុន្តែ នេះ​នៅ​តែ​ជាកម្រិត​ក្រោម​ធម្យម​ភាគ​ ហើយ​ក៏​ជា​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​រាប់​ចាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ (2008 – 2009) លើក​លែង​តែ​ឆ្នាំ 2020 ដែល​រងផល​ប៉ះ​ពាល់​ពីកូវីដ​។

    អង្គការដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ប៉ារីស ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ​ 0.2 ពិន្ទុ​ភាគ​រយ​ មក​នៅ​ត្រឹម​ 2.7%​។ Clare Lombardelli ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់ OECD វាយ​តម្លៃ​ថា អតិផរណា​បន្ត​ថយ​ចុះ​ ប៉ុន្តែ​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ លោក​និយាយ​កាល​ពី​ថ្ងៃទី 19 កញ្ញា​​ថា «យើង​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ពីរ​ត្រួត​ នោះ​គឺ​អតិផរណា និង​កំណើន​ទាប»។

    OECD យល់​ថា ហានិភ័យ​គឺ​ថា ការ​ព្យាករ​កំពុង​តែ​មាន​ទំនោរ​ទៅ​រក​ភាព​អវិជ្ជមាន ព្រោះតែ​ការ​ដំឡើង​ការ​ប្រាក់​កាល​ពី​អតីត​កាល​អាច​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ការ​រំពឹង​ទុក​ ហើយ​អតិផរណា​ក៏​មាន​ហានិភ័យ​អាក្រក់​ក្នុង​រយៈ​ពេល​យូរ​ ទាម​ទារ​ឱ្យ​មាន​ការ​រឹត​បន្តឹង​នយោបាយ​​រូបិយវត្ថុ​បន្ថែម​ទៀត​។ ពួក​គេចាត់​ទុក​ថា ការ​លំបាក​របស់​ចិន​គឺជា​ហានិភ័យ​សម្រាប់​ទិន្នផល​​ទូទាំង​សកល​លោក​។

    OECD ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​ឆ្នាំ​នេះគឺ 0.6% និង​ឆ្នាំ​ក្រោយ​គឺ​ 1.1%​។ កំណើន​នេះ​នៅ​សហរដ្ឋ​អាម៉េរិក​នឹង​បន្ថយ​ល្បឿន​មក​នៅ​ត្រឹម​ 1.3% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​ធៀប​នឹង​ 2.2% ក្នុង​ឆ្នាំ​នេះ​។

    កំណើន​សេដ្ឋកិច្ច​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​ក៏​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ 4.6% ដោយ​សារ​តម្រូវ​ការ​ក្នុង​ស្រុក​ថយ​ចុះ​ និង​ភាព​តាន​តឹង​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​។ កំណើន GDP របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ 2023 អាច​ឡើន​ដល់​ 5.1% ថយចុះ 0.3 ពិន្ទុ​ភាគ​រយ​បើ​ធៀប​នឹង​ការ​ព្យាករ​មុន​របស់ OECD។

    OECD យល់​ថា រដ្ឋាភិបាល​នានា​មិន​គួរ​ធ្វើ​អន្តរាគមន៍​ដោយ​ការ​បង្កើន​ការ​ចំណាយ​​បន្ថែម​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ជំនួស​មក​វិញ គួរ​តែ​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ ដើម្បី​សម្រួល​ឱ្យ​មាន​ការ​វិនិយោគ​ជា​ថ្មី​នៅ​ពេល​អនាគត​ និង​ចៀស​វាង​កំណើន​អតិផរណា​។

    អង្គការ​ខាងលើ​ក៏​បាន​ព្រមាន​ដែរ​ថា មិន​គួរ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​នយោបាយ​​រូបិយវត្ថុ​​ ដោយ​សារ​តែ​អតិផរណា​នៅ​តែ​មាន​។ យោង​តាម​ OECD រដ្ឋាភិបាល​នានា​ពុំ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទម្លាក់​ការ​ប្រាក់​រហូត​ដល់​ចុង​ឆ្នាំ 2024​។

  • រោង​ចក្រដំបូង​គេ​បង្អស់​នៅ​ក្នុង​ទី​អវកាស​ ចាប់​ផ្ដើម​ដំណើរ​ការ​

    រោង​ចក្រដំបូង​គេ​បង្អស់​នៅ​ក្នុង​ទី​អវកាស​ ចាប់​ផ្ដើម​ដំណើរ​ការ​

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុន Varda Space Industries នឹង​ផលិត​ឱសថ​ រួម​នឹង​វត្ថុ​ធាតុ​ផ្សេង​ៗ​ទៀត​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​ តាម​រយៈ​កាប៊ីន​ដែល​ហោះ​អម​នឹង​ផ្កាយ​រណប​។

    ក្រុម​ហ៊ុន​ Varda Space Industries នៅ​រដ្ឋ California ប្រកាស​ថា បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ W-Seres 1 ដែល​ជា​ផ្កាយ​រណប​​ដំបូង​របស់​ខ្លួន ឡើង​ទៅ​កាន់គន្លង​គោចរ​ផែនដី​។ ក្រុម​ហ៊ុន​នេះ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​វត្ថុ​ធាតុ​ជា​ច្រើន​នៅ​ក្នុង​ទី​អវកាស​។ វត្ថុ​ធាតុ​ទាំង​នេះ​មិន​អាច​បង្កើត​ឡើង​នៅ​លើ​ផែនដី​ ឬ​អភិវឌ្ឍ​ឆាប់​រហ័ស​ជាមួយ​នឹង​គុណ​ភាព​ខ្ពស់​ជាង​ ធៀប​នឹង​នៅ​ក្នុង​ស្ថានភាព​គ្មាន​ទំនាញ​ផែនដី​។

    ផ្ទាំង​សូឡា​របស់​រោង​ចក្រ​ដំបូង​ក្នុង​អវកាស​នេះ​ បាន​បែរ​ទៅ​រក​ព្រះ​អាទិត្យ​ និង​ចាប់​ផ្ដើម​ពន្លាត​ខ្លួន​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​ Varda បន្ទាប់​ពី​ផ្កាយ​រណប​បាន​ហោះ​ចូល​ដល់​គន្លង​គោចរ​ នៅ​ក្នុង​បេសកកម្ម Transporter-8 របស់ SpaceX កាលពី​ថ្ងៃទី 13 មិថុនា​ 2023​។

    ផ្កាយ​រណប​ W-Series 1 ត្រូវ​បាន​បំពាក់​កាប៊ីន​​ទម្ងន់​ 90 គីឡូក្រាម ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ស្រាវ​ជ្រាវ​ឱសថ​។ កាប៊ីន​នេះ​នឹង​ផ្ដាច់​ខ្លួន​ មុន​ពេល​ចាប់​ផ្ដើម​ហោះ​ហើរ​ក្នុង​អវកាស​ ប៉ុន្តែ​នៅ​តែ​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​ថាមពល​ កម្លាំង​រុញ​ច្រាន និង​ទំនាក់​ទំនង​ចាំបាច់ដើម្បី​កំណត់​ទិស​។ ក្នុង​ភារកិច្ច​ដំបូង​ បណ្ដាញ​ខាងលើ​​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុម​ហ៊ុន Rocket Lab។ បន្ទាប់​មក ការ​ពិសោធ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រ៉ូបូត​ក្នុង​កាប៊ីន​។

    សកម្មភាព​របស់ Varda គឺ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ​ដែល​បញ្ជាក់​ថា ប្រូតេអ៊ីន​ក្នុង​អវកាស​អាច​កកើត​រចនា​សម្ព័ន្ធ​ល្អ​ជាង​ធៀប​នឹង​នៅ​លើ​ផែនដី​ ដោយ​សារ​តែ​បរិស្ថាន​មាន​ និង​គ្មាន​ទំនាញ​ផែនដី​។

    បេសកកម្ម​ដំបូង​របស់​ Varda នឹង​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ ritonavir ក្នុង​អវកាស​។ Ritonavir គឺជា​ថ្នាំ​ដែល​តែង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​​ប្រឆាំង​នឹង​ HIV ដែល​ជា​វីរុស​​បង្ក​ឱ្យ​មាន​​​ជំងឺ​អេដស៍​ ប៉ុន្តែ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ វា​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​​កូវីដ-19​។

    ក្រោយ​ពី​ការ​ពិសោធ​របស់ Varda បាន​បញ្ចប់ កាប៊ីន​នេះ​នឹង​ត្រូវ​បាន​ផ្កាយរណប​រុញ​ទម្លាក់​មក​កាន់​ផែនដី និង​​ចុះ​ចត​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ មុន​ពេល​អ្នក​វិទ្យា​សាស្ត្រ​ប្រមូល​យក​វត្ថុធាតុ​ឱសថ​។

    ក្រុម​ហ៊ុន Varda ត្រូវ​បាន​បង្កើត​ឡើង​ដោយអតីត​​វិស្វករ​អេឡិចត្រូនិច​អាកាសចរណ៍​របស់​​ SpaceX លោក Will Bruye និង Delian Asparouhov​។ គោលដៅ​របស់​ពួក​គេ​គឺ​បង្កើត​ផលិត​ផល​នានា​នៅ​​ក្នុង​អវកាស​ ដែល​​រោង​ចក្រ​នៅ​លើ​ផែនដី​មិន​អាច​ ឬ​ពិបាក​ធ្វើ​បាន​ល្អ​៕

  • ថ្នាំប្រឆាំង​Covid-19​ ដែល​ប្រើ​សម្រាប់​លោក​ ​Donald Trump​ ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​​ប្រើ​សម្រាប់​ព្យាបាល​ជា​ផ្លូវ​ការ

    ថ្នាំប្រឆាំង​Covid-19​ ដែល​ប្រើ​សម្រាប់​លោក​ ​Donald Trump​ ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​​ប្រើ​សម្រាប់​ព្យាបាល​ជា​ផ្លូវ​ការ

    នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិកាំង (FDA) បានផ្ដល់អាជ្ញាប័ណ្ណរួចហើយចំពោះ Remdesivir ដែលជាថ្នាំមួយប្រភេទត្រូវបានក្រុមវេជ្ជបណ្ឌិតប្រើសម្រាប់ករណីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបើកផ្លូវឱ្យមានការព្យាបាលទូលំទូលាយទៅលើអ្នកជំងឺ Covid-19។

    ក្រុមហ៊ុនផលិតថ្នាំពេទ្យ Gilead Sciences កាលពីថ្ងៃទី22តុលាបានឱ្យដឹងថា ថ្នាំប្រឆាំងនឹងវីរុស Remdesivir ដែលនឹងត្រូវបានលក់ដោយប្រើឈ្មោះ Veklury ទទួលបានការយល់ព្រមឱ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់កាល​ពី​ខែ​ឧសភា។ Remdesivir ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្នដើម្បីព្យាបាលជំងឺ Covid-19 នៅក្នុងប្រទេសប្រមាណ50 នៅក្នុងពិភពលោក។

    នៅសហរដ្ឋអាមេរិក ថ្នាំ Veklury ត្រូវបានអនុញ្ញាតឱ្យប្រើ​ប្រាស់​សម្រាប់ព្យាបាលមនុស្សពេញវ័យ និងក្មេងដែលមានអាយុចាប់ពី12ឡើងទៅ និងមានទម្ងន់យ៉ាងតិចចាប់ពី40គីឡូក្រាម ដើម្បីព្យាបាល Covid-19 ក្នុងករណីត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ។ Veklury គួរត្រូវបានប្រើនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខាភិបាលដែលមានលទ្ធភាពប្រហាក់ប្រហែលនឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យ” នេះបើតាមក្រុមហ៊ុនផលិតឱសថ Gilead Sciences។

    បច្ចុប្បន្ន ថ្នាំ Rembesivir គឺជាមធ្យោបាយព្យាបាលជំងឺ Covid-19 ដំបូងគេបង្អស់ និងតែមួយគត់ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ពេញលេញនៅសហរដ្ឋអាមេរិក។ មូលបត្ររបស់ Gilead បានកើនឡើង5% ក្រោយពីព័ត៌មានខាងលើត្រូវបានប្រកាស។

    ថ្នាំប្រឆាំងCovid-19 ដែលប្រើសម្រាប់លោក Trump ត្រូវបានអាមេរិកអនុញ្ញាតឱ្យយកមកព្យាបាលជាផ្លូវការ
    លោក Daniel O’Day នាយកប្រតិបត្តិរបស់ ក្រុម​ហ៊ុន Gilead

    Daniel O’Day នាយកប្រតិបត្តិរបស់ Gilead បាននិយាយថា៖ “ពិតជាមិនគួរឱ្យជឿ ក្នុងរយៈពេលមិនដល់មួយឆ្នាំ រាប់ចាប់ពីពេលបានរកឃើញករណីឆ្លងដំបូង វិធីសាស្ត្រព្យាបាលមួយត្រូវបាន FDA អនុញ្ញាតឱ្យប្រើប្រាស់”។ លោក Daniel O’Day បន្តថា ថ្នាំ Rembesivir នេះ មានគ្រប់គ្រាន់សម្រាប់អ្នកជំងឺគ្រប់រូបដែលមានតម្រូវការ។

    កាលពីដើមខែតុលានេះ ការសិក្សាស្រាវជ្រាវទូទាំងពិភពលោកដែលទទួលបានជំនួយពីអង្គការសុខភាពពិភព​លោក (WHO) បានបង្ហាញថា ថ្នាំ Remdesivir មិនបានជួយឱ្យអ្នកជំងឺផុតពីការស្លាប់ ឬជាសះស្បើយបាន​លឿន​នោះទេ ប៉ុន្តែ ការសិក្សាស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ថ្នាំនេះជួយកាត់បន្ថយពេលវេលាបាន1/3 នៅក្នុងការព្យាបាលរហូតដល់ជាសះស្បើយនៅលើអ្នកជំងឺមួយចំនួន។

    ការយល់ព្រមឱ្យប្រើប្រាស់ថ្នាំខាងលើនេះពីសំណាក់ FDA គឺយោងទៅលើទិន្នន័យដែលត្រូវបានក្រុមហ៊ុន Gilead Sciences ដាក់ជូនសម្រាប់ពិនិត្យនិងអនុម័តនៅមុនពេលផ្ដល់អាជ្ញាប័ណ្ណ។ លទ្ធផលនៃការស្រាវជ្រាវរបស់ Gilead Sciences ត្រូវបានប្រកាសនៅលើទស្សនាវដ្ដី New England បានបង្ហាញថា ថ្នាំនេះ កាត់បន្ថយពេលវេលានៃការផ្ទុកវីរុសCovid-19 ពី​មធ្យម​ភាគ​15​ថ្ងៃ​ ចុះមកនៅត្រឹមប្រមាណ11ថ្ងៃ នៅក្នុងករណីអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

    ថ្នាំប្រឆាំងCovid-19 ដែលប្រើសម្រាប់លោក Trump ត្រូវបានអាមេរិកអនុញ្ញាតឱ្យយកមកព្យាបាលជាផ្លូវការ
    បណ្ឌិត Stephen Hahn ប្រធាន FDA

    នាយក​ដ្ឋាន​ FDA ក៏បានពិនិត្យទៅលើលទ្ធផលនៃការស្រាវជ្រាវចំនួនពីរផ្សេងទៀត ក្នុងនោះមានលទ្ធផលមួយបង្ហាញថា ថ្នាំ Rembesivir មានប្រយោជន៍ខ្លះៗ និងលទ្ធផលមួយទៀតឱ្យដឹងថា ថ្នាំនេះមិនបានធ្វើឱ្យមានការប្រែប្រួលច្រើននោះឡើយ។

    បណ្ឌិត Stephen Hahn ប្រធាន FDA បានឱ្យដឹងថា៖ “ការអនុម័តយល់ព្រម ត្រូវបានយោងទៅ​តាម​ទិន្នន័យដែលបានមកពីលទ្ធផលនៃការព្យាបាលសាកល្បងជាច្រើនដែលអង្គភាពនេះបានវាយតម្លៃយ៉ាងម៉ត់ចត់ និងបង្ហាញអំពីដំណាក់កាលសំខាន់នៃវិទ្យាសាស្ត្រនៅក្នុងសម័យ Covid-19”។

    ថ្នាំខាងលើនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងពេលដែលសហរដ្ឋអាមេរិកបានរកឃើញអ្នកផ្ទុកវីរុស​Covid-19 ​ជាង​8.6​លាន​នាក់​ ក្នុងនោះមានអ្នកជំងឺជាង228,000នាក់បានបាត់បង់ជីវិត។ Remdesivir គឺជាថ្នាំដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺCovid-19 របស់លោក Donald Trump ពេលដែលលោកបានឆ្លងវីរុសនេះកាល​ពីដើមខែតុលា។ ក្រៅពីនេះ លោក Trump ក៏បានប្រើប្រាស់ថ្នាំសាកល្បង REGN-COV2 និងបន្ថែមថ្នាំស័ង្កសី វីតាមីន D ថ្នាំ famotidine រួមនឹងថ្នាំ melatonin និងថ្នាំ aspirin ផងដែរ៕

    ប្រភព៖ CNN, CNBC

  • យក​កេស​កាតុង​ធ្វើ​ជា​មឈូស​សម្រាប់​ដាក់​សាកសព​អ្នកជំងឺ​COVID-19 ព្រោះ​តែ​…

    យក​កេស​កាតុង​ធ្វើ​ជា​មឈូស​សម្រាប់​ដាក់​សាកសព​អ្នកជំងឺ​COVID-19 ព្រោះ​តែ​…

    ប្រទេស​អេក្វាឌ័រ៖ ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 កើន​ឡើង​ជា​លំដាប់​ នាំ​ឱ្យទីក្រុង​ Guayaquil ត្រូវ​ខ្វះ​មឈូស ហើយ​ត្រូវ​យក​កេស​ក្រដាស​កាតុង​មក​ជំនួស​មឈូស​ធ្វើ​អំពី​ឈើ​។

    ក្រុម​មន្ត្រី​នៅ​ Guayaquil ដែលជាទីក្រុង​ធំ​របស់​​ខេត្ត​​ Guayas នៅ​ភាគ​ខាង​លិច​​ប្រទេស​អេក្វាឌ័រ កាល​ពី​ថ្ងៃទី​5មេសា បាន​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​បាន​ទទួល​ប្រអប់​កាតុង​ពី​រោង​ចក្រ​នានា​ ហើយ​បាន​បញ្ជូន​ទៅ​កាន់​សាល​ដាក​សាក​សព​2កន្លែង ដើម្បី​ប្រើ​ជំនួស​មឈូស​ឈើ​។

    អ្នក​នាំពាក្យ​របស់​សាលា​ក្រុង​ Guayaquil មាន​ប្រសាសន៍​ថា “ធ្វើ​ដូច្នេះ​ទើប​អាច​ផ្គត់​ផ្គង់​បាន​តាម​តម្រូវ​ការ​។ នៅ​ទីក្រុង​នេះ អស់​មឈូស​ឈើ​ហើយ ឬ​ក៏​វា​មាន​តម្លៃ​ថ្លៃ​ពេក​”។

    Santiago Olivares ដែល​ជា​ម្ចាស់​សាល​ដាក់​សាក​សព​ជា​ច្រើនកន្លែង​​ក្នុង​តំបន់​ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក​មិន​អាច​ផ្គត់​ផ្គត់មឈូស​​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​សម្រាប់​អ្នកជំងឺ​ដែល​បាន​ស្លាប់ដោយ​សារ​វីរុស​COVID-19នោះ​ទេ​។

    លោក​ Olivares និយាយ​ថា “ខ្ញុំ​បាន​លក់​មឈូស​ចំនួន​40​ឈុត​ ដែលខ្ញុំ​មាន​នៅ​ឯ​សាខា​កណ្ដាល និង​40​ទៀត​នៅ​សាខា​ផ្សេង​។ ខ្ញុំ​ត្រូវ​ឱ្យ​គេ​ធ្វើ​មឈូស​ចំនួន​10ឈុត​​ទៀត​កាល​ពី​ចុង​សប្ដាហ៍​ តែ​បាន​លក់​ដាច់​អស់​ទៅហើយ”។

    យក​កេស​កាតុង​ធ្វើ​ជា​មឈូស​សម្រាប់​ដាក់​សាកសព​អ្នកជំងឺ​COVID-19 ព្រោះ​តែ​...មឈូស​ដែល​មាន​តម្លៃ​ទាប​បំផុត​នៅ​ក្នុងតំបន់ Guayas បច្ចុប្បន្ន ប្រហែល​400USD/ឈុត។ លោក​ Olivares បន្ត​ថា បម្រាម​គោចរ​15​ម៉ោង​រៀង​រាល់​ថ្ងៃ​នៅ​តំបន់​នេះ ក៏​រួម​ចំណែក​ធ្វើ​ឱ្យ​អ្នក​ផលិត​មឈូស​ត្រូវ​ខ្វះ​វត្ថុ​ធាតុ​ដើម​​ដូចជា​ឈើ​ និង​លោហ​ធាតុ​ជា​ដើម​។

    យោង​តាម​របាយការណ៍​ផ្លូវ​ការ ប្រទេស​អេក្វាឌ័រ បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​មេរោគ​COVID-19សរុប​ជាង​3,600​នាក់ ក្នុង​នោះ​មាន​180​នាក់​បាន​ស្លាប់ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ Guayaquil និង​តំបន់​ក្បែរ​ខាង​នៃ​ខេត្ត​ Guayas។ ក្រុម​មន្ត្រី​សុខា​ភិបាល​បាន​ឱ្យ​ដឹង​ថា មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង​ Guayaquil បាន​លើស​ចំណុះ​ ហើយ​បុគ្គលិក​ពេទ្យ​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ឆ្លង​មេរោគ​នេះ​។

    រដ្ឋាភិបាល​នៃ​ប្រទេស​អេក្វាឌ័រ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ បញ្ជូន​វេជ្ជ​បណ្ឌិត​ និង​គិលានុបដ្ឋាក​​ចំនួន​700​នាក់​ ទៅ​ជួយ​ក្រុម​បុគ្គលិក​ពេទ្យ​នៅ​ Guayaquil។ ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​ក៏​កំពុង​សាង​សង់​សាល​ដាក់​សាក​សព​​បណ្ដោះ​អាសន្ន​ ខណៈ​ដែល​មាន​ការ​ព្យាករ​ថា ករណី​ស្លាប់​អាច​កើន​ដល់​3,500​នាក់​នៅ​ប្រទេស​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​